រដ្ឋាភិបាលកម្ពុជាអនុម័តច្បាប់វិនិយោគថ្មីដើម្បីទាក់ទាញវិនិយោគិនបន្ថែម

ភ្នំពេញៈ កម្ពុជា​ អនុម័ត​ជា​ផ្លូវ​ការ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​«វិនិយោគ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​»​ដើម្បីបង្កើន​នូវ​កាលានុវត្ត​ភាព​ថ្មីៗ​ដើម្បី​ស្រូប​ទាញ​វិនិយោគិន​ក្នុង​ និង​ក្រៅ​ប្រទេស​ឱ្យ​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន។​

ការ​អនុម័ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្រ្តី តាម​រយៈ​ប្រព័ន្ធ​អនឡាញ (Zoom)កាល​ពី​ព្រឹក​​ថ្ងៃ​សុក្រ ទី៩ ខែកក្កដា ឆ្នាំ​២០២១ ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

លោកហ៊ុន សែន បាន​លើក​ឡើង​ថា៖​«​សំណើ​ច្បាប់​នេះ គឺ​ជា​មូល​ដ្ឋាន​គតិ​យុត្តិសម្រាប់​ទាក់​ទាញ និង​ផ្តល់​វិសាល​ភាព​ដល់​វិនិយោ​គិន​ងាយ​ស្រួល​ក្នុង​កិច្ច​វិនិយោគ​មក​កម្ពុជា។កម្ពុជា​យល់​ឃើញ​ថា អ្នក​វិនិយោគ​ត្រូវ​ការ​សន្តិភាព ស្ថិរ​ភាព ដែល​ជា​អាទិភាព​នៃ​ការ​សម្រេច​ចិត្ត​យក​កម្ពុជា​ជា​ទិសដៅ​វិនិយោគ ទោះ​ជា​ស្ថានភាព​អន្តរជាតិ​ប្រឈម​ក្នុង​វិស័យ​នយោបាយ​ និង​ពាណិជ្ជ​កម្ម​យ៉ាង​ណាក៏​ដោយ»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធ​ផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា ដែល​បាន​តាក់​តែង​ឡើង​ថ្មី​នេះគឺ​ដើម្បី​ជំនួស​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​(ចាស់ ) ដែល​បាន​ចូល​ជាធរ​មាន​តាំង​ពី​ឆ្នាំ​១៩៩៤និង​ឆ្នាំ២០០៣។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​ដែល​មាន ១២​ជំពូក និង ៤២ មាត្រា​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើន​ភាព​ទាក់​ទាញ និង​ប្រសើរ​ជាង​មុន​នៃ​ការ​វិនិយោគ​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា ដោយ​ឈរ​លើ​មូល​ដ្ឋាន​ឯករាជ្យ​ម្ចាស់​ការ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​វិនិយោ​គិន និង​សេដ្ឋកិច្ច​ដែល​នឹង​បង្កើត​ក្រប​ខណ្ឌ​គតិ​យុត្ត​ដែល​មាន​ភាព​បើក​ចំហ​មាន​តម្លាភាព​អាច​ប៉ាន់​ប្រមាណ​ទុក​ជា​មុនក៏​ដូចជា​ពង្រឹង​ភាព​ទាក់​ទាញ និង​សមត្ថ​ភាព​បំពេញ​បន្ថែម​ជា​ពិសេស​បាន​គិតគូរ​អំពី​ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​វិស័យ​អាទិភាព​កម្រិត​បច្ចេក​វិទ្យា និង​បច្ចេក​ទេស​ការ​បង្កើត​ការងារ​ការ​បណ្តុះ​បណ្តាល​ជំនាញ​ការ​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ និង​នវានុវត្តន៍ និងសហ​គ្រាស​ធុន​តូចនិង​មធ្យម។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​អនុម័ត​គម្រោង​ចំនួន ៧០​ជាមួយ​នឹង​ទុន​វិនិយោគ​សរុប​ ២ ៤២៨​លាន​ដុល្លារ​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២១។ នេះ​បើ​តាម​ការ​គណនា​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចំពោះ​តែ​គម្រោង​ត្រូវ​បាន CDC បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ចាប់​ពី​ខែមករា​ដល់​ដំណាច់​ខែ​មិថុនា​ឆ្នាំ​នេះ។

ក្នុង​ចំណោម​នេះ CDC បាន​អនុម័ត​គម្រោង​វិនិយោគ​លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​ចំនួន ២៩​គម្រោង​ជាមួយ​នឹង​ទុន​វិនិយោគ​សរុប ១៩៤,៧១​លាន​ដុល្លារ។

កាល​ពី​ឆ្នាំ​២០១៩ ការ​អនុម័ត​ការ​វិនិយោគ​បាន​កត់​ត្រា ៩,៤០​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ប្រទេស​ចិន​វិនិយោគ ២,៧៥​ពាន់​លាន​ដុល្លារ​បន្ទាប់​មក​ទីក្រុង​ហុងកុង ៩១២,៥៥​លាន​ដុល្លារ និង​ជប៉ុន ២៩៨,៨៤​លាន​ដុល្លារ​។ នេះ​បើ​តាម CDC៕

Leave a Reply

Your email address will not be published. Required fields are marked *