កិច្ចព្រមព្រៀងពាណិជ្ជ​កម្ម និង​ការ​វិនិយោគកម្ពុជា-កូរ៉េនឹងក្លាយជាចលករជំរុញកំណើន

ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម បានថ្លែងអះអាថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េ (CKFTA) នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​លំហូរ​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​រវាង​ភាគី​ទាំង​ពីរ ដោយ​នឹង​ផ្តល់​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ ជា​មួយ​គណៈ​កម្មការ​ទី៩ នៃ​រដ្ឋ​សភា ក្នុង​អំឡុង​ពេល​ការ​ពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​រដ្ឋាភិ​បាល​កម្ពុជា និង​រដ្ឋាភិ​បាល​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១។​

លោកថា នៅ​ពេល​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ជា​ធរមាន​វា​នឹង​ផ្តល់​ផល​ប្រយោជន៍សេដ្ឋកិច្ច​ជា​ច្រើន​ដល់​ប្រទេស​ទាំង ២ ក្នុង​នោះ​សម្រាប់​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ភាព​វិជ្ជមាន​មួយ​ចំនួន​ដូច​ជា ការ​ទទួល​បាន​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ ការផ្ទេរ​បច្ចេក​វិទ្យា ចំណេះ​ដឹង និង​ជំនាញ​ថ្មីៗ​ពី​ការ​វិនិយោគ​ផ្ទាល់​របស់​ក្រុម​ហ៊ុន​មក​ពី​ប្រទេសកូរ៉េ និង​បរទេស ព្រម​ទាំង​ការ​បង្កើត​ការងារថ្មីៗ​ជា​ដើម។

លោក​ សូរស័ក្តិ បាន​អះអាង​ថា៖​«​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ក្លាយ​ជា​កម្លាំង​ចលក​រ​ដ៏សំខាន់​ក្នុង​ការ​ជំរុញ​លំហូរ​ពាណិជ្ជ​កម្ម និង​ការ​វិនិ​យោគ​រវាង​ភាគី​ទាំង​ពីរ ដែល​នឹង​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​សេដ្ឋកិច្ច ការ​អភិវឌ្ឍ សុខុមាល​ភាព​ប្រជាជន និង​ការ​ផ្សារ​ភ្ជាប់​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែមទៀត»។

​បើយោងតាមទិន្នន័យ​ពី​សមាគម​ពាណិជ្ជ​កម្ម​អន្តរជាតិ​កូរ៉េ ចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ការ​នាំ​ទំនិញ​ចេញ-ចូល​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េ​ខាង​ត្បូង មាន​ទឹក​ប្រាក់​សរុប ៨៦៩,៧៣​លាន​ដុល្លារ កើនឡើង​ ៨,៨​ភាគ​រយបើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០៕

សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ

ក្រុងសៀមរាប៖ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈ​សង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប មានថេរដីកាថា ដោយសារទឹកព្រះទ័យស្រឡាញ់ពេញចិត្តគ្រឿងបុរាណវត្ថុដែលជា​បេតិកភណ្ឌ​មានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ មានអាយុកាលរាប់រយឆ្នាំមកហើយនោះ ព្រះអង្គបានខិតខំស្វែង ប្រមូលរក្សាទុកបុរាណវត្ថុទាំងនោះតាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន។

បុរាណវត្ថុដែលព្រះអង្គបានប្រមូលរក្សាទុករួមមានជាវត្ថុសាងពី ថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធ​រូប និងគ្រឿងកុល្លាលភាជន៍នានារក្សាទុកក្នុង​វត្តរាជបូណ៌ដើម្បីរក្សាទុកនិងតាំងបង្ហាញក្នុងអគារសារមន្ទីរនៅ​ក្នុង​វត្តរាជបូណ៌នេះ។ សារមន្ទីរនេះមានឈ្មោះថាសារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ ជាសារមន្ទី​រព្រះពុទ្ធសាសនា ដើម្បីឱ្យមនុស្សជាតិទាំងអស់នៅលើពិភពលោកបានឃើញនូវសា្នដៃសិល្បៈដែលបន្សល់​ពីបុព្វបុរសខ្មែរ។

ព្រះអង្គមានថេរដីកាបន្តថា ព្រះអង្គមានព្រះទ័យនេះយូរហើយទើបតែនៅក្នុងឆ្នាំ២០២១នេះ លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិអប្សរា បានអញ្ជើញមកទស្សនកិច្ចក្នុងវត្តរាជបូណ៌ បានឃើញគ្រឿងបុរាណវត្ថុទាំងនោះ លោកជំទាវ ក៏សម្រេចចិត្តជ្រោមជ្រែងក្នុងការកសាងសារមន្ទីរដើម្បីសមតាមបំណងរបស់ព្រះអង្គ។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះអង្គមានថេរដីកាបន្តថា ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានចូលរួម​ជ្រោមជ្រែងក្នុងការងារសាងសង់សារមន្ទីរសម្រាប់តម្កល់បុរាណវត្ថុទាំងនេះ។ ក្រៅពីនេះ ក៏នៅមាន​សមិទ្ធផលចំនួនទៀត ដែលអាជ្ញាធរជាតិអប្សរាបានជួយមកកាន់វត្តរាជបូណ៌ រួមមាន៖ ការជួសជុលព្រះវិហារ និងសាលា​ឆាន់មួយខ្នង ដែលមានអាយុកាលជាយូរឆ្នាំណាស់មកហើយ។

ដំណើរការសាងសង់សារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ គ្រោងនឹងចំណាយថវិកាប្រមាណ​៩០ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក ដែលអាចនឹងចាប់ផ្តើមការសាងសង់ក្នុងឆ្នាំ២០២២ខាងមុខ។ បច្ចុប្បន្ន​ព្រះមហាវិមលធម្ម ព្រះអង្គកំពុងប្រមែប្រមូលនូវបច្ច័យពីសប្បុរសជននានា ដើម្បីយកមកកសាងសារមន្ទីរ​មួយនេះ។

សូមជម្រាបថា កាលពីដើមខែធ្នូ ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានប្រគេននូវប្លង់ស្ថាបត្យកម្ម និងបច្ច័យ​សរុបចំនួន២ម៉ឺនដុល្លារ ដែលបានពីការចូលរួមរបស់លោកជំទាវផ្ទាល់ និងមន្រ្តីរាជការក្រោមឱវាទជូនទៅ​ព្រះមហា​វិមលធម្ម ពិន សែម សិរីសុវណ្ណោ ជាការរួមចំណែកកសាងសារមន្ទីរ និងដើម្បីព្រះអង្គចាប់ផ្តើម ប្រមែប្រមូលនូវបច្ច័យសប្បុរសនានាបន្ថែមទៀតក្នុងការកសាងសារមន្ទីរខាងលើ៕

ផ្សារមូលបត្រកម្ពុជាជាជម្រើសថ្មីនៃប្រភពទុនរបស់ SME

ភ្នំពេញ៖ ប្រធាននិយ័តករមូលបត្រកម្ពុជាបានលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម(SME) នៅកម្ពុជា​ធ្វើការពិចារណាបោះផ្សាយមូលបត្រកម្មសិទ្ធនៅលើផ្សារមូលបត្រកម្ពុជាដែលជាជម្រើសហិរញ្ញប្បទានថ្មីរយះពេលវែងដើម្បីប្រមូលទុនយកទៅធ្វើការពង្រីកអាជីវកម្មរបស់ខ្លួន។​

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​និយ័តករ​មូលបត្រកម្ពុជា (ន.ម.ក.) បានថ្លែងនៅក្នុងសិក្ខាសាលា ស្តីពី ជម្រើសហិរញ្ញប្បទានសម្រាប់​សហ​គ្រាស​ធុន​តូច និងមធ្យមនៅកម្ពុជា នៅថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ថា វិស័យ SME តែងតែមាន​បញ្ហា​ប្រឈមជាច្រើន ហើយបញ្ហាដែលចម្បងជាងគេនោះគឹកង្វះទុនដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។ លោកថា ផ្សារមូលបត្រ​គឺជាជម្រើសមួយដ៏សក្តិសមដែលអនុញ្ញាតដល់ SME អាចធ្វើការគៀងគរទុន​ប្រកបដោយនិរន្តភាព។​

លោកបានបញ្ជាក់ថា ៖« ជាមួយនិងការបោះផ្សាយលក់មូលបត្រជាសាធារណៈគឺនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើន​ដល់ SMEs ដែលមិនត្រឹមតែជាប្រភពទុនថ្មីមិនចេះរីងស្ងួតប៉ុណ្ណោះទេ ប៉ុន្តែជាមួយនិងការចុះបញ្ជីនៅលើផ្សារ​មូលបត្រកម្ពុជាក៏ជួយកសាងកេរ្តិ៍ឈ្មោះ និងជួយពង្រឹងអភិបាលកិច្ចដល់ក្រុមហ៊ុនទៀតផង។ »។

លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដែរថាបច្ចុប្បន្ន លោកបានចុះបញ្ជីក្រុមហ៊ុន Telcotech ដែលជា​ក្រុមហ៊ុនមួយ​ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើន របស់ Royal Group  ដោយបានបោះផ្សាយមូលបត្របំណុល 20 លានដុល្លារ ជាមួយនឹង​ការធានាពី  Credit Guarantee and Investment Facility(CGIF)  ក្នុងអត្រាប័ណ្ណគឺ 4.5% ក្នុងមួយឆ្នាំ ហើយមានកាលកំណត់គឺ 5 ឆ្នាំ។

លោកបន្ថែមថា៖« តាំងនាមសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់​គ្នាឱ្យពិចារណារ​ប្រមូល​​ទុន​ស​ប្រាក់​តាមរយៈទីផ្សារមូលធន ទោះជាមានឧបសគ្គមួយចំនួនដែលត្រូវដោះស្រាយមែន  ប៉ុន្តែកុំបារម្ភ ព្រោះយើងមាននិយតករមូលបត្របានគាំទ្រខ្លាំង លើការងារននេះ ហើយទីផ្សារមូលធន​គឺជាកន្លែង​ដ៏ល្អ​មួយ​សម្រាប់ដាក់ប្រាក់របស់អ្នក ជាពិសេសការវិនិយោគរយៈពេលវែង»៕

កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីRCEP

ភ្នំពេញ ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(អាសិប-RCEP) ត្រូវ​ចូល​ជា​ធរមាន​នៅ​ដើម​ឆ្នាំ​២០២២ ខាង​មុខ ខណះដែរកម្ពុជា​រំពឹង​ថា ការ​នាំ​ចេញ ការ​វិនិយោគ និង​ផលិត​ផល​ក្នុង​ស្រុក​របស់​ខ្លួន​ នឹង​មាន​កំណើន​កាន់​តែ​ខ្ពស់​បន្ថែម​ទៀត ។

​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឱ្យ​ដឹង​កាលពីសប្តាហ៍មុនថា កិច្ច​ព្រម​ព្រៀង​ RCEPដែល​ជាគំនិត​ផ្តួច​ផ្តើម​របស់​អាស៊ាន និង​បាន​ចាប់​ផ្តើម​ការ​ចរចា​តាំង​ពី​ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០២២ តទៅ។ RCEPគឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដ៏​ធំ​បំផុត​លើ​ពិភពលោក ដែល​មាន​សមា​ជិក​ចំនួន​១៥​ប្រទេស រួម​មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​ចំនួន​៥ គឺ​អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង​ណូវែលហ្សេឡង់។

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​របស់​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា (ERIA) បានបង្ហាញ​ថា កម្ពុជា​អាច​នឹង​មាន​កំណើន​ប្រចាំ​ឆ្នាំ​ការ​នាំ​ចេញ​ចំនួន ៧,៣​ភាគ​រយ វិនិយោគ​ ២៣,៤​ភាគ​រយ និង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ប្រមាណ ២​ភាគ​រយ​ លើ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ដែល​មាន​នា​ពេល​បច្ចុប្បន្ន។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម កម្ពុជា​នឹង​ទទួល​បាន​ភាព​អនុ​គ្រោះពន្ធ​ពី​កិច្ច​ព្រម​ព្រៀង​នេះ​លើ​ទំនិញ​សំខាន់ៗ​ជាច្រើន ដូចជា​ទំនិញ​កសិកម្ម ទំនិញ​កសិកម្ម​កែច្នៃទំនិញ​ឧស្សាហកម្ម ជា​ដើម។

បន្ថែម​លើ​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​នាំ​ចេញ​នេះ កម្ពុជា ក៏​រំពឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​បន្ថែម​ពី RCEPលើ​ផ្នែក​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដូច​ជា ការ​ផ្ទេរ​បច្ចេក​វិទ្យា ចំណេះ​ដឹង ចំណេះ​ធ្វើ និង​ជំនាញ​ថ្មីៗ​ពី​ការ​វិនិយោគ​ផ្ទាល់​របស់​បរទេស ព្រម​ទាំង​បង្កើត​ការងារ​ថ្មីៗ​ ផង​ដែរ។

លិខិត​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ថា៖​«​កិច្ច​ព្រម​ព្រៀង​នេះ​ក៏​នឹង​ជួយ​ជំរុញ​កំណើន​នៃ​ការ​នាំ​ចេញ និង​កំណើន​ផល​ទុន​សរុប​ក្នុង​ស្រុក ព្រម​ទាំង​ជួយ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​ឆាប់​រហ័ស ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩​ផងដែរ»។

កិច្ច​ព្រម​ព្រៀង RCEP មាន​គោល​បំណង​បង្កើត​បរិយាកាស​ពាណិជ្ជ​កម្ម​និង​វិនិយោគ​បើក​ចំហ ដើម្បី​សម្រួល​ដល់​ការ​ពង្រីក​ពាណិជ្ជ​កម្មនិង​ការ​វិនិយោគ​ក្នុង​តំបន់ និង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋ​កិច្ចនិង​ការ​អភិវឌ្ឍ​សកលលោក​។ RCEP នឹង​ក្លាយ​ជា​ក្រប​ខណ្ឌ​ស្នូល​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ ដើម្បី​ពង្រីក​បន្ថែម​ទៀតនូវ​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ នាំ​មក​នូវ​ឱកាស​ទីផ្សារ​និង​ការងារ សម្រាប់​អាជីវ​កម្ម​និង​ប្រជាជន​នៅ​ក្នុង​តំបន់។

បល​តាម​ក្រសួង​ពាណិជ្ជកម្ម RCEPនឹង​គ្រប​ដណ្តប់លើ​១- ប្រជាជន​ប្រមាណ២,២​ពាន់​លាន​នាក់ ឬ​៣០​ភាគ​រយ​ នៃ​ចំនួន​ប្រជាជន​ពិភព​លោក ២ ផលិត​ផល​ក្នុង​ស្រុក​សរុប​ប្រមាណ ២៦,២ ទ្រី​លាន​ដុល្លារ ឬ ៣០ភាគ​រយ នៃផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក និង ៣ ទំហំ​ពាណិជ្ជ​កម្ម​ចំនួន​ប្រមាណ ២៨​ភាគរយ​ នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភព​លោក​ទាំង​មូល៕

កម្ពុជាធ្វើការនាំចេញ-នាំចូលក្នុងទឹកប្រាក់ ២៩ពាន់លានដុល្លារក្នុងរយះពេល៩ខែ

ភ្នំពេញ៖ កម្ពុជាបានធ្វើការនាំចេញនិងនាំចូលមានទឹកប្រាក់ប្រមាណ២៩ពាន់លានដុល្លារក្នុងរយះពេល​៩ខែ​ដើមឆ្នាំ២០២១ ដោយមានការកើនឡើង២០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថា ការ​នាំ​ចេញ-​នាំ​ចូល​ទំនិញ​(ដក​មាស)​របស់​កម្ពុជា​ ​រយៈ​ពេល ៩ខែដើម​ឆ្នាំ២០២១ បាន​កើន​ឡើងជាង ២០​ភាគ​រយ ក្នុងទឹកប្រាក់ជាង​ ២៩​ពាន់​លាន​ដុល្លារ។

ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ២០២១ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​(ដកមាស) ក្នុង​ទំហំទឹកប្រាក់ជិត ១២,៦៩ពាន់​លាន​ដុល្លារ កើន​​ ២៣​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០។ កំណើន​ នេះ គឺ​ទទួល​បាន​ពី​ការ​នាំ​ចេញផលិត​ផល​វាយនភណ្ឌ, កង់, គ្រឿង​សង្ហារឹម, ស្បែក​សត្វ​មាន​រោម, កៅស៊ូ, ក្តារកុងប្លាកេ, ផ្ទាំង​សូឡា, ខ្សែភ្លើង និង​បង្គុំខ្សែភ្លើង, គ្រឿង​អេឡិចត្រូនិក និង​ផលិត​ផលកសិកម្ម​ ជា​ដើម​។​ ចំណែក​ការ​នាំចូល​ទំនិញ​(ដកមាស)​មាន​ទឹកប្រាក់ ១៦,៥​ពាន់​លាន​ដុល្លារ​​(ស្មើនឹង ៥៧,៦​ភាគ​រយ​​នៃ​ផ.ស.ស​) កើន​ឡើង ២៦,៥​ភាគ​រយ​ ដែល​រួម​ចំណែក​សំខាន់​ពី​ការ​នាំ​ចូល​ក្រណាត់, គ្រឿង​សំណង់ និង​ប្រេង​ឥន្ទនៈ ជា​ដើម​។​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា៖​«​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​កំណើន​វិជ្ជមាន​ក្នុង​ឆ្នាំ​​២០២១ នេះ​ ដោយសារ​ការ​ងើប​ឡើង​វិញ​នៃ​ស្ថាន​ភាព​សេដ្ឋកិច្ច​សកល, សេដ្ឋកិច្ច​ដែគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា បូករួម​ជា​មួយ​នឹង​ការ​ជំរុញ​ពី​វិស័យ​មួយ​ចំនួន ដូចជា​វិស័យ​កសិកម្ម, កម្មន្តសាលមិន​មែន​កាត់​ដេរ, ដឹក​ជញ្ជូន និង​គមនាគមន៍ និង​លទ្ធ​ភាព​នៃ​ការ​បញ្ជា​ទិញ និង​រោង​ចក្រ​កាត់ដេរ​ពី​ប្រទេស​មីយ៉ាន់ម៉ាមកកាន់​ប្រទេស​កម្ពុជា»។​

ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ ១៧ ២១៥,៣៧ ​លាន​ដុល្លារ កើន ១៦,៧២​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ១៤ ៧៤៨,៧៤ ​លាន​ដុល្លារ​។ ចំណែក​​ការនាំ​ចូល​មាន​តម្លៃ ១៨ ៥៩០,៤៨​លាន​ដុល្លារ ធ្លាក់​ចុះ ៧,៨៤​ភាគរយ​ពី ២០ ១៧១,៨១ ​លាន​ដុល្លារ​។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជ​កម្ម​៕​

មជ្ឈមណ្ឌលទិន្នន័យបែបទំនើបស្របតាមស្តង់ដារនិងបច្ចេកវិទ្យាខ្ពស់មួយត្រូវបានក្រសួងពាណិជ្ជកម្មដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ នៅក្នុងបរិវេណទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី និងកាត់ខ្សែបូរដាក់ឱ្យដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលទិន្នន័យថ្មី បែបទំនើបស្របតាមស្តង់ដារ និងបច្ចេកវិទ្យាខ្ពស់មួយ របស់ក្រសួងពាណិជ្ជកម្ម ជាមួយគ្នានឹងកម្មវិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅ ការងារពាណិជ្ជកម្មឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។

មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ ជាសមិទ្ធិផលថ្មីមួយទៀតដែលក្រសួងពាណិជ្ជកម្មសម្រេចបានក្នុងឆ្នាំ២០២១ ហើយវាមានសមត្ថភាព និង សុវត្ថិភាពខ្ពស់ ក្នុងពង្រីកសមត្ថភាព (Scalability) និងរក្សារឯកជនភាពទិន្នន័យ ដែលរក្សារនៅក្រសួងពាណិជ្ជកម្ម។ តាមសមត្ថភាព របស់មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ វាអាចធានា និងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងបានយ៉ាងហោចណាស់០៣ (បី) ឆ្នាំទៅមុខទៀត ក្នុងការរក្សាទុកប្រព័ន្ធទិន្នន័យសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម។

មជ្ឈមណ្ឌលទិន្នន័យថ្មីនេះបានរៀបចំជា ០២(ពីរ)ផ្នែកសំខាន់គឺ៖ ផ្នែកទី១ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ (Data Center Facilities) និង ផ្នែកទី២ ផ្នែកព័ត៌មានវិទ្យា (Information Technology Equipments)។

ផ្នែកទី១៖ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ (Data Center Facilities) ត្រូវបានរចនា និងរៀបចំឡើងដើម្បីធានាឱ្យបាននូវដំណើរការប្រកប ដោយប្រសិទ្ធភាព សុពលភាព និងសុវត្ថិភាពរបស់ឧបករណ៍។ ក្នុងបន្ទប់មជ្ឈមណ្ឌលទិន្នន័យ ត្រូវបានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់បែប ពិសេស ដើម្បីរក្សាឧបករណ៍ក្នុងសីតុណ្ហភាពសមស្រប និងមិនមានសំណើមដែលអាចមានផលប៉ះពាល់ដល់ឧបករណ៍ទាំងឡាយដែលដាក់ ឱ្យដំណើរការដូចជាឧបករណ៍បណ្តាញ (Networking Devices) ម៉ាស៊ីនមេ (Server) និងឧបករណ៍រក្សារទិន្នន័យ (Storage) ជាដើម។

មជ្ឈមណ្ឌលទិន្នន័យថ្មីនេះមានបំពាក់ UPS, ម៉ាស៊ីនភ្លើង, និងឧបករណ៍ឆ្លាស់ថាមពលអគ្គីសនីដោយស្រ័យប្រវ័ត្ត (ATS) ដែលធានា ថាមជ្ឈមណ្ឌលទិន្នន័យ និងសេវាឌីជីថលនានារបស់ក្រសួងនៅតែអាចដំណើរការបានទោះបីមានការរអាក់រអួលរបស់ប្រព័ន្ធអគ្គីសនី ពីប្រភពណាមួយក៏ដោយ។

លើសពីនេះបរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យទាំងនេះ ត្រូវបានភ្ជាប់ជាមួយប្រព័ន្ធ គ្រប់គ្រងបរិស្ថាន (Environment Monitoring) ដែលធ្វើ ការជាមួយឧបករណ៍ចាប់សញ្ញាជាច្រើនប្រភេទដូចជា សញ្ញាសីតណ្ហភាព, ម៉ាស៊ីនត្រជាក់បន្ទប់កុំព្យូទ័រ (CRAC), ប្រព័ន្ធកំដៅខ្យល់ ប្រព័ន្ធការពារអគ្គីភ័យនិងម៉ាស៊ីនត្រជាក់ (HVAC) និងប្រព័ន្ធផ្សងៗជាច្រើនទៀត ព្រមទាំងបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា ប្រព័ន្ធទ្វា និងបំពាក់កាមេរ៉ាសុវត្ថិភាព ដែលថតទុករាល់សកម្មភាពដែលកើតឡើងក្នុងបន្ទប់មជ្ឈមណ្ឌលទិន្នន័យ ក៏ដូចជាការពារមិន ឱ្យបុគ្គលដែលគ្មានការអនុញ្ញាតចេញចូលផងដែរ។

