កម្ពុជា​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ ដើម្បី​ឆ្ពោះទៅរក​សេដ្ឋកិច្ច​វិលជុំ​

​ភ្នំពេញ​៖​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រសួងបរិស្ថាន ដោយមាន​ការគាំទ្រ​ពី​ប្រទេស​ស៊ុយអែត ជប៉ុន និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បានប្រកាស​ដាក់ឱ្យអនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាតិ​សេដ្ឋកិច្ច​វិលជុំ និង​វេទិកា ដើម្បី​ជំរុញ​ការចូលរួម​ពី​វិស័យ​ឯកជន ក្នុង​អន្តរកាល​ឆ្ពោះទៅរក​សេដ្ឋកិច្ច​វិលជុំ​។​
​កំណើនសេដ្ឋកិច្ច និង​កំណើន​ចំនួន​ប្រជាជន​នៅ​កម្ពុជា នាំឱ្យមាន​ការកើនឡើង​នូវ​ការប្រើប្រាស់​វត្ថុធាតុដើម និង​ថាមពល ហើយ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ប្រទេស​នានា ដែល​កំណើន​ទាំងនេះ​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ថ្មីៗ ក្នុងការ​គ្រប់គ្រង​ធម្មជាតិ បរិស្ថាន ថាមពល និង​សំណល់​ប្រកបដោយ​និរន្តរភាព​។​

​បើតាម សារ​សុន្ទរកថា​របស់​ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន «​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​សេដ្ឋកិច្ច​វិលជុំ មាន​គោលបំណង​បង្កើត​នូវ​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​នាពេល​បច្ចុប្បន្ននេះ​។ យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​លុបបំបាត់​ការ​ខ្ជះខ្ជាយ​ធនធាន​នៅក្នុង​វដ្ត​សេដ្ឋកិច្ច​ទាំងមូល និង​បន្ត​រក្សា​តម្លៃ​នៃ​សម្ភារ​នានា​ឱ្យ​បានយូរ​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ជំនួស​ឱ្យ​ការប្រើប្រាស់​រួចហើយ​បោះចោល​តែម្តង​។​»
​លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា មានប្រសាសន៍ថា «​សេដ្ឋកិច្ច​វិលជុំ​មាន​សក្ដានុពល​នាំមក​នូវ​ការផ្លាស់ប្ដូរ​សង្គម និង​បរិស្ថាន​ជា​វិជ្ជមាន ដើម្បី​បង្កើត​នូវ​តម្លៃ​សេដ្ឋកិច្ច​ថ្មីៗ និង​ឱកាស​ការងារ បាន​កាន់តែច្រើន​។ គំរូ​សេដ្ឋកិច្ច​នេះ​អាច​តម្រង់ទិស ដល់​ការ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​នានា​នៅលើ​ពិភពលោក​។​»

​ឯកឧត្តម ប្យ៊​ន ហេ​ក​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​គូសបញ្ជាក់ថា «​ដើម្បីឱ្យ​ចក្ខុវិស័យ​នៃ​សេដ្ឋកិច្ច​វិលជុំ​ក្លាយជា​ការពិត ទាមទារ​ឱ្យមាន​ការចូលរួម​ដឹកនាំ​ពី​រាជរដ្ឋាភិបាល និង​ការចូលរួម​យ៉ាងសកម្ម​ពី​វិស័យ​ឯកជន ប្រជាពលរដ្ឋ និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ដទៃទៀត​។​»

​ដោយ​វិស័យ​ឯកជន​មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ព​ន្លឿ​ន​អន្តរកាល​ទៅរក​សេដ្ឋកិច្ច​វិលជុំ វេទិកា​វិស័យ​ឯកជន​ត្រូវបាន​បង្កើតឡើង​ជាមួយ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​វិលជុំ​នេះដែរ ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​វិធានការ និង​សកម្មភាព​នានា​ដែល​អាច​អនុវត្តបាន​។​
​ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា «​ការចែករំលែក​ចំណេះដឹង​ដែលជា​ការអនុវត្ត​ល្អ​នៅក្នុង​វិស័យ​ធុរកិច្ច គឺជា​ជំហាន​ដំបូង​ដ៏​សំខាន់ ដើម្បី​ឈាន​ឆ្ពោះទៅ​កសាង​សេដ្ឋកិច្ច​វិលជុំ​។ ចំណេះដឹង​បែបនេះ​នឹង​ផ្ដល់​លទ្ធភាព​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​ដទៃទៀត​នៅក្នុង​ឧស្សាហកម្ម អាច​ប្រើប្រាស់ និង​អនុ​វត​បន្ត​នូវ​វិធាន​ការល្អៗ​នៃ​សេដ្ឋកិច្ច​វិលជុំ ដើម្បី​ជួយ​ព​ន្លឿ​ន​ក្នុងដំណាក់កាល​អន្តរកាល​ទៅកាន់​គំរូ​សេដ្ឋកិច្ច​វិលជុំ​។​»

​ក្នុង​សារ​សុន្ទរកថា​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​បន្ត​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ដោយ​បន្ថែមថា «​ការអនុវត្ត​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​វិលជុំ​ប្រកបដោយ​ប្រសិទ្ធភាព នឹង​ធានា​ឱ្យ​យើងទាំងអស់គ្នា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាច​ទទួលបាន​អនាគត​ដែលមាន​ភាព​បៃតង ស្អាត និង​មាន​សុវត្ថិភាព​។​»

Leave a Reply

Your email address will not be published. Required fields are marked *