ការទូទាត់ប្រាក់រៀលឆ្លងដែនតាមឃ្យូអរកូត(QR Code)កាន់តែទូលំទូលាយក្នុងតំបន់អាស៊ាន

ភ្នំពេញៈ ធនាគារអេស៊ីលីដា ភីអិលស៊ី (ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿ​ទុក​ចិត្ត) កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាស​ជាសាធារណៈថា ធនាគារ អេស៊ីលីដាភីអិលស៊ី ត្រូវបានជ្រើសរើសជាធនាគារ ទំនាក់ទំនង(Sponsoring Bank)សម្រាប់ការ​ទូទាត់ប្រាក់រៀលឆ្លងដែនតាមឃ្យូអរកូត(QRCode) ជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន។​

ប្រទេសជិតខាងក្នុងតំបន់អាស៊ានរួមមាន៖ សាធារណរដ្ឋសង្គមនិយមវៀតណាម និង សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ បន្ថែមលើការទូទាត់ប្រាក់រៀលឆ្លងដែនតាមរយៈឃ្យូអរកូត (QRCode) ជាមួយព្រះរាជា ណាចក្រថៃដែលបានដាក់ឱ្យ​ដំណើរការ​នៅខែកុម្ភៈឆ្នាំ២០២០ ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែ ទូលំទូលាយ បង្កភាពងាយស្រួលក្នុងការទូទាត់ នៅតាមបណ្តា​ប្រទេសជាសមាជិកអាស៊ាននិងដើម្បីជំរុញបរិយា
បន្នហិរញ្ញវត្ថុអាស៊ាន ស្របតាមទិសដៅសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា​ ភីអិលស៊ីបានមានប្រសាសន៍ថា៖ ​“ជាមួយ នឹង ការត្រៀមខ្លួនរួចជាស្រេចនូវបច្ចេកវិទ្យាហិរញ្ញវត្ថុធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​​ជ្រើសរើសយកធនាគារ អេស៊ីលីដា
ភីអិលស៊ី ជាធនាគារទំនាក់ទំនងសម្រាប់ការទូទាត់ប្រាក់រៀលឆ្លងដែនតាមឃ្យូអរកូត (QRCode) ជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយក្នុងតំបន់អាស៊ាននិងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុអាស៊ានស្របតាមទិសដៅសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកបណ្ឌិត​បានបន្តថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង Siam Commercial Bank (SCB)ត្រូវបានជ្រើសរើសជាធនាគារទំនាក់ទំនងដើម្បីសហការគ្នាគាំទ្រលើការទូទាត់តាម រយៈប្រព័ន្ធ ឃ្យូអរកូត(QR Code)ឆ្លងដែនដោយអតិថិជន និងប្រជាជនកម្ពុជាអាចធ្វើការទូទាត់ជាប្រាក់រៀលនៅ ក្នុងព្រះ រាជាណាចក្រថៃតាមរយៈការស្កែនឃ្យូអរកូត(QR Code)។ នៅចុងឆ្នាំ២០២២​នេះ អតិថិជន និងប្រជាជនថៃ អាចធ្វើការទូទាត់ជាប្រាក់បាតថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការស្កែនឃ្យូអរកូត (QR Code)។

បន្ថែមលើការទូទាត់ប្រាក់រៀលតាមឃ្យូអរកូត (QR Code)នៅព្រះរាជាណាចក្រថៃដែលកំពុងដំណើរការ ធនាគារ អេស៊ីលីដា​ បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដំណើរការ ការទូទាត់ប្រាក់រៀល ឆ្លងដែននៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈការ ប្រើប្រាស់ឃ្យូអរកូត (QR Code) ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២២​នេះដែរ។ ជំហានបន្ទាប់ ធនាគារអេស៊ីលីដា គ្រោងនឹងសហការជាមួយបណ្តាប្រទេសដទៃទៀតដែលជាសមាជិកអាស៊ាន​ដើម្បីបន្ត​ពង្រីកការទូទាត់ប្រាក់រៀលនៅតំបន់អាស៊ានឲ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីសម្រួលដល់ការទូទាត់ កាត់បន្ថយចំណាយប្រតិបត្តិការ និងជួយជំរុញបរិយាបន្នហិរញ្ញវត្ថុអាស៊ាន៕

 

កម្ពុជា-អូស្ត្រាលីប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេរភាគី និងក្នុងតំបន់

ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មបានអនុញ្ញាតជូន ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្តា្រលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការ ក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងសហការី ដែល ជានិច្ចកាលតែងតែអញ្ជើញចូលជួបពិភាក្សាការងារ សំដៅបន្តពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែមានភាពរស់រវើកនិងរីកចម្រើនបន្ថែមទៀត។

លោកបានជម្រាបជូននូវវឌ្ឍនភាពនៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) ក្រោមភាពជាប្រធាន អាស៊ាន​របស់កម្ពុជា ជាពិសេសការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade Negotiations)។

លោករដ្ឋមន្រ្តី បន្តថា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ាន (AEM Special Meeting) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ បានពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ​ដល់ភាគីចរចារទាំងអស់ ដើម្បីអាចឈានដល់ការសម្រេចបាននូវជំហររួម សំដៅបញ្ចប់ការចរចាជាដុំកំភួន ស្របតាមពេលវេលាកំណត់។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្វទ្បើងនៅថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្ត​សៀមរាប។ ក្នុងនោះ ក្រុមការងារក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជូននិងឆ្លើយតបទៅនឹង​ចម្ងល់មួយ​ចំនួនពាក់ព័ន្ធនឹងទ្បូជីស្ទីក និងការៀបចំទូទៅនានា ផងដែរ។

លោកឯកអគ្គរាជទូត បានកត់សម្គាល់នូវលទ្ធផលគួរឱ្យកត់សម្គាល់នៃការចរចាដំទ្បើងកម្រិតនេះ និងសង្ឃឹមថា​ឈាន​ទៅ​បញ្ចប់តាមពេលវេលាកំណត់។

បន្ថែមពីនេះ លោកឯកអគ្គរាជទូត បានយល់ស្របថាផងដែរថា ភាគីចរចាទាំងអស់ត្រូវពន្លឿន​កិច្ចពិគ្រោះ​យោបល់​ផ្ទៃក្នុងរបស់ខ្លួន ដើម្បីអាចឈានដល់ការបញ្ចប់ជាដុំកំភួនដូចការគ្រោងទុក ដែលជាសមិទ្ធផលអាទិភាព​សេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ អូស្រ្តាលី ចំពោះ​កម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ផងដែរ។

ជាលទ្ធផល ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យ​កិច្ចការពារ​អ្នកប្រើប្រាស់ និងការប្រកួតប្រជែង រវាងក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់​និងការប្រកួតប្រជែង​អូស្រ្តាលី (ACCC) ផងដែរ។ ក្នុងនោះ ភាគីអូស្រ្តាលី បានជម្រាប​ជូននូវគោលបំណង​រៀបចំព្រឹត្តិការណ៍អម ក្រោមក្របខ័ណ្ឌវិស័យការប្រកួតប្រជែង ក្នុងអំទ្បុងពេលនៃកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តី​សេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់លើកទី២៧ (27th AEM-CER Consulation)៕

 

កម្ពុជាយកឱកាសបុណ្យសមុទ្រនៅព្រះសីហនុ បង្អួតគោលដៅទេសចរណ៍ឆ្នេរទៅកាន់សកលលោក  

ព្រះសីហនុ៖ កម្ពុជាមានបំណងយកឱកាសរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុនាចុងឆ្នាំ​២០២២​នេះ ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្ររបស់ខ្លួន ទៅកាន់សមាជិក​ក្លិប​ឆ្នេរ​​សមុទ្រដែលបំផុតលើសកលលោក ដោយកម្ពុជាក៏ជាសមាជិកនៃអង្គការនេះដែរ។

ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ជាមួយ​គ្នានោះកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤​ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃស​ន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។

នៅកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុត្រូវមានស្ដង់មួយសម្រាប់បង្ហាញស្នាដៃ​របស់ខ្លួន ពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍឆ្នេរសមុទ្រដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ទៅកាន់​ប្រជាជន ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាគណៈប្រតិភូអន្តរជាតិដែលនឹងចូលរួមកម្សាន្តក្នុង​ពិធីបុណ្យ​សមុទ្រនោះ។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងពេលរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក​នាពេល​​ខាងមុខនោះ ប្រធានក្លិបនឹងផ្សព្វផ្សាយអំពីគំរូដ៏ល្អរបស់កម្ពុជា និងខេត្តព្រះសីហនុដែលបាន​ខិតខំ​អភិវឌ្ឍគ្រប់គ្រង​ឆ្នេរសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្ហាញទៅសមាជិកក្លិបឆ្នេរទាំង​អស់ដែលបច្ចុប្បន្នមាន២៦ប្រទេស។

លោកបញ្ជាក់ថា «ការដែលក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកសម្រេចមករៀបចំមហា​សន្និបាត​របស់​ខ្លួននេះ គឺមិនមែនជារឿងចៃដន្យនោះឡើយ ព្រោះគេបានមើលឃើញ​ការអភិវឌ្ឍឆ្នេរសមុទ្រ​របស់កម្ពុជា គឺមានការទទួលខុសត្រូវខ្ពស់»។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុត្រូវមានស្ដង់ពិព័រណ៍​សមរម្យមួយក្នុងពិធី​បុណ្យសមុទ្រនាពេលខាងមុខ រចនាឱ្យបានស្អាតទាក់ទាញ ដើម្បីបង្ហាញអំពី​សមិទ្ធផល ការអភិវឌ្ឍ ការគ្រប់គ្រងឆ្នេរសមុទ្រនៅក្នុងខេត្តរបស់ខ្លួន។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានទទួលនូវការណែនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន ដើម្បីរៀបចំឱ្យមានស្ដង់ពិព័រណ៍បង្ហាញអំពីការអភិវឌ្ឍឆ្នេរសមុទ្រ កោះ ទីក្រុងព្រះសីហនុ និងគោល​ដៅដែល​មាន​សក្ដានុពលផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ។ លោកក៏បានចាត់ចែងដល់អភិបាលរង​ខេត្ត និងក្រុមការងារជំនាញចាប់អនុវត្តកិច្ចការងារនេះប្រកបដោយការយកចិត្តទុកដាក់។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ធ្លាប់បានឱ្យដឹងថា ដោយសារកម្ពុជាមានការប្តេជ្ញាចិត្តច្បាស់លាស់និងមុឺងម៉ាត់ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរនិងឆ្នេរសមុទ្រ ទើបមហាសន្និបាតក្លិបឆ្នេរលើកទី១៥ ឆ្នាំ២០១៩ នៅឆ្នេរតូយ៉ាម៉ា ប្រទេសជប៉ុន បានសម្រេចបោះឆ្នោតជាឯកច្ឆន្ទយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត ហើយជាពិសេសក្លិប​ឆ្នេរ​មានការសប្បាយចិត្តរីករាយបំផុត ដោយកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយកមន្ត្រី បានចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ និងបានបើកដំណើរការប្រទេសឡើងវិញមុនគេក្នុងគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងនោះ ដែលអាចបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចក្នុងគន្លងប្រក្រតី​ភាពថ្មី ហើយដែលអាចរៀបចំព្រឹត្តិការណ៍ធំៗបានដោយផ្ទាល់ប្រកបដោយសុវត្ថិភាព រួមទាំងពិធីបុណ្យ​សមុទ្រ និងមហាសន្និបាតក្លិបឆ្នេរដែលស្អាតជាងគេលើសកលលោក តាមផែនការដែលបានគ្រោងទុក​នៅឆ្នាំ២០២២នេះ បន្ទាប់ពីបានខកខានក្នុងការរៀបចំមហាសន្និបាតដោយផ្ទាល់២លើក កាលពីឆ្នាំ​២០២០​ នៅអ៉ីស្រាអែល និងនៅអង់ហ្គោឡានៅឆ្នាំ២០២១មក៕

 

 

 

 

 

 

 

 

អាជីវកម្មជប៉ុនជាង៦០០ កំពុងប្រើប្រាស់យ៉ាងសកម្មនូវសេវាទូទាត់របស់ ធនាគារអេស៊ីលីដា    

ភ្នំពេញៈថ្នាក់ដឹកនាំធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា បច្ចុប្បន្នធនាគារខ្មែរពាណិជ្ជ​ដ៏ធំមួយនេះមានអតិថិជនជប៉ុនជាលក្ខណៈសាជីវកម្មជាង៦០០អាជីវកម្ម ដែលកំពុង​ប្រើប្រាស់សេវាកម្មទូទាត់របស់អេស៊ីលីដា។

សាជីវកម្មទាំងនេះស្ថិតក្នុងវិស័យផ្សេងៗរាប់ចាប់តាំងពីវិស័យផលិត អចលនទ្រព្យ សំណង់ រហូតដល់វិស័យលក់រាយ។​ជាមួយគ្នានេះអេស៊ីលីដាក៏បាន​និងកំពុងរៀប​ចំ​យុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនជប៉ុនឲ្យ មកវិនិយោគ និងប្រើប្រាស់​សេវា​អេស៊ីលីដា បន្ថែមទៀតផងដែរ ខណៈដែលបច្ចុប្បន្ន សេដ្ឋកិច្ច កម្ពុជា កំពុងបើក​ទូលាយ គ្រប់វិស័យ សម្រាប់ ការវិនិយោគបរទេស ហើយតាមច្បាប់វិនិយោគថ្មី របស់ កម្ពុជា ក៏មានការលើកទឹកចិត្តវិនិយោគិនជាច្រើនផងដែរ។

នាជំនួបជាមួយក្រុមវិនិយោគិនជនជាតិជប៉ុនជាង៥០ក្រុមហ៊ុនកាលពីពេលថ្មីៗ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបង្ហាញពី​សមិទ្ធ​ផល និងការធ្វើពាណិជ្ជកម្មរវាងធនាគារខ្មែរពាណិជ្ជដ៏ធំមួយ​នេះជាមួយនឹង​ក្រុមហ៊ុនជប៉ុន  ដែលកំពុងធ្វើប្រតិបត្តិការ នៅកម្ពុជា។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ មកទល់ពេលនេះធនាគារ អេស៊ីលីដា មានអតិថិជនជនជាតិជប៉ុនជាលក្ខណៈសាជីវកម្មជាង៦០០អាជីវកម្ម ដែលស្ថិតក្នុង​វិស័យផ្សេងៗ រាប់ចាប់តាំង ពីការផលិតរហូតដល់លក់រាយ អចលនទ្រព្យ សំណង់ និងវេជ្ជសាស្ត្រជាដើម។

លោកបណ្ឌិត អ៊ិន ចាន់នី បានសង្កត់ធ្ងន់ថា អតិថិជនជនជាតិជប៉ុន លក្ខណៈ​សាជីវកម្ម​ទាំងនេះមិនមែនប្រើប្រាស់សេវាកម្មឥណទាន របស់ អេស៊ីលីដានោះទេ ពោលគឺពួក​គេ​ប្រើប្រាស់ជាសេវាទូទាត់នានាដូចជា ទូទាត់ ប្រាក់ខែជូនបុគ្គលិក  និងទូទាត់ថ្លៃ​ទំនិញជាដើម។

ក្រៅពីចែករំលែកបទពិសោធន៍លើការធ្វើពាណិជ្ជកម្មក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដារូបនេះក៏បានបង្ហាញពីភាពរីកចម្រើន ផ្នែកសេដ្ឋកិច្ច និងចំណុចសក្តានុពល នានា របស់កម្ពុជាដល់ ក្រុម វិនិយោគិ នជនជាតិ ជប៉ុន ផងដែរ ក្នុងន័យផ្តល់ជាធាតុចូលដល់ពួកគេសម្រាប់ពិចារណាមុនវិនិយោគនៅកម្ពុជា។

ក្នុងនោះលោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចរបស់ កម្ពុជា ដែលត្រូវបានស្ថាប័នអន្តរជាតិ ក៏ដូចរាជរដ្ឋាភិបាលព្យាករណ៍អាចមានកំណើន​ក្នុង​រង្វង់៥% នៅឆ្នាំនេះ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការ​គ្រប់គ្រងការកើន​ឡើង​អតិផរណា ព្រមជាមួយនឹងសក្ដានុពលវិនិយោគជាច្រើនផ្សេងទៀត របស់ កម្ពុជា។

ជាពិសេសពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីរវាង កម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗ និងច្បាប់វិនិយោគថ្មី ដែលបង្កការងាយស្រួល​ដល់វិនិយោគ និងមានការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនបរទេសជាច្រើនផងដែរ។

របាយការណ៍ពី ក្រុមប្រឹក្សាអភិវឌ្ឍ ន៍កម្ពុជា គិតតាំងពីឆ្នាំ ១៩៩៤ រហូតមក ត្រឹមខែ​កក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍ ន៍ កម្ពុជា  បានសម្រេចអនុញ្ញាត ឲ្យ ក្រុមហ៊ុន​ជប៉ុន ជិត ១៥០គម្រោង ក្នុងតម្លៃទុនវិនិយោគសរុប ជិត ៣ពាន់លានដុល្លារអាមេរិក៕

មធ្យោបាយផ្ទេរប្រាក់ងាយៗ ហើយមិនអស់ថ្លៃសេវា គ្រាន់តែមានអេស៊ីលីដាម៉ូបាល

ភ្នំពេញៈកាលមុនពេលដែលខ្ញុំត្រូវការផ្ទេរប្រាក់ទៅសាច់ញាតិ ក្រុមគ្រួសាររបស់ខ្ញុំ ខ្ញុំត្រូវការពេលវេលា ថ្ងៃនេះ ថ្ងៃនោះ ឬចាំពេលទំនេរសិនជាដើម ជួនពេលខ្លះខកបំណងផ្ញើមិនទាន់តាមសេចក្តីត្រូវការភ្លាមៗក៏មាន ។ តែនៅពេលនេះវាលែងជាបញ្ហាទៀតហើយ មានអេស៊ីលីដាម៉ូបាលប្រៀបដូចមានធនាគារនៅជាមួយយើងចឹង ចង់ផ្ញើពេលណា កន្លែងណាក៏បាន គ្រប់ពេល គ្រប់ទីកន្លែង មិនអស់ថ្លៃសេវាទាំងអ្នកផ្ញើទៅ ទាំងអ្នកទទួល ។

ជាមួយអេស៊ីលីដាម៉ូបាល គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើ​ប្រតិបត្តិការ​សេវាធនាគារតាមរយៈ សេវាអេស៊ីលីដាម៉ូបាល ។

កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ។ លើសពីនោះទៅទៀតអតិថិជនអាចពិនិត្យមើលព័ត៌មានគណនី និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មតាមរយៈ QR Code នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន ។ កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់បា្រក់តាមខ្លួន សម្រាប់ធ្វើការទូទាត់ រួមទាំងការរាប់លុយលើស ខ្វះ និងលុយក្លែងក្លាយជាដើម ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh

 

 

រីករាយជាមួយការផ្ទេរប្រាក់ទៅកាន់សាច់ញាតិឬចូលបច្ច័យតាមវត្តអារាមជាមួយអេស៊ីលីដាម៉ូបាល នាឪកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ភ្នំពេញៈ ស្របពេលដែលពិធីកាន់បិណ្ឌនាពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ប្រពៃណីជាតិ​ខ្មែរ​នឹង​មកដល់ពេលឆាប់ៗនេះ ​លោកអ្នកកាន់តែមានភាពងាយស្រូល​ជាមួយការ​ផ្ទេរប្រាក់តាមរយៈអេស៊ីលីដាម៉ូបាលទៅកាន់ឪពុកម្តាយ សាច់ញាតិនៅស្រុក​កំណើតដើម្បីឱ្យពួកគាត់យកទៅធ្វើបុណ្យដាក់ទាន ។

រាល់ការផ្ទេរប្រាក់ ទទួលប្រាក់ តាមអេស៊ីលីដាម៉ូបាល មានភាពងាយស្រួល រហ័ស មិនអស់ថ្លៃសេវា ទោះជាលេខទូរស័ព្ទអ្នកទទួលមិនទាន់បានភ្ជាប់សេវា​អេស៊ីលីដា​ម៉ូបាល​ក៏អាចទទួកប្រាក់ពីអ្នកផ្ញើបានដែរ ដោយលោកអ្នកគ្រាន់តែផ្ទេរពី អេស៊ីលីដា​ម៉ូបាល ទៅកាន់លេខទូរសព្ទដៃអ្នកទទួល ហើយផ្ញើលេខកូដសម្ងាត់៦ខ្ទង់ នោះអ្នក​ទទួល​គាត់អាចអញ្ជើញទៅបើកប្រាក់នៅតាមទូរអេធីអឹម បានយ៉ាងងាយស្រួល​ដោយមិនចាំបាច់ប្រើប័ណ្ណឡើយ។​

លើសពីនេះទៅទៀត អេស៊ីលីដាម៉ូបាល លោកអ្នកអាចចូលជាបច្ច័យ ចាប់មគ្គផលតាម​សទ្ធាជ្រះថ្លា នៅទីវត្តអារាមនានា តាមរយៈការស្កេន​ចូល​បុណ្យ​ជាមួយ QR Code ដោយមិនចាំបាច់កាន់ក្រដាស់ប្រាក់មានហានីភ័យ​ឆ្លងមេរោគ​ផ្សេងៗ។​មិនតែប៉ុណ្ណោះ​ក៏វាងាយស្រួលដល់លោកអ្នក ផ្ទេរប្រាក់ជូនលោក​អ្នកមានគុណ សម្រាប់ធ្វើបុណ្យទាន​នាឱកាសដ៏សែនរីករាយនេះផងដែរ។​

ប្រសិនបើលោកអ្នកនៅមិនទាន់មាន អេស៊ីលីដាម៉ូបាល ប្រើទេនោះ សូមដោតឡូតនិង​ចុះ​ឈ្មោះ​ប្រើប្រាស់ដោយខ្លួនឯង ដោយមិនគិតថ្លៃសេវាទាំងអស់ ហើយទទួលបាន​លេខគណនីពិសេសៗ ដោយមិនបាច់ចំណាយប្រាក់ទិញទៀតផង ។ សូមចូលទៅ Play Store, App Store, App Gallery ដើម្បីទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល ទុកក្នុងទូរសព្ទដៃដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ៕

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននឹងជំរុញកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឱ្យបញ្ចប់តាមពេលវេលា​ដែលបានកំណត់

ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Ministers’ Special Meeting) តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសស មាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអង្គប្រជុំ បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែង​អំណរគុណដ៏ជ្រាលជ្រៅជូនចំពោះបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដែលតែងតែផ្តល់នូវការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។

កិច្ចប្រជុំពិសេសនេះ មានគោលបំណងដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ភាគីចរចារដំឡើង​កម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឱ្យបញ្ចប់តាមពេលវេលា​ដែលបានកំណត់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយក្នុងចំណោម​សមិទ្ធផលអាទិភាពសេដ្ឋកិច្ច​ទាំងឡាយ ដែលកម្ពុជាបានលើកឡើង ក្រោមភាពជាប្រធានអាស៊ានប្តូរវេនស្ថិតក្រោមសសរស្តម្ភ​សហគមន៍សេដ្ឋកិច្ចអាស៊ាន។

គួររំលឹកផងដែរថា មកដល់ពេលបច្ចុប្បន្ននេះ ការចរចារដំឡើងកម្រិតទទួលបានលទ្ធផលគួរឱ្យ​កត់សម្គាល់ និងសង្ឃឹមថាឈានទៅបញ្ចប់តាមពេលវេលាកំណត់។ សមាជិកអង្គ​ប្រជុំ​ទាំង​អស់​បាន​ចូលរួមផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម និងផ្តល់ការណែនាំកម្រិតគោលនយោបាយ​ដល់មន្ត្រីជំនាញ​ចរចារ ដោយធ្វើយ៉ាងណាបង្ហាញនូវភាពបត់បែន ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់៕

 

 

 

 

 

 

 

 

