ធនាគារ ABA និងក្រុមហ៊ុន UnionPay សហការគ្នាពង្រឹងប្រព័ន្ធទូទាត់របស់កម្ពុជា

ភ្នំពេញ៖ ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជាប្រកាសពីការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុង​ការទទួលយកពាណិជ្ជករជាមួយក្រុមហ៊ុនUnionPayដែលជាបណ្តាញទូទាត់សកលដែលផ្តល់សេវាកាតទូទាត់ធំជាងគេបំផុតនៅលើសកលលោក។

ធនាគារ ABA បានដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនទូទាត់ចរន្តជិតContactless POS ជាង 1,000 ម៉ាស៊ីន នៅតាម​ពាណិជ្ជករUnionPay នៅតាមហាងអាហារ និងភេសជ្ជៈ ទីកន្លែងកម្សាន្ត និងហាង​ទំនិញនានានៅទូទាំងប្រទេសកម្ពុជា។ ធនាគារនេះ​ជាធនាគារចេញកាតច្រើនបំផុតមួយនៅ​កម្ពុជា​ហើយបាននិងកំពុងចេញកាត UnionPay ចាប់តាំងពីឆ្នាំ 2015។ ធនាគារ ABA ក៏បាននិងកំពុងទទួលយកពាណិជ្ជករសម្រាប់ក្រុមហ៊ុន UnionPay ចាប់តាំងពីឆ្នាំ 2016 និងជាធនាគារដែលទទួលយកពាណិជ្ជករ UnionPayដ៏ច្រើនបំផុតមួយនៅប្រទេសកម្ពុជាផងដែរ។

លោកស្រីលាង ចិន្តា អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន UnionPay International នៅតំបន់អាស៊ីអាគ្នេយ៍​ បាន​សង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាបានចាប់យកផលិតផលទូទាត់នវានុវត្តន៍ ដូចជា ការទូទាត់ចរន្តជិត (Contactless) ការទូទាត់អនឡាញ និងការទូទាត់តាមកូដQR ពីរបីឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុន UnionPay ខិតខំផ្តល់នូវផលិតផល និងសេវាទូទាត់ដែលឆ្លើយតបនឹងការផ្លាស់ប្តូរតម្រូវការសេវាទូទាត់របស់អតិថិជន និងអាជីវកម្ម​ក្នុងប្រទេស។

លោកស្រីថ្លែងថា៖« យើងមានសេចក្តីសោមនស្សរីករាយដែលអាចពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង​ជាមួយដៃគូដែលមានចិត្តដូចគ្នា និងធនាគារឈានមុខក្នុងវិស័យហិរញ្ញវត្ថុឌីជីថលដូចជាធនាគារ ABA ដើម្បី​ពន្លឿន​ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាទៅរកសង្គមឌីជីថលមួយ។”

លោកSanzhar Abdullayev នាយកគ្រប់គ្រងកាត និងសេវាទូទាត់អេឡិកត្រូនិករបស់ធនាគារABA បាន​មាន​ប្រសាសន៍ថា៖“គំនិតផ្តួចផ្តើមក្នុងការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនទូទាត់ចរន្តជិត(Contactless)និងកូដ QR របស់ UnionPay នៅតាមពាណិជ្ជករនានា ប្រាកដជាមានផលប៉ះពាល់វិជ្ជមាន​ដល់ការរស់នៅរបស់អតិថិជន​​ទូទាំង​ប្រទេស​កម្ពុជា។ លោកថ្លែងថា៖«យើងជឿជាក់ថា គំនិតផ្តួចផ្តើមនេះនឹងបង្កើននូវការប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើប និងលើក​ទឹកចិត្ត​ឲ្យប្រើប្រាស់សេវាទូទាត់អេឡិកត្រូនិកកាន់តែច្រើន ជាពិសេសអំឡុងពេលការរីករាលដាលវីរុសកូវីដ-19 នេះ»។

ធនាគារ ABA បាននិងកំពុងដាក់ឲ្យប្រើប្រាស់កូដQR របស់ UnionPay សម្រាប់ការទូទាត់នៅតាមពាណិជ្ជករជាង 1,000 ទីតាំង នៅហាងជួញដូររាយ ហាងអាហារ និងភេសជ្ជៈ ទីកន្លែងកម្សាន្ត និងទីតាំងផ្សេងៗជាច្រើនទៀតនៅប្រទេសកម្ពុជា។ ម៉្យាងវិញទៀត ធនាគារ ABA ចាប់ផ្តើមសេវាទទួលយកពាណិជ្ជករសម្រាប់ក្រុមហ៊ុន UnionPay International នៅលើប្រព័ន្ធទូទាត់អនឡាញ PayWay របស់ខ្លួននៅខែវិច្ឆិកា ឆ្នាំ 2019៕

រដ្ឋនឹងសហការជាមួយវីងដើម្បីការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​បែប​ឌីជីថល​ជាមួយ​ថ្នាល​ទីផ្សារ​អេឡិចត្រូនិករបស់ខ្លួន

ភ្នំពេញ៖ក្រសួង​ពាណិជ្ជ​កម្ម ​នឹង​សហការ​ជាមួយ​ធនាគារ​វី​ង​(​ខេ​ម​បូ​ឌា​)​ដើម្បី​ធ្វើ​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​បែប​ឌីជីថល​ជាមួយ​ថ្នាល​ទីផ្សារ​អេឡិចត្រូនិក Cambodiatrade.com​ របស់​ក្រសួង ដើម្បី​បង្កើន​ភាពងាយស្រួល និង​កាត់​បន្ថយ​ពេលវេលា​ជូន​អតិ​ជន និង​សហគ្រាស​ធុន​តូច និង​ម​ធ្យម ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​នៅ​​ប្រទេស​កម្ពុជា​។

ផែនការ​នៃ​កិច្ច​សហការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ ក្នុង​ជំនួប​រវាង​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិ​ការ​​ក្រសួង​ពាណិជ្ជ​កម្ម និង​លោក Manu Rajan នាយក​ប្រតិបត្តិ​នៃ​ធនាគារ​វីង តាម​រយៈ​ប្រព័ន្ធ​វីដេអូ (Zoom) ដើម្បី​ពិភាក្សា​គ្នា​ក្នុងការ​ស្វែង​រក​លទ្ធភាព​​រៀបចំ​កិច្ច​សហ​ប្រតិបត្តិ​ការ​អំពី​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមបែប​ឌីជីថល​របស់​ធនាគារ​វីង​​។

លោកស្រី​ តឹក​រ៉េត កំរង បាន​ថ្លែង​អំណរ​គុណ​ដល់​ធនាគារ វីង​(​ខេ​ម​បូ​ឌា​) ដែល​មាន​បំណង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​តាម​រយៈ​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមបែប​ឌីជីថល​របស់​ធនាគារ​វីង និង​ថ្នាល​អេឡិច​ត្រូនិក​របស់​ក្រសួង​ពាណិជ្ជកម្ម Cambodiatrade.com។

លោកស្រី​ក៏បាន​លើក​ឡើង​ពី​សមិទ្ធិផល​សំខាន់ៗ​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​សម្រេច​បាន​កន្លង​មក​រួម​មាន​ ច្បាប់​​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់ ច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រកួត​ប្រជែង ការ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-​ចិន ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​សមិទ្ធផល​នៃ​ការ​អនុ​វត្ថ​គម្រោង​ដែល​មាន​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ ដូចជា​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជ​​កម្ម​កម្ពុជា ឆ្នាំ​២០១៩-២០២៣ យុទ្ធ​សាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក និង​គម្រោង Go4eCAM​។​

លោកស្រី​ថ្លែង​​ថា​៖«​ក្រសួង​ពាណិជ្ជ​កម្ម​ក្នុង​ការ​ធ្វើ​សហ​ប្រតិបត្តិការ​ជាមួយ​ធនាគារ​វី​ង និង​ស្នើ​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស​ទាំង​ពីរ​សហការ​គ្នា​ឱ្យ​បាន​ល្អ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​តភា្ជប់​ប្រព័ន្ធ​ទូទាត់​តាម​បែប​ឌីជីថល​របស់​ធនាគារ​វី​ង និង​ថ្នាល​អេឡិចត្រូនិក CambodiaTrade ឱ្យ​ទទួល​បាន​ជោគជ័យ៕

កម្ពុជាទទួលចំណួលជាង២០០លានដុល្លារពីការនាំអង្ករចេញក្នុងឆមាសទី១ឆ្នាំនេះ

ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំអង្ករចេញប្រមាណ២៨០ ៤៥០តោន មានតម្លៃស្មើនឹង ២០២.៦៧ លានដុល្លារសហរដ្ឋអាមេរិកក្នុងឆមាសទី១ ឆ្នាំ២០២១នេះ​ទៅ​កាន់​ទីផ្សារ​គោល​ដៅ​ចំនួន៤៩ នៅលើសកលលោកជាពិសេសទីផ្សារចិន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ការនាំចេញក្នុងឆមាសទី១នេះ បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​ ២៩.៤៧%​ ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០​​ ខណះ​ដែរ​ចំនួន​ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​ក៏​បាន​ធ្លាក់​ចុះ​ចំនួន​ ២៣.៧១%​ ផង​ដែរ​ ដែល​ឆ្នាំ​២០២០​ ក្នុង​ឆមាស​ទី​១​ ទទួល​បាន​ទឹក​ប្រាក់​ ២៦៥.៦៦​លានដុល្លារ​ មក​ត្រឹម​២០២.៦៧​លាន​ដុល្លារ​នៅ​ឆមាស​ទី១​ ឆ្នាំ២០២១នេះ ។

ទីផ្សារ​សំខាន់​ៗ​ដែល​កម្ពុជា​ បាន​នាំចេញគឺរួមមាន ទី១). ប្រទេសចិន និង​តំបន់ស្វយ័ត​ហុងកុង​ ម៉ាកាវ​ ដែលបានស្រូបទាញប្រមាណ​ ៥១.០៩% ​ស្មើ​នឹង​ ១៤៣ ២៩៣​ តោន ទី​២).​ ប្រទេស​បារាំង​ ១០.៥០%​ ស្មើ ​២៩ ៤៣៤​ តោន​ ទី​៣).​ ប្រទេស​ហ្កាប៊ុង​ ៧.៩៣%​ ស្មើ​នឹង​ ២២ ២២៨​តោន ទី​៤).​ ប្រទេស​ ម៉ាឡេស៊ី ​៦.៧៩%​ ស្មើ​នឹង​ ១៩ ០៣០​តោន ​និង​ទី៥).​ ប្រទេស​ហូឡង់​ ៣.៥៤%​ ស្មើ ​៩ ៩២១ ​តោន​។

សម្រាប់​​ប្រភេទ​អង្ករ​នាំចេញ​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០២១​នេះ​ដែរ​ ឃើញ​ថា អង្ករ​ក្រអូប​ប្រណីត​មាន​៣៧.៣៥%​ អង្ករ​ក្រអូប​ធម្មតា​មាន​២៨.៥៦%​ អង្ករ​ស​គ្រាប់​វែង​មាន​២៦% អង្ករ​ចំហុយ​មាន​២% ​អង្ករ​សរីរាង្គ​មាន​២% ​អង្ករ​បាក់ ​៣%​ អង្ករ​ដំណើប ​១.២២ %​​៕

កម្ពុជា​បាន​កំណត់​យក​ប្រព័ន្ធ​ឌីជីថល​ ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩​មក​លើ​សេដ្ឋកិច្ច​

សៀម​រាប​៖ ​លោក​ស៊ុន ចាន់ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា​ប្រព័ន្ធ​ឌីជីថល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩​មក​លើ​សេដ្ឋកិច្ច​ និង​ជា​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​ដើម្បី​ទ្រទ្រង់​សកម្ម​ភាព​សាធារណៈ ​និង​ពាណិ​ជ្ជកម្ម​។

ការ​លើក​ឡើង​របស់​រដ្ឋមន្រ្តី​រូបនេះ​ អំឡុង​ពេល​ដែល​លោក​បាន​ដឹក​នាំ​​គណៈ​ប្រតិភូ​ក្រសួង​ ចូល​រួម​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ ក្រោម​ប្រធាន​បទ​៖​ “​ការ​ងើប​ឡើង​វិញ​នៃ​សកម្ម​ភាព​ពាណិជ្ជកម្ម​៖​ ការ​លើក​កម្ពស់​សេដ្ឋកិច្ច​តំបន់​ឡើង​វិញ​ ជាមួយ​នឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ប្រកប​ដោយ​ភាព​ធន់​”​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៩​ ខែ​មិថុនា​ ។​

លោក​បាន​ថ្លែង​អំពី​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​តំបន់​ ទៅ​កាន់​មេ​ដឹក​នាំ​មក​ពី​ជុំវិញ​ពិភព​លោក​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នោះ ​ដោយ​លោក​ស៊ុន ចាន់​ថុល​ បាន​គូស​បញ្ជាក់​ពី​សារ​សំខាន់​នៃ​ប្រព័ន្ធ​ឌីជីថល​ ក្នុង​ការ​កាត់​បន្ថយ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​-១៩​ និង​ជា​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដើម្បី​ទ្រទ្រង់​សកម្មភាព​សាធារណៈ ​និង​ពាណិជ្ជ​កម្ម​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖​« ប្រព័ន្ធ​ឌីជីថល​ វា​អាច​ជួយ​ឱ្យ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ធ្វើការ​រួមគ្នា​ ដើម្បី​លើក​កម្ពស់​អាស៊ាន​ជា​សហគមន៍​តភ្ជាប់​ប្រព័ន្ធ​ឌីជីថល​តែ​មួយ​ និង​ជំរុញ​ការតភ្ជាប់​របស់​ខ្លួន​ ដើម្បី​ពន្លឿន​ការ​ងើប​ឡើង​វិញ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​»​។

លោក​ក៏​ បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ ​«​កម្ពុជា​បាន​កំណត់​អាទិភាព​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ ដើម្បី​ធានា​បាន​នូវ​លំហូរ​ដោយ​រលូន​នៃ​ទំនិញ​ សេវា​ ការងារ​ជំនាញ​ មូលធន​ និង​ទិន្នន័យ​។ ដូច្នេះ​កម្ពុជា​ចាំបាច់​ត្រូវ​ផ្តោត​ជា​សំខាន់​កិច្ច​សហប្រតិបត្តិការ​ច្បាប់​ និង​ស្ថាប័ន​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បដិវត្ត​ឌីជីថល​ សម្រាប់​ពាណិជ្ជ​កម្ម ការវិនិយោគ​ កិច្ច​សម្រួល​ពាណិជ្ជកម្ម​ សហ​គ្រាស​ខ្នាត​តូច​ និង​មធ្យម​ និង​ការ​អភិវឌ្ឍ​ជំនាញ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​»​។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ លោក​រដ្ឋមន្ត្រី​ រូប​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ថា​៖ ដើម្បី​សម្រេច​ចក្ខុ​វិស័យ​ឆ្ពោះ​ទៅ​រក​ សេដ្ឋកិច្ច​ឌីជីថល​តំបន់​ កម្ពុជា​បាន​ប្តេជ្ញា​ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​គយ ​ASYCUDA​ គម្រោង​តភ្ជាប់​ប្រព័ន្ធ​ស្វយ័ត​ប្រវត្តិកម្ម​ Port EDI ​ជាមួយ​ប្រព័ន្ធ​ ASYCUDA​ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ និង​ពាណិជ្ជ​កម្ម ប្រកប​ដោយ​ប្រសិទ្ធភាព​ បាន​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ បាន​ដាក់​ឱ្យ ដំណើរការ​ជា​ផ្លូវ​ការ​ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​អនឡាញ​ ច្រក​ចេញ​ចូល​តែ​មួយ​របស់​អាស៊ាន​ (Asean Single Window)​ ហើយ​ជាពិសេស​ក្នុង​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ ការ​អនុវត្ត​ក្របខណ្ឌ​គោល​នយោបាយ​សង្គម​ និង​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១​-​២០៣៥​ផង​ដែរ​៕​

ទូត​កម្ពុជា​ទទួល​បាន​សមាជិក​ភាព​មួយ​ជីវិត ​ពី​ក្រុម​ប្រឹក្សា​អង្គ​ទូត​ពិភព​លោក

បាងកក៖ លោក អ៊ូក សោភ័ណ អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អង្គ​ទូត​សាកល (DC)​ ដែល​ប្រមូល​ផ្តុំ​ដោយ​ឥស្សរជន​ឆ្នើម​ និង​ធុរជន​ល្បី​ៗ​លើ​ពិភព​លោក​ ធ្វើ​ការ​ផ្តល់​ជូន​​សមាជិក​​ភាព​ពេញ​មួយ​ជីវិត​ សម្រាប់​បេសក​កម្ម​ដ៏​ពិសិដ្ឋ​ ក្នុង​បុព្វហេតុ​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ​ ជាពិសេស​ការទូត​សេដ្ឋកិច្ច​។

ពិធី​ប្រគល់​ និង​ទទួល​ប័ណ្ណ​សមាជិក​ភាព​ បាន​ធ្វើ​ឡើ​ង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ៍​ ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០២១​ ដោយ​លោក​បណ្ឌិត​ Dato’ Steve Cheah ​ទីប្រឹក្សា​ជាន់​ខ្ពស់​ក្រុមហ៊ុន​ Berli Jucker PCL (​ប្រតិបត្តិករ​ផ្សារ​ទំនើប​ Big C​) ​និង​ជា​ប្រមុខ​បេសកកម្ម ​DC​ ប្រចាំ​ប្រទេស​ CLMTV​ (​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​ថៃឡង់ដ៏​-​វៀតណាម​)​។

នៅ​ក្នុង​ឱកាស​នោះ​ លោក​ អ៊ូក​ សោភ័ណ​ បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​បណ្ឌិត​ Dato’ Steve Cheah​ និង​បាន​ចាត់​ទុក​សមាជិក​ភាព​ DC​ គឺ​ជា​មោទ​នភាព​រួម​របស់​មន្ត្រី​ការទូត​កម្ពុជា​ ដែល​កំពុង​បំពេញ​ភារកិច្ច​ជូន​ប្រទេស​ជាតិ​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។

ទាក់ទង​នឹង​ការ​ជំរុញ​សេដ្ឋកិច្ច​ការទូត​ លោក​ឯកអគ្គរាជទូត​ និង​លោក​បណ្ឌិត​ Dato’ Steve Cheah បាន​ឯកភាព​នឹង​រៀប​ចំ​ជំនួប​ធុរកិច្ច​ និង​ទស្សនកិច្ច​សិក្សា​សម្រាប់​អង្គទូត​ និង​ធុរជន​នៅ​ថៃ ទៅ​កាន់​ខេត្ត​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ ដោយ​សហការ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ (CBC)​។

សូម​ជម្រាប​ថា ​ក្រុម​ប្រឹក្សា​អង្គទូត​ (DC)​ គឺ​ជា​ក្រុម​ឥស្សរជន​ឆ្នើម​ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុមប្រឹក្សា​សង្គម​ និង​សេដ្ឋកិច្ច​នៃ​អង្គការ​សហប្រជា​ជាតិ​ (UN)​ ក្នុង​ឋានៈ​ជា​ក្រុម​ពិគ្រោះ​យោបល់​ពិសេស​ លើ​វិស័យការ​ទូត​ និង​ធុរកិច្ច​។ ក្រុមប្រឹក្សា​នេះ ​បង្កើត​ឡើង​ដំបូង​នៅ​ទីក្រុង​ Hague​ នៃ​ប្រទេស​ហូឡង់​ ហើយ​បច្ចុប្បន្ន​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ Wiesbaden​ ប្រទេស​អាល្លឺម៉ង់​៕

ខ្លា​ពពក​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅក្នុង​ពិភពលោក​

​ភ្នំពេញ​៖ ខ្លា​ពពក​ស្ថិតក្នុង​ក្រុម​ជិត​ផុត​ពូជ និង​មាន​ចុះ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​សាយ​តេស​។ ប្រភេទ​នេះ​ទទួលរង​នូវ​ការគំរាមកំហែង​ដោយសារតែ​ការ​បរបាញ់ និង​ការបាត់បង់​ទីជម្រក​ដែល​វា​ធ្លាប់​ស្វែងរក​ចំណី និង​រស់នៅ​។ ខ្លា​ពពក​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅក្នុង​ពិភពលោក​។ នេះ​បើ​យោងតាម​ក្រសួងបរិស្ថាន​។​

​ខ្លា​ពពក​ចូលចិត្ត​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃចម្រុះ​។ ខ្លា​ពពក​ជា​សត្វ​រាត្រីចរ ច្រើន​រស់នៅ​ជា​គូ​លើ​ដើមឈើ​។ ជាធម្មតា វា​ចាប់​ចំណី​ដោយ​លោត​ពីលើ​ដើមឈើ​សង្គ្រប់​លើស​ត្វ​នៅ​ដី​ដូចជា​ខ្លារខិន ដែរ​។ អាហារ​របស់​វា​មាន​បក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វា​ជាដើម​។ ខ្លា​ពពក​ប្រើ​ក្រ​ញ៉ាំ​ជើង​មុខ​មុត​សម្រាប់​សង្កត់​ចាប់​ចំណី រួច​ទើប​ខាំ​ជា​ក្រោយ​។ ខ្លា​ពពក​អាចបង្កើត​កូន​ម្តង​បាន​ពី ២ ទៅ ៤ ក្បាល បន្ទាប់ពី​ពពោះ​អស់​រយៈពេល​ប្រហែល ៩០ ទៅ​៩៥ ថ្ងៃ​។

​ចំពោះ​របាយ​រស់នៅ ខ្លា​ពពក​មាន​ភូមិភាគ​ឥសាន និរតី និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ វា​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​បូ​តាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (​កោះ​ស៊ូ​ម៉ា​ត្រា​) ឡាវ ម៉ាឡេស៊ី សា​រ៉ា​វ៉ា​ក់ ភូមា នេ​ប៉ាល់ ថៃ​និង​ប្រទេស​វៀតណាម​។ ខ្លា​នេះ​បាន​ផុត​ពូជ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស សិង្ហ​បុរី និង​តៃវ៉ាន់​។

