កម្ពុជា​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់​(Sinovac Vaccine) ចំនួន​១​លាន​ដូ​ស​ទៀត​ពី​ចិន

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ (Sinovac Vaccine) ចំនួន​១​លាន​ដូ​ស​ទៀត ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ទៀតហើយ​។ នេះ​បើ​យោងតាម​ការសរសេរ​រ​បស់​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​ទំ​ព​រ័​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​។
​លោក​បានសរសេរថា​៖« ការរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ គឺជា​ដំណោះស្រាយ​ជា​យុទ្ធសាស្ត្រ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។

​វ៉ាក់សាំង​បានក្លាយ​ទៅជា​វិធានការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ និង​ជួយ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ជំងឺឆ្លង​សាកល​មួយ​នេះ​។ វត្តមាន​វ៉ាក់សាំង​ជា​បន្តបន្ទាប់​នេះ នឹង​ជួយ​ឱ្យ​កម្ពុជា​សម្រេច​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ១៣​លាន​នាក់ ឱ្យបាន​លឿន និង​ទៅតាម​ការគ្រោងទុក​។
​គិត​ត្រឹម​ខែមិថុនា កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ចិន រហូតដល់​ទៅ ៥​លាន​ដូ​ស ហើយ​នៅ​ខែកក្កដា​ខាងមុខ វ៉ាក់សាំង​ប្រមាណ ៣​លាន​ដូ​ស​ទៀត ក៏​នឹងត្រូវ​ដឹក​ពី​ប្រទេស​ចិន មកកាន់​កម្ពុជា​បន្ថែម​ទៀតផង​ដែរ​។

​គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២៦ ខែមិថុនា កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​ជនបរទេស​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា បាន​ចំនួន​ជិត ៤​លាន​នាក់ ស្មើនឹង​ជិត ៤០​ភាគរយ​ហើយ​។ ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រួចរាល់​តាម​ផែនការ នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​បានល្អ ដែលជា​បុព្វហេតុ​មួយ​ជួយ​ឱ្យ​កម្ពុជា​ឈានទៅ​សម្រេចបាន​ស្ថានភាព​ភាព​សេដ្ឋកិច្ច​ល្អប្រសើរ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *