ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញនៅតែរក្សាកំណើននៃក្នុងត្រីមាសទី១

កំពង់ផែស្វយ័តភ្នំពេញថ្មីដែលមានទីតាំងនៅខេត្តកណ្តាលតាមផ្លូវជាតិលេខ១។ រូបថត: PPAP

ភ្នំពេញៈ ប្រាក់​ចំណូល​សរុប​របស់​​កំពង់ផែស្វយ័ត​ភ្នំពេញ (PPAP) ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារមូល​បត្រ​កម្ពុជា​ (CSX)បាន​កើន​​ប្រមាណ ២​ភាគ​រយនៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១ ​​ធៀប​​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២០។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់​​PPAP។

​របាយការណ៍​មិន​បាន​ធ្វើ​សវនកម្ម ដែល PPAP ​ផ្ញើ​ទៅ​​ផ្សារមូល​បត្រ​​​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​ ​ឱ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១ កំពង់ផែស្វយ័ត​ភ្នំពេញ ​រក​ចំណូល​សរុប​បាន ៧ ៧៧០ ៧៤២​ដុល្លារ​ កើន​ពី​ចំនួន ៧ ៦០៣ ៨៧៧​ដុល្លារ ឬ​ស្មើ​នឹងកំណើន​ ២​ភាគ​រយធៀប​ទៅ​​ត្រីមាស​ទី​១ ឆ្នាំ​២០២០។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា កំណើន ២​ភាគ​រយ​នេះ គឺ​បាន​មក​ពី​ការ​រួម​ចំណែក​យ៉ាង​ច្រើន​ពី​​ចំណូល​ពី​ប្រតិបត្តិការផែ​​ (Port Operation) ដែល​មាន​ចំនួន ៦ ២០២ ៧៩៦​ដុល្លារ កើន​​ឡើង ៨​ភាគ​រយ​ពី​ចំនួន ៥ ៧៣៥ ៥៣៩​ដុល្លារ កាល​ពី​ត្រីមាស​ទី​១ ឆ្នាំ​២០២០។ ចំណែក​ចំណូល​​ពី​ប្រភព​ផ្សេង​ទៀត​បាន​ធ្លាក់​ចុះ​ទាំង​អស់ ដូច​ជា ចំណូល​ពី​អាជ្ញាធរផែ (Port Authority) មាន​ចំនួន ៨៨៤ ៨៨៦​ដុល្លារ ធ្លាក់​ចុះ​ ២២​ភាគ​រយ ពី​ចំនួន ១ ១២៧ ៩៦៣​ដុល្លារ​ ចំណូល​ពី​សេវាកម្ម​ផ្សេងៗ (Other Services) មាន​ចំនួន ៧៧ ៥៥០​ដុល្លារ ធ្លាក់​ចុះ ៣៨​ភាគរយ ពី​ចំនួន ១២៥ ៦៧៩​ដុល្លារ និង​ចំណូល​ផ្សេងៗ (Other Income) មាន​ចំនួន ៦០៥ ៥១០​ដុល្លារ ធ្លាក់​ចុះ ១​ភាគ​រយ ពីចំនួន ៦១៤ ៦៩៦​ដុល្លារ​។

ចំណូល​ពី​វិស័យ​ទេសចរអន្តរជាតិក្នុង​ឆ្នាំ​២០២០ ថយចុះ​ជិត ៨០​%

ភ្នំពេញៈ ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរ​អន្តរ​ជាតិ​របស់​​​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២០ មាន​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះជិត​ ៨០​ភាគ​រយ​បើ​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​​​ឆ្នាំ​២០១៩ ប៉ះពាល់ដោយសារតែការរីករាលដាល​នៃ​​ជំងឺ​កូវីដ​១៩​។

របាយការណ៍​ស្ថិតិ​ទេសចរណ៍ឆ្នាំ​២០២០ ដែល​ចេញ​ផ្សាយ​ថ្មីៗ​នេះ ​បង្ហាញ​ថា វិបត្តិ​​ជំងឺ​កូវីដ​១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​​​វិស័យ​ទេសចរណ៍​​នៅ​កម្ពុជា​ដោយ​ប្រាក់​ចំណូល​ពី​ទេសចរណ៍​អន្តរ​ជាតិ​ដែល​​កម្ពុជា​ទទួល​បាន​ក្នុង​ឆ្នាំ​២០២០ មាន​ត្រឹម​ ១,០២៣ពាន់​លាន​ដុល្លារធ្លាក់​ចុះ​៧៩​,២​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​ ៤,៩១​៩ពាន់​​លាន​ដុល្លារ​។ ចំណែក​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​មកប្រទេស​​កម្ពុជាមាន​ចំនួន ១,៣​១លាន​នាក់ ថយចុះ ៨០,២​ភាគ​រយធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន ៦,៦១លាន​នាក់​។​

ការ​ធ្លាក់​ចុះ​ដ៏​គំហុក​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​ទឹក​ប្រាក់​ដែល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ចូល​រួម​ចំណែក​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ក្នុង​ឆ្នាំ​២០២០ មាន​ត្រឹម​តែ​ ៣​ភាគ​រយ​ប៉ុណ្ណោះ ខណៈ​កាល​ពី​ឆ្នាំ​២០១៩ មាន​​ប្រមាណ ១២,១​ភាគ​រយ៕

កាន់តែពិសេស! អេស៊ីលីដាម៉ូបាលអាចផ្ទេរប្រាក់ភ្លាមៗរវាងធនាគារផ្សេងៗទៀតយ៉ាងច្រើនដែលជាសមាជិកបាគង

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអភិវឌ្ឍន៍ឥតឈប់ឈរនូវសេវាអេស៊ីលីដាម៉ូបាល ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនឲ្យកាន់តែសម្បូរបែបក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ នៅក្នុងនោះអតិថិជន និងសាធារណជន ផ្ទេរប្រាក់ពីគណនីរបស់ខ្លួនទៅវិញទៅមកកាន់តែមានភាពងាយស្រួល និងឆាប់រហ័សទៅកាន់ធនាគារនិងគ្រឺះស្ថានហិរញ្ញវត្ថុផ្សេងៗជាច្រើនតាមតម្រូវការ ។ លោកស្រី សុខ សោភា នាយិការប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា ធនគារ អេស៊ីលីដា ដែលជាសមាជិកប្រព័ន្ធបាគង អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាលអាចផ្ទេរប្រាក់រវាងគ្នាទៅវិញទៅមក បានយ៉ាងងាយស្រួល ។លោកស្រីបានបញ្ជាក់បន្ថែមងថាដោយសារអេស៊ីលីដាម៉ូបាល មានសេវាជាច្រើនសម្រាប់ធ្វើប្រតិបត្តិការបានយ៉ាងទូលំទូលាយ ដូច្នេះអតិថិនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាសមាជិករបស់ប្រព័ន្ធបាគង ក៏អាចផ្ទេរប្រាក់មកកាន់អេស៊ីលីដាម៉ូបាលបានដែរ ។នេះជារបៀបផ្ទេរប្រាក់អេស៊ីលីដាម៉ូបាល គឺគ្រាន់តែចូលទៅកាន់កម្មវិធីអេស៊ីលីដាម៉ូបាល ចុចលើពាក្យ «ផ្ទេរប្រាក/Transfer» រួចជ្រើសរើសពាក្យ «ទៅធនាគារក្នុងស្រុក ឬគណនីបាគង/To Local Bank & Bakong» បន្ទាប់មក ជ្រើសរើសធនាគារឬស្ថាប័នហិរញ្ញវត្ថុដែលត្រូវផ្ទេរទៅ បញ្ជូលលេខគណនីដែលត្រូវទទួលប្រាក់ បញ្ជូលចំនួនទឹកប្រាក់ ជ្រើសរើសគោលបំណងរួចចុចបញ្ជូនជាការស្រេច៕

មន្រ្តីការទូតកម្ពុជា៖សេដ្ឋកិច្ចការទូតគឺជាកត្តាចម្បងក្នុងជម្រុញទំនាក់ទំនងទាំងសេដ្ឋកិច្ចនិងវប្បធ៌ម

ទីក្រុងបាងកក÷ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងបាងកកនៅព្រឹកថ្ងៃទី៧ ឧសភា ឯកឧត្តមបានចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្តីពីការវាយតម្លៃតម្រូវការបណ្តុះបណ្តាល”ការទូតសេដ្ឋកិច្ច”រៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

លោក​ អ៊ូក សោភ័ណ ក៏ថ្លែងជម្រាបអំពីសេចក្តីសម្រេចនៃការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជាថៃ(CBC)ក្នុងការ​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី និង​ទាក់ទាញ​ក្រុម​វិនិយោគិន​ថៃ​កាន់តែ​ច្រើន​មក​ប្រទេស​កម្ពុជា និង​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ CBC នឹង​អភិវឌ្ឍ​ជា​ទីកន្លែង​ផ្លាស់ប្តូរ​មតិ និង​ការខិតខំ​លើកកម្ពស់​ការសន្ទនា​ជាមួយ​សម​ភាគី​កម្ពុជា​ និង​ក្រុម​វិនិយោគិន​ថៃ​។

លោក​បាន​ថ្លែងថា​៖ «CBC អាចជា​ច្រកចេញចូល​តែមួយ​សម្រាប់​ទាំង​ក្រុម​វិនិយោគិន​ថៃ និង​កម្ពុជា ដើម្បី​ទទួល​បាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការណែនាំ​ស្តីពី​រៀបចំ​ការវិនិយោគ​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា និង​ថៃ​។ យើង​បាន​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​របស់​យើង​ជាច្រើន​ដង​ហើយ​។ នៅពេលនេះ យើង​កំពុង​ធ្វើ​ការងារ​លម្អិត​លើ​គម្រោង​នេះ ខណៈ​យើង​មានបំណង​លើកកម្ពស់​ការទូត និង​សេដ្ឋកិច្ច ដោយ​អនុវត្ត​តាមគោលការណ៍​ណែនាំ​ពី​រដ្ឋាភិបាល​យើង​។ ម្យ៉ាងទៀត​ក៏​ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ​ថៃ​បូក​ ១ ដែល​មានន័យថា ក្រុមហ៊ុន​បរទេស​ណាមួយ​កំពុង​វិនិយោគ​នៅ​ប្រទេស​ថៃ ពួកគេ​អាច​បង្កើន​ការផលិត​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ​ មាន​តម្លៃ ៥,៥៦៩ ​ពាន់​លាន​ដុល្លារ​នៅ​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំនេះ ធ្លាក់ចុះ ១៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​ស្ថានទូត​ថៃ​នៅ​កម្ពុជា​៕

ប្រទេសកម្ពុជានាំស្វាយស្រស់១០០តោនលើកដំបូងផ្ទាល់ទៅកាន់មហាយក្សចិន

ភ្នំពេញៈ ផ្លែស្វាយស្រស់កម្ពុជាប្រមាណ ១០០ តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារចិនដោយផ្ទាល់ជាលើកដំបូង ដែលនេះជាការបើកផ្លូវនាំចេញថ្មីមួយទៀតទៅកាន់ទីផ្សារមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់មួយនេះ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថានៅក្នុងកម្មវិធីសម្ពោធនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនជាផ្លូវការកាលពីថ្ងៃទី ៧ ឧសភា នៅទីក្រុងភ្នំពេញថាដោយសារក្នុងបរិបទនៃជំងឺកូវីដ១៩គឺយើងអនុញ្ញាតក្រុមហ៊ុននីមួយៗបានរៀបចំ ផ្លែស្វាយស្រស់ចំនួន ១ កុងតឺន័រដែលមានបិរមាណ ២០ តោនក្នុង១កុងតឺន័រ ដើម្បីនាំចេញទៅកាន់ប្រទេសចិន យើងជឿថាបន្ទាប់ពីនេះទៅ ក្រុមហ៊ុននីមួយៗនឹងបង្កើនការនាំចេញរបស់ខ្លូនបន្ថែមទៀត។ការនាំចេញផ្លូងការនេះ បន្ទាប់ពីរដ្ឋបាលគយចិន កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំនេះ បានអនុម័តទទួលស្គាល់ជាផ្លូវការបញ្ជីឈ្មោះចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ អាចនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន។

កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន ១៤២ ៥៥៦ តោន ក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ២០២១ កើនឡើង ២៣៩,១៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។គិតត្រឹមឆ្នាំ ២០២០ កម្ពុជាមានផ្ទៃដីដាំស្វាយប្រមាណ ១៣ ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីប្រមូលចំនួន ៩១ ១០៤ ហិកាត ដែលអាចផ្តល់ផលជាមធ្យមប្រមាណជាង ១,៣៨ លានតោនក្នុង១រដូវ៕

ស្រ្តីខ្មែរដំបូងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សានៃវិទ្យាស្ថាន Global FinTech របស់ប្រទេសសិង្ហបុរី

ភ្នំពេញ÷ លោកជំទាវ ជា សេរី អគ្គនាយករបស់ធនាគារជាតិនៃ កម្ពុជា(NBC)ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សានៃវិទ្យាស្ថាន Global FinTech របស់ប្រទេសសិង្ហបុរី ដោយសារតែគំនិតផ្តួចផ្តើមអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទូទាត់នៅក្នុងវិស័យហិរញ្ញវត្ថុ។

វិទ្យាស្ថាន Global FinTech មានការិយាល័យកណ្តាលនៅប្រទេសសឹង្ហបុរីគឺជាស្ថាប័នដែលមានជំនាញវិជ្ជាជីវៈជាសកលដែលត្រូវបានបង្កើតឡើងដើម្បីបង្កើតអោយមានកិច្ចសហការ ការតស៊ូមតិក្រមសីលធម៌និងចំណេះដឹងសម្រាប់អ្នកជំនាញក្នុងវិស័យ FinTech នេះ។

លោកជំទាវ ជា សេរីបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនអំពីការតែងតាំងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាតាមរយះវីដេអូនៅថ្ងៃទី ៦ ខែមេសាកន្លងមកនេះ។

លោកជំទាវបានសរសេរថា÷“ ថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាអន្តរជាតិ – រួមជាមួយបុគ្គលល្បីមួយចំនួនទៀតនៅក្នុងបណ្ឌិតសភាផ្នែកឯកជនននៃវិទ្យាស្ថាន Global FinTech នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមសិង្ហបុរី” ។

លោកជំទាវបានបន្ថែមថា“ ខ្ញុំមានសេចក្តីរីករាយដែលបានចូលរួមជាសក្ខីភាពនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង GFI និងក្រុមហ៊ុន FinTech និងក្រុមហ៊ុនWorld Scientific Publishingលើកិច្ចសហប្រតិបត្តិការនានា”។

ក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០បានដាក់ឲ្យដំណើការប្រព័ន្ធទូទាត់តាមទូរស័ព្ទចល័តដែលមានឈ្មោះថា“ ប្រព័ន្ធបាគង” ក្នុងគោលបំណងដើម្បីអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុកាន់តែទូលំទូលាយនៅតាមជនបទនិងការលើកកម្ពស់ការរួមបញ្ចូលវិស័យហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

រដ្ឋាភិបាលនៅតែបន្តការចេញC/Oដើម្បីជម្រុញការនាំចេញ

ភ្នំពេញៈក្រសួង​ពាណិជ្ជកម្ម​បានជូន​ដំណឹង​ដល់​ផលិតករ​និង​អ្នកនាំចេញ​នៅតែបន្ត​ទទួល​ពាក្យ​ស្នើសុំវិញ្ញា​បន​បត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ស្របពេលអ្នកនាំចេញប្រឈមនឹងបញ្ហា​ដឹកជញ្ជូន​ទំនិញទៅកាន់កំពង់ផែ ដើម្បីនាំចេញ​ទៅកាន់ទីផ្សារ​អន្តរជាតិ​។

រដ្ឋាភិបាលនៅតែបន្តផ្តល់​វិញ្ញាបន​បត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​(CO) ទោះបីបិទខ្ទប់។

សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​បានផ្សាយ​កាលពី​ថ្ងៃទី២០ ​ខែមេសានេះ​ថា ​ឲ្យដឹងថា​ដើម្បីធានានិរន្តរ​ភាព​នៃ​ការ​ផ្តល់​សេវាសាធារណៈ​ ក្រសួង​បាន​ចាត់​តាំងម​ន្ត្រី​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ឱ្យប្រចាំការ​ក្នុងការ​ផ្តល់​វិញ្ញាបន​បត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​(CO)​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ទៅបរទេស​ជាប្រក្រតី​។

សេចក្តីជូនដំណឹង​៖ «សូមផលិតករ​ ឬ​អ្នកនាំចេញ ​បន្តដាក់​ពាក្យ​ស្នើសុំ​វិញ្ញាបន​បត្រ​បញ្ជាក់​ដើមកំ​ណើត​ទំនិញ​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តកម្ម​«co.moc.gov.kh»។

សហព័ន្ធ​ ស្រូវ អង្ករ​ កម្ពុជា​(CRF) បាន​ឲ្យដឹងថា ​ក្នុអំឡុងពេល​បិទខ្ទប់នេះ​បានបណ្តាល​ឱ្យប៉ះពាល់​ដល់ ​​វិស័យ​ស្រូវ អង្ករ ​និងដឹកជញ្ចូន​ដឹកទំនិញ​ ដែល​មិនអាច​ដំណើរ​ការ​រោងម៉ាស៊ីន​កិន​ស្រូវ​ និង​ការ​ដឹក​អង្ករ​ឆ្លងកាត់ទីក្រុង ​ក៏ដូចជាពី​ ខេត្តទៅ​កំពង់ផែ ​បានទេ​។

សេចក្តីអំពាវ​នាវរបស់​ CRF បន្តថា ​ជាមួយគ្នានេះ ​សមាជិក​របស់​សហព័ន្ធនេះ​មួយចំនួន​ដែលមិន​មានទីតាំងនៅ​តំបន់បិទខ្ទប់​ក៏រងផល​ប៉ះពាល់ ​ផងដែរ ​ដោយសារ​បុគ្គលិក​របស់ខ្លួន​រស់នៅ​ក្នុងរាជធានី​ភ្នំពេញ ​និងក្រុងតាខ្មៅ ​មិនអាច​ធ្វើដំណើរ​ទៅ​បំពេញ​ការងារ​បាន​។​

CRF ឲ្យដឹងថា​«ក្រុមហ៊ុនទាំងនេះ​មិនអាចធ្វើ​ប្រតិបត្តិការ​ធម្មតា​បានទេ ​ដូនេះអាច​ពន្យាពេល​ផលិតកម្ម​ ក៏ដូចជា ​មិន​អាច​សម្រេចបាន​តាម​កាលវិភាគ​ដឹកជញ្ជូន​ដែលបាន​ព្រមព្រៀង​គ្នានាពេលកន្លងមក​។យើងសូមអំពាវ​នាវឱ្យមាន​ការយោគ​យល់​និង​ជួយរៀបចំ​ឲ្យមាន​ការ​សម្របសម្រួល​នៅក្នុង​ស្ថានភាពពិសេសនេះ»។

សហព័ន្ធស្រូវអង្ករកម្ពុជាស្នើរដល់សាលារាជធានីភ្នំពេញជួយសម្រួលដល់ការដឹកជញ្ជូនអង្គរ

ភ្នំពេញ៖ លោក សុង សារ៉នប្រធានសហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា​(CRF) បានថ្លែងPlusOneនៅថ្ងៃច័ន្ទនេះថា លោកបានស្នើរដល់អាជ្ញាធររាជធានីភ្នំពេញដើម្បីជួយសម្រួលដល់ការដឹងជញ្ជូន អង្ករដើម្បីផ្គត់ផ្គង់ទៅកាន់តំបន់ដែលមានតម្រូវការខ្ពស់ក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅដែលត្រូវបានបិទខ្ទប់ក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩នៃព្រឹត្តិការណ៍២០កុម្ភះ។

លោក សុង សារ៉ន បានថ្លែងថា ជាមួយការចូលរួមចំណែកពីសមាជិករបស់ខ្លួន សមាគមបានត្រៀមអង្ករប្រមាណ៤ម៉ឺនតោនដែលនឹងត្រូវលក់ក្នុងតម្លៃអប្បហា(បញ្ចុះថ្លៃ)ជូនប្រជាពលរដ្ឋដែលកំពុងស្នាក់តាមមូលដ្ឋានបិទខ្ទប់។

ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនអាចសុំការបកស្រាយបានទេទាក់ទិនទៅនិងការសើ្នររបស់ CRF។

កាលពីថ្ងៃអាទិត្យទី១៨ សមាជិកចំនួន៧របស់​CRFយ៉ាងតិច​ចំនួន ​៧ បាន​ធ្វើការ​បញ្ចុះ​តម្លៃ​ចន្លោះពី ​១ម៉ឺនរៀល ​ដល់​ ២ម៉ឺនរៀល​ក្នុង១បេ​នៃ​តម្លៃ​គោល​ ដើម្បី​ចូល​រួម​ជាមួយ​រដ្ឋា​ភិបាល​សម្រួល​ដល់​ជីវភាព​របស់ប្រ​ជាជន​អំឡុវង​ពេល​អនុវត្តវិធាន​ការ​បិទខ្ទប់​ក្រុងភ្នំពេញ​និង​ក្រុងតាខ្មៅ​។​

ទីតាំង​ទាំងនោះ​ រួមមាន​ដេប៉ូ ​ស្ថិត​នៅក្នុង​សង្កាត់​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ​ (បុរី​រិទ្ធ)​ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ (ទល់មុខព្រះសក្សមុនីចេតិយ៍) ​សង្កាត់​ព្រែក​កំពិស ខណ្ឌដង្កោ (ក្បែរ​ផ្សារ​ព្រៃជ្រៃ​)​ សង្កាត់​ស្នោ​រ​ ខណ្ឌ​កំបូល​៕