រដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងវិនិយោគ៤មានទឹកប្រាក់ជាង១០០លានដុល្លារអាមេរិក  

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី១៨ ខែកក្កដាបានធ្វើការអនុម័តគម្រោងវិនិយោគ៤មានទឹកប្រាក់​ជាង១០០លានដុល្លារអាមេរិកដែលបង្កើតការងារបានជាង១កន្លែង។

យោងតាមសេចក្តីប្រកាសព័ត៌មានពី CDC  សម្រាប់គម្រោងទាំង៤មានដូចជា៖

១- “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់។

២- “Eastcam Casting Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥,៨ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០០នាក់។

៣- “MEGA HARDWOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

៤- “XIN JIN WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥៥០នាក់។

 

ការនាំចេញអង្ករនៅឆមាសទី១​ ឆ្នាំ២០២២ មានកំណើនជាង​ ១៦% បានបរិមាណសរុបចំនួន ៣២៧​ ២០០​ តោន គិតជាទឹកប្រាក់ជាង ១៩៨​ លានដុល្លារសហរដ្ឋអាមេរិក​

 

ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន បានអង្ករចំនួន ៣២៧ ២០០ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩៨.៦៣ លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆមាសទី១​ នៃឆ្នាំ២០២២។

សម្រាប់ការនាំចេញនេះក្នុងនោះ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៦៨ ២៨០ តោន ឬស្មើនឹង ៥១.៤៣% ដែលមានកំណើនចំនួន ១៧.៤៤ % បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអឺរ៉ុប​ចំនួន ២៣ប្រទេស បានចំនួន ១០៦ ១៩៤ តោន ឬស្មើនឹង ៣២% មានកំណើន ចំនួន ៤៦.៩០% ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៨ ៦៨០ តោន ឬស្មើនឹង ៨.៧៧% ដែលមានកំណើនចំនួន ៦.៦៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេស​ បានចំនួន​ ២៤​ ០៤៦ តោន ឬស្មើនឹង ៧.៣៥%។

សម្រាប់ប្រភេទអង្ករនាំចេញ​ គឺមានអង្ករក្រអូប គ្រប់ប្រភេទ បានចំនួន ៦២.៤៤% អង្ករ​ ស បានចំនួន ៣៤.១២% អង្ករចំហ៊ុយ​ បានចំនួន​ ១.៩៣%​ និងអង្ករសរីរាង្គបានចំនួន ១.៥០% និងអង្ករដំណើប បាន​០.០១% ឬស្មេីនឹង ២៣ តោន។

ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២២ នេះដែរ កម្ពុជាបាននាំចេញស្រូវសរុបបានចំនួន​ ១​ ៧៣៣​ ១៥៧​ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤០១.៩៦ លានដុល្លារសហរដ្ឋអាមេរិក ៕

ការដោះដូរទំនិញរបស់កម្ពុជាសម្រេចបានជាង២៧ពាន់លានដុល្លារក្នុងឆមាសទី១

ភ្នំពេញ៖ កម្ពុជាបានធ្វើការនាំចេញនិងនាំចូលមានទំហំពាណិជ្ជកម្ម ២៧,២៤ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ខែនេះ កើនឡើង ២០,២ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ មានចំនួន ២២,៦៧ពាន់លានដុល្លារ។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករ សម្រាប់ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ចំនួន ១១,៣៧ពាន់លានដុល្លារ កើនឡើងខ្ពស់ក្នងអត្រា ៣៣,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​ ២០២១​ ដែលមានត្រឹមតែចំនួន ៨,៤៩ពាន់លានដុល្លារ។ខណៈការនាំចូលមានតម្លៃ ១៥,៨៦ពាន់លានដុល្លារ កើនឡើង ១១,៩ភាគរយធៀបនឹងទឹកប្រាក់ ១៤,១៧ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារឹម កៅស៊ូ បំណែកគ្រឿងអគ្គីសនី​និងម៉ាស៊ីន ឈើ ធញ្ញជាតិ ផ្លៃឈើ ស្ពាន់ ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈវាយនភ័ណ្ឌកែច្នៃរួចផ្សេងទៀត…។  សម្រាប់មុខទំនិញនាំចូលសំខាន់ៗវិញមានដូចជា គុជខ្យងធម្មជាតិ ត្បូងមានតម្លៃ រ៉ែ យានយន្តគ្រប់ប្រភេទ គ្រឿងចក្រ អាលុយមីញ៉ូម ដែក ក្រដាស ឱសថ ស្បែកសត្វ និងជី ។ល។

 

ការតាំងពិពណ៌ស្នាដៃវិទ្យាសាស្រ្តឆ្នាំ ២០២២!

សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានរៀបចំឱ្យសិស្សានុសិស្សចាប់ពីថ្នាក់ទី ៦ ដល់ ថ្នាក់ទី ៩ ដាក់តាំងពិពណ៌ស្នាដៃវិទ្យាសាស្រ្តរបស់ខ្លួន នាថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ១:០០ រហូតដល់ ម៉ោង ៣:០០ រសៀល។

ក្នុងឱកាសនេះផងដែរ សិស្សានុសិស្សរបស់យើងបានដាក់បង្ហាញគម្រោងស្នាដៃរបស់ខ្លួនជាក្រុម ទៅតាមប្រធានបទផ្សេងៗ ដែលរួមមាន ការតុបតែងលំនៅដ្ឋាន ការរៀបចំពិចនិក ការបង្កើតថ្នាក់រៀនគំរូ ការកសាងទូកម៉ាស៊ីន ការទម្លាក់ស៊ុតដើម្បីដឹងពីរបៀបការពារខ្លួន ប្រព័ន្ធទឹកជ្រោះ ការធ្វើរស្មីសំយោគ ចលនាបន្ទុះភ្នំភ្លើង ប្រវត្តិសង្គ្រាមលោកលើកទី២ និង បញ្ហាបរិស្ថាន។

ក្រុមនីមួយៗ បានពន្យល់បកស្រាយយ៉ាងក្បោះក្បាយជូនទៅកាន់អ្នកទស្សនារបស់យើង ដែលក្នុងនោះមាន លោកគ្រូ អ្នកគ្រូ មិត្តរួមថ្នាក់ និងបុគ្គលិកសាលាទាំងមូល។ ពីក្រោយសមិទ្ធផលទាំងអស់នេះ ពោរពេញទៅដោយ​ការខិតខំ​ប្រឹងប្រែង ភាពច្នៃប្រឌិត ការគិតឱ្យបានស៊ីជម្រៅ និង ភាពសហការគ្នាជាធ្លុងមួយរបស់ក្រុមនីមួយៗ ដែលធ្វើឱ្យ​លោកគ្រូ អ្នកគ្រូ និងសាលាមានមោទនភាពជាខ្លាំងទៅលើពួកគាត់។ ជាពិសេស ស្នាដៃទាំងនេះ មានសារៈសំខាន់​ណាស់សម្រាប់ការសិក្សាស្រាវជ្រាវទៅថ្ងៃអនាគតបន្តទៀតរបស់ពួកគាត់។

សាលាសូមជូនពរឱ្យកូនៗគ្រប់គ្នាទទួលបានជោគជ័យក្នុងគម្រោងផែនការទាំងអស់ដែលកូនបានធ្វើ និងទទួលបាននូវលទ្ធផលជាទីគាប់ចិត្តនៅក្នុងការសិក្សាស្រាវជ្រាវរបស់កូន។

 

Science Fair 2022!

Westview Cambodian International School has organized a science fair, exhibited by the students from 6th to 9th grade on Friday, July 01st, 2022 from 1:00 to 3:00 pm.

On this occasion, the students display their project in group on various topics, such as House Decor Project, Picnic Project, Model Classroom Project, Boat Project, Eggdrop Project, Waterfall Project, Photosynthesis Project, Volcano Project, History of WW2, and Environmental Project.

Each group elucidated in detail to our audience, which included teachers, classmates, and the entire school staff. Behind all these achievements are the hard work, creativity, critical thinking, and collaboration of each team, which makes the teachers and the school very proud of them. More importantly, these science projects are definitely significant for their future research.

The school wishes all students success in each project they have undertaken and satisfactory results in their research.

 

រដ្ឋក្រើនរំលឹកដល់ពលរដ្ឋលើកាតព្វកិច្ចពន្ធលើអចលនទ្រព្យ

ភ្នំពេញ៖ ពន្ធដារ ក្រើនរំលឹក​ដល់ ម្ចាស់​អចលនទ្រព្យ​ទាំង ដែល​ស្ថិត នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ទាំងអស់​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ និង​ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ២០២២ ឱ្យបាន​មុន​ថ្ងៃ៣០ខែកញ្ញា ឆ្នាំ២០២២ ចៀសវាង​ការរង​នូវ​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់។

អគ្គនាយកដ្ឋាន​ពន្ធដា​រ កាល​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ បានចេញ​សេចក្តីជូនដំណឹង​ស្តី ការ​រំលឹក​ការប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ និង​ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ២០២២ ដោយសារតែ​ខាង​ពន្ធដារ​សង្កេតឃើញថា  រហូតមកទល់​ពេលនេះ មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​នៅ​មិនទាន់ បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​ទាំងនេះ​នៅឡើយ។ ដូចនេះ ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង ឬ ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ២០២២នេះ បាន​អស់​លទ្ធភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ចៀសវាង​បាន​នូវ​ការ កកស្ទះ ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំឱ្យមាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សូម​ក្រើនរំលឹក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ ត្រូវ​រួសរាន់​មក​ប្រកាស​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ​ដែល​អចលនទ្រព្យ​ស្ថិតនៅ ឬ​នៅ​គ្រប់​សាខា​ធនាគារ ។ចំពោះ​ការខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ​ម្ចាស់​អចលនទ្រព្យ​នឹង ត្រូវ​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន។

យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល ៥ខែ ឆ្នាំ២០២២ ចំណូល​ពន្ធ-អាករ ដែល ពន្ធដារ​ប្រមូលបាន មាន​ចំនួន ប្រមាណ​ជា ១ ៧២៦,៩៣ លាន​ដុល្លារ កើនឡើង២៧,៩៥ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២១ ៕

ក្រសួងពាណិជ្ជកម្ម សហការជាមួយDHL ដើម្បីជំរុញការលក់ផលិតផលក្នុងស្រុកទៅក្រៅប្រទេស ​

​ភ្នំពេញ​៖ ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដរ​បស់​ក្រសួងពាណិជ្ជកម្ម នឹងត្រូវ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ដឹកជញ្ជូន​សម្រាប់​ទីផ្សារ​ក្រៅប្រទេស​របស់​ក្រុមហ៊ុន DHL Cambodia ដើម្បី​ជួយ​សម្រួល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ក្នុង​ការលក់ និង​នាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ នៃ​គម្រោង​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា (Go4eCAM) របស់​ក្រសួងពាណិជ្ជកម្ម កាល​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ (Partnership Agreement) ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន DHL Cambodia ក្នុង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ការចែករំលែក​ចំណេះដឹង និង​ការបណ្ដុះបណ្ដាល​សម្រាប់ SMEs ដែល​បាន​ចុះឈ្មោះ​ជាមួយ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​ទាក់ទង​នឹង​ការដឹកជញ្ជូន​ទំនិញ​។​

​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ពិ​សេសមួយ​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន ជាពិសេស ក្រុមហ៊ុន DHL Cambodia ដើម្បី​បង្កើន​ឱកាស​សេដ្ឋកិច្ច​ជូន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​តាមរយៈ​ការ​ដាក់លក់​ផលិតផល​ខ្មែរ​សម្រាប់​អតិថិជន និង​ដៃគូ​អាជីវកម្ម​ជាមួយ​ប្រព័ន្ធ​ដឹកជញ្ជូន​ដែលមាន​ទំនុកចិត្ត​ខ្ពស់​។​

​លោកស្រី​បាន​បន្តថា នៅក្រោម​កិច្ចព្រមព្រៀង​ជា​ដៃគូ​នេះ ដើម្បី​អាចជួយ​សម្រួល​ដល់​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SMEs) អាច​លក់ និង​នាំចេញ​ផលិតផល​រស់​ខ្លួន ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​យ៉ាង​ងាយស្រួល និង​ប្រកបដោយ​សុវត្ថិភាព​។

​លោកស្រី​បាន​បញ្ជាក់ថា​៖«​ការតភ្ជាប់​ប្រព័ន្ធ​ទាំងពីរ​នេះ នឹង​ជួយ​ដល់​សហគ្រិន​ក្នុងស្រុក ជាពិសេស សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា ដែល​លក់​ផលិត​ខ្មែរ ក្នុងការ​ពង្រីក​ការលក់ និង​ទីផ្សារ​របស់ខ្លួន និង​ប្រាក់ចំណូល​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ ខណៈដែល​សកម្មភាព​នេះ នឹង​ជំរុញ​ដល់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​វឌ្ឍនភាព​ឌីជីថល​បន្ថែមទៀត​រប​ស់​ប្រទេស​»​។​

​លោក PrayagChitrakar​នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន DHL Cambodia បាន​មានប្រសាសន៍ថា ភាពជា​ដៃគូ​នេះ អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ផ្ដល់ជូន​សហគ្រាស​ធុន​តូច និង​មធ្យម​នូវ​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​តាមរយៈ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដរ​បស់​ក្រសួងពាណិជ្ជកម្ម​។

​លោក​បាន​បញ្ជាក់ថា​៖« ក្រុមហ៊ុន DHL Cambodia បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​សម្រេចបាន​នូវ​គោលដៅ និង​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ជា​ដៃគូ​នេះ​» ។​

​​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ (Cambodiatrade) គឺជា​ទីផ្សារ​អន​ឡាញ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដែល​បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាល​អំឡុង​ខែកញ្ញា​ឆ្នាំ​២០២១ ដោយមាន​សហគ្រាស​រាប់​រយ​បាននិងកំពុង​ដំណើរកា​រ​និង​មាន​ប្រតិបត្តិ​ការទិញ​ទំនិញ​ជាច្រើន​ផងដែរ នាពេល​បច្ចុប្បន្ននេះ ៕

អេស៊ីលីដាចូលរួមផ្តល់ឥណទានសម្រាប់គម្រោងសហហិរញ្ញប្បទាន ស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍  

ភ្នំពេញ៖ ធនាគារ អេស៊ីលីដាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២  បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការអនុវត្ត​គម្រោង សហហិរញ្ញប្បទាន ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ ដោយមានការចូលរួមមូលនិធិ ៥០% ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង ៥០% ទៀត ចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោក សឹង ភន នាយកប្រតិបត្តិឥណទានរបស់ធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា​គម្រោង សហ​ហិរញ្ញប្បទានគឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកស្តារការងើបឡើងវិញនៃម្ចាស់អាជីវកម្មនិងសហគ្រិននានាក្នុងវិស័យទេចរណ៍ ជាមួយនិងការទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«គម្រោងនេះគឺជាគម្រោងដ៏ល្អមួយដែលផ្តល់ឪកាសដល់សហគ្រិនដែលមានអាជីវកម្មក្នុងវិស័យទេចរណ៍ដោយពួកគាត់អាចទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ដ៏ល្អគឺអតិបរមាត្រឹម៦,៥ភាគរយតែប៉ុណ្ណោះក្នុង១ឆ្នាំ។ ស្របជាមួយគ្នានោះគឺមិនមានការគិតសោហ៊ុយផ្សេងៗផងដែរ  ដូច្នេះសូមអតិថិជនដែលមានអាជីវកម្មក្នុងវិស័យនេះប្រញាប់រួសរាន់ដាក់ពាក្យសុំកម្ចីមកធនាគារអេស៊ីលីដាព្រោះថាទឹកប្រាក់កម្ចីក្នុងគម្រោងនេះមានចំនួនកំណត់»។

 

សម្រាប់គម្រោង​នេះ​មាន​គោលដៅ​ផ្តល់ហិរញ្ញប្បទាន​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ រួមមានដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, ការផ្គត់ផ្គង់អាហារ និងភេសជ្ជៈ និង​ការផ្គត់ផ្គង់​ផលិតផល-សេវាកម្ម​ដទៃ​ទៀត ដែល​គាំទ្រ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​មាន​តម្រូវការ​ឥណទាន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ឡើងវិញ កែលម្អ និងទំនើបកម្ម ពង្រីកខ្លួនបន្ថែម។

  • ទំហំឥណទាន៖ផ្តល់ជូនរហូតដល់៤០០.០០០ដុល្លារអាមេរិកឬសមមូលជាប្រាក់រៀល។
  • អត្រាការប្រាក់៖ អតិបរមា ៦.៥០% ក្នុងមួយឆ្នាំ។
  • រយៈពេលខ្ចី៖ រហូតដល់ ៧ឆ្នាំ។
  • សោហ៊ុយឥណទាន និងសោហ៊ុយផ្សេង៖ គ្មាន។
  • រយៈពេលអនុគ្រោះរហូតដល់ ១២ ខែ (សងតែការប្រាក់)។

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ២៤ម៉ោង)៕

កម្ពុជាបើកដាក់ឱ្យដំណើការទីកន្លែងផ្តល់ព័ត៌មានអំពី​វិនិយោគ​ក​សិ​-​ចំណីអាហារនៅCDC  

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការ​ជាមួយ​ក្រសួងកសិកម្ម និង​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC) ដែល​គាំទ្រ​ដោយ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី នា​ថ្ងៃទី​១៥ ខែកក្កដា បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ ដើម្បី​ជំរុញ​វិនិយោគ​ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា ឧបករណ៍​នេះ​គឺជា​សក្ខីភាព​មួយទៀត​ដែល​ឆ្លុះបញ្ចាំង​ពី​ផ្លែ​ផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អូស្ត្រាលី​លើ​កា​រព​ន្លឿ​ន​សកម្មភាព​ជំរុញ​វិនិយោគ​ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ​ជា​អាទិភាព ដើម្បី​រួមចំណែក​ដល់​ការរក្សាបាន​នូវ​សុវត្ថិភាព​ម្ហូបអាហារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​៖ «​ឧបករណ៍​ចម្បង​នេះ​នឹង​រួមចំណែក​ដល់​ការជំរុញ​វិនិយោគ និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ចំណីអាហារ ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​កសិកម្ម​»​។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​ដកស្រង់​សម្ដី​លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាថា តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ ​គឺជា​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​តែមួយគត់​ដែល​នឹង​ផ្តល់ព័ត៌មាន​និង​ជួយ​វិនិយោគិន​ឱ្យ​ច្បាម​យក​កាលានុវត្តភាព​មិនទាន់​ច្នៃ​នៃ​ធនធាន​កសិកម្ម​កម្ពុជា និង​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ដ៏​ទាក់ទាញ​ពី​ច្បាប់​ស្តីពី​វិនិយោគ​។

​លោក​ថ្លែងថា​៖ «​ក្រុមការងារ​របស់​យើង​នឹង​នៅ​ជាមួយ​វិនិយោគិន​គ្រប់​ដំណាក់កាល​ដើម្បី​ធានា​នូវ​ការទទួលបាន​ផលចំណេញ​យ៉ាង​ឆាប់រហ័ស និង​គាំទ្រ​ដល់​ជីវភាព​ដ៏​ល្អប្រសើរ​របស់​កសិករ​និង​ក្រុមគ្រួសារ​របស់​ពួកគាត់​»​។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​ដកស្រង់​សម្ដី​លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ថា រដ្ឋាភិបាល​អូស្ត្រាលី​ប្តេជ្ញាចិត្ត​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ការលើកកម្ពស់​ផលិតភាព​ក្នុង​វិស័យកសិកម្ម តាមរយៈ​ការរួម​គ្នា​ជំរុញ​ការវិនិយោគ​ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ​។

​លោក​ថ្លែងថា​៖ «​ការដាក់ឱ្យ​ប្រើប្រាស់​ឧបករណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ នាពេលនេះ​គឺជា​សមិទ្ធផល​ថ្មី​និង​ជា​សក្ខីភាព​មួយ​ដែល​អូស្ត្រាលី​បាន​ចូលរួម​ជួយ​បំពេញបន្ថែម​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ជំរុញ ទាក់ទាញ និង​ថែរក្សា​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ក​សិ​-​ធុរកិច្ច និង​ក​សិ​-​ចំណីអាហារ​»​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន កោតសរសើរ​ចំពោះ​កិច្ចសហការ​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជាពិសេស​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ដែល​បានផ្តល់​ការគាំទ្រ​ទាំង​បច្ចេកទេស និង​ធនធាន​ហិរញ្ញវត្ថុ ក្នុងការ​លើកកម្ពស់​កា​រ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​នៅ​កម្ពុជា​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល គិត​ត្រឹម​ខែមិថុនា ឆ្នាំ ២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​កែច្នៃ​ចំណីអាហារ ចំនួន​ប្រមាណ ៤០០ គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ១០,៣៣ ប៊ី​លាន​ដុល្លារ​អាមេរិក​៕​

 

 

 

 

 

 

កម្ពុជាពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនលើគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់

ភ្នំពេញ៖​ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ជួបជាមួយគណៈ​ប្រតិភូ​ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដឹកនាំដោយលោក Zhou Yong ប្រធានគ្រប់គ្រង​ទូទៅប្រចាំ​ប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារអំពីគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារ​កម្មទន្លេបាសាក់។

