Tripadvisor​ បានចាត់ថ្នាក់ខេត្តសៀមរាប​ជាប់​លេខ​១ ជា​តំបន់​ទេស​ចរណ៍​ប្រណីត​​

បន្ទាយស្រី

ភ្នំពេញៈ​ តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ជ្រើស​រើស​ជាប់​លេខ ១ ​ជា​តំបន់​ទេស​ចរណ៍​ប្រណីត​(Luxury Tours) ​លំដាប់​ពិភព​លោក​សម្រាប់​ដំណើរ​ទេសចរណ៍​រយៈ​ពេល​ ៣​ថ្ងៃ​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​​​គេហទំព័រ Tripadvisor​។

គេហទំព័រ Tripadvisor កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា បាន​ឱ្យ​ដឹង​ថា តំបន់​ប្រាសាទ​អង្គរ​វត្ត ទឹក​ធ្លាក់ ភូមិ​បណ្តែត​ទឹក និង​ប្រាសាទ​បន្ទាយ​ស្រី ក្នុង​​​ខេត្ត​សៀមរាប ​បាន​ជាប់​លេខ ១​ក្នុង​ពិភព​លោក​ជា​កន្លែង​ទេសចរណ៍​ប្រណី​សម្រាប់​ដំណើរ​កម្សាន្ត​រយៈ​ពេល ៣​ថ្ងៃ​។

កាល​ពីខែ​មេសា ក្រសួង​ទេសចរណ៍​នឹង​ធ្វើ​ការ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​សិក្សា​អំពី​លទ្ធភាព​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ រួច​ហើយ ដែល​មក​ពី​ប្រទេស/តំបន់​​មាន​ហានិភ័យ​ទាប ដើម្បី​ស្រោចស្រង់​ឧស្សាហកម្ម​នេះ ដែល​បាន​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ។ ​ក្រសួង​រំពឹង​ថា នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ត្រីមាស​ទី៤ ខាង​មុខ​នេះ។

វិបត្តិ​នៃ​ជំងឺ​សកល​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​​លក្ខណៈ​​អន្តរ​ជាតិ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ចាប់​តាំង​ពី​ឆ្នាំ​២០២០ មក​។ យោង​តាម​ទិន្នន័យ​ នៅ​ក្នុង​រយៈ​ពេល ៤​ខែ​ដំបូង​ឆ្នាំ​២០២១ ចំនួន​ភ្ញៀវ​ទេសចរបរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា មាន​ចំនួន​សរុប ៨២ ៨៣៩​នាក់ ធ្លាក់​ចុះ ៩២​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០។ នេះ​បើ​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *