កីឡាការិនី​ស្នូកឃ័រ ស្រួ​ង ភា​វី ឈ្នះ​ជើងឯក Blue One Resort LPBA Championship

ភ្នំពេញ៖កីឡាការិនី​ស្នូកឃ័រ ស្រួ​ង ភា​វី ឈ្នះ​ជើងឯក Blue One Resort LPBA Championship​កីឡាការិនី​ស្នូកឃ័រ​ឆ្នើម របស់​កម្ពុជា លោកស្រី ស្រួ​ង ភា​វី បានឈ្នះ​​ជើងឯក លើកដំបូង ក្នុងការ​ប្រកួត​កីឡា​ស្នូកឃ័រ​(​កា​រ៉ុ​ម​)​ដណ្ដើម​ពានរង្វាន់ Blue One Resort LPBA Championship (​ផ្នែក​នារី​) នៅ​សាធារណរដ្ឋ​កូរ៉េ បន្ទាប់ពី វាយបក​យកឈ្នះ​កីឡាការិនី ម្ចាស់ផ្ទះ Kim Gayoung ដោយ​លទ្ធផល ៣-១​សិត នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ។​
​តាម​ការបញ្ជាក់​របស់​លោកស្រី ស្រួ​ង ភា​វី បានឱ្យដឹងថា ការប្រកួត​នេះ បាន​ធ្វើឡើង​រយៈពេល​៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ រហូតដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​។ នេះ​ជា​លើកដំបូង​ហើយ ដែល​លោកស្រី​បាន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្ដរជាតិ​ដ៏​ធំ​នេះ បន្ទាប់ពី​លោកស្រី​បាន​ចុះ​កុងត្រា​ប្រកួត​តំណាង​ក្រុមហ៊ុន Blue One Resort រយៈពេល ១​ឆ្នាំ​។ ការប្រកួត​នេះ មាន​កីឡាការិនី​ចូលរួម​សរុប ៦៤​នាក់ សុទ្ធសឹង​ជា​ជើង​ខ្លាំង​កម្រិត​ពិភពលោក​។ លោកស្រី​បាន​បន្ដថា ទម្រាំ​អាចបង្កើត​កំណត់ត្រា​ថ្មី​លើ​ទឹកដី​កូរ៉េ លោកស្រី​បាន​ឆ្លងកាត់​ការប្រកួត​ជាច្រើន​វគ្គ រហូត​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ះ​កីឡាការិនី​មាន​បទពិសោធ​យូរ​ឆ្នាំ Kim Gayoung ហើយ​ក្នុង​ការប្រកួត​ដណ្ដើម​ជើងឯក គឺ​កាន់តែ​ស្វិតស្វាញ​ថែមទៀត ដោយ​កីឡាការិនី​កូរ៉េ​រូបនេះ បាន​បើក​ការនាំ​មុខ ១១-៧​ពិន្ទុ​មុន នៅ​សិត​ទី​១​។ បន្ទាប់មក ទើប​កីឡាការិនី ស្រួ​ង ភា​វី វាយបក​យកឈ្នះ​វិញ ៣​សិត​ជាប់​គ្នា ក្នុង​ពិន្ទុ ១១-៤, ១១-១០ និង ១១-៩ ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់ Blue One Resort LPBA Championship ។​
​លោកស្រី ស្រួ​ង ភា​វី បានឱ្យដឹង​ទៀតថា ការប្រកួត​នេះ​ពិតជា​មាន​ភាព​តានតឹង និង​ជាការ​ប្រកួតប្រជែង​ខ្លាំង បើ​ធៀប​នឹង​ការប្រកួត​ផ្សេងៗ​នៅ​កូរ៉េ ត្បិត​កីឡាការិនី​ចូលរួម ត្រូវបាន​ជ្រើសរើស និង​សម្រិតសម្រាំង​សុទ្ធតែជា​ជើង​ខ្លាំង ទាំង​កីឡាការិនី​ក្នុងស្រុក និង​ក្រៅ​ស្រុក ដោយ​ក្រុមហ៊ុន​ដែល​បាន​ចុះឈ្មោះ​ចូលរួម​។ ដូច្នេះ លោកស្រី​ពិតជា​មាន​មោទនភាព និង​បានចាត់ទុក​សមិទ្ធផល ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​មួយ​នេះ គឺជា​កាដូ​ថ្មី​មួយទៀត​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា រួមទាំង​អ្នកគាំទ្រ​របស់លោក​ស្រី​នៅ​ប្រទេស​កូរ៉េ​ផងដែរ​។​
​ជាមួយ​ការ​ដណ្ដើមបាន​ជើងឯក​ពានរង្វាន់ Blue One Resort LPBA Championship នេះ កីឡាការិនី ស្រួ​ង ភា​វី បានទទួល​ប្រាក់រង្វាន់​ចំនួន ២០​លាន​វ៉ុ​ន ឬ​ស្មើនឹង​ប្រមាណ ១៧,៥៧៩​ដុល្លារ​។ លើសពីនេះ ប្រជាជន​កូរ៉េ​ជាច្រើន បាន​សម្ដែង​ការគោរព​ស្រឡាញ់ ហើយ​ចាត់ទុក​លោកស្រី គឺជា “​នារី​ខ្លាំង​” ម្នាក់​ទៀតផង បន្ទាប់ពី​លោកស្រី​ធ្លាប់​ដណ្ដើមបាន​ជើងឯក​ថ្នាក់ជាតិ​ជាច្រើន​សម័យ នៅ​សាធារណរដ្ឋ​កូរ៉េ មុននឹង​ដណ្ដើមបាន​ជើងឯក​ពានរង្វាន់ Blue One Resort LPBA Championship លើ​ប្រភេទ​កីឡា​ដ៏​ពេញនិយម​នៅ​កូរ៉េ​មួយ​នេះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *