អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោមដែលកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរ

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះក្បាច់ចម្លាក់​នានា​នៅ​ប្រាសាទភ្នំក្រោម ដែលកំពុងទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយថ្មប្រាសាទមាន​ការពុកផុយ របេះធ្លាក់ ពិសេសនៅរដូវវស្សា។

ការជួសជុលដែលចាប់ដំណើរការពីដើមខែធ្នូឆ្នាំ២០២១មកនេះ បានផ្តោតសំខាន់ទៅលើការងារពង្រឹង​ក្បាច់ចម្លាក់​មួយចំនួនដែលនៅសេសសល់តាមជញ្ជាំងប្រាសាទ កុំអោយខូចខាតបន្តទៀត។ ដោយប្រើ ប្រភេទកាវពិសេសម្យ៉ាង បាញ់បញ្ចូលក្នុងសាច់ថ្មដែលពុកផុយ ឱ្យមានភាពរឹងមាំឡើងវិញ។

គម្រោងនេះត្រូវប្រើពេលយ៉ាងហោចក៏៣ខែដែរ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ខែកុម្ភៈឆ្នាំ២០២២ខាងមុខ៕

កម្ពុជា-ថៃនឹងជំរុញការដោះដូរទំនិញទ្វេរភាគីឱ្យសម្រេចបាន១៥ពាន់លាននៅត្រឹមឆ្នាំ២០២៥

ភ្នំពេញ៖ ប្រទេសកម្ពុជា-ថៃ បានប្តេជ្ញាក្នុងការជំរុញការដោះដូរទំនិញទ្វេរភាគីរវាងប្រទេសទាំងពីរឱសម្រេច​បានតាម​គោលដៅ​​ចំនួន ១៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ក្រោយពីខកខានជាលើកទីពីរនៃការសម្រេចតាម​គោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលទាំងពីរនាពេលកន្លងមក ដោយសារផល​ប៉ះពាល់ជំងឺកូវីដ១៩ ដែលបានអូសបន្លាយពេលវេលាជិតពីរឆ្នាំមកនេះ។

កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានសន្យារួមគ្នាក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យសម្រេចបាន ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ។

យោងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​១១ (11th JC Meeting) ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (MFAIC) និង​លោក Don PRAMUDWINAI ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ កាលពីថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ស្ថាប័នពាក់ព័ន្ធស្វែងរកមធ្យោបាយនានាដែលប្រកបដោយនវានុវត្តន៍ ដើម្បីពង្រីកវិសាលភាព និងស្វែងរកឱកាសបន្ថែមទៀតក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ។

«ភាគីទាំងពីរបានឯកភាពពន្លឿនការបញ្ចប់អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ ក៏ដូចជា​ពិភាក្សា​អំពីនីតិវិធីវិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់ការនាំចូល និងនាំចេញផលិតផលកសិកម្ម។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការបើកច្រកអន្តរជាតិថ្មីៗ ដែលនឹងជួយសម្រួលដល់ការ​ដឹកជញ្ជូន​កាន់តែរហ័ស និងប្រសើរជាងមុន ព្រមទាំងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ»។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានបាន​ពី MFAIC កាល​ពីថ្ងៃទី២១​ខែធ្នូ។​

សេចក្ដីប្រកាសព័ត៌មាន​បន្តថា៖ «ជាមួយប្រទេសថៃក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់​កម្ពុជានៅ​ក្នុងតំបន់​​​រដ្ឋមន្ត្រីការបរទេសទាំងពីរ មានទំនុកចិត្តថាប្រទេសទាំងពីរអាចសម្រេចបាននូវគោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគីចំនួន ១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥»។

លោកសុធា សម្បត្តិប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ប្រចាំប្រទេសថៃ (CBC) បានមានប្រសាសន៍ថា ថា

សម្រាប់វិស័យឯកជននៅតែចង់ជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យសម្រេចទៅតាមគោលដៅរបស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ។  

លោក​លើក​ឡើងថា សម្រាប់ឆ្នាំ 2022 ខាងមុខនេះ  ស្ថាប័នរបស់លោកនឹងរៀបចំពិព័រណ៍​ពាណិជ្ជ​កម្មប្រចាំសប្តាហ៍របស់កម្ពុជា ដែលនឹងដាក់តាំងបង្ហាញនូវផលិតផលរបស់កម្ពុជាជាច្រើនមុខ មានដូចជាផលិត​ផល​កសិកម្ម វិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ ផងដែរ។

លោក​បន្ថែមថា៖ «យើងគ្រោងនឹងធ្វើចុះកិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា (MoU)បន្ថែមទៀត​ជាមួយសមាគមធុរកិច្ចថៃ ដើម្បីផ្សព្វផ្សាយផលិតផលរបស់យើង ដូច្នេះវានឹងរួមចំណែកកាត់បន្ថយអតុល្យភាព​ពាណិជ្ជកម្មជាមួយប្រទេសថៃ»។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបាន​កើនឡើងដល់ ៥,៩៧ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០២១ កើនឡើង ១៨ ភាគរយធៀបនឹង​រយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន ពី ៥,០៨ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃមានតម្លៃ ៦៨៧ លានដុល្លារ ធ្លាក់ចុះ ២៨ ភាគរយពី ៩៥៨ លានដុល្លារធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចូលពីថៃមានចំនួន ៥,២៨ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយពី ៤,៦១ ពាន់​លាន​ដុល្លារធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅប្រទេសថៃ ចាប់ពីខែមករា ដល់ខែកញ្ញា រួមមាន វាយនភ័ណ្ឌ ផលិតផលកសិកម្ម ត្បូងមានតម្លៃ វត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។ ចំណែក​ការ​នាំ​ចូល​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ថាមពល ត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ស៊ីម៉ងត៍ និង​គ្រឿង​ឧបភោគ​បរិភោគ៕

ក្រុមហ៊ុនរ៉ូយយ៉ាល់គ្រុបរបស់លោកគិត ម៉េងទិញភាគហ៊ុនក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទិក (ខេមបូឌា) ដែលជាបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយយ៉ាល់ គ្រុប ​របស់លោក គិត ម៉េងបានសម្រេច ទិញភាគហ៊ុន ចំនួន​ ៤៥,០៩ % នៃភាគហ៊ុន សរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិនត ភីអិលស៊ី (ភីភីអេសភី)  ។

តាមរយៈសេក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ២១ ខែធ្នូ​ឆ្នាំ ២០២១ នេះ  លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមហ៊ុន អ៊ិនធើ​ ឡូជីស្ទីក (ខេមបូឌា)​ថ្លែងថា​ ការវិនិយោគភាគហ៊ុននេះ គឺជាការបោះជំហ៊ាន មួយដ៏មានសារៈសំខាន់​សម្រាប់ការអភិវឌ្ឍន៍ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​។

លោកបន្តថា ភីភីអេសភី   គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងចំណោម ក្រុមហ៊ុនគ្រប់គ្រង​តំបន់សេដ្ឋកិច្ចពិសេសដំបូងគេ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍនប្រទេសកម្ពុជា តាមរយៈការពាំនាំយកក្រុមហ៊ុន ផលិត និងសេវាកម្មមួយចំនួនជាង ៩៥ ក្រុមហ៊ុន មកពី​១២ ប្រទេស និងការផ្តល់ការងារដល់បុគ្គលិកជាង ៣២០០០ នាក់។

បើតាម​លោក គិត ម៉េង ថា តំបន់សេដ្ឋកិច្ចពិសេស​បានផ្តល់សេវាកម្មដល់ក្រុមហ៊ុន​ដែលមកពី​ប្រទេសជប៉ុន ប្រទេសចិន សឹង្ហបុរី សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហូឡង់ និងអូស្រ្តាលី ក្នុងវិស័យផ្សេងៗ គ្នា ដូចជាគ្រឿងន្លាស់រថយន្ត សម្លៀកបំពាក់​អាហារ និងភេសជ្ជៈ និងផលិតផលប្លាស្ទិក ផលិតផលអេឡិកត្រូនិក និងគ្រឿងអលង្ការ ។

លោកថ្លែងថា៖​«នៅក្នុងការវិនិយោគនេះទៀត សោត យើងនឹងធ្វើការយ៉ាងជិតស្និតជាមួយនឹងអ្នកគ្រប់គ្រង របស់ភីភីអេសភី ដើម្បីនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រង និងយុទ្ធសាស្ត្រ អាជីវកម្ម និងអ្នកវិនិយោគបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍក្រុមហ៊ុន និងរួមចំណែក ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ»។

យោងតាមសេក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា)បញ្ជាក់ ថា  ក្រុមហ៊ុន អេសប៊ីអាយ រ៉យ៉ាល់ ស៊ីឃ្យូរីធី គឺជាក្រុមហ៊ុន ដែលបានជួយរៀបចំ និជាឈ្មួញជើងសានៃប្រតិបត្តិការទិញ-លក់ភាគហ៊ុនរបស់​ក្រុមហ៊ុន​ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី) ដែលជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ​នៅក្នុង​ប្រទេសកម្ពុជា ។

សេចក្តីប្រកាសព័ត៌មាននេះបន្តថា ក្រុមហ៊ុនភីភីអេសភី គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសឈាន​មុខគេ នោកម្ពុជា​ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា និងបុគ្គលិកបរទេស​ប្រមាណ​៣២.០០០ នាក់  (គិត្រឹមខែវិច្ឆិកា​ឆ្នាំ ២០២១​០​និងបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុន ដែលនៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេសនេះ ដូចជាការលើកលែងលែងពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀត ជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងៗទៀត ដែលបង្កើតការប្រកួតប្រជែង ក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។

ក្រុមហ៊ុន ភីភីអេសភី កាលថ្ងៃទី ១៩​ខែមេសា​ឆ្នាំ ២០០៦  បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជា ធ្វើជាក្រុមហ៊ុន អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសៃ ដែលមានអាជីវកម្ម ចម្បងពីការអភិវឌ្ឍនដីឧស្សាហកម្មសម្រាប់លក់ និងជួល។​ លើសពីនេះទៀត ក្រុមហ៊ុន ក៏មានការផ្តល់សេវាកម្មផ្សេងៗ​ទោដល់ក្រុមហ៊ុន ដែលនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស ភីភីអេសភី ផងដែរ ដែលរួមមាន ដូចជាការផ្គត់ផ្គង់ និងចែកចាយ ទឹកស្អាត ការថែទាំង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ  សេវាកម្មផ្តល់ប្រឹក្សាយោបល់ ជំនួយកិច្ចការរដ្ឋបាល ប្រព្រឹត្តិកម្មទឹកកខ្វក់ និងសេវាកម្ម ដទៃទៀត។ភីភីអេភី បានក្លាយជាក្រុមហ៊ុន ចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជានៅក្នុងឆ្នាំ​២០១៦។

ប្រតិបត្តិការទិញលក់ភាគហ៊ុននេះ បានទទួលការអនុញ្ញាតយល់ព្រមពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១  តាមលិខិតលេខ ២០៥០ ៥១​ ខ.ម.ក.៕

ក្រុមការងារជំរុញការវិនិយោគនិងពាណិជ្ជកម្មកម្ពុជា-ចិនត្រូវបានបង្កើតឡើង

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានចុះអនុស្ស​រ​ណៈយោគ​យល់គ្នា(MoU)បង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការ វិនិយោគនិង​សេដ្ឋកិច្ច​កាល​ពីសប្តាហ៍មុនក្នុងគោលបំណងដើម្បីជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទាំងពីរ។

បើយោងតាមការសេចក្តីប្រកាសព័ត៌​មានរបស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាបានដកស្រង់ លោក សុខ ចិន្តា សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា  បានលើកឡើងថា MoU នេះ នឹងដើរតួនាទីសំខាន់ក្នុងការជំរុញលំហូរ​វិនិយោគ និងពាណិជ្ជកម្មទ្វេទិសរវាងប្រទេសទាំងពីរកាន់តែច្រើនបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា ៖«យើងសង្កេតឃើញថាយើងមានការវិនិយោគយ៉ាងច្រើន របស់វិនិយោគិន​ចិននៅ​កម្ពុជា ធ្វើឱ្យការវិនិយោគរបស់​ចិន​​ឈរ​នៅ​លំដាប់ទី១ ដែលនឹងជួយជំរុញ និងពន្លឿនសមត្ថភាពកម្ពុជា ជាពិសេស​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន នឹងជួយស្តារសង្គមសេដ្ឋកិច្ចឡើងវិញ​ក្រោយវិបត្តិកូវីដ-១៩ផងដែរ» ។

យោងតាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម ក្នុង​រយៈពេល​៩​ខែ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​ចិន សម្រេច​បាន​ជិត ៧ ៩៦៨​លាន​ដុល្លារ​ កើន​ឡើង​ ៣៨,៣៦​ភាគ​រយ​ ដោយ​ក្នុង​នោះ​នាំ​ចេញ​ទៅ​មាន​ទំហំ​ទឹកប្រាក់​ជាង ១ ០៩៣​លាន​ដុល្លារ កើន​ ៥២,៧៤​ភាគ​រយ ខណៈ​កម្ពុជា​នាំចូល​ពី​ចិន​វិញ​មាន​ទំហំ​ទឹកប្រាក់ ៦ ៨៧៥​លាន​ដុល្លារ កើន ៣៦,៣២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​​ឆ្នាំ​២០២០៕

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន​និង​កម្ពុជា​មានចំនួន​លើសពី​១ម៉ឺន​លាន​ដុល្លារអាមេរិក



ភ្នំពេញ៖ កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា រយៈពេល១០ខែ​នាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មាន​កំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំ​ប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣៕

សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ហៃយ៉ាត់ របស់អាមេរិកបើកជាផ្លូវការនៅរាជធានីភ្នំពេញ

ភ្នំពេញៈ ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញដែលមាន ទឹកប្រាក់វិនិយោគប្រមាណ១៨០លាន​ដុល្លារ​បានបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃពុធនេះដើម្បីស្វាគមន៍ភ្ញៀវទេចរជាតិ និងអន្តរជាតិ ។​

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញគឺ​ជា​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ ៥ ដ៏​ធំ​មួយ​ដែល​ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជម្នះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក ជីប ម៉ុង ក្នុង​ទឹក​ប្រាក់​សរុប​ ១៨០​លាន​ដុល្លារ។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញសាង​សង់​លើ​ផ្ទៃដី ៧ ០៣១​ម៉ែត្រការ៉េ ដោយ​បាន​បើក​ការ​ដ្ឋាន​សាង​សង់​កាល​ពី​ដើម​ឆ្នាំ​២០១៧ និង​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​កាល​ពី​ដើម​ឆ្នាំ​២០២១។ សណ្ឋាគារ​នេះ​មាន​បន្ទប់​ស្នាក់​នៅ ២៤៧ ព្រម​ទាំង​មាន​សេវាកម្ម​ចម្រុះ​ជា​ច្រើន​ដូច​ជា ​កន្លែង​សម្រាក​កម្សាន្ត ភោជនីយ​ដ្ឋាន និង​សាល​ប្រជុំ​ដ៏​ធំ និង​ទំនើប(Regency Ballroom)ជា​ដើម​។

ក្រុម​ហ៊ុន ជីប ម៉ុង បាន​ទិញ​ម៉ាក​យី​ហោ Hyatt Regency មក​ពី​អាមេរិក​។ សណ្ឋាគារ «Hyatt Regency» គឺ​ជា​ពាណិជ្ជ​កម្ម​មួយ​របស់ «Hyatt Hotels Corporation» ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​កំពុង​ប្រតិបត្តិ​ការ​សណ្ឋាគារ​ជាង ៩០០​ទីតាំង ក្នុង​៦៥​ប្រទេស និង​មាន​យីហោ​ប្រណីត​ចំនួន ២១។

សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន ជីប ម៉ុង លោក លាង ឃុន បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន ជីប ម៉ុង បាន​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារ​កិច្ច​តាម​រយៈ​ការ​នាំ​យក​យីហោ​សណ្ឋាគារ​លំដាប់​អន្តរ​ជាតិ «Hyatt Regency»​ដ៏​ល្បី​របស់​​អាមេរិក​មកកាន់​ប្រទេស​​កម្ពុជា។ សណ្ឋាគារ «Hyatt Regency» ​គឺ​ជា​ពាណិជ្ជ​កម្ម​មួយ​របស់ Hyatt Hotel Corporation ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​កំពុង​ប្រតិបត្តិ​ការ​សណ្ឋាគារ​ជាង ៩០០​ទីតាំង ក្នុង​៦៥​ប្រទេស និង​មាន​យីហោ​ប្រណីត​ចំនួន ២១។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​សម្ពោធដាក់​ឱ្យ​ដំណើរ​ការជា​ផ្លូវ​ការ​សណ្ឋា​គារ Hyatt Regency Phnom Penh កាល​ពី​ព្រឹក​ថ្ងៃទី១៥ ខែ​ធ្នូ បាន​លើក​ឡើង​ថា ក្រៅ​ពី​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​ក្នុង​ស្រុក និង​វិនិយោ​គិន​អន្តរជាតិ​ធំៗ សណ្ឋាគារ​នេះ​ក៏​អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​កន្លែង​ស្នាក់​នៅ​សម្រាប់​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ខណៈ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ជា​ប្រធាន​អាស៊ាន ​នៅ​ក្នុង​ឆ្នាំ​២០២២ ខាង​មុខ៕​

កម្ពុជាជំរុញរុស្ស៊ីពន្លឿនលើការងារនានាដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ៖ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាស្នើដល់រុស្សីធ្វើការពន្លឿននូវកិច្ចការនានា​សំដៅធ្វើ​យ៉ាងណាឱ្យសម្រេចបាននូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលឆាប់ៗខាងមុខសំដៅជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និងបង្កើនលំហូរនៃការវិនិយោគរវាងប្រទេសទាំងពីរ។

លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក NIKOLAI PATRUSHEV បានថ្លែងអំណរគុណជូនចំពោះលោកនាយរដ្ឋមន្រ្តីសម្រាប់ការចូលរួមចំណែក​ដើរតួរយ៉ាងសំខាន់ក្នុងការរក្សាពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។ លោកបានមើល​ឃើញ​អំពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរចំពោះវិស័យការពារជាតិ សង្គមកិច្ច អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀត។ រុស្សីនឹងខិតខំសហការ​ជាមួយកម្ពុជាធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។

លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃ របស់ឯកឧត្តមលើទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានលើកទឹកចិត្តចំពោះឯកឧត្តម NIKOLAI PATRUSHEV ថា ក្រៅពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់គប្បីណាពិនិត្យមើលលទ្ធភាពក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ​ទៅលើវិស័យដទៃទៀត ដូចជាការបើកឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ខទ្វេភាគី និង​ក្របខណ្ឌពហុភាគី ជាមួយនឹងការសិក្សាផ្ទេរសម្ភារៈបំពាក់រោងជាង ជួសជុល គ្រឿងចក្រ និងសម្ភារៈ ក្នុងព្រះរាជាណាចក្រកម្ពុជាផង៕

ប្រាសាទ​អង្គរ​វត្តជាប់ជាប្រាសាទល្បី​ល្បាញ​ជាង​គេ​នៅ​ទ្វីប​អាស៊ី

ភ្នំពេញៈ ប្រាសាទ​អង្គរ​វត្តរបស់ប្រទេសកម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់ជា​ប្រាសាទ​ល្បី​ល្បាញ​ជាង​គេ​នៅ​ទ្វីប​អាស៊ីដែលជាទិសដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេចរនៅក្នុងតំបន់។​ នេះបើយោងតាម​ការចុះផ្សាយរបស់ គេហ​ទំព័រ Touropia Travel Guides។

យោងតាមការសិក្សារបស់គេហ​ទំព័រ Touropia Travel Guides ​ កាល​ពី​ពេល​ថ្មីៗ​នេះបាន​ឱ្យ​ដឹង​ថា ប្រាសាទ​អង្គរ​វត្ត​កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជា​ប្រាសាទ​ល្បី​ល្បាញ​ជាង​គេ​បំផុត​ក្នុង​ទ្វីប​អាស៊ី ខណៈ​លេខ​ ២ បាន​ទៅ​ប្រាសាទ Borobudur​(ឥណ្ឌូ​នេស៊ី), លេខ ៣ ​ប្រាសាទ Baalbek (លីបង់), លេខ ៤ ប្រាសាទ Harmandir Sahib​(ឥណ្ឌា) និង​លេខ ៥ ប្រាសាទ Kinkaku-ji ឬ​ប្រសាទ Golden Pavilion​(ជប៉ុន)។ ចំណែក​ លេខ ៦ ប្រាសាទ Heaven (ចិន), លេខ ៧ ប្រាសាទ Wat Phra Kaew ឬ​ប្រាសាទ Emerald Buddha​(ថៃ), លេខ​៨ ប្រាសាទ Taktsang Dzong ឬ​ប្រសាទ Tiger’s Nest (ប៊ូតាន់), លេខ ៩ ប្រាសាទ Ranakpur (ឥណ្ឌ) និង​លេខ ១០ ប្រាសាទ Lotus(ឥណ្ឌា)។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បានថ្លែងប្រាប់ឱ្យដឹងកាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ថា ជាមួយលទ្ធ​ផល​នៃ​ការ​សិក្សា​របស់​ Touropia Travel Guides បង្ហាញអំពីភាពល្អឯក និងទាក់ទាញរបស់ប្រាសាទអង្គរវត្តដល់ភ្ញៀងទេចរដែលបានមកទស្សនាកម្ពុជាមិនអាចរំលងបាន។​

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ប្រាសាទ​អង្គរ​វត្ត គឺមិន​ត្រឹម​តែ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក និង​ជា​អច្ឆិរិយ​វត្ថុ​មួយ​លើ​ពិភព​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​​បង្កប់​នូវ​រឿង​រ៉ាវ​ប្រវត្តិសាស្រ្ត​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា និង​ជា​ឃ្លាំង​គម្ពី​ក្បួន​ច្បាប់ និង​ដំណើរ​រឿង​ទាក់​ទង​នឹង​ព្រះពុទ្ធ​សាសនា និង​ព្រហ្មណ៍​សាសនា​ផង​ដែរ​។

លោក​​ថា ស្របពេលដែលរដ្ឋាភិបាលបានប្រកាស​បើក​ទទួល​ភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​ឱ្យ​ចូល​មក​ទស្សនា​កម្ពុជា​ ព័ត៌​មាន​នៃ​ការ​ផ្តល់​ចំណាត់​ថ្នាក់​លេខ១ ឱ្យ​ប្រាសាទ​អង្គរ​វត្ត របស់ Touropia Travel Guides នឹង​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ចូល​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើនបន្ថែម​ទៀត។​

គួររំលឹកផងដែរថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា គេហទំព័រ Tripadvisor ក៏​បាន​បង្ហាញឱ្យដឹងថា តំបន់​ប្រាសាទ​អង្គរ​វត្ត ទឹក​ធ្លាក់ ភូមិ​បណ្តែត​ទឹក និង​ប្រាសាទ​បន្ទាយ​ស្រី ក្នុង​ខេត្ត​សៀមរាប ​បាន​ជាប់​លេខ ១​ក្នុង​ពិភព​លោក​ជា​កន្លែង​ទេសចរណ៍​ប្រណីត​សម្រាប់​ដំណើរ​កម្សាន្ត​រយៈ​ពេល ៣​ថ្ងៃ​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ចាប់​ពី​ខែ​មករា​ដល់​ខែ​តុលាឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​១៤៤ ៤៣៣​នាក់​ធ្លាក់​ចុះ ៨៨,៦​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ដែល​មាន​ចំនួន១ ២៤៦ ៧៨៩០នាក់៕​

អ្វីទៅជា «ទីក្រុងឆ្លាតវៃ ឬ Smart City»?

