CAMGSM បានរាយការណ៍ពីដំណើរការអាជីវកម្មដ៏ល្អសម្រាប់ត្រីមាសទី ២

ភ្នំពេញៈ CAMGSM Plc ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដែលទើបនឹងបានចុះបញ្ជីភាគហ៊ុននៅពេលថ្មីៗ បានរាយការណ៍ពីដំណើរការអាជីវកម្មដ៏ល្អសម្រាប់ត្រីមាសទី ២ ជាមួយនឹងប្រាក់ចំណេញសុទ្ធបានកើនឡើងជិត ១០ ភាគរយបើទោះបីជាសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។

​ក្រុមហ៊ុននេះបានចុះបញ្ជីភាគហ៊ុន​របស់ខ្លួន​ដោយជោគជ័យនៅ CSXកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។ ក្រុមហ៊ុនមួយនេះ ប្រមូលមូលនិធិបានចំនួន ៥ ២៨៤ ៥៨៧ ដុល្លារអាមេរិកពី IPO សម្រាប់​ភាគហ៊ុនដែលទើបចេញលក់ថ្មីចំនួន ៩ ២៧១ ២០៦ ភាគហ៊ុន (តម្លៃ ២ ២៧០ រៀលក្នុងមួយភាគ​ហ៊ុន​)។

​យោងតាម​ការឯកសារផ្ញើ​របស់​ក្រុមហ៊ុនផ្ញើ​ទៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) នៅ​ថ្ងៃ​ទី ១៩ ខែ​កញ្ញាក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនមានប្រាក់ចំណូលសរុបចំនួន ១៨៥.៩៧៨ លានរៀល (ឬ ៤៥,៣៦ លានដុល្លារ) ដែលក្នុងនោះប្រាក់ចំណេញសុទ្ធចំនួន ៤៥.៨៣៤ លានរៀល (ឬ ១១,១៧ លានដុល្លារ) កើនឡើង​​ចំនួន ៩,៩ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២២ ដែលមានប្រាក់​ចំណេញ​សុទ្ធតែចំនួន ៤១.៦៩៧លានរៀល (ឬ ១០,១៧ លានដុល្លារ)។

គិតមកត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ២.៦១៣.៤៣៤ លានរៀល (ឬ ៦៣៧,៤២ លានដុល្លារ) និងមានមូលធនមានចំនួន ៨៧៧.៧៥២ លានរៀល (ឬ ២៤១ លានដុល្លារ)​ កើនឡើង ១៤,២ ភាគរយ ធៀបទៅត្រីមាសទី២ ឆ្នាំ២០២២ មានត្រឹមតែ ៧៦៨.៣៤៨ លានរៀល (ឬ ១៨៧,៤ លានដុល្លារ)។

ក្រុមហ៊ុន Cam GSM Co., Ltd. (ក្រុមហ៊ុន) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ១៩៩៦។ ក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុម​ហ៊ុន​Royal Millicom Co., Ltd (RMC)។

RMC គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន Three Star Investment Cambodia Ltd​ដែល ជាក្រុមហ៊ុនវិនិយោគរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Cayman Islands ដែលកាន់កាប់ភាគហ៊ុន ៦១,៥ ភាគរយ និងក្រុមហ៊ុន Royal Group Co., Ltd កាន់កាប់ភាគហ៊ុន ៣៨,៥ ភាគរយ។

​Three Star Investment Cambodia Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Three Star Investment Cayman Limited ជាក្រុមហ៊ុន​ដែលគ្រប់គ្រងទាំងស្រុងដោយលោក​ គិត ម៉េង៕​