ខេត្តសៀមរាបរំពឹងថានឹងទទួលបានភ្ញៀវសរុបជាង២លាននាក់ក្នុងឆ្នាំ២០២២នេះ

 

ភ្នំពេញ៖ ក្រសួងទេចរណ៍បានធ្វើការព្យាករណ៍ថា ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរចូលមកកម្សាន្ត នឹង​ឡើងដល់ចំនួន២,២៧៨,៨៥៤នាក់សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២  ខណៈក្នុងរយៈពេល៧ខែ​ឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់រួចទៅហើយ។

នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «តាមការព្យាករណ៍សម្រាប់រយៈ​ពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹង​ឡើងដល់ចំនួន​២,២៧៨,៨៥៤​នាក់»។ ចំនួនជាង២លាននាក់ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា៣២៦.៧៥% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន៥៣៤,០០៥នាក់។

លោករដ្ឋមន្ត្រីបានបន្តថា នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរជាតិនឹងឡើងដល់ចំនួន​២,០៣៩,០០០នាក់ កើនឡើង២៩១.២៦% ហើយភ្ញៀវទេសចរអន្តរជាតិក៏នឹងឡើងដល់ចំនួន​២៣៩,៨៥៤នាក់ កើនឡើង១៧៦៣.២៣%។

លោក ថោង ខុន បានបញ្ជាក់ទៀតថា ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍បានកំពុងពិភាក្សា​ជាក្រសួង/ប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត «កញ្ចប់ទស្សនកិច្ចពិសេស» ដើម្បីទាក់ទាញ​ឱ្យ​ទេសចរមកទស្សនាខេត្តសៀមរាបច្រើនដង។

នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការ​អាជីវកម្មសរុបចំនួន​៥៤៨កន្លែង ស្មើនឹង៤៦%នៃអាជីវកម្មទេសចរណ៏សរុបក្នុងខេត្តមានចំនួន១១៨៧កន្លែង។ នេះបើតាមការ​បន្ថែមរបស់លោក ថោង ខុន។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានយកចិត្តទុកដាក់ចំពោះធនធានមនុស្សដែលបម្រើឱ្យវិស័យទេសចរណ៍ផងដែរ ដោយលោកបានចាត់ក្រុមការងារក្រសួងទេសចរណ៍ឱ្យចុះពិនិត្យជំហានទី២ ដើម្បីវាយតម្លៃពីគុណភាព សេវាកម្ម និងបដិសណ្ឋារកិច្ច ក៏ដូចជាផ្ដល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកបម្រើការក្នុងវិស័យ​ទេសចរណ៍នៅខេត្តសៀមរាបបន្ថែមទៀត៕

 

កម្ពុជា-ថៃ នឹងត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២២

ភ្នំពេញ៖ ថ្នាក់ដឹកកម្ពុជា-ថៃ នឹងធ្វើការត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដោយមានការចូលរួមដោយ ផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង មន្រ្តី​គម្រោង​កែ​លម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំដំណើរទស្សន​កិច្ចថ្នាក់រដ្ឋមន្ត្រីបន្ទាប់ពីភាគីថៃ បានពិនិត្យពិចារណាលើសំណើរបស់កម្ពុជាឱ្យមានការបើកប្រើប្រាស់ជា​បណ្ដោះអាសន្នស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលបញ្ចៀសចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។

អង្គប្រជុំបានពិភាក្សាលម្អិតអំពីវឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់​ទៅផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា៥៤% វឌ្ឍនភាព និងការសាងសង់បញ្ចប់​ផ្លូវវាង​ស្នែងក្របី ទីលានចំណតយានយន្ត ការិយាល័យកុងតឺន័រ(ចំនួន០៧ ) បង្គន់អនាម័យ (០២) ការចុះ ត្រួតពិនិត្យជាមុនដើម្បីសម្អាត និងរៀបចំទីតាំងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ការរៀបចំលំហូរចរាចណ៍ និងក្បួនគណៈប្រតិភូឆ្លងកាត់ពីទឹកដីថៃតាមច្រកទ្វារប៉ោយប៉ែត-អារញ្ញប្រាថេត ការរៀបចំខ្លឹមសារឯកសារ​សង្ខេបគម្រោងសម្រាប់គណៈប្រតិភូ និងជំនួយស្មារតីសម្រាប់ថ្នាក់ដឹកនាំ ការបែងចែកតួនាទី និងភារកិច្ចក្រុម​ការងារទទួលបន្ទុករៀបចំ ក្រុមការងារទទួលបន្ទុកការងារសម្របសម្រួលជាមួយភាគីថៃ ការងារដែលនៅ​សេសសល់មិនទាន់សម្រេចរវាងភាគីប្រទេសទាំងពីរ និងការអញ្ជើញតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ​ចូលរួមដំណើរទស្សនកិច្ចនេះផងដែរ។

លោកស្រីរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានលើកឡើងបន្ថែម និងសង្កត់ធ្ងន់លើចំនុចសំខាន់ៗមួយ ចំនួននៃកិច្ចប្រជុំដែលរួមមាន៖ ការរៀបចំឯកសារ និងការរចនាប្លង់ពាក់ព័ន្ធដើម្បីចែកជូនគណៈប្រតិភូក្នុង ពេលបំពេញទស្សនកិច្ច ដើម្បីពិនិត្យមើលលើការរៀបចំសំណង់ទាំងមូល និងការរៀបចំជំនួយស្មារតី សម្រាប់ថ្នាក់ដឹកនាំពិនិត្យ។

លោកស្រីក៏បានស្នើឱ្យបញ្ចូលបញ្ហាសេសសល់ និងមតិយោបល់ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ នេះទៅក្នុងជំនួយស្មារតី ដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រីពិនិត្យ ដើម្បីត្រៀមក្នុងករណីត្រូវលើកឡើង ជាមួយភាគីថៃ ឬដើម្បីយកទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធផងដែរ៕

 

ធនាគារអភិវឌ្ឍន៍ជនបទ ចុះហត្ថលេខាផ្តល់ឥណទានបោះដុំ៣០លានដុល្លារដល់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៣

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជាមួយធនាគារ​ប្រៃសណីយ៍កម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ ក្រោមគម្រោង​ពិពិធកម្មកសិកម្មកម្ពុជា ក្នុងការផ្តល់ឥណទាន ដល់កសិករ សហគមន៍កសិកម្ម ដើម្បីលើកស្ទួយវិស័យកសិកម្ម ដែលជាវិស័យជន្ទល់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្នុងដំណាក់កាលដែលពិភពលោក​កំពុងជួប​វិបត្តិស្បៀងអាហារ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតី​ភាព​លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបបន្ទុកជា អគ្គនាយក​ធនាគារអភិវឌ្ឍនទជនបទ និងកសិកម្ម និងមានការអញ្ជើញចូលពីលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា លោក Yannick Nicolas MILEV ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន និងលោក គា បូរាណ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ។

ក្រោមគម្រោងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ឥណទានបោះដុំជូនគ្រឹះស្ថានហិរញ្ញ​វត្ថុទាំង​បី​ខាងលើ ដើម្បីផ្តល់ឥណទានបន្តដល់អ្នកទទួលផលក្នុងគម្រោងដូចជា កសិករខ្នាតតូច កសិធុរកិច្ចខ្នាតតូច និងមធ្យម, សហគមន៍កសិកម្ម និងក្រុមអ្នកផលិត សម្រាប់កសិផលទាំងអស់លើកលែងតែស្រូវ។

គម្រោងនេះមានគម្រោងមានគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងគាំទ្រដល់ខ្សែច្រវាក់តម្លៃ​ពិពិធកម្មវិស័យកសិកម្ម នៅរាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន១២ រួមមានខេត្តបាត់ដំបង, មណ្ឌលគិរី, ស្ទឹងត្រែង, រតនគិរី, ព្រះវិហារ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, សៀមរាប, កណ្តាល, កំពង់ស្ពឺ និងកំពង់ឆ្នាំង៕

លោក ស៊ូ សុជាតិ៖ ធនាគារ​អេស៊ីលីដាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា

 

ភ្នំពេញៈ ធនាគារ​អេស៊ីលីដា និង​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​ធន​នៅ​កម្ពុជា​ ជាពិសេសបានទាក់ទាញនូវវិនិយោគិនជាច្រើន​ចូលរួមក្នុងផ្សារ​មូលបត្រ​កម្ពុជា។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់ លោក ស៊ូ សុជាតិ អគ្គ​នាយក​និយ័ត​ករ​មូល​បត្រ​កម្ពុជា។

លោក ស៊ូ សុជាតិ បាន​​ ថ្លែងកាល​ពីថ្ងៃទី១៦​ខែ​សីហា ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​វិនិយោ​គិន​ក្នុង​វិស័យ​មូល​បត្រ ស្តី​ពី​ការ​ជំរុញ​ការ​យល់​ដឹង​ក្នុង​វិស័យ​មូល​បត្រ ដល់​ថ្នាក់​ដឹក​នាំ និង​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា ភីអិល​ស៊ីដែលមានអ្នកចូលរួមផ្ទាល់និងតាមប្រព័ន្ធអនឡាញរាប់រយនាក់។ លោកបានថ្លែងថា ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង ការ​អភិវឌ្ឍ​ទីផ្សារ​មូល​បត្រ ចាប់​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​ចាប់​ផ្តើម​ទីផ្សារ​មូល​បត្រ​របស់​កម្ពុជា​ដោយ​ក្នុង​នោះ ធនាគារ អេស៊ីលីដា បាន​ទទួល​ស្គាល់​ធ្វើ​ជា​ភ្នាក់ងារ​ទូទាត់​សាច់​ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ​ភ្នាក់​ងារ បញ្ជីកា​មូល​បត្រ ភ្នាក់ងារ​ចុះ​បញ្ជី​ផ្ទេរ​មូល​បត្រ និង​ភ្នាក់​ងារ​ទូទាត់ និង​ពេល​នេះ​ជា​ភ្នាក់ងារ រក្សា​សុវត្ថិ​ភាព ក្នុង​វិស័យ​មូល​បត្រ​។​

លោក​បាន​ថ្លែង​ថា​៖​« ធនាគារ​អេស៊ី​លីដា ក៏​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្ម​សិទ្ធិ​ជា​សាធារណៈ​កាល​ពី​ក្នុង អំឡុង​ឆ្នាំ​២០២០​ដែល​ទោះ​បី​ជា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏​ទីផ្សារ​មូល​បត្រ​នៅតែ​បង្ហាញ​ពី​កំណើន និង​ការ​វិវឌ្ឍ​ជា​វិជ្ជមាន។ តាម​រយៈ​ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​អេស៊ីលីដា បាន​ធ្វើ​ឱ្យ​ទីផ្សារ​របស់​យើង​មាន​កំណើន​គួរ​ឱ្យ​កត់​សម្គាល់​ទាំង​កំណើន​វិនិយោ​គិន ទំហំ​និង​តម្លៃ​ជួញ​ដូរ និង​ទំហំ​មូល​ធនូប​នីយកម្ម​ទីផ្សារ​»​។​

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា បាន​ឱ្យ​ដឹង​ថា ធនាគារ​អេស៊ីលីដា កំពុង​បន្ត​រីក​ចម្រើន​ប្រកប​ដោយ​និរន្តរ​ភាព ដោយ​សារ​ធនធាន​មនុស្ស​ដ៏​រឹងមាំ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​តាម​ការ​គ្រោង​ទុក ស្រប​តាម​ច្បាប់ បទ​ប្បញ្ញត្តិ គោល​ការណ៍ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​ស្រប​ជាមួយ​នឹង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា និង​លក្ខខណ្ឌ​តម្រូវ​ការងារ​។

លោក​ថ្លែងថា​៖ «​ដូច​យើង​ដឹង​ហើយ​ថា ធនាគារ​អេស៊ីលីដា មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ តាម​រយៈ​របាយការណ៍​ជា​សាធារណៈ ដែល​ទើប​ចេញ​ផ្សាយ​ថ្មីៗ​នេះ ធនាគារ​យើង​សម្រេច​បាន​លទ្ធផល ល្អ​ប្រសើរ​របស់​ខ្លួន​នៅ​ក្នុង​ឆមាស​ទី១​ឆ្នាំ​នេះ​។ របាយការណ៍​របស់​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ត្រូវ​បាន​ចេញ​ផ្សាយ ជា​សាធារណៈ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់ និង​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ធាតុ​ផ្សំ​ជា​មូលដ្ឋាន​សម្រាប់​វិនិយោគិន​ក្នុង​ការ សម្រេច​ចិត្ត​ក្នុង​ការ​វិនិ​យោគ​លើ​មូល​បត្រ​ណា​មួយ​តាម​ការ​យល់​ឃើញ​ដ៏​រឹងមាំ​របស់​ពួក​គេ​»​

គិត​ត្រឹម​ត្រីមាស​ទី​២​ឆ្នាំ​២០២២ និយ័តករមូលបត្រកម្ពុជា បាន​ផ្តល់​លេខ​អត្ត​សញ្ញាណ​វិនិយោគិន​សរុប​ចំនួន ៣២ ៣៧៤ ក្នុង​នោះ​វិនិយោគិន​ជា​រូបវន្ត​បុគ្គល​សរុប​ចំនួន​៩៩,៥២ ភាគរយ និង​វិនិយោគិន​សញ្ជាតិ​ខ្មែរ​មាន​ចំនួន ៨៦,១២ ភាគរយ​។ ទំហំ​មូល​ធនូបនីយ​កម្ម​ទីផ្សារ​សរុប​នៃ​ទីផ្សារ​មូល​ប​ត្រ​កម្មសិទ្ធិ​មាន​តម្លៃ​ប្រហែល​១,៨៦ ពាន់​លាន ដុល្លារ រីឯ​ការ​ជួញ​ដូរ​ភាគហ៊ុន​ក្នុង​ត្រីមាស​ទី២​ឆ្នាំ​២០២២ ក្នុង​បរិមាណ​ជា​មធ្យម ប្រហែល​៤៩៤ ៩៨៨ ភាគ​ហ៊ុន (​ក្នុងតម្លៃ​ជា​មធ្យម​ប្រហែល​១,២៨ លាន​ដុល្លារ​ក្នុង​មួយថ្ងៃ​)៕

 

 

 

 

កម្ពុជាស្នើដល់ក្រុមហ៊ុនយក្សថៃ CPALL របស់ប្រទេសថៃ​វិនិយោគបង្កើតរោងចក្រក្រដាស និងជីសរីរាង្គ

 

ភ្នំពេញ៖ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនយក្ស CPALL របស់ប្រទេសថៃ ពិនិត្យលទ្ធភាព​វិនិយោគបង្កើតរោងចក្រក្រដាស និងជីសរីរាង្គ ដែលផលិតផលមានតម្រូវការ​ខ្ពស់នាពេលបច្ចុប្បន្ន។

ការលើកឡើងរបស់លោកនាយករដ្ឋាមន្រ្តីត្រូវធ្វើឡើងក្នុងជំនួបជាមួយលោក លោក កសាក់ ឆៃរ៉ាមីសាក់ ប្រធានប្រតិបត្តិក្រុមហ៊ុន CPALL និងក្រុមការងារនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបសម្តែង​ការគួរសម និងពិភាក្សាការងារនេះ លោក កសាក់ បានជម្រាបសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក​មកកាន់កម្ពុជានាពេលនេះ ដើម្បីស្វែងរកសក្តានុពលវិនិយោគនៅកម្ពុជា។

ពាក់ព័ន្ធការវិនិយោគនេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យលោក កសាក់ ទាក់ទងពិភាក្សា​ជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។

បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យលោក កសាក់ ឆៃរ៉ាមីសាក់ ពិចារណាវិនិយោគ​លើ​ការផលិតក្រដាសនៅកម្ពុជា ព្រោះមានតម្រូវការខ្ពស់។ លោកនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យពិចារណា​បង្កើតរោងចក្រផលិតជីសរីរាង្គផងដែរ ព្រោះមានអំណោយផលល្អសម្រាប់វិស័យកសិកម្ម ហើយក៏​មានទីផ្សារខ្ពស់នៅកម្ពុជាផងដែរ។

លោក កសាក់ ឆៃរ៉ាមីសាក់ ប្រធានប្រតិបត្តិក្រុមហ៊ុន CPALL បានសម្តែងការអបអរសាទរចំពោះរីកចម្រើនយ៉ាង​ឆាប់រហ័សនៅកម្ពុជា ដោយលោកបានកត់សម្គាល់ឃើញថា រាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត៕

 

កម្ពុជាស្វាគមន៍គម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤ របស់ថៃ

រ៉ាក់យង៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តម អ៊ូក សោភ័ណ បានស្វាគមន៍ផែនការបង្កើតវិទ្យាស្ថាន បណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ នៅកម្ពុជា ដែលផ្តួចផ្តើមដោយ សាជីវកម្ម SNC Former Public Company Ltd ដោយសារគម្រោងនេះ អាចជួយអភិវឌ្ឍធនធានមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។

ការស្វាគមន៍របស់ ឯកឧត្តមឯកអគ្គរាជទូត បានធ្វើឡើងនាឱកាសដឹកនាំមន្ត្រីការទូតចុះបំពេញ ទស្សន កិច្ចសិក្សាខ្សែរចង្វាក់ចំនួន ២៣ រោងចក្ររបស់ក្រុមហ៊ុនខាងលើ ដើម្បីផ្សព្វផ្សាយការទូតសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីលោកបណ្ឌិត Somchai Thaisa-nguanvorakul ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន រួមជាមួយសហការី។

បើតាម ឯកឧត្តម អ៊ូក សោភ័ណ គម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ដើរតួនាទី សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ពីព្រោះវាមានសង្គតិភាពជាមួយផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP)ឆ្នាំ២០១៥-២០២៥ និងមានសក្តានុពលធ្វើឱ្យសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។

លោកបណ្ឌិត Somchai Thaisa-nguanvorakul បានគូសបញ្ជាក់ថា ក្រុមហ៊ុនធ្លាប់បានសិក្សា លើវិស័យ ជាច្រើននៅកម្ពុជា រាប់តាំងពីការគ្រប់គ្រងកាកសំណល់ (Waste management) រហូតដល់ថាមពល កកើតឡើងវិញ (Renewable energy) ហើយឥឡូវក៏មានបំណងបង្កើតវិទ្យាស្ថាន បច្ចេកវិទ្យា លក្ខណៈ ស្តង់ដារស្វ័យប្រវត្តិទំនើបមួយ ដើម្បីបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិក ដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។

សូមជម្រាបថាសាជីវកម្ម SNC Former Public Limited Company Ltd បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចដោយប្រើប្រាស់រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿង បន្លាស់ ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាននិងរថយន្ត ទូទឹកកក និងទូរទស្សន៍ សម្រាប់លក់ផ្ទាល់ជូនអតិជន ដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ និងតំបន់អាស៊ី៕

ឆ្នាំនេះខេត្តព្រះសីហនុនឹងទទួលរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក

ព្រះសីហនុ៖ ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅការរៀបចំពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត រដ្ឋាលក្រុងស្រុក រួមទាំងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរក្នុងខេត្តផងដែរ។

លោក នី ផល្លី បានជម្រាបជូនអង្គប្រជុំថា ការដាក់ចេញនូវគោលនយោបាយដ៏ជោគជ័យនៃ​ការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនភាពសាំក្នុងសហគមន៍ និងឈានទៅ​ការបើកដំណើរការប្រទេសឡើងវិញក្នុងគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។

 

ប្រការដ៏សំខាន់នេះបានធ្វើឱ្យប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ នាពេលខាងមុខ អមជាមួយនឹងពិធីបុណ្យសមុទ្រ។

ស្របជាមួយគ្នានោះ ដើម្បីត្រៀមខ្លួនកាន់តែរួចរាល់ក្នុងការរៀបចំព្រឹត្តការណ៍ដ៏ធំទាំងពីរខាងលើនេះ លោក នី ផល្លី បានវាយតម្លៃខ្ពស់ និងផ្តាំផ្ញើដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរ និងអង្គភាពជំនាញ​នានាជាសេនាធិការឱ្យបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែសកម្មចុះផ្សព្វផ្សាយ អប់រំ និងត្រៀមការងារមួយចំនួន៖

ទី១. បន្តជំរុញនិងលើកកម្ពស់ការរៀបចំទីក្រុងឱ្យបានស្អាត រួមទាំងគោលដៅទេសចណ៍សំខាន់ៗ និងគ្រប់ឆ្នេរ​ខ្សាច់​កម្សាន្តទាំងអស់នៅក្នុងខេត្តព្រះសីហនុ។

ទី២. បន្តពង្រឹងការផ្តល់សេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍ប្រកបដោយគុណភាពនិងភាពកក់ក្តៅ។

ទី៣. ជំរុញដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដាប្រតិបត្តិ​អប្បបរមា (SOP) និងវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន សំដៅលើកកម្ពស់កិត្យានុភាពខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។

ទី៤. ពង្រឹងគុណភាព និងសុវត្ថិភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍ទាំងផ្លូវទឹក និងផ្លូវគោក។

ទី៥. ជំរុញនិងលើកទឹកដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងការគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុក ដូចជាបន្លែផ្លែឈើ សាច់ និងផលិតផលផ្សេងៗទៀត។

ទី៦. បង្កើនការបើកវគ្គបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីធានាបាននូវការផ្តល់​សេវាកម្មប្រកបដោយគុណភាព និងបដិសណ្ឋាកិច្ចល្អ។

ទី៧. ជំរុញការរៀបចំព្រឹត្តការណ៍ឱ្យបានច្រើន រួមទាំំងព្រឹត្តការណ៍ទេសចរណ៍ កីឡា និងព្រឹត្តការណ៍​ពិព័ណ៌ទេសចរណ៍នានា។

ទី៨. រៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តម្លៃសមរម្យ ចាប់ពីការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរជាដើម ដើម្បីទាក់ទាញភ្ញៀវទេចរមកខេត្តព្រះសីហនុកាន់តែច្រើន។

ទី៩. ចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដោយចាប់ផ្តើមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធរហូតដល់រដ្ឋបាលខេត្ត។

ទី១០. ស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះដល់គ្រប់ទីតាំងមូលដ្ឋានអាជីវកម្ម ដើម្បីក្តាប់នូវបញ្ហាប្រឈម និងឈានទៅរកដំណោះស្រាយជាក់ស្តែង និងក្នុងករណីចាំចាច់ ត្រូវស្នើសុំ​ជំនួយបច្ចេកទេសពីក្រសួងជំនាញពាក់ព័ន្ធ ដើម្បីធានាដល់និរន្តរភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍ និងឈានទៅជំរុញដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។

គួរបញ្ជាក់ថា តាមរយៈលិខិតលេខ ២១៤ សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍កំណត់កាលបរិច្ឆេទរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ​ដែលស្អាតបំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៕

 

ធនាគារ អេស៉ីលីដា ប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំនៃភាពជាដៃគូជោគជ័យ ជាមួយធនាគារ SMBC របស់ជប៉ុន  

 

ភ្នំពេញ៖ ធនាគារអេស៉ីលីដា ភីអិលស៉ី និងធនាគារជប៉ុន Sumitomo Mitsui Banking Corporation (SMBC) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំពិធីអបអរសារទរខួប១០ឆ្នាំ នៃភាពជាដៃគូ​សហការរវាងធនាគារទាំងពីរ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល ធនាគារអេស៉ីលីដា ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៉ីលីដា បានថ្លែងថា ថ្ងៃនេះជាខួបនៃកិច្ចសហប្រតិបត្តិការ នៃការវិនិយោគរវាងធនាគារជប៉ុន SMBC និងធនាគារអេស៉ីលីដា ដែលកាលពី១០ឆ្នាំមុន ធនាគារទាំងពីរបាន​ចុះកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការមួយគ្នា ដោយបង្កើតការិយាល័យសាជីវកម្មអន្ដរជាតិ របស់ធនាគារ​អេស៉ីលីដា ដើម្បីផ្ដល់សេវាកម្មដល់សហគ្រាសធុនធំ ជាពិសេសសហគ្រាសជប៉ុន។

លោកបណ្ឌិតបានបន្ដថា ការសហការគ្នារវាងធនាគារអេស៉ីលីដា ភីអិលស៊ី និងធនាគារជប៉ុន SMBC គឺរួមគ្នា​សម្រេចគោលដៅរួម ក្នុងនោះមានផ្ដោតសំខាន់លើវិស័យបរិស្ថាន នៅពេលផ្ដល់សេវាកម្មដល់អតិថិជនយក​ទៅប្រើប្រាស់ ធនាគារអេស៉ីលីដា និងធនាគារ SMBC ត្រូវគិតគូរជាមុនសិនលើវិស័យបរិស្ថាន និងចូលរួម​ជាមួយសង្គមលើវិស័យផ្សេងៗ។

លោកបណ្ឌិត អ៊ិន ចាន់នី បានបន្ដថា សម្រាប់ធនាគារអេស៉ីលីដា និងដៃគូសហការតាំងពីដើមមក​មិនដែល​ផ្ដល់​កម្ចី ដល់វិស័យណាដែលបង្កផលប៉ះពាល់ ដល់វិស័យបរិស្ថាននោះទេ ដូច្នេះតទៅមុខនៅតែបន្ដពង្រឹង និងគិតគូរ​ចាំបាច់តែម្ដង ចំពោះកម្ចីណាដល់ការប្រើប្រាស់បង្កផលប៉ះពាល់លើវិស័យបរិស្ថាន។

លោកបណ្ឌិតបានបញ្ជាក់ថា «ធនាគារ អេស៉ីលីដា តាំងពីទទួលបានអាជ្ញាបណ្ណក្នុងឆ្នាំ២០០០មក យើងមាន​ដៃគូ​​សហការជាមួយសាជីវកម្មផ្សេងៗទៀត ដែលគិតលើសេវាផ្ដល់ហិរញ្ញវត្ថុ អំពីបរិស្ថានសំខាន់ៗ ព្រោះឬស​គល់​នៃការកកើតមក នៃធនាគារអេស៉ីលីដានេះ គឺកើតមកពីអង្គការក្រៅរដ្ឋាភិបាល ដោយបានគិតគូរពី​បញ្ហាបរិស្ថាននេះតាំងពីយូរមកម្ល៉េះ ដូច្នេះតទៅថ្ងៃមុខនឹងបន្ដប្រពៃណីបែបនេះទៀត បូករួមជាមួយបច្ចុប្បន្ន​ពិភពលោក បាននិងកំពុងគិតគូរពីបរិស្ថានដូចគ្នា ជាក់ស្ដែងដូចកិច្ចប្រជុំនៅទីក្រុងប៉ារីស អង្គការសហ​ប្រជាជាតិកំពុងគិតគូរពីបរិស្ថាននេះផងដែរ»។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រសួងបរិស្ថាន និងបានយកចិត្តទុកដាក់គិតគូរអំពីបញ្ហា​ទាំង​នេះ ដូច្នេះហើយធនាគារអេស៉ីលីដា និងដៃគូសហការបានគិតអំពី ការផ្ដល់ហិរញ្ញវត្ថុណា ដែលមិនផ្ដល់​ផលប៉ះពាល់ដល់បរិស្ថាន ដើម្បីឲ្យយើងទាំងអស់គ្នារស់នៅបានសុខសន្ដិភាព និងងាយស្រួល៕

 

សហរដ្ឋអាមេរិកដាក់ឱ្យដំណើការនូវគម្រោងអភិវឌ្ឍន៍កសិកម្មនៅកម្ពុជាមានទឹកប្រាក់២៥លានដុល្លារ

 ភ្នំពេញ៖ កម្ពុជា-សហរដ្ឋអាមេរិកប្រកាសដាក់ឱ្យដំណើការជាផ្លូវការនូវគម្រោង The Feed the Future Cambodia​ Harvest III” ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំ ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិឧស្សាហកម្មនៅកម្ពុជា។

លោករដ្ឋមន្ដ្រី វេង សាខុន រួមជាមួយ ឯកឧត្តម W. Partrick Murphy ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា​បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “The Feed the Future Cambodia Harvest III” ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំ។

លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០លាន​ដុល្លារ​ក្នុងរយៈ ពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូល​ក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។

លោកថា៖« ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាព​ស្បៀង​អាហារ​របស់ខ្លួន ដូច្នេះគម្រោង “កម្ពុជាហាវេស III” នេះគឺបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក​ក្នុង​ការសម្រេចគោលដៅមួយនេះ។ គម្រោងនេះត្រូវ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា»។

គម្រោងនេះនឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ​ដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការ ងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជា មួយនឹងវិស័យឯកជន។ តម្រោងនឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែល USAID បានធ្វើកន្លងមកដើម្បីលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។

តាមរយៈកិច្ចសហការជាមួយវិស័យឯកជន គម្រោងនឹងជួយលើក កម្ពស់ជីវភាព ជាពិសេសស្ត្រី យុវជន និងប្រជាជន​ងាយ​រងគ្រោះ។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ USAID រំពឹងថានឹងជំរុញឲ្យមានការវិនិយោគពីឯកជនក្នុង​ទឹកប្រាក់​ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជនឲ្យទទួលបាន​ហិរញ្ញវត្ថុ​លើវិស័យកសិកម្មទំហំ ១៥លានដុល្លា និងបង្កើនការលក់កសិផលឲ្យបាន ១០០លានដុល្លារ។

លោករដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋ​អាមេរិក ដែលបាននិង​កំពុង​ដើរតួនាទីក្នុង​ភាពជាដៃគូ ផ្តល់កិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រ​ដល់​ការអភិវឌ្ឍ វិស័យកសិកម្មតាម​រយៈ USAID ក្នុងនោះការអនុវត្ត​កម្ម​វិធី និងគម្រោង​ជាច្រើនមានគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះគម្រោង “The Feed the Future Cambodia Harvest III” ដែលកំពុងដំណើរការនាពេលនេះ នឹងចូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាពតាមរយ:ការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងទីផ្សារកសិផល ដែលកំពុងមាននិន្នាការកើនឡើងជា លំដាប់។

តាមរយ:គម្រោងនេះ លោក​រដ្ឋមន្ដ្រីបានបង្ហាញនូវសុទុដ្ឋិនិយមថាពិតជានឹងចូលរួមចំណែកគាំទ្រដល់កំណើន​សេដ្ឋកិច្ចកម្ពុជា ពិសេសជួយជំរុញវិស័យកសិកម្ម​ឱ្យកាន់តែទំនើប មានភាពប្រកួតប្រជែងប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ ជួយបង្កើនសមត្ថភាពវិស័យឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញការនាំចេញ។

លោកបានបន្តថា វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុងការផលិត ការបង្កើនផលិត​ភាព និងការប្រកួតប្រជែង ធានាស្ថិរភាព​ម៉ាក្រូ​​សេដ្ឋកិច្ច ជួយបង្កើតការងារ និងប្រាក់ចំណូល​។ ដោយឡែក គម្រោងខាងលើពិតជាមាន​សារៈសំខាន់​ណាស់ក្នុងការគាំទ្រ​ផ្នែក​ធន ធានថវិកាសម្រាប់ពង្រីកការវិនិយោគ និងផ្តល់បច្ចេក​ទេសផលិត​ដល់​វិស័យ​ឯកជន ពិសេសសហគមន៍កសិកម្មតាមរយ: ÷ ១. ការបង្កើន​ទុន​វិនិយោគ​ដើម្បីពង្រឹងផលិត ភាពកែច្នៃ និងពង្រីកប្រព័ន្ធទីផ្សារ​លក់។ ២.​ ការពង្រឹង​សមត្ថភាព​​កែច្នៃ និង​សមត្ថភាព​គ្រប់​គ្រង​​​កសិដ្ឋាន​។ ៣. ការបង្កើនបរិមាណកសិផលចូលទីផ្សារ និង ៤. ការកែ​លម្អ​គុណ​ភាព​​ ពង្រឹងប្រព័ន្ធត្រួតពិនិត្យអនាម័យតាម រយៈការជំរុញឱ្យប្រើប្រាស់នូវ​បច្ចេក វិទ្យា​​សម​ស្រប និងនវានុវត្តន៍​៕

 

 

ការបញ្ជាទិញលើវិស័យរោងចក្រនៅកម្ពុជាប្រឈមនឹងការធ្លាក់ចុះក្នុងឆមាសទី២

ភ្នំពេញ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​បញ្ជារ​ទិញ​ពី​ទីផ្សារ​ប្រទេស​លោក​ខាង​លិច ដែល​ជា​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ដ៏​សំខាន់​របស់​កម្ពុជា បន្ទាប់​ពី​រោងចក្រ​ជា​សមាជិក​របស់​សមាគម​មួយ​ចំនួន បាន​ផ្តល់​ដំណឹង​ពី​ការ​កាត់​បន្ថយ​ផ្នែក​ខ្លះ​នៃ​ការ​បញ្ជា​ទិញ​ពី​ខាង​ក្រៅ​។​