​ខ្លា​ពពក​មាន​មាឌធំ​ជាង​ខ្លា​ភ្ញី​ថ្មកែវ មាន​សម្បុរ​ពណ៌​ក្រ​ម៉ៅ​ប្រផេះ​នៅលើ ដងខ្លួន​មាន​ផ្ទាំងៗ​ដូច​ពពក​ធំៗ នៅ​ផ្នែក​ខាងក្រោយ​នៃ​ផ្ទាំង​នេះ​មាន​ពណ៌​ខ្មៅ​ខណ្ឌ​ជា​កំណា​តើ​ដុំ​ផ្ទាំង​នីមួយៗ​។

​ដុំ​ផ្ទាំង​នេះ​រី​កធ​ណំ​នៅ​ផ្នែក​ខាងក្រោយ​ស្មា ដែល​ចាប់ផ្តើម​ពីលើ​ខ្នង​រហូត​ស្ទើរ​ដល់​ក្រោម​ពោះ​។ ច្រមុះ​មាន​ពណ៌​ស និង​នៅលើ​ថ្ងាស​មាន​ស្នាម​អិ​ច​តូចៗ​។ វា​មាន​កន្ទុយ​វែង អុចៗ​នៅ​ផ្នែក​ខាង​គល់ និង​បន្ទះៗ​នៅ​ផ្នែក​ខាងចុង​។ វា​មាន​ជើង​ខ្លី ប្រអប់ជើង​ធំ​ងាយស្រួល​ក្នុងការ​ប្រតោង​មែកឈើ​។ ខ្លា​ពពក​ងាយ​ក្នុងការ​ចំណាំ​ណាស់ គឺ​យើង​គ្រាន់តែ​ក្រឡេកមើល​នៅលើ​ដងខ្លួន​របស់​វា​មាន ផ្ទាំង​ដុំ​សណ្ឋាន​ដូច​ដុំ​ពពក​រាយ​ពាសពេញ​ដងខ្លួន​៕

កម្ពុជា​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់​(Sinovac Vaccine) ចំនួន​១​លាន​ដូ​ស​ទៀត​ពី​ចិន

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ (Sinovac Vaccine) ចំនួន​១​លាន​ដូ​ស​ទៀត ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ទៀតហើយ​។ នេះ​បើ​យោងតាម​ការសរសេរ​រ​បស់​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​ទំ​ព​រ័​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​។
​លោក​បានសរសេរថា​៖« ការរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ គឺជា​ដំណោះស្រាយ​ជា​យុទ្ធសាស្ត្រ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។

​វ៉ាក់សាំង​បានក្លាយ​ទៅជា​វិធានការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ និង​ជួយ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ជំងឺឆ្លង​សាកល​មួយ​នេះ​។ វត្តមាន​វ៉ាក់សាំង​ជា​បន្តបន្ទាប់​នេះ នឹង​ជួយ​ឱ្យ​កម្ពុជា​សម្រេច​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ១៣​លាន​នាក់ ឱ្យបាន​លឿន និង​ទៅតាម​ការគ្រោងទុក​។
​គិត​ត្រឹម​ខែមិថុនា កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ចិន រហូតដល់​ទៅ ៥​លាន​ដូ​ស ហើយ​នៅ​ខែកក្កដា​ខាងមុខ វ៉ាក់សាំង​ប្រមាណ ៣​លាន​ដូ​ស​ទៀត ក៏​នឹងត្រូវ​ដឹក​ពី​ប្រទេស​ចិន មកកាន់​កម្ពុជា​បន្ថែម​ទៀតផង​ដែរ​។

​គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២៦ ខែមិថុនា កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​ជនបរទេស​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា បាន​ចំនួន​ជិត ៤​លាន​នាក់ ស្មើនឹង​ជិត ៤០​ភាគរយ​ហើយ​។ ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រួចរាល់​តាម​ផែនការ នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​បានល្អ ដែលជា​បុព្វហេតុ​មួយ​ជួយ​ឱ្យ​កម្ពុជា​ឈានទៅ​សម្រេចបាន​ស្ថានភាព​ភាព​សេដ្ឋកិច្ច​ល្អប្រសើរ​ផងដែរ​៕

ក្រុមហ៊ុន Axiata និងក្រុមហ៊ុនNINE ផ្តល់ជូន​ស្វ័យប្រវត្តិ​កម្ម​គេហដ្ឋាន​តាមរយៈ​ឧបករណ៍IoT ថ្មីៗ

ភ្នំពេញ ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១៖ គ្រប់គេហដ្ឋានទាំងអស់​ឥឡូវ​នេះ​អាចក្លាយជា​ផ្ទះ​ឆ្លាត​វៃ ជាមួយ​នឹង​ឧបករណ៍​អិុនធឺណិត​ ​Internet of Thing(IoT)ទំនើប ដែលអាចរកទិញ​​បាន​នៅ​តាម​ហាង​SmartShopមួយ​ចំនួន។ ​ឧបករណ៍​ទាំង​នេះ​អាច​គ្រប់គ្រង​បានតាមរយៈ​កម្មវិធី​ទូរស័ព្ទ​ស្មាត​ហ្វូន​ ដែល​អាច​ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្រង​​ពី​ចម្ងាយ និង​រក្សា​សុវត្ថិភាព​ដល់​ទ្រព្យ​សម្បត្តិ​របស់​​ពួកគេ។

ឧបករណ៍​IoTថ្មីៗទាំង​នេះត្រូវបាន​ផលិត​ឡើង​ដើម្បី​ផ្តល់​ជូន​ម្ចាស់​ផ្ទះ​នូវ​សន្តិសុខ​ ការ​គ្រប់​គ្រង និង​ភាព​ងាយ​​ស្រួល​បន្ថែម​ទៀត។

