កម្ពុជា- ក្រិករួមគ្នាពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ

ភ្នំពេញៈ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​សាធារណ​រដ្ឋ​ហេឡិន​និក​(ក្រិក)​ បាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា​(MoU)​​ដើម្បី​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេ​ភាគី​សំដៅ​បង្កើត​ក្រប​ខណ្ឌ​នៃ​ការ​​ពិភាក្សា​លើ​បញ្ហា​អាទិភាព​រួម​មាន​ នយោបាយ​ ការ​ទូត​ សេដ្ឋ​កិច្ច​ ពាណិជ្ជ​កម្ម​ វិនិយោគ​ និង​សង្គម​វប្ប​ធម៌​។

លោក​ អ៊ុក​ សោភ័ណ ​ឯក​អគ្គ​រាជ​​កម្ពុជា​ប្រចាំនៅ​ប្រទេស​ថៃ ​និង​លោក ​Nikolaos​ Kaimenakis​ ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថ​ភាព​ក្រិក​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នា​កាលពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ​ឆ្នាំនេះ​នៅ​ទីក្រុង​បាង​កក​ ប្រទេស​ថៃ​។​

ក្នុង​ឱកាស​នោះ​​ លោក អ៊ុក​ សោភ័ណ​ បា​ន​លើក​ឡើង​ពី​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​ និង​ក្រិក​ដោយ​បង្ហាញ​ជំនឿ​ចិត្ត​ថា MoU នេះ​នឹង​ផ្ដល់​ឱកាស​ដល់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​បន្ត​ពង្រឹង ​និង​ពង្រីក​ទំនាក់​ទំនង​មិត្ត​ភាព។

លោក​បន្តថា៖ ​«អនុ​ស្សារណៈ​នេះក៏​នឹង​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​លើ​វិស័យ​អាទិភាព​សំខាន់ៗ​នាពេល​អនាគត»​។

លោក Nikolaos ​Kaimerakis​ បាន​ឱ្យ​ដឹងថា ក្រិក ​និង​កម្ពុជា​បាន​បង្កើត​ទំនាក់​ទំនង​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ​ គ្រាន់​តែ​​ប្រទេស​ទាំង​ពី​រមិន​បាន​ទាញ​យក​ប្រយោជន៍​ណា​មួយ​ពី​ទំនាក់​ទំនង​នេះ​។​ លោក​និយាយថា​៖«ពិធី​ចុះ​ហត្ថ​​លេខា​នៅ​ថ្ងៃនេះ គឺជា​ការ​ចាប់​ផ្តើម​ក្នុង​ការ​ឈាន​ទៅ​រក​ការ​អង្គុយ​ជុំ​គ្នា​ដើម្បី​ជជែក​ពី​វិស័យ​សក្តានុ​ពល​នានា​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​សហការ​គ្នា ​និង​ពិនិត្យ​មើល​បញ្ហា​ប្រឈម​ទាំង​ឡាយ​ដែល​ប្រទេស​ទាំង​ពីរ​អាច​ដោះ​ស្រាយ​ជា​មួយ​គ្នា​។ ​យើង​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​អាច​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​»។

ក្រិក​ គឺជា​ប្រទេស​ស្ថិត​នៅ​អឺរ៉ុប​ភាគ​អាគ្នេយ៍​​ចុង​ភាគ​ខាង​ត្បូង​នៃ​ឧបទ្វីប​បាល់​កង់​ ត្រង់​ចំណុច​ប្រសព្វ​នៃ​ស​មុទ្រ​បីគឺ ​សមុទ្រ ​Aegean ​lonian​និងCretan ​ដែល​ជា​ភូមិ​សាស្ត្រ​ប្រកប​ដោយ​សក្តានុពល​ព្រោះ​ជា​ច្រក​ឆ្លង​កាត់​រវាង​អឺរ៉ុប​អាស៊ី​ និង​អាហ្វ្រិក​។ ក្រិក​ក៏​ជា​សមាជិក​មួយ​រូប​នៃ​សហភាព​អឺរ៉ុប​​ផងដែរ។

កម្ពុជា ​និង​ក្រិក​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ កាល​ពីថ្ងៃទី​០៨​ ខែ​មេសា ​ឆ្នាំ​១៩៩៦​៕

Leave a Reply

Your email address will not be published. Required fields are marked *