កម្ពុជា-ថៃចាប់ដៃគ្នាក្នុងការធ្វើពាណិជ្ជកម្មផ្លែឈើ

ក្រុងបាងកក៖ សហគ្រិនកម្ពុជា-ថៃបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីពាណិជ្ជកម្មផ្លែឈើរវាង​សហគ្រិនថៃ និងកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធី «Fruitpital Corridor Business Matching Trip» ក្នុងការជំរុញការនាំចេញនិងការដាំដុះផ្លែរវាងប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីរ។

ការអនុស្សរណៈយោគយល់គ្នាត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​ប្រទេស​ថៃ ។

កម្មវិធីដ៏សំខាន់នេះ បានប្រព្រឹត្តិទៅនៅភោជនីយដ្ឋាន The Pool Bar & Bistro នៃខេត្តច័ន្ទបុរី ក្រោមកិច្ច​សហការរៀបចំរវាងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងការិយាល័យពិព័រណ៌ និងសន្និសីទ (TCEB) ដោយមាន​ការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃសភាពាណិជ្ជកម្មថៃ តំណាងសមាគមនាំចេញផ្លែឈើថៃ ពាណិជ្ជករ និងធុរជនទាំងពីរប្រទេស ប្រមាណជាង ១០០នាក់៕

លទ្ធផលជំរឿនឆ្នាំ២០២១៖ កម្ពុជាផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំកស


ភ្នំពេញ៖ ត្រយងចង្កំកស គឺជាអំប្បូរសត្វស្លាបត្រយងមួយដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមIUCN។ សត្វប្រភេទនេះមានដើមកំណើតនៅតំបន់មួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍។


ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។ សព្វថ្ងៃនេះ ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថាមានប្រមាណជាង១០០០ក្បាប៉ុណ្ណោះ ដែលក្នុងនោះមានប្រមាណជាង៦៧០ក្បាលជាសត្វពេញវ័យ។


មកដល់ពេលនេះ ប្រទេសកម្ពុជាបានផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំកស ដោយសារប្រទេសកម្ពុជាមានវត្តមានសត្វប្រភេទនេះច្រើនជាងគេនៅទូទាំងពិភពលោក។ សត្វត្រយងចង្កំកសដែលរស់នៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គនៃដែនជម្រកសត្វព្រៃសំបូរ។ ទោះជាយ៉ាងណាក៏ដោយក៏មានកត្តាគំរាមកំហែងមួយចំនួនដូចជា៖ ការបាត់បង់ទីជម្រក ការកាប់ដើមឈើដែលពួកវាកាច់សម្បុកនិងទ្រនំ ការបំពុលប្រភពទឹក និងការរំខានដោយសកម្មភាពមនុស្ស។


ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយអង្គការដៃគូក្នុងការអភិរក្សសត្វត្រយងកម្ពុជា ដោយបានចាប់ផ្តើមធ្វើជំរឿនសត្វត្រយងចង្កំកសជារៀងរាល់ឆ្នាំនៅទីតាំងសំខាន់ៗចំនួនបួនចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ លទ្ធផលជំរឿនដំបូងមានសត្វត្រយងចង្កំកសចំនួន៣១០ក្បាលប៉ុណ្ណោះ។ តាមរយៈការធ្វើជំរឿនបួនឆ្នាំបន្ទាប់ទៀត ចំនួនសត្វនេះបានកើនឡើងដល់៩៧៣ក្បាល ក្នុងឆ្នាំ២០១៣។ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ មកតិចជាង៥០០ក្បាល ក្នុងកំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។


នៅឆ្នាំ២០២១ ក្រសួងបរិស្ថាននិងអង្គការដៃគូរួមមាន៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife / BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) និង ក្រុមហ៊ុន Rising Phoenix បានសហការគ្នាក្នុងការធ្វើជំរឿងសត្វត្រយងចង្កំកសនៅតំបន់សំខាន់ៗទូទាំងប្រទេសកម្ពុជាដោយបានធ្វើជំរឿន ចំនួនបួនខែ ចាប់ពីខែកក្កដា ដល់ខែតុលា ក្នុងរដូវវស្សាដែលទទួលបានលទ្ធផលចំនួនដល់ទៅ ៧៥៤ក្បាល នៅខែសីហា។ នេះគឺជាសញ្ញាវិជ្ជមាន និងបង្ហាញពីការកើនឡើងបន្តិចម្តងៗនៃចំនួនប្រភេទសត្វដែលជិតផុតពូជមួយនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធដែលសហការនិងចូលរួម ការងារអភិរក្សសត្វស្លាបប្រភេទនេះ។


គួរបញ្ជាក់ផងដែរថា តាមរយៈលទ្ធផលជំរឿនខាងលើ ដែនជម្រកសត្វព្រៃសៀមប៉ាងជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្រយងចង្កំកស ដោយកត់ត្រាបានចំនួនសរុប ៣៧៣ក្បាល។ ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ ជាទីតាំងសំខាន់បន្ទាប់ដោយកត់ត្រាបានចំនួន២៥២ក្បាល។


លោ នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា«ក្រោយកម្ពុជាមានសុខសន្តិភាពពេញលេញ យើងមានឱកាសនិងលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ក្នុង កិច្ចការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ។ ស្ថានភាពនៃការអភិរក្សធនធនធម្មជាតិមានភាពប្រសើរឡើង ហើយការកើនឡើងនូវវត្តមានប្រភេទសត្វត្រយងចង្កំកស និងសត្វមួយចំនួនទៀតដែលជាប្រភេទសត្វកម្រ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការដៃគូដែលចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងការការពារ និងអភិរក្សជីវៈចម្រុះ ដែលកម្ពុជានៅសល់ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។


លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមស្វាគមន៍ និងអបអរសាទរចំពោះភាពជាដៃគូសម្រាប់លទ្ធផលជំរឿនទូទាំងប្រទេសឆ្នាំ២០២១ ដែលលទ្ធផលនេះបង្ហាញពីជំហានវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងបរិស្ថាន និងដៃគូទាំងអស់ក្នុងការការពារសត្វត្រយងចង្កំកស និងក្នុងការបញ្ច្រាសការធ្លាក់ចុះនៃប្រភេទសត្វដែលជិតផុតពូជនេះនាពេលអនាគត» លោកបន្ថែមទៀតថា «ក្នុងនាមជាសមាជិកនៃអង្គការដៃគូWWF នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយតួអង្គទាំងអស់ដែលពាក់ព័ន្ធដើម្បីគាំទ្រដល់ជំរឿនថ្នាក់ជាតិ និងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រភេទសត្វនេះ និងបន្តចូលរួមយ៉ាងសកម្មជាមួយសហគមន៍មូលដ្ឋាននៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ ក្នុងការការពារសត្វស្លាបដ៏កម្រនេះ ព្រមទាំងការពារសម្បុករបស់វាដែលមាននៅក្នុងទីជម្រកធម្មជាតិ»។


លោកបណ្ឌិត កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេសរបស់អង្គការWCS បានមានប្រសាសន៍ថា «សត្វត្រយងចង្គំកស គឺជាប្រភេទសត្វសំខាន់ និងជានិមិត្តរូបរបស់តំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសកម្ពុជា។ វាបានចូលរួមបង្កើនចំណូលពីទេសចរណ៍ធម្មជាតិដ៏សំខាន់សម្រាប់សហគមន៍ត្មាតប៉ោយ ខេត្តព្រះវិហារ។ អង្គការWCS នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីធានាថាសត្វស្លាបដែលមានតម្លៃជាសកលទាំងនេះនៅតែបន្តជាផ្នែកមួយនៃបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា។»


លោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife in Cambodia)បានមានប្រសាសន៍ថា «ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ការអភិរក្សសត្វត្រយងចង្កំកសកុំឱ្យផុតពូជពីសកលលោក។ ជំរឿនឆ្នាំ២០២១ បង្ហាញពីសេចក្តីសង្ឃឹមនៃការអភិរក្សទៅថ្ងៃអនាគត ប៉ុន្តែសត្វស្លាបនេះទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ។ ហេតុនេះ យើងស្នើបង្កើតក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា ដើម្បីកៀរគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស បទពិសោធន៍ និងចំណេះដឹងបន្ថែមទៀតក្នុងការដោះស្រាយរួមគ្នាលើបញ្ហាគំរាមកំហែងដែលកំពុងកើតមានលើសត្វប្រភេទនេះ»។


លោកស្រី Christel Griffioen នាយកប្រចាំប្រទេសនៃអង្គការ ACCB មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា ការបង្កើតក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា គឺជាគំរូដ៏ល្អនៃការអនុវត្តវិធីសាស្រ្តរួមតែមួយក្នុងការអភិរក្សសត្វត្រយងចង្គំកស។ តាមរយៈការប្រមូលគោលគិត ចែករំលែកចំណេះដឹង និងទស្សនៈវិស័យរបស់អ្នកជំនាញពីគ្រប់ភាគីពាក់ព័ន្ធ យើងអាចធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងអភិរក្សទីជម្រកធម្មជាតិ និងនៅមណ្ឌលសង្រ្គោះ។ មានតែធ្វើការរួមគ្នាទេដែលអាចជួយសង្គ្រោះសត្វប្រភេទនេះមិនឱ្យផុតពូជបាន»៕

ការប្រកួត​កីឡា​ទូកក្ដោង​ជើងឯក​អាស៊ាន គឺជា​សញ្ញា​ដ៏​ល្អ នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​កីឡា​អូឡាំពិក​យុវជន​អាស៊ី ឆ្នាំ​២០២៩ នៅ​កម្ពុជា​


​ភ្នំពេញ​៖ ការប្រកួត​កីឡា​ទូកក្ដោង ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ នៅ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ បាន​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត និង​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​វត្តមាន​ចូលរួម​ពី​សំណាក់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​ទាំង ៣​ប្រទេស​ផងដែរ​។​


​លោក Chan Khun Sing Joseph អ្នកគ្រប់គ្រង​គណៈកម្មកា​រ​ប្រកួត និង​ជា​តំណាង​ប្រទេស​សហ​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ខាងលើ បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ​ការប្រកួត​នេះ​ឡើង ដែល​លោក​ចាត់ទុកជា​សញ្ញា​ដ៏​ល្អ សម្រាប់​ការអភិវឌ្ឍ​វិស័យ​កីឡា​ទូកក្ដោង​កម្ពុជា ឈានឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ក៏ដូចជា​ការប្រកួត​កីឡា​អូឡាំពិក យុវជន​អាស៊ី ឆ្នាំ​២០២៩ នៅ​កម្ពុជា​។​


​អ្នកជំនាញ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំៗ​រូបនេះ អះអាងថា ដំបូង​ឡើយ​មាន​អត្ត​ព​លិ​កជាង ១០​ប្រទេស​ត្រៀម​ចូលរួម តែដោយសារ​បញ្ហា​ឥត​ព្រៀងទុក នៃ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ នៅ​នាទីចុងក្រោយ បានធ្វើ​ឲ្យ​ពួកគេ​ខកខាន​ទៅវិញ បន្ទាប់ពី​ការលុបចោល​ជើងហោះហើរ​មក​កម្ពុជា​។ តែ​យ៉ាង លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការប្រកួត​លើក​ក្រោយ ប្រទេស​ទាំងអស់ នឹង​បាន​ចូលរួម​ការប្រកួត​នៅ​កម្ពុជា​ទាំងអស់គ្នា​។​


​លោក​មាន​សុទិដ្ឋិនិយម​ថា «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការប្រកួត​ទូកក្ដោង​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ នៅ​កម្ពុជា​នេះ គឺជា​សញ្ញា​ដ៏​ល្អ ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ទូកក្ដោង​កម្ពុជា ដើម្បី​ឈានឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​កីឡា​អូឡាំពិក យុវជន​អាស៊ី ឆ្នាំ​២០២៩»​។ លោក​បាន​ប្រាប់​កីឡាករ​-​កីឡាការិនី​ទាំងអស់ អោយធ្វើ​ការប្រកួត​ដោយ​ភាពកក់ក្ដៅ និង​សប្បាយរីករាយ ហើយ​ពេល​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ សូម​ប្រាប់​ទៅ​មិត្ត​ភ័ក្ដ្រ បងប្អូន​ខ្លួន​ថា តើ​ទីក្រុង​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​កម្ពុជា ស្រស់ស្អាត​ប៉ុណ្ណា​ទៀតផង​។​
​លោក ថោង ខុន បាន​ថ្លែង​សារ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ទាំង ៣​ប្រទេស រួមមាន​កម្ពុជា សិង្ហ​បុរី និង​ម៉ាឡេស៊ី ដែល​បាន​ចូលរួម​ការប្រកួត​ផ្ទាល់ នៅ​ខេត្ត​ព្រះសីហនុ ពិសេស​ឯកឧត្តម បាន​ថ្លែងអំណរគុណ រាជរដ្ឋាភិបាល ដែល​បាន​គាំទ្រ និង​អនុញ្ញាត​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ​ឡើង ដើម្បី​ជាការ​ធ្វើតេស្ដ​ទីលាន និង​វាស់​ស្ទង់ ក៏ដូចជា​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​កម្ពុជា សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ជា​ប្រវត្តិសាស្ដ្រ លើកដំបូង​នៅ​កម្ពុជា​។​


​លោក គួច ចំរើន បានបង្ហាញ​នូវ​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ដែល​បានជ្រើសរើស​ខេត្ត​ព្រះសីហនុ រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ពិសេស​ការកំណត់​ទីតាំង​នេះ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ តាមរយៈ​នេះ ក្នុងនាម​រដ្ឋបាលខេត្ត ឯកឧត្តម​បាន​ប្ដេជ្ញា​គាំទ្រ លើកទឹកចិត្ត និង​សហការ​គ្រប់បែបយ៉ាង ទាំង​សន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេស​ការទទួល​បដិសណ្ឋារកិច្ច ដើម្បី​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​នេះ ដំណើរការ​ប្រកួត​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ដ៏​ល្អប្រសើរ​។​


​ការប្រកួត​កីឡា​ទូកក្ដោង ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ គឺមាន​អត្ត​ព​លិ​ក ៣​ប្រទេស​ចូលរួម ស្មើនឹង​កីឡាករ​-​កីឡាការិនី ២៧​រូប ដែល​ត្រូវ​ប្រកួត​លើ ៥​វិញ្ញាសា នៅ​តំបន់ឆ្នេរ​សុខា ខណៈ​ការប្រកួត​ផ្លូវការ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៣ រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ​។ ការប្រកួត​នេះ សហការ​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា និង​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​មានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ CAMSOC៕

ផ្សារអនឡាញ អេស៊ីលីដាអ៊ីសបនឹងបន្ថែមផ្សារចំនួន៤ទៀតដែលមានទំនិញរាប់សែនមុខដើម្បីបំរើអតិថិជនឬសាធារណជន

ភ្នំពេញ៖​លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា​ ភីអិលស៊ីបានមានប្រសាសន៍ថា អេស៊ីលីដា អ៊ីសបនឹងមានផ្សារចំនួនបួនបន្ថែមទៀតដែលនឹងមានផលិតផលរាប់សែនមុខទំនិញដើម្បីជាជំរើសសម្រាប់អតិថិជនឬសាធារណជមានភាពសម្បូរបែបនៃមុខទំនិញចំរុះនៅផ្សារអនឡាញរបស់អេស៊ីលីដានេះ។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកាធនាគារអេស៊ីលីដាដែលជាធនាគារពាណិជ្ជចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានដាក់ឱ្យ​ដំណើការ​ជាផ្លូវការ​នូវ នូវអេស៊ីលីដា អ៊ីសប ដែលជា មធ្យោបាយទាន់សម័យសម្រា​ប់​ទិញ-លក់ទំនិញនិងទូទាត់អនឡាញតាម​អេស៊ីលីដា​ម៉ូបាល​ដែលបង្កើតបាន​ជាប្រព័ន្ធ​អេកូឡូស៊ីដ៏​រឺងមាំមួយក្នុងការផ្តល់នូវផលិតផលថ្មីសម្រាប់អតិថិជនឬសាធារណជន និងម្ចាស់​អាជីវកម្មនានា។

លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យ​ដំណើការ​ជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ​ថា ក្នុងរយះពេល១០ឆ្នាំមកនេះ យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលម៉ូបាលអេបនេះ ដែលបង្ករលក្ខណះ​ងាយ​​ស្រួលក្នុង​ការទូទាត់រួចស្រេចទៅហើយ ដូច្នេះការដាក់ឱ្យដំណើការអ៊ីសបដែលមានមុខទំនិញរាប់ម៉ឺនមុខសម្រាប់បំរើសេចក្តីត្រូវការរបស់​អតិថិជនឬសាធារណជនកម្មង់ទិញដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅទិញនៅផ្សារឬហាងដោយផ្ទាល់។

E-Shop

លោកបណ្ឌិតបានមានប្រសាសន៍ថា៖«បច្ចុប្បន្នយើងមានមួយដែលមានទំនិញ១ម៉ឺន២ពាន់មុខ  និងយើងកំពុងរៀបចំសហការ​ចំនួន​៤បន្ថែម​ទៀត ដូច្នេះទិសដៅរបស់យើងគឺយើងចង់បានហាងទំនិញ​ជាច្រើនចូលរួម​ក្នុងថ្នាល​របស់យើងកាន់តែច្រើន​បន្ថែម​ទៀត​​​ក្នុងការជួយបំពេញតម្រូវការអតិថិជនឬសាធារណះជនអាចជ្រើសរើសមុខទំនិញ​តាមតម្រូវការ កាន់តែមានភាពងាយស្រួល រហស័ ចំណេញពេលវេលា និងមានសុវត្ថិភាពក្នុងការប្រើប្រាស់»។​

លោក ប៊ុន ណារ៉ា អ្នកគ្រប់គ្រងទូទៅthe First Store The First Store ដែលជាដៃគូរដំបូងគេរបស់អេស៊ីលីដា អ៊ីសប បានមានប្រសាសន៍ថា​បង្កើតឡើងនៅ​ឆ្នាំ២០១៣​ដោយផ្តោតលើគុណភាពតម្លៃនិងសេវាកម្មដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។The First Store ក៏មានទំនិញប្រហែល១២០០០មុខ​ទំនិញសម្រាប់ផ្គត់ផ្គង់ជូនអតិថិជនទូទាំងប្រទេស។

លោកមានប្រសាសន៍បន្តទៀតថា៖« ក្នុងសម័យបច្ចេកវិទ្យានិងក្នុងបរិបទកូវីដ-១៩នេះផងដែរE-Shop ដើរតួនា​ទីដ៏សំខាន់​ក្នុង​វិស័យអាជីវកម្ម។យើងខ្ញុំក៏មានមោទនភាពជាខ្លាំងដែលបានសហការជាមួយACLEDA E-Shop ដើម្បីមានភាពងាយស្រួល​ក្នុងការបញ្ជាទិញ។​ The First Store រីករាយបម្រើលោកអ្នកដោយបេះដូង»។

បើយោងតាមលោកបណ្ឌិត អ៊ីន ចាន់នី បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដាមានចំនួនប្រតិបត្តិការធ្វើការទូទាត់រាល់ថ្ងៃនោះគឺប្រមាណ​ជា​៨ពាន់​លានដុល្លារសហរដ្ឋអាមេរិកប្រចាំខែជាមួយចំនួនប្រតិបត្តិការជា១១លាន។ ឬក្នុងមួយថ្ងៃគឺមាន២៧០លាន​ដុល្លាររៀង​រាល់ថ្ងៃ ឬមានជិត៤០ម៉ឺនប្រតិបតិ្តការ។

អតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈ App Store, Play Store, App gallery នោះអ្នកនឹងបានឃើញផ្សារអនឡាញដើម្បី​ប្រើប្រាស់​ទិញ​ទំនិញនានាតាមសេចក្តីត្រូវ ៕​

សាកល​វិទ្យាល័យ​អន្តរ​ជាតិ​ផារ៉ាហ្គន​ចុះ MoU ជា​មួយ​​​វិទ្យា​ស្ថាន​ជាតិ​វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍

ភ្នំពេញៈសាកល​វិទ្យាល័យ​អន្តរ​ជាតិ​ផារ៉ាហ្គន និង វិទ្យា​ស្ថាន​ជាតិ​វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍ នៃ​ក្រសួង​ឧស្សាហកម្មវិទ្យា​សាស្រ្តបច្ចេក​វិទ្យា និង​នវានុវត្តន៍ បាន​ចុះ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU) ​ ក្នុង​គោល​បំណង​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​អភិវឌ្ឍសេដ្ឋកិច្ច​ជាតិ​ឆ្នាំ​២០៣០-២០៥០ តាម​រយ:​ការ​ពង្រឹង​វិស័យ​វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្តន៍។

ពិធី​ចុះMoU ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​តាម​ប្រព័ន្ធ​អនឡាញ ក្រោម​អធិបតី​ភាព​លោក ចម ប្រសិទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ដោយ MoU នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​លោក គួក ហ្វីដេរ៉ូ អគ្គ​នាយក​នៃ​វិទ្យា​ស្ថានជាតិ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក ដេត សុខឧត្តម សាកល​វិទ្យា​ធិការ នៃ​សាកល​វិទ្យា​ល័យ​អន្តរជាតិ​ផារ៉ាហ្គន។

លោក ចម ប្រសិទ្ធ បាន​បង្ហាញ​ការ​សាទរ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ចុះMoU នេះ និង​មានជំនឿ​ថា​កិច្ច​សហការណ៍​នេះ នឹង​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ការ​រៀបចំ​វេទិកា​វិទ្យា​សាស្រ្ត អភិវឌ្ឍ​សមត្ថ​ភាព​បុគ្គលិក លើក​តម្កើង​គុណ​តម្លៃ នៃ​វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា និង​នវានុវត្តន៍ ដើម្បីធានា​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា។

តាម​រយៈ​ MoU នេះ ភាគី​ទាំង ២ នឹង​ធានា​កិច្ច​សហ​ប្រតិបត្តិការ​ដោយ​ឈរ​លើ​គោល​ការណ៍​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​លើ​ចំណុច​អាទិភាព​រួម​គ្នា​មួយ​ចំនួនដូច​ជា ការ​ស្រាវ​ជ្រាវ​អនុវត្ត និង​ការ​អភិវឌ្ឍ, ​ការ​ជំរុញ​លើក​កម្ពស់​វិស័យ​វិទ្យាសាស្រ្ត​ បច្ចេក​វិទ្យា នវា​នុវត្តន៍ និង​ព័ត៌មាន​វិទ្យា, ការ​បណ្ដុះ​បណ្ដាល និង​ការ​សិក្សា​អំពី​វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា នវានុវត្តន៍ និង​ព័ត៌មានវិទ្យា, ការ​អភិវឌ្ឍ​សមត្ថ​ភាព​ ការ​បណ្ដុះ​បណ្ដាល និង​ការ​អភិវឌ្ឍ​ជំនាញ​បុគ្គលិក, ការ​អនុវត្ត​ចំណុច​សកម្មភាព​ផ្សេងៗ​ទៀត ដែល​ទទួល​បាន​ការ​ឯកភាព​ដោយ​គូភាគី៕​

មានអេស៊ីលីដា អ៊ីសប ប្រៀបដូចមានទំនិញរាប់ម៉ឺនមុខក្នុងដៃ

ភ្នំពេញ៖ ស្របពេលដែលកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ទាំងការរស់នៅ និងការទទួលទាន​ប្រចាំថ្ងៃ​ក៏កាន់តែស៊ីវីល័យផងដែរ ជាពិសេសការនិយមកម្មង់ទំនិញនានាតាមផ្សារអនឡាញ។ ជាមួយគ្នានេះដែរធនាគារអេស៊ីលីដាអ៊ីសប​ដែលជាមធ្យោបាយទាន់សម័យសម្រា​ប់​ទិញ-លក់ទំនិញនិងទូទាត់អនឡាញតាមអេស៊ីលីដាម៉ូបាលដែលមានទំនិញរាប់​ម៉ឺន​មុខ​បានក្លាយជាជម្រើសមួយដ៏ល្អ​សម្រាប់​អថិតិជន​ឬសាធារណ:ជនក្នុងយុគ្គសម័យឌីជីថលនេះ។

អេស៊ីលីដាអ៊ីសបត្រូវបានដាក់ឱ្យដំណើការជាផ្លូវការកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថ្មីៗកន្លងទៅនេះ ក្នុងការផ្តល់ជំរើសដល់អតិថិជនឬ​សាធារណ:ជនរីករាយក្នុងការកម្មង់ទិញទំនិញរាប់ម៉ឺនមុខជាមួយហាងដែលជាដៃគូរសហការនានា។​

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា​ ភីអិលស៊ីបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យ​ដំណើការ​ជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ​ថា​ស្របពេលដែលបរិបទពិភពលោក​ក៏ដូចជា​ប្រទេស​កម្ពុជាមានការវិវឌ្ឍទៅ​រកការ​ប្រើប្រាស់​​ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងជីវតិប្រចាំថ្ងៃ ជាពិសេសអំឡុងពេលការរីករាលដាល​នៃជំងឺកូវីដ១៩នេះ ការទិញទំនិញ​ឬសេវា​ផ្សេងៗតាម​អនឡាញ​កាន់​តែមានចាំបាច់និងមានតម្រូវការខ្ពស់។

លោកបានថ្លែង៖​«ក្នុងរយះពេល១០ឆ្នាំមកនេះ យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលម៉ូបាលអេបនេះ ដែលបង្ករលក្ខណះ​ងាយ​​ស្រួលក្នុងការទូទាត់រួចស្រេចទៅហើយ ថ្ងៃនេះគឺយើងបានយកអ៊ីសប មកដាក់ទៅលើម៉បាលអែបយើងតែម្តង ដែលហាង​ទំនិញនិមួយៗ​ជាដៃគូររបស់យើងមានរាប់ម៉ឺនមុខទំនិញ»។

បើយោងតាមលោក អ៊ីន ចាន់នី បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដាមានចំនួនប្រតិបត្តិការធ្វើការទូទាត់រាល់ថ្ងៃនោះគឺប្រមាណ​ជា​៨ពាន់​លានដុល្លារសហរដ្ឋអាមេរិកប្រចាំខែជាមួយចំនួនប្រតិបត្តិការជា១១លាន។ ឬក្នុងមួយថ្ងៃគឺមាន២៧០លាន​ដុល្លាររៀង​រាល់ថ្ងៃ ឬមានជិត៤០ម៉ឺនប្រតិបតិ្តការ។

លោកថា៖«ដោយសារមើលឃើញការទូទាត់និងចំនួនប្រតិបត្តិការជាមួយធនាគារច្រើនក្នុងការទិញទំនិញនិងបម្រើសេវាកម្មទូទាត់ផ្សេងៗ អញ្ចឹងហើយបានជាខ្ញុំសម្រេចចិត្តបង្កើតទីផ្សារអនឡាញនេះឡើងមួយទៀតដែលអាចជួយសម្រួលដល់អតិថិជន និងសាធារណះកាន់តែងាយស្រួល និងសន្សំពេលវេលាទៀតផង»។

លោកថា៖«ទិសដៅរបស់យើងគឺយើងចង់បានហាងទំនិញ​ជាច្រើនចូលរួម​ក្នុងថ្នាល​របស់យើងកាន់តែច្រើន​បន្ថែមទៀត​ក្នុងការជួយបំពេញតម្រូវការអតិថិជនឬសាធារណះជនអាចជ្រើសរើសមុខទំនិញ​តាមតម្រូវការ កាន់តែមានភាពងាយស្រួល រហស័ ចំណេញពេលវេលា និងមានសុវត្ថិភាពក្នុងការប្រើប្រាស់»។

E-Shop

អតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈ App Store, Play Store, App gallery នោះអ្នកនឹងបានឃើញផ្សារអនឡាញដើម្បី​ប្រើប្រាស់​ទិញ​ទំនិញនានាតាមសេចក្តីត្រូវ ៕​

ហាងភីហ្សាហាត់ (Pizza Hut) សាខាចំបងបើកជាផ្លូវការនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ហាង Pizza Hut សាខាចំបងរបស់អាមេរិកបានបើកជាផ្លូវការនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដើម្បីឆ្លើយតបទៅនឹងការពេញនិយមនៃអាហារមួយនេះ។​

នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម កៅ កោសល អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីសម្ពោធហាង Pizza Hut សាខាចំបង ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានការចូលរួមពី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូណាយធីត ហ៊្វូដ, លោកអគ្គនាយកក្រុមហ៊ុនភីហ្សាហាត់អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងលោកស្រី Higgins Lauren តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា។

លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យូណាយធីត ហ៊្វូដ បានជម្រាបថា ភីហ្សាហាត់ គឺជាស្លាកសញ្ញានៅលើពិភពលោក ហើយមានសាខាច្រើនជាង ១៨,០០០ហាង នៅក្នុងជាង១០០ប្រទេស ហើយប្រទេសកម្ពុជាគឺជាទីផ្សារទី១១០ របស់ភីហ្សាហាត់។ បច្ចុប្បន្ននេះ ក្រុមហ៊ុន យូណាធីត ហ៊្វូដ ក៏បាននាំយកសិទ្ធិផ្តាច់មុខភីហ្សាហាត់ មកកាន់ទីផ្សារប្រទេសកម្ពុជា ហើយមានផែនការពង្រីកអាជីវកម្មមួយនេះឥតឈប់ឈរ។ ហាងភីហ្សាហាត់ សាខាទី១ ផ្សារទួលទំពូង ត្រូវបានបើកបម្រើសេវាកម្មនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សាខាទី២ ភីស្សាហាត់កាល់ម៉ែត្រ ត្រូវបានបើកដំណើរការនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ និងសាខាទី៣ ភីហ្សាហាត់បឹងកេងកង ដែលកំពុងប្រារព្ធពិធីសម្ពោធសាខាចំបងនៅថ្ងៃនេះ។ នៅចុងឆ្នាំ២០២១នេះ ភីស្សាហាត់កម្ពុជានឹងបើកសាខាថ្មី២បន្ថែមទៀត ហើយនៅចន្លោះ២-៣ឆ្នាំខាងមុខនេះ ភីហ្សាហាត់កម្ពុជា គ្រោងបើកសាខាប្រមាណ ៣០សាខាបន្ថែមទៀត ដែលការបើកហាងថ្មីទាំងនេះនឹងបង្កើតការងារថ្មីប្រហែលច្រើនជាង ៨០០កន្លែង សម្រាប់ប្រជាជនកម្ពុជារបស់យើង។

 លោកស្រី Higgins Lauren តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ថា ភីហ្សាហាត់គឺជាហាងភីហ្សាដែលចំណាស់ជាងគេនៅសហរដ្ឋអាមេរិក ហើយាលោកស្រីពិត​ជារំភើបណាស់​ដែលបានឃើញម៉ាកយីហោដ៏ល្បីមួយនេះមានវត្តមាននៅប្រទេសកម្ពុជា។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា តែងតែផ្តល់ព័ត៌មានទៅកាន់ធុរជន និងវិនិយោគិនអាមេរិក អំពីឱកាសធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា និងជួយសម្របសម្រួលក្នុងការប្រកបអាជីវកម្មរបស់ពួកគេនៅកម្ពុជា។

សហរដ្ឋអាមេរិក គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា ហើយទោះបីជាមានបញ្ហាប្រឈមក្នុងរយៈពេល​០២​ឆ្នាំ​កន្លង​មក​ក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងកម្ពុជា បានកើនឡើងប្រាំបីដងពី ៨៥០លានដុល្លារអាមេរិក កាលពី២០ឆ្នាំមុន កើនដល់ ៦.៩ពាន់លាន ដុល្លារអាមេរិក កាលពីឆ្នាំ២០២០។

លោក កៅ កោសល អគ្គនាយក បានមានប្រសាសន៍ថា លោកពិតជាមានកិត្តិយសនិងសេចក្តី សោមនស្សរីករាយ ដែលបានចូលរួម នៅក្នុងពិធីសម្ពោធជាផ្លូវការនូវហាងភីហ្សាហាត់សាខាចំបង ជាមួយលោកស្រីតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងឯកឧត្តម អស់លោក លោកស្រី និងភ្ញៀវកិត្តិយស ទាំងអស់ ដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ និងសូមអបអរសាទរចំពោះ លោក គុយ វ៉ាត ដែលជានាយកក្រុមហ៊ុន United Food Group ដែលបានចំណាយទុនវិនិយោគក្នុងវិស័យម្ហូបអាហារ ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ធកិច្ចកម្ពុជា។ នេះបង្ហាញឱ្យឃើញពីទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក ក៏ដូចជាវិនិយាគគិនក្រៅប្រទេស មកលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាមគ្គុទេសក៍ឆ្នើមរបស់ប្រជាជនកម្ពុជា។

លោកថ្លែងថា៖«វត្តមានរបស់ភីហ្សាហាត់ នឹងរួមចំណែក បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន ជួយលើកកម្ពស់វិស័យម្ហូបអាហារ និងជួយផ្គត់ផ្គង់ដល់ ទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីត-១៩ មិនត្រឹមតែប៉ះពាល់ដល់សុខភាព សាធារណៈ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ទុចបង្អាក់ដល់ការ​អភិវឌ្ឍ​​សេដ្ធកិច្ចផងដែរ។ ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ២០២១-២០២២ ខាងមុខនេះ សេដ្ឋកិច្ចសកលលោកត្រូវបានរំពឹងថានឹងងើបទ្បើងជាបណ្តើរៗដែលទ្រទ្រង់ដោយការកើនទ្បើងជាបន្តបន្ទាប់នូវទំហំពាណិជ្ជកម្មទំនិញ ខណៈដែលវិស័យសេវាកម្ម មានកំណើនសន្សឹមៗផងដែរ៕

ធនាគារអេស៊ីលីដា និង​ក្រុមហ៊ុន តូតាល់​កម្ពុជាចុះហត្ថលេខាលើកិច្ចព្រម​​ព្រៀងដៃគូលើសេវាទូទាត់តាមអេស៊ីលីដា​

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជទី១ ដែលបានចុះបញ្ជីលក់មូលបត្រក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និង​ក្រុមហ៊ុន តូតាល់កម្ពុជានៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងដៃគូ ស្តីពីការបម្រើសេវាទូទាត់វិក្កយបត្រតាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី។

ការចាប់ដៃគូរនេះ នឹងផ្តល់មធ្យោបាយក្នុងការទូទាត់តាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុនតូតាល់កម្ពុជា ដែល​ជា​សាខា​របស់​ក្រុមហ៊ុនTotalEnergies ជា​ក្រុមហ៊ុន​ថាមពល​ដ៏​ធំមួយ​ ផលិត និង​ផ្គត់ផ្គង់​ថាមពល​លើ​សាកលលោក បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងដៃគូស្តីពីសេវា ទូទាត់វិក្កយបត្រ​ តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ជូនដល់អតិថិជនទូទៅ និង សាធារណជន សម្រាប់ការទូទាត់ជាមុន (ចំពោះអតិថិជនដែលប្រើប្រាស់ប័ណ្ណសមាជិក) ព្រមទាំងអតិថិជន លក់ដុំ និងលក់រាយទាំងអស់ របស់ក្រុមហ៊ុន តូតាល់កម្ពុជា ដូចជា ការទូទាត់នៅតាមបញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី ការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាម៉ូបាល និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាអ៊ីនធើណែត។

លោកបណ្ឌិត ក៏បានបន្ថែមទៀតថា  ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនតូតាល់កម្ពុជា បានបើកគណនី សេវាប្រមូលសាច់ប្រាក់ (Cash Collection) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុន តូតាល់កម្ពុជា បានពង្រីកការទូទាត់តាម​ម៉ាស៊ីន POS របស់ធនាគារ អេស៊ីលីដា រហូតដល់ ៥៩ ស្ថានីយ។

លោកបណ្ឌិត អ៊ិន​ ចាន់នីបានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ដោយយល់ឃើញពីសារៈសំខាន់ និងសេចក្តីត្រូវការរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនតូតាល់កម្ពុជា  បានសហការគ្នាពង្រីក និងបន្ថែមមធ្យោបាយទូទាត់ តាមរយៈអេស៊ីលីដាម៉ូបាល ដែលជាជម្រើសទាន់សម័យ ដើម្បីបម្រើអតិថិជនទាំងអស់។ សមាជិក​ប័ណ្ណតូតាល់កម្ពុជា ក៏​អាច​បញ្ចូល​ទឹកប្រាក់​ក្នុងប័ណ្ណ​ប្រេងឥន្ធនៈ​របស់​ពួក​គេ​ តាម​រយៈ​កម្មវិធីអេស៊ីលីដាម៉ូបាលផងដែរ»។

លើស​ពី​នេះ ដៃគូ​ចែកចាយ តូតាល់កម្ពុជា នឹង​អាច​ទូទាត់​វិក្កយបត្រ (Bill Payment) ​សម្រាប់​ផលិតផល និង ​សេវាកម្ម ​តាម​រយៈអេស៊ីលីដាម៉ូបាល ដោយភាពជឿជាក់ និង​ងាយស្រួល”។

ក្រុមហ៊ុន តូតាល់កម្ពុជា ផ្តល់ជូននូវផលិតផល និងសេវាកម្ម នៅតាមស្ថានីយជាង១០០ កន្លែង សម្រាប់ការចាក់ប្រេងឥន្ធនៈ (ប្រេងសាំង និងម៉ាស៊ូត) ដែលមានហាងទំនេញ ជាង ៥២ កន្លែង (ហាង Bonjour) ប្រេងឥន្ធនៈ ឧស្សាហកម្ម ប្រេងសាំងអាកាសចរណ៍ និងប្រេងម៉ាស៊ីន។

លើសពីនេះ កាត TotalEnergies ជាមធ្យោបាយ ដ៏ងាយស្រួលក្នុងការជាវ និងគ្រប់គ្រងការជាវប្រេងឥន្ធនៈ។  ក្រុមហ៊ុន តូតាល់កម្ពុជា នៅ តែបន្តវិនិយោគលើទីតាំងស្តុកប្រេងស្តង់ដារខ្ពស់សម្រាប់ប្រេងឥន្ធនៈរថយន្ត និងប្រេងឥន្ធនៈអាកាសចរណ៍ផងដែរ។

«យើងក៏ផ្តល់សេវាកម្មចាំបាច់ផ្សេងៗ ដូចជា ការវិភាគប្រេង ការដំឡើងស៊ីទែន និងសេវាដឹកជញ្ជូនជូនអតិថិជនពាណិជ្ជកម្មរបស់យើងផងដែរ»។ នេះបើយោងតាមក្រុមហ៊ុនតូតាល់កម្ពុជា៕​

កម្ពុជារំពឹងទាក់ទាញវិនិយោគពីប្រទេសនិយាយភាសាបារាំងកាន់តែច្រើន

ភ្នំពេញ៖ កម្ពុជារំពឹងថាការប្រកាសបើកកម្មវិធីជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូននឹងកាន់តែទាក់ទាញការវិនិយោគ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសប្រើប្រាស់​សាបារាំង និងប្រទេសក្នុងតំបន់បន្ថែមទៀត។

ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីប្រកាសបើកកម្មវិធីជំនួប​សេដ្ឋកិច្ចហ្វ្រង់កូហ្វូន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១​ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ និងអង្គការក្រុមប្រទេសនិយាយភាសារបារាំង (OIF)។

លោករដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រដល់បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលត្រូវបានផ្តួចផ្តើមដោយអង្គការ OIF ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសប្រើប្រាស់ភាសាបារាំង និងប្រទេសក្នុងតំបន់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងចំណង​ការទូត ជាមួយប្រទេសជាសមាជិកអង្គការ OIF ដែលកត្តាទាំងនេះនឹងផ្តល់សារៈសំខាន់​ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណងសហប្រតិបត្តិការលើពហុវិស័យ រួមមាន វប្បធ៌ម ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួល​ផលប៉ះពាល់​ដោយជម្ងឺរាតត្បាតសកល កូវីដ-១៩។

លោកប៉ាន សូរស័ក្កបានមានប្រសាសន៍ថា៖«យើងខ្ញុំសូមលើកទឹកចិត្តដល់​ប្រតិបត្តិករ​សេដ្ឋកិច្ច និងវិនិយោគិន OIF មកពីគ្រប់ទ្វីបទាំងអស់ ឱ្យពិនិត្យពីសក្តានុពលពាណិជ្ជកម្ម​ដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់ពង្រីក​សហប្រតិបត្តិការថ្មីក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវ៉ាក់តំលៃដែលកំពុងមានឧត្តមភាព​រីកចម្រើន»។

ប្រទេសជាសមាជិក និងប្រទេសអង្កេតការទាំងអស់របស់អង្កការ OIF មានសរុបចំនួន ៨៨ ប្រទេស ហើយនៅឆ្នាំ២០២០ កម្ពុជាសម្រេចបានទំហំពាណិជកម្មសរុប ៩,6 ប៊ីលានដុល្លាអាមេរិកជាមួយប្រទេស OIF ដោយក្នុងនោះកម្ពុជាបាននាំចេញ ៦,៥ ប៊ីលានដុល្លាអាមេរិក កើនឡើងប្រមាណ ៤% ធៀបនឹងឆ្នាំ២០១៩៕

 

 

 

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរផ្ទៃក្នុងជាង១៨ម៉ឺននាក់ចុងសប្ដាហ៍ទី១ខែធ្នូ

(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេស ទទួលបានភ្ញៀវសរុបមានចំនួន ១៨១,០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖​ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់;រាជធានីភ្នំពេញ ២៩,៧៩២ នាក់;ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់;ខេត្តកំពត ១៧,៧៩៦ នាក់;ខេត្តសៀមរាប ១៦,១៦០ នាក់;ខេត្តបាត់ដំបង ៨,៤១៣ នាក់;ខេត្តកែប ៦,៥៦៧ នាក់;ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។

លោករដ្ឋមន្ត្រីបានបន្តថា តួលេខខាងលើ មានការកើនឡើងប្រមាណ ៤.៦៥% ធៀបនឹងចុង សប្តាហ៍កន្លងមក។ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុង ទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិនានាក៏ដោយ។

សភាពការណ៍ជារួមពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឲ្យដំណើរការឡើង វិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