កម្ពុជាកំពុងរៀបចំវិស័យផលិតកម្មជ្រូកឱ្យមានភាពប្រកួតប្រជែង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៅក្រសួងពាណិជ្ជកម្មបានស្នើរដល់គ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងវិស័យផលិតកម្ម​ជ្រូកនៅកម្ពុជាធ្វើការរួមគ្នាដើម្បីលើកកម្ពស់វិស័យនេះឱ្យមានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង។

លោក សុខ សុភ័ក្ត្រក្រសួងពាណិជ្ជកម្ម រដ្ឋលេខាធិការ បានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលលោកបានដឹកនាំកិច្ចប្រជុំពិភាក្សាលើការវិភាគថ្លៃដើមនៃផលិតកម្មជ្រូកនៅប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃិន ពិសី ទីប្រឹក្សានៃការស្រាវជ្រាវថ្លៃដើមនៃផលិតកម្មជ្រូក និងជានាយកក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សានព្វន្ត ព្រមទាំងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ជាច្រើនរូបទៀត។

កិច្ចប្រជុំនោះគឺធ្វើឡើងក្នុងគោលបំណងស្វែងយល់ស៊ីជម្រៅអំពីផលិតកម្ម និងថ្លៃជ្រូកនៅកម្ពុជា ជាពិសេស​កត្តាសំខាន់ៗដែលជះឥទ្ធិពលដល់ថ្លៃដើម និងបញ្ហាប្រឈម សំដៅលើកកម្ពស់ភាពប្រកួតប្រជែង​របស់កម្ពុជាក្នុងវិស័យផលិតកម្មជ្រូក កម្រិតជីវភាពប្រជាកសិករ និងឧត្តមភាពសេដ្ឋកិច្ច។

លោកបានលើកឡើងអំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងវិស័យផលិតកម្មជ្រូកនៅកម្ពុជា ប្រៀបធៀបនឹង​ផលិត​កម្មជ្រូកនៅប្រទេសជិតខាង និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងវិស័យឯកជន​ពាក់ព័ន្ធ ដើម្បីលើកស្នើជាវិធានការ បង្កើនភាពប្រកួតប្រជែងនៃផលិតកម្មជ្រូកនៅកម្ពុជា។

លោករដ្ឋលេខាធិការបន្តថា អង្គប្រជុំក៏បានពិភាក្សាលើការសិក្សាបឋមរបស់ជំនាញការ ដោយសង្កត់ធ្ងន់លើកត្តា សំខាន់ៗដូចជា ការវិភាគថ្លៃដើមផលិតកម្ម ថ្លៃដើមនៃការចិញ្ចឹមជ្រូក ថ្លៃកូនជ្រូក ថ្លៃចំណី ថ្លៃដឹកជញ្ជូន ព្រមទាំងអនុសាសន៍ និងគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យផលិតកម្មជ្រូក។

ជាលទ្ធផលអង្គប្រជុំបានឯកភាព ជូនជំនាញការកែសម្រួលរបាយការណ៍សិក្សានេះបន្ត ដោយពិនិត្យលទ្ធភាព​បញ្ចូលព័ត៌មានបន្ថែម ក៏ដូចជាអនុសាសន៍ និងគោលនយោបាយជាក់លាក់ និងសមស្របសម្រាប់អនុវត្ត មុននឹងបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេចនៅពេលខាងមុខ៕

ឯកឧត្ដម សុខ ចិន្តាសោភា៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានអនុវត្តការទូតសេដ្ឋកិច្ចពេញទំហឹង

(ភ្នំពេញ)៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានសកម្មក្នុង ការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចពេញទំហឹង ដែលផ្តោតលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។

ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូស្តីពី «ការផ្សព្វផ្សាយ ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ជូនស្ថានតំណាងកម្ពុជានៅបរទេស» ដែលរៀបចំឡើងក្រោម អធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពី ឯកអគ្គរាជទូត មន្ត្រីការទូត និងមន្ត្រីអន្តរក្រសួងប្រមាណជាង ២០០នាក់។