ផ្នែកទី២៖ ផ្នែកព័ត៌មានវិទ្យា (Information Technology Equipments) បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីសម្រាប់ ត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍ជំនាន់ចុងក្រោយបង្អស់ ព្រមទាំងការរក្សាទុកទិន្នន័យបែបឌីជីថល ដើម្បីធានាឱ្យបាននូវសុវត្ថភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការផ្តល់សេវាឌីជីថលជូនសាធារណជន។ ឧបករណ៍ទាំងអស់នោះរួមមាន៖ ម៉ាស៊ីនផ្ទុកទិន្នន័យ, ម៉ាស៊ីនមេ, ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងប្រព័ន្ធសុវត្ថិភាពបណ្តាញដូចជា Firewall និងឧបករណ៍ប្រឆាំងការវាយប្រហារតាមប្រព័ន្ធ បច្ចេកវិទ្យាផ្សេងៗទៀត។ ក្នុងនោះម៉ាស៊ីនមេ មាន CPU ចំនួន ២៨៨ Core, RAM រហូតដល់ ២TB និងអង្គផ្ទុកទិន្នន័យ (Storage) រហូតដល់ ១៥៤TB ដែលអាចផ្ទុកម៉ាស៊ីននិម្មិត (Virtual Machine) ជាមធ្យម ចន្លោះពី ១០០ ទៅ ១៥០។ លើសពីនេះ ក្រុមការងារ បច្ចេកទេសព័ត៌មានវិទ្យារបស់ក្រសួង បានតម្លើងប្រព័ន្ធឆ្លាស់ Active-Active និង Active Standby ទៅលើប្រតិបត្តិការទាំង អស់របស់ឧបករណ៍ ព្រមទាំងបានតម្លើងនូវប្រព័ន្ធឆ្លាស់បម្រុង Load balance Link balance ដើម្បីធានាបាននូវនិរន្តភាពនៃប្រតិបត្តិការ និងការផ្តល់សេវាកម្មអនឡាញរបស់ក្រសួងពាណិជ្ជកម្មទេ។

សូមបញ្ជាក់ពីសារបានរបស់មជ្ឈមណ្ឌលទិន្នន័យនេះថា បន្ទាប់ពីក្រសួងពាណិជ្ជកម្មទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រុមការងារក្រសួងបានសិក្សា និងជ្រើសរើសក្រុមហ៊ុនរៀបចំដំឡើង មជ្ឈមណ្ឌលទិន្នន័យ របស់ក្រសួងពាណិជ្ជកម្ម ដែលមានស្តង់ដារ និងបច្ចេកវិទ្យាខ្ពស់ ហើយថវិកាក្នុងការក៏សាងឡើង (ក្រោមគម្រោងវិនិយោគផ្ទាល់) អស់ចំនួន៖ ៣.៩៩០.០០០.០០០រៀល (បីពាន់ប្រាំបួនរយកៅសិបលានរៀលគត់)៕

ធនាគារអេស៊ីលីដានឹងដាក់ម៉ាស៊ីន អេធីអឹមទំនើបៗចំនួន៤៧៨គ្រឿងបន្ថែមទៀតក្នុងការផ្តល់សេវាកាន់តែទូលំទូលាយក្នុងឆ្នាំ ២០២២

ភ្នំពេញ៖ ដើម្បីពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលនិងសេវាស្វ័យប្រតិបត្តិការ(Banking Self-Service) ជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការដ៏ច្រើនលើសលប់ពីសំណាក់អតិថិជនដ៏ថ្លៃថ្លារបស់ខ្លួន ធនាគារ អេស៊ីលីដាដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជាបានធ្វើការវិនិយោគបន្ថែមក្នុងការដាក់ពង្រាយនូវម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ នេះដែលធ្វើឱ្យម៉ាស៊ីនអេធីអឹមរបស់ខ្លួនកើនដល់ ១,៣១៧គ្រឿងសំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់អតិថិជិនរបស់ខ្លូនកាន់តែទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងការនាំចូលនូវម៉ាស៊ីនអេធីអឹមច្រើនម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងនេះ ធនាគារអេស៊ីលីដាបានចំណាយពេលចំនួនបីថ្ងៃក្នុងការដឹកជញ្ជូននាំចូលមកតម្លើងនៅទីតាំងនានានៅទូទាំង២៤រាជធានីខេត្តនៃប្រទេសកម្ពុជាដើម្បីដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ២០២២ខាងមុខនេះ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដាតែងតែគិតគូរក្នុងការបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេច ធ្លោនិងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលធ្វើឱ្យ​ខ្លួនបានបង្កើននូវការវិនិយោគលើការដាក់ពង្រាយម៉ាស៊ីនអេធីអឹមកាន់តែច្រើនបន្ថែមទៀត។

លោកស្រីនាយិកាបានបន្ថែមថា ៖ «អេស៊ីលីដាបានសម្រេចវិនិយោគក្នុងការបន្ថែមម៉ាស៊ីនអេធីអឹមឱ្យ បានកាន់​តែច្រើនឡើងជារៀងរាល់ឆ្នាំគឺដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជនដ៏ថ្លៃថ្លាទាំងអស់ក្នុងការប្រើប្រាស់នូវសាច់ប្រាក់របស់គាត់នៅទូទាំងប្រទេសរបស់យើងនិងបាន២៤ម៉ោងក្នុង៧ថ្ងៃ។ ដូច្នេះធនាគារអេស៊ីលីដា​នឹងដាក់ឱ្យដំណើរការនូវមាស៊ីនអេធីអឹមចំនួន៤៧៨គ្រឿងនៅក្នុងឆ្នាំ២០២២ ដែលនឹងត្រូវដាក់ពង្រាយនៅ​ទូទាំងប្រទេសដើម្បីឱ្យមានភាពងាយស្រួលដល់អតិថិជនរបស់យើង»។

ជាមួយទីតាំងនៃការផ្តល់សេវាម៉ាស៊ីនអេធីអឹម និងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា អនុញ្ញាតអោយលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) ដោយខ្លួនឯងបាន ២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជាការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ដោយមិនគិតកម្រៃសេវាឡើយ។

ចំពោះការដាក់ប្រាក់នេះ អតិថិជនអាចបញ្ចូលក្រដាសប្រាក់ ១០ដុល្លារ, ២០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ, ១០.០០០រៀល, ២០.០០០រៀល, ៥០.០០០រៀល, និង ១០០.០០០រៀល ទៅក្នុងម៉ាស៊ីនអេធីអឹម ដាក់-ដកប្រាក់ បានរហូតដល់ ២០០សន្លឹកក្នុងមួយប្រតិបត្តិការផងដែរ ៕

កម្ពុជា​-​វៀតណាម​បន្ត​ប្តេជ្ញា​ការជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​តាម​ព្រំដែន​


​ភ្នំពេញ​៖ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​ព្រំដែន ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​បាន​យល់ព្រម​ក្នុងការ​សម្រួល​និង​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការដោះដូរ​ទំនិញ​នៃ​ប្រទេសជិតខាង​ទាំងពីរ​កាន់​តែមាន​កំណើន​បន្ថែមទៀត​។​


​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​តំណាង​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោក ត្រាន់ គ័ក​ខា​ញ់ អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្មនា​ពេលកន្លងមក និង​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​


​ភាគី​ទាំង​ពីរបាន​លើកទ្បើង​ផងដែរ​អំពី​សារៈសំខាន់​នៃ​ការបញ្ចប់​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​- វៀតណាម ដែល​បាន​ចរចា​បញ្ចប់​រួចហើយ និង​ត្រូវ​ព​ន្លឿ​ន​ការចុះហត្ថលេខា​និង​នីតិវិធី​ក្នុងស្រុក ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ស្តារ​សេដ្ឋកិច្ច​ទ្បើង​វិញ​ក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ជាពិសេស​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។
​ក្នុងនោះ​ផងដែរ ភាគី​ទាំង​ពីរបាន​ពិភាក្សា​និង​ពិនិត្យ​លទ្ធភាព​ជំរុញ​ផលិតផល​មាន​សក្តានុពល របស់​កម្ពុជា នាំចូល​ទីផ្សារ​វៀតណាម តាមរយៈ​ការ​ផ្តល់នូវ​ភាពអនុគ្រោះ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាម​ព្រំដែន​។​


​ភាគី​ទាំង​ពីរបាន​ឯកភាព​អំពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ ដើម្បី​បំពេញ​ឱ្យ​ការនាំចេញ​ទៅវិញទៅមក​។ ជាមួយគ្នានេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​វឌ្ឍនភាព​ពាណិជ្ជកម្ម​អន្តរជាតិ និង​តំបន់​ផងដែរ ហើយ​ភាគី​វៀតណាម​បញ្ជាក់​សារជាថ្មី​នូវ​ជំហរ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កម្ពុជា ក្នុងអំឡុង​ពេលដែល​ក​ម្ពុ​ជា​ធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​២០២២ ដើម្បី​ពង្រឹង​ស្ថិរភាព និង​ការអភិវឌ្ឍ​នៃ​ប្រទេស​ទាំងពីរ​និង​តំបន់​អាស៊ាន​។


​ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​ធានា​ឱ្យបាន​នូវ​ពាណិជ្ជកម្ម​បើកចំហ និង​កិច្ច​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដោយ​ធ្វើយ៉ាងណា​ឱ្យ​លំហូរ​ពាណិជ្ជកម្ម​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។


​ភាគី​ទាំងពីរ​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ល្អប្រសើរ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សំដៅ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។​


​យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជ​កុម​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​វៀតណាម ដែល​សម្រេចបាន​ប្រមាណ​ជាង ៨​ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២១ ទោះបីជា​ប្រទេស​ទាំងពីរ​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លងមក​ក៏ដោយ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ បានបញ្ជាក់​ជូន​ថា នេះ​សបញ្ជាក់ ឱ្យឃើញ​ពី​កិច្ច​សហប្រតិបត្តិ​ដ៏​ល្អប្រសើរ​លើ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ ជាពិសេស​ផលិតផល​កសិកម្ម និង​កែច្នៃ​៕

ឯកសារយុទ្ធសាស្រ្តជំរុញកំណើនសេដ្ឋកិច្ច​ក្នុងការរស់នៅជាមួយ​កូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីត្រូវដាក់ចេញជាផ្លូវការ

