រដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលសហការគ្នាលើកកម្ពស់ផលិតផលមាន់ស្រែ

ភ្នំពេញៈ អង្គការ​ហេហ្វឺ​អន្តរ​ជាតិ​កម្ពុជា​(HEIFER International Cambodia)​ប្រកាស​ជា​ផ្លូវការ​ប្រគល់​រថ​យន្ត​និង​រ៉ីម៉ក​កង់​បី​សរុប​ ២១ គ្រឿង និង​សាងសង់​ហេដ្ឋរចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត​ដែល​មាន​ទឹក​ប្រាក់​សរុប​ជិត ​៥០ ​ម៉ឺន​ដុល្លារ​ដល់​សហគមន៍​ចំនួន​ ២១ នៃ​​គម្រោង​កម្ម​វិធី​ស្តីពី​សហគ្រាស​កែច្នៃ​ផលិត​ផល​មាន់​ស្រែ​ខ្មែរ​សម្រាប់​មោទន​ភាព​ជាតិ​កម្ពុជា។

ការ​​ផ្តួត​ផ្តើម​គម្រោង​ដោយ​អង្គការ​ហេហ្វឺ​អន្តរជាតិ​កម្ពុជា​ដែល​មាន​រយៈ​ពេល ​៥ ​ឆ្នាំ ​ចាប់ពី​ឆ្នាំ ​២០២១ ​ដល់ ឆ្នាំ ​២០២៦ ​ក្នុង​គោល​បំណង​ ដើម្បី​ពន្លឿន​ការ​រីក​លូត​លាស់​នៃ​ផលិត​កម្ម​មាន់​ស្រែ​ខ្មែរ​តាម​រយៈ​ការ​ពង្រឹង​អំណាច​សហគមន៍​ និងកា​រ​អភិវឌ្ឍ​សមត្ថ​ភាព​ស្ថាប័ន​សហគមន៍​កសិកម្ម​។​

គម្រោងនេះ​ក៏​ជំរុញ​ការ​​វិនិយោគ​លើ​ការ​កសាង​សហ​គ្រាស​កែច្នៃ​ផលិត​ផល​មាន់​ស្រែ​ខ្មែរ​ ការ​កសាងក​សិ​ដ្ឋាន​ភ្ញាស់​កូន​មាន់​ស្រែ​ស្តង់​ដារ​ ​និង​ការ​គាំទ្រ​វិនិយោគ​​លើ​គ្រួសារ​កសិករ​ឲ្យ​ឈាន​ទៅ​រក​ការ​បង្កើត​សហគ្រាស​កសិកម្ម​ខ្នាតតូច​និង​មធ្យម​។​

លោក​ ញ៉ែម​ សារ៉េត​ នាយក​ប្រចាំ​ប្រទេស​ អង្គការហេហ្វឺអន្តរជាតិកម្ពុជា ថ្លែង​ក្នុងកម្ម​ពិធីប្រគល់និង​ទទួល ​កាលពី​ថ្ងៃចន្ទថាអង្គការ​ហេហ្វឺ​កម្ពុជាប្រគល់​ជា​ផ្លូវ​ការ​នូវ​យាន​យន្ត​ចំនួន ៧​ គ្រឿង ​និង​រ៉ឺម៉ក​​កង់​បី​ចំនួន​ ១៤ គ្រឿងដល់​សហគម​ន៍​កសិកម្ម​ចំនួន​ ២១ ដែល​ជាតម្រូវ​ការ​​បន្ទាន់​សម្រាប់​ការ​ប្រកប​អាជីវ​កម្ម​ក្នុង​កំឡុង​ពេល​វិបតិ្ត​ជំងឺ​កូវីដ​១៩។ ក្រៅពីនេះ​ អង្គការ​ហេហ្វឺ​អន្តរ​ជាតិ​កម្ពុជាក៏​នឹង​ប្រគល់​ ផ្សារ​សហគមន៍ចំនួន​ ៥ កន្លែង​​ ការិយា​ល័យ​សហគមន៍​កសិកម្ម ​៣​ កន្លែង​​ និង​ឃ្លាំងត្រ​ជាក់​ ២ កន្លែង​ ដើម្បី​​រួម​ចំណែក​​​អនុវត្ត​ក្នុង​គម្រោង​នេះ​។​

លោក សារ៉េត ថ្លែងទៀតថា៖«កម្ម​វិធី​នេះ​នឹង​​ផ្តល់​ប្រយោជ​ន៍ដោយ​​ផ្ទាល់​​ដល់​គ្រួសារ​កសិករ​ប្រមាណ​ជាង​​ ៥៣ ៣០០​ គ្រួសារ​ ក្នុង​ខេត្ត​ចំនួន​ ១១​ ដើម្បី​ឈាន​ទៅ​រក​បង្កើន​ប្រាក់​​ចំណូល​​បាន​ច្រើន​សម្រាប់​គ្រួសារ​កសិករ​​ និង​​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​បង្កើន​ការ​ផ្គត់​ផ្គង់​ស៊ុត​មាន់​ស្រែ​ខ្មែរ​ កូន​មាន់​ស្រែ​ខ្មែរ​ ការ​ចិញ្ចឹម​មាន់​យក​សាច់​មាន់​ស្រែ​ខ្មែ​​រ និង​ការ​កែច្នៃ​ និង​វេច​ខ្ចប់​សាច់​មាន់​ស្រែ​ខ្មែរ​នៅ​ក្នុង​ស្រុក​ ព្រម​ទាំង​ចូល​រួម​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​សាច់​មាន់​ពី​ប្រទេស​ជិត​ខាង ផងដែរ​​»។

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​លោក​ វេង ​សាខុន​ បាន​ថ្លែង​ក្នុង​កម្មវិធីនេះថា ​គម្រោង​នេះ​គឺ​សមស្រប​និង​មាន​លក្ខណៈ​ជោគ​ជ័យ​ខ្ពស់​ដោយសារ​ផលិត​ផល​មាន់​ស្រែ​មាន​តម្រូវ​ការ​ខ្ពស់​នៅ​លើ​ទីផ្សារ​ ហើយ​កសិករ​ចិញ្ចឹម​មាន់​មាន​ជំនាញ​ និង​បច្ចេក​ទេស​ខ្លះ​រួច​ម​ក​ហើយ។

លោក​បាន​ឱ្យដឹងទៀតថា ជំនួយ​នេះ​ជា​សក្ខី​ក​ម្ម​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៃ​អភិក្រម​«រដ្ឋ-​ដៃគូអភិវឌ្ឍន៍​-​វិស័យ​ឯកជន​ និង​សហគមន៍​កសិកម្ម​»ដែល​ស្រប​នឹង​គោល​នយោបាយ​ និង​ផែន​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ២០១៩-២០២៥​ របស់​រដ្ឋាភិបាល​។​

លោក សារ៉េត ​អះអាងថា មធ្យោបាយ​ដឹកជញ្ជូន និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គាំ​ទ្រ​គម្រោង​នេះមាន​ទឹក​ប្រាក់​សរុប​ ​៤៩៣​ ៣០២​ ដុល្លា​រដែល​​មាន​ការ​ចូល​រួម​បដិភាគ​ពី​សហគមន៍​កសិកម្ម​ចំនួន​ ​១២១ ​៥៥៤​ ដុល្លារ
​(ចន្លោះ​ប្រមាណពី​២២%​ ទៅ​ ៣៣%​ភាគរយ​)​។ 

បច្ចុប្បន្ន​នេះ ​អង្គការ​ហេហ្វឺកម្ពុជា​បាន​​ជួយ​ដល់​គ្រួសារ​កសិករ​ចំនួន​ ៣៤ ៧៥៨​ គ្រួសារ​ ក្រុម​ជួយ​ខ្លួន​ឯង​ចំនួន​ ១ ២៨២ ​ក្រុម(​ស្រ្តី​ ២៤ ៧៦៥ ​នាក់)និង​សហគមន៍​កសិកម្ម​ចំនួន​ ៧៥​​ ក្នុង​ស្រុក​ ២៨ ​ក្នុង​ខេត្ត​១១។​​

គិត​មក​ត្រឹម​ខែមេសា ​ឆ្នាំ ​២០២១ ​ប្រាក់​សន្សំ​របស់​សហគមន៍​កសិកម្ម​មាន​ចំនួន​ ៣,៤​ លាន​ដុល្លា​រ​(Amount​ of​ Saving​ in​ ACs)ប្រាក់​ភាគ​ហុន​សរុ​បចំនួន​ ១,៣​ លាន​ដុល្លារ​ Amount​ of​ share​ capital​ in​ ACs)​ដែល​កំពុង​វិនិយោគ​ក្នុង​ខ្សែ​ច្រវ៉ាក់​កសិកម្ម​មាន់​ស្រែ ​និង​បន្លែ​សុវត្ថិ​ភាព​​៕

Leave a Reply

Your email address will not be published. Required fields are marked *