បុព្វ​លាភ​សរុប​របស់​ទីផ្សារ​ធានា​រ៉ាប់​​នៅ​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ កើន​​​ជាង ១៦ភាគ​រយ

ភ្នំពេញៈ បុព្វ​លាភ​សរុប​របស់​ទីផ្សារ​ធានា​រ៉ាប់​​នៅ​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១ មាន​ប្រមាណ ៨៥លាន​ដុល្លារ​ កើន​​​ជាង ១៦ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ ខណៈ​ចំនួន​អ្នក​ទទួល​សេវា​ធានា​រ៉ាប់​រង​មាន​ចំនួន​ជិត ១,២​លាន​នាក់​។ នេះ​បើ​យោង​តាម​សមាគម​ធានា​រ៉ាប់​រង​កម្ពុជា (Insurance Association of Cambodia)។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ធានា​រ៉ាប់​រង​កម្ពុជា (IAC) ឱ្យ​ដឹង​ថា ទីផ្សារ​ធានា​នា​រ៉ាប់រង​នៅ​កម្ពុជា​ ក្នុង​ត្រី​មាស​ទី១ ឆ្នាំ២០២១ បាន​រក្សា​នូវ​ភាព​វិជ្ជមាន​របស់​ខ្លួន​ ដោយ​ទទួល​បាន​​បុព្វលាភ​​សរុប​​ប្រមាណ ៨៥លាន​ដុល្លារ​ កើនឡើង ១៦,​៣ភាគ​រយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០។ ក្នុង​ចំនួន​ទឹក​ប្រាក់​នេះ គឺ​ទីផ្សារ​ធានា​រ៉ាប់រង​ទូទៅ មាន​ចំណែក​ទីផ្សារ​ប្រមាណ ៤៦​​ភាគ​រយ ទីផ្សារ​ធានា​រ៉ាប់រង​អាយុ​ជីវិត មាន​ជិត ៥៣​ភាគ​រយ និង​ធានា​រ៉ាប់រង​ខ្នាត​តូច​មាន​ ១,៤​ភាគ​រយ​​។

បើ​តាម IAC ទីផ្សារ​ធានា​រ៉ាប់រង​អាយុ​ជីវិត មាន​ទំហំ ៤៤,៦​លាន​ដុល្លារ កើន​ឡើង ១៥,៥ភាគរយ​, ទីផ្សារ​ធានា​រ៉ាប់​រង​ទូទៅ មាន​ទំហំ ៣៩,១​លាន​ដុល្លារ កើន​ឡើង ១៩,៥ភាគ​រយ​ និង​ទីផ្សារ​ធានា​រ៉ាប់រង​ខ្នាត​តូច មាន​ទំហំ ១,២​លាន​ដុល្លារ ថយចុះ២៦,៧ភាគ​រយ​។

នៅ​ក្នុង​ត្រីមាស​ទី​១ នេះ​ផង​ដែរ​ ទឹក​ប្រាក់​សំណង​ដែល​វិស័យ​ធានា​រ៉ាប់រង​បាន​ទូទាត់​ទៅ​ឱ្យ​អតិថិ​ជន​មាន​ចំនួន​សរុប ១១,៣​លាន​ដុល្លារ ក្នុងនោះ​សំណង​ទូទាត់​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ មាន ៩,១​លាន​ដុល្លារ​, ធានា​រ៉ាប់រង​អាយុជីវិត​ ២,១​លាន​ដុល្លារ​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាតតូច​ ០,​២លាន​ដុល្លារ​។

យោង​តាម​ IAC គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ​២០២១ នៅ​កម្ពុជា​ចំនួន​អ្នក​ដែល​ត្រូវបាន​ធានារ៉ាប់រង​ មាន​ចំនួន​សរុបជិត​ ១,២លាន​នាក់ ​​ក្នុងនោះ​អ្នក​ទិញ​​ធានារ៉ាប់រង​អាយុ​ជីវិត​មាន​ មាន​ ៣៨ម៉ឺន​នាក់, ធានារ៉ាប់រង​ទូទៅ (ធានា​រ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់​បុគ្គល) មាន ៥១ម៉ឺន​នាក់ និង​ធានា​រ៉ាប់រង​ខ្នាតតូច​ប្រមាណ ២៨ម៉ឺន​នាក់។

គិត​រហូតមក​ដល់ពេល​នេះ​សមាគម​ធានារ៉ាប់រង​កម្ពុជា​មាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន ៣៣ ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន ១៦ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ចំនួន ១១ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន ៥ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន ១៕

Leave a Reply

Your email address will not be published. Required fields are marked *