កម្ពុជា​ចាប់ផ្តើម​បើក​ទំ​ព​រ័​ប្រវត្តិសាស្ត្រ​នៃ​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លើកដំបូង​

​ភ្នំពេញ​៖ អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លើកដំបូង​របស់​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ​ជិត ២ លាន​តោន ក្នុង​មួយឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត​៩០​ភាគរយ ហើយ​អាច​ទាញ​ចំណូល​ប្រមាណ ១៨៥ លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ ដែល​ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្ទាល់​មាន​ប្រមាណ​៤០​លាន​ដុល្លារ​អាម៉េរិក​។​

​យោងតាម​ទំ​ព​រ័​ផ្លូវការ​របស់លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ថ្ងៃទី ២១​ខែមិថុនា ឆ្នាំ​២០២១​បានសរសេរថា ថ្ងៃនេះ​កម្ពុជា​បានចាប់ផ្តើម​បើក​ដំណើរការ​ចម្រាញ់​មាស​លើកដំបូង នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​រ៉ែ​និង​ថាមពល ជា​សេនាធិការ នឹង​ប្រារព្ធ​ពី​ធី​បើក​ដំណើរការ​ចម្រាញ់​មាស​លើកដំបូង របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ​តំបន់​អូរ​ខ្វាវ ខេត្តមណ្ឌលគិរី ។​

​លោក​បានសរសេរថា ការបើក​ដំណើការ​នេះ បន្ទាប់ពី​បាន​ចំណាយពេល​អស់​រយៈពេល​ជិត ១៤ ឆ្នាំ ក្នុងការ​សិក្សា​ស្វែង​រុករក ការសិក្សា​វាយតម្លៃ​សមិទ្ធិ​ភាព​សេដ្ឋកិច្ច​នៃ​ជម្រក​ធនធាន​រ៉ែ កម្ពុជា​បានប្រកាស​ពី​ការរកឃើញ​ជម្រក​ធន​ធាន​រ៉ែ​មាស ដែលមាន​លក្ខណៈ​ឧស្សាហកម្ម នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ជា​លើកដំបូង​នៅ​កម្ពុជា ។

​លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​បន្តទៀតថា​៖«​ការសាងសង់​ឋ​បន​ភ័​ណ្ឌ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ នៃ​ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ត្រូវបាន​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ឆ្នាំ ២០២០ ដោយ​ប្រើប្រាស់​ទុនវិនិយោគ​សរុប​ប្រមាណ ១២០​លាន​ដុល្លា​សហរដ្ឋអាមេរិក ហើយ​ត្រូវ​បានបញ្ចប់​និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​លោក ស៊ុយ សែម ដែល​បាន​ធ្វើជា​អធិបតីភាព​ក្នុង ពិធី​បើក​ដំណើរការ​ចម្រាញ់​មាស​លើកដំបូង​នេះ​មានប្រសាសន៍ថា នៅពេល​ដំណើរការ ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ​ជិត ២ លាន​តោន ក្នុង ១ ឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត ៩០​ភាគរយ មាស​នេះ នឹង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ៤៦២ នាក់ ក្នុងនោះ​ជនជាតិខ្មែរ​ប្រមាណ ៤២៧ នាក់ និង​បរទេស ៣៥ នាក់ ហើយ​អាច​ទាញ​ចំណូល​ប្រមាណ ១៨៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង ១ ឆ្នាំ ដែល​ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្ទាល់​មាន​ប្រមាណ ៤០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​លោក​បាន​បញ្ជាក់ថា​៖« នេះ​គឺជា​សមិទ្ធផល​ថ្មីស្រឡាង​មួយទៀត ដែល​កើតចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ឯកភាព​ជាតិ ដែលជា​កត្តាចាំបាច់​បំផុត និង​មិនអាច​ខ្វះ​បាន ក្នុងការ​អនុញ្ញាត​ឱ្យមាន​ការវិនិយោគ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​វិស័យ​ធនធាន​រ៉ែ​នេះ​»​។​

​កាលពី​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញ​សារ​ជូន​ជនរួមជាតិ​អំពី​ការប្រកាស​ដាក់​ឲ្យ​ដំណើរការ​ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ដោយ​ខ្លឹម​សារបាន​បញ្ជាក់ថា “​អាជីវកម្ម​រ៉ែ​មាស គឺជា​អាជីវកម្ម​ដែល​ត្រូវការ​វិនិយោគ​ប្រកបដោយ​វិជ្ជាជីវៈ មិនមែន​គ្រប់គ្នា​ចេះតែ​អាចធ្វើ​ការអភិវឌ្ឍ​បាន​នោះទេ​។

​លោក​ថា​៖«​ការដាក់ឱ្យ​ដំណើរការ​ឧស្សាហកម្ម​រ៉ែ​មាស​ថ្ងៃនេះ មិនមែនជា​ការប្រកាស​លើកទឹកចិត្ត​ឲ្យ​សាធារណជន​ទាំងឡាយ​ចាប់យក​របរ​អាជីវក​ម្ម​រ៉ែ​មាស​នេះឡើយ ព្រោះថា វា​ជា​អាជីវកម្ម​មាន​គ្រោះ​ហានិភ័យ​ខ្លាំង ត្រូវការ​ដើមទុន​ច្រើន និង​ជំនាញ​ពិតប្រាកដ​»៕

Leave a Reply

Your email address will not be published. Required fields are marked *