កម្ពុជា​បាន​កំណត់​យក​ប្រព័ន្ធ​ឌីជីថល​ ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩​មក​លើ​សេដ្ឋកិច្ច​

សៀម​រាប​៖ ​លោក​ស៊ុន ចាន់ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា​ប្រព័ន្ធ​ឌីជីថល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩​មក​លើ​សេដ្ឋកិច្ច​ និង​ជា​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​ដើម្បី​ទ្រទ្រង់​សកម្ម​ភាព​សាធារណៈ ​និង​ពាណិ​ជ្ជកម្ម​។

ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​រូបនេះ​ អំឡុង​ពេល​ដែល​លោក​បាន​ដឹក​នាំ​​គណៈ​ប្រតិភូ​ក្រសួង​ ចូល​រួម​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ ក្រោម​ប្រធាន​បទ​៖​ “​ការ​ងើប​ឡើង​វិញ​នៃ​សកម្ម​ភាព​ពាណិជ្ជកម្ម​៖​ ការ​លើក​កម្ពស់​សេដ្ឋកិច្ច​តំបន់​ឡើង​វិញ​ ជាមួយ​នឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ប្រកប​ដោយ​ភាព​ធន់​”​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៩​ ខែ​មិថុនា​ ។​

លោក​បាន​ថ្លែង​អំពី​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​តំបន់​ ទៅ​កាន់​មេ​ដឹក​នាំ​មក​ពី​ជុំវិញ​ពិភព​លោក​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នោះ ​ដោយ​លោក​ស៊ុន ចាន់​ថុល​ បាន​គូស​បញ្ជាក់​ពី​សារ​សំខាន់​នៃ​ប្រព័ន្ធ​ឌីជីថល​ ក្នុង​ការ​កាត់​បន្ថយ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​-១៩​ និង​ជា​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដើម្បី​ទ្រទ្រង់​សកម្មភាព​សាធារណៈ ​និង​ពាណិជ្ជ​កម្ម​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖​« ប្រព័ន្ធ​ឌីជីថល​ វា​អាច​ជួយ​ឱ្យ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ធ្វើការ​រួមគ្នា​ ដើម្បី​លើក​កម្ពស់​អាស៊ាន​ជា​សហគមន៍​តភ្ជាប់​ប្រព័ន្ធ​ឌីជីថល​តែ​មួយ​ និង​ជំរុញ​ការតភ្ជាប់​របស់​ខ្លួន​ ដើម្បី​ពន្លឿន​ការ​ងើប​ឡើង​វិញ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​»​។

លោក​ក៏​ បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ ​«​កម្ពុជា​បាន​កំណត់​អាទិភាព​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ ដើម្បី​ធានា​បាន​នូវ​លំហូរ​ដោយ​រលូន​នៃ​ទំនិញ​ សេវា​ ការងារ​ជំនាញ​ មូលធន​ និង​ទិន្នន័យ​។ ដូច្នេះ​កម្ពុជា​ចាំបាច់​ត្រូវ​ផ្តោត​ជា​សំខាន់​កិច្ច​សហប្រតិបត្តិការ​ច្បាប់​ និង​ស្ថាប័ន​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បដិវត្ត​ឌីជីថល​ សម្រាប់​ពាណិជ្ជ​កម្ម ការវិនិយោគ​ កិច្ច​សម្រួល​ពាណិជ្ជកម្ម​ សហ​គ្រាស​ខ្នាត​តូច​ និង​មធ្យម​ និង​ការ​អភិវឌ្ឍ​ជំនាញ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​»​។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ លោក​រដ្ឋមន្ត្រី​ រូប​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ថា​៖ ដើម្បី​សម្រេច​ចក្ខុ​វិស័យ​ឆ្ពោះ​ទៅ​រក​ សេដ្ឋកិច្ច​ឌីជីថល​តំបន់​ កម្ពុជា​បាន​ប្តេជ្ញា​ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​គយ ​ASYCUDA​ គម្រោង​តភ្ជាប់​ប្រព័ន្ធ​ស្វយ័ត​ប្រវត្តិកម្ម​ Port EDI ​ជាមួយ​ប្រព័ន្ធ​ ASYCUDA​ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ និង​ពាណិជ្ជ​កម្ម ប្រកប​ដោយ​ប្រសិទ្ធភាព​ បាន​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ បាន​ដាក់​ឱ្យ ដំណើរការ​ជា​ផ្លូវ​ការ​ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​អនឡាញ​ ច្រក​ចេញ​ចូល​តែ​មួយ​របស់​អាស៊ាន​ (Asean Single Window)​ ហើយ​ជាពិសេស​ក្នុង​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ ការ​អនុវត្ត​ក្របខណ្ឌ​គោល​នយោបាយ​សង្គម​ និង​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១​-​២០៣៥​ផង​ដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *