ក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា រៀបចំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយចន្ទីកម្ពុជា” នៅដើមខែតុលា

ភ្នំពេញ៖ ទីស្តីការក្រសួងពាណិជ្ជកម្ម៖ នៅព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចម្រុះរៀបចំ​គោលនយោបាយ​ស្វាយចន្ទីកម្ពុជា បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតកំណើតដំបូង “សហព័ន្ធស្វាយ​ចន្ទីកម្ពុជា” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ និងមានការចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រសួង លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោក-លោកស្រីតំណាងនាយកដ្ឋានគោល​នយោបាយ​ពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យ​ឯកជនពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងចំណាប់អារម្មណ៍ថា សមាគមសហព័ន្ធស្វាយចន្ទី គឺជាផ្នែ​កមួយ​តំណាង​សំឡេងវិស័យឯកជនដ៏សំខាន់ក្នុងវិស័យស្វាយចន្ទី ដូចមានចែងក្នុងសេចក្តីព្រាងគោល​នយោបាយ​ជាតិស្តីពីស្វាយចន្ទី និងជាកម្លាំងចលករសំខាន់ក្នុងការអនុវត្តគោលនយោបាយឱ្យ​កាន់តែ​មានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនិងពិភពលោក។

ដូចនេះ ទើបក្រសួងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកិច្ចប្រជុំ ដើមី្បពិនិត្យសេចក្ដីព្រាង​លក្ខន្តិកៈ​សហព័ន្ធ នីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិងដំណើរការត្រៀមរៀបចំសន្និបាត​ដែល​គ្រោង​ធ្វើឡើងនៅខែតុលាខាងមុខ និង ប្រឹក្សាសម្របសម្រួលអំពីនីតិវិធីចុះបញ្ជីសហព័ន្ធនៅក្រសួងមហាផ្ទៃ។

បន្ទាប់មកកិច្ចប្រជុំបានទទួលស្តាប់នូវបទបង្ហាញដែលធ្វើឡើងដោយតំណាងវិទ្យាស្ថានCIRD និងនាយក​ដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អំពីសារបាន ការរៀបចំសេចក្តីព្រាងលក្ខន្តិកៈសហព័ន្ធ នីតិវិធីនៃការរៀប​ចំ​បោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ និងដំណើរការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ល។

បន្ទាប់មកកិច្ចប្រជុំ បានបើកកិច្ចពិភាក្សាយ៉ាងផុលផុស លើចំណុចសំខាន់ៗតាមរបៀបវារៈ និងបានពិនិត្យ​លម្អិត​លើសេចក្តីព្រាងលក្ខន្តិកៈដែលបានរៀបចំដោយតំណាងដៃគូអភិវឌ្ឍន៍។

មុននឹងបញ្ចប់ កិច្ចប្រជុំ​បានស្នើឱ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធបន្តសហការជាមួយនឹងក្រសួងពាណិជ្ជកម្ម និងសង្ឃឹមយ៉ាងមុតមាំថាក្រោយបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជានឹងដើរតួនាទីប្រកបដោយបុរេសកម្ម និងច្នៃប្រឌិត រួមចំណែកលើកកម្ពស់ធនធានមនុស្សនិងបច្ចេកទេស និងបន្តទាក់ទាញដៃគូជាតិនិងអន្តរជាតិ ដើមី្បអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា បំពេញតម្រូវការទីផ្សារបញ្ជាទិញក្រៅប្រទេសបន្ថែមទៀត៕

 

ធនាគារ អេស៊ីលីដា​ ទទួលបានពានរង្វាន់ «ដៃគូធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក» ពី​ IFC

ភ្នំពេញ៖ ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានផ្តល់ពានរង្វាន់ «ដៃគូធនាគារល្អ​បំផុត​សម្រាប់​សហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក» ដែល​ឆ្លុះបញ្ជាំងអំពីការចូលរួមយ៉ាងសកម្មរបស់ធនាគារក្នុងការលើកកម្ពស់ការរីកចំរើនសម្រាប់វិស័ SME ក្នុងរយពេលជាច្រើនឆ្នាំកន្លងមកនេះ។

ជាមួយនិងពាន់រង្វាន់នេះ បង្ហាអំពី​ធនាគារអេស៊ីលីដាបាន និងកំពុងធ្វើការយ៉ាងជិតស្និត​ជាមួយនឹង​សហគ្រាសធុនតូច និងមធ្យម និងបម្រើនូវ​ផលិតផល-សេវាកម្មហិរញ្ញវត្ថុចម្រុះបែបយ៉ាងសម្បូរបែប ជាពិសេសសេវាកម្មធនាគារអេឡិចត្រូនិក និងឌីជីថល ប្រកប​ដោយភាពងាយស្រួល និងសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។

លើសពីនេះធនាគារ អេស៊ីលីដា បានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមប្រកបដោយនិរន្តរភាព។​

បណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា ការអភិវឌ្ឍសហគ្រាសខ្នាតតូច និងខ្នាតមធ្យម វិស័យធនាគារនៅកម្ពុជាជាពិសេសធនាគារ អេស៊ីលីដា ភីអិលស៊ីដែលបានចូលរួមចំណែកក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកប​ដោ​យនិរន្តរភាព។

លោកបណ្ឌិតបានបន្តថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើន ដោយផ្តើមចេញពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុករហូតក្លាយជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារកម្ពុជាដំបូងគេ ដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅ​កាន់ប្រទេសជិតខាងក្នុងតំបន់រួមមានប្រទេសឡាវនៅឆ្នាំ២០០៨ និងមីយ៉ាន់ម៉ានៅឆ្នាំ២០១៣។ នៅខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានក្លាយជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជា ដែលបានបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា​ (ផ.ម.ក)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ាព្រមទាំងមានការិយាល័យតំណាង​នៅសាធារណរដ្ឋ​សហភាពមីយ៉ានម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៤ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,០១ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៥៩លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ។គិតត្រឹមដំណាច់សីហា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល​លើស ២,៥លាននាក់និងមានដៃគូអាជីវកម្មចំនួន ១៧៥ពាន់៕

NBC៖ សហគ្រាសធុនតូចនិងមធ្យមជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា(NBC)បានថ្លែងថា ហគ្រាសធុនតូច​និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត​ឱកាសការងារ បង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយភាព​ក្រីក្រ និងជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

ការថ្លែងរបស់លោក ជា ចាន់តូ អំឡុងពេលដែលលោកបានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក​វេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូចនិងមធ្យមសកលប្រចាំឆ្នាំ២០២២ (Global SME Finance Forum 2022) ដែលធ្វើឡើងក្រោមប្រធានបទ «ការចាប់យកឌីជីថលូបនីយកម្ម​សម្រាប់ការផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់សហគ្រាស​ធុនតូចនិង​មធ្យម»កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ។

វេទិកាលំដាប់អន្តរជាតិនេះបានធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីភ្ញៀវអន្តរជាតិជាង ៣០០ នាក់មកពី ៦៥ ប្រទេស ដែលតំណាងឱ្យម្ចាស់ក្រុមហ៊ុន-សហគ្រាស តំណាងធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុ។ លោក ទេសាភិបាល បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការលើកយកប្រធានបទនេះមកពិភាក្សា ដោយលោកបានបញ្ជាក់ថាសហគ្រាសធុនតូចនិងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត​ឱកាសការងារ បង្កើនប្រាក់ចំណូលដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែកន្លងមក ទន្ទឹមនឹងសារៈសំខាន់នេះ សហគ្រាសធុនតូចនិងមធ្យម​តែងជួបបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាប្រឈមចម្បងជាងគេគឺការទទួលបានសេវាហិរញ្ញ​វត្ថុផ្លូវការ។

លោកបានថទេសាភិបាល បានយកឱកាសនេះលើកឡើងពីនិន្នាការសកលទាក់ទងនឹងការវិវត្តនូវបច្ចេក​វិទ្យាហិរញ្ញវត្ថុដែលកំពុងក្លាយជាដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការពង្រីកវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម។

លោកបានថ្លែងយ៉ាងដូច្នេះថា៖« ជាក់ស្តែង ការអភិវឌ្ឍយ៉ាងជោគជ័យនៃប្រព័ន្ធទូទាត់បាគង​របស់​ធនាគារជាតិនៃកម្ពុជា បានសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទូទៅ និងអាជីវកម្ម​ខ្នាតតូច​នៅកម្ពុជា តាមរយៈការផ្តល់សេវាទូទាត់ងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ និងចំណាយទាប ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យម​ជាច្រើននៅ​កម្ពុជា បន្តសកម្មភាពអាជីវកម្មជាប្រក្រតី ទោះបីអំឡុងពេលមានការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។

លោក ទេសាភិបាល បានលើកឡើងជាក្តីរំពឹងថាវេទិកាដែលប្រមូលផ្តុំដោយវាគ្មិនជំនាញជាច្រើននេះ នឹងទទួលបានលទ្ធផលជាដំណោះស្រាយកាន់តែប្រសើរក្នុងការជំរុញការអភិវឌ្ឍ និងការផ្ដល់​ហិរញ្ញប្បទានប្រកបដោយចីរភាព និងបរិយាបន្នដល់សហគ្រាសធុនតូចនិងមធ្យម»។

គួររំលេចថា វេទិកាហិរញ្ញវត្ថុសហគ្រាសធុនតូចនិងមធ្យមសកលប្រចាំឆ្នាំ២០២២ (Global SME Finance Forum 2022) គឺជាកិច្ចសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) និងជាវេទិកាជួបជុំផ្ទាល់ជាលើកដំបូងគិតចាប់ពីឆ្នាំ២០២០ មក។ វេទិកា Global SME Finance Forum តែងធ្វើឡើងជារៀងរាល់ឆ្នាំដោយប្តូរទីតាំងទៅប្រទេសមាន​សក្តានុពល​នានា តែត្រូវបានខកខានការរៀបចំប្រជុំដោយផ្ទាល់រយៈពេលពីរឆ្នាំគឺឆ្នាំ២០២០ និង​២០២១ ដោយមានតែការរៀបចំតាមអនឡាញប៉ុណ្ណោះ៕

 

ADB រក្សា​ការ​ព្យាករកំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២២និង ​បន្ទាបការ​ព្យាករ​សម្រាប់​ឆ្នាំ​២០២៣

 ភ្នំពេញធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា​នៅ​កម្រិត៥,៣%ក្នុងឆ្នាំ២០២២ប៉ុន្តែ​បានបន្ទាបការព្យាករឆ្នាំ២០២៣មកនៅត្រឹម៦,២%ពី៦,៥%ដោយសារ​ការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក។

យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ (ADO​ 2022 Update)ចេញផ្សាយ​នៅថ្ងៃនេះការនាំចេញផលិតផលសម្លៀកបំពាក់ទំនិញធ្វើដំណើរនិងស្បែកជើងរបស់កម្ពុជានៅតែរឹងមាំជាមួយកំណើន​៣៩,៨%ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបើទោះបីជា​មានការ​ថយចុះនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងអឺរ៉ុបក៏ដោយ។វិស័យកម្ម​ន្តសាលមិនមែន​កាត់ដេរ​បាន​បន្ត​សន្ទុះ​កំណើន​ដ៏រឹងមាំ។វិស័យសំណង់​បាន​ងើប​ឡើង​វិញ​ជា​បណ្តើរៗជាមួយ​ការ​នាំ​ចូល​សម្ភារ​សំណង់​កើន​ឡើង២២,៨%។ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងកើនឡើង៩,១%នៅឆ្នាំនេះមុនពេលថយមកត្រឹម ៨,៦%​នៅឆ្នាំ២០២៣ដោយសារការចុះខ្សោយនៃតម្រូវការក្រៅស្រុក។

នាយិកាADB ប្រចាំកម្ពុជា លោកស្រីJyotsana Varma បានមានប្រសាសន៍ថា«ការកើនឡើងនៃការនាំចេញ​ផលិតផលកម្មន្តសាលរបស់កម្ពុជានិងការងើបឡើងវិញបន្តិចម្តងៗក្នុងវិស័យសំណង់និងសេវាកម្មបានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្មដែលបណ្តាលមកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ​ និងជីនិង ភ្លៀងធ្លាក់ខ្លាំងក៏ដោយ។​អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលដូចជា​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ​ បាននិងកំពុងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយ​ផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញលើ​ពិភព​លោក​សម្រាប់ពលរដ្ឋ​ក្រីក្រ។»

របាយការណ៍ខាងលើបានដំឡើងការព្យាករអតិផរណាឆ្នាំ២០២២របស់កម្ពុជាទៅ៥,០% ពីការព្យាករ ៤,៧% ក្នុងខែមេសាដោយសារឥទ្ធិពលរាលដាលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ការព្យាករអតិផរណាសម្រាប់ឆ្នាំ២០២៣ត្រូវបានរក្សាទុកនៅ២,២% ។

ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមានការលចឡើងនៃមេរោគកូវីដ១៩ប្រភេទថ្មីនិងជំងឺអុតស្វាកំណើនឆាប់រហ័សនៃកម្ចីមិនដំណើរការកំណើនសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មសំខាន់ៗមានភាពកាន់តែទន់ខ្សោយការរំខាននានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលនិងការកើនឡើងនៃថ្លៃថាមពលនិងទំនិញនានាដែលអាចអាក្រក់ជាងការរំពឹងទុក៕

 

ធនាគារអេស៊ីលីដាត្រូវបានស្ថាប័នអន្តរជាតិរបស់ IFC ចាត់ទុកជាគ្រឹះស្ថានហិរញ្ញវត្ថុគំរូនៅកម្ពុជា

ភ្នំពេញៈ វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​គ្រប់គ្រង​ដោយ​ហិរញ្ញវត្ថុ​សហប្រតិបត្តិការ​អន្តរជាតិ (IFC) បានជ្រើសរើស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច និង​មធ្យម​សកល​លើក​ទី​៩ នៅ​រាជធានី​ភ្នំពេញ ដោយបាន​នាំយក​ប្រទេស​ចំនួន ៦០​ជាមួយ​អ្នកចូលរួម​ជាង ៤០០ នាក់​ដើម្បី​មក​សិក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍ លើ​ការអភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។​

​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ព្រឹត្តិការណ៍​វេទិកា​ហិរញ្ញវត្ថុ​SME សកល​លើក​ទី ៩​ឆ្នាំ ២០២២​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ថ្ងៃទី ១៩-២១ ខែកញ្ញា  ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​ឌីជីថល​នីយកម្ម​អាច​ជំរុញ និង​ព​ន្លឿ​ន​ហិរញ្ញវត្ថុ​បៃតង បង្កើន​ប្រសិទ្ធភាព​ខ្សែសង្វាក់​ផ្គត់ផ្គង់ កែលម្អ​សុវត្ថិភាព​ទិន្នន័យ ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ជាមួយនិង​ការនាំ​ទៅរក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​កាន់តែច្រើន​ផងដែរ​។​

​ក្នុង​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ Global SME Finance ទៅកាន់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​នៅ​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០២២ លោក​Matthew Gamser អគ្គនាយក​វេទិកា​ហិរញ្ញវត្ថុ SME បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា​បេសកកម្ម​ស្ថាប័ន​របស់លោក​ដែល​នាំយក​អ្នកចូលរួម​ជាង ៤០០​នាក់​មកពី ៦០ ប្រទេស​មក​កម្ពុជា​ដើម្បី​សិក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍ និង​កសាង​បណ្តាញ​SMEs​។​

​លោក​ថ្លែងថា​៖ «​ជា​រៀងរាល់ឆ្នាំ យើង​មាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដែល​យើង​ព្យាយាម​នាំ​មនុស្ស​មកជួបជុំ​គ្នា​នៅ​ទីក្រុង​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​។ នៅ​ឆ្នាំនេះ ពួកយើង​ជ្រើសរើស​មក​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​វា​ជា​កន្លែង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​យើង​មាន​ស្ថាប័ន​ដូចជា ធនាគារ​អេស៊ីលីដា ពិតជា​កត្តា​ជំរុញ​នៃ​របៀប​ដែល​អ្នក​អាច​បម្រើ​អាជីវកម្ម​ខ្នាតតូច មីក្រូ​សហគ្រាស និង​អ្នកប្រើប្រាស់​តាម​វិធី​ផ្សេងៗ ដែល​នឹងមាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​»​។​

​លោក​Matthew លើកឡើងថា​៖ «​ដូច្នេះ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បានមក​ទីនេះ ដោយសារ​បេសកកម្មរ​បស់​យើង គឺ​លើកកម្ពស់​ការសិក្សា និង ដើម្បី​ស្វែងរក​ភាពជា​ដៃគូ​ថ្មី​។ យើង​អាច​កសាងបាន ហើយ​ថែមទាំង​មានការ​សន្ទនា​ដ៏​ល្អ​ពី​មនុស្ស​ជាច្រើន​ពី​វិស័យ​សាធារណៈ​នៅទីនេះ​។ យើង​នឹងមាន​កិច្ចពិភាក្សា​ល្អ​អំពី​របៀប​បង្កើត​បរិយាកាស​ល្អ​ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម និង​គាំទ្រ​ប្រកបដោយ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​»​។​

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ធនាគារ របស់លោក​បាន​ឆ្លងកាត់​ដំណាក់កាល​អភិវឌ្ឍន៍​ជាច្រើន ដោយ​ផ្តើមចេញពី​អង្គការ ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក រហូត​ក្លាយជា​ធនាគារពាណិជ្ជ​ធំជាងគេ​មួយ​នៅ​កម្ពុជា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជា​ធនាគារ​កម្ពុជា​ដំបូង​គេ ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ទៅកាន់​ប្រទេសជិតខាង​ក្នុង​តំបន់ រួមមាន​ប្រទេស​ឡាវ នៅ​ឆ្នាំ ២០០៨ និង​មី​យ៉ាន់​ម៉ា នៅ​ឆ្នាំ ២០១៣​។ នៅ​ខែឧសភា ឆ្នាំ​២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​របស់ខ្លួន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​)​។​

​លោក​បណ្ឌិត បញ្ជាក់ថា​៖ «​យើង​មាន​សេចក្តីសោមនស្ស ក្នុងការ​ចែករំលែក ព្រមទាំង​ការសិក្សា​ស្វែងយល់​រវាង​គ្នា​នឹង​គ្នា​ជាមួយនឹង​គណៈប្រតិភូ ដែលជា​ថ្នាក់ដឹកនាំ​អង្គភាព​ធុរកិច្ច​ជុំវិញ​សកលលោក ហើយ​យើង​សង្ឃឹមថា ការចែករំលែក​នូវ​ជំនាញ និង​បទពិសោធន៍ ប្រកបដោយ​ភាពជោគជ័យ​នេះ គឺជា​គុណប្រយោជន៍​ល្អ​បំផុត សម្រាប់​អង្គភាព​អាជីវកម្ម​ទៅវិញទៅមក ក៏ដូចជា​សហគ្រាស​ខ្នាតតូច និង​ខ្នាត​មធ្យម នៅ​ទូទាំង​សកលលោក​»​។​

​យោងតាម​លោក ចាន់នី ជាមួយនឹង​កម្ចី​សរុប​ចំនួន ៦ ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ធនា​គា​រលោក ក្នុងនោះ ៨០ ភាគរយ​បានផ្តល់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​បាន​កើនឡើង​ប្រហែល​២០ ភាគរយ​ជា​រៀងរាល់ឆ្នាំ​។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២២​ធនាគារ អេស៊ីលីដា មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៨,៣៤​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៦,០១​ពាន់​លាន​ដុល្លារ​អាមេរិក​និង​មាន​អតិថិជន​ប្រមាណ​ជាង ៣,៥៩​លាន​នាក់​។​គិត​ត្រឹម​ដំណាច់​សីហា ឆ្នាំ​២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​អ្នកប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល​លើស ២,៥​លាន​នាក់ និង​មាន​ដៃគូ​អាជីវកម្ម​ចំនួន ១៧៥​ពាន់​៕

 

 

 

 

ផ្ញើរប្រាក់ទៅឱ្យមនុស្សជាទីស្រលាញ់នៅស្រុកកំណើតនាឱកាសបុណ្យ ភ្ជុំបិណ្ឌជាមួយអេស៊ីលីដាម៉ូបាល

ភ្នំពេញៈ រដូវបុណ្យទានបានមកដល់ផ្ទេរប្រាក់ជូនក្រុមគ្រួសារនៅឯស្រុក តាម​អេស៊ីលីដាម៉ូបាល ពិតជាលឿន និងមិនអស់ថ្លៃសេវា។ បុណ្យភ្ជុំបិណ្ឌនឹងខិតជិតចូលមកដល់នៅថ្ងៃទី២៤ ទី២៥ និងទី២៦ ខែកញ្ញាខាង​មុខនេះ​ហើយ បងប្អូន ដែលមិនបានធ្វើដំណើរទៅលេងស្រុក ក៏អាចផ្ញើប្រាក់ជូនក្រុមគ្រួសារទៅស្រុកអេស៊ីលីដាម៉ូបាល​បានដែរ ហើយក៏មិនអស់ថ្លៃសេវា សូម្បីតែមួយរៀលផងដែរ។

សូមជម្រាបជូនថា មិនថាអ្នកនៅទីណា កន្លែងណា? ទាំងអ្នកផ្ញើ និងអ្នកទទួលពិតជាមានភាពងាយស្រួល លឿន ឆាប់រហ័ស មិនអស់ថ្លៃសេវា មិនខ្លាចឆ្លងកូវីដ១៩ទៀតផង។  អ្នកផ្ញើនិងអ្នកទទួល មិនបានជួបគ្នាដោយផ្ទាល់ នេះពិតជាអាចកាត់បន្ថយការជួបជុំដែលនាំអោយមានហានិភ័យឆ្លងកូវីដ១៩។

