ABA រកបានប្រាក់ចំណូល​ ៩៣​លានដុល្លារ​ នៅដើម​ឆ្នាំនេះ​​

ភ្

នំពេញ៖ABA Bank ដែលជាធនាគារចុះបញ្ជី​ភាគ​ហ៊ុន​របស់​កម្ពុជា​​ បាន​រាយការណ៍​កំណើន​ប្រតិបត្តិការ​ដ៏រឹងមាំ នៅត្រីមាសទី២​ឆ្នាំនេះ ទោះបីជា​ការរីករាលដាល​ដោយ​សារតែ​ព្រឹត្តិការណ៍​ សហគមន៍​២០​កុម្ភៈ កំពុង​រំខានដល់សកម្ម​ភាព​សេដ្ឋកិច្ចក៏ដោយ។​

យោងតា​ម​របាយការណ៍​របស់ធនាគារ​ ដែលផ្ញើទៅក្រុម​ហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX)​​ កាល​ពីថ្ងៃទី​១៨ខែសីហា សម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានចំណូលពីការប្រាក់សរុបចំនួន ៤៤៣.៩៣៨ លានរៀល ដែលកើនឡើង ប្រមាណ ២៩ភាគរយ និង ប្រាក់ចំណេញចំនួន ១៩៥.២៤៨ លានរៀល ដែលកើនឡើងប្រមាណ ៤២​ភាគរយ ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២០។

ប្រាក់ចំណេញសុទ្ធ​របស់ធនាគារ​នេះ បន្តកើនឡើង​ជាប្រចាំ ដែលកត់ត្រាប្រាក់ចំណូលសរុប​ចំនួន​ ៩៣​លានដុល្លារ​ ចាប់តាំងពីដើម​ឆ្នាំនេះ។​​

លោក ​ Yves Jacquot ប្រធានរបស់ធនាគារ ABA បាន​​ឲ្យដឹងនៅក្នុង​​របាយការណ៍នេះថា នៅត្រីមាសទី២ឆ្នាំ២០២១ ស្ថានការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា កាន់តែធ្ងន់ធ្ងរជាង​មុន ដោយ​សារព្រឹត្តិការណ៍ «សហគមន៍​២០កុម្ភៈ» បណ្ដាល​ឲ្យមាន​កំណើន​យ៉ាង​ឆាប់រហ័ស​នៃករណីឆ្លងរីករាលដាល។​

លោក​ថ្លែងថា​៖ « ព្រឹត្តិការណ៍នេះ​បណ្ដាល​ឲ្យ​មាន​ការ​បិទខ្ទប់នានានៅរាជធានី​ភ្នំពេញ និង​ក្រុងតា​ខ្មៅរយៈពេល៣សប្ដាហ៍ ដែល​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថានអាជីវ​កម្ម​ទាំងស្រុង​។ កតា្តទាំងនេះ បាន​បន្ត​បង្ក​ផល​ប៉ះពាល់​ដល់អាជីវ​កម្ម​ក្នុងស្រុក​ ជាពិសេសវិស័យ​បដិសណ្ឋារ​កិច្ច ទេសចរណ៍ កាត់ដេរ និង​សំណង់»។

យោងតាម​លោក Jacquot គិតត្រឹម​ត្រីមាសទី២ឆ្នាំ​២០២១ កម្ចីដែល​បានរៀបចំឡើងវិញ​មានចំនួន​ ១៣ ៨០៦ ជាទឹកប្រាក់ចំនួន ៧០៤​លាន​ដុល្លារអាមេរិក។​ ចំណែកនៃ​កម្ចីដែល​រៀបចំ​ឡើងវិញ​នៅក្នុងផល​បត្រ​កម្ចីសរុប​មាន១៦​ភាគរយ។ ទន្ទឹមនឹងនេះដែរ កម្ចីដែ​លបានរៀបចំ​ឡើងវិញ​ ជា​កម្ចីដែល​មាន​គុណ​ភាពខ្ពស់​ ដោយ​សារ​ ៧៥​ភាគរយ​ក្នុងចំណោមនោះ បានស្នើសុំរយៈពេលអនុគ្រោះ សម្រាប់​ការបង់​ប្រាក់ដើម​ និងបន្ត​បង់តែ​ការប្រាក់។​

លោក​លើកឡើងថា៖ «​ធនាគារ ABA នឹងប​ន្ត​ជួយដល់អតិថិជន​កម្ចីរបស់ខ្លួន​ ក្នុងការជម្នះពេលវេលាដ៏លំបាកនេះតាមរយៈគោលនយោបាយ​រៀបចំ​កម្ចីឡើងវិញ​។ បន្ថែមលើការរៀបចំ​កម្ចី​ឡើងវិញ​ ធនាគារ​បានបន្តផ្ដល់កម្ចីថ្មីៗដល់អតិថិជន​របស់ខ្លួន​ ដោយ​សារ​ការទទួល​បាន​ដើមទុន​ ពិតជា​មាន​សារៈសំខាន់​សម្រាប់ប្រជាពលរដ្ឋ​ និងអាជីវ​កម្មនានា មិនត្រឹម​តែនៅពេល​សេដ្ឋកិច្ចកំពុងរីក​ចម្រើន​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​ក្នុងគ្រា​មាន​វិបត្តិផងដែរ»។ លោក​បន្ថែមថា៖​«​ក្នុងត្រីមាសទី២ឆ្នាំ២០២១ កម្ចី​មានចំនួន ៧ ៨២៨ គិតជាទឹកប្រាក់ចំនួន​២៧១,២លាន​ដុល្លារអាមេរិក​ ត្រូវបាន​ផ្កល់ជូនអតិថិជន​។ កម្ចីនេះបានបង្កើន​ផលបត្រ​កម្ចី​ដុល របស់ធនាគារ​ប្រមាណ​៦ភាគរយ​ គិតជាទឹកប្រាក់សរុបចំនួន​ ៤,៥​ពាន់​លាន​ដុល្លារអាមេរិក។​

ធនាគារ​ABA បន្ត​ចូលរួមក្នុងគម្រោង​ សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាស​ធុនតូច និងមធ្យមឆ្នាំ​ ២០២០ (SCFS)​ ដែលជាគំនិត​ផ្តួចផ្ដើមរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុងគោលបំណង​ផ្ដល់កម្ចីដែលមានអត្រា​ការប្រាក់សមរម្យ ដល់សហគ្រាសធុនតូច និងមធ្យម។ ក្រោមគម្រោងផ្ដល់​កម្ចីនេះ ធនាគារ​បាន​ផ្ដល់​កម្ចីជាចំនួនទឹ​កប្រាក់​ ២,៣លាន​ដុល្លារអាមេរិក សម្រាប់ចំណាយដើមទុន  និងទុនបង្វិលដែល​មានអត្រា​ការប្រាក់​ពិសេស​ ៧ភាគរយ​ ក្នុងមួយឆ្នាំ និងមានរយៈពេលរហូតដល់​៧ឆ្នាំ​៕

Leave a Reply

Your email address will not be published. Required fields are marked *