AFT ចុះ​កិច្ចព្រមព្រៀង​រយះពេល​៥​ឆ្នាំ ​ទិញ​ភាគហ៊ុន​ធនាគារ​អេស៊ីលីដា​នៅ CSX

Acleda Financial Trust (AFT) ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល (NGO) ស្ថិតក្រោម​ធនាគារ​អេស៊ីលីដា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​Acleda Bank Plc. (ABC) សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំ ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ​មួយ​នេះ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦​ជា​វិធានការ​មួយ ដើម្បី​ធ្វើ​ឲ្យ​ការលក់​ភាគហ៊ុន​របស់​ធនាគារ​មួយ​នេះ មាន​ស្ថិរភាព​ថ្លៃ​នៅលើ​ទីផ្សារ​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់ ABC ដល់ CSX កាលពី​ថ្ងៃទី ៤ ខែកុម្ភៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា​ធនាគារពាណិជ្ជ​ដំបូង​គេ នៅ​កម្ពុជា​បាន​ចុះបញ្ជី​ភាគហ៊ុន​របស់ខ្លួន​នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) សូម​ជូនដំណឹង​ដល់​ភាគ​ទុ​និក​ទាំងអស់​ថា បន្ទាប់ពី​មានការ​ជូនដំណឹង​ស្តីពី​ការវិនិយោគ​លើ​ធនាគារ​អេស៊ីលីដា​របស់​ACLEDA Financial Trust ចុះ​ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ ស្របតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​និង​និយតករ AFT នឹង​ទិញ​ភាគហ៊ុន​នៅលើ CSX ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦ ដោយ​ផ្អែកលើ​ផែនការ​ថវិកា​ផ្ទៃក្នុង និង​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​របស់ខ្លួន​។​ ​លោកស្រី ម៉ា អម​រ៉ា អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​របស់ ធនាគារ​អេស៊ីលីដា បាន​ប្រាប់​ IC នៅ​ថ្ងៃទី ១០ ខែកុម្ភៈ​ថា AFT នឹង​វិនិយោគ​លើ​ធនាគារ​អេស៊ីលីដា តាមរយៈ​ការទិញ​ភាគហ៊ុន​របស់​ABC នៅលើ CSX រយៈពេល ៥ ឆ្នាំ​ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦​។​

​លោកស្រី​ថ្លែងថា​៖ «​ជាទូទៅ យើង​ជឿជាក់ និង​រំពឹងថា ការវិនិយោគ​នេះ​នឹង​រួមចំណែក​ដល់​ការចូលរួម​យ៉ាងសកម្ម​បន្ថែមទៀត​របស់​វិនិយោគិន​នៅក្នុង CSX ការកើនឡើង​សន្ទនីយ​ភាព​លើ​ទីផ្សារ និង​ការ​បង្កើនល្បឿន​ការអភិវឌ្ឍន៍​ទីផ្សារ​មូ​លប​ត្រ​នៅ​កម្ពុជា​»​។​

​លោកស្រី គឹម សុ​ផានី​តា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ CSX បាន​ឲ្យ​ដឹងថា AFT គឺជា​អ្នក​ស្នង​តំណែង​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល របស់​ធនាគារ​អេស៊ីលីដា ស្ថិតក្រោម​បទ​ប្បញ្ញត្តិ​ទំនុកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ហើយ​នៅពេលនេះ​គឺជា​ភាគ​ទុ​និក​ឈានមុខ​គេ របស់​ធនាគារ​អេស៊ីលីដា​។​

​លោកស្រី​លើកឡើងថា​៖ «​ផែនការ​វិនិយោគ​រប​ស់ AFT បង្ហាញថា​AFT មាន​ទំនុកចិត្ត​លើ​ការវិនិយោគ​រយៈពេល​វែង​ជាមួយ​ធនាគារ​អេស៊ីលីដា​។ សំខាន់​ជាងនេះទៅទៀត ខ្ញុំ​ជឿជាក់ថា ផែនការ​នេះ​នឹង​ជួយ​កែតម្រូវ​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន និង​កែតម្រូវ​ភាពមិន​ស៊ីគ្នា​នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​បច្ចុប្បន្ន​នៃ​ភាគហ៊ុន​របស់​ABC នៅលើ​ទីផ្សារ ព្រមទាំង​ទទួលបាន​ទំនុកចិត្ត​ឡើងវិញ​ពី​វិនិយោគិន​ដែល​បារម្ភ​ពី​ការបន្ត​ធ្លាក់ចុះ​តម្លៃ​ដោយសារតែ​ការលក់​ភាគហ៊ុន​ដែល​នៅសល់​នៅពេល​ខាងមុខ ដែល​គ្រប់គ្រង​ដោយ​បុគ្គលិក​អេស៊ីលីដា​ស្ថិតក្រោម ASA»​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ និង​ទទួល​បានការ​ទំនុកចិត្ត​ពី​វិនិយោគិន​សាធារណៈ​លើ​ផែនការ​នេះ ហើយ AFT គួរតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ផែនការ​វិនិយោគ​លម្អិត​របស់​ពួកគេ រួមទាំង​គោលបំណង​ជាក់លាក់ ការ​តំណ​ត់​តម្លៃ​ទិញ​ពេលវេលា លម្អិត​បន្ថែមទៀត និង​ប្រភព​មូលនិធិ ។​ល​។​»​។​

​យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់ CSX ភាគហ៊ុន​របស់ ABC បិទ​កាលពី​ថ្ងៃ​ពុធ​ទី​៩ ក្នុងតម្លៃ​១៣ ៣០០​រៀល​ក្នុង​១​ហ៊ុន ជាមួយនិង​ទំហំ​ភាគហ៊ុន​សរុប​ចំនួន ៣៨ ០៥១ ដែលមាន​តម្លៃ​សរុប ៥០៦ ០៧៨ ៣០០​រៀល បើ​ធៀប​ទៅ​និង​ការបិទ​កាលពី​ថ្ងៃទី​៤​កន្លងមកនេះ គឺ​តម្លៃ​ភាគហ៊ុន​របស់​ABC មានតម្លៃ​ត្រឹមតែ ១០ ៣០០​រៀល​តែប៉ុណ្ណោះ ដែលមាន​ភាគហ៊ុន​សរុប​១៦ ៩៤៧ មានតម្លៃ​សរុប​ចំនួន ១៧៤ ៦១៩ ២៦០ រៀល​៕

 

អត្ថបទដោយ​៖​ យុទ្ធ វីរះ

កម្ពុជា-រុស្សីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

ឌុយបៃ សហភាពអារ៉ាប់រួម : នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ក្នុងឱកាសចូលរួម ក្នុងកម្មវិធី ប្រារព្ធទិវាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៏ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រធានគណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំ-ចូលរួមពិព័រណ៍ ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកអនុ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា និងសហព័ន្ធរុស្ស៊ី។

លោករដ្ឋមន្រ្តីបានជម្រាបជូនអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទស្ស វត្សចុងក្រោយនេះ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញសកម្មភាព ពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការចរចាបើកច្រកទីផ្សារថ្មីៗក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម ។

លោករដ្ឋមន្រ្តីបន្តថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស បានប្រមាណ ៩០ភាគរយ ដែលជាកត្តាជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមដំណើរការសកម្មភាព​សេដ្ឋកិច្ចលើគ្រប់វិស័យ និងបើក​ប្រទេស​​ឡើងវិញ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ សំដៅស្តារសកម្មភាពសេដ្ឋកិច្ចទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានសំណូមពរឱ្យធុរជន និងអ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី មកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យផលិតយានយន្តកសិកម្ម វិស័យផលិត និងកែច្នៃម្ហូបអាហារ វិស័យដឹកជញ្ជូននិងភស្តុភារ វិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងវិស័យផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីរុស្ស៊ី ជួយជំរុញការចរចាបញ្ចប់ឱ្យបានឆាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) នាពេលខាងមុខ ផងដែរ។

ជាការឆ្លើយតប លោកអនុរដ្ឋមន្រ្តីរុស្ស៊ីបានទទួលយកសំណើររបស់ឯកឧត្តមរដ្ឋមន្រ្តីកម្ពុជា ដោយសន្យាថានឹង​ពាំនាំយកសំណើរបស់កម្ពុជាទៅ ផ្សព្វផ្សាយជូនធុរជន អ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី ដើម្បីមកធ្វើទស្សនៈ​កិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

លោកអនុរដ្ឋមន្រ្តីបន្តថា ភាគីរុស្ស៊ីនឹងបន្តធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន ដោយស្នើឱ្យវិស័យពាក់ព័ន្ធនានា ដូចជាវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស័យផលិតយានយន្តកសិកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវិស័យអប់រំ ជាដើម ធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្រ្តីក៏បានសម្ដែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេច​បាន​នូវ​យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានកោតសរសើពីពន្លាជាតិកម្ពុជា ដែលបានរៀបចំឡើងប្រកបដោយភាពទាក់ទាញ ដោយបានបង្ហាញពីប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ និងយូរអង្វែងរបស់កម្ពុជា។

ជាមួយគ្នានេះ លោកអនុរដ្ឋមន្រ្តីបានសំណូមពរឱ្យមានទំនាក់ទំនងគ្នាដោយផ្ទាល់ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យមាន​កំណើន​ប្រកបដោយចីរភាព ដើម្បីជាផលប្រយោជន៍របស់ប្រជាជនទាំងពីរប្រទេស។ ឯកឧត្តមអនុរដ្ឋមន្រ្តីក៏បាន​អញ្ជើញ លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនៈកិច្ចនៅសហព័ន្ធរុស្ស៊ី នាពេលវេលាសមស្រប​នាពេលខាងមុខ ផងដែរ។

នៅកិច្ចបញ្ចប់ លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាបានទទួលយកសំណើរទៅទស្សនៈកិច្ចនៅសហព័ន្ធរុស្សី នាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យសម្រេចបានលទ្ធផលល្អ និងទទួលបានផ្លែផ្កាតាមការរំពឹងទុក។៕

កម្ពុជារកចំណូលបាន២,៧ពាន់លានដុល្លារពីពន្ធដារក្នុងឆ្នាំ២០២១

ភ្នំពេញៈ ការ​ប្រមូល​ចំណូល​ពន្ធ-​អាករ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ ក្នុង​​​ឆ្នាំ​២០២១ ​​សម្រេច​បាន​ក្នុង​ទឹក​ប្រាក់​ជាង ២,៧​ពាន់​លាន​ដុល្លារ​ កើន​លើស​ផែនការ​ប្រចាំ​ឆ្នាំ​ជាង ២៤​ភាគ​រយ​​​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​(GDT)។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា ទោះ​ស្ថិតក្នុង​ស្ថាន​ភាព​ដែល​សេដ្ឋកិច្ច​សកល ក៏​ដូចជា​សេដ្ឋកិច្ច​កម្ពុជា នៅ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​ ជា​ពិសេស​ក្នុង​បរិការណ៍​នៃ​ការទទួល​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​រលក​នៃ​ការរីក​រាលដាល និង​វីរុស​បំប្លែង​ថ្មី​ឥតឈប់ឈរ​នៃ​ជំងឺ​កូវីដ​១៩ ក៏​ការ​ប្រមូល​ពន្ធ​-​អាករ ​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ នៅ​តែ​រក្សា​បាន​នូវ​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​​។ ជាក់​ស្តែង​​ចាប់​ពី​ខែ​មករា ដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២១ ចំណូល​ពន្ធ​-​អាករ ដែល​ GDT ប្រមូល​បាន​មាន​ចំនួន ២ ៧៨១,៩២​លាន​ដុល្លារ ធៀប​នឹង​​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​​ការ​គ្រប់​គ្រង​ឆ្នាំ២០២១ ដែល​តម្រូវឱ្យ​ប្រមូល​ចំណូល​ឱ្យ​​បាន​​ចំនួន ២ ២៤៣,០៧​លាន​ដុល្លារ ឃើញ​ថា​កើន​លើស​ផែនការ ២៤,០២​ភាគ​រយ​ ​​ស្មើ​នឹង​​​ប្រាក់​ប្រមាណ​ ៥៣៨,៨៥​លាន​ដុល្លារ។

ដោយ​ឡែក​សម្រាប់​ចំណូល​ពន្ធ​-អាករ​ ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២១ មាន​​ចំនួន​​​ជាង ២២១,៦៨​លាន​ដុល្លារ ​​ស្មើ​នឹង ៩,៨៨​​ភាគ​រយ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង ឆ្នាំ២០២១។​

កាល​ពី​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូល​ចំណូល​បាន​​ ២ ៨៨៩,០២ ​លាន​ដុល្លារ​ កើនឡើង ១០៤,៤៩ ​លាន​ដុល្លារ​ ស្មើនឹង ៣,៧៣ ​ភាគរយ​ធៀប​នឹងឆ្នាំ​២០១៩

កម្ពុជាសំឡឹងមើលការបើកផ្លូវចរចារពាណិជ្ជកម្មសេរីជាមួយអារ៉ាប់រួម

​ភ្នំពេញៈ កម្ពុជា​និង សហភាព​អារ៉ាប់​រួម​បាន​ឯកភាពគ្នា​ក្នុង​បង្កើត​ក្រុមការងារ​ដើម្បី​សិក្សា​អំពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA)  ដើម្បី​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​កំណើន​បន្ថែម​ទៀត​។​

​ការលើកឡើង​អំពី​ផែនការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ទ្វេរ​ភាគី​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ពិព័រណ៍​ពិភពលោក ២០២០ ឌុយ​បៃ និង​

​លោក ថា​នី ប៊ី​ន អា​ម៉េ​ដ អាល់ ហ្ស៊េ​រ​យូ​ឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សហភាព​អារ៉ាប់​រួម​កាលពី​ថ្ងៃទី​២៤ ខែមករា នៅ​ទីក្រុង​ឌុយ​បៃ ដើម្បី​ពិនិត្យ​លទ្ធ​ភាពចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) និង​ជំរុញ​លើ​ឱកាស​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍ថា កម្ពុ​ជាមាន​ធនធានធម្មជាតិ​អំណោយផល​ជាច្រើន មាន​កសិផល​រាប់ពាន់​មុខ និង​មាន​វិស័យ​សក្តានុពល​ជាច្រើន​ដែល​កំពុង​អភិវឌ្ឍ​ដូចជា វិស័យ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ វិស័យ​វប្បធម៌​តំបន់​ប្រាសាទបុរាណ ជាពិសេស​ប្រាសាទអង្គរវត្ត វិស័យ​ដឹកជញ្ជូន​មាន​ព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់​អគារ ។​ល​។ ដែល​សហភាព​អារ៉ាប់​រួម​អាចមក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​បាន​។​