ក្រុមហ៊ុនSmart Axiata បានដាក់​លក់​​ឧបករណ៍IoT ថ្មីៗ​ជាច្រើន ដូចជា​​ម៉ាស៊ីនថត​សុវត្ថិភាព ឧបករណ៍​ចាប់​ផ្សែង អំពូល​ភ្លើង​ប្រើជាមួយWi-Fi និង​ឧបករណ៍​បញ្ជា​Wi-Fi ដោយ​សហការ​ជាមួយ​​ក្រុមហ៊ុន​​ផលិត​ឧបករណ៍​អេឡិច​ត្រូនិចNINE។ បច្ចេក​វិទ្យា​ថ្មីៗនេះ​នឹង​អាច​ឱ្យ​អតិថិជន​គ្រប់​គ្រង​ឧបករណ៍​អេឡិច​ត្រូនិច​ប្រចាំ​ថ្ងៃ​របស់ខ្លួន​បានតាម​រយៈ​កម្មវិធីទូរស័ព្ទដៃSmart Life។

លោកThomas Hundt នាយកប្រតិបត្ដិក្រុមហ៊ុនSmart Axiata បាន​ថ្លែងថា៖ “ឧបករណ៍IoT ឬ Internet of Things ត្រូវ​បានរំពឹង​ថា​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​មនុស្ស និង​របៀបដែល​ពួកគេ​ប្រើប្រាស់បច្ចេកវិទ្យា។ តាម​​រយៈការ​ត​ភ្ជាប់​ឧបករណ៍​ប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃ​ជាមួយ​អិុនធឺណិត អ្នកប្រើប្រាស់​ឧបករណ៍​ឆ្លាត​វៃ​នៅថ្ងៃនេះ​នឹង​មាន​​ការ​គ្រប់គ្រង​កាន់តែ​ខ្លាំង​លើ​ជីវិតប្រចាំថ្ងៃបែបទំនើប និង​សន្តិសុខ​ផ្ទះ​របស់​ពួកគេ”។

លោកបានបន្ថែមថា៖ “ផលិតផល​IoT សម្រាប់​គេហដ្ឋាន​ថ្មីៗ​ទាំង​នេះ​បង្ហាញ​ពីការ​អភិវឌ្ឍយ៉ាង​​ឆាប់រហ័ស​របស់កម្ពុជា​ខាងផ្នែក​បច្ចេក​វិទ្យា​ចល័ត និង​ត្រួសត្រាយផ្លូវ​ឆ្ពោះ​ទៅរក​អនាគតនៃច្ចេក​វិទ្យា 5G របស់​ប្រទេស​កម្ពុជា។ ខ្ញុំ​មាន​មោទនភាព​ជាខ្លាំង​ចំពោះ​តួនាទី​ដែល​ក្រុមហ៊ុនSmart Axiata កំពុង​ដើរ​តួរ​ក្នុង​កិច្ច​ប្រឹង​ប្រែង​នេះ ដើម្បី​ធ្វើ​ទំនើប​កម្មឌីជីថលនៅ​​កម្ពុជា”។

ក្រុមហ៊ុនSmart និងក្រុមហ៊ុនNINE កំពុង​ដាក់​ដំណើរការ​គំនិតផ្តួចផ្តើម​IoT នេះ​ឡើង ដោយ​មាន​​ផលិត​ផល​ចំនួន​ពីរ​ផ្នែក​ដោយ​ផ្តោត​លើ​សន្តិសុខ និង​ស្វ័យ​ប្រវត្តិកម្ម។

ដើម្បី​លើក​កម្ពស់​សន្តិសុខ​ផ្ទះ​របស់​ពួកគេ អតិថិជន​របស់ក្រុមហ៊ុនSmart អាច​ទិញ​ឧបករណ៍​នានា​ដូចជា ឧបករណ៍​ចាប់​​ផ្សែង សិនស័រ​ទ្វា និង​ម៉ាស៊ីនថត​សុវត្ថិភាព ដែល​ភ្ជាប់​ទៅ​នឹង​មណ្ឌល​កណ្តាល​មួយ​ដែល​គ្រប់គ្រង​ឧបករណ៍ទាំងអស់​នោះ។

ក្រុមហ៊ុនSmart និងក្រុមហ៊ុនNINE កំពុង​​ផ្តល់ជូន​ផលិតផលចំនួ​ន​បី​ផ្សេង​ទៀត​​ដែល​មាន​សក្តានុពល​ផ្លាស់ប្តូរ​ជីវិត​ប្រចាំថ្ងៃ​របស់​អតិថិជន។ ឧបករណ៍NINE Smart Wi-Fi Socket Plug អាច​ជួយ​ប្រើប្រាស់​​ឱ្យ​បិទ​និង​បើក​ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ពីចម្ងាយ ខណៈដែល​Wi-Fi Bulb អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​គ្រប់គ្រង​អំពូល​ភ្លើង​ពី​ចម្ងាយ​បានផងដែរ។ ទន្ទឹម​នឹង​នេះ​ដែរ ឧបករណ៍​បញ្ជា​ពី​ចម្ងាយWi-Fi IR Remote អាច​ឱ្យ​ម្ចាស់​ផ្ទះ​គ្រប់គ្រងពី​ចម្ងាយ​បាន​នូវ​​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​​ដូចជា​ម៉ាស៊ីនត្រជាក់ កង្ហារ ទូរទស្សន៍ និង​ឧបករណ៍​ក្នុង​ផ្ទះផ្សេង​ទៀត។ ឧបករណ៍ទាំង​អស់​នេះ​អាច​ត្រូវបាន​គ្រប់គ្រង​តាមរយៈ​កម្មវិធីSmart Life។ ឧបករណ៍​ទាំង​នេះ​ក៏អាច​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សំឡេង​បាន​ផងដែរ​នៅពេលដែល​ភ្ជាប់​ទៅ​នឹង​ឧបករណ៍Google Homeឬ​ឧបករណ៍Amazon Alexa។

