ពិបាកក្នុងការបង់ថ្លៃសំរាមមែនទេ? ជាមួយអេស៊ីលីដាម៉ូបាលពិតជាងាយស្រួល និងរហ័សបំផុត

ភ្នំពេញ៖ ជារៀងរាល់ខែ ក្រៅពីការបង់ថ្លៃទឹកភ្លើងហើយនោះ សម្រាប់ពលរដ្ឋ​នៅរាជធានីភ្នំពេញ ក៏មិនត្រូវភ្លេចដែរចំពោះការបង់ថ្លៃសំរាម។ ប៉ុន្ដែ បើក្នុងករណី​លោកអ្នកពិបាក​ក្នុងការអនុវត្ត​​បង់ថ្លៃសំរាម​នេះ លោកអ្នកអាច​ជ្រើសរើស​យកការប្រើប្រាស់​អេស៊ីលីម៉ូបាល ដែលមានភាពងាយងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់។

អេស៊ីលីដាម៉ូបាលបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋសម័យថ្មីដែលមួយថ្ងៃៗ​ជាប់រវល់ការងារឬមុខជំនួញច្រើនដោយមិនមានពេលវេលាទៅបង់ថ្លៃសេវាផ្សេងៗដូចជាថ្លៃទឹក ភ្លើងនិងវិក្កយបត្រផ្សេងៗជាពិសេសថ្លៃសំរាមប្រចាំខែតែម្ដង។ ប៉ុន្ដែ នៅពេលនេះ ជាមួយនឹងការប្រើប្រាស់​អេស៊ីលីម៉ូបាល​កិច្ចការទាំងនេះ គឺកាន់តែងាយស្រួលដូចបកចេកអ៊ីចឹង។

តើត្រូវធ្វើដូចម្ដេច ដើម្បីបង់ថ្លៃសំរាម​តាមអេស៊ីលីដាម៉ូបាល?

សម្រាប់លោកអ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចបង់ថ្លៃប្រមូលសំរាមប្រចាំខែ តាមអេស៊ីលីដាម៉ូបាល ដោយចុចលើ៖

  • ម៉ឺនុយ “បង់ប្រាក់ / PAYMENTS”។
  • រួចជ្រើសរើស “រដ្ឋាករស្វ័យតគ្រប់គ្រងសំរាមនិងសំណល់រឹង ភ.ព / PHNOM PENH SOLID

WASTE MANAGEMENT AUTHORITY” ។

  • ជ្រើសរើសគណនីកាត់ប្រាក់ចេញ, បញ្ចូលលេខវិក្កយបត្រ ដូចលេខវិក្កយបត្រ អគ្គិសនីកម្ពុជា។ ប្រព័ន្ឋនឹងបង្ហាញចំនួនត្រូវបង់ ដោយស្វ័យប្រវត្តិ។
  • ចុចប៊ូតុង “យល់ព្រម / OK”។
  • ផ្ទៀងផ្ទាត់ឈ្មោះ និងទឹកប្រាក់ត្រូវបង់ រួចចុចប៊ូតុង “យល់ព្រម / CONFIRM” ជាការស្រេច។

លោកអ្នកអាចបង់ថ្លៃប្រមូលសំរាមរាជធានីភ្នំពេញ រៀលរាល់ខែ ចាប់ពីថ្ងៃទី១ ដល់ ១៥។ សូមអរគុណ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទ​ទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh

 

 

SME Bank បានផ្តល់កម្ចីសរុប ២០ លានដុល្លារ​ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ទទួលកម្ចីសរុប ២០លានដុល្លារ

 

ភ្នំពេញ៖ គិតត្រឹមចុងខែសីហា ឆ្នាំ២០២២នេះ SME Bank បានអនុម័តទំហំកម្ចីសរុបចំនួន ២០លាន​ដុល្លារ ទៅដល់សំណើកម្ចីរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៦ ដើម្បីឱ្យពួកគេយកទៅ​ស្តារអាជីវកម្ម​របស់ខ្លួន ក្នុងពេលដែលភ្ញៀវទេសចរអន្តរជាតិ ចាប់ផ្តើមចូលមកកម្សាន្តនៅកម្ពុជាបណ្តើរៗ ដែលជំរុញឱ្យ​វិស័យទេសចរណ៍នៅកម្ពុជាចាប់ផ្តើមងើបឡើងវិញ។ នេះបើយោងតាម អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានឱ្យដឹងថា

បន្ទាប់ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានដាក់ឱ្យអនុវត្តតាំង​ពីខែឧសភាមក ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៨ បានដាក់សំណើកម្ចី ក្នុងនោះសំណើរ​ចំនួន១៤៦ ត្រូវបានអនុម័ត។ ចំណែកសំណើកម្ចីចំនួន២ទៀត ត្រូវបានបដិសេធ។

បើយោងតាមក្រសួងទេចរណ៍ នៅថ្ងៃទី២៧ ខែសីហានេះ លោក លឹម អូន អគ្គនាយកធនាគារ SME បាន​បញ្ជាក់ថា កម្ចីភាគច្រើន គឺបានទៅលើអាជីវកម្ម សណ្ឋារគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយក្នុង​ចំណោម​សំណើ ដែលបាន​អនុម័តនេះ សណ្ឋាគារមានចំនួន១៩ ផ្ទះសំណាក់ចំនួន ៤៤ ក្នុងទំហំទឹកប្រាក់ជាង១០លាន​ដុល្លារ។ ចំណែក​កម្ចីសម្រាប់ភោជនីយដ្ឋានមានចំនួន៦៥អតិថិជន ក្នុងទំហំប្រាក់ប្រមាណ៧លាន ៨០ម៉ឺន​ដុល្លារ ។ ក្រៅពីនោះគឺ អាជីវកម្មផ្សេងៗទៀតដែលគាំទ្រដល់វិស័យទេសចរណ៍ ចំនួន១៨ អតិថិជនដែល​មាន​ទំហំទឹកប្រាក់ ប្រមាណ២លានដុល្លារ។

លោកបានគូសបញ្ជាក់បន្ថែមថា «សន្ទុះនៃការដាក់ពាក្យស្នើសុំ បើប្រៀបធៀបជាមួយគម្រោងសហហិរញ្ញប្បទាន​ទ្រទ្រង់សហគ្រាសធនតូច និងមធ្យមក្នុងដំណាក់កាលទី២ គឺមានភាពយឺតជាង។ ប៉ុន្តែខ្ញុំគិតថា ដោយសារ​គម្រោង​នេះ គឺផ្តោតតែលើវិស័យទេសចរណ៍តែមួយមុខ ហើយគម្រោងមុន គឺមានការបើកទូលាយ ដែលមាន​វិស័យច្រើនចូលរួម។ ហេតុនេះភាពយឺតយ៉ាវ ឬចំនួនដែលស្នើមកតិចនេះ គឺជារឿងធម្មតា ដោយសារតែវាចង្អៀត ក៏ប៉ុន្តែយ៉ាងណាក៏ឃើញមានការផុលផុស ចាប់អារម្មណ៍ច្រើន ជាពិសេសតាមរយៈក្រសួងទេសចរណ៍ និងការផ្សព្វផ្សាយពីវិស័យទេសចរ។ សន្ទុះនៃការខ្ចីជិត២ខែមកនេះ បាន២០លាន គឺគិតថាគួរសមដែរ»។

ជាមួយគ្នា លោកសង្ឃឹមថា ខែបន្តបន្ទាប់ទៀតនឹងមានសន្ទុះនៃការស្នើកម្ចី និងការបញ្ចេញកម្ចី កាន់តែកើន​ឡើងថែមទៀត។ លោកវាយតម្លៃថា យ៉ាងយូរណាស់ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣ ទឹកប្រាក់ក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នឹងត្រូវបញ្ចេញអស់។

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ បានដាក់ឱ្យអនុវត្តគម្រោង​សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ឱ្យមានសន្ទុះឡើងវិញ ព្រមទាំងជួយដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន របស់ម្ចាស់អាជីវកម្មក្នុងវិស័យនេះ។

គម្រោងហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០ លានដុល្លារ ដែលបានមកពីថវិកាបដិភាគ​របស់រាជរដ្ឋាភិបាលចំនួន ៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ​ចូលរួម (PFIs) ចំនួន៧៥លានដុល្លារដោយផ្តល់អត្រាការប្រាក់៦.៥ភាគរយ ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់​បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះ​នៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ។

គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន សម្រាប់ការកែលម្អ និងធ្វើទំនើបកម្ម ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្ម​នៃសេវាទេសចរណ៍របស់ខ្លួន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលវិបត្តិជំងឺកូវីដ១៩ បានធូរស្រាល។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ មូលដ្ឋានអាជីវកម្ម​ទេសចរណ៍ សរុបនៅកម្ពុជាមានជិត៨ពាន់អាជីវកម្ម ក្នុងនោះ៦៨១ អាជីវកម្ម ដែលស្មើនឹង ៨.៦៣% បានកំពុង​ផ្អាក​​អាជីវកម្ម និង ៥២៤អាជីវកម្ម ឬប្រមាណ៦.៦៤% បានបិទអាជីវកម្ម។

ក្នុងចំណោមនោះដែរ សណ្ឋាគារ និងផ្ទះសំណាក់ចំនួន១៩០ទីតាំងបានផ្អាកអាជីវកម្ម និង២៩ ទីតាំងទៀត បានសម្រេចបិទអាជីវកម្មតែម្តង និង៥២០ទីតាំងកំពុងដំណើរការអាជីវកម្ម។ ដោយឡែកភោជនីយដ្ឋាន ដែលបច្ចុប្បន្នមានចំនួនសរុប ២ ៥២៩ ទីតាំង ក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម ៕

 

ក្រសួង​ពាណិជ្ជកម្ម​ប្រជុំជា​មួយ​ផ្នែក​ពាក់​ព័ន្ធ​​​ដើម្បី​ជំរុញ​​ពាណិជ្ជកម្មទ្វេភាគីជា​មួយ តួកគី

ភ្នំពេញ៖កម្ពុជាបានកំណត់​វិស័យ​អាទិភាពសំខាន់ៗមួយចំនួនដើម្បី​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​លើក​ទី៣គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ខែតុលាខាងមុខនេះក្នុង​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីឱ្យ​កាន់តែ​ស៊ីជម្រៅ​និង​ទាញ​អត្ថប្រយោជន៍​ឱ្យ​បានជា​អតិបរមា។

ក្រសួងពាណិជ្ជកម្មបាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួងកាលពី​ថ្ងៃទី​២៤ខែសីហាដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​របៀបវារៈនិង​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី៣គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅអំឡុង​ខែតុលាឆ្នាំ២០២២នៅ​កម្ពុជា។កិច្ចប្រជុំ​នេះក៏មានថ្នាក់ដឹកនាំ-មន្ត្រី​ជំនាញ​នៃ​ក្រសួងពាណិជ្ជកម្មនិង​អន្តរក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន១៣ស្ថាប័នផងដែរ។

លោកស្រីតឹក​រ៉េតកំរងរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្មបានស្នើ​ដល់​តំណាង​អន្តរក្រសួង​ទាំង១៣ស្ថាប័នចូលរួម​ពិភាក្សា​និង​ផ្តល់​ធាតុ​ចូល​ឱ្យបាន​ផុសផុល​លើ​សេចក្តីព្រាង​កំណត់ហេតុ​រួមដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី៣គណៈ​កម្មការ​​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា-តួ​ក​គី​នាពេលខាងមុខឱ្យទទួល​ជោគជ័យនិង​លទ្ធផល​ផ្លែផ្កា។

កិច្ចប្រជុំបាន​ចេញសេចក្តីព្រាង​កំណត់ហេតុ​រួមដែល​ក្នុងនោះ​បង្ហាញ​ពី​វិស័យ​អាទិភាព​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-តួ​ក​គី​​ឱ្យ​កាន់តែ​ស៊ីជម្រៅ​និង​ទាញ​អត្ថប្រយោជន៍​ឱ្យ​បានជា​អតិបរមារួមមាន​ជាអាទិ៍៖ពាណិជ្ជកម្មវិនិយោគធុរកិច្ចឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា​និង​នវានុវត្តន៍ហា​ឡា​លសហគ្រាស​ធុន​តូច​និង​មធ្យមកសិកម្មដឹកជញ្ជូនអាកាសចរ​ស៊ីវិលសុខាភិបាលអប់រំទេសចរណ៍និង​វិស័យ​ពាក់ព័ន្ធ​ដទៃទៀត។

ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថាក្នុង​រយៈពេល៥ឆ្នាំ(២០១៧-២០២១)ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-តួ​ក​គី​សម្រេចបាន៤៦២,៦៣លាន​ដុល្លារ។ហើយ​ទោះបីជា​ស្ថិតក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ក្ដីក៏​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបាន​ប្រមាណ៩០,៦៣លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២១ដែល​កើនឡើង២,០៦%ធៀប​នឹង​ឆ្នាំ២០២០។ក្នុងនោះកម្ពុជា​នាំចេញ​មុខទំនិញ​ទៅ​តួ​ក​គី​ដូចជាសម្លៀកបំពាក់វាយនភ័ណ្ឌស្បែកជើងសម្ភារ​ធ្វើដំណើរអង្ករឆត្រខណៈដែល​កម្ពុជា​នាំចូល​ទំនិញ​ពី​តួ​ក​គី​​វិញរួមមានម៉ាស៊ីនផលិតផល​ឱសថកញ្ចក់ដែកផលិតផល​ប្លា​ស្ទិ​កនិង​ទំនិញ​ដទៃទៀត៕

 

អង្វល់កង្វល់ការបង់ពន្ធគយ និងរដ្ឋាករជាមួយអេស៊ីលីដាម៉ូបាល ឬអេស៊ីលីដាអ៊ីនធើណែត  

ភ្នំពេញ៖ ជាមួយនឹងភាពមមាញឹកនៃការងារប្រកបរបររកស៊ីអាជីវិកម្មជារៀងរាល់ថ្ងៃ លោកអ្នកហាក់សឹងពុំ​មាន​ពេលគ្រប់គ្រាន់ដើម្បីទៅបង់ពន្ធគយ និងរដ្ឋាករ (ពន្ធនាំចេញ-នាំចូល) ជូនអគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា។ ជាមួយ តាមអេស៊ីលីដាម៉ូបាល ឬអេស៊ីលីដាអ៊ីនធើណែតអាចជួយសម្រួលនៃការបង់ បង់ពន្ធគយ និងរដ្ឋាករ (ពន្ធនាំចេញ-នាំចូល)ទៀតហើយ គឺលោកអ្នកអាចបង់បានបានយ៉ាងងាយស្រួល និងគ្រប់​ពេលវេលា។

បច្ចុប្បន្ននេះ អេស៊ីលីដាម៉ូបាលត្រូវបានគេមើលឃើញថាទាំង ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងអ្នកធ្វើការតាមបណ្ដាក្រុមហ៊ុននានា ក៏កំពុងនិយម ។ ការប្រើប្រាស់​អេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ គឺមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ព្រមទាំងចំណេញពេលវេលាផងដែរ។

វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជន​ចូលទៅ​ទាញយក​កម្មវិធីអេស៊ីលី​ដាម៉ូ​បាល​នេះតាមរយៈApp Store, Play Store, App gallery នោះលោកអ្នក​នឹងទទួល​បានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទ​ទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh

សណ្ឋាគារ និងផ្ទះសំណាក់ជាង៥០០ទីតាំង បើកទទួលភ្ញៀវឡើងវិញ បន្ទាប់ពីប៉ះពាល់ដោយកូវីដ១៩ ខណៈជិត២០០ទីតាំង នៅស្ទាក់ស្ទើរ និង២៩ទីតាំង បិទទាំងស្រុង

ភ្នំពេញ៖ សណ្ឋាគារ និងផ្ទះសំណាក់ជាង៥០០ទីតាំងនៅកម្ពុជា បានបើកដំណើរជាធម្មតាវិញហើយ គិតត្រឹម​ដំណាច់ខែកក្កដា ឆ្នាំ២០២២ ខណៈជិត២០០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង២៩ទីតាំងបានបិទអាជីវកម្ម​តែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។ នេះបើយោតាម​របាយការណ៍របស់ក្រសួងទេសចរណ៍ ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ នៅកម្ពុជាមានសរុបមានចំនួន៧៣៩ទីតាំង ក្នុងនោះ៥២០ទីតាំងកំពុងបើកដំណើរការ, ១៩០ទីតាំងបានផ្អាក​អាជីវកម្ម និង ២៩ ទីតាំងទៀតបានសម្រេចបិទអាជីវកម្មតែម្តង។ ដោយឡែកភោជនីយដ្ឋាន ដែលបច្ចុប្បន្នមាន​ចំនួនសរុប ២៥២៩ ទីតាំង ក្នុងនោះជាង២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។

លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍​ថា ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលមូលដ្ឋាន​អាជីវកម្មនៅក្នុងខេត្តនេះប្រមាណ ៩០%បានផ្អាក និងបិទអាជីវកម្ម។ ចំណែកខេត្តគោលដៅ​ទេសចរណ៍ផ្សេងទៀត រងផលប៉ះពាល់តិចតួច។

លោកបានគូសបញ្ជាក់ថា ក្រោយពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនឡើងជាបណ្តើរៗ មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅក្នុងខេត្តសៀមរាប រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណ៤៦% ក្នុងចំណោមអាជីវកម្មដែលបានបិទទ្វារ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់។

រីឯមូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារតែ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្ម​មួយចំនួននៅស្ទាក់ស្ទើរ មិនទាន់បើកដំណើរការ។

នាពេលបច្ចុប្បន្ននៅទូទាំងប្រទេស មានភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តមកកម្ពុជាមាន ប្រមាណ៥០០០​នាក់ ក្នុងនោះនៅខេត្តសៀមរាប មានប្រមាណពី៧០០នាក់ទៅ៨០០នាក់ នៅក្នុងមួយថ្ងៃ។

ឯកឧត្តមបានបន្ថែមថា «នៅក្នុងរដូវកាលមានទេសចរណ៍ច្រើន ចាប់ពីខែតុលា វិច្ឆិកា ធ្នូ អាចថាដល់ពេលនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិអាចនឹងឡើងច្រើន ដែលធ្វើឱ្យចំនួនមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានបិទ​កន្លងទៅ ក៏គាត់អាចបើកបន្តថែមទៀតដែរ»។

លោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារ និងជាម្ចាស់សណ្ឋារគារមានទីតាំងនៅខេត្តក្រចេះ និងរតនគិរី បានប្រាប់ថា បន្ទាប់ពីវិស័យទេសចរណ៍ បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗនេះ វិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានដំណើរការល្អជាងមុន ប៉ុន្តែយ៉ាងណាពួកគេនៅតែមានបញ្ហាប្រឈម ដោយសារខ្វះខាតបុគ្គលិក និងថវិកា ដែលធ្វើឱ្យការបម្រើសេវាកម្មភ្ញៀវ នៅមានភាពខ្វះចន្លោះ។

លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា «តាមការធ្វើដំណើររបស់ខ្ញុំ ពីខេត្តមួយទៅខេត្តមួយ ឃើញថាសណ្ឋាគារ ឬផ្ទះសំណាក់ ពុំទាន់បានបើកឡើងវិញ១០០% ដូចកាលមុនកូវីដទេ។ ការមិនទាន់បើកទ្វាររបស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន គឺដោយសារទី១ កត្តាខ្វះទុន បើកឡើងវិញ ព្រោះថាការបើកសណ្ឋាគារ និងផ្ទះសំណាក់ ត្រូវការថវិកាគួរសមដែរ ទៅតាមប្រភេទអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារតាមលំដាប់ ទី២.ខ្វះបុគ្គលិកជំនាញ អ្នកគ្រប់គ្រងជាដើម ព្រោះថារយៈពេលដែលបិទទ្វារក្នុងពេលកូវីដនេះ គឺបុគ្គលិកជំនាញទេសចរណ៍ គាត់ទៅធ្វើការកន្លែងផ្សេង និងមួយទៀតដែរ ភ្ញៀវទេសចរបរទេស ដែលមកស្រុកខ្មែរក៏មានកម្រិតដែរ។ អីចឹងអ្នកដែលមិនទាន់បើកទ្វារ ដោយសារគាត់មិនទាន់សង្ឃឹមថា បានភ្ញៀវគួរសម ដើម្បីទប់ទល់នឹងចំណាយ ធ្វើឱ្យទន្ទឹងចាំមើលបន្តិចទៀត។ ហេតុនេះបានជាយើងឃើញថាសណ្ឋាគារ ឬផ្ទះសំណាក់បើកជាបណ្តើរៗ គឺមិនមែនបើកក្នុងមួយខែ ឬបើកស្រុះគ្នានៅក្នុងឆ្នាំនេះទេ»។

