លោក សុខ ចិន្តា​សោភា៖ កម្ពុជា​បាន​នឹង​កំពុង​ដើរ​ស្រប​តាម​​បដិវត្ត​នៃ​ឧស្សាហ​កម្ម ៤.០ និង​ឌីជីថលូបនីយ​កម្ម

ភ្នំពេញ៖ អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក សុខ ចិន្តា​សោភា នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដល់​វិនិយោ​គិន​ដែល​ជា​សមាជិក​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១១ ខែមករា ​បាន​និយាយ​ថា កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដើម្បី​កែលម្អ​បរិស្ថាន​វិនិយោគ​​របស់​ខ្លួន​សំដៅ​ទាក់​ទាញ​ការ​វិនិយោគ​ក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩ និង​ឱ្យ​ដើរ​ស្រប​តាម​បដិវត្ត​នៃ​ឧស្សាហ​កម្ម ៤.០ និង​ឌីជីថលូបនីយ​កម្ម។ បន្ថែម​ពី​លើ​នេះ រាជ​រដ្ឋាភិបាល​ក៏​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​វិនិយោគ និង​សេវា​ថែទាំ​វិនិយោគ ដល់​វិនិយោគិន​ទាំង​អស់​ដោយ​គ្មាន​ការ​រើស​អើង​ទៀត​ផង​។​

លោក​បញ្ជាក់​ថា​៖​«​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-ចិន, កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP) និង​ការ​ត្រៀម​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ នឹង​ជួយ​បើក​ចំហ​ទីផ្សារ និង​បង្កើន​ភាព​ទាក់​ទាញ​វិនិយោគ​របស់​កម្ពុជា​បន្ថែម​ទៀត»​។

ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២១ ខណៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន និង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP) បាន​ចូល​ជា​ធរមាន​ហើយ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២៕

សហរដ្ឋអាមេរិកមានមោទនភាព​សូមប្រកាសថា វត្ថុបូរាណចំនួន ៣៥ ដែលមានប្រភពដើមពីប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍​ នឹងត្រូវបញ្ជូនត្រឡប់មកវិញ!

វត្ថុបូរាណខ្មែរដែលមានតម្លៃមិនអាចកាត់ថ្លៃបាន រួមមានរូបចម្លាក់រចនាបទសម័យអង្គរ ធ្វើពីសំរិទ្ធ គឺរូបពុទ្ធបដិមាទ្រង់ភ្នែន និងរូបចម្លាក់រចនាបទប្រាសាទកោះកេរ ធ្វើពីថ្មភក់ នៅសតវត្សរ៍ទី ១០ ជារូបចម្លាក់ព្រះគណេស ។ វត្ថុបូរាណទាំង​នេះ​ នឹងត្រូវបញ្ជូនមកកាន់កម្ពុជាវិញ ដោយសារកិច្ចខិតខំដ៏ល្អ​របស់រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេត​នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។

យើងមានការប្តេជ្ញាចិត្ត​ក្នុងការបញ្ចប់នូវការជួញដូរវត្ថុបូរាណខុសច្បាប់ ស្វែងរកវត្ថុមានតម្លៃទាំង​នេះ ហើយបញ្ជូនទៅកាន់មាតុភូមិកំណេីតវិញ។ សូមអានបន្ថែម ៖ https://www.justice.gov/…/major-collection-cambodian…

The United States is proud to announce that 35 more Cambodian and Southeast Asian antiquities will be returned home!

The priceless Cambodian artifacts include an Angkor Wat-style bronze sculpture of seated Buddha and a 10th century Koh Ker-style sandstone sculpture depicting Ganesha. They will return to Cambodia thanks to great work by the United States Attorney for the Southern District of New York and Homeland Security Investigations (HSI).

We are committed to ending the illegal trafficking of antiquities, finding these treasures, and sending them home. Read more here: https://www.justice.gov/…/major-collection-cambodian…

ការដោះដូរទំនិញតាមព្រំដែនកម្ពុជា-ថៃនឹងកាន់តែមានសន្ទុះបន្ថែមទៀតជាមួយការដាក់ឱ្យប្រសើផ្លូវជាតិ​លេខ៥

ភ្នំពេញ៖ ការធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណមានប្រវែង ៨៤.៧៤​គីឡូម៉ែត បានបញ្ចប់ការសាងសង់១០០ភាគរយ នឹងជំរុញការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា​និងថៃ និង​ការប្រកួត​ប្រជែង​​ខ្លាំង សម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម​ និងសេដ្ឋ​កិច្ចរបស់អាស៊ាន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា ដោយមើលឃើញ ពីសារៈសំខាន់ និងភាពមមាញឹកនៃការដឹកជញ្ជូន នៅផ្លូវជាតិលេខ៥ រួមទាំងស្ថានភាពខូចខាតផ្លូវ ដែល​បង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជា បានស្នើ​សុំហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ដើម្បីសាងសង់លើកកម្រិតគុណភាព ពង្រីកផ្លូវនេះឡើងវិញ។

លោកបានបញ្ជាក់ថា៖« ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពល ក្នុងការតភ្ជាប់ទំនាក់ទំនងរវាង​ខេត្ត​បាត់​ដំបង និងខេត្ត​បន្ទាយមានជ័យ ក៏ដូចជាទៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ ជាពិសេស ជាខ្សែផ្លូវយុទ្ធសាស្រ្តមួយ​ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ច្រកទ្វារប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ  ដោយឆ្លងកាត់ខេត្តចំនួន៥»។

លោកបានបន្តថា ផ្លូវជាតិជាតិលេខ៥នេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ាន High way លេខ១ AH1 ដែលបានតភ្ជាប់គ្នារវាងរាជ​ធានីភ្នំពេញ-ក្រុងបាងកក-ទីក្រុងហូជីមិញ និងជាខ្សែផ្លូវ ស្ថិតក្នុងរបៀង​សេដ្ឋ​កិច្ច​ខាងត្បូង ដ៏មានសក្តានុ​ពល​ និងការប្រកួតប្រជែងខ្លាំង សម្រាប់វិស័យទេសចរណ៍ា ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្មា​ និងសេដ្ឋ​កិច្ចរបស់អាស៊ាន ក៏ដូចជា មហាអនុតំបន់មេគង្គផងដែរ។

គម្រោង​ធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិ៥នេះ មានប្រវែងសរុប ៣៦៦គីឡូម៉ែត ចាប់ពីផ្តើមពីព្រែកក្តាម  រហូតដល់​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ៥០០លានដុល្លារ បែងចែកជា ៣កំណាត់ រួ​មមាន កំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណមានប្រវែង ៨៤.៧៤គីឡូម៉ែត បានបញ្ចប់ការសាងសង់១០០ភាគរយ កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម មានប្រវែង ១៣៥.២៥ គីឡូម៉ែត សម្រេចបាន៦៤ភាគរយ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ កំណាត់​ទី៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦គីឡូម៉ែត ក្នុងនោះ ធ្លាម្អម-បាត់ដំបង សម្រេចបាន ៥៦ភាគរយ    និងសិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធី ជ្រើសរើសក្រុមហ៊ុនសាងសង់៕

គម្រោងវារីវប្បកម្ម តាមបែបចិញ្ចឹមត្រី​សមុទ្រ​ក្នុងបែនឹងលេចរូបរាងឡើង នៅជិតតំបន់កោះដែកគោល និង កោះថាសឆាប់ៗនេះ

ភ្នំពេញ៖ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក មានផែនការវិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រី​សមុទ្រ​ក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាស ដែលដំណាក់កាលទី ១ នៃផែនការវិនិយោគនោះគឺ​លើផ្ទៃទឹកសមុទ្រចំនួន ១ ៩៨៤ហិកតា។

ការបង្ហាញនូវផែនការរបស់ក្រុមហ៊ុនត្រូវលើកឡើងក្នុងជំនួបរវាងលោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក និងលោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹក ថ្ងៃអង្គារ នេះ ក្នុងគោលបំណងជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបអំពីវឌ្ឍនភាព និងស្នើសុំការណែនាំបន្ថែម​ពាក់ព័ន្ធ​នឹងផែនការវិនិយោគវារីវប្បកម្មសមុទ្រក្នុងបែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីតំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ ឯកឧត្តមរដ្ឋមន្រ្តី និងមន្ត្រីជំនាញនៃរដ្ឋបាលជលផល ដែលបានផ្តល់ឱកាស និងគាំទ្រចំពោះ​សំណើ​ផែនការ​វិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាស ដែល​ដំណាក់​កាលទី ១ នៃផែនការវិនិយោគនោះគឺលើផ្ទៃទឹកសមុទ្រចំនួន ១ ៩៨៤ហិកតា។

លោកស្រីបន្ថែមថា បន្ទាប់ពី​បាន​ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុន​កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ និងទទួលបានការណែនាំពីលោករដ្ឋមន្រ្តី និងមន្ត្រីជំនាញកន្លងមក ក្រុមហ៊ុនបាន​ធ្វើការពិនិត្យ សិក្សា និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសលើការសិក្សា​វាយតម្លៃ​លើផលប៉ះពាល់ បរិស្ថាន និងសង្គម ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រសួងពាក់ព័ន្ធបានសម្រេច​កំណត់យកតំបន់កោះថាស ជាតំបន់សាកសម និងមានសក្ដានុពលបំផុតសម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ក្រុមហ៊ុន ដែល​ផែនការវិនិយោគនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គឺពិតជាសំខាន់សម្រាប់ជួយដល់​ការអភិវឌ្ឍ​ដល់​វិស័យជល​ផលនៅកម្ពុជា និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផល​ត្រីសមុទ្រធម្មជាតិ និងផល​ត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

លោករដ្ឋមន្ត្រីក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុនឲ្យបញ្ជូនឯកសារវាយតម្លៃលើផលប៉ះពាល់ បរិស្ថាន និងសង្គម​លើគម្រោងវិនិយោគវារីវប្បកម្មសមុទ្រនេះមកក្រសួង និងជាពិសេសត្រូវធ្វើការស្នើសុំ និងមានការអនុម័ត​ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាចចុះ​កិច្ចព្រមព្រៀង​លើការអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុនបាន៕

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន១៣១៣សំណើក្នុងឆ្នាំ២០២១

ក្រុងអង្គរ៖ រយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានចុះសំណេះសំណាលដល់ខ្នងផ្ទះ​របស់​ប្រជាពលរដ្ឋ ផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាច ក្នុងគោលដៅទាំង៥ស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ រួមទាំងក្រៅតំបន់ឧទ្យានអង្គរបានចំនួនសំណើ២២១៨ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៣១៣សំណើ។

ការចុះពិនិត្យ និងអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងចំនួន២០១សំណើ ស្រុកអង្គរធំចំនួន២៨៣សំណើ ស្រុកពួកចំនួន២២០សំណើ ក្រុងសៀមរាបចំនួន៣១៥សំណើ ស្រុកបន្ទាយស្រីចំនួន២៦៣សំណើ និងក្រៅឧទ្យានអង្គរចំនួន៣២សំណើ សរុបចំនួន១៣១៣សំណើ។

ក្រុមការងារសហគមន៍ក៏បានចូលរួមក្នុងកិច្ចការមនុស្សធម៌ និងកិច្ចការសាសនា ឧបត្ថម្ភថវិកាដល់ចាស់ព្រឹទ្ធាចារ្យ ចាស់ជរា ជនពិកា ជនទីទ័លក្រ អ្នកជំងឺ កុមារពិកា។ ឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ផ្សេងៗដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ និងកម្មវិធី​ផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងឧទ្យានអង្គរ។

ក្នុងឆ្នាំ២០២១ បញ្ហាប្រឈមពាក់ព័ន្ធនឹងសំណើសុំជួសជុល និងសាងសង់តូចតាចនៅច្រើន(ក្នុងឧទ្យានអង្គរ) ក្រុមការងារគោលដៅមួយ​ចំនួនបានផ្អាកចុះពិនិត្យ និងដោះស្រាយក្នុងខែខ្លះពី២ទៅ៣សប្តាហ៍ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ក្នុងសហគមន៍។ ការជួសជុល ឬសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារនៅតែមាន។ ការប្រកាសលក់ដីនៅក្នុងតំបន់ការពារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនិងការដាក់ស្លាក(ដីលក់)ផ្ទាល់ក្នុងតំបន់ការពារនៅតែមាន។

គោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ច​របស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់​ផ្ទះក្នុងឧទ្យានអង្គរ។ បន្តចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុល និងសាងសង់តូចតាចរបស់​ប្រជាពលរដ្ឋ​ឱ្យកាន់តែមាន​ប្រសិទ្ធិ​ភាពទាន់ពេលវេលា។ ចំពោះ រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដាសម្រេចបាន៨២២លានដុល្លារក្នុងរយះពេល១០ខែឆ្នាំមុន

ភ្នំពេញៈ ការដោះដូទំហំពាណិជ្ជកម្ម​ទ្វេភាគីរវាង​កម្ពុជា និង​ប្រទេស​កាណាដា រយៈ​ពេល​១០​ខែ​ ​ឆ្នាំ២០២១ មាន​តម្លៃ​ប្រមាណ ៨២២​​លាន​ដុល្លារ កើន​ ២៦​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​ឆ្នាំ​២០២០។

បើតាមទិន្នន័យ​ពីក្រសួង​ពាណិជ្ជកម្មកម្ពុជា ​បង្ហាញទៀត​ថា ចាប់​ពី​ខែ​​មករា ដល់​ខែ​តុលា ឆ្នាំ​​​២០២១ ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅប្រទេស​​កាណាដា ​មាន​តម្លៃ ៧៩០​លាន​ដុល្លារ កើនឡើង ៣១​​ភាគរយ​ពី​ចំនួន​ ៦០៤​​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពីកាណាដា មក​​ទីផ្សារ​​​​កម្ពុជា មានតម្លៃ ៣២​​លាន​ដុល្លារ ធ្លាក់​ចុះ ៣៣​ភាគ​រយ​ពី​ចំនួន ៤៨​​លាន​ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​ បាន​មានប្រសាសន៍ថា ដោយសារកាណាដា​ ជា​ប្រទេស​ជឿនលឿន ទំនិញដែលនាំចេញពីកម្ពុជាភាគ​ច្រើន​​ជា​ផលិត​ផល​វាយនភណ្ឌ សម្ភារ​ធ្វើ​ដំណើរ និង​កាបូប​ ជា​ដើម​។ កម្ពុជា​តែង​តែ​មាន​ឧត្តមភាព​សម្រាប់​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​កាណាដា។

លោក​ថា​ តាម​រយៈ​ការ​ធ្វើ​ពិពិធកម្ម​ផលិត​កម្ម​ជា​បន្តបន្ទាប់ កម្ពុជា​រំពឹង​ថា​នឹង​អាច​​នាំ​ចេញ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ទៅ​ប្រទេស​កាណាដា។ ​ជាមួយគ្នានេះដែរ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត ​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ នឹង​រឹត​តែ​ធំ​បន្ថែម​ទៀត​​នៅ​ពេល​ខាងមុខ៕

កម្ពុជាបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេស​ចរណ៍​សៀមរាប-អង្គរ (គ.អ.ទ.ស)

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេស​ចរណ៍​សៀមរាប-អង្គរ (គ.អ.ទ.ស) ដើម្បីអនុវត្តការងារ​សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅ​ទេសចរណ៍​​ខេត្ត​សៀម​រាប ដោយត្រូវអនុវត្ត​តាមផែន​ការ​មេអភិវឌ្ឍន៍ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ២០២១​​-២០៣៥ ។

យោងតាមអនុក្រិត្យរបស់រដ្ឋាភិបាល គណៈកម្មការនេះ(គ.អ.ទ.ស)  ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេច​បង្កើតឡើង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ​ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការ​អភិវឌ្ឍ​គោលដៅទេសចរណ៍ខេត្តសៀមរាប និងត្រូវអនុវត្តតាមផែនការមេអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

គោលដៅទេសចរណ៍អាទិភាព ចំនួន៦ ដែលនឹងស្ថិតនៅក្រោមការគ្រប់គ្រងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេស​ចរណ៍​សៀមរាប-អង្គរ (គ.អ.ទ.ស) រួមមាន តំបន់ឧទ្យានជាតិភ្នំគូលែន, តំបន់ទេស​ចរណ៍​ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី,តំបន់បេតិកភណ្ឌអង្គរ, តំបន់ក្រុងសៀមរាប, តំបន់បឹង​ទន្លេ​សាប និង តំបន់ទេសចរណ៍សៀមរាបថ្មី។

​ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ២០២១-២០៣៥ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១ តាម​រយៈ​ប្រព័ន្ធ​អនឡាញ​ ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច បាន​បង្ហាញ​ការ​ជឿ​ជាក់​ថា ផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ​២០២១-២០៣៥ នឹង​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ជា​ពិសេស​នៅ​ខេត្ត​សៀមរាប សំដៅ​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណ​ភាព​សុវត្ថិ​ភាព និង​ចីរ​ភាព ព្រម​ទាំង​ជួយ​ទ្រទ្រង់​ដល់​ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩។

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរនេះ មាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច ជាប្រធាន និងមានអនុប្រធាន៣រូប លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធាន និងសមាជិកមកពីក្រសួងស្ថាប័នដទៃទៀត។​

តាមរយៈ​ផែនការ​មេនេះ ក្រសួងទេចរណ៍រំពឹងថា ខេត្ត​សៀមរាប​រំពឹង​នឹង​អាច​ទាក់​ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ​បាន ១០,៩ លាន​នាក់​នៅ​ឆ្នាំ ២០២៣ និង​ភ្ញៀវទេសចរ​អន្តរជាតិ ៧,៥ លាន​នាក់​នៅ​ឆ្នាំ ២០២៥។ តាម​រយៈ​នេះ រដ្ឋាភិបាល​ក៏​មាន​ចក្ខុវិស័យ​បង្កើត​ការងារ​ឱ្យ​បាន ៩៤ ម៉ឺន​នាក់ និង​ប្រាក់​ចំណូល​ហូរ​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​ប្រមាណ ៦ ពាន់​លាន​ដុល្លារ៕

កម្ពុជាទទួលបានភ្ញៀវទេចរប្រមាណជាង២លាននាក់ក្នុងថ្ងៃឆ្លងឆ្នាំ

ភ្នំពេញ៖ ភ្ញៀវទេសចរសរុបជាង ២លាននាក់បានដើរកម្សាន្តទៅកាន់រមណីដ្ឋាននានានៅក្នុងព្រះរាជាណា​ចក្រកម្ពុជា នៅក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែមករាឆ្នាំ២០២២  កើនឡើងជាង៧៤ភាគរយ បើធៀបនឹងការឆ្លងឆ្នាំ​កាលពីដើមឆ្នាំ២០២១  ។

បើយោងតាមក្រសួងទេសចរណ៍ ឆ្នាំ២០២២នេះថា ចំនួនភ្ញៀវទេសចរ ដែលបានដើរកម្សាន្តនៅក្នុងអំឡុង​ពេល​ឆ្លងឆ្នាំសកល​២០២២នេះ ក្នុងរយៈពេលថ្ងៃមានប្រមាណជាង២លាននាក់​ ដែលចំនួននេះមានការ​កើនឡើង​លើស​ពីការរំពឹងទុករបស់ក្រសួងទេសចរណ៍។

បើយោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប  ខេត្តនេះទទួលបានទេសចរ​សរុប​ចំនួនប្រមាណ ២៨៧.៨៣៧​នាក់ ក្នុងនោះ ទេសចរជាតិមានចំនួនប្រមាណ ២៨៧.០០០ នាក់ ដោយ​មាន​ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៦៥-៧៥ភាគរយ។

ភ្ញៀវទេសចរភាគច្រើន បានទៅកម្សាន្ត​នៅក្នុង​រមណីយដ្ឋានអង្គរមានប្រមាណដ ដែលមានប្រមាណ ២៤៧.០០០ នាក់ ក្រៅពីនេះបានទៅ​រមណីយដ្ឋានឧទ្យានជាតិ​ភ្នំគូលែន​មាន​ចំនួន​ប្រមាណ ១៤.៤០០ នាក់ ,សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥.៦០០ នាក់។

តាមក្រសួងទេសចរណ៍ គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសសុទ្ធតែទទួលបានចំនួន​ភ្ញៀវ​ទេសចរ​យ៉ាងផុសផុល ដោយក្នុងនោះ សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវ​កក់​ស្ទើរ​ពេញ១០០% ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្សេងៗក៏បានបើកដំណើរការទ​ទួល​ភ្ញៀវ​ទេសចរ​ឡើង​វិញកាន់តែច្រើនឡើង៕

ឆ្នាំថ្មី២០២២ ជោគជ័យថ្មីជាមួយអេស៊ីលីដាដល់អតិថិជនដ៏ថ្លៃថ្លាជាមួយ និងការដាក់ពង្រាយនូវម៉ាស៊ីន​អេធីអឹម​៤៧៨គ្រឿងបន្ថែមទៀត

