
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ប្រចាំឆមាសទី១ ក្នុងឆ្នាំ២០២១ ដែលបានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន១៣៩៩សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៨៦៥សំណើ។
យោងតាម អាជ្ញាធរជាតិអប្សរា ករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន១១៩ករណី ស្រុកអង្គរធំបានចំនួន២១៣ករណី ស្រុកពួកបានចំនួន១២០ករណី ក្រុងសៀមរាបបានចំនួន១៩១ករណី និងស្រុកបន្ទាយស្រីបានចំនួន១៩៣ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរចំនួន២៩សំណើ សរុបចំនួន៨៦៥សំណើ។
លើសពីនេះ ក្រុមការងារសហគមន៍បានចូលរួមក្នុងការងារមនុស្សធម៌ និងកិច្ចការសាសនាដូចជា ជួយឧបត្ថម្ភថវិកា និងសម្ភារប្រើប្រា ដល់ចាស់ជរា ជនពិការ កុមារមានជំងឺ គ្រួសារខ្វះខាតមួយចំនួន និងចូលរួមក្នុងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ រួមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងតំបន់អង្គរ និងក្រៅតំបន់អង្គរ។
គោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាព ទាន់ពេលវេលា។ រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