នៅក្នុងឱកាសនោះដែរឯកឧត្តម សុខ ចិន្តាសោភាក៏បានសន្យាផ្តល់កិច្ចសហការជូន ព័ត៌មានទាក់ទង នឹងច្បាប់វិនិយោគថ្មីដល់ស្ថានទូត ឱ្យបានឆាប់រហ័សតាមលទ្ធភាពជាក់ស្តែង សំដៅចូលរួមជំរុញយុទ្ធសាស្ត្រ ការទូតសេដ្ឋកិច្ចកម្ពុជា ដែលទទួលបានការគាំទ្រពេញទំហឹងពី សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់អទិភាព មួយនៃគោលនយោបាយការបរទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មប្រភពកំណើន និងដៃគូសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

សូមជម្រាបថា សិក្ខាសាលាថ្ងៃនេះ គឺជាកិច្ចសហការរៀបចំលើកដំបូងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីច្បាប់វិនិយោគថ្មី ដែលមានភាពបត់បែន តម្លាភាពខ្ពស់ និងផ្តល់នូវការលើកទឹកចិត្តច្រើនបំផុតសម្រាប់វិនិយោគិនគ្រប់ជាតិសាសន៍ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៕

បារាំងបន្តជួយអភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា-បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់ជំនួយបច្ចេកទេសសម្រាប់គម្រោង​កសាង​សមត្ថ​ភាពក្នុងវិស័យអាកាសចរស៊ីវិលសំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និង​បរិស្ថាន​អាកាស​យានដ្ឋាន ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមក​កាន់ប្រទេសកម្ពុជា​កាន់តែ​ច្រើនបន្ថែមទៀត។  

កិច្ចព្រមព្រៀងនេះត្រូវធ្វើឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) រវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ នៅក្នុងពិធីនោះដែរក៏​មានការចូល​រួមពី លោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC)ផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានពី SSCA ដែលទទួលបានដោយភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៣ខែវិច្ឆិកា  តាមរយៈ​កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០,០០០ អឺរ៉ូ ដើម្បីអនុវត្ត​គម្រោង​កសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និង​លើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា​បង្កើន​ភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមក កម្ពុជា តាមរយៈការជួយទៅដល់ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល អនុវត្តបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរ និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាននៅក្នុងអាកាស​យានដ្ឋាន​នៃប្រទេសកម្ពុជា។

គម្រោងនេះផ្តោតលើការងារអាទិភាពចំនួន ៤ រួមមាន ពង្រឹងការគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន; ផ្តល់ការ​បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើការថែទាំបច្ចេកទេសអាកាសយាន;ផ្តល់ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​​សមត្ថភាព​ពេទ្យអាកាសចរ និង;ពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន។

លោក ម៉ៅ ហាវណ្ណាល់  យល់ឃើញថាតាមរយះកិច្ចព្រមព្រៀងនេះគឺពិតជាឆ្លើយតប នឹងសេចក្តីត្រូវការ និងការងារជាអាទិភាពនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ 

លោកបានបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាសក្ខីភាពមួយបង្ហាញពីទំនាក់ទំនង​ដ៏យូរអង្វែង និងជាផ្លែផ្ការវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាង អាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។ ជាងនេះទៀត វាបានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង មកលើការដឹកនាំ​ប្រកបដោយគតិបណ្ឌិត របស់ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន»៕

អីយ៉ា! ពិរោះទៀតហើយជាមួយកញ្ញា វឿន ជីវ៉ា Video Lyrics «ចង់ក្លាយជាសង្សារចាស់»

 

ថ្មីទៀតហើយជាមួយកំពូលតារាចម្រៀង​កញ្ញា វឿន ជីវ៉ាប្រចាំផលិតកម្មដាវីត្រា ជាមួយវីដេអូ Lyrics «ចង់ក្លាយ​ជាសង្សារចាស់» កំពុងតែអន្ទងចិត្តរបស់បងប្អូនអ្នកស្តាប់និងទស្សនិកជនជាពិសេស​យុវ័យតែម្តង​ដោយ​រៀបរាប់​ពីស្នេហាខកចិត្តរបស់នារីម្នាក់ដែលមិត្តប្រុសរបស់ខ្លួនហាក់មិនសូវយកចិត្តទុកដាក់ ព្រោះតែបុរសនោះតែងតែ​នឹករលឹកដល់សង្សារចាស់របស់គេ។  

អ្វីដែលកាន់តែប្លែកភ្នែកនោះ   Video Lyrics គឺត្រូវបានថតចេញពីរីស៊តកោះស្លាកែតដែលលាតសន្ធឹង​លើផ្ទៃ​ដី១០ហិកតា​ធំជាងគេមុនដំបូងបង្អស់របស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ បទនេះក៏ត្រូវ​បានថត​សម្លេងចេញពីស្ទូឌីយោកោះស្លែតដែលមានស្តង់ដា​អន្តរជាតិជាមួយឧបករណ៍​បំពាក់សុទ្ធ​ទំនើបៗ​និង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់។

ខាងក្រោម នេះសូមចូលទៅកាន់តំណរភ្ជាប់ Video Lyrics «ចង់ក្លាយជាសង្សារចាស់» នេះ។ ហើយលោកអ្នក​ក៏អាចទាញយកកម្មវិធីអេប«App Komsan» របស់ផលិតកម្មដាវីត្រារីករាយសណ្តាប់និងទស្សនាMVs នានាបានដោយមិនគិតថ្លៃផងដែរ៕

• YouTube : https://bit.ly/YouTube_DavitraMedia

•TikTok :https://bit.ly/TikTok_DavitraMedia

• Facebook : https://bit.ly/Facebook_DavitraMediaFan

• Telegram: https://bit.ly/Telegram_DavitraMedia

• Instagram : https://bit.ly/Instagram_DavitraMedia

 

កម្ពុជាស្វាគមន៍ការពង្រីកអាជីវកម្មរបស់អាមេរិក

(ភ្នំពេញ)៖ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើដល់ក្រុមហ៊ុនអាមេរិកដើម្បីមកបណ្តាក់ទុនរកស៊ី និងពង្រីកអាជីវកម្មនៅកម្ពុជា ខណះដែលពេលដែលកម្ពុជាជាប្រទេសដែលពន្លឿនការចាក់វ៉ាក់សាំងបានច្រើនជាង​គេមួយក្នុងតំបន់និងពិភពលោក។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីរូបនេះត្រូវបានធ្វើឡើងកកាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ អាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយ ឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ Amb. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតអាម៉េរិកប្រចាំ​កម្ពុជា និងក្រុមហ៊ុនជាច្រើនទៀត រួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន FordMotor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Jhpiego ជាដើម។

លោក  ប៉ាន សូរស័ក្តិ បានលើកឡើងពីភាពជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនកម្ពុជា និងការត្រៀមខ្លួនរបស់កម្ពុជាលើការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ។​  លោករដ្ឋមន្ត្រី ក៏បានលើក​ឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាទាំង​ក្នុងក្រប​ខ័ណ្ឌស្ថាប័ន និងគតិយុត្ត ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា ដែលមានដូចជា៖ ក្របខ័ណ្ឌគោល​នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង មុខងារ និងតួនាទីរបស់អគ្គនាយក​ដ្ឋានការពារអ្នក​ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ពិសេសគឺការយកចិត្តទុកដាក់ដល់ការការពារកម្មសិទ្ធិបញ្ញា។

លោកថ្លែងបន្តទៀតថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីឆ្នាំមុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រួមទាំងសមាជិកភាពរបស់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្ត និងបន្តគាំទ្រ សម្របសម្រួលក្រមហ៊ុនអាម៉េរិក ដែលមានសំណូមពរ និងចម្ងល់ផ្សេងៗ អាចទាក់ទងមកក្រសួងពាណិជ្ជកម្ម ឬឯកឧត្តមផ្ទាល់ ដើម្បីដោះស្រាយ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ។

លោកអគ្គរដ្ឋទូតបានសម្ដែងនូវអំណរសាទរចំពោះកម្ពុជា ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំង និងការបើកសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ ក្រុមហ៊ុនអាម៉េរិក ក៏បានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា ជាពិសេសនោះគឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ និងការគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។

ទន្នឹមនឹងនោះ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូនៃ​ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននៅកម្ពុជា។

បើយោងតាមលោករដ្ឋមន្រ្តី បានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក ដែលបានបន្តកើនឡើងបើគិតត្រឹមខែសីហា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុបមានចំនួនប្រមាណជាង ៥,៥ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ២៨.៤៦ ភាគរយ បើប្រៀបធៀបនឹង ៨ខែ ដើមឆ្នាំ២០២០៕

កម្ពុជា-រុស្ស៊ីសហការលើ៩ចំនុចដើម្បីជម្រុញ និងលើកកម្ពស់ទេសចរណ៍

  • រៀបចំឲ្យមានការមកចុះសិក្សាពិនិត្យ ដោយក្រុមហ៊ុនទេសចររុស្ស៊ី និងបណ្ដាញសារព័ត៌មានរុស្ស៊ី (Far Trip) នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយការរៀបចំខ្លួនរួចស្រេច ក្នុងការទទួលទេសចរអន្តរជាតិ។​
  • អញ្ជើញក្រុមហ៊ុនទេសចរណ៍រុស្ស៊ីចូលរួមការតាំងពិព័រណ៍ខ្នាតតូចល្មមអាចគ្រប់គ្រងបាន នាឱកាសទិវាទេសចរណ៍អាស៊ាន ២០២២ នាខែមករា ចាប់ពីថ្ងៃទី១៦ ដល់ ២២ ដើម្បីអាចជួបទំនាក់ទំនងធុរៈកិច្ចជាមួយក្រុមទេសចរណ៍កម្ពុជា ក៏ដូចក្រុមហ៊ុនក្នុងតំបន់ផងដែរ។
  •  រៀបចំឲ្យមានសិក្ខាសាលាធុរៈកិច្ចទេសចរណ៍វាងប្រទេសទាំងពីរ។
  •  រៀបចំជំរុញឲ្យមានការហោះហើរត្រង់ កម្ពុជា-រុស្ស៊ី នាពេលខាងមុខ ។
  •  ពិនិត្យរៀបចំកម្មវិធីឆ្នាំ២០២២ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-រុស្ស៊ី ដើម្បីអបអរសាទរខួបទី៦៦ នៃចំណងការទូតនៃប្រទេសទាំងពីរ។
  •  ពិនិត្យរៀបចំបន្តកម្មវិធីការងាររួមកម្ពុជា-រុស្ស៊ីលើវិស័យទេសចរណ៍ តាមរយៈការចុះអនុស្សរណយោគយល់ លើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-រុស្ស៊ី។
  • ពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយទេសចរណ៍ ការបង្កើតផលិតផលថ្មី ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។
  • គាំទ្រការររៀបចំកីឡាស៊ីហ្គ៊ាម ២០២៣ (SEA GAMES 2023) នៅកម្ពុជា ជាពិសេសការរៀបចំកីឡាលើទឹក និងក្រោមទឹក។
  • គាំទ្រឲ្យមានការវណ្ដុះបណ្ដាលមគ្គុទេ្ទសក៍និយាយភាសាររុស្ស៊ីតំបន់ឆ្នេរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី​ប្រចាំកម្ពុជា នៅស្ថាតទូតរុស្ស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ។

ជំនួបនេះដែរសំដៅរៀបចំឲ្យមានការមកទស្សនារបស់ទេសចររុស្ស៊ីនៅកម្ពុជាឡើងវិញ ក្រោមយុទ្ធសាស្ត្របើក​ទេសចរ​វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាព ដូចជា ក្រុងព្រះសីហនុ កោះរុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ហើយតំបន់សៀមរាបអង្គរ ក្នុងអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។

