ការដោះដូរទំនិញទ្វេរភាគីរវាងកម្ពុជា-អាមេរិក មាន​កំណើន​ប្រមាណ ២៥​ភាគ​រយ​



ភ្នំពេញៈ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក​ ​ក្នុង​រយៈ​ពេល ៤​ខែ​ដើម​ឆ្នាំ​២០២១ កើន​ជិត ២៥​ភាគ​រយ​សម្រេចបានទឹកប្រាក់ប្រមាណ​ជាង ២ ៦៥៤លាន​ដុល្លារ​ ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០។ នេះ​បើ​តាម​ការិយា​ល័យ​ពាណិជ្ជកម្ម​អាមេរិក។

ទិន្នន័យ​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់មេសា ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-​​អាមេរិក ​មាន​តម្លៃ​សរុប ២ ៦៥៤,៩​លាន​ដុល្លារ កើន​ឡើង ២៤,៤៨​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ ដែល​មាន​ ២ ១៣២,៧​លាន​ដុល្លារ​។ ក្នុង​នោះ​ការ​នាំ​ចេញ​ទំនិញ​របស់​ប្រទេស​​កម្ពុជា​ទៅ​អាមេរិក មាន​តម្លៃ​ ២ ៥១៩,២​លាន​ដុល្លារ កើន​ ២៤,៤៣​ភាគ​រយ​ពី​ចំនួន ២ ០២៤,៦​លាន​ដុល្លារ និង​ការ​នាំ​ចូល​ពី​អាមេរិក មាន​តម្លៃ ១៣៥,៧​លាន​ដុល្លារ កើន​ឡើង​ពី​ចំនួន ១០៨,១​លាន​ដុល្លារ​ ស្មើ​នឹង ២៥,៥៣​ភាគ​រយ។

កាល​ពី​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង ២ មាន​តម្លៃ​ ៦ ៩២១,៣​លាន​ដុល្លារ​ កើន​ឡើង ១៧,៨៩​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០១៩។ ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​តម្លៃ​ ៦ ៥៧៧,៧​លាន​ដុល្លារ កើន​២២,៧៩​ភាគ​រយ ចំណែក​ការ​នាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា មាន​តម្លៃ​ ៣៤៣,៦​លាន​ដុល្លារ ធ្លាក់​ចុះ ៣៣,១៥​ភាគ​រយ​ពី​ចំនួន ៥១៤​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៩។ នេះ​បើ​តាម​ទិន្ន័យ​ការិយា​ល័យ​ពាណិជ្ជកម្ម​អាមេរិក៕​

Leave a Reply

Your email address will not be published. Required fields are marked *