លោក Kenny Yap នាយក​គ្រប់គ្រង​ក្រុមហ៊ុនNINE Cambodia បានថ្លែងថា៖ “យើង​យល់​ច្បាស់​ពី​សារៈ​សំខាន់​ដែល​អតិថិជន​របស់​ពួកយើងចាំបាច់ត្រូវមានក្នុងការរស់នៅប្រកបដោយ​ផាសុខភាព​​​នៅក្នុងផ្ទះរបស់​ពួកគេ ហើយយើងត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា អតិថិជន​និង​គ្រួសារ​របស់​ពួកគាត់​មានសុវត្ថិភាព។ តាមរយៈការចាប់ដៃគូជាមួយ​ក្រុមហ៊ុនSmart Axiata ដើម្បី​ផ្តល់ជូន​ឧបករណ៍​IoT សម្រាប់​គេហដ្ឋាន ជាមួ​យ​នឹ​ង​បច្ចេក​វិទ្យា​បណ្តាញ​ទំនើប​របស់​ក្រុមហ៊ុនSmart យើង​កំពុង​ផ្តល់ជូន​អតិថិជនរបស់យើង​នូវការ​គ្រប់​គ្រងផ្ទះ​របស់ពួកគេ​​បន្ថែមទៀត​ ដែលធ្វើ​ឱ្យ​វាមានភាពកក់​ក្តៅ និង​សន្តិសុខ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត”។

ឧបករណ៍​ថ្មីៗ​ទាំង​នេះ​មានដាក់​បង្ហាញ និង​អាច​រក​ទិញបាន​នៅSmart IoT Cornersដែល​ស្ថិត​នៅ​ក្នុង​​ហាង​Smart Shop ចំនួន ៤៖ Smart Shopផ្សារ​អេអ៊នភ្នំពេញ Smart Shopផ្សារ​អេអ៊ន​សែនសុខ​ Smart Shop មជ្ឈមណ្ឌលភ្នំពេញ និង​Smart Shop​ផ្សារ​ទំនើបសូរិយា​សេនធ័រភ័នធ៍។Smart IoT Corners ចំនួន​២ បន្ថែមទៀត​នឹង​បើក​ដំណើរការ​ក្នុងពេលឆាប់ៗ​នេះ​នៅ​ហាងSmart Shop នៅ​ផ្លូវ​មុនីវង្ស និង​ផ្លូវ​នេរុហ៍។ ផលិតផល​ទាំងនេះ​អាច​ទិញជា​លក្ខណៈរាយនីមួយៗ​ក៏បាន ឬ​ជា​កញ្ចប់​ក៏បាន ហើយអតិថិជន​អាច​តម្លើង​​ផលិតផលទាំង​នេះ​បានដោយ​ខ្លួន​ឯង ឬ​ស្នើអ្នកជំនាញ​ពី​​ក្រុមហ៊ុនNINE ឱ្យ​ជួយ​ដំឡើង​ជូន​ក៏បាន។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smartតាមរយៈ www.facebook.com/smartaxiataឬចូលទៅកាន់គេហទំព័រ www.smart.com.kh។ ឧបករណ៍IoT សម្រាប់​គេហដ្ឋានអាច​រកមើលបាន​តាម​រយៈគេហទំព័រ www.smart.com.kh/get-smart/plans/smart-iot

បុព្វ​លាភ​សរុប​របស់​ទីផ្សារ​ធានា​រ៉ាប់​​នៅ​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ កើន​​​ជាង ១៦ភាគ​រយ

ភ្នំពេញៈ បុព្វ​លាភ​សរុប​របស់​ទីផ្សារ​ធានា​រ៉ាប់​​នៅ​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១ មាន​ប្រមាណ ៨៥លាន​ដុល្លារ​ កើន​​​ជាង ១៦ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ ខណៈ​ចំនួន​អ្នក​ទទួល​សេវា​ធានា​រ៉ាប់​រង​មាន​ចំនួន​ជិត ១,២​លាន​នាក់​។ នេះ​បើ​យោង​តាម​សមាគម​ធានា​រ៉ាប់​រង​កម្ពុជា (Insurance Association of Cambodia)។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ធានា​រ៉ាប់​រង​កម្ពុជា (IAC) ឱ្យ​ដឹង​ថា ទីផ្សារ​ធានា​នា​រ៉ាប់រង​នៅ​កម្ពុជា​ ក្នុង​ត្រី​មាស​ទី១ ឆ្នាំ២០២១ បាន​រក្សា​នូវ​ភាព​វិជ្ជមាន​របស់​ខ្លួន​ ដោយ​ទទួល​បាន​​បុព្វលាភ​​សរុប​​ប្រមាណ ៨៥លាន​ដុល្លារ​ កើនឡើង ១៦,​៣ភាគ​រយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០។ ក្នុង​ចំនួន​ទឹក​ប្រាក់​នេះ គឺ​ទីផ្សារ​ធានា​រ៉ាប់រង​ទូទៅ មាន​ចំណែក​ទីផ្សារ​ប្រមាណ ៤៦​​ភាគ​រយ ទីផ្សារ​ធានា​រ៉ាប់រង​អាយុ​ជីវិត មាន​ជិត ៥៣​ភាគ​រយ និង​ធានា​រ៉ាប់រង​ខ្នាត​តូច​មាន​ ១,៤​ភាគ​រយ​​។