ភ្នំពេញ៖ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជាសូមប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីជូនដល់អតិថិជនដ៏ថ្លៃថ្លាក្នុងឪកាសឆ្នាំថ្មី២០២២ ប្រកបរបររកស៊ីទទួលទានមានបាន និង ជៀសឆ្ងាយពីរោគាទាំងពួង ជាពិសេសជំងឺកូវីដ១៩។ សម្រាប់ឆ្នាំ២០២២នេះផងដែរ ធនាគារអេស៊ីលីដា​ក៏បានធ្វើការវិនិយោគបន្ថែមដោយធ្វើការដាក់ពង្រាយនូវ​ម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ នេះ ដែលធ្វើឱ្យម៉ាស៊ីនអេធីអឹម​របស់ខ្លួនកើនដល់ ១ ៣១៧គ្រឿងសំដៅធ្វើយ៉ាងណាផ្តល់​ភាពងាយស្រួល​ដល់​អតិថិជិនរបស់ខ្លូន​កាន់តែទូលំ​ទូលាយ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា។​

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅពីសំណាក់អតិថិជនដ៏ថ្លៃថ្លាដែលតែងតែជឿជាក់ក្នុងការប្រើប្រាស់នូវសេវាកម្មនានារបស់ធនាគារអេស៊ីលីដាក្នុងការទូទាត់នូវថ្លៃសេវាកម្មឬទំនិញផ្សេងៗជាប្រចាំ។ សម្រាប់ឆ្នាំថ្មីនេះ ធនាគារ អេស៊ីលីដាតែងតែ​គិតគូរ​ក្នុង​ការបំពាក់​បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេច​ធ្លោនិងទាន់សម័យសម្រាប់​អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលធ្វើអោយ​ខ្លួនបានង្កើននូវការវិនិយោគ​លើការ​ដាក់ពង្រាងមាស៊ីនអេធីអឹមកាន់តែច្រើនបន្ថែមទៀត។

លោកស្រីនាយិកាបានបន្ថែមថា ៖ «តាំងនាមឱ្យគណៈគ្រប់គ្រងនិងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់​ធនាគារ​អេស៊ីលី​ដា នាងខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីបវរដល់អតិថិជនដ៏ថ្លៃថ្លា និងបងប្អូនប្រជាពលរដ្ឋគ្រប់រូបឱ្យជួប​តែសេចក្តីសុខ និង​ជៀសឆ្ងាយពីជំងឹទាំងពួង​ជាពិសេសជំងឺកូវីដ១៩ និងសម្រេចបាននូវជោគជ័យថ្មី​ក្នុង​មុខជំនួញ​និងជីវភាព​ប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ អេស៊ីលីដាបានសម្រេចវិនិយោគក្នុងការបន្ថែម​មាស៊ីន​អេធីអឹមឱ្យ​បានកាន់តែច្រើ់ន​ឡើងជារៀងរាល់ឆ្នាំគឺដើម្បីបង្ករលក្ខណៈងាយស្រួលជូន​អតិថិជនដ៏ថ្លៃថ្លាទាំងអស់​ក្នុងការប្រើប្រាស់នូវសាច់ប្រាក់​របស់គាត់នៅទូទាំងប្រទេសរបស់យើងនិងបាន២៤ម៉ោងក្នុង៧ថ្ងៃ។ ដូច្នេះធនាគារ​អេស៊ីលីដានឹងដាក់ឱ្យ​ដំណើការ​នូវមាស៊ីនអេធីអឹមចំនួន៤៧៨គ្រឿងនៅក្នុងឆ្នាំ២០២២ ដែលនឹងត្រូវដាក់​ពង្រាយនៅទូទាំងប្រទេស​ដើម្បីឱ្យមានភាពងាយស្រួលដល់អតិថិជនរបស់យើង»។​

ជាមួយទីតាំងនៃការផ្តល់សេវាម៉ាស៊ីនអេធីអឹម និងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) ដោយខ្លួនឯងបាន ២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ដោយមិនគិតកម្រៃសេវាឡើយ៕

អេស៊ីលីដាផ្តល់នូវភាពរីករាយជាមួយអតិថិជន​សម្រាប់​ដំណើរ​កំសាន្ត​ឆ្លងឆ្នាំសកលជាមួយការ​ប្រើ​ប្រាស់​សេវាទូទាត់​ឌីជីថល​អេស៊ីលីដាម៉ូបាល