ធនាគារ អេស៊ីលីដា នឹង បង្កើត ការទូទាត់ ឆ្លងដែន ដោយ កូដQRសម្រាប់ អាស៊ាន

ភ្នំពេញៈ ធនាគារអេស៊ីលីដាភីអិលស៊ីបានរៀបចំដំណើរការបង្កើតកូដQRសម្រាប់ការទូទាត់ឆ្លងប្រទេសក្នុងចំណោមអាស៊ាន (សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍)។

ដោយមានការកំណត់ពីធនាគារជាតិនៃកម្ពុជាដែលជាអាជ្ញាធររូបិយវត្ថុនិងធនាគារកណ្តាលរបស់កម្ពុជានោះធនាគារអេស៊ីលីដា ភីអិលស៊ី នឹងបង្កើតកូដQRសម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា-វៀតណាម និង កម្ពុជា-ឡាវ ខណៈដែលកូដQRរបស់ធនាគារ ត្រូវបានប្រើរួចហើយនៅក្នុងប្រទេសថៃចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការក្នុងខែកុម្ភៈឆ្នាំ២០២០។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាភីអិលស៊ីមានប្រសាសន៍ថា ធនាគារកណ្តាលបានជ្រើសរើស ធនាគារពាណិជ្ជក្នុងស្រុកដើម្បីបង្កើតកូដQR ដែល «កំពុងអភិវឌ្ឍន៍» សម្រាប់ការទូទាត់ឆ្លងប្រទេសក្នុងប្រទេសសមាជិកអាស៊ាន ចំនួន២រួមមានវៀតណាម និង ឡាវ ក្រៅពីប្រទេសថៃ។ ធនាគារនេះបានចុះបញ្ជីនៅក្នុងទីផ្សារមូលប ត្រកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២០ ហើយបានគ្រប់គ្រងលើផ្សារមូលបត្រកម្ពុជា។

លោកបន្តថា៖ «យើងត្រូវបានជ្រើសរើសដោយធនាគារកណ្តាលដើម្បីដាក់កូដឱ្យដំណើរការជាមួយប្រទេសចំនួន២ទៀតហើយ យើងកំពុងធ្វើការងារនេះជាមួយពួកគេ។ យើងនឹងណែនាំកូដQR នៃការទូទាត់ឆ្លងប្រទេសដូចគ្នា។ នៅពេលដែលប្រជាជនរបស់ យើងដែលទៅប្រទេសទាំង៣នេះពួកគេលែងត្រូវការប្តូររូបិយប័ណ្ណនៅទីនោះទៀតហើយ ប៉ុន្តែគ្រាន់តែប្រើការបង់ប្រាក់ដោយផ្ទាល់ ពីអេស៊ីលីដាកូដQRប៉ុណ្ណោះ»។

យោងតាមលោក អ៊ិន ចាន់នី  បច្ចុប្បន្ននេះធនាគារ អេស៊ីលីដា ភីអិលស៊ី មិនត្រឹមតែកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាធនាគារ និង ហិរញ្ញវត្ថុផ្ទាល់ខ្លួនដើម្បីបម្រើអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការជាមួយធនាគារជាតិនៃកម្ពុជា និងភ្នាក់ងារ រដ្ឋាភិបាលផ្សេងទៀតដើម្បីបង្កើតប្រព័ន្ធទូទាត់ឌីជីថលសម្រាប់ផលប្រយោជន៍ សាធារណៈ ដោយសារ ធនាគារនេះមានធាតុចូល បច្ចេកទេស និង ជំនាញ។

លោកបន្ថែមថា៖ «យើងមានក្រុមវិស្វករក្នុងស្រុករបស់យើងដែលបានធ្វើការជាមួយនឹងក្រុមរបស់ធនាគារកណ្តាល។ នេះជា ហេតុផលមួយក្នុងចំណោមហេតុផលដែលយើងអាចដាក់ឱ្យដំណើរការកូដ QR ថ្នាក់ជាតិហើយយើងនឹងបន្តធ្វើការជាមួយគ្នា ដើម្បីបញ្ចប់កិច្ចការទី១នេះ។ សម្រាប់កិច្ចការទី២ យើងនឹងអភិវឌ្ឍការទូទាត់ឆ្លងដែននៅក្នុងប្រទេសនីមួយៗ ក្នុងចំណោម ប្រទេសទាំង១០នៃអាស៊ាន ដោយសំដៅលើកូដQR ថ្នាក់ជាតិដល់ KHQR ដែលដាក់ឱ្យដំណើរការដោយធនាគារជាតិនៃ កម្ពុជា»។

លោកបន្តថាកម្ពុជាមានកូដQR ថ្នាក់ជាតិដែលនឹងគាំទ្របន្ថែមទៀតដល់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាសម្រាប់អតិថិជន ប្រើប្រាស់សេវាកាន់តែងាយស្រួលដោយប្រើកូដ QR តែមួយដែលអតិថិជនរបស់ធនាគារទាំងអស់អាចប្រើប្រាស់បានជាធម្មតា បន្ទាប់ពីធនាគារនីមួយៗក្នុងប្រទេសទទួលយកការប្រើប្រាស់កូដQR រួម។ តាមពិតទៅយើងមានវារួចហើយ ប៉ុន្តែធនាគារនៅតែ អះអាងថានឹងប្រើលេខរៀងខ្លួននៅកន្លែងគិតលុយរបស់ពួកគេ បើទោះជាកូដQR មួយអាចត្រូវបានធនាគារជាច្រើនប្រើក៏ដោយ។ ខ្ញុំគិតថាដោយមានអន្តរាគមន៍ពីធនាគារកណ្តាលនឹងមានតែកូដQR ថ្នាក់ជាតិសម្រាប់មនុស្សគ្រប់គ្នាប៉ុណ្ណោះ។

លោកបន្ថែមថាធនាគារមួយក្នុងប្រទេសថៃគ្រោងនឹងអភិវឌ្ឍកូដQR របស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅឆមាសទី២នៃឆ្នាំមុនប៉ុន្តែ ដោយសារការកើនឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ថៃបានពន្យារពេលផែនការរហូតដល់ចុងឆ្នាំនេះ។

ពលរដ្ឋខ្មែរអាចទូទាត់ប្រាក់ជាប្រាក់រៀលក្នុងប្រទេសថៃដោយស្កែនកូដ QR ដើម្បីទូទាត់ប្រាក់រហូតដល់៥លានរៀលក្នុងមួយថ្ងៃ តាមរយៈគណនីអេស៊ីលីដាទាន់ ចិត្តនិង១០លានរៀលក្នុងមួយថ្ងៃតាមរយៈគណនីធនាគារអេស៊ីលីដា។

ក្រុមការងារបច្ចេកទេសរបស់ធនាគារអេស៊ីលីដាភីអិលស៊ីមានបទពិសោធន៍ធ្វើការជាមួយក្រុមទាំងនេះនៃអគ្គនាយកដ្ឋានពន្ធដារ និង ក្នុងនាមសមាគមធនាគារនៅកម្ពុជាក្នុងការអភិវឌ្ឍកម្មវិធីពន្ធ និង សាលារាជធានីភ្នំពេញសម្រាប់កម្មវិធីទូទាត់ឌីជីថល សម្រាប់ការប្រមូលថ្លៃប្រមូលសំរាម។ ទោះជាយ៉ាងណាក៏ដោយ យើងមិនទាមទារ ឬ ចង់ក្លាយជាធនាគារទូទាត់តែមួយគត់ សម្រាប់គោលបំណងទាំងអស់នេះទេ។ យើងចង់ធ្វើការជាមួយធនាគារផ្សេងទៀតក្នុងការចែករំលែកកូដQRទូទៅដើម្បីឱ្យ អ្នកស្រុក ឬ ម្ចាស់ផ្ទះអាចធ្វើការទូទាត់ប្រាក់បាន៕

ជប៉ុនបានបោះទុនវិនិយោគនៅកម្ពុជាមានទឹកប្រាក់ប្រមាណ២,៨៥ ប៊ី​លាន​ដុល្លារ នេះ​គិត​ត្រឹម​ខែកក្កដា ឆ្នាំ២០២២នេះ

ភ្នំពេញ៖ ការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនជប៉ុនមកកាន់កម្ពុជាបានដើរតួនាទីសំខាន់ក្នុងការចូលរួម​អភិវឌ្ឍន៍សេដ្ឋកិច្ច​កម្ពុជា និងបង្កើតការងារ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត លើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន ចំនួន ១៤៨គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ២,៨៥ ប៊ី​លាន​ដុល្លារ នេះ​គិត​ត្រឹម​ខែកក្កដា ឆ្នាំ២០២២នេះ។

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​រៀបចំ​ដោយ​អង្គការ​ពាណិជ្ជកម្ម ក្រៅប្រទេស​ជប៉ុន (JETRO) ដោយមាន​ការចូលរួម​ពី​តំណាង​វិនិយោគិន​ជប៉ុន​ក្នុង​វិស័យ​ចំណីអាហារ អេឡិចត្រូនិក សុខាភិបាល ឡូ​ជី​ស្ទីក ធនាគារ សំណង់ និង​អចលនទ្រព្យ កាលពី​ថ្ងៃទី៣០ ខែ សីហា លោក សុខ ចិន្តា​សោភា បាន​ថ្លែងប្រាប់​តំណាង​វិនិយោគិន​ជប៉ុន អំពី​អត្ថប្រយោជន៍​នៃ​ច្បាប់​ស្តីពី​វិនិយោគ​របស់​កម្ពុជា ដែល​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កាល ពីថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២១ ដែល​បាន​បើក​កិច្ចសម្របសម្រួល ការធានា​និង​ការការពារ ការលើកទឹកចិត្ត និង ការថែទាំ​វិនិយោគ។ លោក​បាន​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ថា ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នេះ បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ពី​ការត្រៀម​លក្ខណៈ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​និង​ទាក់ទាញ​វិនិយោគ បន្ថែម​ប្រកបដោយ​គុណភាព ដើម្បី​ចូលរួម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល តាមរយៈ​យុទ្ធសាស្ត្រ​បូក​មួយ»។

លោកស្រី Marisa Haruta តំណាង​អង្គការ​ពាណិជ្ជកម្ម ក្រៅប្រទេស​ជប៉ុន (JETRO) បានឱ្យដឹងថា គោលបំណង​នៃ​គណៈប្រតិភូ​ធុរកិច្ច និង​វិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​នាពេលនេះ​គឺ​ដើម្បី​ផ្តល់ឱកាស​ដល់ គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​បាន​ស្តាប់​និង​ឃើញ អំពី​ស្ថានភាព​ទូទៅ​នៃ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា និង​ស្ថានភាព​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ជប៉ុន ជាពិសេស​ការសម្របសម្រួល​ពី​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​ពាណិជ្ជកម្ម​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ព្រមទាំង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ធុរជន និង​វិនិយោគិន​ជប៉ុន​ឱ្យ​ពិចារណា​ក្នុងការ​ប្រកប​អាជីវកម្ម​និង​វិនិយោគ​នៅ​កម្ពុជា។

លោកស្រី​បាន​បញ្ជាក់ថា៖« ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​សម្របសម្រួល ដើម្បី​បង្កើត​នូវ​បរិយាកាស​វិនិយោគ​ដ៏​ល្អប្រសើរ​លើ​គ្រប់​វិស័យ និង​ផ្តល់នូវ​ការឆ្លើយតប​ប្រកបដោយ​ភាពទន់ភ្លន់ ចំពោះ​ក្តីកង្វល់ និង​សំណូមពរ​របស់​វិនិយោគិន​ជប៉ុន»។

បើតាម​ក្រសួងពាណិជ្ជកម្ម នៅក្នុង​ឆ្នាំ២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ​ជាង ១,៧០០លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ​ជាង ១,០៩៣លាន​ដុល្លា​អាមេរិក ខណៈដែល​ជប៉ុន​នាំ​ចូលមក​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ​ជាង ៦០៧លាន​ដុល្លា​មេ​រិ​ក។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ជប៉ុន មាន​ផលិតផល​ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ផលិតផល​ផ្សេងទៀត៕

 

 

 

កម្ពុជាស្នើឱ្យសមាជិកសភា​សហរដ្ឋអាមេរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) បន្តទៀត

ភ្នំពេញ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​ស្នើឱ្យ​សមាជិកសភា​សហរដ្ឋអាមេរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា​បន្តទៀត ខណៈ​វិស័យ​កំពុង​ទន្ទឹង​រងចាំ​ការសម្រេច​ពី​ខាង​សភា​អាមេរិក។

ការស្នើ​នេះ​បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ លោកស្រី Carol Miller សមាជិកសភា​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ West Virginia នៅ​ថ្ងៃទី ៣០ខែសីហា ឆ្នាំ ២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង​សិក្សា​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា និង​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

លោក ប៉ាន សូរ​សក្តិ បាន​លើកឡើងថា កម្ពុជា​ទទួលបាន​ប្រយោជន៍​ច្រើន ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក ដែល​បាន​ទាក់ទាញ​រោងចក្រ​ផលិត​សម្ភារៈ​ធ្វើដំណើរ​ជាច្រើន​មក​កម្ពុជា និង​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា»។

លោក​បាន​បញ្ជាក់ថា៖« ក្រសួង​ស្នើឱ្យ​សមាជិកសភា​សហរដ្ឋអាមេរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋ​អាម៉េរិក​ដល់​កម្ពុជា​បន្ត​ទៀត និង​ស្នើ​ឱ្យជួយ​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា ស្របតាម​បរិបទ​ថ្មី​នៃ​សង្គម​ឌីជីថល ខណៈដែល​ពេលបច្ចុប្បន្ន កម្ពុជា ក៏មាន​តម្រូវ​ការចាំបាច់​លើ​ផ្នែក​បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និង​ការអភិវឌ្ឍ​ធនធានមនុស្ស ជាដើម»។

យោងតាម​របាយការណ៍​របស់​អគ្គនាយក​រដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៧ខែ​ដំបូង ឆ្នាំ ២០២២ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង៥៨៩២លាន​ដុល្លារ កើនឡើង​ជាង៤៥ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២។ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា ទៅ​សហរដ្ឋអាមេរិក មានតម្លៃ​ទឹកប្រាក់​ជាង ៥៦៩៥ លាន​ដុល្លារ កើនឡើង​ជាង ៤៧ភាគរយ ខណៈដែល​កម្ពុជា នាំចូល​ពី​អាមេរិក​មកវិញ​មានតម្លៃ​ជាង ១៩៦លាន​ដុល្លារ កើនឡើង ៣,២ភាគរយ ៕