ភ្នំពេញ៖ ទីក្រុងឆ្លាតវៃ ឬ Smart City គឺជាតំបន់ទីក្រុងបច្ចេកវិទ្យាទំនើប ដែលប្រើប្រាស់នូវប្រភេទផ្សេងៗគ្នានៃវិធីសាស្រ្តអេឡិកត្រូនិក, វិធីសាស្រ្តឲ្យសំឡេងសកម្ម, និងឧបករណ៍ញាណដឹង ដើម្បីចាប់យកទិន្នន័យជាក់លាក់។

ព័ត៌មានទទួលបានពីអ្វីដែលទិន្នន័យត្រូវបានប្រើប្រាស់ ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ ធនធាន និងសេវាកម្មនានាប្រកបដោយប្រសិទ្ធភាព, ផលប្រយោជន៍ ដែលទិន្នន័យបានប្រើប្រាស់ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ប្រតិបត្តិការពាសពេញទីក្រុងនោះ។

ទាំងនោះរាប់បញ្ចូលទាំងទិន្នន័យដែលចាប់យកបានពីប្រជាពលរដ្ឋ ឧបករណ៍នានា អាគារនានា និងទ្រព្យសម្បត្តិនានា ដែលអាចដំណើរការ​និងវិភាគបាន ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងចរន្តត្រាហ្វិកឬចរាចរ និងប្រព័ន្ធដឹកជញ្ជូន, ស្ថានីយ៍ឋាមពល, ឧបករណ៍ប្រើប្រាស់នានា, បណ្តាញផ្គត់ផ្គង់ទឹកស្អាត, ទឹកកខ្វក់ , ការរុករកបទឧក្រឹដ្ឌ, ប្រព័ន្ធព័ត៌មាន, សាលារៀន, បណ្ណាល័យ, មន្ទីរពេទ្យ និងសេវាសហគមដទៃទៀត។

គោលគំនិតនៃទីក្រុងឆ្លាតវៃ គឺជាការរួមបញ្ចូលជាមួយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងឧបករណ៍រូបសាស្រ្តនានា ដែលបាន​តភ្ជាប់ទៅនឹងបណ្តាញអ៉ីនធីណិតនៃវត្ថុ (IoT) ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធផលនៃប្រតិបត្តិការទីក្រុង និងសេវាកម្មនានា និងតភ្ជាប់ទៅនឹងប្រជាពលរដ្ឋ។

បច្ចេកវិទ្យាទីក្រុងឆ្លាតវៃ ឬ Smart city technology អនុញ្ញាតឲ្យអ្នកគ្រប់គ្រងទីក្រុង ដើម្បីធ្វើអន្តរកម្មដោយផ្ទាល់ ជាមួយទាំងសហគម និងទាំងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងដើម្បីត្រួតពិនិត្យនូវអ្វីដែលកើតឡើងនៅក្នុងទីក្រុង និងធ្វើដូចម្តេចដែលទីក្រុងពាក់ព័ន្ធ។ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ត្រូវបានប្រើ ដើម្បីលើកកម្ពស់គុណភាព ដំណើរប្រព្រឹត្តទៅ និងការធ្វើអន្តរកម្មនៃសេវាកម្មក្នុងទីក្រុង ដើម្បីកាត់បន្ថយតម្លៃនិងការប្រើប្រាស់ធនធាន និងបង្កើនទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងរដ្ឋាភិបាល។

កម្មវិធីប្រើប្រាស់ទីក្រុងឆ្លាតវៃ ឬ Smart city applications ដែលបានអភិវឌ្ឍឡើង គឺដើម្បីគ្រប់គ្រងលំហូរក្នុងទីប្រជុំជន និងអនុញ្ញាតដល់​ការទទួលខុសត្រូវទាន់ពេល។ ដូ ច្នេះ ទីក្រុងឆ្លាតវៃ អាចប្រតិបត្តិ ដើម្បីទទួលខុសត្រូវទៅលើបញ្ហាប្រឈមនានា ជាជាងមួយ ជាមួយ​ទំនាក់ទំនង​រវាងប្រតិបត្តិការសាមញ្ញៗ ជាមួយប្រជាពលរដ្ឋរបស់ខ្លួន៕

(ប្រភព៖ លោក អ៊ឹម វុត្ថា ទីក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍)

លោក អ៉ិត សំហេង៖ ការដោះស្រាយវិវាទការងារគឺអាចធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូល​ទាក់ទាញការវិនិយោគ

ភ្នំពេញ៖ ថ្លែងបើកវេទិកាត្រីភាគី “ស្តីពីអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល” នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅ​អំពីបញ្ហាប្រឈមដែលបាននិងកំពុងជួបប្រទះក្នុងការដោះស្រាយវិវាទការងាររួម ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សូមធ្វើការពិចារណាដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន និងដើម្បីផលប្រយោជន៍រួម សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូល​ក្នុងការទាក់ទាញការវិនិយោគ។

វេទិកានេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ក្នុងចំនួនកំណត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងបើកឱ្យ​មានការចូលរួមតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយមានការចូលរួមពីតំណាងអង្គការ ILO តំណាងក្រុមប្រឹក្សា​អាជ្ញាកណ្តាលនិងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការ​វិជ្ជាជីវៈ​របស់កម្មនិយោជិត និងតំណាងអ្នកបញ្ជាទិញអន្តរជាតិ។

វេទិកាត្រីភាគីនេះ គឺជាឱកាសដ៏សំខាន់ក្នុងការពិនិត្យឡើងវិញនូវសមិទ្ធផលការងារនិងបញ្ហាប្រឈមនានានៅក្នុង​ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអនុវត្តយន្តការដោះស្រាយវិវាទ​ការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការគាំទ្រនូវយន្តការនេះ គឺជាកត្តា​ដែល​មិនអាចខ្វះបានដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ, ធានាបាននូវភាពសុខដុមរមនាក្នុង​ទំនាក់ទំនងវិជ្ជាជីវៈ, លើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិត, និងធានាបាននូវនិរន្តភាពអាជីវកម្ម-ពាណិជ្ជកម្ម ព្រមទាំងទាក់ទាញការវិនិយោគនៅកម្ពុជា។

លោក អ៉ិត សំហេង មានប្រសាសន៍ថា ផ្អែកលើភាពជោគជ័យ បទពិសោធន៍ និងបញ្ហាប្រឈមនានាក្នុងការ​ដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គ្រប់ភាគីបន្តផ្តល់ទំនុកចិត្តដល់ក្រុមប្រឹក្សាអាជ្ញា​កណ្តាលក្នុងការដោះស្រាយវិវាទបុគ្គលដូចមានកំណត់ក្នុងមាត្រា៣០០ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម​ច្បាប់​ស្តីពីការងារ ឆ្នាំ២០២១នេះ។ លោក ជឿជាក់ថា វេទិកាត្រីភាគីនាថ្ងៃនេះនឹងចូលរួមចំណែកយ៉ាង​សំខាន់ក្នុងការកំណត់នូវទិសដៅរួមគ្នាមួយ ដែលកើតចេញការឯកភាពនិងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ លើអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ដើម្បីចូលរួមនិងជំរុញឱ្យវេទិកានេះសម្រេចបានតាមលទ្ធផលដែលបានគ្រោងទុក លោក អ៉ិត សំហេង អះអាង​ថា នីតិវិធីដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងត្រូវបន្ត​អនុវត្តស្រប​តាមបទប្បញ្ញត្តិ​ជាធរមាន។ ការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវអនុវត្តស្របតាមប្រកាស​របស់រដ្ឋមន្ត្រី​ក្រសួង​ទទួលបន្ទុកវិស័យការងារ។ ហើយការដាក់ឱ្យដំណើរការជាក់ស្តែង គឺអាស្រ័យលើស្ថានភាព និងការត្រៀម​ខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលើគ្រប់ទិដ្ឋភាពរួមទាំងកត្តាធនធានមនុស្ស កត្តាទីកន្លែង និងកត្តាហិរញ្ញវត្ថុ។

លោក អ៉ិត សំហេង បានលើកទឹកចិត្តឱ្យបន្តយន្តការគាំទ្រហិរញ្ញវត្ថុពីពហុភាគី ប៉ុន្តែសូមជៀសវាងការធ្វើចលនា​ទាមទារ​ឱ្យមានការកាត់ភាគទានពីកម្មករនិយោជិតតាមរយៈសហជីព ដើម្បីគាំទ្រហិរញ្ញវត្ថុរបស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក្នុងដំណាក់កាលនៃការស្តារសេដ្ឋកិច្ចក្នុងនិងក្រោយវិបត្តិកូវីដ-១៩នេះ ព្រោះវាអាចជះឥទ្ធិពល​អវិជ្ជមានដល់ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនិងការលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិត៕