លោក ថោង ខុន បានរំលឹកអំពីការជួយគាំទ្រការអភិវឌ្ឍដល់កម្ពុជាពីប្រជាពលរដ្ឋ និងរដ្ឋាភិបាលរុស្ស៊ី ចាប់តាំងពីថ្ងៃរំដោះប្រទេសពីរបបប៉ុលពត ក៏ដូចជាដំណើរការស្វែងរកសន្តិភាពកម្ពុជា ដោយបានចូលរួមជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោក បានគូសបញ្ជាក់ថា កម្ពុជាមានភាពជឿនលឿនលើការចាក់វ៉ាក់សាំង ដែលជាគន្លឹះនៃការស្ដារទំនុកចិត្ត និងភាពជឿជាក់នៃសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្នុងបរិបទនៃគន្លងប្រក្រតីភាពថ្មី ក្នុងនោះវិស័យទេសចរណ៍ក៏កំពុងរៀបចំចាប់ផ្ដើមបើកជាជំហ៊ានៗ ប្រកបដោយការទទួលខុសត្រូវ។

លោក អាណាតូលី បូរ៉ូវិក ក៏បានបង្ហាញអំពីការពេញចិត្តនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរកន្លងមក ក៏ដូចជាផែនការ និងយុទ្ធសាស្ត្រដាក់ចុះដោយរាជរដ្ឋាភិបាលនាពេលថ្មីៗ ជាការស្ដារវិស័យទេសចរណ៍ មានដូចជា៖ ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា អំឡុង និងក្រោយវិបត្តិកូវីដ១៩ ឆ្នាំ២០២០-២០២៥, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី, យុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង, វិធាននយោបាយលើការជំរុញទេសចរផ្ទៃក្នុង, ការរៀបចំវិធានសុវត្ថិភាពទេសចរណ៍នានា (SOP) នានាជាដើម។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ផ្អែកតាមទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ និងសមិទ្ធិផលកន្លងមក កម្ពុជានឹងមានលទ្ធភាពទាក់ទាញទេសចររុស្ស៊ីបន្ថែមទៀត ដែលមុនវិបត្តិកូវីដ១៩ កំណើនពលរដ្ឋរុស្ស៊ីមកទស្សនានៅកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ រហូតជាងកន្លះលាននាក់ ហើយចំនួននេះនឹងអាចកើនឡើងខ្ពស់ថែមទៀត ដោយរុស្ស៊ីជាប្រភាពទីផ្សារដ៏ធំ មានប្រជាជនជាង ១៤៦លាននាក់។

លោកឯកអគ្គរដ្ឋទូត ក៏បានអរគុណដល់ក្រសួងទេសចរណ៍កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍​អាស៊ាន ២០២២ ខាងមុខ និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ​ដែលបានសម្របសម្រួលជំរុញឲ្យមានកិច្ចប្រជុំទេសចរណ៍អាស៊ាន-រុស្ស៊ី រហូតដល់ថ្នាក់រដ្ឋមន្ត្រី ដែលកិច្ចប្រជុំលើកទី ១ នឹងធ្វើឡើង នាឱកាសវេទិកាទេសចរណ៍អាស៊ានខាងមុខ៕

កម្ពុជារកចំណូលបានជិត៤ពាន់លានដុល្លារពីការនាំចេញកសិផលក្នុងរយះពេល១០ខែ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា កម្ពុជា​ប្រមូល​​​បាន​​​ប្រាក់​​ជិត ៣,៧​​ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​កសិផល​មួយ​ចំនួន​ទៅ​ទីផ្សារ​អន្តរជាតិ​​ក្នុង​រយៈ​ពេល ១០​ខែ​ឆ្នាំ​២០២១។

លោករដ្ឋមន្រ្តីរូបនេះបានបង្ហាញឱ្យដឹងទៀត​ថា ​​លទ្ធផល​នៃ​​ការនាំចេញកសិផលរបស់​កម្ពុជា(​មិន​រាប់​បញ្ចូល​ផលិត​ផល​ជល​ផល ផលិត​​ផល​​សត្វ ​ព្រៃឈើ ឈើកៅស៊ូ និង​កៅស៊ូ​ធម្មជាតិ​) ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ត្រូវ​បាន​​​ប៉ាន់​ប្រមាណ​​​ថា ​មាន​តម្លៃ​ ៣ ៦៩២ ១៨៣ ១៨៩,៣៧ដុល្លារ ដែលទីផ្សារ​ទទួល​ទិញ​ផលិត​ផល​ពី​កម្ពុជា​មាន​ចំនួន ៦៨ ប្រទេស។

សម្រាប់​ប្រភេទ​មុខទំនិញ​សំខាន់ៗ​រួមមាន ​ការ​នាំ​ចេញ​អង្ករ ទទួល​បាន​ទឹក​ប្រាក់​ ៣៩២ ៩៨៤ ៣២៦ ដុល្លារ, ស្រូវ ៤៦៥ ៤៩៨ ២៥០ ដុល្លារ និង​កសិផលផ្សេងទៀត ២ ៨៣៣ ៧០០ ៦១៣,៣៧​ដុល្លារ។

លោក​​​បានថ្លែងអះអាងយ៉ាងដូច្នេះថា៖​«​ការនាំចេញកសិផលសរុបក្នុងរយៈ​ពេល១០​ខែឆ្នាំ២០២១ មានកំណើន ៨៧,៥៣ភាគ​រយ​ ក្នុង​នោះកសិផល ក្រៅពីអង្ករមាន​ការកើនឡើងចំនួន ១០៦,៦២ភាគ​រយ​ រីឯ​ការ​នាំ​ចេញ​អង្ករ​មាន​ការ​ថយ​ចុះ​ចំនួន -១៤,២០​ភាគ​រយ​ ដោយសារ​តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និង​ជួប​ប្រទះ​បញ្ហា​នឹងកង្វះទូរកុងតេន័រ ទំហំ ២០ ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ»​។

យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ក្នុង​តម្លៃ​សរុប ៤,៣៧ ពាន់​លាន​ដុល្លារ​ កើន​លើស​ឆ្នាំមុន ៥០០ លាន​ដុល្លារ៕

មាន KHQR អេស៊ីលីដាតែមួយស្កេនបានគ្រប់ស្ថាប័ន

11

អត់ដែលដឹងសោះថាងាយអើយសែនងាយ លែងខ្វល់ខ្វាយរឿងទៅតាមរក QR Code របស់ស្ថាប័ននេះ ស្ថាប័នោះ និងមិនរញ៉េរញ៉ៃពេលអតិថិជិនសួររកម្តងៗដើម្បីទូរទាត់ទៀតហើយ មានតែ KHQR របស់ធនាគារអេស៊ីលីដាតែមួយស្កែន QR បានគ្រប់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ចំណែកអតិថិជនដែលមកទិញឥវ៉ាន់ចាប់ហួយរបស់យើងក៏កាន់តែងាយស្រួលក្នុងការទិញទំនិញរបស់យើងកាន់តែច្រើនថែមទៀតផង។

តោះអស់ក្តីបារម្ភក្នុងការស្កេនទូទាត់ទំនិញឬសេវាកម្មទៀតហើយ មានតែ KHQR របស់ធនាគាអេស៊ីលីដាតែមួយដោះស្រាយការចាយវាយបានគ្រប់ពេល និងទីកន្លែង។

ធនាគារ អេស៊ីលីដា ភីអិលស៊ីគឺជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជាបានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមKHQR Codeក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។

សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Code របស់អេស៊ីលីដា ដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕

ដើម្បីស្នើសុំ KHQR Code របស់ធនាគារ អេស៊ីលីដា សម្រាប់ទូទាត់ទំនិញ-សេវាកម្មផ្សេងៗ សូមចុចទីនេះ

https://www.acledabank.com.kh/kh/eng/frm_mobile

កម្ពុជាបានត្រៀមរួចរាល់តំបន់បីសម្រាប់ស្វាគមន៍ភ្ញៀវទេសចរចាក់វ៉សាក់សាំងរួច

ភ្នំពេញ៖ លោក ថោង ខុនរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន បាន​ប្រាប់​ឱ្យ​ក្រុមហ៊ុន ក៏​ដូច​ជា​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ​វ៉ាក់សាំង ក៏​ដូច​ជា​ការ​អនុវត្ត​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​(SOP)​ ដើម្បី​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​ក្នុង​ការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​១៩ ឡើង​វិញ​។

ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា នៅ​តំបន់​វិស្សមកាល​ តារា​សាគរ នៃ​ខេត្ត​កោះ​កុង ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​ខេត្ត​កោះកុង តំណាង​ក្រុមហ៊ុន​វិស្សមកាល​តារា​សាគរ, ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ី​ហ្វិក​​កម្ពុជា, ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។

លោក ថោង ខុន បាន​និយាយ​ថា តាម​ផែន​ការ​កម្ពុជា​នឹង​បើក​ដំណើរ​ការ​ទទួល​ទេសចរណ៍​វ៉ាក់​សាំង​ចាប់​ពី​ចុង​ខែ​វិច្ឆិកា ដោយ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ទាំង​អស់​នោះ​មាន​ប្រភព​ពី​ទីផ្សារ​ដែល​មាន​សក្តានុពល និង​មាន​ហានិភ័យ​ទាប​(ជំងឺកូវីដ​១៩)។ ទន្ទឹម​នឹង​ការ​ត្រៀម​បើក​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​នេះ កម្ពុជា​ក៏​ត្រូវ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​គោលដៅ​ប្រកប​ដោយ​គុណភាព សុវត្ថិ​ភាព និង​និរន្តរភាព​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ស្រប​តាម​ទស្សន​ទាន «ប្រែ​ក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​កាលានុវត្ត​ភាព​ផង​ដែរ។

លោក​បញ្ជាក់​ថា៖​«​ស្រប​ជាមួយ​នឹង​ការ​ត្រៀម​ទទួល​ទេសចរ​វ៉ាក់សាំង យើង​ក៏​មិន​ត្រូវ​ភ្លេច​ជា​ដាក់​ខាត​នូវ​ការ​ខិតខំ​ពង្រឹង​សុវត្ថិភាព​ក្នុង​ទីតាំង​របស់ខ្លួន​តាមរ​យៈ​ការ​សម្អាត​ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឱ្យបាន​ញឹកញាប់ តាម​គោល​ដៅ​​ក្នុង​តំបន់​របស់ខ្លួន​ឱ្យ​មាន​ផាសុកភាព ស្រប​តាម​ផែនការ «ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​(SOP) តាម​គន្លង​ប្រក្រតី​​ភាព​ថ្មី» ដែល​ក្រសួង​ទេសចរណ៍​ និង​ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ ពិសេស​ទទួលភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ចាក់​វ៉ាក់សាំង​តែ​ប៉ុណ្ណោះ»។

បន្ថែម​ពី​លើ​នេះ​ លោក​ក៏​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​វិស្សមកាល​តារា​សាគរ ឱ្យ​ខិតខំ​ពង្រីក​សេវាកម្ម​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​សម្បូរ​បែប ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្ស​នា​បាន​កាន់​តែ​ច្រើន ជាមួយ​នឹង​សេវាកម្ម​ល្អ និង​មាន​តម្លៃ​សមរម្យ ដែល​មិន​ត្រឹមតែ​ទទួល​នូវ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នោះ​ទេ ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​ក៏​អាច​មក​កម្សាន្ត​​កន្លែង​ដែល​មាន​ផាសុកភាព​នេះ​ដែរ។​

ប្រទេស​កម្ពុជា​មាន​ផែនការ​​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយ​ចាប់​ផ្តើម​ដំបូង​នៅ​ក្រុង​ព្រះសីហនុ ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ និង​តំបន់​តារា​សាគរ​(ខេត្តកោះកុង) មុននឹង​ឈានទៅ​ខេត្តសៀមរាប​ក្នុង​ខែ​មករា ឆ្នាំ​២០២២៕

