មាន KHQR Code របស់ធនាគារអេស៊ីលីដាមួយអាចធ្វើដំណើរដោយរីករាយជុំវិញពិភពលោក

កាន់តែអស្ចារ្យជាមួយKHQR Code របស់ធនាគារអេស៊ីលីដាដែលអនុញ្ញាតឱ្យអតិថិជនអាច​ធ្វើការ ស្កែន QR ជាមួយ Visa QR  និង Master QR ជាលក្ខណះអន្តរជាតិដោយពុំចាំបាច់ខ្វល់ខ្វាយ​រឿងការ កាន់សាច់ប្រាក់ជាប់ខ្លួនឡើយសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសឡើយ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ នៃធនាគារ អេស៊ីលីដាបានមានប្រសាសន៍ថា តាមរយះការស្កែត KHQR Code នេះ ជាមួយនិងអេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់មិនត្រឹមតែ ធ្វើការ ទូរទាត់បាននូវទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្កែន KHQR Code នេះ សម្រាប់ការទូទាត់នៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម។ ហើយក៏អាចស្កែនជាមួយ Visa QR Code ជាអន្តរជាតិផងដែរ។

លោកស្រីនាយិកាបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖«អេស៊ីលីដាជាធនាគារទី១ដែលដាក់ឱ្យដំណើការ QR ដែលមាន QR អេស៊ីលីដាតែមួយគឺគ្រប់គ្រាន់ដែលអាចទទួលយក QR code របស់ធនាគារផ្សេងៗបាន។ ដូច្នេះមិនថាធនាគារណាឬស្ថាប័នណាទេ គឺយើងលែងខ្វល់ខ្វាយ គ្រាន់តែមាន QR អេស៊ីលីដាតែមួយគឺគាត់ស្កែនភ្លាមគឺអាចធ្វើប្រតិបត្តិការបានដោយជោគជ័យហើយ។ នេះគឺជាមហ្ឆិតានៃការបម្រើសេវាជូនអតិថិជនឱ្យបានដិតដល់ បម្រើជូនអតិថិជនរបស់ស្ថាប័នដទៃៗទៀតដែលគាត់មិនមានលទ្ធអភិវឌ្ឍបម្រើអតិថិជនរបស់គាត់បានឬមួយក៏គាត់កំពុងតែអភិវឌ្ឍប៉ុន្តែអភិវឌ្ឍមិនទាន់បាន ដូច្នេះអេស៊ីលីដាមាន QR តែមួយគត់គឺគ្រប់គ្រាន់សម្រាប់គាត់អាចទទួលបាននៅទូទាំងប្រទេស»។

លោកស្រី សុខ សោភា បានថ្លែងបញ្ជាក់ទៀតថា៖«ខ្ញុំក៏ចង់បញ្ជាក់ជូនដែរតាមរយះ អេស៊ីលីដាម៉ូបាល និង អេស៊ីលីដា QR នេះ គឺសព្វថ្ងៃនេះយើងអាចស្កែនបាននៅប្រទេសថៃគឺយើងអាចស្កែនទៅវិញទៅមកបាន និងចាយជាលុយរៀល និងមួយទៀតគឺយើងអាចស្កែនបានជាមួយ Visa QR  និង Master QR ជាលក្ខណះអន្តរជាតិតែម្តង។ អញ្ចឹងមានតែអេស៊ីលីដាម៉ូបាលមួយគឺគ្រប់គ្រាន់ក្នុងការធ្វើដំណើរ​ជុំវិញសកលលោកដោយរីករាយ»។

ធនាគារ អេស៊ីលីដា ភីអិលស៊ី«ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» គឺជាធនាគារពាណិជ្ជទីមួយ​ក្នុងប្រទេស​កម្ពុជាបានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមKHQR Code​ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។

សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Codeរបស់អេស៊ីលីដា ដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់​សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្ម​ផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕

កម្ពុជានឹងអនុញ្ញាត្តឱ្យចរាចរណ៍សាច់ និងមុខទំនិញបង្កកនាំចូលពីអាចលក់លើទីផ្សារឆាប់ៗ

ភ្នំពេញៈ រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឱ្យ​បញ្ចេញ​លក់សាច់​បង្កក និង​មុខ​ទំនិញ​បង្កក​ពី​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​នៅ​លើ​ទីផ្សារ​កម្ពុជាឆាប់ៗនេះ​ បន្ទាប់​ពី​គណៈ​កម្មការ​ចំពោះ​កិច្ច​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​ឆ្លង​កូវីដ​១៩បានធ្វើតេស្តឃើញថា លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩ គឺ​មាន​កម្រិត​“វិជ្ជមាន”តិច​តួច​បំផុត ​។

ក្នុង​កិច្ច​ប្រជុំ​នៃ​គណៈ​កម្មការ​ចំពោះ​កិច្ច​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩ពាក់​ព័ន្ធនឹង​ការ​នាំ​ចូល​ទំនិញ​មាន​ហានិ​ភ័យ​ខ្ពស់ មាន​ប្រភព​ពី​ប្រទេស​មាន​ការ​រីក​រាល​ដាល​ខ្លាំង​នូវ​ជំងឺ​ឆ្លង​កូវីដ១៩ ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ (Zoom) កាល​ពី​ថ្ងៃទី​២០ ខែ​តុលាលោក គុណ ញឹម អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច បាន​លើក​ឡើង​ថាក្នុង​ចំណោម​ទំនិញ​សាច់​បង្កក​នាំ​ចូល​ចំនួន ១៥០ កុងតែន័រ ដែល​ជា​មុខ​សញ្ញា​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩ កន្លង​មក គឺ​មាន​តែ ៣ កុងតឺន័រ​ប៉ុណ្ណោះ​ដែល​បាន​រក​ឃើញ​«វិជ្ជមាន» និង​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២១។

លោក​បន្ត​ថា ទន្ទឹម​នឹង​នេះ​ក្រុម​ការងារ​តាម​ដាននិង​វាយ​តម្លៃ​ពី​ស្ថាន​ភាព​នៃ​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​សំខាន់ៗ ដែល​នាំ​ចេញ​មុខ​ទំនិញ​សាច់​បង្កក​មក​កម្ពុជា ក៏​បាន​ធ្វើ​របាយការណ៍​ដោយ​បញ្ជាក់​ថា អត្រា​នៃ​ការ​ឆ្លង​នៅ​ប្រទេស​ទាំង​នោះ​បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន ដែល​ជា​កត្តា​កាត់​បន្ថយ​ហានិភ័យ​នៃ​វត្តមាន​វីរុស​កូវីដ​១៩ លើ​សាច់​បង្កក​នាំ​ចូល​មក​កម្ពុជា។

ជា​លទ្ធ​ផល​អង្គ​ប្រជុំ​បាន​ឯកភាព និង​សម្រេច​ធ្វើ​សំណើ​ស្នើ​សុំ​ការ​សម្រេច​ជា​គោលការណ៍​ពី​ថ្នាក់​ដឹកនាំ​លើ​ចំណុច​មួយ​ចំនួន​ដូច​ជា ដក​ចេញ​ការ​តម្រូវ​ឱ្យ​យក​សំណាក​សាច់​បង្កក​នាំ​ចូល​មក​ពី​ប្រទេស​ឥណ្ឌា​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩,រក្សា​ការ​តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ​ឬ​លិខិត​បញ្ជាក់​ថា គ្មាន​វីរុស​កូវីដ​១៩ លើ​សាច់​បង្កក​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៃ​ប្រទេស​ឥណ្ឌា,បន្ត​អនុវត្ត​ត្រឹម​វិធាន​ការ​អនាម័យ និង​វិធានការ​សុខាភិបាល​លើ​ទំនិញ​ត្រជាក់ និងទំនិញ​បង្កក​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ដោយ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​លើ​សំបក​វេច​ខ្ចប់ និងមធ្យោ​បាយ​ដឹក​ជញ្ជូន​ទំនិញ, និង​វិធានការ​កែ​សម្រួល​នេះ​នឹង​អនុវត្ត​ចាប់​ពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ២០២១ តទៅ។

កិច្ច​ប្រជុំ​ក៏​បាន​សម្រេច​ទៀត​ថា ក្នុង​ករណី​ស្ថាន​ភាព​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅប្រទេស​នាំ​ចេញ​កាន់​តែ​ធូរ​ស្រាល វិធានការ​ខាង​លើ​នេះ​នឹង​អាច​ដក​ចេញ​ទាំង​ស្រុង​ចាប់​ពី​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២២ តទៅ ។

ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២១ បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​សាច់​គោ​និងទំនិញ​ដែល​បង្ក​ទុក​បាន​យូរ​ពី​ប្រទេស​ឥណ្ឌា។ បម្រាម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រក​ឃើញ​​ប្រភេទ​សាច់​បង្កក និង​ទំនិញ​បង្កក​មួយ​ចំនួន​តូច​មាន​វត្ត​មាន​​វីរុស​កូវីដ១៩ ពេល​ដឹក​មក​ដល់​ប្រទេស​កម្ពុជា គ្រា​ដែល​ប្រទេស​ឥណ្ឌា​កំពុង​ផ្ទុះ​រាល​ដាល​កូវីដ​១៩ធ្ងន់ធ្ងរ។

ទោះ​យ៉ាង​ណា លិខិត​មួយ​របស់​អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​កាល​ពី​ថ្ងៃទី​ ១៩ ខែមិថុនា បាន​សរសេរ​ថា យោង​តាម​ស្ថានភាព​ធូរ​ស្រាល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ឥណ្ឌា និង​លទ្ធផល​អវិជ្ជមាន​នៃ​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្កក​កន្លង​មក រដ្ឋាភិបាល​សម្រេច​លើក​លែង​បម្រាម​លើ​ការ​នាំ​ចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កក ដែល​អាច​មាន​ហានិភ័យ​ផ្សេង​ទៀត​មាន​ប្រភព​មកពី​ឥណ្ឌា ដោយ​ដាក់​មក​ជំនួស​វិញ​នូវ​វិធានការ​បណ្តោះអាសន្ន​មួយចំនួន។

កម្ពុជា​បាន​នាំចូល​សាច់​ក្របី​តម្លៃ ១៧,៧ ​លាន​ដុល្លារ ពី​ឥណ្ឌា​កាលពី​ឆ្នាំ​ ២០២០ កើនឡើង ១៧០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕

កម្ពុជា​អនុម័ត​គម្រោងចំណាយ​​ថ្នាក់​ជាតិ​សម្រាប់​ឆ្នាំ​២០២២​ចំនួន ៨ ៧០១​​លាន​ដុល្លារ

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុម័ត​កញ្ចប់​ថវិកា​ថ្នាក់​ជាតិ​ឆ្នាំ​២០២២ ចំនួនជាង ៨,៧​ពាន់​​លាន​ដុល្លារ​ កើន​ឡើង ៦,៨​​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១​ ខណៈ​ការ​ប្រមូល​ចំណូល​ គ្រោង​នឹង​ឱ្យ​បាន​ចំនួន​ ៥ ៧៧១​លាន​ដុល្លារ​​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១ ​ឱ្យ​ដឹង​ថា តាម​ការ​វាយ​តម្លៃ​ពាក់​កណ្តាល​ឆ្នាំ​កន្លង​មក សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១ ត្រូវ​បាន​ប៉ាន់​ស្មាន​ថា នឹង​មាន​កំណើន​ក្នុង​អត្រា​២,៤ភាគ​រយ​ ហើយត្រូវ​បាន​ព្យាករថា​នឹង​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​២០២២ ដោយ​ត្រូវ​បាន​ព្យាករថា​នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៤,៨ភាគ​រយ​ ដែល​ធ្វើ​ឱ្យផ.ស.ស.ថ្លៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​រង្វង់ ៣០ ៥៤៤​លាន​ដុល្លារ​ ស្រប​ពេល​ ផ.ស.ស. សម្រាប់​មនុស្ស​ម្នាក់ត្រូវ​រំពឹង​នឹង​កើន​ឡើង​ដល់ ១ ៨៤១​ដុល្លារ បើ​ប្រៀប​ធៀប​នឹង ១៧៣០​ដុល្លារ​ក្នុង​ឆ្នាំ​២០២១។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន តាម​ផែនការគម្រោង​ចំណាយ​ថវិកា​​ថ្នាក់​ជាតិ ឆ្នាំ​២០២២ ត្រូវ​បានគ្រោង​​​ចំនួន ៨ ០១៣​​លាន​ដុល្លារ ត្រូវ​ជា ២៦,២៤​ភាគ​រយ​នៃ​ផ.ស.ស. ​កើន​ឡើង ៦,៨​​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០២១។ ចំណែក​​ចំណូលថវិកា​ថ្នាក់​ជាតិ ​​គ្រោងរក​ឱ្យ​បាន​​ចំនួន ៥ ៧៧១​លាន​ដុល្លារ ត្រូវ​ជា ១៨,៩​ភាគ​រយ​នៃ​ផ.ស.ស ដែល​កើន​ឡើង​​​ ១៧,៧​​ភាគ​រយ​ធៀប​ឆ្នាំ​២០២១។​

សេចក្តី​ប្រកាស​ព័ត៌មានរបស់​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រីបានលើក​ឡើង​ទៀត​ថា ដើម្បី​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់៤,៨​ភាគរយ​ ក្នុង​បរិបទ​នៃ​ការ​កើន​ឡើង​នូវ​ភាព​មិន​ប្រាកដ​ប្រជា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស រដ្ឋាភិបាល​កម្ពុជា​នឹង​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​ស្តារនិង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ការ​រស់​នៅ​ជាមួយ​កូវីដ​១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ដោយ​មិន​ត្រឹម​តែ​ផ្តោត​លើ​ការ​ស្តារ​សេដ្ឋកិច្ច​និង​ជីវភាព​ប្រជាជន​ឱ្យ​បាន​ឆាប់​រហ័ស​ប៉ុណ្ណោ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រកប​ដោយ​សមធម៌ និរន្តរ​ភាព និង​បរិយាបន្ន ក្នុង​រយៈពេល​វែង​ផង​ដែរ​ដោយ​ឈរ​លើ​សសរ​ស្តម្ភ​ចំនួន​បី​គឺ​ការ​ស្តារ​ការ​កែ​ទម្រង់ និង​ការ​កសាង​ភាពធន់។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​អះអាង​ថា៖​«​ក្នុង​ន័យ​នេះ ថវិកា​ឆ្នាំ​២០២២ អាច​ប្រសិទ្ធ​នាម​បាន​ថា​ជា«ថវិកា​សម្រាប់​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង និង​ការ​កសាង​សមត្ថភាព​រស់​នៅ​ជាមួយ​កូវីដ​១៩ តាម​កន្លង​ប្រក្រតី​ថ្មី ដើម្បី​បន្ត​ប្រយុទ្ធ ការពារ​អាយុ​ជីវិត​ប្រជាជន រក្សាលំ​នឹង​សង្គម-សេដ្ឋកិច្ច និង​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន ព្រម​ជាមួយ​នឹង​ការ​តម្រង់​ធន​ធាន​ឆ្ពោះ​ទៅ​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ»៕

MV « វាក់សាំងមនុស្សក្បត់» របស់ផលិតកម្មដាវីត្រាកំពុងផ្ទុះខ្លាំងនៅលើTik Tok

ពិតជាអស្ចារ្យមែន!  ត្រឹមតែប៉ុន្មានថ្ងៃសោះ MV « វាក់សាំង​មនុស្ស​ក្បត់» របស់​ផលិត​កម្មដាវីត្រាកំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមដោយមានអ្នកចូលមើលជិត១លាននាក់ ជាពិសេសអ្នកដែលលេងTiktok បានចូលមើលជាង​កន្លះលាននាក់ និងយកទៅត្រាប់តាមជាង១០K ខណះដែលនៅក្នុង Youtube ជាង៣០លាននាក់។

MV « វាក់សាំងមនុស្សក្បត់» គឺច្រៀងរៀបរាប់អំពីស្នេហាខកចិត្តរបស់នារីអភ័ព្វស្នេហ៍​ម្នាក់ដែល​តែងតែជួបរឿងរ៉ាវស្នេហាមិនសមប្រកបជួបតែប្រុសសាវាម្តងហើយម្តងទៀត ដែល​ធ្វើ​ឱ្យ​រូបនាង​ស្ទើរតែរលែងហ៊ានប្រលូកក្នុងរៀងស្នេហា។ អ្វីដែលកាន់តែ​ចាប់​​​អារម្មណ៍​នោះគឺនាងសួរថាតើលើកលោកនេះមានវាក់សាំង​ណាចាក់ដើម្បី​កុំឱ្យមាន​មនុស្ស​​ប្រុសក្បត់ចិត្តដែរទេ? ព្រោះនាងមិនចង់ជួបបុរសចិត្តសាវាទៀត​ឡើយ។

បើចង់ស្តាប់កំសាន្តនិងទស្សនានូវ MV « វាក់សាំងមនុស្សក្បត់»​ ​នេះសូម​ចូល​ទៅ​កាន់​តំណរភ្ជាប់ខាងក្រោមនេះ។

លោកអ្នកក៏​អាច​ទាញយកកម្មវិធីអេប​«​App Komsan» របស់ផលិតកម្មដាវីត្រារីករាយ​សណ្តាប់​និងទស្សនាMVs នានាបានដោយមិនគិតថ្លៃផងដែរ៕

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811

កាន់តែពិសេស! ធនាគារអេស៊ីលីដាដាក់ឲ្យដំណើរការនូវ​សេវាទូទាត់តាម​ខេអេច​ឃ្យូអរកូត(KHQR Code)

ភ្នំពេញ ជាកាបោះជំហ៊ានថ្មីមួយទៀត ធនាគារ អេស៊ីលីដា បាន​អភិវឌ្ឍ ​និងបាន​ដាក់ឲ្យប្រើប្រាស់​នូវ​សេវាទូទាត់តាម KHQR Codeក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់​ធនាគារជាតិនៃកម្ពុជា។

KHQR Codeជាស្តង់ដារឃ្យូអរកូតតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថាន​ផ្តល់​សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បី​ការទូទាត់​ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ​នៅក្នុង​ប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា​ ភីអិលស៊ីបាន​មាន​ប្រសាសន៍ថា ដោយសង្កេតឃើញថានៅតាមបញ្ជរហាងទំនិញ​ និងអ្នកផ្តល់នូវ​សេវាកម្មនានា​​បានដាក់ឃ្យូអរកូត​សម្រាប់ទូទាត់​របស់គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ជាច្រើន មានភាពចង្អៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់​មានការលំបាកក្នុងការ​ជ្រើសរើសដើម្បីទូទាត់។

លោកបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា៖«ធនាគារ​ អេស៊ីលីដា ភីអិលស៊ី ​រួមទាំង​គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុសរុបចំនួន៥៤ បានធ្វើការអភិវឌ្ឍរួមគ្នានូវសេវា “KHQR” ដែលជាប្រព័ន្ធទូទាត់​ស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវ ឃ្យូអរកូតសម្រាប់​វិស័យធនាគារនិងហិរញ្ញវត្ថុដើម្បីធ្វើ​ប្រតិបត្តិការទូទាត់រ​វាងគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិក​សំដៅ​ផ្តល់នូវភាពងាយស្រួល​ជូនអ្នកប្រើប្រាស់ប្រកប​ដោយប្រសិទ្ធភាព ទាន់សម័យ មានសុវត្ថិភាព និងទំនុកចិត្តខ្ពស់»​​។

លោកបានថ្លែងបន្តទៀតថា៖ ការបង្កើត”KHQR” ក្នុងវិស័យធនាគារនេះស្ថិតក្រោម​គំនិតផ្តួចផ្តើម និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា ជាពិសេស​លោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃ​កម្ពុជា និង​ជាស្ថាបនិក​ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង និងប្រើបច្ចេកវិទ្យា Blockchain។

លោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃ​កម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រកួតប្រជែងក្នុង​វិស័យហិរញ្ញវត្ថុបានផ្តល់ឱកាសនិងជំរុញឱ្យគ្រឹះ​ស្ថាន​ធនាគារនិងហិរញ្ញវត្ថុដាក់ចេញនូវឧបករណ៍និងសេវាទូទាត់ប្រកបដោយនវានុវត្តន៍ដល់សាធារណជន ដូចជាការទូទាត់តាមប្រព័ន្ធអ៊ីនធើណែត តាមទូរស័ព្ទចល័ត និងតាមឃ្យូអរកូត ជាដើម។