ការពិភាក្សានោះត្រូវបានរៀបចំឡើងកាលថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមាន​ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញពាក់ ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួង និងការចូលរួម​តាមប្រព័ន្ធវីដេអូពីចម្ងាយពីក្រុមការងារនៃក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ពីទីក្រុងប៉េកាំងផងដែរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់សារជាថ្មីអំពីសារសំខាន់នៃគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម​ទន្លេ​បាសាក់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដែលអាចជួយកាត់បន្ថយការចំណាយ​លើការដឹក​ជញ្ជូន​និងភស្តុភារកម្ម និងមានប្រសិទ្ធភាពជាមុន ព្រមទាំងងាយស្រួលធ្វើសមាហរណ​កម្មផ្ទៃក្នុងក្នុង​វិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

លោកបានលើកឡើងថា៖ ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះចាំបាច់ត្រូវតែធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ដាក់ជូនទៅគណ:កម្មាធិការអន្តរក្រសួងពិភាក្សាមុននឹងរាយការណ៍ជូនដើម្បីរាជរដ្ឋាភិបាលកម្ពុជាពិនិត្យពិចារណា។ ការសិក្សាខ្នាតអន្តរជាតិនេះត្រូវធ្វើឡើងដើម្បីស្វែងរកដែគូវិនិយោគពីដៃគូអភិវឌ្ឍន៍ និងពីក្រុមហ៊ុននានា និងបានបន្ថែមថា៖ គម្រោងនេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវានឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ»។

លោកក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនសារជីវកម្មស្ពាន​ថ្នល់ចិន(CRBC) និងក្រុហ៊ុនCCCC Water Transportation Consultants Co., Ltdដែលបានជួយ​ជ្រោមជ្រែងដល់ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដើម្បីធានាឱ្យគម្រោងនេះអាចដំណើរការទៅដោយរលូន និងជោគជ័យ៕

គម្រោង កំណែទម្រង់ស្ថាប័នរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម និងការអភិវឌ្ឍ​មជ្ឍមណ្ឌលព័ត៍មាន​សម្រាប់ពាណិជ្ជកម្មសេរីត្រូវបានដាក់ឱ្យអនុវត្តន៍

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យអនុវត្តគម្រោង កំណែទម្រង់ស្ថាប័នរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម និងការអភិវឌ្ឍមជ្ឍមណ្ឌលព័ត៍មានសម្រាប់ពាណិជ្ជកម្មសេរីកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់គម្រោង ARISE Plus Cambodia បានសម្ពោធដាក់ឱ្យអនុវត្តគម្រោង “កំណែទម្រង់ស្ថាប័នរបស់វិទ្យាស្ថាន បណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម និងការអភិវឌ្ឍមជ្ឍមណ្ឌលព័ត៍មានសម្រាប់ពាណិជ្ជកម្មសេរី និងលេខាធិការដ្ឋាន​នៃ​គណៈកម្មា​ធិការ​​ចរចា​ពាណិជ្ជកម្មជាតិ” ដោយមានវត្តមានរបស់តំណាងអន្តរក្រសួង-ស្ថាប័ន តំណាងសហភាពអឺរ៉ុបនៅកម្ពុជា នាយកគម្រោង ARISE Plus Cambodia ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។

គម្រោងនេះ គឺទទួលបានជំនួយឥតសំណងផ្តល់ដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សម្រាប់ ការអនុវត្តចំនួន១២ ខែ លើសកម្មភាព ៣ សំខាន់ៗ៖ ១) កំណែទម្រង់ស្ថាប័នសម្រាប់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម ២) ការបង្កើតមជ្ឈមណ្ឌលចំណេះដឹងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង ៣) ការបង្កើតលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការចរចាពាណិជ្ជកម្មជាតិ។

លោករដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់ និងបានថ្លែងអំណរគុណ​ចំពោះ​សហភាពអឺរ៉ុបនៅកម្ពុជា និងគម្រោង ARISE Plus Cambodia ដែលបានផ្តល់ការគាំទ្រក្រសួងពាណិជ្ជកម្ម​នាពេលកន្លងមក។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការអនុវត្តគម្រោងនេះ គឺស្របតាមកាលៈទេសៈ ដែលប្រទេសកម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសចិន និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសកូរ៉េ។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាអតិបរមាសម្រាប់ការកសាងសមត្ថភាពរបស់មន្រី្តរាជការក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង-ស្ថាប័នទាក់ទងនឹងការចរចាពាណិជ្ជកម្មសេរី និងជាមជ្ឍមណ្ឌលសម្រាប់ចែករំលែកព័ត៍មាន និងចំណេះដឹងពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មសេរីនានា៕