ADB រក្សា​ការ​ព្យាករកំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២២និង ​បន្ទាបការ​ព្យាករ​សម្រាប់​ឆ្នាំ​២០២៣

 ភ្នំពេញធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា​នៅ​កម្រិត៥,៣%ក្នុងឆ្នាំ២០២២ប៉ុន្តែ​បានបន្ទាបការព្យាករឆ្នាំ២០២៣មកនៅត្រឹម៦,២%ពី៦,៥%ដោយសារ​ការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក។

យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ (ADO​ 2022 Update)ចេញផ្សាយ​នៅថ្ងៃនេះការនាំចេញផលិតផលសម្លៀកបំពាក់ទំនិញធ្វើដំណើរនិងស្បែកជើងរបស់កម្ពុជានៅតែរឹងមាំជាមួយកំណើន​៣៩,៨%ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបើទោះបីជា​មានការ​ថយចុះនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងអឺរ៉ុបក៏ដោយ។វិស័យកម្ម​ន្តសាលមិនមែន​កាត់ដេរ​បាន​បន្ត​សន្ទុះ​កំណើន​ដ៏រឹងមាំ។វិស័យសំណង់​បាន​ងើប​ឡើង​វិញ​ជា​បណ្តើរៗជាមួយ​ការ​នាំ​ចូល​សម្ភារ​សំណង់​កើន​ឡើង២២,៨%។ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងកើនឡើង៩,១%នៅឆ្នាំនេះមុនពេលថយមកត្រឹម ៨,៦%​នៅឆ្នាំ២០២៣ដោយសារការចុះខ្សោយនៃតម្រូវការក្រៅស្រុក។

នាយិកាADB ប្រចាំកម្ពុជា លោកស្រីJyotsana Varma បានមានប្រសាសន៍ថា«ការកើនឡើងនៃការនាំចេញ​ផលិតផលកម្មន្តសាលរបស់កម្ពុជានិងការងើបឡើងវិញបន្តិចម្តងៗក្នុងវិស័យសំណង់និងសេវាកម្មបានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្មដែលបណ្តាលមកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ​ និងជីនិង ភ្លៀងធ្លាក់ខ្លាំងក៏ដោយ។​អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលដូចជា​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ​ បាននិងកំពុងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយ​ផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញលើ​ពិភព​លោក​សម្រាប់ពលរដ្ឋ​ក្រីក្រ។»

របាយការណ៍ខាងលើបានដំឡើងការព្យាករអតិផរណាឆ្នាំ២០២២របស់កម្ពុជាទៅ៥,០% ពីការព្យាករ ៤,៧% ក្នុងខែមេសាដោយសារឥទ្ធិពលរាលដាលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ការព្យាករអតិផរណាសម្រាប់ឆ្នាំ២០២៣ត្រូវបានរក្សាទុកនៅ២,២% ។

ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមានការលចឡើងនៃមេរោគកូវីដ១៩ប្រភេទថ្មីនិងជំងឺអុតស្វាកំណើនឆាប់រហ័សនៃកម្ចីមិនដំណើរការកំណើនសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មសំខាន់ៗមានភាពកាន់តែទន់ខ្សោយការរំខាននានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលនិងការកើនឡើងនៃថ្លៃថាមពលនិងទំនិញនានាដែលអាចអាក្រក់ជាងការរំពឹងទុក៕