ទូត​កម្ពុជា​ទទួល​បាន​សមាជិក​ភាព​មួយ​ជីវិត ​ពី​ក្រុម​ប្រឹក្សា​អង្គ​ទូត​ពិភព​លោក

បាងកក៖ លោក អ៊ូក សោភ័ណ អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អង្គ​ទូត​សាកល (DC)​ ដែល​ប្រមូល​ផ្តុំ​ដោយ​ឥស្សរជន​ឆ្នើម​ និង​ធុរជន​ល្បី​ៗ​លើ​ពិភព​លោក​ ធ្វើ​ការ​ផ្តល់​ជូន​​សមាជិក​​ភាព​ពេញ​មួយ​ជីវិត​ សម្រាប់​បេសក​កម្ម​ដ៏​ពិសិដ្ឋ​ ក្នុង​បុព្វហេតុ​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ​ ជាពិសេស​ការទូត​សេដ្ឋកិច្ច​។

ពិធី​ប្រគល់​ និង​ទទួល​ប័ណ្ណ​សមាជិក​ភាព​ បាន​ធ្វើ​ឡើ​ង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ៍​ ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០២១​ ដោយ​លោក​បណ្ឌិត​ Dato’ Steve Cheah ​ទីប្រឹក្សា​ជាន់​ខ្ពស់​ក្រុមហ៊ុន​ Berli Jucker PCL (​ប្រតិបត្តិករ​ផ្សារ​ទំនើប​ Big C​) ​និង​ជា​ប្រមុខ​បេសកកម្ម ​DC​ ប្រចាំ​ប្រទេស​ CLMTV​ (​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​ថៃឡង់ដ៏​-​វៀតណាម​)​។

នៅ​ក្នុង​ឱកាស​នោះ​ លោក​ អ៊ូក​ សោភ័ណ​ បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​បណ្ឌិត​ Dato’ Steve Cheah​ និង​បាន​ចាត់​ទុក​សមាជិក​ភាព​ DC​ គឺ​ជា​មោទ​នភាព​រួម​របស់​មន្ត្រី​ការទូត​កម្ពុជា​ ដែល​កំពុង​បំពេញ​ភារកិច្ច​ជូន​ប្រទេស​ជាតិ​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។

ទាក់ទង​នឹង​ការ​ជំរុញ​សេដ្ឋកិច្ច​ការទូត​ លោក​ឯកអគ្គរាជទូត​ និង​លោក​បណ្ឌិត​ Dato’ Steve Cheah បាន​ឯកភាព​នឹង​រៀប​ចំ​ជំនួប​ធុរកិច្ច​ និង​ទស្សនកិច្ច​សិក្សា​សម្រាប់​អង្គទូត​ និង​ធុរជន​នៅ​ថៃ ទៅ​កាន់​ខេត្ត​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ ដោយ​សហការ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ (CBC)​។

សូម​ជម្រាប​ថា ​ក្រុម​ប្រឹក្សា​អង្គទូត​ (DC)​ គឺ​ជា​ក្រុម​ឥស្សរជន​ឆ្នើម​ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុមប្រឹក្សា​សង្គម​ និង​សេដ្ឋកិច្ច​នៃ​អង្គការ​សហប្រជា​ជាតិ​ (UN)​ ក្នុង​ឋានៈ​ជា​ក្រុម​ពិគ្រោះ​យោបល់​ពិសេស​ លើ​វិស័យការ​ទូត​ និង​ធុរកិច្ច​។ ក្រុមប្រឹក្សា​នេះ ​បង្កើត​ឡើង​ដំបូង​នៅ​ទីក្រុង​ Hague​ នៃ​ប្រទេស​ហូឡង់​ ហើយ​បច្ចុប្បន្ន​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ Wiesbaden​ ប្រទេស​អាល្លឺម៉ង់​៕

Leave a Reply

Your email address will not be published. Required fields are marked *