​លោក​បាន​ថ្លែងបន្តថា​៖« កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចិន និង​កូរ៉េ ហើយក៏​កំពុង​បន្ត​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​សំខាន់ៗ​មាន​ជាអាទិ៍ ជប៉ុន ឥណ្ឌា ម៉ុង​ហ្គោ​លី កាណាដា និង​អង់គ្លេស ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ជំរុញ​ការនាំចេញ​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

​លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់ឱ្យមាន​ក្រុមការងារ​មួយ ដើម្បី​សិក្សា និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​ប្រទេស​ទាំងពីរ ក្នុង​គោលបំណង​បង្កើន​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ថែម​មួយកម្រិត​ទៀត​។​

​លោក ថា​នី​ប៊ី​ន អា​ម៉េ​ដ អាល់​ហ្ស៊េ​រ​យូ​ឌី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​កម្ពុជា និង​បាន​សម្តែង​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ និង​ចូលរួម​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ ២០២០ ដែលមាន​រយៈពេល ៦​ខែ នេះ​។ លោក​បាន​បាន​ស្នើឱ្យ​ភាគី​កម្ពុជា​ជួយផ្តល់​ព័ត៌មាន​អំពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា និង​សិក្សា​បន្ថែម​អំពី​លទ្ធភាព​វិនិយោគ​រួមគ្នា​នាពេល​អនាគត​។​

វិស័យស្មូនដី និងសិក្សាស្ថានភាពអាជីវកម្មចម្លាក់ថ្មនឹងត្រូវដាក់ជាផលិតផលសម្គាល់ភូមិសាស្រ្ត

ភ្នំពេញ៖ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា ដើមី្បឱ្យវិស័យស្មូនដី និងចម្លាក់ថ្ម មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ និងម៉ាកសញ្ញារបស់ផលិតផល និងការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រ ចាំបាច់ត្រូវចងក្រងចង្កោមក្រុមអ្នកផលិត បង្កើតទៅជាសមាគម ។

ការលើកឡើងបែបនេះរបស់លោក រាជ រ៉ា ធ្វើឡើង កាលពីថ្ងៃចន្ទ-អង្គារ ទី២៤-២៥ ខែមករា ឆ្នាំ២០២២នេះ ដោយលោកបានដឹកនាំក្រុមការងារក្រសួង និងមានការចូលរួមពីលោក អប់ រ៉ាឌី អគ្គនាយករងជំរុញពាណិជ្ជកម្ម និងលោក ទិត សីច័ន្ទលី ប្រធាននាយកដ្ឋាន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីជាច្រើនរូប បានចូលរួម​កិច្ចប្រជុំដើមី្បពិនិត្យ៖ -វឌ្ឍនភាពក្នុងការគាំទ្រ និងជំរុញដល់ដំណើរ​ការរៀបចំមជ្ឈមណ្ឌល​ជំរុញអភិវឌ្ឍន៍​វិស័យស្មូនដីកម្ពុជា ដែលជាទីតាំងមានលក្ខណៈពាណិជ្ជកម្ម ផ្សាភ្ជាប់ជាមួយទេសចរណ៍ វប្បធម៌ប្រពៃណី និងបន្តផ្សព្វផ្សាយអំពីការផ្តួចផ្តើមការកសាងផែនការទិសដៅរបស់ក្រសួងពាណិជ្ជកម្ម។ -ស្ថានភាព និងទស្សនកិច្ចទីតាំងផ្ទាល់នៃអាជីវកម្មចម្លាក់ថ្ម នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បន្ថែមពីនេះ អត្ថប្រយោជន៍នៃការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍វិស័យទាំង២ខាងលើ ក៏នឹងក្លាយជាមជ្ឈមណ្ឌល​អាជីវកម្ម និងជាចលករស្រូបទាញកំណើនសេដ្ឋកិច្ចមូលដ្ឋានដ៏រស់រវើក រក្សាបាននូវកេរ្តិ៍តំណែលវប្បធម៌ ទេពកោសល្យប៉ិនប្រសប់ អត្តសញ្ញាណភូមិសាស្ត្រ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យស្មូនដី និងវិស័យចម្លាក់ថ្ម ជាពិសេសជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់ក្រុមសិប្បករស្មូន និងជាងចម្លាក់ថែមទៀតផង។

លោកបានថ្លែងថា ដើមី្បឱ្យវិស័យស្មូនដី និងចម្លាក់ថ្ម មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវ​គុណភាព សមត្ថភាពផ្គត់ផ្គង់ និងម៉ាកសញ្ញារបស់ផលិតផល និងការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រ ចាំបាច់ត្រូវចងក្រងចង្កោមក្រុមអ្នកផលិត បង្កើតទៅជាសមាគម និងការផ្តួចផ្តើមសិក្សាលទ្ធភាព​បង្កើតម៉ាក​សមូហភាព ដើមី្បជំរុញការប្រកួតប្រជែង ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផល​ជូនពាណិជ្ជករ និងអ្នកប្រើប្រាស់។

សូមជម្រាបផងដែរថា បច្ចុប្បន្នវិស័យស្មូនដីកម្ពុជា មានសមាជិកអ្នកផលិតប្រមាណជាង ២០០ គ្រួសារ ដែលកំពុងផលិត បើទោះបីជាទីផ្សារបញ្ជាទិញត្រូវរអាក់ខានពីវិបត្តិជំងឺកូវីដ-១៩ក៏ដោយ សិប្បករស្មូនដីនៅតែ​មាន​ការងារ​ជាបន្តបន្ទាប់ ពិសេសបរិក្ខាសម្រាប់សណ្ឋាគារ និងសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានជាដើម។

ដោយឡែកស្ថានភាពវិស័យចម្លាក់ថ្មវិញ អ្នកផលិត និងជាងចម្លាក់មានសរុប៥៥ទីតាំង ចែកចេញជា៣ផ្នែកគឺ៖ ក្រុមហ៊ុនផ្គត់ផ្គង់១ សហគ្រាសផលិត១៨ និងគ្រួសារ៣៦ ហើយវិស័យនេះក៏ទទួលរងផលប៉ះពាល់ ប៉ុន្តែនៅរក្សាបានការបញ្ជាទិញពីទីផ្សារក្នុងស្រុក និងក្រៅប្រទេសរួមមាន៖ ប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ស្រីលង្ការ និងប្រទេសថៃឡង់ដ៍។

បន្ទាប់មក ប្រតិភូក្រសួងពាណិជ្ជកម្ម បានអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យស្មូនដីកម្ពុជា និងជួបជាមួយសិប្បករស្មូនដីនៅខេត្តកំពង់ឆ្នាំង និងបន្តដំណើរទៅខេត្តពោធិ៍សាត់ ចុះជួបជាងចម្លាក់ថ្មតាមខ្នងផ្ទះ ដើម្បីពិនិត្យពីស្ថានភាព និងលទ្ធភាពជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ថ្ម៕

 

 

ក្រុមហ៊ុន​ជប៉ុន​មានបំណង​ចង់​នាំ​គ្រឿងចក្រ​កែច្នៃ​សំរាម​ផ្លា​ស្ទិ​ក​ទៅជា​បេតុង​កៅស៊ូ​(AC) ម​កម្ពុជា​


​ភ្នំពេញ​៖ លោក NISHIYAMA នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជប៉ុន​បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​នាំចូល​គ្រឿងចក្រ​កែច្នៃ​សំរាម​ថង់​ផ្លា​ស្ទិ​ក​ជា​បេតុង​កៅស៊ូ (AC) ក្នុង​ចូលរួមចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់​ស្តង់ដារ​ជប៉ុន​។​


​ការបង្ហាញ​នូវ​ផែនការ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​២៥ ខែមករា ឆ្នាំ​២០២២ នៅ​ទីស្តីការ ក្រសួង ក្នុង​ជំ​បួន​រវាង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក Shu NISHIYAMA នាយក​ប្រតិបត្តិ​ក្រុមហ៊ុន និង​គណៈប្រតិភូ ដោយមាន​ការ​អមដំណើរ​ពី​ជំនាញការ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។


​លោក Shu NISHIYAMA បាន​ណែនាំ​គ្រឿងចក្រ​ប្រភេទ​ថ្មី ដែលមាន​សមត្ថភាព​អាច​កែច្នៃ​សំរាម​ប្លា​ស្ទិ​ក​ឱ្យទៅជា​បេតុង​កៅស៊ូ (AC) សម្រាប់​ការសាងសង់​ផ្លូវ​នៅ​កម្ពុជា និង​បានស្នើ​សុំឱ្យ ក្រសួង​ពិចារណា​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ ដោយហេតុថា​វា​មាន​លក្ខណៈ​សមស្រប​អាច​ប្រើ ប្រាស់​បាន​នៅក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា ដែល​សំបូរ​ទៅដោយ​ភ្លៀង​ធ្លាក់​រយៈពេល​យូរ អាច​ធានាបាន​នូវ​ការ​ជ្រាប​ទឹក និង​ធ្វើឱ្យ​ផ្លូវ​ជាប់​រឹងមាំ​បានយូរ​អង្វែង​ផងដែរ​។


​លោក ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​ស្ថានភាព​នៅ​កម្ពុជា​ឱ្យបាន​ល្អិតល្អន់ មុននឹង​សម្រេច​លើ​ការ​នាំចូល​បច្ចេកវិទ្យា​ថ្មី​នេះ ជាពិសេស​ពិនិត្យ​ទៅលើ​សំរាម​នៅ​កម្ពុជា ដែល​មិនមាន ការបែងចែក​ប្រភេទ​សំរាម អាច​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ក្នុងការ​ផ្គត់ផ្គង់​សម្រាប់​ដំណើរការ​កែច្នៃ និង​ការ ប្រមូល​សំរាម​ផងដែរ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​នៅតែ​បង្ហាញ​នូវ​ការគាំទ្រ​លើ គំនិត​ផ្ដួចផ្ដើម​នៃ​ការនាំយក​មកប្រើប្រាស់​នូ​វ​បច្ចេកវិទ្យា​ថ្មី​នេះ​ផងដែរ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ស្អាត​។


​បន្ថែម​ពីលើ​នេះ លោក​រដ្ឋមន្ត្រី បាន​ស្នើឱ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ឱ្យបាន​លម្អិត​ទាក់ទង​នឹង បរិមាណ​ប្លា​ស្ទិ​កនៅ​កម្ពុជា​ថា​តើ​អាច​ផ្គត់ផ្គង់​សម្រាប់​ការកែច្នៃ​បាន​កម្រិតណា និង​បាន​បញ្ជាក់ថា​៖ តម្លៃ ផលិតផល​នោះ​មិនត្រូវ​ឱ្យលើស​ថ្លៃ​បេតុង​កៅស៊ូ (AC) ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​ទេ និង​ត្រូវ សិក្សា​អំពី​បញ្ហា​ផលប៉ះពាល់​បរិស្ថាន​ដោយ​ប្រៀបធៀប​នឹង​ការប្រើប្រាស់​បេតុង​កៅស៊ូ​ផងដែរ​៕

គម្រោងប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI)កំពុងដំណើការដោយរលូន

ភ្នំពេញ៖ ក្រសួង សាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអេឡិច​ត្រូនិកនៅកំពង់ផែ (Port EDI)កំពុងមានវឌ្ឍនភាពដោយបានធ្វើតេសសាកល្បងលើប្រព័ន្ធនេះ ដំណាក់​កាលទី១។​

លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពប្រចាំខែនៃគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីសមា​ជិកគណៈកម្មការគ្រប់គ្រងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI)។

អង្គប្រជុំបានពិភាក្សាលើលទ្ធផលវឌ្ឍនភាពក្នុងខែវិច្ឆិកានៃគម្រោងប្រព័ន្ធ Port EDI ដែលក្នុងនោះ រួមមាន៖ ១) បានចាប់ផ្តើមការធ្វើតេស្តសាកល្បងលើប្រព័ន្ធ Port EDI ក្នុងដំណាក់កាលទី១ (UAT1) ដែលមានរយៈពេលបីខែ ដោយមានការចូលរួមពីគ្រប់ភាគីនៃគណៈកម្មការគ្រប់គ្រងប្រព័ន្ធ Port EDI

ការធ្វើតេស្តសាកល្បងនេះមានរយៈពេលពីរសប្តាហ៍ មានចំនួន១៤៥៦ករណី ក្នុងនោះមាន ១៤២០ ករណីទទួលបានជោគជ័យ និង៣៦ករណីមានបញ្ហាដែលតម្រូវឱ្យកែសម្រួល។ ២) ការរៀបចំបន្ទប់រក្សា​ទិន្នន័យប្រព័ន្ធ Port EDI នៅទីស្តីការក្រសួងសម្រេចបាន៩០% ដែលគ្រោងនឹងបញ្ចប់នៅដើមខែមីនា និង ៣)នាយកដ្ឋាននាវាជំនួញសមុទ្របានបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធ ផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ។

ជាងនេះទៅទៀត អង្គប្រជុំបានពិភាក្សាផងដែរអំពីទិសដៅដែលត្រូវអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ ដែលក្នុងនោះរួមមាន៖ ១) បន្តរៀបចំធ្វើតេស្តសាកល្បងប្រព័ន្ធ Port EDI ក្នុងដំណាក់កាលទីមួយ ២) បន្ត រៀបចំ​​បន្ទប់រក្សាទិន្នន័យប្រព័ន្ធ Port EDI ដែលភាគីខាងក្រុមហ៊ុន EXEO Group.inc កំពុងសហការ រៀបចំ​ដំឡើង​ជាមួយនាយកដ្ឋានព័ត៍មានវិទ្យា និងទំនាក់ទំនងសាធារណៈ ៣) នាយកដ្ឋាននាវាជំនួញ​សមុទ្រនឹងរៀបចំ​កិច្ចប្រជុំជាមួយថ្នាក់អគ្គនាយកដ្ឋាន ដើម្បីពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​​អេឡិចត្រូនិកនៅកំពង់ផែ ហើយគ្រោងនឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចឱ្យ​បានមុនការ​ដាក់ដំណើរការជាផ្លូវការប្រព័ន្ធ Port EDI ៕

កម្ពុជាបានប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក២០២០ ឌុយបៃ សហភាពអារ៉ាប់រួម

ទីក្រុងឌុយបៃ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុងឌុយបៃ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា ក្នុងឋានៈជាអគ្គស្នងការរបស់កម្ពុជា សម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមអបអរសាទរពិធីប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម។

ពិធីដ៏មហោឡារឹកនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម បណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា-សហភាពអារ៉ាប់រួម ភ្ញៀវជាតិ អន្តរជាតិ តំណាងឱ្យប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិធំៗ ជាង ៥០ បន្ថែមទៀត។

ក្នុងពិធីនេះ ក៏មានការថ្លែងសុន្ទរកថាអបអរសាទរដោយប្រធានគណៈប្រតិភូប្រទេសទាំងពីរ កម្ពុជា-អារ៉ាប់រួម កម្មវិធីសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរ, កម្មវិធីបង្ហាញមុខម្ហូបខ្មែរចំនួន ០២ មុខ គឺអាម៉ុកត្រី និងគុយទាវភ្នំពេញដោយចុងភៅកម្ពុជាមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា, វេទិកាជំរុញការវិនិយោគ និងទេសចរណ៍កម្ពុជា និងការសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរជូនពិភពលោកបានស្គាល់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីអត្ថន័យសំខាន់នៃការសាងសង់ពន្លាជាតិកម្ពុជាថា “ព្រះរាជាណាចក្រកម្ពុជា គឺជាដែនដីសុវណ្ណភូមិដ៏ចំណាស់មួយនៅក្នុងតំបន់ឤស៊ីឤគ្នេយ៍ និងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាប្រវត្តិសាស្ត្រតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ កម្ពុជាធ្លាប់មានវប្បធម៌ និងអរិយធម៌រុងរឿង ជាយូរលង់ណាស់មកហើយ តាមរយៈភាពល្បីល្បាញនៃប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ដែលបានទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរណ៍ពីទូទាំងពិភពលោកឱ្យទៅទស្សនាកម្ពុជា។ កេរមរតកដែលដូនតាខ្មែរ បានបន្សល់ទុកឱ្យ គួបផ្សំជាមួយនឹងសិល្បៈ និងវប្បធម៌ប្រកបដោយភាពរស់រវើក ព្រមទាំងភាពស្រស់បំព្រងនៃបរិស្ថានធម្មជាតិ ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ទាំងនេះគឺជាចំណុចសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននាំយកមកបង្ហាញពិភពលោក ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនាពេលនេះ”។

ក្នុងនាមជាតំណាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិននានា ដែលចង់ស្វែងរកឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងស្វាគមន៍ទេសចរអន្តរជាតិទាំងទ្បាយ ដែលមានបំណងទៅទស្សនាកម្ពុជា ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ អរិយធម៌ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលនៅមានឋិតថេរពីបុរាណរហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ពន្លាជាតិកម្ពុជា បានសាងសង់យ៉ាងល្អប្រណីតតាមរចនាបថខ្មែរ ដោយច្របាច់បញ្ចូលគ្នានូវសម័យកាលជាប្រវត្តិសាស្រ្តសំខាន់ៗ ចំនួនបួន គឺ៖ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ហើយចំណុចសំខាន់ និងធ្វើឱ្យភ្ញៀវអ្នកទស្សនា មានការចាប់អារម្មណ៍ និងកោតសរសើរ គឺកម្ពុជាបាននាំមកនូវរូបសំណាកចម្លងមួយចំនួន ដូចជា ចម្លាក់តោ, ឆ្មាំអង្គរ, ព្រះវិស្ណុ, ព្រះសិវៈ, ព្រះបាទជ័យវរ័្មនទី៧, ព្រហ្មបាយ័ន ជាពិសេស ម៉ាកែត អង្គរវត្ត ធ្វើពីស្ពាន់ មករៀបចំតុបតែងក្នុងពន្លាជាតិជូនភ្ញៀវទស្សនាផងដែរ។ ឯកឧត្តមបន្តថា ដោយសារចំណុចពិសេសទាំងនេះ ទើបធ្វើឱ្យពន្លាជាតិកម្ពុជា ត្រូវបានគណៈកម្មការជ្រើសរើសចូលក្នុងបញ្ជីប្រទេសចំនួន ៣០ ក្នុងចំណោម ១៩០ ប្រទេស ដែលបានរៀបចំពន្លាជាតិស្អាតជាងគេ និងមានលក្ខណៈពិសេសស្របតាមប្រធានបទនៃពិព័រណ៍ សម្រាប់បើកទទួលភ្ញៀវសាកល្បងមុនពេលពិព័រណ៍ពិភពលោកបើកសម្ពោធជាផ្លូវការមួយថ្ងៃ។

ដោយចាប់តាំងពីពេលបើកដំណើរការ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ពន្លាជាតិកម្ពុជាបានទទួលភ្ញៀវចូលទស្សនាចំនួន ១៧៤, ០១៨ នាក់ ក្នុងនោះគ្រាន់តែក្នុងរយៈពេល ១ ថ្ងៃ នៃបើកសាកល្បងដំបូង ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនារហូតដល់ ជាង ១,០០០ នាក់។

ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ាមានរយៈពេល ០៦ ខែ ហើយបើកចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹងចំនួន ១៨២ថ្ងៃ។ ប្រធានបទនៃពិព័រណ៍នេះគឺ ការតភ្ជាប់គំនិត ដើម្បីស្ថាបនាអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និងនិរន្តភាព។ តាមការរំពឹងទុក បន្ទាប់ពីការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នាពេលនេះ នឹងធ្វើឱ្យពិភពលោកស្គាល់ និង ចាប់អារម្មណ៍លើកម្ពុជាកាន់តែច្រើនឡើងថែមទៀត ហើយកម្ពុជារំពឹងថា តាមរយៈការរៀបចំវេទិការជំរុញការវិនិយោគ និងទេសចរណ៍នាពេលនេះ នឹងទាក់ទាញវិនិយោគគិន និងទេសចរណ៍អន្តរជាតិបានច្រើនថែមទៀតចូលមកកម្ពុជា៕

អតិថិជនរបស់ធនាគារអេស៊ីលីដានឹងទទួលបានប្រាក់វិញ ៣០% ទូទាត់ជាមួយប័ណ្ណយូភីអាយ​និមិត្ត​សញ្ញា​ថ្មី

ភ្នំពេញ៖ កាន់តែពិសេសជាមួយប័ណ្ណយូភីអាយនិមិត្តសញ្ញាថ្មីរបស់ធនាគារអេស៊ីលីដា អតិថិជនអាច​ធ្វើការ​ប្តូរ​យក​ប័ណ្ណជាមួយនិមិត្តសញ្ញាថ្មីជាមួយការរចនាដ៏ស្រស់ស្អាត និងមិនចំណាយប្រាក់​ក្នុងការ​ផ្លាស់ប្តូរ​​នោះឡើយ។ លើសពីនោះទៅទៀត មួយប័ណ្ណយូភីអាយនិមិត្តសញ្ញាថ្មីអតិថិជនក៏អាច​ប្រើបានទាំងក្នុង និងក្រៅប្រទេស បានយ៉ាងងាយស្រួល។

អ្វីដែលកាន់តែពិសេសឥឡូវនេះកំពុងមានប្រូម៉ូសិនពិសេសទៀត រាល់ការទូទាត់ទំនិញ សេវាកម្ម​ផ្សេងៗ តាមប័ណ្ណយូភីអាយ លោកអ្នកនឹងទទួលបានប្រាក់វិញ ៣០% (ច្រើនបំផុត ១០$ ក្នុងមួយខែ) រាល់ការទូទាត់ដែលមានទំហំទឹកប្រាក់ ចាប់ពី ១០ដុល្លារឡើង ក្នុងមួយប្រតិបត្តិការ តាមម៉ាស៊ីន POS ឬទូទាត់តាម អនឡាញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ប្រាក់រង្វាន់អស់ពីស្តុក។

ធនាគារ អេស៊ីលីដា នឹងបញ្ចូលទឹកប្រាក់នេះ ក្នុងគណនីរបស់លោកអ្នក ដែលជាម្ចាស់ប័ណ្ណយូភីអាយ នៅរៀងរាល់ដើមខែបន្ទាប់។

ប្រសិន​បើ​អតិថិជន សាធារណជន លោក​មាន​ចម្ងល់ ឬ​សំណូមពរ​ផ្សេងៗ សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) តាម​រយៈ​ទូរស័ព្ទ​លេខ 023 99 4444 ឬ 015 999 233 https://www.acledabank.com.kh/៕ 

Samsung នឹងហក់ចូលវិស័យវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation របស់កូរ៉េខាងត្បូង​បានបង្ហាញ​ចំណាប់អារម្មណ៍លើការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ។  

ការលើកឡើងអំពីចំណាប់អារម្មណ៍នៃការវិនិយោគនេះត្រូវបានធ្វើឡើងកាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្នុង​ជំនួប​រវាងលោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនិងគណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ដឹកនាំដោយលោក Han Jung Suk តាមរយៈប្រព័ន្ធដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជំនាញពាក់ព័ន្ធ។

លោក​ ឡេង ធនយុទ្ធា បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតនៅកម្ពុជា។

លោកបានលើកឡើងថា៖«រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់ការវិនិយោគគ្រប់ប្រភេទទាំងអស់ ជាពិសេសការវិនិយោគក្នុងភាពជាដៃគូរដ្ឋនិងឯកជន (PPP) និងការវិនិយោគឈរលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT) និងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនសាធារណៈ(Mass Transit) និងផ្លូវក្រវាត់ក្រុងរាជធានីភ្នំពេញព្រមទាំងកំពង់ផែជាដើម»។

គូសបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគហេដ្ឋាវិស័យរចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