ធនាគារអេស៊ីលដាប្រកាន់ភ្ជាប់នូវក្រមសីលធម៌​ វិជ្ជាជីវៈ និងផ្តល់ស្នាមញញឹមដល់អតិថិជនជានិច្ច

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជខ្មែរនាំមុខមួយនៅកម្ពុជា ដែលមានទស្សនៈ និងបេសកកម្ម ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុត ជូនដល់ សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ និងផ្តល់ជូនសហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងសាធារណជន នូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែង ធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរ ឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគហ៊ុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់ ។ ធនាគារនេះ ប្រកាន់ខ្ជាប់ ជានិច្ច នូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកបដោយកម្រិត ខ្ពស់បំផុត។ យើងតែងឃើញពីបៀបនៃការទទួលបម្រើសេវាកម្មរបស់ធនាគារខ្មែរ មួយនេះ បែបជាលក្ខណៈវប្បធម៌ខ្មែរ ដោយការធ្វើគារវកិច្ច លើកដៃសំពះ ជាមួយ ស្នាមញញិម ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានឲ្យដឹងថា ៖  ធនាគារ អេស៊ីលីដា ភីអិលស៊ី «ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» បម្រើអតិថិជនប្រកប ដោយក្រមសីលធម៌ វិជ្ជាជីវៈ ទទួលខុសត្រូវ ដោយការស្តាប់អតិថិជន ហើយបំពេញ​តម្រូវការជូនអតិថិជនដោយយកចិត្តទុកដាក់ ។

លោកស្រីបានថ្លែងបន្តទៀតថា​រាល់បញ្ហារបស់អតិថិជន ធនាគារតែងតែយកមក​ដោះស្រាយជូនពួកគាត់ភ្លាមៗប្រកបដោយគុណធម៌ ធនាគារចាត់ទុកអតិថិជន​ជាដៃគូអាជីវកម្មដែលមិនអាចខ្វះគ្នាបាន។

«ធនាគារមានធនធានប្រកបដោយជំនាញតាមមុខងារតួនាទីជាអ្នកប្រឹក្សាយោបល់ជូនអតិថិជន​លើដំណើការអាជីវកម្មរបស់ពួកគាត់ឲ្យទទួលបានជោគជ័យ ។  យើងប្រកាន់​យកទស្សនៈ «អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកលូតលាស់ជាមួយគ្នា » ។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់លោកស្រី សុខ សោភា។

ឆ្លើយតបនឹងសំណួរសួរថា តើលោកស្រីអាចដឹងបានទេពីកម្រិតនៃការពេញចិត្តរបស់អតិថិជន​មកលើការបម្រើសេវាកម្មរបស់ធនាគារអេស៊ីលីដា?

លោកស្រី សុខ សោភ បានញញឹមហើយឆ្លើយតបមកវិញដោយជឿជាក់ថា៖« ជាការពិតយើងជាអ្នកបម្រើអតិថិជន ពិតណាស់ថាយើងមិនអាចដឹងពីកម្រិតថា​តើអតិ​ថិជនរបស់យើងពេញចិត្តនឹងការបម្រើសេវាកម្មយើងកម្រិតណានោះទេ មាន​អតិថិជន​ទេ ដែលលោកអាចវិនិច្ឆ័យពីគុណភាពនៃការបម្រើសេវាកម្មរបស់យើង» ។

គិតមកដល់បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានបទពិសោធន៍បម្រើសេវាកម្ម​ហិរញ្ញវត្ថុ​ជិត ៣០ឆ្នាំហើយដល់អតិថិជន-សាធារណជន មានសេវាហិរញ្ញវត្ថុដ៏​សម្បូរបែប ហើយបន្តអភិវឌ្ឃឥតឈប់ឈរក្នុងការបង្កើតឲ្យមាន​ហេដ្ឋារចនា​សម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងផាសុក​ភាព ប្រកបដោយក្តីរីករាយ សប្បាយចិត្ត ៕

ធនាគារ អេស៊ីលីដា មានការិយាល័យទំនាក់ទំនង សម្រាប់អតិថិជនមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) ទូរសព្ទ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬ email: inquiry@acledabank.com.kh