ស្ងាត់ៗ លេចមុខអតីតកំពូលតារាសម្តែងនិងចំរៀង លោក ម៉េង ប៊ុនឡូកាន់កាប់ ស្ទូឌីយោតម្លៃរាប់លានដុល្លារ

ភ្នំពេញ៖ ក្រោយបានបាត់មុខបាត់មាត់ពីពិភពសិល្ប:អស់រយះពេលជាច្រើនឆ្នាំ អតីតតារាសម្តែងក្នុងរឿង ដ៏ល្បី «ចៅពស់កេងកង» និង ជាម្ចាស់បទ«ចិត្តមារ» លោក ម៉េង ប៊ុនឡូ ស្រាប់តែលេចមុខមកកាន់កាប់ «ស្ទូឌីយោកោះស្លាកែត»លំដាប់ពិភពលោករបស់ផលិតកម្មដាវីត្រាមេឌៀរដែលមានតម្លៃរាប់លានដុល្លារ។

ផលិតកម្មដាវីត្រាមេឌៀរដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ដំបូង គេបង្អស់ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទួឌីយោដែលមានឈ្មោះថា «កោះស្លាកែត Studio Resort » ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ម៉េង ប៊ុនឡូ ជាអ្នកគ្រប់គ្រងនៅស្ទូឌីយោកោះស្លាកែតបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែល លោកបានមកកាន់កាប់ស្ទូឌីលំដាប់ពិភពលោកដំបូងបង្អស់នៅកម្ពុជា។ លោកបានថ្លែងថាមូលហេតុ ដែលស្ទូឌីយោកោះស្លាកែតជាស្ទូឌីយោលំដាប់ពិភពលោកនោះដោយសារតែស្ទូឌីយោកោះស្លាកែតត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗ យីហ៊ោល្បីៗដែលមានតម្លៃជាងកន្លះលានដុល្លារឯនោះ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំពិតជាមានក្តីរំភើបណាស់ដែលម្ចាស់ផលិតកម្មបានផ្តល់កិត្តិយស និងទំនុកចិត្តដល់រូបខ្ញុំ និងក្រុមការងារក្នុងការមកកាន់កាប់ស្ទូឌីយោលំដាប់ពិភពលោកបែបនេះ។ ខ្ញុំអាចនិយាយបានថា«ស្ទូឌីយោកោះស្លាកែត»គឺជាស្ទូឌីដែលបំពាក់ដោយឧបករណ៍ម៉ាកល្បីៗលំដាប់ពិភពលោកបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលជាស្ទូឌីមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា»។

បើយោងតាមលោក ប៊ុនឡូ Studio Resort កោះស្លាកែតគឺជាគម្រោងដែលមានលក្ខណៈប្លែក មិនធ្លាប់មាននៅកម្ពុជា។ គម្រោងនេះបង្កើតឡើងដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងសិល្បៈ។ គម្រោងនេះមានផ្ទៃដី ១០ ហិកតា តាមបណ្តោយផ្លូវជាតិលេខ ១ ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីផ្សារ គគីរ។

លោកថា Studio Resort កោះស្លាកែតគឺត្រូវបានធ្វើឡើងបែបជាលក្ខណៈទេសចរណ៍ដែលអាចថតកុន ចម្រៀងទាំងផ្នែកខាងក្នុងអគារ និងទីធ្លាខាងក្រៅនៃគម្រោងធំនេះ។ ក្រុមហ៊ុនចង់អភិវឌ្ឍ Studio Resort កោះស្លាកែតឱ្យក្លាយជាទីកន្លែងលំដាប់អន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិមកទស្សនា។

លោកបានថ្លែងបន្ថែមថា៖ «យើងពេញចិត្តនឹងគម្រោងនេះខ្លាំងណាស់ដោយសារតែវាជួយរួមចំណែក លើកស្ទួយប្រពៃណីខ្មែរយើងផងដែរ។ យើងចង់ចូលរួមថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ របស់យើងឱ្យបានគង់វង្ស។ ខ្ញុំ មើលថា អ្វីដែលក្រុមហ៊ុនធ្វើនេះគឺថ្មីខុសប្លែកពីគេ។ ខ្ញុំគិតថា គម្រោងនេះនឹងមានការគាំទ្រច្រើនពីសាធារណជនជាមិនខាន»៕

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 88888 11

ក.ស.ភ. ​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវការ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំណតផែ​កុងតឺន័រ LM១៧ ជំហានទី៣

ភ្នំពេញៈ កំពង់​ផែស្វយ័ត​ភ្នំពេញ(ក.ស.ភ.) បាន​ប្រកាស​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី៣ ដំណាក់​កាលទី១ ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​កុងតឺន័រ​បាន ១០០ ០០០​ TEUs ក្នុង​១​ឆ្នាំ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​កុងតឺន័រ​ឆ្លង​កាត់​ដែល​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់ ពិសេស​បន្ទាប់​ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ មាន​ភាព​ធូរ​ស្រាល​។

ប្រធាន​អគ្គ​នាយក​កំពង់​ផែស្វយ័ត​ភ្នំពេញ លោក ហ៊ឺ បាវី បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៃ​ចំណត​ផែកុងតឺន័រ LM១៧ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ជំហានទី៣ ដំណាក់​កាល​ទី១ ថា នេះ​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​របស់​កំពង់​ផែស្វយ័ត​ភ្នំពេញ ដែល​បាន​ពង្រីក​សមត្ថភាព​ផ្ទុក​កុងតឺន័រ​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​កុង​តឺន័រ​ឆ្លងកាត់។ គម្រោង​នេះ​បាន​ប្រើប្រាស់​ទុនវិនិយោគ​ប្រមាណ ១៨,៤ លាន​ដុល្លារ ដែល​ជា​ថវិកា​ផ្ទាល់​របស់ ក.ស.ភ. ទាំងអស់​បាន​មក​ពី​ប្រាក់​ចំណេញ និង​ប្រាក់​សន្សំ​អភិវឌ្ឍ​សហគ្រាស។

ចំណត​ផែ​កុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ នេះមាន​ទីតាំង​នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយ​ដែក ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល លើ​ផ្ទៃដី​ទំហំ ២,៧៥​ហិកតា។ គម្រោង​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន សៀង ហៃ​ខន​ស្ត្រាក់​សិន តាម​រយៈ​នីតិវិធី​ដេញ​ថ្លៃ​អន្តរជាតិ សាធារណៈ ដោយ​បាន​ចាប់​ផ្តើម​សាង​សង់​កាល​ពី​​ចុង​ឆ្នាំ​២០១៩ និង​បញ្ចប់​នា​​ពាក់​កណ្តាល​ឆ្នាំ​២០២១។ បើ​យោង​តាម​លោក ហ៊ឺ បាវី កំណើនកុងតឺន័រឆ្លងកាត់ ក.ស.ភ. ជា​មធ្យម​ប្រចាំ​ឆ្នាំ​មាន​ចន្លោះ​ពី ១៥-១៨%៕​

អាសិប(RCEP) នឹងក្លាយជាទីផ្សារធំបំផុតក្នុងតំបន់សម្រាប់ជម្រុញការនាំចេញ របស់កម្ពុជា

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ដែលជាទីផ្សារថ្មីមួយរបស់កម្ពុជាក្នុងការជម្រុញការនាំចេញនិងទាក់ទាញវិនិយោពីបរទេស។

ការថ្លែងរបស់លោករដ្ឋមន្ត្រីរូបនេះបានធ្វើឡើងអំឡុងពេលដែលលោកបានបាន​ដឹក​​នាំ​គណៈ​ប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជា ដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួត ប្រជែង ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤ ក្រោមអធិបតីភាពលោក ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ។

លោកបានថ្លែងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការ​ចូលរួម​ពីប្រទេសជាសមាជិកអាស៊នចំនួន ១០ និងប្រទេសជាដៃគូពាណិជ្ជកម្ម​សំខាន់ៗ ចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។

លោកថាកម្ពុជាអាចឈានដល់បង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង​មានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក​(ផ្អែកលើទិន្នន័យ​ឆ្នាំ២០១៩)។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖«កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀង​ដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍​សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់​ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការ​គាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេស​ការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់​រហ័ស​ពីវិបត្តិសកូវីដ-១៩»។

យោងតាមតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូ‍ព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀង​អាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន៕

ប្រទេស​កម្ពុជា​អាច​នឹង​​បើក​ទ្វារ​ឡើង​វិញក្នុង​ពេល​ឆាប់ៗ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បានថ្លែងថា ប្រទេស​កម្ពុជា​អាច​នឹង​​បើក​ទ្វារ​ឡើង​វិញក្នុង​ពេល​ឆាប់ៗ ​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរអន្តរ​ជាតិ​​​ដែល​ចាក់​វ៉ាក់​សាំងប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​រួច​រាល់ ដោយ​ចាប់​ផ្តើម​ពី​ភ្ញៀវ​ជនជាតិចិន ខណៈ​​ស្ថាន​ភាព​នៃ​ការ​ឆ្លងរាល​ដាល​​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​បានធ្លាក់​ចុះ​យ៉ាង​ច្រើន​បើ​ធៀប​​នឹង​ប្រទេស​ជា​ច្រើន​​លើ​ពិភព​លោក។

នៅ​ក្នុង​ឱកាស​ប្រកាសបើកយុទ្ធនាការនៃ​ការ​​ចាក់វ៉ាក់សាំង​បង្ការ​​ជំងឺកូវីដ១៩ ជូនដល់កុមារ​អាយុចាប់ពី ៦ឆ្នាំ​ដល់ ១២ឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នាព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​នេះ លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​​​សម្រេច​បាន​លទ្ធ​ផល​ល្អ​ជា​បន្ត​បន្ទាប់​ពី​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាកសាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ កម្ពុជា​បាន​នឹង​កំពុង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​វិស័យ​សំខាន់ៗរបស់​ខ្លួន​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ដោយ​​ផ្តើម​ដំបូងវិស័យអប់រំ ហើយ​បន្ទាប់​មក​គឺ​​វិស័យសេវាកម្ម​(ទេសចរណ៍) ដែលសេវាកម្ម​នេះ​ត្រូវធ្វើ ២ជំហាន គឺ​ទី១ ជាការ​បើកដំណើរ​ការ​វិស័យ​ទេសចរណ៍ក្នុងស្រុក និង​ទី២ គឺទេសចរណ៍អន្តរជាតិ​ដែល​​​ចាក់​វ៉ាក់សាំងរួច​រាល់​។

លោក​បន្ត​ថា នៅ​ពេលខាងមុខ​អ្នកចាក់វ៉ាក់សាំងគ្រប់ដូស អាចមកកម្ពុជាបាន ប៉ុន្តែអាច​ធ្វើចត្តាឡី​ស័ក​នៅក្របខណ្ឌមូលដ្ឋានខេត្តនោះ រយៈ​ពេល ៧ថ្ងៃ ដោយមិនឱ្យឆ្លង​ទៅ​ខេត្តដទៃឡើយ។ ដោយសារ​កម្ពុជា និង​ប្រទេស​ចិន​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា ហើយ​អត្រា​ឆ្លង​ថ្មី​នៅ​ប្រទេស​នេះ​មាន​កម្រិត​ទាប​ខ្លាំង​នោះ ហេតុ​នេះ​កម្ពុជា​អាច​នឹងចាប់​ផ្តើប​បើក​ទទួល​ភ្ញៀវ​ទេសចរចិន​មុន​គេ​។​

លោក​​​ថ្លែង​ថា៖​«​ថ្ងៃ​មុន​វា​ជា​ការ​ភ្លេច​ភ្លាំង​មួយ​របស់​ខ្ញុំ​ដែល​ចង់​ពិភាក្សា​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសរបស់​ចិន ថាយើងគួរ​​សហការ​គ្នា​ធ្វើ​។ បាន​សេចក្តី​ថា ធ្វើ​ចត្តាឡីស័ក ៧​ថ្ងៃ ប៉ុន្តែ​អ្នក​ឯង​មាន​សិទ្ធិ(ភ្ញៀវ​ទេសចរ)ដើរ​នៅ​ក្នុង​ក្រុង ដែល​អ្នក​ឯក​ធ្វើ​ចត្តាឡីស័ក គឺ​មិន​មែន​ធ្វើ​ចត្តាឡីស័ក​ក្នុង​បន្ទាប់​នោះ​ទេ ហើយ​បន្ទាប់​ពី​ហ្នឹង​ទៅ​អ្នក​ឯង​ផុត ៧​ថ្ងៃ គឺអ្នក​ឯង​​អាច​ចេញ​ទៅ​ខេត្ត​ដទៃ»។ លោក​បន្ត​ថា៖​«​ឥឡូវ​សូម​ជួយ​គិត​គ្នា​ ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ទេសចរណ៍​(អន្តរជាតិ​)​ឡើង​វិញ ព្រោះ​កុំ​ភ្លេចឱ្យ​សោះ​​ថា សេដ្ឋកិច្ច​ប្រទេស​ដែល​ជឿនលឿន គឺមាន​ផ្នែក​សេវាកម្ម​នាំ​មុខ​ទាំង​អស់​»។

លោក​បញ្ជាក់​ថា សេវាកម្ម​ គឺ​ជា​វិស័យ​មួយ​ដែល​អាច​រក​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​រីក​ចម្រើន គឺ​ច្រើន​ជាតិ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ទៀត​ផង​។​

លោក​អះអាង​ទៀត​ថា ការខិត​ខំរបស់​រដ្ឋាភិបាល​ក្នុង​​ស្វែង​រក​​​​វ៉ាក់សាំងមក​ចាក់​ឱ្យ​​​ប្រជាពល​រដ្ឋ​គឺ​មិន​ត្រឹម​តែ​ដើម្បី​​សុខភាព​សាធារណៈ​ និង​អាយុ​ជីវិត​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងសម្រាប់​​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​ការ​បើក​ដំណើរ​ការ​អាជីវកម្ម​គ្រប់​យ៉ាង​ផង​ដែរ​។​ លោក​បញ្ជាក់​ថា៖​«យើង​សុខចិត្ត​ចំណាយ​រាប់​រយ​លាន​ដុល្លារ​រក​វ៉ាក់សាំង​យក​មក​ចាក់ ដើម្បី​ទាញ​យក​មក​វិញ​រាប់​ពាន់​​លាន​ដុល្លារសម្រាប់​សេដ្ឋកិច្ច​កម្ពុជា​»។​​​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ធ្លាប់​បាន​លើក​ឡើង​ថា កម្ពុជា​មាន​ផែនការ​នឹង​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩គ្រប់​ដូស​ចាប់​ពី​​​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ នេះ​​តទៅ​៕​

ដាវីត្រាត្រៀមចេញបទចំរៀងថ្មី «ខ្មែរមានគ្រប់សព្វ» ថតចេញពីស្ទូឌីយោ​ខ្នាតអន្តរ​ជាតិដំបូងគេរបស់កម្ពុជា

ភ្នំពេញ៖ ដើម្បីអបអរសាទរការដាក់ឱ្យដំណើការសាកល្បងស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជាផលិតកម្មដាវីត្រាដែលជាផលិតកម្មក្នុងស្រុកឈានមុខគេផលិតបទមិនចំលងគេ (Original Song) កំពុងរៀបចំបទថ្មីដែលរៀបរាប់អំពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត។

បទចំរៀងថ្មីនេះតាក់តែងឡើងដើម្បីលើកស្ទួយវិស័យសិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទំលាប់ដ៏អស្ចារ្យរបស់ខ្មែរ ស្របពេលដែលប្រទេសកម្ពុជាក៏កំពុងត្រៀមខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ ក្នុងពេល ឆាប់ៗ  ដើម្បី ទទួលភ្ញៀវ ទេសចរ ជាតិ និងអន្តរជាតិ ដែល បានទទួលការចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ ១៩  រួច។

កវីនិពន្ធដែលមានទេព្យកោសល្យ និងបទពិសោធខ្ពស់ លោក លោក សយ រតនា ជាអ្នកនិពន្ធបទចំរៀងនេះបានសំរេសចិត្តដាក់ចំណងជើងបទចំរៀងនេះថា« ខ្មែរមានគ្រប់សព្វ» ។ លោកថា បទនេះជាបទដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាវជ្រៅ និងរៀបរាប់ពីលក្ខណៈពិសេសរបស់ខ្មែរដែលមានអារយធម៍ដ៏ល្អឯកដែលប្រទេសដទៃមិនមានដូច។ លើសពីនោះទៅទៀត បទចំរៀងនេះគឺជាការបកស្រាយដោយតារាចំរៀងជាច្រើនរូបប្រចាំផលិតកម្មដាវីត្រាផងដែរ។

បើយោងតាមលោក ម៉េង ប៊ុនឡូ អតីតកំពូលតារាសម្តែង និងតារាចំរៀងនិងជាសមាជិកក្រុមការងារប្រចាំស្ទូឌីយោកោះស្លាកែតបានឱ្យដឹងថាស្ទូឌីយោកោះស្លាកែតគឺជាស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជារបស់ផលិតកម្មដាវីត្រា។ លោកថា ផលិតកម្ម្មដាវីត្រាកំពុងត្រៀមការរួមបញ្ចូលឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទក្នុងបទចំរៀងនេះដើម្បីធ្វើឱ្យបទចំរៀង« ខ្មែរមានគ្រប់សព្វ» នេះកាន់តែមានលក្ខណៈបែបខ្មែរ ដែលស្ដាប់ទៅកាន់តែពិរោះអស្ចារ្យដោយសារតែបទបង្កើតដោយកូនខ្មែរពិតៗ។

បទចំរៀងនេះត្រៀមនឹងចេញក្នុងពេលឆាប់ៗក្នុងអេបកំសាន្ត( Komsan App) ជាឈ្មោះអេបចំរៀងស្ដាប់ដោយសេរីមិនគិតលុយដែលគុណភាពសំលេងពិរោះ។ អេប Komsan នេះត្រូវបានបង្កើតឡើងរួមគ្នាដោយផលិតកម្មចំរៀងដាវីត្រា ហើយបទចំរៀងនេះដែរនឹងបង្ហោះផ្សាយក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គមដទៃទៀតផងដែរ៕

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 88888 11

និស្សិតខ្មែរ ៥៤១​នាក់នៅថៃជួបព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ

ក្រុងបាងកក៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកកនិង លោកឧត្តមសេនីយ៍ វិឈិត យ៉ាធិបយ៍ ប្រធានគម្រោងអភិវឌ្ឍន៍ព្រះរាជឧបត្ថម្ភថៃ-កម្ពុជានៅល្ងាចថ្ងៃទី១៦ កញ្ញា ២០២១ បានដឹកនាំសិស្ស/និស្សិតខ្មែរអាហារូបករណ៍ព្រះរាជទានឆ្នាំសិក្សា២០១៨-២០២១ ចំនួន ៥៤១នាក់ មកពីគ្រឹះស្ថានអប់រំចំនួន ៤៩ ទូទាំងប្រទេសថៃ ចូលគាល់ព្រះអង្គម្ចាស់ក្សត្រិយ៍ ព្រះ​មហាចក្រីសិរិនថន ដោយផ្ទាល់ និង តាមប្រព័ន្ធអនឡាញ ដើម្បីថ្វាយរបាយការណ៍ស្តីពីលទ្ធផលនៃដំណើរការគម្រោងសិស្ស/និស្សិតអាហារូបករណ៍ព្រះរាជទាន៕

CDC អនុម័ត​គម្រោង​វិនិយោគ ៣ តម្លៃ​៨,៥​លាន​ដុល្លារ

ភ្នំពេញៈ គម្រោង​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​ចំនួន ៣ ដែល​មាន​ទុន​វិនិយោគ​សរុប៨,៥​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជាង ៤ ៣០០​កន្លែង​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)អនុម័ត​ក្នុង​សប្តាហ៍​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​CDC ​ឱ្យ​ដឹង​ថា តប​តាម​សំណើ​សុំ​វិនិយោគក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបន​បត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ឱ្យ​ក្រុមហ៊ុនNew T&K Textile Co., Ltdលើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ មាន​ទីតាំង​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ ក្រោម​ទុន​វិនិយោគ ២​លាន​ដុល្លារ ​អាច​បង្កើត​ការងារ​បាន ២៣០០​កន្លែង,​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែក​ជើង និង​គ្រឿង​បន្សំ​ស្បែក​ជើង របស់​ក្រុមហ៊ុន Yuan Shen Tai Co., Ltd នៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ ៣,២​លាន​ដុល្លារបង្កើត​ការងារ​បាន ៩៧៨​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែក​ជើង និង​គ្រឿង​បន្សំស្បែក​ជើង របស់​ក្រុមហ៊ុន Fortune Broad Footwear Co., Ltd នៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិ​យោគ ៣,៣​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ១០២៨កន្លែង។

កម្ពុជា​រំពឹង​ថា នឹង​អាច​ស្រូប​​​បាន​ការ​ចូល​មក​បណ្តាក់​ទុន​​វិនិយោគកាន់​តែ​ច្រើន​នៅ​ពេលច្បាប់​វិនិយោគ​ថ្មី និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​លក្ខណៈ​​តំបន់/​ប្រទេស​ចិន ចូល​ជា​ធរមាន ខណៈ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ទើប​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋសភា​កាល​ពី​សប្តាហ៍​មុន។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានអនុម័ត​គម្រោង​ចំនួន​ ៧០ ក្រោម​ទុនវិនិយោគ​សរុប ២ ៤២៨ ​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ការគណនា​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចំពោះតែ​គម្រោង​ត្រូវបាន CDC បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ចាប់ពី​ខែមករា​ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ២០២១៕​

សមាគមចំនួន៣ ចុះ MoU ដើម្បី​លើកកម្ពស់​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ភ្នំពេញៈសមាគម​ធនាគារ​នៅ​កម្ពុជា​(ABC) សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​(CMA) និង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​(YEAC) បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ (MoU) នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ ក្នុង​ការ​ចូល​រួម​ចំណែក​លើក​កម្ពស់ និង​បញ្រ្ជាប​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ និង​បរិយា​បន្ន​ហិរញ្ញ​វត្ថុ​ក្នុងចំណោម​សហ​គ្រិន​វ័យ​ក្មេង ​ក៏​ដូចជា​សហ​គ្រាស​ធុន​តូចនិង​មធ្យម​នៅ​កម្ពុជា។

ពិធី​ចុះ​ហត្ថ​លេខា​នេះ​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ (Zoom)កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​សហ​គ្រាស​ធុន​តូចនិង​មធ្យម​ គ្រឹះ​ស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ​ជា​ច្រើន​។

អនុស្សារណៈ​នេះមាន​គោល​បំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទាក់​ទង​នឹង​ការ​បណ្តុះ​បណ្តាល ការ​រៀបចំ​ព្រឹត្តិការណ៍ និង​ការ​រៀបចំ​សិក្ខា​សាលា​រួម​គ្នា ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែកហិរញ្ញ​វត្ថុ បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ (Fin-Tech) សេវា​ឥណទាន​ប្រកប​ដោយ​បរិយា​បន្ន និង​ការ​កសាង​បណ្តាញ​ទំនាក់​ទំនង​ក្នុង​ចំណោម​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា និង​សហ​គ្រាស​ធុន​តូច​និង មធ្យម​នៅ​កម្ពុជា ។

ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នេះ ក៏​មាន​អមផង​ដែរ​នូវ​វេទិកា​ពិភាក្សា​ពិសេស ស្តី​ពី​«មគ្គទេសក៍ស្តារ​អាជីវ​កម្ម​ក្នុង​បរិបទ​កូវីដ-១៩»។ កិច្ច​ពិភាក្សា​នេះ​បាន​ផ្តោត​លើ​វិធីសាស្ត្រ និង​ឥរិយាបថ ដែលគ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​ប្រតិបត្តិ ដើម្បី​ឆ្លើយ​តប​និង​ជួយ​គាំទ្រ​ដល់​សហ​គ្រាស​មីក្រ សហគ្រាសធុន​តូច​និង​មធ្យម ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ​១៩។

ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា លោក អ៊ិន ចាន់នី បានឱ្យ​ដឹង​ថា កិច្ច​សហ​ប្រតិបត្តិការ​រវាងសមាគម​ទាំង​បី បាន​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០១៩-២០២៥ ក្នុងគោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង និង​ បញ្រ្ជៀប​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ទៅ​កាន់​សហ​គ្រិន អាជីវកម្ម​ខ្នាត​តូច និង​មធ្យម កសិករ និង សហគ្រិ នវ័យក្មេង។ វា​ក៏​នឹង​ក្លាយ​ជាវេទិកា​ដើម្បី​ឱ្យ​អ្នក​ជំនាញខាង​វិស័យ​ធនាគារនិង​ហិរញ្ញវត្ថុ និង​សហគ្រិន​ក៏​ដូចជា​ម្ចាស់​សហគ្រាស​ធុន​តូចនិងមធ្យម បាន​ជួបពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ឈ្នះ​ៗ​ទាំង​អស់​គ្នា៕

ផលិតកម្មដាវីត្រាមេឌា (Davitra Media) ជាផលិតកម្មដំបូងបោះទុនរាប់លានដុល្លារ នាំយកឧបករណ៍ស្ទូឌីយោលំដាប់ពិភពលោកមកកាន់កម្ពុជា

ផលិតកម្មដាវីត្រាមេឌា ដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ ស្ទួឌីយោ។  សមិទ្ធផលដ៏ល្អឥតខ្ចោះរបស់ ផលិតកម្មដាវីត្រាមេឌា នាសម័យឌីជីថលនេះដែរ បានបំពាក់នូវឧបករណ៍ទំនើបៗ (System Recording Studio) យីហ៊ោល្បីៗដូចជា AVID S3; AVID PROTOOLS DOCK; Avid Pro Tools;- Genelec; Slate Digital;Neumann U67;Dangerous Music Complete Mixing & Mastering System; Customize Mac Pro; Pro Display XDR និង ម៉ាកល្បីៗជាច្រើនទៀតដាក់បំពាក់ក្នុងស្ទីឌីយោរបស់ខ្លួនដែលមានឈ្មោះ ថា «ស្ទូឌីយោកោះស្លាកែត»។