លោក ជំទាវបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖«ទោះជាយ៉ាងនេះក៏ដោយ ការទូទាត់​តាមឃ្យូអរកូត​កន្លងមកនៅពុំទាន់មានប្រសិទ្ធភាព និងផ្តល់ភាពងាយ​ស្រួល​សម្រាប់អតិថិជននៅឡើយ ព្រោះអតិថិជនមិនអាចធ្វើការទូទាត់សងប្រាក់ឆ្លង​គ្រឹះស្ថានទៅវិញទៅមកបាន»។

»ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ និងដើម្បីអនុវត្តស្របតាមយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុរបស់​រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ​ នៃកម្ពុជាបានដាក់​ចេញនូវប្រកាសស្តីពីគំរូបរិច្ឆិនភាពបច្ចេក​ទេសខេអេចឃ្យូអរកូត (KHQR Code) សម្រាប់ទូទាត់សងប្រាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០កន្លងមក» នេះបើយោងតាមការថ្លែងបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សេរី ៕

កម្ពុជាអះអាងថាខ្លួនជាម្ចាស់ស្របច្បាប់នៃប្រេងកាតចំនួន ២៩៥ ០០០បារ៉ែល

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា​បញ្ជាក់ថា ប្រេងឆៅចំនួន ២៩៥ ០០០បារ៉ែលដែលត្រូវបានក្រុមនាវិកនៃនាវា MT​ Strovolos ដែលត្រូវបានចាប់ខ្លួនដោយ​អាជ្ញាធរ​ឥណ្ឌូនេស៊ីនោះ គឺជាកម្មសិទ្ធស្របច្បាប់របស់​ព្រះរាជាណាចក្រកម្ពុជា ។

យោងតាមក្រសួង ម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos ត្រូវបានជូន​ដំណឹង​អំពីកម្មសិទ្ធិលើប្រេងកាត និងការបំពានច្បាប់កម្ពុជាតាំងពីប៉ុន្មានខែមុនមកម៉្លេះ ។ ពួកគេ មិនត្រឹមតែ​មិនបានធ្វើសកម្មភាពណាមួយក្នុងការបង្វិលសងប្រេងកាតមកព្រះរាជាណាចក្រកម្ពុជាវិញទេ ប៉ុន្តែ ពួក គេ​ថែមទាំំងធ្វើដំណើរទៅកាន់កំពង់ផែជាច្រើននៅក្នុងប្រទេសថៃ និង ប្រទេសឥណ្ឌូនេស៊ីជាដើម ដោយពួក​គេ​បានបន្តបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់​នាវាក្នុងរយៈពេលយូរ ពេលដែល ពួក​គេ​ធ្វើដំណើរ រួមទាំងពេល៖ ចាកចេញពីដែនទឹកកម្ពុជាដោយគ្មានការអនុញ្ញាត ចាកចេញពីដែន​ទឹកប្រទេស​ថៃ និង​ចូលទៅកាន់ដែនទឹកប្រទេសឥណ្ឌូនេស៊ី។​

ជាមួយគ្នានេះដែរ ក្រសួងបាន​ពន្យល់ថា ពេលដែលនាវា MT Strovolos ចាកចេញពីដែន​ទឹកកម្ពុជា​ដោយខុសច្បាប់ នាវានេះត្រូវបានជួលដោយក្រុមហ៊ុន KrisEnergyដែលក្រុមហ៊ុនទទួលបានកិច្ចសន្យា​ក្នុងការអភិវឌ្ឍជម្រកប្រេងកាតកម្ពុជា ។ វិវាទរវាងម្ចាស់នាវានិងអ្នកគ្រប់គ្រងនាវា និងក្រុមហ៊ុន KrisEnergy​ពាក់ព័ន្ធនឹងការជួលនាវា ប្រហែលជាបានកើតឡើង ប៉ុន្តែបញ្ហានេះ មិនពាក់ព័ន្ធ​ដល់ព្រះរាជាណាចក្រកម្ពុជាឡើយ ។ ​

ក្រសួងបានថ្លែងថា៖« ប្រេងកាត មិនអាចក្លាយជាកម្មវត្ថុនៃការទាមទាររបស់ម្ចាស់នាវា និងអ្នកគ្រប់គ្រង នាវាMT Strovolos ឡើយ ព្រោះថាប្រេងកាតទាំងនេះ មិនមែនជាកម្ម សិទ្ធិរបស់អ្នកជួលនាវា (ក្រុមហ៊ុន គ្រីសអេនើជី) ទេ។ ដូចបញ្ជាក់កន្លងមក ប្រេងកាតជាទ្រព្យសម្បត្តិ របស់ព្រះ រាជាណាចក្រកម្ពុជា។ គ្មានការទាមទារ​ណាមួយក្រោមកិច្ចព្រមព្រៀងជួលនាវាអាចផ្តល់ ហេតុផល សមរម្យ ឬ អនុញ្ញាតឲ្យនាវាMT Strovolos ចាកចេញ​ពីដែនទឹកកម្ពុជាដោយខុសច្បាប់ ឬ អនុញ្ញាតឲ្យមានរការរំលោភបំពានកម្មសិទ្ធិប្រេងកាតរបស់កម្ពុជាឡើយ ។