លើសពីនេះទៀតនោះ ទូរអេធីអឹមរបស់ធនាគារអេស៊ីលីដា ដែលមានចំនួនជិត ១១០២គ្រឿង នៅទូទាំង​ប្រទេស និងនៅជិតតំបន់រស់នៅរបស់លោកអ្នក គឺបងប្អូន អាចដកប្រាក់ដាក់ប្រាក់សន្សំបានចាប់ពី ១ ម៉ឺនរៀល និង២ ម៉ឺនរៀលឡើងទៅ ដោយក្រដាសប្រាក់ទាំងអស់សុទ្ធតែជាក្រដាសប្រាក់ថ្មី និងត្រូវបានបាញ់សម្អាតដោយ​ថ្នាំកំចាត់មេរោគរួចជាសម្រេច កាត់បន្ថយការឆ្លងជំងឺជាពិសេសជំងឺកូវីដ១៩ មុនពេលដាក់បញ្ចូល​ក្នុងទូរអេធីអឹម។

គួរបញ្ជាក់ថា ផ្ទេរប្រាក់មិនអស់ថ្លៃសេវា ផ្ទេរប្រាក់ភ្ជុំបិណ្ឌជូនក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ជាមួយ​អ៊ែបអេស៊ីលីដាម៉ូបាល ប្រៀបបាននឹងមានធនាគារមួយនៅក្នុងដៃ ហើយវានៅជាមួយលោកអ្នកគ្រប់ពេល​គ្រប់វេលា គ្រប់ទីកន្លែង។ ដូច្នេះនៅចាំអីទៀត!

សម្រាប់លោកអ្នក ដែលមិនទាន់មានអ៊ែបអេស៊ីលីដាម៉ូបាល អាចតំឡើងបាននៅលើទូស័ព្ទដៃ ដោយគ្រាន់តែធ្វើ​ការ​ទាញយកកម្មវិធីអេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តី ត្រូវការ ដោយមិនអស់​ថ្លៃសេវា ជាមួយប្រតិបត្តិការយ៉ាងសម្បួរបែប មុខងារច្រើន មានភាពងាយស្រួល ទាន់សម័យ និងការទូទាត់​ផ្សេងៗ រឹតតែឆាប់រហ័ស និងមិនមានភាពស្មុគស្មាញ។ ជាមួយអេស៊ីលីដាម៉ូបាល អ្វីៗនៅក្នុងដៃអ្នក និងលើសពីអ្វីដែលអ្នកបានដឹង ! ៕

ពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» ត្រូវបានប្រកាសបើកជាផ្លូវការ  

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» ត្រូវបានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ និង ឯកឧត្តម ហាន ចឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវិដេអូ។

ថ្លែងក្នុងសុន្ទរកថាបើក សម្តេចតេជោ បានគូសរំលេចថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងចិន សម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនចាប់ តាំងពីការចុះហត្ថលេខាលើក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិន ក្នុងឆ្នាំ២០០២ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនានា។

សម្តេច បានលើកឡើងទៀតថា អាស៊ាន និងចិន ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និង ចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគនានា។ បន្ថែមពីលើនោះ ត្រូវជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)។

ជាមួយគ្នានេះ សម្តេច បានបង្ហាញការជឿជាក់ថា ការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ក្នុងឆ្នាំ២០២២នេះ នឹងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើន សម្រាប់ប្រទេសក្នុងតំបន់ និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់ការលូតលាស់ សេដ្ឋកិច្ច ជាពិសេស នឹងក្លាយជា «ក្របខណ្ឌស្នូល» សម្រាប់ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ៣.០ នាពេលខាងមុខផងដែរ។

ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា នឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយប្រទេសចិន ឱ្យកាន់តែប្រសើរឡើង ដើម្បីធានា នូវចីរភាព បរិយាប័ន្ន និងភាពធន់ នៃកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងតំបន់ទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញពីការវិវឌ្ឍន៍ស្ថានភាពសង្គម និងសេដ្ឋកិច្ចនៅក្រោយវិបត្តិជំងឺកូវីដ១៩ ផងដែរ និងបានគូសរំលេចថា កម្ពុជា ជាមួយការសម្រេចបាននូវ «ភាពស៊ាំសហគមន៍រឹងមាំ» រាជរដ្ឋាភិបាលបានបើកប្រទេស និងដំណើរការឡើងវិញនូវរាល់សកម្មភាពផលិតកម្ម ធុរកិច្ច និងពាណិជ្ជកម្មទាំងអស់ក្នុងស្រុក ចាប់តាំងពីចុងឆ្នាំ២០២១ មក។ បន្ថែមពីនេះ ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ជារចនាសម្ព័ន្ធ និងដាក់ចេញឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ ឱ្យអនុវត្តនូវ «ច្បាប់វិនិយោគថ្មី» «ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថល កម្ពុជា ២០២១-២០៣៥» និង «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ។ល។ សំដៅជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា អាស៊ាន-ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយនៅក្នុងតំបន់។ ក្នុងឆ្នាំ២០២១កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងចិន មានរហូតដល់ទៅជិត ៩ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ចិននាំទៅអាស៊ានមានជិត ៥ពាន់លានដុល្លារអាមេរិក និងនាំចូលពីអាស៊ាន ជិត ៤ពាន់លានដុល្លារអាមេរិក។ ដោយឡែកការវិនិយោគរបស់ចិន នៅអាស៊ាន មានជាង ១៤ពាន់លានដុល្លារ ហើយការវិនិយោគរបស់អាស៊ាន នៅក្នុងប្រទេសចិនវិញ មានជាង ១០ពាន់លានដុល្លារ៕

 

កម្ពុជានឹងទទួលរងអតិផរណាក្រោម៥ភាគរយក្នុងឆមាសទី២

ភ្នំពេញ៖ លោកទេសាភិបាល ធនាគារជាតិនៃកម្ពុជា​កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ​ក្រុម​បេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Alasdair Scott ប្រធាន​បេស​កកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Alasdair Scott បានមានប្រសាសន៍ថា បេសកកម្មមាត្រាទី IV ជាបេសកកម្មតាមដាននិងវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ IMF ដើម្បីផ្ដល់ជូនអនុសាសន៍គោលនយោបាយដល់ប្រទេសជាសមាជិក ក្នុងគោលដៅរួមចំណែកជំរុញកំណើន​សេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

លោកបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារការរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព​ដែលជាកត្តាដ៏ចម្បងគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា។ នាឱកាសនោះ ឯកឧត្ដម ទេសាភិបាលបាន​ស្វាគមន៍និងថ្លែងអំណរគុណដល់ក្រុមបេសកកម្មមាត្រាទី IV របស់ IMF និងបានជម្រាបជូនពីវឌ្ឍន​ភាព​សេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ២០២២។ ឯកឧត្ដម ទេសាភិបាល បានជម្រាបជូនថា សេដ្ឋកិច្ចកម្ពុជារំពឹងថា​មាន​កំណើន​ក្នុងរង្វង់ ៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជានៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២២ បានកើនឡើងក៏ដោយ។ អតិផរណានៅឆមាសទី២ នេះត្រូវបានរំពឹងថាថយចុះទាបជាង ៥%។

ទុនបម្រុងអន្តរជាតិកម្ពុជាបន្តរក្សាបានក្នុងកម្រិតគ្រប់គ្រាន់ស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញ និងសេវា ដែលខ្ពង់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមានគឺ ៣ខែ។ ចំពោះតម្លៃប្រាក់រៀល អត្រាប្ដូរប្រាក់​រៀល​ធៀប​នឹងដុល្លារអាមេរិកមានស្ថិរភាពល្អប្រសើរ ដោយមានកម្រិតមធ្យមប្រហាក់ប្រហែលនឹងគ្រា​ដូចគ្នាក្នុង​រយៈពេល ៨ខែ ដំបូងឆ្នាំ២០២១ ក្រោមបរិការណ៍ដែលសកម្មភាពសេដ្ឋកិច្ចងើបឡើងជាលំដាប់។

ស្ថិរភាពអត្រាប្ដូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអំណាចទិញរបស់ចំណូលប្រជាជន ក៏ដូចជា​កាត់​បន្ថយ​ផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា។ ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្ត​មានសុខភាពល្អ និងមានភាពធន់នឹងវិបត្តិ ព្រមទាំងបានចូលរួមកាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលងើបឡើងវិញ។

ប្រព័ន្ធធនាគារបានបន្តផ្តល់ឥណទានដល់វិស័យឯកជន ជាមួយនឹងកំណើន ២៣% ហើយក៏បានកៀគរប្រាក់​បញ្ញើ ដោយមានកំណើន ១៦% ផងដែរ។ ឥណទានរបស់ប្រព័ន្ធធនាគារបានគាំទ្រការ​វិនិយោគនៅ​គ្រប់វិស័យ​សេដ្ឋកិច្ច ហើយធនាគារជាតិនៃកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងប្រុងប្រយ័ត្ន លើហានិភ័យនានាជាប្រចាំ។

ក្រោមការអនុវត្តកម្មវិធីរៀបចំឥណទានឡើងវិញ ប្រព័ន្ធធនាគារបានរៀបចំឥណទានដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តបុគ្គល ដែលរងផលប៉ះពាល់ពីវិបត្តិ ដែលជួយរក្សានិរន្តរភាពនៃអាជីវកម្ម ក៏ដូចជាជីវភាពរស់នៅ​របស់​ប្រជាជន។ ទន្ទឹមនេះ ប្រព័ន្ធទូទាត់ក៏ត្រូវបានធ្វើទំនើបកម្ម ផ្អែកលើបច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្ធបាគងដែល​ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ដើម្បីបង្កើនប្រសិទ្ធភាពការទូទាត់អេឡិចត្រូនិកនៅកម្ពុជានិងការតភ្ជាប់​ជាមួយ​បណ្តាប្រទេសនៅក្នុងតំបន់។

លោកទេសាភិបាលបានថ្លែងអំណរគុណចំពោះ IMF ដែលបានជួយផ្តល់ជាអនុសាសន៍គោលនយោបាយ​និងជំនួយបច្ចេកទេស ដែលកត្តាទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស៕

កម្ពុជានឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក២០២២ នៅថ្ងៃទី៣ តុលាខាងមុខ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ នៅថ្ងៃទី៣ ខែតុលា​ខាងមុខនេះ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ – Rethinking Tourism» ដែលរំលេច​អំពីបម្រែបម្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ-១៩។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ក្រសួងទេសចរណ៍ជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថាប័ន​ឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបណ្តុះបណ្តាល​វិជ្ជាជីវៈ ទេសចរណ៍ និងដៃគូពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ឲ្យបានជ្រាបថា អង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក (World Tourism Day) លើកទី៤២ ជាផ្លូវការនៅ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ហើយប្រទេសជាសមាជិក UNWTO នឹងប្រារព្ធទិវានេះ​តាមពេលវេលា និងកម្មវិធីសមស្របក្នុងប្រទេសរៀងៗខ្លួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាតិ និងអន្តរ​ជាតិផងដែរ។

ន័យដូចខាងលើ ក្រសួងទេសចរណ៍នឹងរៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ – Rethinking Tourism» ដែលរំលេចអំពីបម្រែបម្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ-១៩។

ដើម្បីអបអរសាទរប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រសួង​ទេសចរណ៍​បានរចនាផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អមជាមួយរូបភាពតំបន់គោលដៅទាក់ទាញ​ទេសចរណ៍កម្ពុជា។

ក្នុងន័យនេះ ក្រសួងទេសចរណ៍បានអញ្ជើញមន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថាប័នឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៏ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបណ្តុះបណ្តាលវិជ្ជាជិវៈទេសចរណ៍ និងដៃគូពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ចូលរួមប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ឱ្យបានច្រើនកុះករ និងទាក់ទងក្រសួងយកផ្ទាំងរូបភាព (Poster) ផ្សព្វផ្សាយឲ្យបានផុសផុល៕

 

កម្ពុជាទទួលបានភ្ញៀវទេសចរជាង២០ម៉ឺននាក់សប្ដាហ៍ទី២ខែកញ្ញា

ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២២ គឺមានចំនួន២០៣,៩២១នាក់ ក្នុងនោះភ្ញៀវជាតិ១៨៥,៤០៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,៥១៥នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ២៧,៥៩៤នាក់

* ខេត្តកំពត ២៣,៣២៤នាក់

* ខេត្តសៀមរាប ២៣,១៦៩នាក់

* ខេត្តបាត់ដំបង ១៧,៥៧០នាក់

* រាជធានីភ្នំពេញ ១៦,៤៧២នាក់

* ខេត្តកែប ១២,៣៥៧នាក់

* ខេត្តកំពង់ចាម ១១,១៩០នាក់

* ខេត្តកំពង់ស្ពឺ ១០,៩៥៧នាក់។

តួលេខខាងលើ មានការកើនឡើងបន្តិចធៀបនឹងសប្តាហ៍កន្លងមក ជាមួយកំណើនប្រមាណ០.៦៣%។

ទោះបីជាអាកាសធាតុនៅតាមតំបន់មួយចំនួនបន្តមានភ្លៀងធ្លាក់ ប៉ុន្តែយើងសង្កេតឃើញចរន្តភ្ញៀវនាថ្ងៃអាទិត្យម្សិលម៉ិញដែលជាថ្ងៃកាន់បិណ្ឌវេនទី១ មានភាពផុសផុលច្រើន ហើយស្ថានភាពចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗមួយចំនួន ក៏មានភាពមមាញឹកខ្លះផងដែរ។

ដោយឡែក នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅទីក្រុងហូជីមិញ (International Travel Expo HCMC 2022) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាបានទទួលរង្វាន់ «ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី២០២២ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី២០២២» ដែលផ្តល់ជូនពីស្ថាប័ន World Travel Awards ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស៕