លោក Ken Loo អគ្គ​លេខាធិ​ការ នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​សរសេរ​មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថាន​ភាព​នាំ​ចេញ​សម្រាប់​ឆមាស​ទី ២ ឆ្នាំ​២០២២​នេះ ដោយ​សារ​តែ​ស្ថានភាព​សកល​លោក​មាន​ភាព​មិន​ស្ថិតស្ថេរ និង​លទ្ធភាព​នៃ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច ដែល​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច ដែល​ជា​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ដ៏​សំខាន់​របស់​កម្ពុជា​។

លោក​បាន​និយាយ​ថា សមាជិក​របស់ GMAC ជា​ច្រើន​បាន​ជូន​ដំណឹង​ដល់ GMAC អំពី​ការ​បញ្ជារ​ទិញ​របស់​ម្ចាស់​ទំនិញ​ត្រូវ​បាន​កាត់​បន្ថយ ឬ​កែ​សម្រួល​ឡើង​វិញ និង​សមាជិក​មួយ​ចំនួន​បាន​ស្វែង​រក​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ពី​ក្រុម​ច្បាប់ GMAC អំពី​នីតិវិធី​សម្រាប់​ការ​ផ្អាក​ផលិត​កម្ម​មួយ​ផ្នែក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក​បាន​បញ្ជាក់​ថា​៖«​បច្ចុប្បន្ន​នេះ GMAC កំពុង​ធ្វើការ​ស្ទង់​មតិ​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​សមាជិក​ទាំង​អស់ ដើម្បី​វិភាគ​ស្ថាន​ភាព​តាម​លំដាប់​លំ​ដោយ​កាន់​តែ​ត្រឹម​ត្រូវ​។ ការ​កើន​ឡើង​ថ្លៃ​ដើម​ទ្វេ​ដង នឹង​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង ដោយ​នេះ​មិន​ទាន់​និយាយ​អំពី​បញ្ហា​ផ្សេង​ទៀត​ដូច​ជា ថ្លៃ​ដឹក​ជញ្ជូន​ខ្ពស់ និង​ថ្លៃ​ដើម​នៃ​ការ​អនុលោម​តាម​ច្បាប់​ខ្ពស់ ដែល​កំពុង​តែ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយ​សារ​តម្រូវ​ការ​របស់​អ្នកទិញ​»​។​

លោក Ken Loo បាន​ព្រមាន​ថា តាម​ស្ថិតិ ប្រាក់​ចំណេញ​ក្នុង​វិស័យ​នេះ​កំពុង​ដំណើរ​ការ​ទាប​ណាស់ បើ​ធៀប​នឹង​សមាមាត្រ​នៃ​តម្លៃ​បន្ថែម​ធៀប​នឹង​ប្រាក់​ឈ្នួល បូក​នឹង​ថ្លៃ​ដើម​ទាក់​ទង​នឹង​ការ​ងារ​ផ្សេង​ទៀត​។ ដូច្នេះ មិន​ជា​ល្អ ទាំ​ងស្រុង​ចំពោះ​តម្លៃ​នាំ​ចេញ និង​អត្រា​កំណើន​នោះ​ទេ ព្រោះ​តម្លៃ​នាំ​ចេញ​គឺ​ជា​ការ​លក់​ជា​មូល​ដ្ឋាន​។

អគ្គ​លេខាធិការ នៃ GMAC​រូប​នេះ បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​ត្រូវ​មាន​ភាព​សកម្ម និង​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​នឹង​អាច​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​កាន់​តែ​ច្រើន​។​ម្យ៉ាង​វិញ​ទៀត យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់​ដេរ ស្បែក​ជើង និង​កាបូប ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​កាល​ពី​ខែមីនា ឆ្នាំ​២០២២ ត្រូវ​តែ​អនុវត្ត​អនុវត្ត​ឱ្យ​បាន​លឿន​រហ័ស ដើម្បី​ជួយ​ទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​នា​ពេល​ខាង​មុខ ។​

យោង​តាម​របាយការណ៍​របស់​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ការ​នាំ​ចេញ​ផលិត​ផល​សំលៀក​បំពាក់ ស្បែក​ជើង​និង​ផលិត​ផល​អ្នក​ដំណើរ​បាន​កើន​ឡើង​ប្រមាណ​៤០​ភាគរយ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២២ សម្រេច​បាន​ទឹក​ប្រាក់​ប្រមាណ ៦,៦ ពាន់​លាន​ដុល្លារ​កើន​ពី​៤,៧២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​៕