រដ្ឋនឹងសហការជាមួយវីងដើម្បីការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​បែប​ឌីជីថល​ជាមួយ​ថ្នាល​ទីផ្សារ​អេឡិចត្រូនិករបស់ខ្លួន

ភ្នំពេញ៖ក្រសួង​ពាណិជ្ជ​កម្ម ​នឹង​សហការ​ជាមួយ​ធនាគារ​វី​ង​(​ខេ​ម​បូ​ឌា​)​ដើម្បី​ធ្វើ​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​បែប​ឌីជីថល​ជាមួយ​ថ្នាល​ទីផ្សារ​អេឡិចត្រូនិក Cambodiatrade.com​ របស់​ក្រសួង ដើម្បី​បង្កើន​ភាពងាយស្រួល និង​កាត់​បន្ថយ​ពេលវេលា​ជូន​អតិ​ជន និង​សហគ្រាស​ធុន​តូច និង​ម​ធ្យម ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​នៅ​​ប្រទេស​កម្ពុជា​។

ផែនការ​នៃ​កិច្ច​សហការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ ក្នុង​ជំនួប​រវាង​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិ​ការ​​ក្រសួង​ពាណិជ្ជ​កម្ម និង​លោក Manu Rajan នាយក​ប្រតិបត្តិ​នៃ​ធនាគារ​វីង តាម​រយៈ​ប្រព័ន្ធ​វីដេអូ (Zoom) ដើម្បី​ពិភាក្សា​គ្នា​ក្នុងការ​ស្វែង​រក​លទ្ធភាព​​រៀបចំ​កិច្ច​សហ​ប្រតិបត្តិ​ការ​អំពី​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមបែប​ឌីជីថល​របស់​ធនាគារ​វីង​​។

លោកស្រី​ តឹក​រ៉េត កំរង បាន​ថ្លែង​អំណរ​គុណ​ដល់​ធនាគារ វីង​(​ខេ​ម​បូ​ឌា​) ដែល​មាន​បំណង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​តាម​រយៈ​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមបែប​ឌីជីថល​របស់​ធនាគារ​វីង និង​ថ្នាល​អេឡិច​ត្រូនិក​របស់​ក្រសួង​ពាណិជ្ជកម្ម Cambodiatrade.com។

លោកស្រី​ក៏បាន​លើក​ឡើង​ពី​សមិទ្ធិផល​សំខាន់ៗ​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​សម្រេច​បាន​កន្លង​មក​រួម​មាន​ ច្បាប់​​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់ ច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រកួត​ប្រជែង ការ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-​ចិន ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​សមិទ្ធផល​នៃ​ការ​អនុ​វត្ថ​គម្រោង​ដែល​មាន​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ ដូចជា​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជ​​កម្ម​កម្ពុជា ឆ្នាំ​២០១៩-២០២៣ យុទ្ធ​សាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក និង​គម្រោង Go4eCAM​។​

លោកស្រី​ថ្លែង​​ថា​៖«​ក្រសួង​ពាណិជ្ជ​កម្ម​ក្នុង​ការ​ធ្វើ​សហ​ប្រតិបត្តិការ​ជាមួយ​ធនាគារ​វី​ង និង​ស្នើ​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស​ទាំង​ពីរ​សហការ​គ្នា​ឱ្យ​បាន​ល្អ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​តភា្ជប់​ប្រព័ន្ធ​ទូទាត់​តាម​បែប​ឌីជីថល​របស់​ធនាគារ​វី​ង និង​ថ្នាល​អេឡិចត្រូនិក CambodiaTrade ឱ្យ​ទទួល​បាន​ជោគជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *