​និយ័តករ​មូលបត្រ​កម្ពុជាប្រកាសទទួលស្គាល់ហ្គោលដេន អេហ្វអិកស៍ លីង ក្លាយ​ជា​ក្រុមហ៊ុន​មាន​ផលិត​ផល​ឧបករណ៍​និស្សន្ទ​ដាក់​ឱ្យ​វិនិយោគ​ច្រើន​ជាង​គេ

ភ្នំពេញៈ ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក (Golden Fx Link Capital Co., Ltd.)ដែល​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសារឧបករណ៍​និស្សន្ទ​ត្រូវ​បាន​និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) បានក្លាយជាក្រុមហ៊ុន​ដែល​មាន​ផលិត​ផល​ឧបករណ៍​និស្សន្ទ​សម្រាប់​ដាក់​ឱ្យ​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​។

កាល​ពី​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០២១ អគ្គ​នាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) លោក ស៊ូ សុជាតិ បាន​សម្តែង​ការ​អបអរ​សាទរ​ដល់​ក្រុមហ៊ុនតាមរយះZoom ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ និង​ទំនុក​ចិត្ត​ពី​វិនិយោគិន​សាធារណៈ តាម​រយៈ​ការ​ផ្ដល់​ជម្រើស​ច្រើន​នៃ​ផលិត​ផល​ឧបករណ៍​និស្សន្ទ​ដែល​ទទួល​បាន​ការអនុញ្ញាត រួម​ទាំង​ការ​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែល​មាន​ជាធរមាន និង​ក្រមសីល​ធម៌​វិជ្ជាជីវៈ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ។

លោក​បានគូសបញ្ជាក់​នូវ​ចំណុច​សំខាន់ៗ​ចំនួន ៧ ដែល​វិនិយោគិន​ ក៏​ដូចជាសាធារណ​ជន​ត្រូវ​ស្វែង​យល់ ដើម្បី​បង្កើន​ទំនុក​ចិត្ត និង​សុវត្ថិ​ភាព​ក្នុង​ការ​ជួញដូរ​ឧបករណ៍និស្សន្ទ​ដែល​មាន​ដូច​ជា ទី១ វិនិ​យោគិន​ត្រូវ​មាន​ចំណេះ​ដឹង​ច្បាស់​លាស់​លើ​ការ​វិនិយោគឧបករណ៍​និស្សន្ទ បទ​ប្បញ្ញត្តិ និង​គោល​ការណ៍​ណែនាំ​ពាក់ព័ន្ធ​ចេញ​ដោយ ន.ម.ក. រួម​ទាំងវិធាន​ប្រតិបត្តិការ​ឧបករណ៍​និស្សន្ទ​ដែល​ទទួល​បាន​ការ​អនុញ្ញាត ទី​២ត្រូវ​ជួញដូរ​ជាមួយ​ឈ្មួញជើង​សារ​ឧបករណ៍​និស្សន្ទ​ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី ន.ម​.ក. ទី​៣ ត្រូវ​ប្រើ​ប្រាស់​ទម្រង់​បើកគណនី​ជួញដូរ ទម្រង់​កិច្ច​ព្រម​ព្រៀង​អតិថិជន និង​ទម្រង់​ប្រកាស​ទទួល​ស្គាល់​ហានិភ័យ​ដែលទទួល​បាន​ការ​អនុញ្ញាត​ពី ន.ម.ក. និង​ទី៤ គឺ​រាល់​ការ​បើក​គណនី​ជួញដូរ និង​ប្រឹក្សា​យោបល់ត្រូវ​ធ្វើ​ឡើង​ជាមួយ​ភ្នាក់ងារ​ជើង​សារ​ឧបករណ៍​និស្សន្ទ​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី ន.ម.ក.។

ចំណែក​ ចំណុច​ទី៥ ​វិនិយោគិន​ត្រូវ​ដាក់​សាច់​ប្រាក់ និង​ទូទាត់​សាច់​ប្រាក់​តាម​រយៈ “គណនីសាច់​ប្រាក់​អតិថិជន​ឧបករណ៍​និស្សន្ទ” នៅ​ធនាគារ​ដែល​ជា​ភ្នាក់ងារ​ទូទាត់​សាច់​ប្រាក់​ពាក់ព័ន្ធនឹង​មូលបត្រ​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី ន.ម.ក. ទី​៦ ត្រូវ​ធ្វើការ​ជួញដូរ​ឧបករណ៍​និស្សន្ទ​ដោយ​ខ្លួន​ឯង​ផ្ទាល់ និង​ទី៧ផលិត​ផល​ជួញដូរ​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ពី ន.ម.ក.។

ការ​លើក​ឡើង​របស់​លោក ស៊ូ សុជាតិ ពី​ចំណុច​សំខាន់​ៗ​ដែល​វិនិយោគិន​ ក៏ដូចជា​សាធារណជន​ត្រូវ​យល់​ដឹង​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ GoldFX Investments Co Ltd (GFX) ដែល​ជា​ក្រុមហ៊ុនឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ​កាល​ពី​ពេល​ថ្មីៗ នេះ​បាន​ប្រកាស​ផ្អាក​ប្រតិ​បត្តិការ​ជួញដូរ​ជា​បណ្តោះ​អាសន្ន​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់ ដែល​បណ្តាល​ឱ្យ​អតិថិជន​ជា​ច្រើន​មាន​ទាម​ទារ​ឱ្យ​ក្រុមហ៊ុន​នេះ​ផ្តល់​សំណង​ប្រាក់​ដែល​ពួក​គេ​បាន​យក​ទៅ​ដាក់​វិនិយោគ​។​

យោង​តាម ន.ម.ក នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្សន្ទ  (Derivative Broker) សរុប​ចំនួន ២១៕​

Leave a Reply

Your email address will not be published. Required fields are marked *