បើ​តាម IAC ទីផ្សារ​ធានា​រ៉ាប់រង​អាយុ​ជីវិត មាន​ទំហំ ៤៤,៦​លាន​ដុល្លារ កើន​ឡើង ១៥,៥ភាគរយ​, ទីផ្សារ​ធានា​រ៉ាប់​រង​ទូទៅ មាន​ទំហំ ៣៩,១​លាន​ដុល្លារ កើន​ឡើង ១៩,៥ភាគ​រយ​ និង​ទីផ្សារ​ធានា​រ៉ាប់រង​ខ្នាត​តូច មាន​ទំហំ ១,២​លាន​ដុល្លារ ថយចុះ២៦,៧ភាគ​រយ​។

នៅ​ក្នុង​ត្រីមាស​ទី​១ នេះ​ផង​ដែរ​ ទឹក​ប្រាក់​សំណង​ដែល​វិស័យ​ធានា​រ៉ាប់រង​បាន​ទូទាត់​ទៅ​ឱ្យ​អតិថិ​ជន​មាន​ចំនួន​សរុប ១១,៣​លាន​ដុល្លារ ក្នុងនោះ​សំណង​ទូទាត់​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ មាន ៩,១​លាន​ដុល្លារ​, ធានា​រ៉ាប់រង​អាយុជីវិត​ ២,១​លាន​ដុល្លារ​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាតតូច​ ០,​២លាន​ដុល្លារ​។

យោង​តាម​ IAC គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ​២០២១ នៅ​កម្ពុជា​ចំនួន​អ្នក​ដែល​ត្រូវបាន​ធានារ៉ាប់រង​ មាន​ចំនួន​សរុបជិត​ ១,២លាន​នាក់ ​​ក្នុងនោះ​អ្នក​ទិញ​​ធានារ៉ាប់រង​អាយុ​ជីវិត​មាន​ មាន​ ៣៨ម៉ឺន​នាក់, ធានារ៉ាប់រង​ទូទៅ (ធានា​រ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់​បុគ្គល) មាន ៥១ម៉ឺន​នាក់ និង​ធានា​រ៉ាប់រង​ខ្នាតតូច​ប្រមាណ ២៨ម៉ឺន​នាក់។

គិត​រហូតមក​ដល់ពេល​នេះ​សមាគម​ធានារ៉ាប់រង​កម្ពុជា​មាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន ៣៣ ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន ១៦ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ចំនួន ១១ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន ៥ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន ១៕

តិច​អត់​ដឹង​! ថា​មាន​អេស៊ីលីដា​ម៉ូ​បាល​ដូច​មាន​កាបូប​លុយ​អញ្ចឹង​!

​អត់​ដែល​ដឹង​សោះ​ថា​មាន​អេស៊ីលីដា​ម៉ូ​បាល​ក្នុង​ដៃ ហាក់ដូចជា​កាបូប​លុយ​ដែល​ខ្ញុំ​ចង់​ទូទាត់​ទំនិញ​ឬ​សេវាកម្ម​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល រហ័ស សុវត្ថិភាព​និង​អត់​ខ្វល់​រឿង​ហានិភ័យ​ឆ្លង​មេរោគ​ពី​ការ​កាន់​ក្រដាសប្រាក់​ទូទាត់​នោះទេ​។ ខ្ញុំ​ចង់​ទូទាត់ កម្មង់​ទំនិញ​ឬ​បង់​សេវា​ទឹក​ភ្លើង​ផ្សេងៗ​ពេលណា​ក៏បាន អត់​ខ្វល់​រឿង​កាន់​លុយ​តាម​ខ្លួន​។

​កាលពីមុន​ឃើញ​មិត្តភក្តិ​គាត់​ប្រើប្រាស់​ដើម្បី​កម្មង់​ទំនិញ និង​ទូទាត់​សេវា​នានា អត់​ដែល​ចាប់អារម្មណ៍​សោះ ដល់​តែ​ទាញយក​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល មកប្រើប្រាស់​ទើប​ដឹងថា​យើង​អាច​ទូទាត់​បាន​ទូលំ​លាយ​ទូលាយ សម្បួរ​បែប​ចង់​វេរ​ប្រាក់​ក៏បាន ហើយ​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ទទួលបាន​ការបញ្ចុះ​តម្លៃ​ជាមួយ​ហាង​ដែលជា​ដៃគូរ​របស់​ធនាគារ​អេស៊ីលីដា​យ៉ាងច្រើន​ទៀត​។

​ហើយ​សំខាន់​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ​ស៊ី​ធី និង​អ៊ី​អន​ម៉េ​កវែ​ល​យូ គឺ​ខ្ញុំ​ទូទាត់​តាម​ឃ្យូ​អរ​កូដ​អេស៊ីលីដា​ម៉ូ​បាល​បាយ​ដោយ​ងាយស្រួល​។

​តោះ​ចូលទៅ​ទាញយក​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​ទាំងអស់គ្នា​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ទាំងនេះ​តាមរយៈ​App Store, Play Store, App gallery ដូច្នេះ​យើង​នឹង​ទទួលបាន​ការប្រើប្រាស់​សេវាកម្ម​យ៉ាងច្រើន​តាម​សេចក្តីត្រូវការ មិន​អស់ថ្លៃ​សេវា​៕
​ប្រសិនបើ​លោកអ្នក​មាន​ចម្ងល់ ឬ​សំណូមពរ​ផ្សេងៗ (​បម្រើ​២៤​ម៉ោង​) សូម​ទូរ​សព្ទ​ទៅកាន់​លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬ​ផ្ញើ​សារ​អ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh