គម្រោង​អភិវឌ្ឍន៍​ថាមពល​ និង​បង្កើ​នការអភិវឌ្ឍន៍​ថាមពល​កកើត​ឡើង​វិញ​ជាផែនការអាទិភាពរបស់កម្ពុជា

ភ្នំពេញៈ​កម្ពុជា​នឹ​ង​ធ្វើ​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ថ្មី​ៗ​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ថាមពល​ និង​បង្កើ​នការអភិវឌ្ឍន៍​ថាមពល​កកើត​ឡើង​វិញ​ជា​អតិប្បរមា​ ដើម្បី​ធានាដល់ការ​​ផ្គត់​ផ្គង់​ថាម​ពល​ដែល​មាន​តម្លៃ​សមរម្យ អាចទុក​ចិត្ត និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។​​​

លោក ​ស៊ុយ ​សែម ​រដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ​ និង​ថាមពល ​តំណាង​ដ៏ខ្ពង់ខ្ពស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ ថ្លែង​ក្នុង​កិច្ច​សន្ទនា​ថ្នាក់​ខ្ពស់​ស្តីពី ​«ថាមពល»​ ក្រោម​ប្រធាន​បទ «ការ​បង្កើន​សកម្ម​ភាព ​ដើម្បី​សម្រេច​ការ​ទទួល​បាន​ថាមពល​ប្រើប្រាស់​ជាសកល ​និង​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​សូន្យ»​(Accelerating action to achieve universal energy access and zero emission) ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ កាលពី​ថ្ងៃទី ២៤ ខែ​កញ្ញា ឆ្នាំ​២០២១។​

ក្នុង​ឱកាស​នេះ លោក​ថ្លែងទៀតថា ក្នុង​រយៈ​ពេល​កន្លង​មក កម្ពុជាសម្រេច​បាន​គោល​ដៅ​នៃការ​ផ្គត់​ផ្គង់​ថាម​ពល​​គួរ​ឱ្យ​កត់​សម្គាល់​ ដែល​ភូមិជាង​ ៩៧ ភាគ​រយ​ ទទួល​បានការ​ផ្គត់​ផ្គង់​ថាមពល​ពី​ប្រព័ន្ធ​បណ្តាញ​ និង​ផ្ទះ​ជាង ៨១ ភាគ​រយ ទទួល​បាន​ការ​តភ្ជាប់​បណ្តាញ​ប្រើប្រាស់។​ ក្នុង​ន័យ​នេះ រដ្ឋាភិបាល​នឹង​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍន៍​វិស័យ​ថាមពល​បន្តទៀត​ ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ថាម​ពល​អគ្គិសនី​មួយ​ដែ​ល​ទំនើប​ មាន​តម្លៃ​សមរម្យ​ អាចទុក​ចិត្ត​បាន​ និង​មាន​នៅ​គ្រប់​ទីកន្លែង​។

លោកបាន​ដឹងទៀតថា ការ​កាត់បន្ថយ​ដងស៊ីតេ​ការ​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់​គឺជា​ចាំ​ចាប់​ណាស់​សម្រាប់​កម្ពុជា​ក្នុងការ​សម្រច​គោល​ដៅ​ និង​របៀប​វារៈ​នៃការ​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា និង​គោល​ដៅ​អន្តរកាល​ឆ្ពោះ​ទៅ​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូន​ ផងដែរ។ ការ​អភិវឌ្ឍ​ថាមពល​បន្តទៀត កម្ពុជា​នឹង​បន្ត​បង្កើន​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ឱ្យ​បាន​ជា​អតិប្បរមា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​រួម​ចំណែក​ការ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ ព្រមទាំង​ធានា​ភាព​គ្រប់​គ្រាន​​ សន្តិសុខ​ថាម​ពល​ តម្លៃសមរម្យ​ និង​អាច​ទុក​ចិត្ត​បាន​នៃការ​ផ្គត់​ផ្គង់​ថាម​ពល​។​

លោក​និយាយថា៖ «សម្រាប់​គោល​ដៅ នេះ​យើង​កំពុង​ធ្វើសមាហរណកម្ម​អភិវឌ្ឍន៍​គមោង​ថាម​ពល​កកើត​ឡើង​វិញ​ឱ្យ​កាន់​តែ​ច្រើន​នៅក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​យើង​។ អភិវឌ្ឍន៍​ប្រព័ន្ធ​អាគុយ​ស្តុក​ថាមពល​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្កើនការ​ទទួល​គម្រោង​អភិវឌ្ឍន៍​​ថាម​ពល​កកើត​ឡើង​វិញ​បន្ថែម​ទៀត និង​ធ្វើ​ការ​អនុម័ត​គោល​នយោ​បាយ​ និង​ផែនការ​សកម្ម​ភាព​សម្រាប់​ការងារ​ប្រសិទ្ធភាព​ថាមពល»​។

លោក​បន្ថែម​ទៀតថា កម្ម​វិធី​ខាង​លើ​នេះ ​បាន​ផ្តល់​ឱកាស​ដល់​អ្នក​ចូល​រួម​សម្រាប់​ពិចារណាឱ្យ​មាត់​ចត់​លើ​ផែន​ទី​ចង្អុល​ផ្លូវ​សកល​ក្នុង​ការ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​គោល​ដៅ​ទី​៧ នៃ​អង្គារ​សហ​ប្រជា​ជាតិ​ និង​ជំរុញ​ស​កម្ម​ភាព​នានា​ ដើម្បី​ទទួល​បាន​សេវា​កម្ម​ថាម​ពល​កកើត​ឡើង​វិញ​ និង​មាន​តម្លៃ​សម​រម្យ​ត្រឹម​ឆ្នាំ ២០៣០​។ ព្រម​ទាំ​ង ធ្វើ​ឱ្យ​ប្រសើរ​ឡើង​អត្រា​ប្រសិទ្ធភាព​ថាម​ពល​ឆ្ពោះ​ទៅ​រក​តុល្យ​ភាព​ឧស្ម័នផ្ទះ​កញ្ចក់​ត្រឹម​ឆ្នាំ ២០៥០​៕

គ្រំចំពុះទាកោះកុងដាក់លក់ជាផ្លូវការនៅផ្សារម៉ាក្រូ

ភ្នំពេញៈផលិត​ផល​គ្រំ​ចំពុះ​ទា​អាហារ​សមុទ្រ​មក​ពី​សហគមន៍​ខេត្ត​កោះ​កុង​មាន​វត្ត​មាន​នៅ​ផ្សារ​ទំនើប​ម៉ាក្រូ​ក្នុង​ខណ្ឌ​សែន​សុខ​រាជ​ធានី​ភ្នំពេញ​ដែល​ជា​ផ្នែក​មួយ​ចូល​រួម​គាំទ្រ​ការ​អភិរក្ស​ដើម​កោង​កាង​ និង​បង្កើន​ចំណូល​សម្រាប់​ប្រជា​សហគមន៍​។នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​។​

លោក​នេត្រ ​ភក្ត្រា ​រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ក្នុង​ឱកាស​នៃ​ការ​ចូល​រួម​ពិធី​ផ្សព្វ​ផ្សាយ​ផលិត​ផល​គ្រុំ​ចំពុះ​ នៅ​ក្នុង​ផ្សារ​ទំនើប​ម៉ាក្រូ ​ កាល​​ពី​ថ្ងៃទី​២២ ​ខែ ​កញ្ញា ​ឆ្នាំ​២០២១​ថា​ នេះ​គឺ​ជា​ជំហាន​ថ្មី​មួយ​សម្រាប់​ពង្រីក​ទីផ្សារ​គ្រុំ​ចំពុះទា​លើ​ទីផ្សារ​ក្នុង​ស្រុក ​និង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​អគ្គនា​យកដ្ឋាន​សហគមន៍​មូល​ដ្ឋាន​នៃ​ក្រសួង​បរិស្ថាន​ក្នុង​ការ​ជួយ​ដល់​ជីវភាព ​និង​សេដ្ឋ​កិច្ច​គ្រួសារ​របស់​សហគមន៍​តំបន់​ការពារ​ធម្ម​ជាតិ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។

លោក​ថា​៖«​គ្រំ​ចំ​ពុះ​ទា​ជា​ផលិត​ផល​ក្នុង​ស្រុក​ ដែល​សំបូរ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​ខេត្ត​កោះកុង ​និង​ជា​និមិត្ត​រូប​ នៃ​និរន្តរ​ភាព​ធន​ធាន​ធម្ម​ជាតិ​កើត​ចេញ​ពី​សុខ​ដុម​រមណីយ​កម្ម​រវាង​សកម្ម​ភាព​សេដ្ឋ​កិច្ច ​និង​ការ​អភិរក្ស​ ពិសេស​ការ​អភិរក្ស​ព្រៃ​កោង​កាង​ ចាប់​ផ្តើម​មាន​វត្ត​មាន​នៅ​លើ​ទីផ្សារ​ទំនើប​ម៉ាក្រូ​ដើម្បី​ចូល​រួម​ជា​ជម្រើស​មុខ​ម្ហូប​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​ចូល​ចិត្ត​អាហារ​សមុទ្រ​»។

ក្នុង​ឱកាស​នេះ ​លោក​បាន​ថ្លែង​អំណរ​គុណ​ដល់​ផ្សារ​ស្នា​ដៃ​ម៉ែ ​និង​ផ្សារ​ម៉ាក្រូ​ដែល​បាន​ជួយ​ចូល​រួម​សហការ​ ជាមួយ​ក្រសួង​បរិស្ថាន​នាំ​យក​នូវ​ផលិត​ផល​ក្នុង​ស្រុក​មួយ​នេះ​មក​លក់​នៅ​លើ​ទីផ្សារ​។​

លោក​​ថា​៖«​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​រក​ទីផ្សារ​ជូន​ផលិត​ផល​ក្នុង​ស្រុក ​និង​ក៏ជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​អភិរក្ស​សមុទ្រ​ជាពិសេស​ចូល​រួម​ក្នុង​ការ​ការ​ពារ​ព្រៃ​កោង​កាង​នៅ​ក្នុង​តំបន់​ខេត្ត​កោះ​កុង​ដែលជា​ប្រភព​សុវត្ថិ​ភាព​ស្បៀង​អាហារ​ដ៏សំខាន់ ​របស់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​តំបន់​នោះ​»។

ស្ថិត​ក្រោម​កិច្ច​សហការ​របស់​គម្រោង​និរន្តរភាព​ទេស​ភាព ​និង​ទេសចរណ៍​ធម្ម​ជាតិ​កម្ពុជា​(CSLEP)​​នៃ​ក្រសួង​បរិស្ថាន ​សហការ​ជាមួយ​ផ្សារ​ម៉ាក្រូ​នៅទីក្រុង​​ភ្នំពេញ ​និង​ខេត្ត​សៀមរាប ​បាន​រៀបចំ​បើក​លក់​ផលិត​ផល​គ្រំចំពុះ​ទា​កោះ​កុង​ក្នុង​តម្លៃ​ពិសេស​ចាប់​ពីថ្ងៃ​ទី​២២ ​ខែ​កញ្ញា ​ដល់​ថ្ងៃទី ​០៥​ ខែ​តុលា​ឆ្នាំ​២០២១​៕

សណ្ឋាគារលំដាប់ពិភពលោក PAN Pacific នឹងមានវត្តមាននៅកម្ពុជាឆាប់ៗ

ភ្នំពេញៈ ក្រុមហ៊ុន Pan Pacific Hotels Group (PPHG) ដែល​ជា​សមាជិក​ UOL Group Limited ចុះ​បញ្ជី​នៅ​​សិង្ហបុរី​មាន​ផែនការ​បើក​ដំណើរការ​អចលនទ្រព្យ​ថ្មី​នៅកម្ពុជា​នៅ​ត្រឹម​ឆ្នាំ ២០២៤​ ក្នុងគោល​បំណងដើម្បី​ពង្រីក​ផ្នែក​សេវា​កម្ម​របស់​ខ្លូន​បន្ថែម​ទៀត​នៅក្នុង​តំបន់​។

PPHGនឹង​ចូល​មក​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​«Pan ​Pacific ​Phnom ​Penh​» ​និង​ចូល​ទៅ​ក្នុង​ទីក្រុង​ដ៏​ល្បីល្បាញ​នៃ​បេតិក​ភណ្ឌ​ពិភព​លោក​ប្រាសាទ​អង្គរ​វត្ត​នៃ​អង្គការ​យូណេស្កូ​ជាមួយ​នឹង​«Parkroyal​Siem​Reap​»។

សណ្ឋាគារ​Pan ​Pacific ​Phnom ​Penh​នឹង​មាន​បន្ទប់​ចំនួន ​២១២ ​បន្ទប់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​មហា​វិ​ថីព្រះ​នរោត្តម​។ ចំណែកឯ​Parkroyal​Siem​Reap​មាន ​១៣០ ​បន្ទប់​នឹង​ត្រូវ​ធ្វើ​ដំណើរ​រយៈ​ពេល​ ១០ ​នាទី​ពី​ខ្លោង​ទ្វារ​ប្រាសាទ​អង្គរ​វត្ត​។

PPHG​គ្រោង​នឹង​បើក​ដំណើរ​ការ​អចលន​ទ្រព្យ​ថ្មី​ចំនួន ​១៣​ នៅ​ទូទាំង​ទីក្រុង​សំខាន់​ទាំង ​១០​ រួមមាន​ទីក្រុងឡុងដ៍​ប្រទេសអង់គ្លេង​ ទីក្រុង​ហាណូយ​ប្រទេស​វៀត​ណាម ​និង​ទីក្រុង​ភ្នំពេញ​របស់​កម្ពុជា​នៅ​ត្រឹម​ឆ្នាំ ​២០២៤ ​។

នៅ​ត្រីមាស​ទី ​៤ ​ឆ្នាំ ​២០២២​PPHG​គ្រោង​នឹង​បើក​សណ្ឋាគារ​ Pan ​Pacific ​Orchard​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​« សណ្ឋាគារ​គ្មាន​កាក​សំណល់​ដំបូង​របស់​សិង្ហបុរី«​ឬក៏​ “Singapore’s ​first ​zero​-waste​ hotel​”. ។

អចលន​ទ្រព្យ​នេះ​នឹង​មាន​ស្លឹក​ឈើ​គ្រប​ដណ្តប់​ជាង ​៣០០ ​ភាគរយ​នៃ​ផ្ទៃដី​សណ្ឋាគារ​ជាមួយ​សួនច្បារ​មេឃ(sky gardens)​ចំនួន​ ៤​ ។

សណ្ឋាគារ​ដែល​មាន​បន្ទប់​ចំនួន ​៣៥០ ​នេះ​នឹង​ប្រើ​ប្រព័ន្ធ​ប្រមូល​ទឹក​ភ្លៀង​ប្រព័ន្ធ​ទឹក​ដែល​អាច​កែ​ច្នៃ​ឡើង​វិញ​បាន​និង​ម៉ាស៊ីន​បំលែង​កាក​សំណល់​អាហារ​ទៅ​ជា​ទឹក​សារ​ធាតុ​ចិញ្ចឹម​សម្រាប់​សួនច្បារ​sky gardens ​របស់​សណ្ឋាគារ​៕

នៅ​ឆ្នាំ ​២០២២ ​Parkroyal​Serviced ​Suites​ Hanoi​ក៏​នឹង​បើក​ដំណើរ​ការ​នៅ​តំបន់​Westlake ​ដែល​មាន​បន្ទប់​ចំនួន ​១២៦ ​ដែល​មាន​ទេស​ភាព​បឹង​ដ៏​ស្រស់​ស្អាត​

កម្ពុជា-ន័រវែស នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

បាងកក៖ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រន័រវេស គ្រោងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ពិសេសស្វែងរកយន្តការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយន័រវេសធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅឆ្នាំក្រោយ។

គម្រោងខាងលើ ត្រូវបានបង្ហើបនៅក្នុងកិច្ចប្រជុំពិសេសរវាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ និងលោកជំទាវ Kjersti Rødsmoen ឯកអគ្គរាជទូតន័រវែសប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងបាងកក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងជំនួប ក្រៅពីបានលើកឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពបង្កើតស្ថានកុងស៊ុលកិត្តិយសន័រវែសនៅរាជធានីភ្នំពេញ និងរបៀបវារៈសម្រាប់រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ កម្ពុជា-ន័រវែស ផងដែរ៕

ដាវីត្រា ចេញបទចំរៀងថ្មី «ខ្មែរមានគ្រប់សព្វ» ថតចេញពីស្ទូឌីយោខ្នាតអន្តរ​ជាតិដំបូង​គេរបស់កម្ពុជា (Video inside)

(ភ្នំពេញ) ដូចតាមការសន្យា ផលិតកម្មដាវីត្រា បានចេញបទថ្មី «ខ្មែរមានគ្រប់សព្វ» ដែលត្រូវបានសម្រិតសម្រាំង ផលិតចេញពីស្ទូឌីយោ ដែលផលិតកម្មដាវីត្រា បានវិនិយោគនូវទឹកប្រាក់រាប់លានដុល្លារ ដែលបំពាក់សុទ្ធតែឧបករណ៍ទំនើបៗ និងប្រេនល្បីៗលំដាប់ពិភពលោក។

បទ «ខ្មែរមានគ្រប់សព្វ»  គឺពិតជាបង្ហាញអំពីមោទកភាពជាតិខ្មែរ ដោយសារតែអត្ថន័យ​នៃបទចំរៀងនេះ គឺរៀបរាប់អំពីប្រពៃណីវប្បធម៌ ទំនៀមទំលាប់ អក្សរសាស្រ្ត និងប្រាង្គ​ប្រាសាទដ៏អស្ចារ្យ ផូរផង់ របស់ខ្មែរយើង។

«ខ្មែរមានសិល្បៈចម្លាក់ ប្រាង្គប្រាសាទ ក្បូរក្បាច់សែនស្អាតថ្លៃអើយ ក្នុងដែនសុវណ្ណ​ភូមិ ប្រាសាទអង្គរបរវរដ៏ឧត្តម ប្រាសាទអង្គរបរវរដ៏ឧត្តម មោទកភាពធំថ្លៃអើយនៃ​កម្ពុជា ប្រាសាទបាយ័ន តាព្រហ្ម និងព្រះវិហារ ជួយថែការពារថ្លៃអើយឲ្យបានឋិតថេរ ជួយថែការពារថ្លៃអើយឲ្យបានឋិតថេរ» ។ នេះគឺជាឃ្លាមួយនេះបទ «ខ្មែរមានគ្រប់សព្វ» នេះ។

ផលិតកម្មដាវីត្រា ក៏រំពឹងយ៉ាងមុតមាំថាបទ «ខ្មែរមានគ្រប់សព្វ» នេះក៏ជាការចូលរួម​ចំណែក​ដល់ការ លើកស្ទួយវិស័យទេសចរណ៍ដែល ប្រទេសកម្ពុជាកំពុង​គ្រោងនឹង​បើកវិស័យនេះឡើងវិញ ក្នុងពេលឆាប់ៗ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចនាពេលឆាប់នេះផងដែរ។

លោកអ្នកក៏អាចទាញយកអេបកំសាន្ត (Komsan App) ដើម្បីស្តាប់បទចំរៀងនេះ​ដោយ​សេរី មិនគិតប្រាក់ដែលគុណភាពសំលេងពិរោះ។ អេប Komsan នេះត្រូវបានបង្កើត​ឡើងរួមគ្នាដោយផលិតកម្មចំរៀង ដាវីត្រា ហើយបទចំរៀងនេះដែរនឹង​បង្ហោះផ្សាយ​ក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គមដទៃទៀតផងដែរ៕ ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811

កម្ពុជា-សហភាពអឺរ៉ុបបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម

ភ្នំពេញ៖ លោកស្រី តឹករ៉េត កំរង បានថ្លែងថា ពាណិជ្ជកម្មទ្វេភាគីរ​វាងកម្ពុជា​និង​សហភាព​អឺរ៉ុប ពិតជាមានសារៈសំខាន់​ណាស់ ព្រោះវាបានចូលរួមចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបានមួយចំណែកធំ។

ការលើកឡើងរបស់លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារ​ជាមួយ​លោក Bryan Fornari ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ដែលបាន​តែងតាំងថ្មី និងលោកស្រី Camilla Lombard អនុប្រធានផ្នែក​កិច្ចសហប្រតិបត្តិការ នៃប្រតិភូ​សហភាពអឺរ៉ុប​​​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តាមរយៈ​ប្រព័ន្ធវីដេអូ ព្រមទាំងមាន​ការចូលរួម​ពីឯកឧត្តម លោកជំទាវ លោក លោកស្រី និង​មន្ត្រីជំនាញ ប្រមាណ ២៥រូប។

លោកស្រី កំរងបានថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈក្រសួងពាណិជ្ជកម្ម ក៏បាន​ខិតខំ​ប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីក្រោម​ក្របខណ្ឌទ្វេភាគី ពហុភាគី និងតំបន់ ស្របតាម​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រ​សមាហរណ​កម្មពាណិជ្ជកម្ម ២០១៩-២០២៣។

លោកស្រីបានបញ្ជាក់ថា។៖« ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែប្រសើររវាងកម្ពុជា និងសហភាពអឺរ៉ុប ភាគីទាំងពីរបានបង្ហាញជំហរក្នុង​ការរួមគ្នា​អនុវត្តនូវគំនិតផ្តួចផ្តើមថ្មីៗ និងគម្រោងជំនួយដើម្បីបម្រើដល់​កិច្ចសម្រួល​ពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃតំបន់ ការបង្កើត​ការងារ និងការតភ្ជាប់តំបន់ប្រកបដោយនិរន្តរភាព​ និងបរិយាប័ន្ន និងជាពិសេស​ការចូលរួមក្នុងកិច្ចការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣»៕

ក្រសួងពីររួមគ្នាជំរុញការអភិវឌ្ឍន៍ទីផ្សារអនឡាញ Cambodiatrade

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និង ប្រៃសណីយ៍កម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើ​អនុ​ស្សរណៈ​នៃការយោគយល់គ្នា និងកិច្ច​ព្រមព្រៀង​ជំនួយបច្ចេកទេស និង ដើម្បីតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងពង្រឹង​សមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជាសម្រាប់ប្រតិបត្តិការនៅលើផ្សារខេមបូឌាត្រេដ ដើម្បីបង្កភាពងាយ​ស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងអតិថិជនដែល​បាន​ទិញទំនិញពីផ្សារខេមបូឌាត្រេដ​ (Cambodiatrade.com) ។

ពិធីចុះហត្ថលេខាជាផ្លូវការនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីឌីអូ ដែលមានការចូលរួមពី លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃអង្គារទី២១

ក្រសួងពាណិជ្ជកម្មជាថ្មីម្តងទៀតតាមរយះការតភ្ជាប់ប្រពន្ធទូរទាត់ប្រាក់របស់ធនាគារវីងជាមួយនិងផ្សារអេឡិចត្រូនិចរបស់ក្រសួងពាណិជ្ជកម្មមានឈ្មោះថា «Cambodia Trade.com» ដើម្បីជួយសម្រូល​ដល់​ការទូរទាត់ប្រាក់តាមបែនឌីជីថលដែលនឹងផ្តល់ភាព​ងាយ​​​ស្រួលជូនអាជីវករ សហគ្រាសធុនតូចនិង​ធម្យម និងអតិថិជនក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ និងស្វាគមន៍​យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រៃសណីយ៍កម្ពុជា ដែលបានក្លាយជាដៃគូសហការក្នុងការតភ្ជាប់ប្រព័ន្ធ​ដឹកជញ្ជូនជាមួយផ្សារខេមបូឌាត្រេដ ។ វត្តមានរបស់ប្រៃសណីយ៍កម្ពុជានៅលើផ្សារ​ខេមបូឌាត្រេដ  ពិតជាមានសារៈសំខាន់ណាស់ក្នុងការបែងចែក និងដឹកជញ្ជូន​ទំនិញនៅក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកទាំងក្នុងស្រុក និងអន្តរជាតិ។

លោកបូរ៉ា បានថ្លែងថា៖«ការសហការគ្នាក្នុង​បរិបទឌីជីថលរូបនីយកម្មថ្មីនេះ តាមរយៈការ​ប្រើប្រាស់​ប្រព័ន្ធឌីជីថល តាមបែបបច្ចេកវិទ្យាថ្មីពិតជារួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យ​ពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ជាពិសេស ក្នុងកំឡុងពេលនៃការជំងឺកូវីដ១៩ ដើម្បីជាចលករក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

លោកជឿជាក់ថា តាមរយះកិច្ចសហការនេះ គឺបានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួង​ពាណិជ្ជ​កម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយប្រៃសណីយ៍កម្ពុជា និងរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹង​ទទួល​បាន​ជោគជ័យក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាមួយផ្សារខេមបូឌាត្រេដ៕

កម្ពុជារៀបចំយុទ្ធសាស្រ្ត៤ដើម្បីបើកទេសចរណ៍ឡើងវិញ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​បាន​នឹង​កំពុង​ដាក់​ចេញ​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន ៤ ក្នុង​ការ​ចាប់​ផ្តើម​បើក​ឡើង​វិញ​នូវ​សកម្ម​ភាព​ទេសចរណ៍​ជាតិ និង​អន្តរ​ជាតិ​នា​ពេល​ខាង​មុខ ដើម្បី​ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព បរិយាបន្ន និង​មាន​ភាព​ធន់​នឹង​វិបត្តិ​នានា​។

ថ្លែង​ក្នុង​សារ​លិខិត​ចូល​រួម​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភព​លោក ឆ្នាំ​២០២១ ក្រោម​ប្រធាន​បទ «ទេសចរណ៍​ដើម្បី​កំណើន​ប្រកប​ដោយ​បរិយា​បន្ន» ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​កូឌីវ័រ នាថ្ងៃ​ទី​២៧ ខែ​កញ្ញា ខាង​មុខ លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា វិបត្តិ​ជំងឺ​កូវីដ​១៩ បាន​ជះ​ឥទ្ធិពល​អវិជ្ជ​មាន​យ៉ាង​ខ្លាំង​លើ​គ្រប់​ផ្នែក​ក្នុង​វិស័យ​ទេសចរណ៍​នៅ​លើ​ពិភព​លោក ជាក់​ស្តែង​ក្នុង​ឆ្នាំ​២០២០ ចំនួន​ទេសចរ​អន្តរ​ជាតិ​លើ​ពិភព​លោក​បាន​ធ្លាក់​ចុះ​ប្រមាណ​ ៧៣​ភាគ​រយ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​ការ​ងារ​ផ្ទាល់​ចន្លោះ​ពី ១០០​ទៅ​១២០​លាន​នាក់​ និង​ការងារ​មិន​ផ្ទាល់​ជាច្រើន​រយ​លាន​នាក់​ទៀត​។ លោក​បន្ថែម​ថា ដោយ​ឡែក​កម្ពុជា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ បាន​ថយ​ចុះ​រហូត​ដល់ ៨០,២​ភាគ​រយ​ក្នុង​ឆ្នាំ​២០២០ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ការងារ​ផ្ទាល់​ជាង ១១​ម៉ឺន​នាក់ និង​ការងារ​មិន​ផ្ទាល់​រាប់​ម៉ឺន​នាក់​ទៀត។ និន្នាការ​នេះ​ក៏​បាន​នឹង​កំពុង​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ២០២១​នេះ។

លោក​ថ្លែង​ថា៖​«​ក្នុង​បរិការណ៍​បច្ចុប្បន្ន ខណៈ​មេរោគ​កូវីដ​១៩ បំប្លែង​ថ្មី​កំពុង​បន្ត​រីក​រាល​ដាល​ក្នុង​ពិភព​លោក និង​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ថ្ងៃ​អនាគត ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​កំណត់​ជា​មុំ​យុទ្ធ​សាស្រ្ត​គន្លឹះ​យ៉ាង​ម៉ឺង​ម៉ាត់ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ចាក់​ស្រោច​វ៉ាក់​សាំង​កូវីដ​១៩ ឱ្យ​បាន​លឿន​តាម​គោល​ដៅ​កំណត់ បន្ត​ជំរុញ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល និង​សុខាភិ​បាល ជា​ពិសេស​វិធាន «៣កុំ ៣​ការពារ» ដើម្បី​ជា​មូលដ្ឋាន​នៃ​ការ​បើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ពេញ​លេញ​ឡើង​វិញ ជា​ជំហានៗ​ក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់»។

បើ​តាម​លោក ហ៊ុន សែន យុទ្ធសាស្ត្រ​អាទិភាព​សំខាន់ៗ​ដែល​កម្ពុជា​បាន​កំណត់​ដើម្បី​ចាប់​ផ្តើម​បើក​ឡើង​វិញ​នូវ​សកម្ម​ភាព​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​នា​ពេល​ខាង​មុខ មាន​ដូច​ជា ការ​ពង្រឹក​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ហារ​ជំងឺ​កូវីង​១៩ ដើម្បី​ធានា​បាន​សុវត្ថិភាព ទំនុក​ចិត្ត និង​ភាព​ជឿ​ជាក់​របស់​ទេសចរ​ជាតិ និង​អន្តរជាតិ,  ការ​លើក​ទឹក​ចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ផ្នែក​ឯកជន យុវជន និងដៃគូ​អភិវឌ្ឍ​ជាតិ​និង​អន្តរជាតិ ចូល​រួម​ជំរុញ​ការ​បង្កើត និង​ផ្គត់​ផ្គង់​សេវា​កម្ម​ទេសចរណ៍​ឱ្យ​កាន់​តែ​សម្បូ​របែប, ការ​សហការ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បន្ថែម និង​ជំនាញ​ថ្មី​ដល់​យុវជន ស្រប​តាម យន្តការ​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព, និង​ការ​គិត​គូរ​អំពី​សុវត្ថិ​ភាព និង​ផាសុកភាព​ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ «​កម្ពុជាសុវត្ថិភាព – Cambodia safe» ដើម្បី​ជា​មុំ​យុទ្ធ​សាស្រ្ត​ទាក់​ទាញ​ទេសចរ​ផ្ទៃ​ក្នុង និង​អន្តរជាតិ​ក្នុង​ដំណាក់​កាល​នៃ​ការ​បើក​ឡើង​វិញ និង​ពេល​អនាគត៕

ក្រសួងទេសចរណ៍បណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ «ផ្នែកចុងភៅ» ដោយអនុលោមតាមយន្តការអាស៊ាន

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយផ្នែកឯកជនក្រុមហ៊ុនថាលាស (Thalias) អង្គការ Assist វិទ្យាស្ថាន William Angliss ក្រោមការគាំទ្ររបស់រដ្ឋាភិបាលអាឡឺម៉ង់ បានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកវាយតម្លៃផ្នែកចុងភៅ សម្រាប់ធ្វើការវាយតម្លៃបន្ដដល់អ្នកជំនាញផ្សេងៗទៀត ចាប់ពីថ្ងៃទី២០-៣០ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺបន្ទាប់ពីជំងឺកូវីដ១៩ ថមថយ។

លោក ទ្រី ឈីវ ប្រធានលេខាធិការដ្ឋានគណ:កម្មាធិការជាតិអ្នកជំនាញទេចរណ៍ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានបញ្ជាក់ប្រាប់នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះថា វគ្គសិក្សានេះធ្វើតាមប្រព័ន្ធអនឡាញ ១០ នាក់ និងផ្ទាល់ ១០ នាក់ ឆ្លាស់គ្នា ដោយអនុវត្តវិធានសុខាភិបាលបានល្អប្រសើរ។ អ្នកចូលរួមបានចាក់វ៉ាក់សាំងពេញលេញ និងដូសជំរុញ ព្រមទាំងធ្វើតេស្តរហ័សជាប្រចាំ។ឯកឧត្ដម ទ្រី ឈីវ បានបន្តថា វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយអនុវត្តតាមយន្តការ និងគរុកោសល្យអាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រៀមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA)។

វគ្គបណ្ដុះបណ្ដាលក៏ឆ្លើយតបនឹងផែនការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍អំឡុងនិងក្រោយវិបត្តិកូវីដ១៩ ក្នុងការត្រៀមបើកសកម្មភាពទេសចរណ៍ទូលំទូលាយឡើងវិញ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍជំនាញទេចរណ៍អាស៊ាន ព្រោះថាជំនាញចុងភៅជាជំនាញមួយក្នុងចំណោមជំនាញចំនួន ៣២ ទទួលស្គាល់ដោយអាស៊ាន ក្នុងការធ្វើបម្លាស់ទីការងារ ស្របតាមយន្តការអាស៊ាន។

លោកបានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍បានដាក់ចុះអនុវត្តយន្តការវាយតម្លៃអ្នកជំនាញដែលមានបទពិសោធន៍ តែពុំទាន់មានវិញ្ញាបនបត្រទទួលស្គាល់ ដើម្បីផ្ដល់ទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រទទួលស្គាល់ សម្រួលដល់ការសិក្សាបន្ត ក៏ដូចជាអភិវឌ្ឍជំនាញតាមក្របខណ្ឌជាតិ និងអាស៊ាន។ឯកឧត្ដមបានបន្តទៀតថា សិក្ខាកាមនឹងត្រូវធ្វើការវាយតម្លៃសមត្ថភាពបណ្ដុះបណ្ដាលបន្តនៅពេលបញ្ចប់វគ្គ។

ជ័យលាភីនឹងទទួលបានវិញ្ញាបនបត្រជាអ្នកវាយតម្លៃបង្គោលជាតិ ហើយនឹងត្រូវចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org) ជាការទទួលស្គាល់ក្នុងតំបន់។សូមជម្រាបថា បច្ចុប្បន្ន មានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលកម្ពុជាក្នុងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរប្រមាណ ៦០០ នាក់ ដែលបានទទួលការបណ្ដុះបណ្ដាលស្គាល់ដោយអាស៊ាន ព្រមទាំងបានចូលរួមបណ្ដុះបណ្ដាលដល់អ្នកជំនាញផ្សេងៗទៀត ស្របតាមប្រព័ន្ធគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងជំនាញទាំង ៣២៕

ភាពទាក់ទាញនៃប្រាសាទក្រវ៉ាន់

ប្រាសាទក្រវ៉ាន់មានទីតាំងស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី ត្រូវបានកសាងនៅឆ្នាំ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិសដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា។

ភ្ញៀវទេសចរតែងតែលង់នឹងសម្រស់ដ៏ស្រស់ត្រកាល ព្រមទាំងផ្ដិតយករូបភាពស្អាតៗរបស់ប្រាសាទក្រវ៉ាន់ ដែលមានវ័យចំណាស់ ក្នុងចំណោមប្រាង្គប្រាសាទបុរាណនានា។

ប្រាសាទដែលសង់ពីឥដ្ឋនេះ មានតួប៉មប្រាំដែលបែរមុខទៅទិសខាងកើត និងមានចម្លាក់នៅលើឥដ្ឋមានលក្ខណៈល្អឥតខ្ចោះ ដោយរំលេចនូវរូបភាព និងក្បូរក្បាច់ចម្លាក់ច្បាស់ៗគួរឱ្យចង់គយគន់។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូច ប៉ុន្តែចម្លាក់ឥដ្ឋទាំងនោះនៅមានលក្ខណៈល្អឥតខ្ចោះ និងជាទីគាប់ចិត្តសម្រាប់ភ្ញៀវទេសចរ៕