ម្ចាស់នៃនាវា MT Strovolosបានថ្លែងការណ៍ថាខ្លួនយកចិត្តទុកដាក់ដល់សុខមាលភាពរបស់​ក្រុមនាវិក​នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ គឺផ្ទុយទៅនឹងការពិតដែល ក្រុមនាវិករបស់​ពួកគេមិនបានគោរពគោលការណ៍សុវត្ថិភាពនៅលើលំហសមុទ្រឡើយពួក គេបានបិទប្រព័ន្ធ អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវាក្នុងពេលពួកគេធ្វើដំណើរ ហើយផ្ទុយនឹងការណ៍​ដែលពួកគេ ចាកចេញពីដែនទឹកកម្ពុជាដោយ​គ្មានការ​អនុញ្ញាត ឬ ដោយគ្មានសិទ្ធិលើប្រេងកាត​របស់ព្រះរាជាណាចក្រកម្ពុជា» ៕

កសស បាន​សម្រេច​ការ​កែ​សម្រួល​រយៈ​ពេល​ស្តុក​កុង​តឺន័រ​នាំចេញ​ដោយ​គិត​ថ្លៃ១សប្តាហ៍​

ភ្នំពេញៈកំពង់ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ(កសស) បាន​សម្រេច​ការ​កែ​សម្រួល​រយៈ​ពេល​ស្តុក​កុង​តឺន័រ​នាំចេញ​នៅ​កំពង់​ផែស្វយ័ត​ក្រុង​ព្រះ​សីហនុ ​ដោយ​គិត​ថ្លៃ​រហូតដល់រយៈ​ពេល​១សប្តាហ៍​ដែល​នឹង​អនុវត្ត​នៅ​ខែ​ក្រោយ​នេះ​ត​ទៅ​។

សេចក្តី​ជូន​ដំណឹង​របស់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ឱ្យដឹងថា ​សេចក្តី​សម្រេច​នេះ​គឺ​យោង​តាម​ស្មារតី​អង្គ​ប្រជុំ​រវាង ​កសស ​និង​តំណាង​ក្រុមហ៊ុន​នាវា​ កាល​ពីថ្ងៃ​ទី ​៣០​ ខែ​សីហា​ ឆ្នាំ​២០២១​ កន្លងមក។​

សេចក្តីជូន​ដំណឹងចុះ​ហត្ថ​ខេលា​ដោយ​ លោក ថៃ ឫទ្ធី អគ្គ​នាយក​រង កសស ​បន្តថា​ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​កិច្ច​សម្រប​សម្រួល​ពាណិជ្ជ​កម្ម ​ក្នុង​វិស័យ​ដឹក​ជញ្ជូន ​និង​ភស្តុភារ​កម្ម​ ក្នុង​គោល​ដៅ​សម្រួល​ដល់​ការ​ធ្វើ​ធុរៈ​កិច្ច​ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​ធុរជន ​កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ​ សូម​ធ្វើការ​កែ​សម្រួល​រយៈ​ពេល​ស្តុក​កុង​តឺន័រ​នាំ​ចេញ ពី​ការ​អនុគ្រោះ​មិន​គិត​ថ្លៃ​ស្តុក​ក្នុង​រយៈពេល ​៥​ថ្ងៃ ​មក​អនុគ្រោះ​មិន​គិត​ថ្លៃ​ស្តុក​ក្នុង​រយៈ​ពេល​ ៧​ថ្ងៃ ​គិត​ចាប់​ពី​ថ្ងៃ​ដែល​កុង​តឺន័រ​ចូល​ដល់​ទីលាន​រហូត​ដល់​ថ្ងៃ ​នាវាចេញ​ដំណើរ​។

ប៉ុន្តែ​ប្រសិនបើ​ហួស​ពី​រយៈ​ពេល​កំណត់​ខាង​លើ​ចាប់​ពី​ថ្ងៃទី​៨​ គឺ​គិត​ថ្លៃ​ស្តុក​ចំនួន ​១ថ្ងៃ ​និង​កំណើន​ជា​លំដាប់​តាម​ ចំនួន​ថ្ងៃ​ស្តុក​។ចំពោះ​រយៈ​ពេល​ស្តុក​កុង​តឺន័រ​ កែ​សម្រួល​ថ្មីនេះ ​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ​០១​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ តទៅ​។

​របាយការណ៍​របស់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ បង្ហាញថា​ ក្នុង​ឆ្នាំ ២០២០ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​ កសស មាន​ចំនួន​ ​៦៤១ ៨៤២ TEUs កើន​ ០,៤១ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន ៦៣៩ ២១១ TEUs។

ទិន្នន័យ ​បាន​ឱ្យដឹង​ទៀត​ថា ​ក្នុង​ឆ្នាំ ​២០២០​ កសស ​ទទួល​បាន​ប្រាក់​ចំណូល​សរុប​ចំនួន ​៣១១ ៨១៣ ៧៦៩ ០០០ ​រៀល ​ធ្លាក់​ចុះ​ ៦,៦២ ​ភាគ​រយ ​និង​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​ចំនួន​ ២៦ ៦០៧ ៥៩៤៤ ០០០ រៀល​ ថយ​ចុះ ​៣៨,៧៨ ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០១៩៕

ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ក្នុង​ស្រុក​កើន​ឡើង​ជិត ៣០​ភាគ​រយ

ភ្នំពេញៈ ភាព​ល្អ​ប្រសើរ​នៃ​អត្រា​ចំនួន​ប្រជាជន​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ និង​ការ​ចូល​រួម​អនុវត្តន៍​បាន​ខ្ជប់​ខ្ជួន​នូវ​វិធាន​ការ​របស់​ក្រសួង​ទេសចរណ៍ និង​សុខាភិបាល បាន​ធ្វើ​ឱ្យ​ចលនា​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក​ចាប់​ផ្តើម​មាន​សម្ទុះ​ជា​បន្ត​បន្ទាប់​ ជាក់​ស្តែង​ចំនួន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នា​ថ្ងៃ​ចុង​សប្តាហ៍​ទី​៤ ​ខែ​កញ្ញា ​នេះបាន​កើន​ឡើង​ជិត ៣០​ភាគ​រយ បើ​ធៀប​នឹង​ចុង​សប្តាហ៍ទី​៣។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា រយៈ​ពេល​៣​ថ្ងៃ​ចុង​សប្តាហ៍​ទី​៤ ខែកញ្ញា (ថ្ងៃទី​២៤-២៥-២៦) ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង ដែល​ចេញ​ដើរ​ទស្សនា​កម្សាន្ត​ទូទាំង​ប្រទេស​ មាន​ចំនួន ១០២ ០៦៣​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ១០០ ៥១២​នាក់ និង​ភ្ញៀវ​បរទេស(​ផ្ទៃក្នុង) ១ ៥៥១​នាក់។ តួលេខ​នេះ​ បាន​កើន​ឡើង​ប្រមាណ ២៩,១៦​ភាគ​រយ​បើ​ធៀប​នឹង​សប្តាហ៍​ទី​៣ ខែ​កញ្ញា​។

បើ​តាម​ក្រសួង​ទេសចរណ៍ គោលដៅ​ទេសចរណ៍ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន ៣២ ៧៩៣​នាក់, កំពត ២៤ ៣២៩​នាក់, ​ព្រះសីហនុ ៨ ១៩៨​នាក់, ​កែប ៦ ៧៥០​នាក់, កំពង់ស្ពឺ ៥ ៦០៧​នាក់, ​តាកែវ ៤ ៥៩៨​នាក់, មណ្ឌលគិរី ៤ ២៦២​នាក់ និង​ខេត្ត​ពោធិ៍សាត់ ៣ ៦៣១​នាក់។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ឱ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាពល​រដ្ឋ​ដើរ​កម្សាន្ត​នៅ​ពេល​នេះ គឺ​ដោយ​សារ​ប្រជាជន​មួយ​ចំនួន​បាន​យក​ចង្ហាន់ និង​គ្រឿង​ឧបភោគ​បរិភោគ ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត រួច​បន្ត​ដំណើរ​ទៅ​ដើរ​លេង​កម្សាន្ត ។ ចលនា​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក​កំពុង​មាន​សម្ទុះ​កើន​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដោយ​សារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩។​ លោក​បន្ត​ថា ព្រម​ជា​មួយ​គ្នា​នេះ ក្រសួង​ទេសចរណ៍ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់​ព័ន្ធ​ក៏​បាន​នឹង​កំពុង​សហការ​គ្នា​ចុះ​ជំរុញ​ការ​អនុវត្ត​វិធាន ៣ការពារ ៣កុំ សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​អប្បបរមា (SOP)នៅ​តាម​មូលដ្ឋាន​អាជីវកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំង​ប្រទេស​ផង​ដែរ។​

លោក​ថ្លែង​ថា៖​«​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​កាន់តែ​សកម្ម​នូវ​វិធានការ «៣កុំ និង ៣ការពារ» ពិសេស​បាន​ពាក់​ម៉ាស់​ជាប្រចាំ និង​ការជ្រើសរើស​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ធម្មជាតិ សហគមន៍ និង​អេកូ​ទេសចរណ៍»។

បើ​តាម​លោក ថោង ខុន គោល​ដៅ​ទេសចរណ៍​ខេត្ត​តំបន់​ឆ្នេរសមុទ្រ និង​គោលដៅ​ទេសចរណ៍ធម្មជាតិ និង​អេកូ​ទេសចរណ៍​នៅ​ខេត្ត​កំពង់​ស្ពឺ មណ្ឌលគិរី និង​ខេត្ត​ពោធិ៍សាត់ បាន​ក្លាយ​ជា​គោលដៅ​ពេញ​និយម​សម្រាប់​ការ​ដើរ​កម្សាន្ត​នា​សប្តាហ៍​កន្លង​មក លើក​លែង​តែ​តំបន់​សៀមរាប​អង្គរ ដែល​កំពុង​បិទ​ខ្ទប់។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្នុង​ឱកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ដល់​កុមារ​អាយុ​ចាប់​ពី ​៦-១២​​ឆ្នាំ​ កាល​​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហើប​​ថា ​កម្ពុជា​មាន​ផែនការ​នឹង​បើក​ទទួល​ភ្ញៀវ​ទេសចរអន្តរជាតិ​ចាក់​វ៉ាក់​សាំងរួច ឱ្យ​ចូល​មក​កម្សាន្ត​​​​ក្នុង​ពេល​ខាង​​ឆាប់​ៗ ដោយ​អាច​ចាប់ផ្តើម​ពី​ភ្ញៀវ​ទេសចរ​ចិន ដែល​ជា​ប្រទេស​មាន​ការ​គ្រប់​គ្រង​ជំងឺកូវីដ​១៩ បាន​ល្អ​ជាង​គេ​៕​

សេដ្ឋកិច្ចកម្ពុជាមានកំណើនត្រឹម​២,២ភាគរយក្នុងឆ្នាំ២០២១នេះ

ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នា២០២១ នឹងមានកំណើនត្រឹម២,២ភាគរយប៉ុណ្ណោះ ដោយធ្លាក់ចុះពីកម្ពុជា៤ភាគរយនេះការព្យាករណ៍ដើមឆ្នាំដោយសារតែការរិករាលដាលនៃជំងឺកូវីដ១៩នៅបន្តអូសបន្លាយ ។ នេះបើយោងតាមការព្យាករថ្មីរបស់ធនាគារពិភពលោក។

លោកលី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញកាលពីព្រឹកថ្ងៃទី២៨ កញ្ញា២០២១នេះថា ស្ថានភាពកូវីដ១៩ បន្តអូសបន្លាយនិងធ្វើឱ្យប៉ះពាល់ដល់វិស័យមួយចំនួនទៀត ទើបធនាគារពិភពលោកបានព្យាករជាថ្មីចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម២,២ភាគរយនៅឆ្នាំ២០២១ ខុសពីការព្យាករកាលពីដើមឆ្នាំ២០២១ ។

លោកថា៖«យើងសង្កេតឃើញថាការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២១នេះមានការងើបឡើងវិញធៀបនឹងឆ្នាំ២០២០ កន្លងទៅ ក្នុងនោះដែរវិស័យកសិកម្មក៏ជាវិស័យស្នួលនិងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២១នេះ » ។


លោកបន្ត វិស័យទេសចរណ៍នៅកម្ពុជាសឹងតែដួលរលំទាំងស្រុងទៅហើយ ហើយការត្រៀមបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញរបស់រាជរដ្ឋាភិបាលគឺជាការជួយដល់សេដ្ឋកិច្ច ជួយដល់វិស័យទេសចរណ៍កម្ពុជាឱ្យមានសកម្មភាពឡើងវិញ៕

វោវ! Video Lyrics”នឹកស្រុក មិនអាចទៅបាន” របស់ផលិតកម្មដាវីត្រាកំពុងអន្ទងចិត្តទស្សនិកជនយ៉ាងខ្លាំង

ភ្នំពេញ៖ឥឡូវនេះផលិតកម្មមួយនេះបញ្ចេញ Video Lyricsថ្មីគឺបទ«នឹកស្រុកតែមិនអាចទៅបាន» ធ្វើឱ្យមហាជនភាគច្រើនស្ដាប់ហើយ មានអារម្មណ៍ថាកម្សត់ លន្លង់លន្លោចចង់បង្ហូរទឹកភ្នែក ព្រោះតែភ្ជុំឆ្នាំនេះ ត្រូវបានរំខានដោយកូវីត១៩ផ្ទុះខ្លាំងផងដែរ។

ភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញខ្លួនវាយលុកនៅក្នុងវិស័យចម្រៀង ផលិតកម្មដាវីត្រា Davitra មិនត្រឹមតែសម្ញ៉ែងស្ទីឌីយោលំដាប់អន្តរជាតិ ជាលើកដំបូងធ្វើ អោយមានការភ្ញាក់ផ្អើលតែម្យ៉ាងទេ ផលិតកម្មមួយនេះ ក៏បានប្រមូល ផ្ដុំតារាចម្រៀង អ្នកនិពន្ធ និង អ្នកឯកទេសផ្នែកផលិតចម្រៀងបង្កើតស្នាដៃ លេចធ្លោតែក្នុងរយៈពេលខ្លី ធ្វើអោយមានការចាប់អារម្មណ៍ផងដែរ។

Video Lyrics«នឹកស្រុកតែមិនអាចទៅបាន» នេះបានទាញអារម្មណ៍អ្នកស្ដាប់អោយនឹក ដល់ ម៉ែពុក នឹក ភូមិឋានស្រុកកំណើតដែលបានឃ្លាតឆ្ងាយទៅធ្វើការនៅក្រៅប្រទេសដែលឃ្លាតលោកឪពុកអ្នកម្តាចចាស់ជរារាប់ខែឆ្នាំ ហើយអត្ថន័យក្នុងមួយបទនេះ ក៏ឆ្លុះបញ្ចាំងត្រូវនឹងសង្គមកម្ពុជា នាអំឡុងខែភ្ជុំនេះផងដែរ។

ខាងក្រោមនេះ សាច់រឿង Video Lyrics «នឹកស្រុកតែមិនអាចទៅបាន» ។ លោកអ្នកក៏អាចទាញយកកម្មវិធីអេប«App Komsan» របស់ផលិតកម្មដាវីត្រារីករាយសណ្តាប់និងទស្សនាMVs នានាបានដោយមិនគិតថ្លៃផងដែរ៕

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811