ផលិតផលត្រីប្រាកម្ពុជានឹងធ្វើការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនឆាប់ៗនេះ

ភ្នំពេញ៖ បន្ទាប់ពីលោក​នាយករដ្ឋ​មន្រ្តីចិន លោក លី ខឺឈាំង LiKeqiang បានយល់ព្រមទៅកាន់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែនក្នុងការនាំចូលផលិតផលត្រីប្រាកម្ពុជាមកទីផ្សារចិន ក្រុមអ្នកជំនាញចិនបានធ្វើ​ការ​ការសិក្សានិងវិភាគហានិភ័យលើ​តាមរយៈ​វីដេអូចម្ងាយរួចរាល់ហើយកាលពីពេលថ្មីៗនេះដែល​គ្រោងនឹងនាំចេញ​ទៅកាន់ទីផ្សារចិនឆាប់ៗនេះ។

បើយោងតាមលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងក្នុងពិធីសម្ពោធផ្លូវនៅខេត្ត​ព្រៃវែ​ងកាល​ពីពេលថ្មីៗនេះថា ក្រោយពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជួបគ្នានិងសម្រេចលើ​ការនាំ​ចូល​ត្រីប្រាពីកម្ពុជាទៅចិននោះ ក្រុមការងារជំនាញរបស់ចិនក៏បានធ្វើការសិក្សាត្រួតពិនិត្យគុណភាពតាម​រយះវីដេអូកាលពីពេលថ្មីៗនេះ។

លោក បានលើកឡើងថា៖ «ការសម្រេចនេះ គឺ ដើម្បីអនុវត្តតាមកុងសុងស៊ីសក្នុងកិច្ចប្រជុំ​តាមរយៈ​​វីឌីអូរវាង​លោក​នាយករដ្ឋ​មន្រ្តីចិន លោក លី ខឺឈាំង LiKeqiangនិងសម្តេចតេជោ កាលពី​ពេលកន្លងទៅថ្មីៗនេះ»។

លោកបានបន្ថែមថា តាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ(RCEP)ដែលមានការចូលរួមពីភាគីចិននិងកម្ពុជា ការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជានឹងបញ្ចេញថាមពលកាន់តែខ្លាំងក្លា។

ប្រធានសមាគមវារីវប្បកម្មកម្ពុជា លោក សុខ រ៉ាដែន សាទរចំពោះដំណឹងល្អ ដែលភាគីចិនបាន​សម្រេចចិត្តនាំចូលត្រី​ប្រា​ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាទីផ្សារដ៏ធំមួយសម្រាបើផលិតផល​កសិកម្មកម្ពុជា​ប៉ុន្តែក៏មាន​ការព្រួយបារម្ភពីបញ្ហាប្រឈមមួយចំនួនដូចជា ស្តង់ដាគុណភាព​ សុវត្ថិភាព បរិមាណ និងតម្លៃជាដើម។

លោកបានមានប្រសាសន៍ថា៖«បើសិនជាត្រីប្រាកម្ពុជា អាចនាទៅកាន់ទីផ្សារប្រទេសចិនឆាប់នេះពិតមែន នោះជាដំណឹងល្អមួយសម្រាប់កម្ពុជា ជាពិសេស​កសិករចិញ្ចឹមត្រីប្រាទាំងអស់។ទន្ទឹមនឹងដំណឹងល្អនេះដែរ លោកក៏បានលើកឡើងពីបញ្ហាប្រឈមមួយ​ចំនួន​ផងដែរ ទាក់ទងនឹងការ​ចំណាយថ្លៃដើម​ក្នុងការ​ចិញ្ចឹម»។

លោកសុវណ្ណបានមានប្រសាសន៍ថា តម្លៃត្រីប្រាចិញ្ចឹមក្នុងស្រុក បានធ្លាក់ថ្លៃពី៥០០០រៀល ​មកនៅត្រឹមជាង​៤០០០រៀល​​ក្នុង​មួយ​គីឡូក្រាម ចាប់តាំងពីផ្ទុះកូវីដ១៩មក រហូតដល់បច្ចុប្បន្ននេះ ៕

ផលិតផលម្រេចប្រមាណជិត៣សែន​តោនត្រូវបាននាំចេញពីកម្ពុជា

ភ្នំពេញ៖ កម្ពុជានាំចេញផលិតផលម្រេច បានប្រមាណ ២៧ ៧៣០,០៧តោន នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២១  កើនឡើងចំនួន ៤៥៦,៥៣%  ដោយក្នុងនោះមានទាំងម្រេចកំពត។

យោងតាមរបាយការណ៍ពីក្រសួងកសិកកម្ម ក្នុងចំណោមការនាំចេញទាំងម្រេចសំគាល់ភូមិសាស្រ្ត (GI) និងមិនសម្គាល់ភូមិសាស្រ្តិ (Non-GI) ក្រៅប្រទេសសរុបម្រេចនាំចេញទៅប្រទេសវៀតណាមចំនួន ប្រមាណ ២៦ ៨៨៧; អាល្លឺម៉ង់ចំនួនជាង ៤៩៧តោន; ថៃចំនួន ១៨០តោន និងនៅសល់តិចតួចនាំទៅ​កាន់ប្រទេស​ជាង​២០ទៀត នៅលើពិភពលោក ។

ចំពោះតម្លៃវិញ លោកបានថ្លែងប្រាប់ថាឆ្នាំនេះ ទិន្នផលម្រេចបានច្រើន ហើយតម្លៃក៏នៅគួរសម ដោយម្រេចខ្មៅ​តម្លៃ១៥ដុល្លារ, ម្រេចក្រហម២៥ដុល្លារ, និងម្រេចស២៨ដុល្លារ ក្នុងមួយគីឡូក្រាម។

ប្រទេសកម្ពុជា មានខេត្តចំនួន១៨ ដែលមានការដាំដុះម្រេច នៅក្នុងនោះខេត្តដែលសម្បូរការដាំដុះម្រេចច្រើនដែរ រួមមាន មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និងកំពតជាដើម។ ម្រេចកំពត ក្រោយពីបានក្លាយជា​ទំនិញសម្គាល់​ភូមិសាស្រ្តនៅទីផ្សារសហភាពអឺរ៉ុបហើយ ម្រេចកំពតរបស់កម្ពុជា កាលពីដើមឆ្នាំ២០២០ ក៏ត្រូវបានចុះ​បញ្ជីការពារ​ជាលក្ខណៈអន្តរជាតិ នៅបណ្តាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀង​ទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញផងដែរ៕

ពន្លាជាតិរបស់កម្ពុជានៅទីក្រុងឌុយបៃ​​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវអន្តរជាតិ

ឌុយបៃ សហភាពអារ៉ាប់រួម៖ កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអម​នាយក​រដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ​គណៈប្រតិភូ​អារ៉ាប់ ចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា ដែលកំពុងតាំងបង្ហាញ​នៅក្នុងព្រឹត្តិការណ៍​ពិព័រណ៍ពិភពលោក Expo 2020 Dubai នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម។

ក្នុងឱកាសនោះ លោក អ៊ុច បូររិបានកោតសរសើរចំពោះការរៀបចំពន្លាជាតិកម្ពុជាដែលមានការទាក់ទាញបំផុត និងអះអាងប្រាប់គណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងគណៈប្រតិភូសហភាពអារ៉ាប់រួម ក្នុងន័យថា “ពន្លាជាតិកម្ពុជាតូចមែន តែខ្លឹម”។

ក្នុងការឆ្លើយតបជាមួយការលើកឡើង ក៏ដូចជាការទទូចស្នើសុំរបស់គណៈកម្មការៀបចំពិព័រណ៍ពិភពលោក ឯកឧត្តមរដ្ឋមន្រ្តី បានសន្យាថានឹងជួយជំរុញនូវការបញ្ជូនបញ្ជីឈ្មោះរបស់គណៈប្រតិភូអមលោកនាយករដ្ឋមន្រ្តី ឱ្យបានឆាប់ជូនទៅគណៈកម្មការពិព័រណ៍ពិភពលោក ដើម្បីត្រៀមរៀបចំ និងសម្របសម្រួលការចូលរួមពិធីប្រារព្ធ​ទិវាជាតិកម្ពុជា នាខែមករា ឆ្នាំ២០២២ខាងមុខ។

ក្នុងការចូលរួមគាំទ្រ និងលើកស្ទួយផលិតផលកសិកម្មខ្មែរ លោក អ៊ុច បូររិបានទិញម្រេចកំពតចំនួន ៨ដប សម្រាប់ជាកាដូអនុស្សាវរីយជូនគណៈកម្មការពិព័រណ៍ពិភពលោក និងគណៈប្រតិភូសហភាពអារ៉ាប់រួម មុននឹងចាកចេញទៅទស្សនាពន្លាជាតិដទៃទៀត៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចូលរួមកសាងសារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌

សៀមរាប៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋ​មន្រ្តី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានប្រគេន​នូវប្លង់ស្ថាបត្យកម្មនិងបច្ច័យសរុបចំនួន២ម៉ឺនដុល្លារ ដែលបានពីការចូលរួមរបស់លោកជំទាវផ្ទាល់ និងមន្រ្តីរាជការក្រោមឱវាទ ទៅព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ជាការរួមចំណែកកសាងសារមន្ទីរ និងដើម្បីព្រះអង្គចាប់ផ្តើមប្រមែប្រមូលនូវបច្ច័យសប្បុរសនានា​បន្ថែមទៀតក្នុងការកសាងសារមន្ទីរខាងលើ៕

ក្រសួងពាណិជ្ជកម្ម​នឹង​ចាត់វិធានការ​ដល់​សហ​គ្រាស​ឬ​អាជីវកម្ម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​មិនទាន់មាន ​អាជ្ញា​បណ្ណ

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​ដាក់​ឪ​សា​នុ​វាទ​ដល់​រយះពេល​៤​ខែ​ដល់​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស ដែល​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់​ដែល​មិនទាន់​ទទួល លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវដាក់​ពាក្យស្នើសុំ ដើម្បី​ការពារ​អ្នកប្រើប្រាស់​។​


​ក្រសួងពាណិជ្ជកម្ម​កាល​ពីថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១ បាន​ជូនដំណឹង​ពី​ការពន្យា​ពេលនេះ ពី​ការដាក់​ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ រហូតដល់​ថ្ងៃទី​១ មីនា ឆ្នាំ​២០២២ ដោយសារតែ​ក្រសួង​សង្កេតឃើញថា សហគ្រាស​-​ក្រុមហ៊ុន​ទាំងនោះ បាននិងកំពុង កំពុង​រៀបចំ​ឯកសារ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​


​បើតាម​ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​អះអាងថា នៅក្នុង​ករណី​ដែល​ក្រសួង​ពន្យា​ពេល​ដល់​ដើមខែ​មីនាឆ្នាំ​២០២២​ហើយ តែ​ក្រុមហ៊ុន និង​សហគ្រាស​ទាំងនោះ​នៅតែ​មិន​ព្រម​ដាក់ពាក្យ​ស្នើសុំ​ទៀត​នោះ​ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់ ដោយ​នឹង​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​(​ការលក់ដូរ​អន​ឡាញ​) ហើយនឹង​អាច​ពិន័យ​ជា​ប្រាក់​រហូតដល់​១០​លាន​រៀល សម្រាប់​អាជីវកម្ម​តាម​អន​ឡាញ​ណា ដែល​ធ្វើ​សកម្ម​លក់ដូរ​តាម​អន​ឡាញ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​។​


​កាលពី​០២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩ ច្បាប់​ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់ មាន​១១​ជំពូក ៥១​មាត្រា ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ក្នុង​គោលដៅ​កំណត់​វិធាន និង​យន្តការ​ដើម្បី​រួមចំណែក​បង្កើត​បរិយាកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម និង​ផលប្រយោជន៍​អ្នកប្រើប្រាស់​ត្រូវ​បានការ​ពារ ការធ្វើ​ពាណិជ្ជកម្ម​មានការ​ប្រកួត​ប្រជែង​ដោយ​សុចរិត និង​អ្នកប្រើប្រាស់​ក៏ដូចជា​ពាណិជ្ជករ ធ្វើ​សកម្មភាព​ជាមួយគ្នា​ដោយមាន​ទំនុកចិត្ត​៕

អគ្គលេខាធិការ​នៃ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ (UNCTAD)​នឹង​បន្ត​ជួយ​កម្ពុជា​

​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បានស្នើ​សុំ​ឲ្យ​អង្គការ UNCTAD បន្ត​ជួយ​ដល់​កម្ពុជា​ក្នុងការ​សិក្សា​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​កម្ពុជា ស្ដីពី​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ទីផ្សារ​នាំចេញ កសាង​សមត្ថភាព​របស់​សហគ្រាស​កម្ពុជា ការ​ប្រែក្លាយ​ឌីជីថល​។​
​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិកា​ក្រសួងពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Rebeca Grynspan អគ្គលេខាធិការ​នៃ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ (UNCTAD) នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ ។
​លោក សុភ័ក្ត្រ បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ UNCTAD ដែល​បាន​ជួយ​គាំទ្រ​កម្ពុជា​កន្លងមក ជាពិសេស​ក្នុង​ដំណើរការ​នៃ​ការសុំ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ឆ្នាំ​២០០៤​។ ការគាំទ្រ​របស់​អង្គការ UNCTAD ក្នុង​ការងារ​នេះ បានអនុញ្ញាត​ឲ្យ​កម្ពុជា​ទាញយក​ផលប្រយោជន៍​ជាច្រើន​ពី​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​។
​លោក​បាន​ជម្រាបជូន​លោកស្រី Rebeca​ផងដែរ​ថា​៖« កម្ពុជា​កំពុងតែ​ត្រៀមខ្លួន​សម្រាប់​ចាកចេញ​ពី​ប្រទេស​អភិ​វ្ឍ​ន៍​តិចតួច (LDC) កម្ពុជា​ចាំបាច់​ត្រូវ​រៀបចំ​ជា​យុទ្ធសាស្ត្រ និង​គោលនយោបាយ​សម្រាប់​ប្រទេស ដើម្បី​ធានាបាន​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ក្រោយពី​បាត់បង់​ភាពអនុគ្រោះ​នានា​ដែល​កម្ពុជា​ធ្លាប់​ទទួលបាន​ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​»​។
«​ក្នុងន័យនេះ កម្ពុជា​ស្នើសុំ​ឲ្យ​អង្គការ UNCTAD បន្ត​ជួយ​ដល់​កម្ពុជា​ក្នុងការ​សិក្សា​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​កម្ពុជា ស្ដីពី​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួមមាន​ការ​ប្រែក្លាយ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច (Structural Transformation) ការពង្រឹង​ភាព​ប្រកួតប្រជែង ពិពិធ​កម្ម​ទំនិញ​នាំចេញ និង​ទីផ្សារ​នាំចេញ កសាង​សមត្ថភាព​របស់​សហគ្រាស​កម្ពុជា ការ​ប្រែក្លាយ​ឌីជីថល ។​ល​។
​លោកស្រី​អគ្គលេខាធិការ បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា ហើយ​អង្គការ UNCTAD ពិត​ជាមាន​មោទនភាព​ដែល​បាន​ចូលរួម​វិភាគទាន​ដល់​ការអភិវឌ្ឍន៍​នេះ​។ លោកស្រី​បានទទួល​យក​សំណើរ​របស់​កម្ពុជា ព្រមទាំង​សន្យាថា​នឹង​ប្រឹងប្រែង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អង្គការ UNCTAD និង​កម្ពុជា​បន្តទៀត​៕

ពិតជាអស្ចារ្យណាស់! លោកជំទាវ ជា សិរី សរសើរ KHQR Code របស់ធនាគារអេស៊ីលីដា ទូទាត់បានយ៉ាងទូលំទូលាយតាមហាងនានានៅប្រទេសថៃ

ភ្នំពេញ៖ពិតជារឿងមួយដ៏គួរឱ្យមានមោទកភាព ដែលKHQR Code របស់ធនាគារអេស៊ីលីដាអាចធ្វើ ការទូទាត់បាន យ៉ាងទូលំទូលាយនៅបណ្តាប្រទេសនានា។ ថ្មីៗនេះលោកជំទាវ ជា សិរី ដែលជាឧបការី ទេសាភិបាលនិងជាអគ្គនាយក បច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាក្នុងអំឡុងពេលដែលលោកជំទាវបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសថៃ លោកជំទាវបានសរសើរចំពោះ KHQR Code របស់ធនាគាអេស៊ីលីដា ដែលអាចធ្វើការទូទាត់បានយ៉ាង ទូលំទូលាយនៅប្រទេសថៃ។

លោកជំទាវ ជា សិរីបានសរសេរសរសើរនៅលើបណ្តាយសង្គមហ្វេសប៊ុកផ្លូវការរបស់លោកជំទាវថា៖ «ទីបំផុតបានសាក ចាយលុយដោយប្រើ QR កូដ នៅប្រទេសថៃ ដោយប្រើ app ធនាគារ ACLEDA ។ បច្ចុប្បន្ន មានតែអ្នកប្រើ app ACLEDA ទេដែលអាចចាយបានជាមួយអ្នកលក់ដែលប្រើធនាគារ SCB ថៃ»។

លោកជំទាវបានសរសេរបន្តទៀតថា៖«ឆ្នាំក្រោយ នាពេលគ្រឹះស្ថានធនាគារ ទាំង២ប្រទេស ធ្វើបច្ចុប្បន្ន កម្មប្រព័ន្ធពត៌មាន វិទ្យារួច រាល់អ្នកប្រើប្រាស់ app ធនាគារនៅស្រុកខ្មែរនឹងអាចចាយ តាមគ្រប់អ្នកលក់ដែលប្រើធនាគារក្នុងស្រុកថៃ។ អគុណចំពោះការគាំទ្ររបស់ធនាគារកណ្តាលថៃ»។

ធនាគារ អេស៊ីលីដា ភីអិលស៊ី«ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» គឺជាធនាគារពាណិជ្ជ ទីមួយក្នុង ប្រទេសកម្ពុជា បានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមKHQR Codeក្រោមកិច្ច ផ្តួចផ្តើម និងដឹកនាំរបស់ធនាគារ ជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។

យោងតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ នៃធនាគារ អេស៊ីលីដាបានមានប្រសាសន៍ថា« តាមរយះការស្កែត KHQR Code នេះ ជាមួយនិងអេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់មិនត្រឹម តែធ្វើការទូរទាត់បាននូវទូទាំង ប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្កេន KHQR Code នេះ សម្រាប់ការទូទាត់នៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម។ ហើយក៏អាចស្កេនជាមួយ Visa QR Code ជាអន្តរជាតិផងដែរ។

លោកស្រី សុខ សោភា បានថ្លែងបញ្ជាក់ទៀតថា៖«ខ្ញុំក៏ចង់បញ្ជាក់ជូនដែរតាមរយះ អេស៊ីលីដាម៉ូបាល និង អេស៊ីលីដា QR នេះ គឺសព្វថ្ងៃនេះយើងអាចស្កេនបាននៅប្រទេសថៃគឺយើងអាចស្កែនទៅវិញ ទៅមក បាននិងចាយជាលុយរៀល និងមួយ ទៀតគឺយើងអាចស្កេនបានជាមួយ Visa QR  និង Master QR ជាលក្ខណះអន្តរជាតិតែម្តង។ អញ្ចឹងមានតែអេស៊ីលី ដាម៉ូបាលមួយគឺគ្រប់គ្រាន់ក្នុង ការធ្វើដំណើរ ជុំវិញសកលលោកដោយរីករាយ»។

11

សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Codeរបស់អេស៊ីលីដា ដែលជាស្តង់ដារ ឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថាន ផ្តល់ សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕

ITC សន្យាបន្តកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជាក្នុងវិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិក និងជំរុញការនាំចេញ

ហ្សឺណែវ ប្រទេសស្វីស៖ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Centre–ICT)សន្យាបន្តកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជាក្នុងវិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិក និងជំរុញការនាំចេញ

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ពេជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី Dorothy Tembo នាយកប្រតិបត្តិរង​នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Centre – ITC) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោក ពេជ ឬទ្ធីបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការ ITC ដល់កម្ពុជា ដែលកាលពីឆ្នាំ២០១៦ កន្លងមក អង្គការ ITC បានចូលរួមអនុវត្តគម្រោងសម្រាប់លើកកម្ពស់ និងអភិវឌ្ឍន៍ផលិតកម្មសូត្រនៅកម្ពុជា ដែលតាមរយៈគម្រោងនេះ អង្គការ ITC បានធ្វើការជាមួយសហគមន៍ផលិតសូត្រ និងក្រុមហ៊ុនលក់​ផលិត​ផលសូត្រមួយចំនួនចូលរួមក្នុងពិព័រណ៍អន្តរជាតិនានា ព្រមទាំងគាំទ្រដល់ការផ្គូផ្គងធុរកិច្ចផងដែរ។

លោកបានថ្លែងបន្តទៀតថា យោងតាមជំនាញរបស់អង្គការ ITC ទាក់ទងនឹងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងជំរុញការនាំចេញ អង្គការ ITC អាចបន្តគាំទ្រដល់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក វិស័យសេវា និងបណ្ដុះបណ្ដាលពីចំណេះដឹងទីផ្សារ និងតម្រូវការបច្ចេកទេស នៃ​ប្រទេសគោលដៅ ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

លោកស្រីនាយកប្រតិបត្តិរង នៃអង្គការ ITC បានទទួលយកសំណើររបស់គណៈប្រតិភូកម្ពុជា ហើយបាន​សន្យាថានឹងធ្វើការស្អិតរមួតជាមួយកម្ពុជាបន្តទៀត ដើម្បីសិក្សា និងរៀបចំគម្រោងនានា តាមការស្នើសុំ​របស់គណៈប្រតិភូកម្ពុជា៕

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីពីនរំពឹងថានឹងមានកំណើនច្រើនជាងមុន

ភ្នំពេញៈ កម្ពុជា-ហ្វីលីពិនបានចុះ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នាដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម និងបង្កើនទំហំនៃការវិនិយោគ​បន្ថែមទៀត។

កាល​ពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២១ លោក​ គិត ម៉េង ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា និង​ លោក ​ Amb. Benedicto V. Yujuicoប្រធាន​សភា​ពាណិជ្ជកម្ម និងឧស្សាហ​កម្ម​ហ្វីលីពីនបានចុះ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា (MoU) តាម​ប្រព័ន្ធ​អនឡាញសំដៅបង្កើនទំនាក់​ទំនង​ពាណិជ្ជកម្ម និង​កិច្ច​សហ​ប្រតិបត្តិការ​អាជីវកម្ម និង​វិនិយោគ​រវាង​ ​ប្រទេស​ទាំង ២។

ការ​ចុះ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាការ​ចម្រុះ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​កម្ពុជា-​ហ្វីលីពីនលើក​ទី៣ ក្រោម​អធិបតី​ភាពលោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក Honorable Teodoro L. Locsin Jr រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​ហ្វីលីពីន។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា៖« MoU នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចូល​រួម​ជំរុញ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច និងធុរកិច្ច​រវាង​កម្ពុជា និង សាធារណ​រដ្ឋ​ហ្វីលីពីន ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា បច្ចេក​វិទ្យា​ព័ត៌មាន និង​នវានុវត្តន៍ កសិកម្ម កម្មន្ត​សាលអាជីវ​កម្ម​សិទ្ធិ​ពិសេស ទេសចរណ៍ សេវា​កម្ម និង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូចនិង​មធ្យម»។

សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ ក៏​បាន​សន្យា​នឹង​ចែក​រំលែក​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ទៀង​ទាត់ ក៏​ដូច​ជា​រៀបចំ​បេសកកម្ម​ធុកិច្ច និង​វិនិយោគ សិក្ខា​សាលា សន្និសីទ ការ​តាំង​ពិព័រណ៍ និង​ជំនួប​ជាណិជ្ជកម្ម ជា​ដើម​។

បន្ថែម​ពី​លើ​នេះ ភាគី​ទាំង ២ ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​ក្រុម​ប្រឹក្សា​ធុរកិច្ច​ហ្វីលីពីន-កម្ពុជា ដែល​មាន​ទីស្នាក់​ការ​នៅ​សាធារណរដ្ឋ​ហ្វីលីពីន និង​ក្រុម​ប្រឹក្សា​ធុរ​កិច្ចកម្ពុជា- ហ្វីលីពីន ដែល​មាន​ទីស្នាក់​ការ​នៅកម្ពុជា ដើម្បី​ពិភាក្សា​រៀបចំ​ផែនការ​វិនិយោគ​នៅ​ពេល​អនាគត៕

សម្បូរបែប ងាយស្រួល និងរហ័សជាមួយផ្សារអនឡាញអ៊ីសប របស់ធនាគារ​អេស៊ីលីដា

ភ្នំពេញ៖ដើម្បីធ្វើឱ្យកាន់តែងាយស្រួលដល់អតិថិជនដែលនិយមចូលចិត្តការរស់នៅបែបស៊ីវីល័យ ការកម្មង់ទំនិញទំនើបៗ  ថ្មីៗនេះធនាគារអេស៊ីលីដាបានដាក់ឱ្យដំណើការ​ជាផ្លូវការនូវផ្សារអនឡាញនៅក្នុងកម្មវិធីអេបអេស៊ីលីដាម៉ូបាលរបស់ខ្លួន ដែល​អតិថិជន​អាចកម្មង់ទិញទំនិញ នៅហាងទំនិញទំនើបៗរាប់ពាន់កន្លែង ជាមួយនឹង​ការទទួលទំនិញទាន់ពេលវាលា ការបញ្ចុះតម្លៃនានា ភាពត្រឹមត្រូវតាមការបញ្ជាទិញ និង មានសុវត្ថិភាពទៀតផង។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថាដោយ​មើលឃើញពីការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការរស់នៅ​បែបស៊ីវីល័យនិងកាន់តែទាន់សម័យ ការនិយមកម្មង់ទំនិញតាមទីផ្សារ​អនឡាញ​កាន់តែពេញនិយម  ធនាគារអេស៊ីលីដាបានខិតខំស្វែងរកនូវដំណោះស្រាយ​នៃបចេ្ចកវិទ្យាថ្មីៗដាក់ឪ្យដំណើការផ្សារអនឡាញអ៊ីសបក្នុងកម្មវិធីអេប អេស៊ីលីដាម៉ូ បាល អនុញ្ញាត្តិឱ្យអតិថិជនអាចធ្វើការបញ្ជាទិញទំនិញទំនើបៗបាន រាប់ម៉ឺនមុខ។

លោកស្រី ភាបានមានប្រសាសន៍ថា៖«ជាមួយមុខទំនិញរាប់ម៉ឺនមុខរបស់អ៊ីសបយើង នឹងឆ្លើយតបទៅនិងតម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជនមិនចាំបាច់​ស្វែងរកហាងនានា។ មានតែផ្សារអនឡាញអ៊ីសបមួយរបស់អេស៊ីលីដាម៉ូបាលមួយ​គឺដូចជាមានផ្សារលក់ទំនិញទំនើបៗរាប់ម៉ឺនមុខនៅក្នុងដៃ»។

E-Shop

អតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈ App Store, Play Store, App gallery នោះអ្នកនឹងបានឃើញផ្សារអនឡាញដើម្បី​ប្រើប្រាស់​ទិញ​ទំនិញនានាតាមសេចក្តីត្រូវ ៕