អាជីវករ​ក្នុងស្រុក​អាច​ស្វែងរក​ដៃគូរ​ពាណិជ្ជកម្ម​តាមរយះ ពិព័រណ៍​ផលិតផល​កាហ្វេ និង​ភោជនីយដ្ឋាន​អាស៊ី ឆ្នាំ​២០២១

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​ប្រកាស​អំពាវនាវ​ដល់​អាជីវករ និង​ពាណិជ្ជករ​ក្នុងស្រុក​ចូលរួម​ពិព័រណ៍​ផលិតផល​កាហ្វេ និង​ភោជនីយដ្ឋាន​អាស៊ី ឆ្នាំ​២០២១ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ ក្នុងប្រទេស​សិង្ហបូរី​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែមិថុនា​នេះ ការរៀបចំ​ពិព័រណ៍​ផលិតផល​កាហ្វេ និង​ភោជនីយដ្ឋាន​អាស៊ី ឆ្នាំ​២០២១ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ Marina Bay Sands Singapore, Hall-B & C សិង្ហបូរី ដោយ​ក្រុមហ៊ុន​រៀបចំ​សេវា​សន្និសីទ និង​ពិព័រណ៍​ពាណិជ្ជកម្ម​របស់​សិង្ហបូរី (Conference & Exhibition Management Services Pte Ltd-CEMS)​។​

​ក្រសួង​បានឱ្យដឹង​ទៀតថា ការរៀបចំ​ព្រឹ​តិ្ត​ការណ៍​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ ក្រុមហ៊ុន CEMS របស់​ប្រទេស​សិង្ហបូរី នឹង​រៀបចំ​ជា ២ ទម្រង់ ដើម្បី​ផ្តល់​ជម្រើស​ដល់​អ្នកចូលរួម​គឺ​៖

-​ទី​១៖ ការចូលរួម​ដោយផ្ទាល់​នៅ​សិង្ហបូរី ដោយ​អ្នករៀបចំ​កម្មវិធី​បានផ្តល់​ទីតាំង​ដល់​ប្រទេស​កម្ពុជា​ចំនួន ៣៦ ម៉ែត្រការ៉េ ក្នុងនោះ ៩ ម៉ែត្រការ៉េ ផ្តល់ជូន​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​សិង្ហបូរី ដោយ​ឥតគិតថ្លៃ​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​វប្បធម៌ និង​ទេសចរណ៍ និង ២៧ ម៉ែត្រការ៉េ ស្នើ​នឹង ៣ ស្តង់ ជូន​ក្រុមហ៊ុន​មកពី​កម្ពុជា សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​កាហ្វេ និង​ផលិតផល​ផ្ទះបាយ​ដើម្បី​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ដោយ​ត្រូវ​បង់​កម្រៃ​ស្តង់​ចំនួន ១៥,៦៦០ ដុល្លារ​សិង្ហបូរី ស្មើនឹង ១១,៦០០ ដុល្លារ​អាម៉េរិក (​ស្តង់​មួយ​មានតម្លៃ ៣,៨៦៦ ដុល្លារ​អាម៉េរិក​)​។​

-​ទី​២៖ ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ (Virtual Platform) អ្នកចូលរួម​ត្រូវ​បង់​កម្រៃ​ជា​កញ្ចប់​ចំនួន ១,៥០០ ដុល្លារ​សិង្ហបូរី ស្នើ​នឹង​១,១១០ ដុល្លារ​អាម៉េរិក ក្នុង​មួយក្រុម​ហ៊ុន​។

​ក្រសួង​ថា លោក លោកស្រី​ដែលជា​ម្ចាស់​សហគ្រាស​ផលិត និង​កែច្នៃ​គ្រាប់​កាហ្វេ និង​ផលិតផល​ផ្ទះបាយ ដែលមាន​ចំណាប់អារម្មណ៍ និង​មានបំណង​ស្វែងរក​ដៃគូ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​សិង្ហបូរី ឬ​ទីផ្សារ​ក្នុង​តំបន់ សូម​ទំនាក់ទំនង​ដោយផ្ទាល់​ទៅ​លោកស្រី Roberto Pozzi អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍​តាមរយៈ​ទូរស័ព្ទ (៣៩) ៣៤៧ ១២៧ ២៥១២ ឬ​អ៊ី​ម៉ែ​ល roberta@cems.com.sg ឬ ធ្វើ​ទំនាក់ទំនង​មក​មន្ត្រី​សម្របសម្រួល កញ្ញា តុង រី​ត្តា ប្រធានការិយាល័យ នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម តាមរយៈ​ទូរស័ព្ទ​លេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ី​ម៉ែ​ល ritatong19@gmail.com ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​រហូត ដល់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ ជា​កំណត់​៕

ការ​ជួញ​ដូរ​នៅ​លើ​ផ្សារ​ភាគ​ហ៊ុន​កម្ពុជា​កើនឡើង៣ដងក្នុងត្រីមាសទី១

ភ្នំពេញ៖ ទំហំ​មូល​ធនូប​នីយ​កម្ម​ទីផ្សារ​សរុប​នៃទី​ផ្សារ​មូល​បត្រ​កម្ម​សិទ្ធិ​នៅ​ចុង​ត្រី​មាស​ទី​១ ​ឆ្នាំ​២០២១​ ​មាន​តម្លៃ​ប្រហែល​២,​៤០​ពាន់​​លាន​ដុល្លារ​ ​កើន​ឡើង​​ជាង ​៣ដង​ ខណៈដែល​សន្ទស្សន៍ CSX មាន​ ​៦៣៩,​៣៦​ពិន្ទុ​ ​កើនឡើង ​៨​ភាគ​រយ​ធៀប​នឹង​រយៈ​ពេលដូច​គ្នា​​​ឆ្នាំ​២០២០​។ នេះបើ​យោង​តាម​ព្រឹត្តិ​ប័ត្រ​ស្ថិតិ​ជួញ​ដូរ​មូល​បត្រ​ចុង​ក្រោ​យ​បំ​ផុត​របស់​​និយ័ត​ករ​​​មូល​បត្រ​​កម្ពុជា​​(SERC)​។

យោង​តាម​ព្រឹត្តិ​​បត្រស្ថិតិ​នេះ​ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មានចំនួន​ ៥,​៥៣៤,​១៤៦​ភាគ​ហ៊ុន​ ​កើន​ឡើង ​៥១​ភាគ​រយ​​ធៀប​នឹង​ត្រី​មាស​ទី​៤ ​ឆ្នាំ ២០២០​ ខណៈដែល​តម្លៃ​ជួញដូរ​មូល​បត្រ​សរុប​មា​ន​តម្លៃប្រហែល​ ៨,​៦១​លាន​ដុល្លារ​ កើន​ឡើង ​១៥២​ភាគរយ​ធៀប​នឹង​ត្រី​មាស​ទី​៤ ​ឆ្នាំ​២០២០​ និង​បាន​កើន​ឡើង ​៧៩៣​ភាគរយ​ធៀប​នឹង​រយៈ​ពេលដូច​គ្នា​​ឆ្នាំ​២០២០​។​

ព្រឹត្តិ​បត្រនេះ​បាន​បង្ហាញ​ថា ទំហំ​ការ​ជួញដូរ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​មានចំនួន​ ៩០ ​៧២៤​ភាគរយ​ ខណៈ​ដែល​តម្លៃ​ជួញ​ដូរ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​មាន​ចំនួន​ប្រហែល ​១៤ ១១៨ ០០០​ដុល្លារ​ ខណៈ​ដែល​ការ​បញ្ជា​ទិញ​សរុប​មាន​ចំនួន​ប្រហែល​ ២០,​៥៥​លាន​ភាគ​ហ៊ុន និង​ការ​បញ្ជា​ការលក់​សរុប​មានចំនួន​ប្រហែល​ ១៨,​០៨​លាន​ភាគ​ហ៊ុន​៕

រដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលសហការគ្នាលើកកម្ពស់ផលិតផលមាន់ស្រែ

ភ្នំពេញៈ អង្គការ​ហេហ្វឺ​អន្តរ​ជាតិ​កម្ពុជា​(HEIFER International Cambodia)​ប្រកាស​ជា​ផ្លូវការ​ប្រគល់​រថ​យន្ត​និង​រ៉ីម៉ក​កង់​បី​សរុប​ ២១ គ្រឿង និង​សាងសង់​ហេដ្ឋរចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត​ដែល​មាន​ទឹក​ប្រាក់​សរុប​ជិត ​៥០ ​ម៉ឺន​ដុល្លារ​ដល់​សហគមន៍​ចំនួន​ ២១ នៃ​​គម្រោង​កម្ម​វិធី​ស្តីពី​សហគ្រាស​កែច្នៃ​ផលិត​ផល​មាន់​ស្រែ​ខ្មែរ​សម្រាប់​មោទន​ភាព​ជាតិ​កម្ពុជា។

ការ​​ផ្តួត​ផ្តើម​គម្រោង​ដោយ​អង្គការ​ហេហ្វឺ​អន្តរជាតិ​កម្ពុជា​ដែល​មាន​រយៈ​ពេល ​៥ ​ឆ្នាំ ​ចាប់ពី​ឆ្នាំ ​២០២១ ​ដល់ ឆ្នាំ ​២០២៦ ​ក្នុង​គោល​បំណង​ ដើម្បី​ពន្លឿន​ការ​រីក​លូត​លាស់​នៃ​ផលិត​កម្ម​មាន់​ស្រែ​ខ្មែរ​តាម​រយៈ​ការ​ពង្រឹង​អំណាច​សហគមន៍​ និងកា​រ​អភិវឌ្ឍ​សមត្ថ​ភាព​ស្ថាប័ន​សហគមន៍​កសិកម្ម​។​

គម្រោងនេះ​ក៏​ជំរុញ​ការ​​វិនិយោគ​លើ​ការ​កសាង​សហ​គ្រាស​កែច្នៃ​ផលិត​ផល​មាន់​ស្រែ​ខ្មែរ​ ការ​កសាងក​សិ​ដ្ឋាន​ភ្ញាស់​កូន​មាន់​ស្រែ​ស្តង់​ដារ​ ​និង​ការ​គាំទ្រ​វិនិយោគ​​លើ​គ្រួសារ​កសិករ​ឲ្យ​ឈាន​ទៅ​រក​ការ​បង្កើត​សហគ្រាស​កសិកម្ម​ខ្នាតតូច​និង​មធ្យម​។​

លោក​ ញ៉ែម​ សារ៉េត​ នាយក​ប្រចាំ​ប្រទេស​ អង្គការហេហ្វឺអន្តរជាតិកម្ពុជា ថ្លែង​ក្នុងកម្ម​ពិធីប្រគល់និង​ទទួល ​កាលពី​ថ្ងៃចន្ទថាអង្គការ​ហេហ្វឺ​កម្ពុជាប្រគល់​ជា​ផ្លូវ​ការ​នូវ​យាន​យន្ត​ចំនួន ៧​ គ្រឿង ​និង​រ៉ឺម៉ក​​កង់​បី​ចំនួន​ ១៤ គ្រឿងដល់​សហគម​ន៍​កសិកម្ម​ចំនួន​ ២១ ដែល​ជាតម្រូវ​ការ​​បន្ទាន់​សម្រាប់​ការ​ប្រកប​អាជីវ​កម្ម​ក្នុង​កំឡុង​ពេល​វិបតិ្ត​ជំងឺ​កូវីដ​១៩។ ក្រៅពីនេះ​ អង្គការ​ហេហ្វឺ​អន្តរ​ជាតិ​កម្ពុជាក៏​នឹង​ប្រគល់​ ផ្សារ​សហគមន៍ចំនួន​ ៥ កន្លែង​​ ការិយា​ល័យ​សហគមន៍​កសិកម្ម ​៣​ កន្លែង​​ និង​ឃ្លាំងត្រ​ជាក់​ ២ កន្លែង​ ដើម្បី​​រួម​ចំណែក​​​អនុវត្ត​ក្នុង​គម្រោង​នេះ​។​

លោក សារ៉េត ថ្លែងទៀតថា៖«កម្ម​វិធី​នេះ​នឹង​​ផ្តល់​ប្រយោជ​ន៍ដោយ​​ផ្ទាល់​​ដល់​គ្រួសារ​កសិករ​ប្រមាណ​ជាង​​ ៥៣ ៣០០​ គ្រួសារ​ ក្នុង​ខេត្ត​ចំនួន​ ១១​ ដើម្បី​ឈាន​ទៅ​រក​បង្កើន​ប្រាក់​​ចំណូល​​បាន​ច្រើន​សម្រាប់​គ្រួសារ​កសិករ​​ និង​​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​បង្កើន​ការ​ផ្គត់​ផ្គង់​ស៊ុត​មាន់​ស្រែ​ខ្មែរ​ កូន​មាន់​ស្រែ​ខ្មែរ​ ការ​ចិញ្ចឹម​មាន់​យក​សាច់​មាន់​ស្រែ​ខ្មែ​​រ និង​ការ​កែច្នៃ​ និង​វេច​ខ្ចប់​សាច់​មាន់​ស្រែ​ខ្មែរ​នៅ​ក្នុង​ស្រុក​ ព្រម​ទាំង​ចូល​រួម​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​សាច់​មាន់​ពី​ប្រទេស​ជិត​ខាង ផងដែរ​​»។

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​លោក​ វេង ​សាខុន​ បាន​ថ្លែង​ក្នុង​កម្មវិធីនេះថា ​គម្រោង​នេះ​គឺ​សមស្រប​និង​មាន​លក្ខណៈ​ជោគ​ជ័យ​ខ្ពស់​ដោយសារ​ផលិត​ផល​មាន់​ស្រែ​មាន​តម្រូវ​ការ​ខ្ពស់​នៅ​លើ​ទីផ្សារ​ ហើយ​កសិករ​ចិញ្ចឹម​មាន់​មាន​ជំនាញ​ និង​បច្ចេក​ទេស​ខ្លះ​រួច​ម​ក​ហើយ។

លោក​បាន​ឱ្យដឹងទៀតថា ជំនួយ​នេះ​ជា​សក្ខី​ក​ម្ម​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៃ​អភិក្រម​«រដ្ឋ-​ដៃគូអភិវឌ្ឍន៍​-​វិស័យ​ឯកជន​ និង​សហគមន៍​កសិកម្ម​»ដែល​ស្រប​នឹង​គោល​នយោបាយ​ និង​ផែន​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ២០១៩-២០២៥​ របស់​រដ្ឋាភិបាល​។​

លោក សារ៉េត ​អះអាងថា មធ្យោបាយ​ដឹកជញ្ជូន និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គាំ​ទ្រ​គម្រោង​នេះមាន​ទឹក​ប្រាក់​សរុប​ ​៤៩៣​ ៣០២​ ដុល្លា​រដែល​​មាន​ការ​ចូល​រួម​បដិភាគ​ពី​សហគមន៍​កសិកម្ម​ចំនួន​ ​១២១ ​៥៥៤​ ដុល្លារ
​(ចន្លោះ​ប្រមាណពី​២២%​ ទៅ​ ៣៣%​ភាគរយ​)​។ 

បច្ចុប្បន្ន​នេះ ​អង្គការ​ហេហ្វឺកម្ពុជា​បាន​​ជួយ​ដល់​គ្រួសារ​កសិករ​ចំនួន​ ៣៤ ៧៥៨​ គ្រួសារ​ ក្រុម​ជួយ​ខ្លួន​ឯង​ចំនួន​ ១ ២៨២ ​ក្រុម(​ស្រ្តី​ ២៤ ៧៦៥ ​នាក់)និង​សហគមន៍​កសិកម្ម​ចំនួន​ ៧៥​​ ក្នុង​ស្រុក​ ២៨ ​ក្នុង​ខេត្ត​១១។​​

គិត​មក​ត្រឹម​ខែមេសា ​ឆ្នាំ ​២០២១ ​ប្រាក់​សន្សំ​របស់​សហគមន៍​កសិកម្ម​មាន​ចំនួន​ ៣,៤​ លាន​ដុល្លា​រ​(Amount​ of​ Saving​ in​ ACs)ប្រាក់​ភាគ​ហុន​សរុ​បចំនួន​ ១,៣​ លាន​ដុល្លារ​ Amount​ of​ share​ capital​ in​ ACs)​ដែល​កំពុង​វិនិយោគ​ក្នុង​ខ្សែ​ច្រវ៉ាក់​កសិកម្ម​មាន់​ស្រែ ​និង​បន្លែ​សុវត្ថិ​ភាព​​៕

កម្ពុជា​ចាប់ផ្តើម​បើក​ទំ​ព​រ័​ប្រវត្តិសាស្ត្រ​នៃ​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លើកដំបូង​

​ភ្នំពេញ​៖ អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លើកដំបូង​របស់​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ​ជិត ២ លាន​តោន ក្នុង​មួយឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត​៩០​ភាគរយ ហើយ​អាច​ទាញ​ចំណូល​ប្រមាណ ១៨៥ លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ ដែល​ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្ទាល់​មាន​ប្រមាណ​៤០​លាន​ដុល្លារ​អាម៉េរិក​។​

​យោងតាម​ទំ​ព​រ័​ផ្លូវការ​របស់លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ថ្ងៃទី ២១​ខែមិថុនា ឆ្នាំ​២០២១​បានសរសេរថា ថ្ងៃនេះ​កម្ពុជា​បានចាប់ផ្តើម​បើក​ដំណើរការ​ចម្រាញ់​មាស​លើកដំបូង នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​រ៉ែ​និង​ថាមពល ជា​សេនាធិការ នឹង​ប្រារព្ធ​ពី​ធី​បើក​ដំណើរការ​ចម្រាញ់​មាស​លើកដំបូង របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ​តំបន់​អូរ​ខ្វាវ ខេត្តមណ្ឌលគិរី ។​

​លោក​បានសរសេរថា ការបើក​ដំណើការ​នេះ បន្ទាប់ពី​បាន​ចំណាយពេល​អស់​រយៈពេល​ជិត ១៤ ឆ្នាំ ក្នុងការ​សិក្សា​ស្វែង​រុករក ការសិក្សា​វាយតម្លៃ​សមិទ្ធិ​ភាព​សេដ្ឋកិច្ច​នៃ​ជម្រក​ធនធាន​រ៉ែ កម្ពុជា​បានប្រកាស​ពី​ការរកឃើញ​ជម្រក​ធន​ធាន​រ៉ែ​មាស ដែលមាន​លក្ខណៈ​ឧស្សាហកម្ម នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី ជា​លើកដំបូង​នៅ​កម្ពុជា ។

​លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​បន្តទៀតថា​៖«​ការសាងសង់​ឋ​បន​ភ័​ណ្ឌ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ នៃ​ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ត្រូវបាន​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ឆ្នាំ ២០២០ ដោយ​ប្រើប្រាស់​ទុនវិនិយោគ​សរុប​ប្រមាណ ១២០​លាន​ដុល្លា​សហរដ្ឋអាមេរិក ហើយ​ត្រូវ​បានបញ្ចប់​និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​លោក ស៊ុយ សែម ដែល​បាន​ធ្វើជា​អធិបតីភាព​ក្នុង ពិធី​បើក​ដំណើរការ​ចម្រាញ់​មាស​លើកដំបូង​នេះ​មានប្រសាសន៍ថា នៅពេល​ដំណើរការ ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ​ជិត ២ លាន​តោន ក្នុង ១ ឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត ៩០​ភាគរយ មាស​នេះ នឹង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ៤៦២ នាក់ ក្នុងនោះ​ជនជាតិខ្មែរ​ប្រមាណ ៤២៧ នាក់ និង​បរទេស ៣៥ នាក់ ហើយ​អាច​ទាញ​ចំណូល​ប្រមាណ ១៨៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង ១ ឆ្នាំ ដែល​ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្ទាល់​មាន​ប្រមាណ ៤០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​លោក​បាន​បញ្ជាក់ថា​៖« នេះ​គឺជា​សមិទ្ធផល​ថ្មីស្រឡាង​មួយទៀត ដែល​កើតចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ឯកភាព​ជាតិ ដែលជា​កត្តាចាំបាច់​បំផុត និង​មិនអាច​ខ្វះ​បាន ក្នុងការ​អនុញ្ញាត​ឱ្យមាន​ការវិនិយោគ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​វិស័យ​ធនធាន​រ៉ែ​នេះ​»​។​

​កាលពី​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញ​សារ​ជូន​ជនរួមជាតិ​អំពី​ការប្រកាស​ដាក់​ឲ្យ​ដំណើរការ​ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ដោយ​ខ្លឹម​សារបាន​បញ្ជាក់ថា “​អាជីវកម្ម​រ៉ែ​មាស គឺជា​អាជីវកម្ម​ដែល​ត្រូវការ​វិនិយោគ​ប្រកបដោយ​វិជ្ជាជីវៈ មិនមែន​គ្រប់គ្នា​ចេះតែ​អាចធ្វើ​ការអភិវឌ្ឍ​បាន​នោះទេ​។

​លោក​ថា​៖«​ការដាក់ឱ្យ​ដំណើរការ​ឧស្សាហកម្ម​រ៉ែ​មាស​ថ្ងៃនេះ មិនមែនជា​ការប្រកាស​លើកទឹកចិត្ត​ឲ្យ​សាធារណជន​ទាំងឡាយ​ចាប់យក​របរ​អាជីវក​ម្ម​រ៉ែ​មាស​នេះឡើយ ព្រោះថា វា​ជា​អាជីវកម្ម​មាន​គ្រោះ​ហានិភ័យ​ខ្លាំង ត្រូវការ​ដើមទុន​ច្រើន និង​ជំនាញ​ពិតប្រាកដ​»៕

តើលោកអ្នកមានផែនការសម្រាប់គម្រោងគេហដ្ឋានក្នុងក្តីសុបិនហើយរឺនៅ?

ការរៀបចំផែនការសម្រាប់គេហដ្ឋានក្នុងក្តីសុបិនរបស់លោកអ្នក និងការជ្រើសរើសធនាគារដែល​ផ្ដល់​ទំនុក​ចិត្តខ្ពស់ និងមានភាពងាយស្រួល ពិតជាមានសារៈសំខាន់ណាស់។

ឥណទានគេហដ្ឋានរបស់​​​ ធនាគារ ហុង លីអុង គឺជាជម្រេីសដ៏ល្អសម្រាប់លោកអ្នក ដោយទទួលបាននូវអត្រាការប្រាក់ដ៏ល្អ ត្រឹមតែ *៦.៩៩% ក្នុងមួយឆ្នាំរហូតដល់ ២៥ឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម៖

ទូរសព្ទ ៖ 023 999 711

គេហទំព័រ ៖ https://www.hlb.com.kh

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Planning for your Dream Home and Choosing a Reliable Bank is Very Important.

Hong Leong Bank Home Loan is the ideal choice for you, with our Lowest Interest Rate of *6.99% p.a for up to 25 years.

For more information:

Tel: 023 999 711

Website: https://www.hlb.com.kh

*T&C Apply

រដ្ឋាភិបាលប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យ​គយជំនាន់​ថ្មី

ភ្នំពេញៈ ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យ​គយ​(អាស៊ី​គូ​ដា) (Automated System for Customs Data-ASYCUDA) ជំនាន់​ថ្មី ៤.៣.៣ ដែល​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ ត្រូវ​រំពឹង​ថា នឹង​ជួយ​ធ្វើ​ឱ្យ​ការ​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ កាន់​តែ​មាន​ភាព​ងាយ​ស្រួល ឆាប់​រហ័ស និង​មាន​ប្រសិទ្ធ​ភាព​សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

យោង​តាម​លិខិត​របស់​អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ដែល​ចុះ​កាល​បរិច្ឆេទ​នា​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឱ្យ​ដឹង​ថា ដើម្បី​ចូលរួម​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ប្រសិទ្ធភាព​នៃ​កិច្ចការ​សម្រួល​ពាណិជ្ជ​កម្ម​​ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា បាន​រៀបចំ​រួច​រាល់​នូវ​ការ​ធ្វើ​វិសិដ្ឋ​កម្ម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យ​គយ(អាស៊ី​គូ​ដា) ជំនាន់ ៤.៣.៣ សម្រាប់​បម្រើ​ឱ្យ​ការ​បំពេញ​បែប​បទ​បញ្ចេញ​ទំនិញ​ពី​គយ។

លិខិត​បាន​បន្ត​ថា ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​សម្រេច​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ទិន្នន័យ​ជំនាន់ ៤.៣.៣ ចាប់ពី​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ តទៅ៕

រដ្ឋាភិបាលសម្រេច​លើក​ចេញ​នូវ​បម្រាម​នាំ​ចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កកនាំចូលពីឥណ្ឌា

ភ្នំពេញៈ កម្ពុជា​បាន​សម្រេច​លើក​ចេញ​នូវ​បម្រាម​នាំ​ចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កក​ដែល​អាច​មាន​ហានិភ័យ​ផ្សេង​ទៀត​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​បាន​ពិនិត្យ​ឃើញ​ថា ស្ថានភាព​នាំ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ប្រទេស​ឥណ្ឌា​មាន​ភាព​ធូរ​ស្រាល និង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្កក​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​កន្លង​មក គឺ​អវិជ្ជមាន​មេរោគ​កូវីដ​១៩ ទាំង​អស់។

លិខិត​របស់​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឱ្យ​ដឹង​ថា យោង​តាម​ស្ថានភាព​ធូរ​ស្រាល​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ឥណ្ឌា និង​លទ្ធផល​អវិជ្ជមាន​នៃ​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្កក​នា​ពេល​កន្លង​មក រាជ​រដ្ឋាភិបាល​សម្រេច​លើក​លែង​បម្រាម​លើ​ការ​នាំចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កក ដែល​អាច​មាន​ហានិភ័យ​ផ្សេង​ទៀត​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដោយ​ដាក់​មក​ជំនួស​វិញ​នូវ វិធានការ​បណ្តោះ​អាសន្ន​មួយ​ចំនួន។

វិធាន​ការ​ទាំង​នោះ​មាន​ដូច​ជា គ្រប់​ការ​នាំ​ចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កក​ដែល​អាច​មាន​ហានិភ័យ​ គឺ​តម្រូវ​ឱ្យ​មាន​វិញ្ញាបន​បត្រ ឬ​លិខិត​បញ្ជាក់​បន្ថែម​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ដើម​កំណើត​ទំនិញ ដែល​បញ្ជាក់​ថា គ្មាន​វ័រុស​កូវីដ​១៩ លើ​សាច់​បង្កក  និង​នៅ​ពេល​ទំនិញ​មក​ដល់​ តម្រូវ​ឱ្យ​យក​សំណាក​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា  មុន​ពេល​អនុញ្ញាត​ឱ្យ​បំពេញ​បែប​បទ​បញ្ចេញ​ទំនិញ​ពី​គយ ។

ទោះ​យ៉ាង​ណា លិខិត​បាន​លើក​ដែរ​ថា ៖«យោង​តាម​ពេល​វេលា និង​ការវិវត្ត​ជាក់​ស្តែង ការ​អនុវត្ត​លក្ខខណ្ឌ​ទាំង ២ អាច​នឹង​ត្រូវ​បន្ធូរ​បន្ថយ ឬ​ដក​ចេញ​ទាំង​ស្រុង ដោយ​ផ្អែក​លើ​ស្ថានភាព​ធូរស្រាល​នៃ​ការរីក​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​នាំ​ចេញ និង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្កក​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បើ​រកឃើញថា អវិជ្ជ​មាន ជា​បន្ត​បន្ទាប់»។

យោង​តាម https://www.worldometers.info/ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ ប្រទេស​ឥណ្ឌា បាន​តត់​ត្រា​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ សរុប ២៩ ៨៨១ ៣៥២​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ៣៨៦ ៧៤០​នាក់​។ នៅ​ក្នុង​ថ្ងៃ​ទី​១៩ អ្នក​ជំងឺ​កូវីដ​១៩ ចំនួន ៥៨ ៥៨៨​នាក់​ត្រូវ​បាន​រក​ឃើញ​៕​

កម្ពុជា​នឹងបើក​បើក​ការ​ដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុភារកម្ម​ភ្នំពេញនៅ​ឆ្នាំ​ក្រោយ

ភ្នំពេញៈ រាជ​រដ្ឋា​ភិបាល​គ្រោងនឹង​បើក​ការ​ដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ភស្តុភារកម្ម​ភ្នំពេញ​(PPLC)នៅ​ឆ្នាំ​ក្រោយ ​ដែល​ជា​តភ្ជាប់​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​។

ការ​បង្ហើប​ពី​ផែនការ​នេះ​ត្រូវ​ធ្វើ​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោ​បល់​ដឹក​នាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​(MPWT)​ ​លោក ​ស៊ុន​ ចាន់ថុល ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​(Stakeholder Consultation)​ស្តីពី​ការ​រៀប​ចំ​ផែន​ការ​មេ​ស្តីពី​«ការ​តភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ ​និង​ភស្តុភារ​កម្ម»កាល​ពី​ថ្ងៃទី ​១៧ ​ខែ​មិថុនា ​ឆ្នាំ​នេះ​។​

ក្នុង​ជំនួបនេះ ​លោក ​ស៊ុន​ ចាន់​ថុល​ ថ្លែងថា​ ការ​ពិគ្រោះ​យោបល់​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ប្រមូល​ធាតុ​​ចូល​បន្ថែម​​មុន​នឹង​ដាក់​ឆ្លង​ទៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ពិនិត្យ​និង​សម្រេចដោយ​លោកបង្ហាញ​ក្តី​សង្ឃឹម​ថា​​កម្ពុជា​នឹង​អាច​បើក​ការ​ដ្ឋាន​សាង​សង់​ PPLC នៅ​​ឆ្នាំ ​២០២២​។​

លោករដ្ឋមន្រ្តី​ថ្លែងថា៖«យើង​សង្ឃឹម​ថា​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ​នៅ​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​យើង​អាច​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន​YCH​របស់​សឹង្ហបុរី​និង​ឈាន​ទៅ​បើក​ការ​ដ្ឋាន​សាង​សង់​មជ្ឈ​មណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញនេះ​បាន​»។

នៅ​ថ្ងៃទី​ ១០ ​ខែ​ កញ្ញា ​ឆ្នាំ​ ២០២០​ ទាំង​ MPWT​និង​ YCH ​បាន​ចាប់​ផ្តើម​ការ​ពិភាក្សា​លើ​គម្រោង ​PPLC​ នេះ​ដែល​មាន​ទីតាំង​នៅ​លើ​ដី​ ៩៨​ ហិកតា ​ក្នុង​ឃុំ​សំរោង​ក្រោម ​ខណ្ឌ​ដង្កោ ​នៅ​ប៉ែក​ខាង​លិច​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​។

លោក​ ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹតទៀតថា ការ​​ពិភាក្សា​គ្នា​នេះ​បាន​ផ្តោត​ទៅ​លើ​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ផែនការ​មេ ​២​គឺ ​ផែន​ការ​មេ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស ​និង​ផែនការ​មេដឹក​ជញ្ជូន​ពហុ​មធ្យោបាយ ​និង​ភស្តុភារកម្ម​ដើម្បី​ឱ្យ​មាន​ភាព​គ្រប់​ជ្រុង​ជ្រោយ ​និង​អាច​យក​ទៅ​អនុវត្ត​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទាក់​ទាញ​ការវិនិយោគ និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​។

លោក​ថ្លែង​ទៀត​ថា​៖​«យើង​នឹង​កោះ​ប្រជុំ​គណៈ​កម្មាធិកា​ជាតិ​ភស្តុភារ​កម្ម​នៅ​សប្តាហ៍​ក្រោយ​ មុន​នឹង​ដាក់​ទៅ​គណៈ​រ​ដ្ឋ​មន្ត្រី​ ដើម្បី​ស្នើ​សុំ​ការ​អនុម័ត​លើ​ផែន​ការ​មេ​ស្តីពី​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុម​ធ្យោបាយ​ និង​ភស្តុភារ​កម្ម​»។

កាល​ពី​ថ្ងៃទី​ ៤​ ខែមីនា ​ឆ្នាំ ​២០២១ ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​ជាមួយ​ក្រុមហ៊ុន​YCH ​ដែល​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​Infrastructure​ Asia ​(IA)​ដើម្បី​សិក្សា​គម្រោង​អភិវឌ្ឍ​មជ្ឈ​មណ្ឌល​ភស្តុភារកម្ម​ភ្នំពេញ​ក្នុង​រយៈ​ពេល​៩​ខែ​ ដើម្បី​ឈាន​ទៅ​រក​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​សម្បទាន​ដើម្បី​អនុវត្ត​គម្រោង​នេះ​៕

Wow Wow! សប្បាយទិញ! សប្បាយនឹងការបញ្ចុះតម្លៃជាមួយអេស៊ីលីដាម៉ូបាល


តោះតោះដើរផ្សារ សប្បាយនឹងការបញ្ចុះតម្លៃជាមួយអេស៊ីលីដាម៉ូបាលក្នុងឪកាសប្រូម៉ូសិនពាក់កណ្តាលឆ្នាំបានមកដល់ទៀតហើយ ទទួលបានប្រាក់វិញ ៣០% (រហូតដល់ ១០ដុល្លារ) រាល់ការទូទាត់តាមអេស៊ីលីដាម៉ូបាល នៅផ្សារទំនើប អ៊ីអនម៉លភ្នំពេញ និងផ្សារទំនើប អ៊ីអនម៉លសែនសុខ ស៊ីធី ចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់អស់ពីស្តុក។

ការប្រើប្រាស់អេស៊ីលីដាម៉ូបាលពិតជាមានអត្ថប្រយោជន៍ច្រើនមែន មិនត្រឹមតែទទួលបានការបញ្ចុះតម្លៃទេ គឺអតិថិជនអេស៊ីលីម៉ូបាលក៏ទទួលបាននូវការបញ្ចូលប្រាក់ ផ្ទេរប្រាក់ បង់ថ្លៃវិកយបត្រអគ្គីសនី បង់ថ្លៃទំនិញ និងសេវាផ្សេងៗតាមទូរស័ព្ទដៃបានជាច្រើនទៀតផងដែរ។

សូមចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះតាមរយៈApp Store, Play Store, App gallery ៕

ជាមួយធនាគារហុង លីអុង បំពេញក្តីសុបិនសម្រាប់គេហដ្ឋានរបស់លោកអ្នក

ការរៀបចំផែនការសម្រាប់គេហដ្ឋានក្នុងក្តីសុបិនរបស់លោកអ្នក និងការជ្រើសរើសធនាគារដែលផ្ដល់ទំនុកចិត្តខ្ពស់ និងមានភាពងាយស្រួល ពិតជាមានសារៈសំខាន់ណាស់។ ឥណទានគេហដ្ឋានរបស់​​​ ធនាគារ ហុង លីអុង គឺជាជម្រេីសដ៏ល្អសម្រាប់លោកអ្នក ដោយទទួលបាននូវអត្រាការប្រាក់ដ៏ល្អ ត្រឹមតែ *៦.៩៩% ក្នុងមួយឆ្នាំរហូតដល់ ២៥ឆ្នាំ។សម្រាប់ព័ត៌មានបន្ថែម៖ទូរសព្ទ ៖ 023 999 711គេហទំព័រ ៖ https://www.hlb.com.kh*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត–Planning for your Dream Home and Choosing a Reliable Bank is Very Important. Hong Leong Bank Home Loan is the ideal choice for you, with our Lowest Interest Rate of *6.99% p.a for up to 25 years.For more information:Tel: 023 999 711Website: https://www.hlb.com.kh*T&C Apply