ភ្នំពេញ៖ ជាមួយការធ្វើដំណើការកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋទៅកាន់រមណីយដ្ឋាននានាប្រកប​ដោយ​ក្តីរីករាយ​ក្នុងឪកាសចូលឆ្នាំសកលឆ្នាំ២០២២នេះ ធនាគារអេស៊ីលីដាសូមចូលរួមនូវការសប្បាយ​រីករាយ​ជាមួយអតិថិជន​របស់ខ្លួនជាមួយនិងសេវាកម្មបែបឌីជីថលរបស់ខ្លួន និងការដាក់ពង្រាយនូវម៉ាស៊ីន​ដែល​មាន​បច្ចេកវិទ្យា​​​ទំនើប​ៗ​រាប់​ពាន់​គ្រឿង​នៅ​ទូទាំង​ប្រទេស​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ជួន​ដល់​អតិថិជិន​ក្នុង​ការ​ដាក់-ដក​ប្រាក់ និង​សេវា​ផ្សេងៗ​ទៀត​ទៅ​តាម​តម្រូវការ។

លើសពីនេះទៅទៀត ជាមួយអេស៊ីលីដាម៉ូបាល អតិថិជនអាចធ្វើការទូទាត់តាមរយះការស្កែនថ្លៃទំនិញ និងសេវាកម្មផ្សេងៗបានយ៉ាងងាយស្រួល លឿនរហ័សទាន់ចិត្ត មានសុវត្ថិភាពខ្ពស់ ចំណេញពេលវេលា និងមិនចាំបាច់ខ្វាយខ្វល់រឿងកាន់ក្រដាសប្រាក់ជាប់ខ្លួនដែលជាការចូលរួមចំណែកទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩។

លោក​ស្រី​ សុខ​ សោភា​ នាយិកា​ប្រតិបត្តិ​ជាន់​ខ្ពស់​ទីផ្សារ​ នៃធនាគារ​ អេស៊ីលីដា​ បាន​មានប្រសាសន៍​ថា​ ជាមួយសេវាដ៏ទូលំទូលាយរបស់ធនាគាអេស៊ីលីដា ជាពិសេសការទូទាត់តាមឌីជីថល និងការវិនិយោគបន្ថែម​ក្នុងការពង្រាយនូវមាស៊ីនអេធីអឹមកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយ​ស្រួលដល់អតិថិជនក្នុងការធ្វើដំណើរកម្សាន្តដោយមិនចាំបាច់ខ្វល់ខ្វាយរឿងកាន់ការខ្វះសាច់ប្រាក់ក្នុងការចាយវាយឬអាចទូទាត់តាមអេស៊ីលីដាម៉ូបាលបានយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្តបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

លោក​ស្រី​បាន​បន្ត​ទៀត​ថា ជាមួយ​គ្នា​នេះ​ ធនាគារ អេស៊ីលីដា​ ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ ក៏​បាន​ចូល​រួម​យ៉ាង​សកម្មភាព​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​សម្រាប់​របស់​អ្នក​ប្រើប្រាស់​សេវាធនាគារ​ឌីជីថល​ តាមរយៈ​ អេប​ អេស៊ីលីដា​ ម៉ូបាល​ ដែល​មាន​មុខ​ងារ​សម្បូរ​បែប​ ពិសេស​ការ​ទូទាត់​តាម​រយៈ​ QR​ កូដ​ ដ៏​លឿន​រហ័ស​ និង​សុវត្ថិភាព​ខ្ពស់។

លោក​ស្រី​សូម​គោរព​ជូន​ពរ​ដល់​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​អតិថិជន​របស់​ធនាគារ អេស៊ីដា ទាំង​អស់​សូម​ធ្វើ​ដំណើរ​កំសាន្ត​ប្រកប​ដោយ​សុខ​សុវត្តិភាព និង​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​ដង្កាត់​ផ្សេង​ៗ​ ពិសេស​​ជំងឺ​កូវីដ-១៩​ ឬជំងឺ​កូវីដ​១៩​ប្រភេទ​ថ្មី​ អូមីក្រុង កំពុង​ឆ្លង​នៅ​កម្ពុជា​ក៏​ដូច​ជា​នៅ​លើសកល​លោក៕