ក្រៅតែអំពីការវិនិយោគទៅលើការទិញសម្ភារស្ទីឌីយោដែលមានតម្លៃជាងកន្លះលានដុល្លារឬស្មើនឹងតម្លៃរថយន្ត Lexus Kuro 2021 ដល់ទៅពីរគ្រឿង ផលិតកម្មដាវីត្រាមេឌា  ក៏បានវិនិយោគរាប់លានដុល្លារទៅលើការសាងសង់ស្ទីឌីយោខ្នាតអន្តរជាតិដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តជាតិនៃស្ទីឌីយូពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។  លើសពីនោះទៅទៀតផលិតកម្មដាវីត្រាក៏មានទាំងស្ទីឌីយូថតសំលេង និងស្ទីឌីយូថតវីដេអូខាងក្នុងនិងខាងក្រៅ។

ជាមួយនឹងការបោះទុនវិនិយោគតម្លៃរាប់លានដុល្លារនេះ ផលិតកម្មដាវីត្រាមីឌា ក៏មានក្រុមការងារសុទ្ធតែមានបទពិសោធន៍ខ្ពស់ក្នុងការធ្វើស្ទីឌីយូ ផលិតចម្រៀង និងវីដេអូ និងការប្រើប្រាស់សម្ភារទាំងអស់នេះផងដែរ៕

អាហារូបករណ៍ចេនហ្ស៊ីបើកដំណើរការរួមគ្នាដោយសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនិងក្រសួងអប់រំយុវជននិងកីឡាដើម្បីរៀបចំអនាគតសម្រាប់និស្សិតសាកលវិទ្យាល័យនៅកម្ពុជាក្រោយជម្ងឺរាតត្បាត

ថ្លៃសិក្សាពេញលេញនិងប្រាក់ឧបត្ថម្ភសម្រាប់និស្សិតសាកលវិទ្យាល័យចំនួន ៤០០នាក់ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពការបញ្ចូលហិរញ្ញវត្ថុនិងបដិសណ្ឋារកិច្ចលំដាប់ពិភពលោក អ្នកឈ្នះរង្វាន់ទទួលបានកម្មសិក្សានិងឱកាសការងារនៅសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប

[រាជធានីភ្នំពេញថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១]ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប (ហៅកាត់ថា “ព្រីនស៍គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាបានបញ្ចប់អនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំយុវជននិងកីឡា (MoEYS) ក្នុងការបើកដំណើរការកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតថ្នាក់សាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុបនឹងផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតដែលបានជ្រើសរើសចំនួន៤០០នាក់ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្ររបស់ពួកគេក្នុងសាកលវិទ្យាល័យល្បីៗនៅកម្ពុជាដោយរួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។សរុបមកសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនឹងផ្តល់ថវិកាជាង២លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល៧ឆ្នាំ។

ដោយសារភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនពិតជាមានសារៈសំខាន់ណាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនឹងធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវគោលដៅដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអប់រំ (ឆ្នាំ២០១៩-២០២៣) ។សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនឹងធ្វើការជាមួយក្រសួងអប់រំយុវជននិងកីឡាដើម្បីធានាបានថានិស្សិតទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុការបណ្តុះបណ្តាលការណែនាំបង្ហាត់បង្ហាញ និងឱកាសការងារដើម្បីជំរុញដល់ការសិក្សាក្នុងវិស័យចំនួនបី៖ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអចលនទ្រព្យការជំរុញនៃការរួមបញ្ចូលហិរញ្ញវត្ថុនិងសេដ្ឋកិច្ចឌីជីថលនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុព្រមទាំងការលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចលំដាប់ពិភពលោកដើម្បីបំពេញតម្រូវការមូលធននៃធនធានមនុស្សនាពេលអនាគតសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។

តាមរយៈការចុះកម្មសិក្សាសិស្សនិស្សិតនឹងបានរៀនសូត្រពីអ្នកជំនាញលំដាប់កំពូលៗនៅកម្ពុជា​​ ក្នុងនាមសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មជាង៨០ដោយមានកម្លាំងពលកម្មចម្រុះដែលមាននិយោជិក២០% មកពីកន្លែងផ្សេងៗដូចជាប្រទេសសិង្ហបុរីម៉ាឡេស៊ីនិងប្រទេសចិន។

ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់  ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងដូច្នេះថា“ពួកយើងសូមស្វាគមន៍ចំពោះកិច្ចសហការរបស់និយោជកនានាដែលដើរតួជាអ្នកអប់រំយ៉ាងយកចិត្តទុកដាក់។ផ្លូវឆ្ពោះទៅរកការងើបឡើងវិញរបស់ប្រទេសកម្ពុជានឹងទាមទារឱ្យមានគំនិតថ្មីៗមកពីគ្រប់តំបន់នៃប្រទេសនិងក្រសួងអប់រំយុវជននិងកីឡារួមជាមួយដៃគូរបស់ខ្លួនគឺនឹងអាចយកឈ្នះនូវរាល់ឧបសគ្គទាំងឡាយការផ្តល់ការណែនាំតម្រង់ទិស ការធានានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌និងឱកាសការងារដើម្បីធានាបានថានិស្សិតដែលមានទេពកោសល្យផ្តោតទៅលើការរៀនសូត្រនិងទទួលបាននូវជំនាញដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា”។

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនព្រីនស៍ ហូលឌីងគ្រុបបានមានប្រសាសន៍ថា“ពួកយើងមានសេចក្តីសោមនស្សរីករាយដែលបានបើកដំណើរការកម្មវិធីអាហារូបករណ៍ធំបំផុតមួយនៅកម្ពុជាដែលទទួលបានការឧបត្ថម្ភដោយសហគ្រាសឯកជន”។ “ អង្គភាពផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុបមានក្តីរំភើបរីករាយក្នុងការទទួលស្វាគមន៍និស្សិតកម្ពុជាឱ្យចូលមកចូលរួមជាមួយគ្រួសាររបស់យើងដែលយើងនឹងបង្កើតនូវកម្មវិធីកម្មសិក្សាដ៏រឹងមាំនិងការបណ្តុះបណ្តាលសិក្ខាកាមក្នុងការគ្រប់គ្រងដើម្បីអប់រំអ្នកដឹកនាំសម្រាប់ថ្ងៃស្អែក។អាហារូបករណ៍ចេនហ្ស៊ីបាននឹងកំពុងស្វែងរកការផ្តល់ជូនទាំងទៅលើបទពិសោធន៍សិក្សានិងបទពិសោធន៍ជាក់ស្តែងដល់សិស្សនិស្សិតតាមរយៈការផ្តល់នូវការអប់រំកម្រិតដំបូងហើយទទួលបាននូវបទពិសោធន៍ការងារលំដាប់អន្តរជាតិ»។

អាហារូបករណ៍នេះនឹងត្រូវបានដឹកនាំដោយអ្នកឧកញ៉ាចេនហ្ស៊ីដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបដោយសារតែភាពជាអ្នកដឹកនាំក្នុងអាជីវកម្មរបស់គាត់និងទំនួលខុសត្រូវរបស់ក្រុមហ៊ុននៅក្នុងសង្គមចំពោះជម្ងឺរាតត្បាតថ្មីៗនេះគាត់ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងចំណោមអ្នកដឹកនាំក្រុមហ៊ុននៅឯកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ។

ក្រោមការដឹកនាំរបស់អ្នកឧកញ៉ាចេនហ្ស៊ីសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុបបាននឹងកំពុងអនុវត្តន៍តាមបរិយាកាសរួមក្របខ័ណ្ឌ សង្គមនិងអភិបាលកិច្ច (ESG) ដែលមានគោលបំណងធ្វើឱ្យមានឥទ្ធិពលរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធ ក្រុមហ៊ុនព្រីនស៍គ្រុបបានបើកដំណើរការនូវ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រីនស៍ នាឡិកាដែលជាសាលា នាឡិកា ឯករាជ្យដំបូងគេបង្អស់នៅកម្ពុជា។

មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសក្នុងការរៀនជំនាញសិប្បកម្មថ្មីមួយដូចជាការផលិតនាឡិកានិងទទួលបានបទពិសោធន៍ចាំបាច់បន្ថែមដើម្បីជួយពួកគេទាំងក្នុងទីផ្សារការងារនៅកម្ពុជានិងនៅបរទេស។ នៅខែសីហាឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបក៏បានឧបត្ថម្ភកម្មវិធីរៀបចំអាជីពការងារដែលដំណើរការដោយអង្គការCaring for Cambodia ជាអង្គការសប្បុរសធម៌ឈានមុខគេលើវិស័យអប់រំដែលបានជួយដល់សិស្សានុសិស្សនៅវិទ្យាល័យ។ សម្ព័ន្ធក្រុមហ៊ុនព្រីន ស៍គ្រុបនឹងបន្តរិះរកវិធីផ្សេងៗយ៉ាងសកម្មដើម្បីរួមចំណែកឱ្យប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទទួលលទ្ធផលនៃការអប់រំបានល្អប្រសើរ។