ធនាគារ ABA និងក្រុមហ៊ុន UnionPay សហការគ្នាពង្រឹងប្រព័ន្ធទូទាត់របស់កម្ពុជា

ភ្នំពេញ៖ ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជាប្រកាសពីការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុង​ការទទួលយកពាណិជ្ជករជាមួយក្រុមហ៊ុនUnionPayដែលជាបណ្តាញទូទាត់សកលដែលផ្តល់សេវាកាតទូទាត់ធំជាងគេបំផុតនៅលើសកលលោក។

ធនាគារ ABA បានដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនទូទាត់ចរន្តជិតContactless POS ជាង 1,000 ម៉ាស៊ីន នៅតាម​ពាណិជ្ជករUnionPay នៅតាមហាងអាហារ និងភេសជ្ជៈ ទីកន្លែងកម្សាន្ត និងហាង​ទំនិញនានានៅទូទាំងប្រទេសកម្ពុជា។ ធនាគារនេះ​ជាធនាគារចេញកាតច្រើនបំផុតមួយនៅ​កម្ពុជា​ហើយបាននិងកំពុងចេញកាត UnionPay ចាប់តាំងពីឆ្នាំ 2015។ ធនាគារ ABA ក៏បាននិងកំពុងទទួលយកពាណិជ្ជករសម្រាប់ក្រុមហ៊ុន UnionPay ចាប់តាំងពីឆ្នាំ 2016 និងជាធនាគារដែលទទួលយកពាណិជ្ជករ UnionPayដ៏ច្រើនបំផុតមួយនៅប្រទេសកម្ពុជាផងដែរ។

លោកស្រីលាង ចិន្តា អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន UnionPay International នៅតំបន់អាស៊ីអាគ្នេយ៍​ បាន​សង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាបានចាប់យកផលិតផលទូទាត់នវានុវត្តន៍ ដូចជា ការទូទាត់ចរន្តជិត (Contactless) ការទូទាត់អនឡាញ និងការទូទាត់តាមកូដQR ពីរបីឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុន UnionPay ខិតខំផ្តល់នូវផលិតផល និងសេវាទូទាត់ដែលឆ្លើយតបនឹងការផ្លាស់ប្តូរតម្រូវការសេវាទូទាត់របស់អតិថិជន និងអាជីវកម្ម​ក្នុងប្រទេស។

លោកស្រីថ្លែងថា៖« យើងមានសេចក្តីសោមនស្សរីករាយដែលអាចពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង​ជាមួយដៃគូដែលមានចិត្តដូចគ្នា និងធនាគារឈានមុខក្នុងវិស័យហិរញ្ញវត្ថុឌីជីថលដូចជាធនាគារ ABA ដើម្បី​ពន្លឿន​ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាទៅរកសង្គមឌីជីថលមួយ។”

លោកSanzhar Abdullayev នាយកគ្រប់គ្រងកាត និងសេវាទូទាត់អេឡិកត្រូនិករបស់ធនាគារABA បាន​មាន​ប្រសាសន៍ថា៖“គំនិតផ្តួចផ្តើមក្នុងការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនទូទាត់ចរន្តជិត(Contactless)និងកូដ QR របស់ UnionPay នៅតាមពាណិជ្ជករនានា ប្រាកដជាមានផលប៉ះពាល់វិជ្ជមាន​ដល់ការរស់នៅរបស់អតិថិជន​​ទូទាំង​ប្រទេស​កម្ពុជា។ លោកថ្លែងថា៖«យើងជឿជាក់ថា គំនិតផ្តួចផ្តើមនេះនឹងបង្កើននូវការប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើប និងលើក​ទឹកចិត្ត​ឲ្យប្រើប្រាស់សេវាទូទាត់អេឡិកត្រូនិកកាន់តែច្រើន ជាពិសេសអំឡុងពេលការរីករាលដាលវីរុសកូវីដ-19 នេះ»។

ធនាគារ ABA បាននិងកំពុងដាក់ឲ្យប្រើប្រាស់កូដQR របស់ UnionPay សម្រាប់ការទូទាត់នៅតាមពាណិជ្ជករជាង 1,000 ទីតាំង នៅហាងជួញដូររាយ ហាងអាហារ និងភេសជ្ជៈ ទីកន្លែងកម្សាន្ត និងទីតាំងផ្សេងៗជាច្រើនទៀតនៅប្រទេសកម្ពុជា។ ម៉្យាងវិញទៀត ធនាគារ ABA ចាប់ផ្តើមសេវាទទួលយកពាណិជ្ជករសម្រាប់ក្រុមហ៊ុន UnionPay International នៅលើប្រព័ន្ធទូទាត់អនឡាញ PayWay របស់ខ្លួននៅខែវិច្ឆិកា ឆ្នាំ 2019៕

Leave a Reply

Your email address will not be published. Required fields are marked *