កម្ពុជាលើកទឹកចិត្តដល់វិនិយោគិនថៃមកបណ្តាក់ទុននៅកម្ពុជា

ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកទឹកចិត្តអ្នកវិនិយោគថៃនៅកម្ពុជា ឱ្យចូលរួមយ៉ាង​សកម្មបន្ថែមទៀត ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បី ប្រើប្រាស់សក្តានុពលធុរកិច្ចរបស់​កម្ពុជាឱ្យបានពេញលេញ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីធ្វើឡើងបានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ ដែលមានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានមួយចំនួនក្រោមឱវាទក្រសួងពាណិជ្ជកម្ម ព្រមទាំង ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ និងឧកញ៉ា លោក-លោកស្រី មកពីសភាពាណិជ្ជកម្មកម្ពុជា-ថៃ ជាច្រើនរូប។ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម

លោករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូថៃ ដែលបានអញ្ជើញមកកាន់ប្រទេស​កម្ពុជា និងបានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួម​ធ្វើជាអធិបតីក្នុងកិច្ចជំនួប​សម្តែងការគួរសម និងពិភាក្សាការងារដ៏មានសារៈសំខាន់ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម​ថៃនិងគណៈកម្មការធុរកិច្ចថៃ ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងធុរកិច្ច ជំរុញពាណិជ្ជកម្ម និងបង្កើនទំហំ​វិនិយោគរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី បានបន្តថា៖« ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ ឯកឧត្តមរដ្ឋមន្រ្តី សូម លើកទឹកចិត្តអ្នកវិនិយោគថៃនៅកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បី ប្រើប្រាស់សក្តានុពលធុរកិច្ចរបស់កម្ពុជាឱ្យបានពេញលេញ»។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី សូមលើកទឹកចិត្ត និងស្វាគមន៍អ្នកវិនិយោគថៃដែលមានសក្តានុពល​កាន់តែ​ច្រើនមកកាន់កម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្ពោះទៅ​រកផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានកើនឡើងពី ៣.៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៣.៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ (កើនឡើង ១០.៤%)។

លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ លោករដ្ឋមន្រ្តី និងប្រតិភូក្រសួងពាណិជ្ជកម្ម ក្នុងការចំណាយពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូសភាពាណិជ្ជកម្មថៃ និងគណៈកម្មការធុរកិច្ចថៃ នាពេលនេះ។

លោក បន្តថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃនាពេលនេះ គឺដើម្បីបង្កើន​ឱកាស​ពាណិជ្ជកម្ម ពង្រីកបណ្តាញទីផ្សារតាមរយៈពិព័រណ៍ពាណិជ្ជកម្មមានគុណភាពខ្ពស់ ជាពិសេស នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។

ជាងនេះទៅទៀត ទស្សនកិច្ចពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុង​ការត​ភ្ជាប់​ជាមួយដៃគូអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដូចជា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាគមពាណិជ្ជកម្មនានា ដើម្បីអញ្ជើញធុរជនកម្ពុជា-ថៃ ជួបគ្នាក្នុង គោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃបន្ថែមទៀត។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្នុងនាម អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យវិស័យឯកជន មានសេចក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានចូលរួម កិច្ចប្រជុំសម្តែងការគួរសមនេះ ជាមួយគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាធុរកិច្ចកម្មថៃ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅពេលនេះ។

លោកបានបន្តថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្គូផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីធានាលំហូរនៃអាជីវកម្ម និងការវិនិយោគជាដើម តួយ៉ាងដូចជា ការរៀបចំ កិច្ចប្រជុំពិភាក្សាការងារនេះ រួមទាំងការផ្គូផ្គងអាជីវកម្មរវាងប្រទេសទាំងពីរផងដែរ ដែលនឹងនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ៕

កម្ពុជាកំពុងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗ ដើម្បីជំរុញចលនា ទេសចរទៅ​កាន់​ខេត្តសៀមរាប    

ភ្នំពេញ៖ ក្រសួងទេសចរណ៍កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗបន្ថែមទៀត ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសគឺដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។

 

ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រង និង អភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសំរេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។

 

សំណើបង្កើតកញ្ចប់ទស្សនកិច្ចពិសេសសម្រាប់ខេត្តសៀមរាប ដែលគ្រោងស្នើទៅកាន់រាជរដ្ឋាភិបាលនោះ រួមមាន៖

១. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើសក្នុង ការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិ ទស្សនា តំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព ( Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍ និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង។

២ . ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។

៣. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។

៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃ ទាប នៅកម្ពុជា។

គួរជម្រាបថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៥០ម៉ឺននាក់ កើន ទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាបទទួលបាន ទេសចរអន្តរជាតិ ចំនួន៦០,៤៣៥នាក់។ គម្រោងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសនៅខេត្តសៀមរាបនេះ គឺដើម្បីជំរុញចលនាទេសចរទៅកាន់គោលដៅទេសចរណ៍នេះបន្ថែម សំដៅឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ៕

 

គយដាក់ឱ្យដំណើការកម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ធុរជន

 

ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្រេច​ដាក់ឱ្យអនុវត្ត​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ធុរជន ក្នុង​គោលដៅ​ពង្រឹង​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​រួមចំណែក​បង្កឱ្យមាន​បរិ​យា​កាស​ធុរកិច្ច​ល្អប្រសើរ ខណៈដែល​វិស័យ​ឯកជន​សាទរ​ចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់​App នេះ​។​

​កាលពី​ថ្ងៃទី​២២ ខែកក្កដា អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​បញ្ជាក់ថា អគរ​ ​បានរៀបចំ​អភិវឌ្ឍ​រួចរាល់​នូវ​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ធុរជន ដែលមាន​មុខងារសំខាន់​ជា​ជំនួយ​ដល់​ធុរជន ជាពិសេស​ប្រតិវេទ​ករ ក្នុងការ​តាមដាន​ស្ថានភាព​ប្រតិវេទន៍ ការបង់ពន្ធ តាម​មធ្យោបាយ​អេឡិចត្រូនិក និង​ការស្វែងរក​លិខិតអនុញ្ញាត​គយ​ជាដើម​។​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ធុរជន​នោះ​មាន​ឈ្មោះថា “Cambodia Customs Trader” ដែល​ធុរជន​អាច​ស្វែងរក និង​ទាញយក​កម្មវិធី​នេះ នៅលើ Play Store និង App Store និង​អាច​ស្វែងរក នីតិវិធី​លម្អិត​នៃ​ការអនុវត្ត​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ធុរជន​នេះ​នៅក្នុង “​សៀវភៅ​មគ្គទេសក៍​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាត​វៃ​សម្រាប់​ធុរជន​” ដែល​អាច​ទាញ​យកបាន​ពី​គេហទំព័រ​ផ្លូវការ របស់ អគរ​។​

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មានតម្លៃ​សរុប ២៧ ២៤៣,៨៤​លាន​ដុល្លារ កើនឡើង ២០,២​ភាគរយ​បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​២០២១ ក្នុងនោះ​ការនាំ​ចូល​មានតម្លៃ ១៥ ៨៦៤,៧២​លាន​ដុល្លារ កើន ១១,៩​ភាគរយ និង​ការនាំចេញ​មានតម្លៃ ១១ ៣៧៩,១២​លាន​ដុល្លារ កើនឡើង ៣៣,៩​ភាគរយ​៕

 

រដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងវិនិយោគ២មានទឹកប្រាក់ជាង១៤លានដុល្លារ

 

ភ្នំពេញៈ​តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

២. BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.២៣៦កន្លែង។

កម្ពុជា-អូស្ត្រាលីប្តេជ្ញាធ្វើការរួមគ្នាដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន លោក Pablo Kang ឯកអគ្គរាជ​ទូតអូស្តា្រលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីនារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២  ទទួលជួប​ពិភាក្សាការងារក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ លោកឯកអគ្គរាជទូត និងស្វាគមន៍ចំពោះ​លេខាទី១និងទី២ថ្មី អមស្ថានទូតអូស្តា្រលីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបញ្ជាក់ជូនអំពី​កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្រ្តាលី ជាពិសេសលើវិស័យកិច្ចការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ រវាងអគ្គនាយកដ្ឋាន​ការពារអ្នក​ប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិ​កិច្ចការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់និង​ការប្រកួតប្រជែង​អូស្រ្តាលី (ACCC)។

ក្នុងនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីសកម្មភាពសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចសន្ទនាជាន់ខ្ពស់រវាង​អគ្គនាយកដ្ឋាន ក.ប.ប គណៈកម្មាធិការជាតិកិច្ចការពារអ្នកប្រើប្រាស់ និងគណៈកម្មាធិការ ACCC, និងសិក្ខាសាលាបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប ជាដើម។

ជាមួយគ្នានេះផងដែរ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះសមភាគីអូស្រ្តាលីដែលបានផ្តល់ការគាំទ្រដល់ កម្ពុជាក្នងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសការគាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចសហការដ៏ល្អ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមានការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀង​អាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade) និងការគាំទ្រដល់ការការអនុវត្តកិច្ចព្រមព្រៀង​អាសិប ផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាព​សេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ជាពិសេសកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងAANZFTA ដែលជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ក្នុងឆ្នាំ២០២២៕

សាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា (PUC) និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនអភិវឌ្ឍការអប់រំ សហការគ្នាសម្រាប់ការការស្រាវជ្រាវ

 

ភ្នំពេញៈ  វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ​ការយោគ​យល់​​គ្នា ជាមួយ និងសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍការអប់រំ និងការស្រាវជ្រាវ។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធី ឯកឧត្តមនាយកវិទ្យាស្ថាន បានជម្រាបជូនអង្គពិធីអំពីដំណើរការ​របស់​វិទ្យាស្ថាន ការតាំងចិត្តរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញ​ច្បាស់លាស់ ដើម្បីដោះស្រាយវិបត្តិកង្វះអ្នកជំនាញបច្ចេកទេសនាពេលបច្ចុប្បន្ន។

លោកនាយកសង្ឃឹមថា៖ ការចុះអនុស្សរណៈយោគយល់នេះនឹងបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ​ជាមួយគ្នា ផ្តល់អត្ថប្រយោជន៍បន្ថែមទៀត និងបំពេញរាល់កង្វះខាតជូនភាគីទាំងសងខាងពាក់ព័ន្ធនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការរង បានបញ្ជាក់ថាសាលាបញ្ញាសាស្រ្ដកម្ពុជា ត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០០ ទើបបង្កើតឱ្យមានជាសាកលវិទ្យាល័យ ក្រោមគោលបំណងចូលរួមចំណែក​ក្នុងការអភិវឌ្ឍ និងលើកកម្ពស់ធនធានមនុស្សរបស់ប្រទេសកម្ពុជា។ សាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា​បានដើរតួនាទីយ៉ាងសកម្មក្នុងដំណើរការ “កសាងប្រទេស” សម្រាប់មនុស្សជំនាន់ក្រោយ។

លោក បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានរៀបចំឱ្យ​មានពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នានេះ និងបានលើកឡើងថាពិធីនេះគឺជាការចាប់ផ្តើមនៃកិច្ចសហការ រវាងស្ថាប័នទាំងពីរក្នុងការឈានទៅរកភាពរីកចំរើនរួមគ្នា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា៖ អនុស្សរណៈយោគយល់នេះ បានឯកភាពជាគោលការណ៍ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ការអប់រំ និងការស្រាវជ្រាវរួមមាន៖ សហការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផ្សេងៗ ផ្លាស់ប្តូរមន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក សហការលើការស្រាវជ្រាវ និងការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យពាក់ព័ន្ធ សហការផ្តល់ជំនួយ​បច្ចេកទេស​លើការអប់រំ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ផ្លាស់ប្តូរព័ត៌មាន និងឧបករណ៍បច្ចេកទេសផ្សេងៗ ប្រើប្រាស់ឧបករណ៍​ សម្ភារៈសំណង់ និងធនធានរួមគ្នា ផ្តល់ឱកាសដល់និស្សិតដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សា ផ្តល់ជូនវិញ្ញាបនបត្រ​នៃការបណ្តុះបណ្តាលបច្ចេកទេស និងជំរុញអនុវត្តសកម្មភាព ស្របតាមស្មារតីនៃ​អនុស្សរណៈនៃការយោគយល់គ្នានេះ៕

 

កម្ពុជា-ថៃ សន្យារឹត​ចំណង​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជកម្មឱ្យ​កាន់​តែ​រឹងមាំ​

 

ភ្នំពេញៈ កម្ពុជា​ បាន​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​គណៈ​ប្រតិភូ​នៃ​សភា​ពាណិជ្ជ​កម្ម​ថៃ ក្នុង​គោល​បំណង​ដើម្បី​រឹត​ចំណង​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ឱ្យ​​មាន​ទំហំ​ធំ​បន្ថែម​ទៀត ខណៈ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ​មាន​ទឹក​ប្រាក់​សរុប​ជិត ២,៣​ពាន់​លាន​ដុល្លារ​។

ជំនួប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា រវាង​ លោក​ ស៊ាង ថៃ រដ្ឋ​លេខាធិ​ការ​ក្រសួង​ពាណិជ្ជ​កម្ម ជា​មួយ​នឹង​​ក្រុម​គណៈ​ប្រតិភូ​សភា​ពាណិជ្ជ​កម្ម​ថៃ ដែល​ដឹក​នាំ​ដោយ​លោក​ស្រី Doung Jai សមាជិក​សភា​ពាណិជ្ជ​កម្ម​ថៃ និង​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​ពាណិជ្ជ​កម្ម ព្រម​ទាំង​តំណាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ផង​ដែរ​​។

តំណាង​សភា​ពាណិជ្ជ​កម្ម​ថៃ លោកស្រី Doung Jai បានឱ្យ​ដឹង​ថា គោល​បំណង​នៃ​គណៈ​ប្រតិភូ​សភា​ពាណិជ្ជកម្ម​ថៃ​មក​កាន់​ក្រសួង​ពាណិជ្ជ​កម្ម គឺ​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជកម្ម​ជា​មួយ​កម្ពុជា និង​ជម្រាបជូន​ពី​គម្រោង​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ថៃ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ថៃ​ប្រមាណ ៧០​ក្រុម​ហ៊ុន មក​កម្ពុជា នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ខាង​មុខ។​

លោក​ស្រី​និយាយ​ថា៖​«​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ​សភា​ពាណិជ្ជ​កម្ម​ថៃ​នា​ពេល​ខាង​មុខ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ចំណង​មិត្ត​ភាព​រវាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា និង​សភា​ពាណិជ្ជ​កម្ម​ថៃ ព្រម​ទាំង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ធុរកិច្ច និង​វិនិយោគ​រវាង​ប្រទេស​ទាំង​២កម្ពុជា-ថៃ​ផង​ដែរ»។

ជា​ការ​ឆ្លើយ​តប លោក ស៊ាង ថៃ បាន​ថ្លែង​មតិ​ស្វាគមន៍​គណៈ​ប្រតិភូ​ថៃ ដែល​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ជាពិសេស​ការ​មក​ជួប​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​ពាណិជ្ជ​កម្ម ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ឱ្យ​កាន់​តែ​មាន​ធំហំ​ធំ​បន្ថែម​ទៀត​។ លោក​បន្ថែម​ថា ​កម្ពុជា-ថៃ ជា​ប្រទេស​ជិត​ខាង​គ្នា មាន​កិច្ចសហ​ប្រតិបត្តិ​ការ​ល្អ​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេ​ភាគី និង​ក្រប​ខ័ណ្ឌ​អាស៊ាន ដោយ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

លោក​បាន​បញ្ជាក់​ថា៖​«​​ក្រសួង​ពាណិជ្ជ​កម្ម​គាំទ្រ នឹង​ផ្តល់​កិច្ច​សហការ​ជាមួយ​សភា​ពាណិជ្ជ​កម្ម​ថៃ​ក្នុង​ការ​រៀបចំព្រឹត្តិ​ការណ៍​ខាង​លើ(​ជំនួប​ពិភាក្សា)​ក្នុង​គោល​បំណង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជ​កម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំង​២​បន្ថែម​ទៀត»។

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញ​ថា ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា-​ថៃ​ ក្នុង​ឆមាស​ទី​១ ឆ្នាំ​​២០២២ ​មាន​ទឹក​ប្រាក់​សរុប ២ ២៩៧,០៧​​លាន​ដុល្លារ​ កើន​ឡើង​ ២២,៨​ភាគ​រយ​បើ​ធៀប​​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២១ ដែល​មាន​ចំនួន​ ១ ៨៧០,០៩​​លាន​ដុល្លារ។ ក្នុង​នោះ​ ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅប្រទេស​ថៃ មាន​ចំនួន ៤៩៥,៧៨​​លាន​ដុល្លារ​ កើន​ឡើង ៣៦,៧​​​ភាគ​រយ និង​ការ​នាំ​ទំនិញ​ពីថៃ​​មក​កម្ពុជា មាន​ចំនួន​ ១ ៨០១,៣២​​លាន​ដុល្លារ កើន​ឡើង ១៩,៥​​ភាគ​រយ​​៕

 

អេស៊ីលីដាពង្រីកកម្ចីដល់វិស័យកសិកម្មដើម្បីរួមចំណែកជំរុញការនាំចេញ

ភ្នំពេញ៖ ធនាគារអេស៊ីលីដាបាន​កំពុង​ពង្រីក​ការផ្តល់​កម្ចី​របស់ខ្លួន​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​សក្តានុពល​ដ៏​ធំ​នៅក្នុង​វិស័យនេះ ក្នុងការ​ចូលរួមចំណែក​ជំរុញ​ការនាំចេញ​កសិផល​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​កាន់តែច្រើន​បន្ថែមទៀត​។

​ក្រុម​វិនិយោគិន​ក្នុងស្រុក និង​បរទេស ដែល​ភាគច្រើន​ជា​ជនជាតិ​ជប៉ុន​បាន​ជួបជុំគ្នា​នៅក្នុង​កិច្ចប្រជុំ ផ្គូផ្គង អាជីវកម្ម ​ដែល​រៀបចំ​ដោយ​ធនាគារ​អេស៊ីលីដា កាលពី​ថ្ងៃទី ២១​ ខែកក្កដា ឆ្នាំ ២០២២​ នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ ​ដែល​ផ្តោតទៅលើ​កាលានុវត្តភាព​ និង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​។​

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា គោលបំណង​នៃ​ព្រឹត្តិការណ៍​ផ្គូផ្គង​ធុរកិច្ច​ថ្ងៃនេះ គឺ​ដើម្បី​បង្កើត​ឱកាស​ជាច្រើន​សម្រាប់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក ជាពិសេស​វិនិយោគិន​ជប៉ុន ដើម្បី​ជួបគ្នា សម្រាប់​ការកសាង​បណ្តាញ​ធុរកិច្ច និង​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​ក្នុង​តំបន់​។ វិស័យ​កសិកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ និង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ហើយ​វិស័យនេះ​បានផ្តល់​ការងារ​ដល់​កម្លាំង​ពលកម្ម​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​»​។ លោក​បញ្ជាក់ថា៖ «​ជាមួយគ្នានេះដែរ សព្វថ្ងៃនេះ វិស័យ​កសិកម្ម ដើរតួនាទី​ដ៏​សំខាន់ ក្នុង​ការធានា​សន្ដិសុខ​ស្បៀងអាហារ​ប្រកបដោយ​និរន្តរភាព និង​ផលិតផល​អាហារូបត្ថម្ភ​សម្រាប់​ទាំង​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេងទៀត​លើ​ពិភពលោក​»​។​

​លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាទិភាព​លើ​វិស័យ​កសិកម្ម​ជា​វិស័យ​សំខាន់​សម្រាប់​ការអភិវឌ្ឍ​។ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម ដើម្បី​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច គិត​ត្រឹម​ខែមិថុនា ឆ្នាំ​ ២០២២ ធនាគារ​អេស៊ីលីដា​បានផ្តល់​ប្រាក់កម្ចី​យ៉ាងច្រើន​ដល់​វិស័យ​កសិកម្ម​ ដោយមាន​ទឹកប្រាក់​ចំនួន ១,២១ ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង ២០,៧៥ ភាគរយ នៃ​ផលប័ត្រ​ប្រាក់កម្ចី​សរុប​របស់​ធនាគារ​។ សំខាន់​ជាងនេះទៅទៀត គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២២ ធនាគារ​អេស៊ីលីដា​បានផ្ដល់​ប្រាក់កម្ចី​ជាង ៣៤ ភាគរយ ដល់​វិស័យ​កសិកម្ម​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សន្និសីទ​នេះ​ថា កំណើន​វិស័យ​កសិកម្ម​ក្នុង​បរិបទ​កូ​វីដ​ ១៩ កសិកម្ម​នៅតែ​រឹងមាំ​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ ក្នុងនោះ​កំណើន​តម្លៃបន្ថែម​កសិកម្ម (​ថ្លៃ​បច្ចុប្បន្ន​) ឆ្នាំ ២០១៩ ៤% ឆ្នាំ ២០២០ ៣,៧% និង​ឆ្នាំ ២០២១ ៤,៧%​។


​នៅក្នុង​ឆ្នាំ ២០២១ វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ប្រមាណ ២៤,៤% (​គិត​តាម​ថ្លៃ​បច្ចុប្បន្ន​) នៃ​ផលិតផល​សរុប​ក្នុងស្រុក (២៤,៩% នៅ​ឆ្នាំ ២០១៧)​។ ចំណែក​ស្ថានភាព​វិស័យ​កសិកម្ម​តម្លៃបន្ថែម​សរុប​នៃ​វិស័យ​កសិកម្ម​បាន​កើន​ពី ១៨ ៩៩៩ ពាន់​លាន​រៀល​នៅ​ឆ្នាំ ២០១២ ដល់ ២០ ៩៨៦ ពាន់​លាន​រៀល​នៅ​ឆ្នាំ ២០១៧ និង​បាន​បន្ត​កើន​ដល់ ២៤ ៧៥៥ ពាន់​លាន​រៀល​នៅ​ឆ្នាំ ២០២១ (​កំណើន​ប្រចាំ​ឆ្នាំមាន​ប្រមាណ​ជា ៤% ក្នុង ១ ឆ្នាំៗ​)​។​

​នៅ​ឆ្នាំ ២០២១ ការចូលរួមចំណែក​នៃ​អនុវិស័យ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​របស់​វិស័យ​កសិកម្ម​រួមមាន ផ្នែក​ដំណាំ ៥៧,៤% ផ្នែក​កៅស៊ូ ៥,៧% ផ្នែក​ផលិតកម្ម​សត្វ ១១,៤% ផ្នែក​ជលផល ២៤,៤% និង​ផ្នែក​ព្រៃឈើ ៧,៤%​។ នេះ​បើតាម​របាយការណ៍​ដដែល​។​ ​ដោយឡែក​ចំពោះ​ផលិតផល​ស្រូវ​មាន​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ ៣% ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងទៅ​។​

​នៅក្នុង​ឆ្នាំ ២០២១ ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​សរុប​ទូទាំងប្រទេស​សម្រេចបាន​ចំនួន ៣,៥៥ លាន​ហិកតា (+ ៤,៤១% ធៀប​ឆ្នាំមុន​)​។ បរិមាណ​ផល​ស្រូវ​សរុប​ទទួលបាន​ចំនួន ១២,២១ លាន​តោន​(+ ១១,៦% ធៀប​ឆ្នាំមុន​)​។ អតិរេក​ស្រូវ​បាន​កើន​ពី ៣,៩ លាន​តោន​នា​ឆ្នាំ ២០១០ ដល់ ៥,៧៥ លាន​តោន​នា​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២១ មាន​ចំនួន ៦,៩ លាន​តោន​៕

 

កម្ពុជា-ថៃ សហការគ្នាពង្រឹងវិស័យដឹកជញ្ជូននិងភស្តុភារ​កម្ម  

ទីក្រុងបាងកក៖ ប្រទេសកម្ពុជានិងប្រទេសថៃបានចុះ ចុះ​អនុស្សារណៈ​យោគ​យល់គ្នា(MoU)ដើម្បីលើកកម្ពស់​និងពង្រឹង វិស័យដឹកជញ្ជូននិងភស្តុភារ​កម្មក្នុងគោលបំណងដើម្បីសម្រួលនិងជំរុញការដោះដូរ​ទំនិញរវាង​ប្រទេសទាំងពីរ។

លោក​ស្រី កុយ សុដានី រដ្ឋលេខាធិ​ការ​ តំណាង​ឱ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា និង​លោក Danucha Pichayanan អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ​និង​សង្គម(NESDC)​ នៃប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ បាន​ធ្វើ​ពិធី​ចុះ​អនុស្សារណៈ​យោគ​យល់គ្នា(MoU) នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

MoU នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បង្កើត​ក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ស្មារតី​យោគ​យល់​គ្នា និង​សុច្ឆន្ទៈ និង​បង្កើន​ចំណង​មិត្ត​ភាព​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរក្នុង​វិស័យ​ភស្តុភារ​កម្ម។ ក្នុង​នោះ​មានទិស​ដៅ​គន្លឹះ​សំខាន់ៗ​ចំនួន ៣ គឺ​ ទី​១ កម្រិត​ក្រប​ខណ្ឌ​គោល​នយោបាយ ដែល​រួម​មាន គោល​នយោ​បាយ​ភស្តុភារ​កម្ម ក្រប​ខណ្ឌ​គតិ​យុត្ត និង​បទ​ប្បញ្ញត្តិ ក្រប​ខណ្ឌ​ស្ថាប័ន យន្តការ​សម្រប​សម្រួល និង​ការ​សម្រេច​ចិត្ត​ដំណើរ​ការ​នៃ​ការ​អនុវត្ត តាម​ដាន និង​វាយ​តម្លៃ​គោល​នយោ​បាយ, ទី​២ សូ​ចនាករ និង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ភស្តុភារ​កម្ម​ រួមមាន​ថ្លៃ​ចំណាយ​ភស្តុភារ​កម្ម​ធៀប​នឹង​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប (Logistics Cost per GDP) និង​សន្ទស្សន៍​ប្រតិបត្តិ​ការ​ភស្តុភារ​កម្ម (LPI: Logistics Performance Index), និង​ទី​៣ គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​ស្ថាប័ន និង​សមត្ថ​ភាព​របស់​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ភស្តុភារ​កម្ម​។

ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-​ថៃ មាន​ទឹក​ប្រាក់​សរុប ២ ២៩៧,១លាន​ដុល្លារ កើន​ឡើង ២២,៨​ភាគ​រយ​បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​២០២១ ក្នុង​នោះ​ការ​នាំ​ទំនិញ​ពី​ថៃ​មក​កម្ពុជា ​តម្លៃ ១ ៨០១,៣១​លាន​ដុល្លារ កើន ១៩,៥​ភាគ​រយ និង​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា មាន​តម្លៃ ៤៩៥,៧៧​លាន​ដុល្លារ កើន​ឡើង ៣៦,៧​ភាគ​រយ។ នេះ​បើ​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៕

 

តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាបន្តធ្លាក់ថ្លៃសម្រាប់១០ថ្ងៃទៅមុខទៀត

 

ភ្នំពេញៈ តម្លៃ​ប្រេង​ឥន្ធនៈ​លក់​រាយ​នៅ​តាម​ស្ថានីយ​​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា​នេះ បាន​បន្ត​ធ្លាក់​ចុះ​ថែម​​ទៀត ដោយ​​ប្រេង​សាំង​ធម្មតា មាន​តម្លៃ ៤ ៨០០​រៀល ក្នុង​១​លីត្រ និង​​ប្រេង​ម៉ាស៊ូត មាន​តម្លៃ​ ៥ ៣០០​រៀល​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម។​

យោង​តាម​ការ​ជូន​ដំណឹង​នេះ តម្លៃ​ប្រេង​សាំង​ធម្មតា គឺ​បាន​ចុះ​ពី​ថ្លៃ ៤៥០​រៀល និងប្រេង​​ម៉ាស៊ូត ចុះ ៣០០​​រៀល​ក្នុង​១​លីត្រ​បើ​ធៀប​នឹង​រយៈ​ពេល​ ១០​ថ្ងៃ​មុន(ថ្ងៃ​ទី​១១-២០ ខែ​កក្កដា) ដែលអំឡុង​ពេល​នោះ​ ​ប្រេង​សាំង​ធម្មតា មាន​តម្លៃ​ ៥ ២៥០​​រៀល និង​ប្រេង​ម៉ាស៊ូត មាន​តម្លៃ​ ៥ ៦០០​រៀល​ក្នុង​១​លីត្រ។

តម្លៃ​ប្រេង​ឥន្ទនៈ​នៅ​ទីផ្សារ​អន្តរ​ជាតិ បាន​ចាប់​ផ្តើម​ធ្លាក់​ថ្លៃ​ជា​បន្ត​បន្ទាប់​ចាប់​ពី​ដើម​ខែ​កក្កដា​នេះ​មក ក្រោយ​ពី​ប្រទេស​ឥណ្ឌា និង​អ៊ីរ៉ង់​ បាន​បង្កើន​ការ​ទិញ​ប្រេង​ពី​ប្រទេស​រុស្ស៊ី ដោយ​និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​នេះ​អាច​នឹង​បន្ត​នៅ​ក្នុង​ករណី​ដែល​ប្រទេស​ទាំង​នេះ​បន្ត​សហការ​គ្នា​លើ​ការ​កាត់​បន្ថយ​សម្ពាធ​នៃ​វិបត្តិ​តម្លៃ​ប្រេង​នេះ។

កម្ពុជា ជា​ប្រទេស​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​ប្រេង​ពីទីផ្សារ​អន្តរ​ជាតិ​ ដូច្នេះ​នៅ​ពេល​​​​តម្លៃ​ប្រេង​ឥន្ធនៈ​អន្តរ​ជាតិ​​ធ្លាក់ចុះ​ តម្លៃ​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា​ក៏​ចុះ​ទៅ​តាម​នោះ​ដែរ​។

តម្លៃ​ប្រេង​ឥន្ទនៈ​លក់​រាយ​នៅ​កម្ពុជា បាន​កើន​ឡើង​ខ្ពស់​បំផុត​កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​​ប្រេង​សាំង​ធម្មតា មាន​តម្លៃ ៥ ៨០០ រៀល​ក្នុង​១លីត្រ និង​​ប្រេងម៉ាស៊ូត មាន​តម្លៃ ៦ ៣០០​រៀល៕​​