កម្ពុជា-អូស្រ្តាលីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអន្តរជាតិ

ដោយ÷ វីរះ យុទ្ធ

ភ្នំពេញ÷ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជានិងអូស្រ្តាលី និងជាពិសេសការបន្តជួយគំាទ្ររបស់អូស្រ្តាលីក្នុងការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា ក្នុងបរិបទទ្វេភាគី តំបន់ និងពហុភាគី។

ការប្តេជ្ញានេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ ដោយភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការវិវត្តនានាក្នុងបរិបទពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១២ នាពេលខាងមុខ។

ជាមួយគ្នានេះដែរ ក្នុងក្របខ័ណ្ឌតំបន់ ទាំងកម្ពុជានិង អូស្ត្រាលីនឹងចាប់ផ្តើមដាច់ចេញនូវគំនិតផ្តួចផ្តើមជំរុញ ការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) ដើម្បីសម្រួលឱ្យការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ សំដៅលើកកម្ពស់ភាពធន់នៃខ្សែច្រវាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ ។

ដោយទ្បែក្នុងក្របខ័ណ្ឌទ្វេភាគី ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មក្រោមជំនួយរបស់អូសា្រលី រួមមាន ការពង្រឹងនិងការកសាងសមត្ថភាពមន្រ្តីពាណិជ្ជកម្ម ការអភិវឌ្ឍនិងកសាងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ការបន្តអនុវត្តកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម។

លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះភាគីអូស្រ្តាលីដែលបានបន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា និងវិស័យពាក់ព័ន្ធនានា។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី លើកម្ពស់កិច្ចសហប្រតិ្តការលើវិស័យពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ ជាពិសេសទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ៕

ថ្មីទៀតហើយសម្រាប់អតិថិជនអេស៊ីលីដា ឥឡូវអាចបង្កើតប័ណ្ណនិម្មិត (Virtual Card) ដោយខ្លួនឯងបានទៀត

ដោយ÷វីរះ យុទ្ធ

ភ្នំពេញ÷ ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាកាន់តែវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ធនាគារអេស៊ីលីដាដែលជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត នៅតែបន្តបេសកម្មរបស់ខ្លួនក្នុងការធ្វើទំនើបកម្មនូវបច្ចេកវិទ្យាថ្មីថ្មីដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានភាពងាយស្រួលប្រើប្រាស់ដល់អតិថិជនរបស់ខ្លួន។

ចាប់ពីពេលនេះទៅ សម្រាប់អតិថិជនរបស់ធនាគារអេស៊ីលីដាដែលមានបំណងចង់បង្កើតប័ណ្ណនិម្មិត គឺអាចបង្កើតដោយខ្លួនឯង ដោយគ្រាន់តែលោកអ្នកទៅកាន់ម៉ាស៊ីនអេធីអឹមគ្រប់ទីកន្លែងនៅទូទាំងប្រទេសបានភ្លាមៗនិងមិនចំណាយពេលច្រើននោះឡើយ។ប័ណ្ណនិម្មិតដែលជាប្រភេទវីសា គឺមានលក្ខណះងាយស្រួលគ្រប់គ្រង ងាយស្រួលទូទាត់ និងសុវត្ថិភាព ជាពិសេសសម្រាប់អតិថិជនដែលចូលចិត្តទិញទំនិញ-សេវាកម្មផ្សេងៗតាមអនឡាញ នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា អាចបញ្ជាទិញទំនិញ-សេវាកម្ម, ផ្សព្វផ្សាយ (Boost) Facebook ឬបណ្តាញសង្គមផ្សេងៗ, កក់សំបុត្រយន្តហោះ ឬសណ្ឋាគារ តាមអនឡាញ; ចំណេញពេលវេលា និងកាត់បន្ថយចំណាយ;កាត់បន្ថយហានិភ័យផ្សេងៗ ទាក់ទងនឹងការប្រើប្រាស់សាច់ប្រាក់;ងាយស្រួល និងសុវត្ថិភាព; និងជាពិសេសទៅទៀតនោះគឺអាចប្រើបានគ្រប់ទីកន្លែង ទូទាំងពិភពលោក។

ចំពោះលក្ខណះពិសេសរបស់ប័ណ្ណនិម្មិតមាន២យ៉ាងគឺ ទី១ ក្នុងវិក្កយបត្រនៃប័ណ្ណនិម្មិតនេះ មានលេខ១៦ខ្ទង់, ខែឆ្នាំផុតកំណត់, លេខកូដ៣ខ្ទង់ (CVV2), និងចំនួនទឹកប្រាក់ដែលលោកអ្នកបានបញ្ចូលក្នុងអេធីអឹមពេលបង្កើតប័ណ្ណនិម្មិត។សូមរក្សាវិក្កយបត្រនេះឱ្យមានសុវត្ថិភាពដើម្បីប្រើសម្រាប់ទិញទំនិញ-សេវាកម្មតាមអនឡាញ។ ទី២ ប័ណ្ណនិម្មិតនេះ មានសុពលភាពប្រើប្រាស់រយៈពេល៩០ថ្ងៃចាប់ពីថ្ងៃបង្កើត និងជាប្រាក់ដុល្លារអាមេរិក។ ក្នុងករណីអតិថិជនទូទាត់ជាប្រាក់ផ្សេង នោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង)Phone៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣emailinquiry@acledabank.com.kh

កម្ពុជា-អាមេចរិកបន្តពង្រឹងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស បានជួបជាមួយលោកឯកអគ្គរដ្ឋទូត W. Patrick Murphy នៅព្រឹកថ្ងៃអង្គារទី១៨ ខែឧសភាបានជួបពិភាក្សាពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់។

លោកទាំងពីរបានពិភាក្សាពីវិធីដែលសហរដ្ឋអាមេរិកអាចជួយប្រទេសកម្ពុជាបាន នៅក្នុងការប្រឆាំងនឹងជំងឺកូវីដ ១៩ និងការខិតខំជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិដែលកំពុងមាន​នៅប្រទេសភូមា។

បើយោងតាមសេចក្តីប្រកាសព័ត៌មានពីទូតអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកគឺជាដៃគូរឹងមាំជាប់លាប់មួយ​របស់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាតជាសាកល​នៃមេរោគ ដោយបានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លារ ជាជំនួយ​ផ្តល់ឲ្យដោយផ្ទាល់ ទាក់ទងនឹងជំងឺកូវីដ ១៩ ជំនួយបច្ចេកទេសសំខាន់ៗ ជាបន្ថែម​លើកម្មវិធីសហការជាដៃគូជាយូរមកក្នុងផ្នែកសុខាភិបាល និងបានផ្តល់ថវិកាចំនួនជាង ៤ ពាន់លានដុល្លារ ដែលជាចំនួនផ្តល់ឲ្យលើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក របស់អង្គការសុខភាពពិភពលោក ដែលតាមរយៈកម្មវិធី​នេះ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១ លាន ១ សែនដូស នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត ។

សហរដ្ឋអាមេរិកគាំទ្រការខិតខំរបស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតជាសមាជិកអាស៊ាន នៅក្នុងការជំរុញដំណើរការ និងស្ថាប័ននៃលទ្ធិប្រជាធិបតេយ្យ ហើយនិងនីតិរដ្ឋ នៅក្នុងតំបន់ ដោយរួមទាំង​នៅប្រទេសភូមាផងដែរ។

អស្ថិរភាពដែលបង្កឡើងដោយសាររដ្ឋប្រហារយោធា ប៉ះពាល់តំបន់ទាំងមូល ហើយប្រទេសជាសមាជិកអាស៊ាន មានតួនាទីដ៏សំខាន់ ក្នុងការជួយធ្វើឲ្យប្រទេសភូមាដើរលើគន្លង​នៃលទ្ធិប្រជាធិបតេយ្យឡើងវិញ។ យើងសូមលើកទឹកចិត្តឲ្យសមាគមអាស៊ានចូលរួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ នៅប្រទេសភូមា ក្នុងការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់វិបត្តិ​នេះ៕

គម្រោងសាងសង់ផ្លូវជាតិលេខ១០ សម្រេចបាន៤៨,៧៧%ហើយ

បាត់ដំបង៖ ការសាងសង់ផ្លូវជាតិលេខ១០(បាត់ដំបង – ពោធិ៍សាត់ – កោះកុង)​  សម្រេច​​បាន៤៨,៧៧% ហើយគិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ ហើយបច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ទោះបីកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។

លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានបន្តដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ ដោយមានការចូល រួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

លោករដ្ឋលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នាដើម្បីបញ្ជៀសការឆ្លងជម្ងឺកូវីដ-១៩។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០មានប្រវែង ១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត៕

ចិនប្តេជ្ញាជួយកសិផលកម្ពុជាកាន់តែច្រើនចូលទីផ្សារខ្លួន

ភ្នំពេញៈ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន បាន​ឱ្យ​ដឹង​ក្នុង​សន្និសីទ​ព័ត៌​មាន​មួយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ថា ប្រទេស​ចិន​បាន​ចាត់​វិធានការ​ពិសេស​ដើម្បី​ជួយ​សម្រួល​ដល់​ការ​នាំ​ចូល​ស្វាយ​ស្រស់​ដែល​មាន​គុណភាព​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​ចិន និង​រំពឹង​ថា ស្វាយ​ស្រស់​ចំនួន ១០០ ០០០​តោន​នឹង​ចូល​ទៅ​ទីផ្សារ​ចិន​ក្នុង​ឆ្នាំ​នេះ។

លោកស្រី ​Hua Chunying បាន​ឆ្លើយតប​នឹង​សំណួរ​របស់​កាសែត Beijing Youth Daily ថា តាម​ពិត​នាយក​ដ្ឋាន​ជាប់​ពាក់​ព័ន្ធ​បាន​ជម្នះ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ១៩​ និង​អាច​ឆ្លង​កាត់​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​ជាក់​ស្ដែង​ ផ្នែក​ផលិតផល​កសិកម្ម​ តាម​រយៈ​មធ្យោ​បាយ​នវានុវត្តន៍​នៃ​ការ​ត្រួត​ពិនិត្យ​ដាច់​ដោយ​ឡែក​តាម​រយៈ​វីដេអូ​ខនហ្វ្រិន។

កិច្ច​សហ​ប្រតិបត្តិការ​នេះ​មិន​គ្រាន់​តែ​ជួយ​សម្រេច​បាន​តាម​តម្រូវ​ការ​អតិថិជន​ចិន​តាម​រយៈ​ការ​បន្ថែម​ជម្រើស​ដល់​ទីផ្សារ​ផ្លែ​ឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​កសិករ​កម្ពុជា​ក្នុង​ការ​រក​ប្រាក់​ចំណូល​បន្ថែម​ និង​ជួយ​ពួក​គេ​ជម្នះ​ពេល​វេលា​ដ៏​ពិបាក​ដោយសារ​ជំងឺ​កូវីដ១៩។

លោកស្រី​ថ្លែង​ថា៖ «​ព័ត៌មាន​នេះ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង និង​ស្វាគមន៍​ដោយ​កក់​ក្ដៅ​ពី​វិស័យ​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា​។​ កិច្ច​សហ​ប្រតិបត្តិការ​នេះ​គឺ​លើស​ពី​គ្រាន់​តែ​ស្វាយ​ទៅ​ទៀត។ វា​បង្ហាញ​ពី​មិត្តភាព​ជា​បង​ប្អូន​រវាង​ប្រទេស​យើង​ទាំងពីរ​»។

លោក​ស្រី​លើក​ឡើង​ថា​៖ «​ក្នុង​នាម​ជា​មិត្ត​ដែក​ថែប​របស់​កម្ពុជា​បាន​ចែក​រំលែក​សុវត្ថិភាព និង​ការ​ពិបាក​ ប្រទេស​ចិន​នឹង​សហការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិបត្តិការ​ជាក់​ស្ដែង​កាន់​តែ​ស៊ី​ជម្រៅ​ជា​បន្ត​នៅ​ក្នុង​វិស័យ​នានា ដែលរួម​ទាំង​ផលិត​កម្ម​កសិកម្ម ដើម្បី​នាំ​យក​អត្ថប្រយោជន៍​ជាក់​ស្ដែង​ដល់​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ»។

ការ​នាំ​ចេញ​ជា​ផ្លូវការ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​គយ​ចិន​ កាល​ពី​ថ្ងៃទី​២៦ខែមេសា បាន​អនុម័ត​ជា​ផ្លូវការ​នូវ​បញ្ជី​ចម្ការ​ស្វាយ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​៣៧ ដើម្បី​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​។​

ស្ថិតិ​ក្រសួង​កសិកម្ម​បង្ហា​ញថា កម្ពុជា​បាន​នាំ​ចេញ​ស្វាយ​ស្រស់​១៤២ ៥៥៦ តោន​នៅ​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​២០២១ កើន​ឡើង​២៣៩,១៣​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​២០២០។

គិត​ត្រឹម​ឆ្នាំ​២០២០ ស្វាយ​ត្រូវ​បាន​ដាំដុះ​លើ​ផ្ទៃដី ១៣០ ០០០​ហិកតា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ចំណោម​នោះ​ ៩១ ១០៤ ហិកតា (​៧០,០៨​ភាគរយ) កំពុង​ប្រមូល​ផល​។ ទិន្នផល​​​ជា​មធ្យម​ជាង ​១,៣៨​លាន​តោន​ក្នុង​មួយ​រដូវ៕

រួសរាន់ឡើងកុំឲ្យឱកាសប្រូម៉ូសិនពិសេសពីការប្រើប្រាស់អេស៊ីលីដាម៉ូ​បាលនឹងទទួលបាន ទឹកប្រាក់ទទួលត្រឡប់រហូតដល់៥០ដុល្លារ

កម្មវិធីប្រូម៉ូសិនពិសេសពីធនាគារអេស៊ីលីដាសម្រាប់អតិថិជន និងសាធារណ:ជនដើម្បីទទួលបាននូវ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញពី ៣០-៥០ដុល្លារភ្លាមៗពីការប្រើប្រាស់នូវសេវាផ្សេងៗរបស់ អេស៊ីលីដាម៉ូបាលក្នុងឪកាសប្រូម៉ូសិនពិសេសដែលនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ។​

ជាមួយអេស៊ីលីដាម៉ូបាលដែលជាអេបប្រកបដោយបច្ចេកវិទ្យាខ្ពស់ ច្នៃប្រឌិតដោយកូនខ្មែរ មានអតិថិជនគាំទ្រប្រើប្រាស់ជិត១លាននាក់នឹងនៅបន្តជូផ្តល់ប្រាក់ជូនអតិថិជនដែលធ្វើប្រតិបត្តិការអេស៊ីលីដាម៉ូបាលច្រើនប្រតិបតិ្តការ ដូចជា ៖ បញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយបត្រ ស្កេនទូទាត់តាមឃ្យូអរកូដ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញពី ៣០-៥០ដុល្លារ ។

លក្ខខណ្ឌងាយៗ សម្រាប់អតិថិជនដោយគ្រាន់តែធ្វើប្រតិបត្តិការដោយគិតយ៉ាងតិច ១ប្រតិបត្តិការក្នុង១ថ្ងៃ ឬ ≥៣០ប្រតិបត្តិការ ហើយមានទំហំទឹកប្រាក់ចាប់ពី ៤,០០០រៀល ឬ១ដុល្លារ ក្នុងប្រតិបត្តិការ (បូកសរុប​បញ្ចូលគ្នា) នឹងទទួលបានទឹកប្រាក់៣០ដុល្លារ (សម្រាប់អតិថិជន៥០០នាក់ ដែលមាន​ប្រតិបត្តិការ​ច្រើនជាងគេ) និង ២ប្រតិបត្តិការក្នុង១ថ្ងៃ ឬ ≥៦០ ប្រតិបត្តិការ និងទទួល​បានត្រឡប់មកវិញនូវទឹកប្រាក់ រហូទៅដល់ ៥០ដុល្លារ (សម្រាប់២០០នាក់ ដែល​មាន​ប្រតិបត្តិការច្រើនជាងគេ)។

ប្រញាប់ឡើងកុំបណ្តោយទុកឲ្យឪកាសដ៏ពិសេសនេះរំលងផុតទៅ អតិថិជនប្រើកម្មវិធីអេស៊ីលីដាកាន់តែច្រើន ទទួលបានប្រាក់ត្ឡប់មកវិញកាន់តែច្រើន ដោយសារកម្មវិធីប្រូម៉ូសិនពិសេសនេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ៕

គណបក្ស​កាន់​អំណាច​កម្ពុជា-វៀតណាម​ប្តេជ្ញា​លើក​កម្ពស់​ទំនាក់ទំនង សាមគ្គីភាព​និង​សហប្រតិបត្តិការ

ភ្នំពេញ÷នៅរសៀលថ្ងៃនេះ ឯកឧត្ត ប្រាក់ សុខុនប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ ហាយជុង (Le Hoai Trung) ប្រធានគណៈទាក់ទងបរទេសថ្មី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ សំដៅរួមចំណែកពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពនិងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស និងប្រជាជននៃប្រទេសទាំងពីរដែលមានស្រាប់ ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ក្នុងជំនួបដែលធ្វើឡើងតាមវីដេអូនៅថ្ងៃអង្គារទី១៨ ខែឧសភានេះ ឯកឧត្ត ប្រាក់ សុខុនបានអបអរសាទរចំពោះឯកឧត្តម ឡេ ហាយជុង ដែលត្រូវបានថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តវៀតណាមតែងតាំង ជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលពិតជាបានឆ្លុះបញ្ចាំងនូវជំនឿជឿជាក់និងទំនុកចិត្តពីសំណាក់បក្សកុម្មុយនីស្ត វៀតណាម មកលើបទពិសោធន៍ និងសមត្ថភាពដ៏ប៉ិនប្រសព្ធរបស់ឯកឧត្តមក្នុងកិច្ចការបក្ស និងរដ្ឋាភិបាល ព្រមទាំងបានសំដែងសារជាថ្មីនូវអំណរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហា សន្និបាតលើកទី១៣ របស់បក្សកុំម្មុយនីសវៀតណាម។

ឯកឧត្ត ប្រាក់ សុខុន បានថ្លែងថា÷”ខ្ញុំបានអបអរសាទរចំពោះវៀតណាមដែលបានគ្រប់គ្រងដោយជោគជ័យ ជំងឺរាតត្បាត Covid19 ហើយ ដែលសម្រេចបានកំណើតសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ២០២០ ក្នុងខណៈដែលពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងឱនភាពខ្លាំង។ ខ្ញុំក៏បានអបអរសាទរចំពោះវៀតណាមដែលបានបំពេញតួនាទី និងអាណត្តិរបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន និងក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផងដែរ”៕

 

 

 

វៀតណាម​អភិវឌ្ឍ​វិធានការ​ចែកចាយ​ផលិតផល​កសិកម្ម ចំ​ពេល​កើត​មាន​ការ​រីករាលដាល​ជំងឺ​កូវីដ​រលក​ថ្មី

ទីក្រុងហាណូយៈ ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម​កំពុង​ធ្វើ​ការងារ​លើក​ស្ទួយ​​ការ​ចែក​ចាយ​​ផលិត​ផល​ចេញ​ពី​កសិដ្ឋាន​ ចំពោះ​នៃ​ការ​រីក​រាល​ជំងឺ​កូវីដ​១៩​រលក​ទី​៤ ​ក្នុង​ប្រទេស​វៀតណាម។

​នាយក​ដ្ឋាន​កែច្នៃ​កសិកម្ម នៃ​ក្រសួង​នេះ និង អាជ្ញាធរ​អភិវឌ្ឍន៍​ទីផ្សារ​ បាន​និយាយ​ថា ​ការ​ចែកចាយ​ផលិតផល​កសិកម្ម នៅតែ​មាន​ស្ថិរភាព​ក្នុង​ពេល​ថ្មីៗនេះ ​ចំពេល​កើត​មាន​រលក​ទី​៤​នៃ​វីរុស​ក្នុង​ប្រទេស។

យោង​តាម​គណៈគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ព្រំដែន​ Dong Dang ក្នុង​ខេត្ត​ Lang Son ​មាន​ការ​កាកស្ទះ​ការ​ធ្វើ​ចរាចរណ៍​តួ​កុងតឺន័រ ​ដឹក​ជញ្ជូន​ផលិត​ផល​កសិកម្ម​ទៅ​កាន់​ប្រទេស​ចិន ​នៅ​ច្រក​ព្រំ​ដែន Huu Nghi បន្ទាប់​ពី​ថ្ងៃ​ឈប់សម្រាក​ក្នុង​ទិវា​រួបរួម កាលពី​ថ្ងៃ ទី​៣០​មេសា និង ​ទិវាពលកម្ម​អន្តរជាតិ​១​ឧសភា។ ទោះ​យ៉ាងណា​​ ការ​កកស្ទះ​ត្រូវ​បាន​ដោះស្រាយ។

​លោក Phung Duc Tien អនុរដ្ឋមន្ត្រី​នៃ​​ក្រសួង​កសិកម្ម​ និង​ អភិវឌ្ឍន៍​ជន​បទ​ ​បាន​និយាយ​ថា ​ក្រសួងបាន​អំពាវនាវ​​ឲ្យ​មាន​វិធានការ​បង្ការ​វីរុស​ដើម្បី​រឹត​បន្តឹង​ ជាពិសេស​នៅ​រោង​ចក្រ​កែច្នៃ​ផលិត​កសិកម្ម ​ដើម្បី​ទប់ស្កាត់​​ការ​រំខាន​ណា​មួយ​​ដល់​ច្រវ៉ាក់​ផ្គត់ផ្គង់។

លោក Tien បាន​អះអាង​ថា ការ​រីក​រាល​ដាល​កូវីដ​១៩ កំពុង​បើក​ឱកាស​យ៉ាង​សំខាន់​​ដល់​ប្រទេស​វៀតណាម​ដើម្បី​ពង្រីក​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម ​ដោយសារតែ ការ​ខ្វះ​ខាត​​យ៉ាងខ្លាំង​នៃ​ការ​ផ្គត់​ផ្គង់​ ​ក្នុង​ទីផ្សារ​សកល​លោក ​ព្រម​ទាំង​ការ​រំខាន​កើត​ឡើង​​ចំពោះ​ច្រវ៉ាក់​ផ្គត់ផ្គង់​សកល។​

លោក​Tien  បាន​និយាយ​ថា ​វា​មាន​សារៈសំខាន់​សម្រាប់​វៀតណាម​ដើម្បី​ទប់​ស្កាត់​វីរុស​ លើក​កម្ពស់​សុវត្ថិភាព​រស់នៅ​ក្នុង​ផលិត​កម្ម​កសិកម្ម  ពង្រីក​ផលិតកម្ម ​ដើម្បី​​បង្កើន​ទិន្នផល និង ផលិត​ភាព​ព្រម​ជាមួយ​រក្សា​នូវ​ច្រវ៉ាក់​ផ្គត់ផ្គង់​ឲ្យ​ស្ថិតស្ថេរ។

សម្រាប់​ផលិត​ផល​ដែល​ទីផ្សារ​ពិភពលោក​មាន​តម្រូវការ​ខ្ពស់ ដូច​ជា បង្គារ​ ​ក្រសួងនេះ​បាន​ស្នើ​ឲ្យ​បង្កើន​ផលិត​កម្ម ​ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា គុណភាព​ត្រូវតែ​ធានា​ ដើម្បី​ចាប់​យក​កាលានុវត្តភាព​​ពង្រីក​ការ​នាំ​ចេញ។​

លោក និយាយ​ថា ដោយ​មាន​ក្រុមហ៊ុន​១៣៥០០​ សហករណ៍​១៧០០០ កសិដ្ឋាន​៣៤៤០០ និង គ្រួសារ​កសិករ​១៣,៨​លាន​ វិស័យ​កសិកម្ម​សម្រេច​បាន​លទ្ធផល​គួរ​កត់សំគាល់​ក្នុង​រយៈពេល​៤​ខែ​កន្លង​ទៅ​នេះ ។ ការ​នាំចេញ​​កើន​ឡើង​២៤,២​ភាគរយ​ ដែល​មាន​តម្លៃ​៣២,០៧​ពាន់​លាន​ដុល្លារ ដោយ​វិស័យ​នេះ​​មាន​អតិរេក​ពាណិជ្ជកម្ម​​រហូត​ដល់​២,២​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ដូច​គ្នា៕ VNS-ANN/RR

កម្ពុជា​​រក​ចំណូល​បាន​ចំនួនជាង ៣,៤ ពាន់លាន​ដុល្លារពីវិស័យកសិកម្មក្នុងឆ្នាំ២០២០

បន្លែរសាឡាត់របស់ប្រជាកសិករនៅក្នុងថ្នាលដំណាំមួយនៅក្នុងខេត្តកណ្តាល។ រូបថត: ក្រសួងកសិកម្ម

ភ្នំពេញៈ ប្រទេសកម្ពុជាបាន​នាំចេញ​កសិផល​សរុប​ជាង ១៣ លាន​តោន​កាលពី​ឆ្នាំ ២០២០ ឬគិតជាទឹកប្រាក់ប្រមាណជាង ៣,៤ ពាន់លាន​ដុល្លារ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ជាសកលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក៏ដោយ។​

នេះ​បើ​តាម​ទិន្នន័យពីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ កម្ពុជា​​បាន​​ផលិត​នូវ​ផលិតផល​កសិកម្ម​សរុប​ជាង ២០ លាន​តោន កាលពី​ឆ្នាំមុន​ ក្នុងនោះ​កម្ពុជា​បាន​នាំចេញ​កសិផល​សរុបចំនួន​ជាង ១៣ លាន​តោន​ ដោយរក​​ចំណូល​ពីការ​នាំចេញ​ចំនួន​ជាង ៣ ៤៣៣ លាន​ដុល្លារ​ កាលពីឆ្នាំទៅ។ នេះ​បង្ហាញ​ថា ការនាំចេញ​កសិផល​របស់កម្ពជា​បង្ហាញកំណើន​ល្អ​ប្រសើរ​។

ក្រសួង​កសិកម្ម បន្ថែមថា ក្នុងនោះ កម្ពុជា​បាន​នាំចេញ​អង្ករ និង​ស្រូវ​ក្នុង​បរិមាណ​សរុប​ជាង ៣,៥៨ ​លាន​តោន​ដែលមាន​តម្លៃ​ជាង ១,២៦ ​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០២០។​ក្នុងនោះ ការ​នាំចេញ​ស្រូវ​គិតជាទឹកប្រាក់​មាន​តម្លៃជាង ៧២៣ លាន​ដុល្លារ​។​

ក្រសួង​កសិកម្ម​ ឲ្យ​ដឹងទៀថា ដើម្បី​ដោះស្រាយ​បញ្ហាទីផ្សារ​កសិករ​កម្ពុជា​ ក្រសួង​បាន​ខិតខំជំរុញ​ការ​ចរចា​​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​លើ​មុខ​ដំណាំ​សំខាន់​ៗ​ ដើម្បី​បើក​ទីផ្សារ​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​បំណង​នាំ​ចូល​កសិផល​កម្ពុជា​រហូត​​បានស​ម្រេច​បាន​ជោគជ័យ​រួច​មក​ហើយ​នាពេល​កន្លង​។

ក្នុង​ខែ​មិថុនា ឆ្នាំ២០២០ កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន ដោយ​អាច​នាំចេញ​ស្វាយ​ស្រស់ ៥០ ម៉ឺនតោនក្នុង ១ ឆ្នាំ៕

កម្ពុជា​ប្រមូល​ពន្ធ​គយ បាន​ជិត ៦១៥​លាន​ដុល្លារក្នុង​ត្រីមាស​ទី​១​

ភ្នំពេញៈ ការ​ប្រមូល​ចំណូល​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១ សម្រេច​បាន​ប្រមាណ​ជិត ៦១៥​លាន​ដុល្លារ​ធ្លាក់​ចុះ​ជាង ​១៥ ​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០។ នេះ​បើ​យោង​តាម​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ត្រីមាស​ទី១ របស់​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាតាម​រយៈ​ប្រព័ន្ធ​វីដេអូ កាល​ពី​សប្តាហ៍​មុន​​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​២០២១ អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា ​ប្រមូល​ចំណូល​បាន​ប្រមាណ​ ៦១៤,៨ លាន​ដុល្លារ ថយ​ចុះ១៥,២ភាគ​រយ​​​ធៀប​នឹង​ត្រី​មាសទី១ ឆ្នាំ២០២០។ លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល​ក្នុង​ត្រីមាស​ទី១ នេះ​គឺ​សម្រេច​បាន២៦ភាគ​រយ​នៃ​ផែនការ​ឆ្នាំ​ដែល​កំណត់​ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២១។

ដោយ​ឡែក​សម្រាប់​ខែមីនា ឆ្នាំ​២០២១ ការ​ប្រមូល​ចំណូល​សម្រេច​បាន​ប្រមាណ ២១១,៣ លាន​ដុល្លារ ថយ​ចុះ ៤,៧ភាគ​រយ​ធៀបនឹងខែមីនា ឆ្នាំ២០២០។

ចំណូល​ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ នេះ បើ​គិត​តាម​ក្រុម​ប្រភេទ​ទំនិញ​គឺ​ចំណូល​ពី​យាន​យន្ត និង​គ្រឿងចក្រមាន ៤៣,៥​ភាគ​រយ​នៃ​ចំណូល​សរុប, ទំនិញ​ចម្រុះមាន ២៧,៤ភាគ​រយ, ផលិត​ផល​តេលសិលា(ប្រេង​សាំង​ធម្មតា ប្រេង​សាំង​ស៊ុបពែរប្រេង​ម៉ាស៊ូត និង​ប្រេង​រំអិល) មាន ២២,៨ភាគ​រយ និង​សម្ភារ​សំណង់និង​កម្រៃ​ផ្សេងៗ មាន ៦,៣ភាគ​រយ។

ដើម្បី​លើក​កម្ពស់​ការ​ប្រមូល​ចំណូល​ពន្ធ​គយ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​បន្ថយ​អត្រា​ពន្ធ​គយលើ​ការ​នាំ​ចូល​រថយន្ត​ ​ចន្លោះ​ពី ​១០-២០​ភាគ​រយ ដោយ​បាន​ចាប់​ផ្តើម​អនុវត្ត​ចាប់​តាំង​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២១​។​

ទិន្នន័យ​ពី​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​ ២០២០ ការ​ប្រមូល​ចំណូល​សម្រេច​បាន ២ ៤១៩,៦ លាន​ដុល្លារ ធ្លាក់​ចុះ​ ២៤,៨ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