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍សរុបនៅកម្ពុជា​មានជិត៨ពាន់​អាជីវកម្ម ក្នុងនោះ៦៨១ អាជីវកម្ម ដែលស្មើនឹង ៨.៦៣% បានកំពុងផ្អាកអាជីវកម្ម និង ៥២៤អាជីវកម្ម ឬប្រមាណ៦.៦៤% បានបិទអាជីវកម្ម។ ក្នុងនោះដែរខេត្តសៀមរាប ដែលមានមូលដ្ឋានអាជីវកម្ម ១១៩៦ ក្នុងនោះ អាជីវកម្ម៦៥១ នៅបន្តផ្អាក និងបិទទ្វារ៕

 

 

 

 

 

 

 

 

 

វិនិយោគជប៉ុននៅកម្ពុជាកើនឡើងប្រមាណ២,៩ពាន់លានដុល្លារត្រឹមដើមឆ្នាំ២០២២

ភ្នំពេញ៖ ការវិនិយោគរបស់ប្រទេសជប៉ុនមកកម្ពុជា មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ គិតត្រឹមខែមករា ឆ្នាំ២០២២ គម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៤៧ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៩ ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី គម្រោងវិនិយោគរបស់ប្រទេសជប៉ុនភាគច្រើនកើតឡើងក្នុងវិស័យជាច្រើនដូចជា កសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ និងទីផ្សារអាហារថ្ងៃត្រង់។ វិនិយោគិនជប៉ុនប្រហែលជាពង្រីកការវិនិយោគរបស់ពួកគេក្នុងវិស័យកសិកម្ម និង ផលិតកម្មសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសសមាជិក RCEP ចិន និងកូរ៉េ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលថ្មីៗនេះ (RCEP កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ)។

 

ចំណែកលោក កាន់ដាយូហ្គូ (KANDA YOGO) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន បានថ្លែងក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា ទៅកាន់អ្នកវិនិយោគថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនប្រមាណជាង ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅប្រទេសកម្ពុជា ភាគច្រើនផ្តោតលើវិស័យទូទៅដូចជា ធនាគារ វិស័យសំណង់ និងវិស័យធានារ៉ាប់រងជាដើម។

បើតាមលោក កាន់ដាយូហ្គូ ក្រុមហ៊ុនជប៉ុនជាង ២៥០ នេះគឺក្រុមហ៊ុនដែលបានចុះបញ្ជីនៅសមាគមទេ។ ប៉ុន្តែមានក្រុហ៊ុនច្រើនទៀតដែលកំពុងវិនិយោគនៅកម្ពុជា តែមិនបានចុះបញ្ជីជាមួយសមាគម។ក្នុងចំណោមក្រុមហ៊ុនជាង ២៥០ ក្នុងនោះមាន ២៥ ភាគរយវិនិយោគលើវិស័យកម្មមន្តសាល ២៥ ភាគរយវិនិយោគលើពាណិជ្ជកម្ម និងសេវាកម្ម និង ៥០ ភាគរយទៀតវិនិយោគលើវិស័យទូទៅ ដូចជាធនាគារ វិស័យសំណង់ និងវិស័យធានារ៉ាប់រងជាដើម។

លោក កាន់ដាយូហ្គូ បានបញ្ជាក់ថា ប៉ុន្តែបើគិតត្រឹមឆមាសទី១ ឆ្នាំនេះ មានក្រុមហ៊ុនហ៊ុនជប៉ុនថ្មីបានមកបោះទុនវិនិយោគនៅកម្ពុជាចំនួន ៨ ក្រុមហ៊ុន ហើយលោកសង្ឃឹមថា នៅឆ្នាំ២០២៣ ខាងមុខនេះ នឹងមានក្រុមហ៊ុនជប៉ុនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាបានទប់ស្កាត់ជំងឺកូវីដ-១៩បានល្អប្រសើរ។

គួរបញ្ជាក់ថា ចំណុចសំខាន់នៃកិច្ចប្រជុំនៅថ្ងៃទី២៦សីហានេះ គឺផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជាទៅកាន់អ្នកវិនិយោគ ជាពិសេសអ្នកវិនិយោគជប៉ុន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។ ម្យ៉ាងវិញទៀត វិនិយោគិនអាចជួបគ្នាទៅវិញទៅមក និងចូលរួមក្នុងទំនាក់ទំនងអាជីវកម្ម និងបណ្តាញស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជា៕

ក្រសួងកសិកម្មកម្ពុជា-ចិនរួមគ្នាបង្កើតក្រុមការងារសិក្សាទំនិញកសិកម្មមានសក្តានុពលដើម្បីនាំចេញ

 

ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃ ក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានសម្រេចសហការជាមួយក្រសួងកសិកម្មរបស់​កម្ពុជា​បង្កើតក្រុមការងារបច្ចេកទេស ដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោត​សំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។

ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក Zhang Lubiao

ដែលបានដឹកនាំគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។​

លោករដ្ឋមន្ត្រីបានថ្លែង ចំពោះវិស័យកសិកម្ម លោករដ្ឋមន្ត្រីបានក៏វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​យ៉ាងល្អ​ប្រសើររវាងប្រទេសទាំងពីរ ដោយថ្មីៗនេះភាគីចិន​បានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយនិងត្រីប្រា ហើយនឹងអនុញ្ញាតឱ្យនាំចូលផ្លែមៀនកម្ពុជាឆាប់ៗខាងមុខនេះ។

លោកមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងអាចពង្រឹងនិងពង្រីកកាន់តែរឹងមាំថែម​មួយកម្រិតទៀត តាមរយៈការបើកការចរចាលក្ខខ័ណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើ​ផលិតផល​កសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេននាពេលខាងមុខនេះ។

លោក Zhang Lubiao បានមានប្រសាសន៍ថា បេសកកម្មផ្លូវការរបស់លោក និងសហការីមកនាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហបករតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយ​គាំទ្រលើ​ការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ភាគីចិនបាន​រៀបចំក្រុមការងារជំនាញថ្នាក់ជាតិមួយដែលមានសមត្ថភាព និងបទពិសោធខ្ពស់ក្នុងការរៀបចំផែនការមេក្នុង​ការអភិវឌ្ឍវិស័យកសិកម្ម។

លោកបានបន្ថែមថា ការរៀបចំផែនការមេ គឺពិតជាសំខាន់ណាស់ ប៉ុន្តែការអនុវត្ត ក៏ដូចជាការយន្តការ​នៃការអនុវត្តគឺកាន់តែសំខាន់ថែមទៀត ដូចជាការប្រមូល កៀងគរ និងប្រើប្រាស់ធនធាន រួមមានធនធានមនុស្ស ធនធានថវិកាជាដើម ពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន និងពីថ្នាក់មូលដ្ឋានមកថ្នាក់ជាតិ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ។

លោករដ្ឋមន្ត្រីឯកភាពចំពោះការលើកឡើងរបស់ Zhang Lubiao ជាពិសេសលើការរៀបចំផែនការមេ និង​សារៈសំខាន់​នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍​កសិកម្មទំនើបនៅកម្ពុជាទទួលបានជោគជ័យដូចការ​រំពឹងទុក លោករដ្ឋមន្ត្រីស្នើដល់ក្រុមការងារជំនាញពី​ក្រសួងទាំងពីរ ពិនិត្យពិចារណាលើការជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មក​សិកម្មគ្រប់ជ្រុងជ្រោយ ដោយផ្តោតជាសំខាន់លើការផ្សាភ្ជាប់អ្នកផលិត វិស័យឯកជន និងទីផ្សារតាមរយៈ​ការពង្រឹង​ការងារដាំដុះ ការកែច្នៃ និងការវេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារតាមតម្រូវការ និងតម្រូវចិត្តរបស់អ្នកបរិភោគទាំងក្នុងនិងក្រៅប្រទេស៕

 

 

កម្ពុជា-វៀតណាមប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យ វិស័យដឹកជញ្ជូន និងភស្តុភារកម្ម

 

ទីក្រុងហាណូយ៖ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាន​ដឹកនាំ​គណៈប្រតិភូក្រសួង រួមមានសមាសភាពជាអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម អភិបាលរងនៃ​គណៈអភិបាល​ខេត្តស្វាយរៀង និងមន្រ្តីជាន់ខ្ពស់មកពីកំពង់ផែស្វយ័តភ្នំពេញ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ អគ្គនាយកដ្ឋានភស្តុភារកម្ម និងនាយកដ្ឋានផ្លូវដែក រួមជាមួយជំនាញការជប៉ុន ដើម្បីធ្វើទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជននៅប្រទេសវៀណាម។

ទស្សនកិច្ចមានរយៈពេល២ថ្ងៃនេះ ចាប់ពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានគោលបំណង ស្វែងយល់អំពីមុខងារសំខាន់ៗរបស់ស្ថាប័នរដ្ឋក្នុងការចូលរួមអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ពង្រឹង​កិច្ចសហប្រតិបត្តិការ និងបង្កើនចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យភស្តុភារកម្មរវាងប្រទេស​ទាំងពីរ ស្វែងយល់អំពីការរៀបចំ និងការអនុវត្តគោលនយោបាយភស្តុភារកម្ម ព្រមទាំងការប្រមូលទិន្នន័យភស្តុភារកម្ម និងដឹកជញ្ជូន ស្វែងយល់អំពីការអប់រំ និងការអភិវឌ្ឍធនធានមនុស្សលើវិស័យភស្តុភារកម្មនៅប្រទេសវៀតណាម ស្វែងយល់អំពីការអនុវត្តគម្រោង ជាពិសេសការអនុវត្តគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មSuperport របស់ក្រុមហ៊ុនYCH នៅក្បែរទីក្រុងហាណូយ។

ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក្រសួង បានជួបពិភាក្សាការងារ ក្រសួងដឹកជញ្ជូនវៀតណាម ដើម្បីសិក្សាស្វែងយល់អំពីក្របខណ្ឌនៃការរៀបចំគោលនយោបាយ អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសវៀតណាម និងផែនការនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក​ជាមួយប្រទេសកម្ពុជា និងបានជួបពិភាក្សាក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីសិក្សាស្វែងយល់ អំពីមុខងារសំខាន់ៗពាក់ព័ន្ធនឹងវិស័យភស្តុភារកម្ម និងការរៀបចំ និងអនុវត្តគោលយោបាយភស្តុភារកម្ម។

គណៈប្រតិភូ បានជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុនYCH និងធ្វើទស្សនកិច្ចនៅការដ្ឋានសាងសង់គម្រោង​អភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មដើម្បីសិក្សាស្វែងយល់អំពីគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មនៅ​ទីក្រុងហាណូយ តភ្ជាប់នឹងព្រលានយន្តហោះអន្តរជាតិណយបៃ ក្រុងហាណូយ។ មជ្ឈមណ្ឌលភស្តុភារកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួល និងបង្កើនរំហូរពាណិជ្ជកម្មជាតិ និងអន្តរជាតិនៅក្នុងទីក្រុងហាណូយ។

គណៈប្រតិភូបានពិភាក្សាលើសេចក្តីព្រាងអនុស្សារណៈយោគយល់នៃការដំឡើងកូតារថយន្តធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ព្រមទាំងបានកំណត់ពេលវេលា និងទីកន្លែងសម្រាប់កិច្ចប្រជុំទ្វេភាគីដើម្បី​ពិនិត្យលទ្ធភាពក្នុងការជំរុញការបញ្ចប់សេចក្តីព្រាងអនុស្សារណៈយោគយោល់នេះ និងកិច្ចប្រជុំពាក់ព័ន្ធ និងបញ្ហាប្រឈមនានានៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​រវាងប្រទេសកម្ពុជា-វៀតណាមរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងភស្តុភារកម្ម។

គណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យពាណិជ្ជកម្មបរទេសដើម្បីស្វែង​យល់អំពី​កម្មវិធីសិក្សា និងប្រព័ន្ធអប់រំជំនាញភស្តុភារកម្មនៅប្រទេសវៀតណាម និងកិច្ចសហប្រតិបត្តិការ និងការសម្រប​សម្រួល​ជាមួយនឹងរដ្ឋាភិបាល និងបានជួបពិភាក្សាជាមួយវិទ្យាស្ថានយុទ្ធសាស្រ្ត ដឹកជញ្ជូន និង ការអភិវឌ្ឍដើម្បី​ស្វែងយល់អំពីក្របខណ្ឌនៃការប្រមូលទិន្នន័យដឹកជញ្ជូន និងភស្តុភារកម្ម និងការផ្សព្វផ្សាយស្ថិតិ និង​របាយការណ៍​​សិក្សាគោលនយោបាយពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម៕

៧ខែឆ្នាំ២០២២ ខេត្តសៀមរាបទទួលភ្ញៀវអន្តរជាតិជាង៨ម៉ឺននាក់ ក្នុងចំណោមភ្ញៀវសរុបជាង១លាននាក់

 

(ភ្នំពេញ)៖ រយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន ១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧% ប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២១ ក្នុងនោះមាន​ភ្ញៀវ​ទេសចរជាតិចំនួន១,១៥៩,០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៨៣,៨៥៤នាក់។

បើតាមលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាប​ក្នុងរយៈពេល៧ខែឆ្នាំ២០២២ គឺមានចំនួន១,២៤២,៨៥៤នាក់ កើនឡើង ៨៩០.១៧% ប្រៀបធៀប​រយៈពេល​ដូចគ្នានៅឆ្នាំ២០២១ (ចំនួន១២៥,៥១៩នាក់) ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់ កើនឡើង៧៩៨.៤៦% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧%។

លោកបានបន្តថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២ដូចគ្នានេះដែរ ជើងហោះហើរក្រៅប្រទេសដែលចូលមក​កាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់ ក្នុងនោះក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប) ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និងបាងកក-សៀមរាប) ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប) ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប) ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) ក្រុមហ៊ុន Air Iceland (កោះហ្កាំ-សៀមរាប)។

លោក ថោង ខុន បានបញ្ជាក់ពីជើងហោះហើរក្នុងស្រុក មានក្រុមហ៊ុន Cambodia Angkor Air ភ្នំពេញ-សៀមរាប មានចំនួន១៤៥ជើង និងកំពង់សោម-សៀមរាប មានចំនួន១៣ជើង។ ក្រៅពីនោះមានក្រុមហ៊ុន Cambodia Airway ភ្នំពេញ-សៀមរាប) មានចំនួន៣ជើង។

យោងតាមស្ថិតិខាងលើនេះបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាស​មានប្រមាណ៧០%នៃចំនួនភ្ញៀវអន្តរជាតិសរុប។ មកដល់ពេលនេះមានការហោះហើរ៧-៨ជើងក្នុងមួយថ្ងៃ មានអ្នកដំណើរជាមធ្យម៧០០-៨០០នាក់ក្នុងមួយថ្ងៃ៕

 

សៀវភៅដែលមានចំណងជើងថា៖ «Beyond Borders, Beyond Banking» របស់ធនាគារអេស៊ីលីដាដាក់សម្ពោធជាផ្លូវការ

 

ភ្នំពេញ៖ ធនាគារអេស៊ីលីដាបានដាក់សម្ពោធជាផ្លូវការនូវសៀវភៅក្បាលភាគ២របស់ខ្លួននៅថ្ងៃទី១៦ ខែសីហា មានចំណងជើងថា«Beyond Borders, Beyond Banking» បន្ទាប់ពីសៀវភៅទី១ មានចំណងជើង« When There Was No Money » ត្រូវបានផ្សព្វផ្សាយនៅទីក្រុងញ្ញូវយ៉ក នៃសហរដ្ឋអេមេរិក​នាពេល​កន្លង​មក។​

បណ្ឌិត អ៊ិន ចាន់នី បានថ្លែងក្នុងពិធីសម្ពោធសៀវភៅ«Beyond Borders, Beyond Banking» ថាការណ៍​ដែរធនាគាររបស់លោកសម្រេចដាក់ចំណងជើងដូច្នេះ ដោយសារតែនៅពេលមិនមាន​សាច់ប្រាក់​គ្រប់គ្រាន់​គឺដំណាក់កាលដំណើរការកម្ពុជាបានកំពុងកសាងស្តារ (rehabilitation)គឺមិនមានការប្រើប្រាស់​ឥណទាន​ច្រើនទេនៅក្នុងអំឡុងឆ្នាំ១៩៩០-២០០៣។

លោកថ្លែងបន្តទៀតថា ធនាគារអេស៊ីលីដាបានធ្វើ​ការអភិវឌ្ឍជាបន្តបន្ទាប់​រហូតដល់ខ្លួនបានរៀបចំបោះពុម្ភ​សៀវភៅក្បាលភាគ២មានចំណង់ជើង«Beyond Borders, Beyond Banking ដែលមានន័យថា ហួសពី​ព្រំដែន​កម្ពុជាហួសពីវិស័យធនាគារទៅទៀត ព្រោះ​ក្នុង​ឆ្នាំ២០០៥ គឺជាឆ្នាំមានការរីក​ចម្រើនខ្លាំងនៅ​ក្នុងវិស័យធនាគារ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«នៅក្នុងឆ្នាំ២០០៨ យើងចាប់ផ្តើមពង្រីកហួសពីព្រំដែនកម្ពុជាគឺយើង​បម្រើ​សេវានៅទៅប្រទេសឡាវ និងឆ្នាំ២០១៣ យើងបានពង្រីកសេវាទៅកាន់ប្រទេសមីយ៉ាន់ម៉ា(ភូមា)។ ហួសពី​ព្រំដែន​កម្ពុជាគឺ យើងពង្រីកទៅដល់អាស៊ាន ហើយលើសពីវិស័យធនាគារ យើងបានចាប់ផ្តើមទៅ លើវិស័យ​មូលបត្រ នោះហើយគឺជាដំណើរការនៃការអភិវឌ្ឍរបស់ធនាគារ ជាមួយអតិថិជនព្រោះ យើងបានបោះផ្សាយ​ភាគហ៊ុនគឺអតិថិជនជាម្ចាស់នៃភាគហ៊ុនិក ទើបបានជាយើងរីកចម្រើនជាមួយអតិថិជនរបស់យើង ដូច្នេះគាត់​អាចប្រើ​សេវាហិរញ្ញវត្ថុ ហើយគាត់អាចធ្វើជាម្ចាស់ធនាគារតាមរយៈការវិនិយោគទិញភាគហ៊ុនរបស់ធនាគារ​នៅក្នុងផ្សារមូលបត្រ នោះឯងជាខ្លឹមសារសង្ខេបនៃការអភិវឌ្ឍរបស់ធនាគារត្រូវបានចង់ក្រងនៅក្នុងសៀវភៅ​ភាគ២នេះ»។

លោកក៏បានគួសបញ្ចាក់ទៀតថា ហួសពីព្រំដែនគឺធនាការបានពង្រីកទៅកាន់បណ្តាប្រទេសនៅក្នុងអាស៊ាន ហើយពីវិស័យធនាគារគឺឈានចូលវិស័យមូលបត្រ ព្រមទាំងច្រើនជាងនេះគឺការផ្តល់សេវាចម្រុះ។

លោកបានថ្លែងថា៖«យើងបានផ្តល់សេវាមួយទៀតសម្រាប់ផ្តល់ឱកាសក្នុងចែករំលែកបទពិសោធន៍របស់ធនាគារ អេស៊ីលីដា ទៅដល់ប្រទេសលើសកលលោកដែលជាចំណែកនៃទស្សនកិច្ចសិក្សានៃវិទ្យាស្ថាន គឺបង់ថ្លៃ​សិក្សា​រយៈពេលខ្លី ហើយសៀវភៅនេះជាចំណែកមួយនៃសេវារបស់វិទ្យាស្ថាន»។

«ដូច្នេះសៀវភៅភាគ២នេះក៏មានគោលដៅដូចគ្នាដែរគឺសម្រាប់និស្សិតនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និង​សម្រាប់​គ្រឹះស្ថាន​នៅលើសកលលោកដែលគាត់មកស្វែងយល់សិក្សាពីកម្ពុជា រួមទាំងអាជ្ញាធរនិយ័តកម្មនៅក្នុង​វិស័យធនាគារនិងហិរញ្ញវត្ថុរបស់ប្រទេសដទៃ»។ នេះបើយោងតាមការថ្លែងអះអាងរបស់បណ្ឌិត អ៊ិន ចាន់នី។

សូមបញ្ជាក់ផងដែរថា សម្រាប់សៀវភៅ «Beyond Borders, Beyond Banking »គឺត្រូវបានចំណាយ​ទឹកប្រាក់អស់៦០ម៉ឺនដុល្លារ​ ដែលនឹងធ្វើការបោះផ្សាយចំនួន៣ម៉ឺនក្បាល។​ សៀវភៅនេះត្រូវបានចងក្រងអំពីការ​អភិវឌ្ឍអេស៊ីលីដា នៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ។ ហើយសៀវភៅនេះ មានបោះពុម្ភលក់នៅ​លើ​Amazon​ ដែលដែលធនាគារអេស៊ីលីដាមានដៃគូរសម្រាប់លក់៕