ភ្នំពេញ៖ កម្ពុជាបានដាក់ចេញនូវឯកសារយុទ្ធសាស្រ្តនៃជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» ត្រូវបានដាក់ឱ្យដំណើការជាផ្លូវការ ក្នុងជំរុញកំណើនសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយភាពធន់ក្នុង រយៈពេលធម្យម និងរយៈពេលវែង។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ ដាក់ឱ្យ អនុវត្តកម្មវិធីនេះនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ឯកសារ​ដ៏មានសារៈសំខាន់នេះជាមូលដ្ឋានគ្រឹះ ​នឹងជាផែនទីបង្ហាញផ្លូវ ​សម្រាប់ការអនុវត្តយុទ្ធសាស្ត្រ  និងវិធានការសកម្មភាពជាក់លាក់របស់ រាជរដ្ឋាភិបាលក្នុងពេលចំពោះមុខ និងរយៈពេល មធ្យម ។

លោកបានមានប្រសាសន៍ងបន្ថែទៀតថា ឯកសារក្របខណ្ឌយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបានៅតែយកចិត្តទុកដាក់លើការ  រក្សាលំនឹងជីវភាពរស់នៅ  របស់ប្រជាជន ក៏ដូចជា ​ការក្សាលំនឹងធុរកិច្ច ​របស់វិស័យឯកជន  ដែលបាននឹងកំពុងបន្ត ទទួលរងនូវផលប៉ះពាល់ពី វិបត្តិកូវីដ ១៩  តាមរយៈការដាក់ចេញ និងជំរុញអនុវត្ត នូវវិធានការការអន្តរគមន៍ជាក់លាក់ បន្តពីវិធានការអន្តរាគមន៍ទាំងឡាយ  ដែលត្រូវបានដាក់ចេញចំនួន ១០ ជុំ រួចមកហើយ ។

លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលក៏នឹងបន្ត ផ្តល់ការអនុគ្រោះផ្នែកពន្ធ  ដូចដែលបានដាក់ចេញវិធានការទាំង ១០ ជុំកន្លងមក ​សម្រាប់ឆមាសទី​១ ឆ្នាំ ២០២២ ​ដល់ប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ ​និងវិស័យអាកាសចរណ៍ដែលបានរងនូវ ផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ ១៩  ដើម្បីផ្តល់ការគាំទ្របន្ថែម ​ដល់ធុរជនពាក់ព័ន្ធ នឹងត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីកម្ពុជាបើកពេញលេញឡើងវិញ ​ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ២០២១ មក ។

រាជរដ្ឋាភិបាលក៏បានត្រៀមថវិការ​២៥០ លានដុល្លារ ​នៅឆ្នាំ២០២២​ សម្រាប់ផ្តល់ឥណទានដោយត្រង់ ទៅធនាគារ សហគ្រាសធុនតូច និងធម្យម និងធនាគារអភិវឌ្ឍកសិកម្ម ដែលមានអត្រាការប្រាក់ដែលលក្ខណៈប្រកួតប្រជែងក្នុងរង្វង់ពី​៥ ទៅ  ៥,៥% ​សម្រាប់វិស័យអាទិភាពសំខាន់ ៗ ​ រួមមាន កសិកម្ម អេកូទេសចរណ៍​​  និងវិស័យអាទិភាពមួយចំនួនទៀត ៕

កម្ពុជា-វៀតណាមចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាលើ ការចរចា​លើកិច្ចព្រមព្រៀង​ពាណិជ្ជ កម្មតាមព្រំដែនរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នាលើការចរចា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មតាមព្រំដែននៃប្រទេស​កម្ពុជា-វៀតណាមត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីជំរុញការដោះដូរ​ទំនិញតាមព្រំដែនរវាងប្រទេសទាំងពីរ។​

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្មនិង​ពាណិជ្ជ​កម្ម​វៀតណាម បានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជា​ណាចក្រកម្ពុជា និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពាក់ព័ន្ធនឹងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ ក្រោមសក្ខីភាពរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម នាអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក​ប្រធានរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អំពីការបញ្ចប់ការចរចាលើសេចក្តីព្រាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាមព្រំដែន កម្ពុជា ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា ព្រមទាំងជាឯកសារតម្រង់ទិសសម្រាប់ភាគី​ទាំងពីរបន្ត និងពន្លឿនការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នាពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ជូនផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែននេះ សំដៅធ្វើឱ្យប្រសើរទ្បើងនូវជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ, ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់​ទំនងគ្រប់ជ្រុងជ្រោយ, បង្កើតនូវការតភ្ជាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងភាពយូរអង្វែង​សម្រាប់ភាគីទាំងពីរ និងបង្កើតលក្ខខណ្ឌអំណោយផលដល់ពាណិជ្ជករនៃភាគីទាំងពីរ៕