សូមស្វាគមន៍មកកាន់សប្តាហ៍ដំបូងនៃវគ្គសិក្សានារដូវក្តៅ ឆ្នាំ ២០២២!

 

ខាងក្រោមនេះគឺជាកម្រងរូបភាព ដែលស្តែងអំពីការចូលរួមធ្វើសកម្មភាពនានារបស់សិស្សានុសិស្សនៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា ក្នុងវគ្គសិស្សានារដូវក្តៅនេះ។

ដើម្បីឲ្យសិស្សានុសិស្សទាំងអស់បានសិក្សាវគ្គបំប៉នបន្ថែម និងចូលរួមធ្វើគម្រោងថ្មីៗដែលពួកគេមិនធ្លាប់បានរៀនពីមុនមក សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានរៀបចំឱ្យមានសកម្មភាពសិក្សា និងការកម្សាន្តអារម្មណ៍ជាច្រើន ដែលក្នុងនោះរួមមាន កម្មវិធីចងកូដ ការលេងល្បែងអុក ការហាត់រាំទាំងចង្វាក់បុរាណ និងសម័យ ការថែសួនជីវៈចម្រុះ និងការប្រកួតលេងបាល់ទាត់ ជាដើម។

ក្រៅពីនេះ សិស្សានុសិស្សក៏មានឱកាសបានរៀនសូត្រមុខវិជ្ជាពង្រឹងផ្សេងៗបន្ថែមទៀតផងដែរ ដោយមានការបង្ហាត់បង្រៀនពីសំណាក់ លោកគ្រូអ្នកគ្រូប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ និងក្រុមសិស្សាធិការបស់យើង ដើម្បីតាមដានការលូតលាស់របស់ពួកគេ ទៅលើផ្នែកគិតពិចារណា ភាពច្នៃប្រឌិត ការទំនាក់ទំនងគ្នា និងភាពសហការគ្នា។ ជំនាញទាំងអស់នេះហើយដែលជាទុន រុញច្រានឱ្យពួកគេក្លាយខ្លួនជាពលរដ្ឋសកល និងជាថ្នាក់ដឹកនាំនាពេលអនាគត។

សាលាអន្តរជាតិ វេសវីយូ កម្ពុជា សូមអរគុណទៅដល់ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ដែលតែងតែផ្ដល់ទំនុកចិត្តមកលើសាលារបស់យើងខ្ញុំ មិនថាទាំងកម្មវិធីសិក្សាស្នូល ក៏ដូចជាកម្មវិធីសិក្សានារដូវក្តៅ។ នេះគឺជាកម្លាំងចលករមួយដ៏ធំធេងដែលធ្វើឱ្យយើងខ្ញុំយកចិត្តទុកដាក់ទៅលើការអប់រំបុត្រធីតារបស់លោកអ្នកជាប្រចាំ។ សាលាក៏សូមជូនពរឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវភាពជោគជ័យគ្រប់កម្មវិធីសិក្សា។

Welcome to the first week of the Summer Program in 2022!

Below are some photos about the activities in which the students of Westview Cambodian International School have this summer.

To get all students improved and participated in new projects, Westview Cambodian International School has organized a variety of study clubs and fun activities, including coding, playing chess, Khmer traditional and popular dancing, gardening and playing football.

Moreover, students also have the opportunity to learn enrichment subjects with professional teachers and an academic team who can monitor their growth in Critical thinking, Creativity, Communication and Collaboration. All these skills can help them to become global citizens and leaders in the future.

Westview Cambodian International School would like to thank all the parents and guardians who have always trusted our school, both core program and summer program. This is a huge driving force that keeps us focused more on educating your children regularly. Likewise, the school wishes all students success in all programs.

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុង Atsugi នៃខេត្តKanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ

(ប្រទេសជប៉ុន)៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (Cambodia Private Commercial Center) នៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ពិធីនេះ ក៏មានការចូលរួមជាភ្ញៀវកត្តិយសដោយផ្ទាល់ និងផ្ញើរសារជូនពរពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន៖ ឯកឧត្តម Taro Kono សមាជិករដ្ឋសភា អតីតរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, ឯកឧត្តម Akira Amari សមាជិករដ្ឋសភា អតីតរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន, ឯកឧត្តម Imamura Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន, ឯកឧត្តម Mikami Masahiro អគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា, ឯកឧត្តម Masahiro Hirabayashi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ព្រមទាំងភ្ញៀវកិត្តិយសជាឥស្សរជន នយោបាយ, សមាជិករដ្ឋសភា, សមាជិកសភាខេត្ត, អ្នកការទូត, អភិបាលក្រុង ស្រុក តំណាងស្ថាប័នគាំទ្រពាណិជ្ជកម្ម សភាពាណិជ្ជកម្ម សមាគមអាជីវកម្ម ក្រុមហ៊ុន ជាច្រើនផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានឡើងថ្លែងថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងAtsugi នៃខេត្តKanagawa ប្រទេសជប៉ុន គឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនជាស្ពានសម្របសម្រួល ហើយមជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មានច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្នានសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។

ឯកឧត្តមឯកអគ្គរាជទូត បញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងAtsugi នៃខេត្តKanagawa ប្រទេសជប៉ុន នេះ ត្រូវបានអនុញ្ញាតិជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្របតាមគោលនយោបាយការទូតសេដ្ឋកិច្ចកម្ពុជា ដើម្បីគៀងគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនអង្គពិធីអំពីសមិទ្ធិផលថ្មីៗដែលកម្ពុជាសម្រេចបាន ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការស្ដារសេដ្ចកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ រួមមាន៖ (១) ភាពជោគជ័យលើការគ្រប់គ្រងកូវីដ១៩ តាមការចាក់វ៉ាក់សាំងការពារបានយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋទូទាំងប្រទេសក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី, (២) ការសម្រេចបានសមិទ្ធិផលថ្មីៗ បន្ថែមទៀតក្នុងកាលៈទេសៈកូវីដ១៩ គឺការសាងសង់ព្រលានយន្តហោះថ្មីចំនួន៣ (ភ្នំពេញថ្មី សៀមរាប និងកោះកុង) ការសាងសង់ផ្លូវល្បឿនលឿនថ្មី១ខ្សែភ្នំពេញ-ខេត្តព្រះសីហនុ, (៣) ការអនុម័តច្បាប់ថ្មីស្តីពីការវិនិយោគ នាខែតុលា ឆ្នាំ២០២១ និងការចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP ដែលជប៉ុនជាសមាជិកដ៏សំខាន់មួយ, និង(៤) ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជា និងជប៉ុន ក្នុងការអភិវឌ្ឍបន្ថែម ទៀតនូវទំនាក់ទំនងទ្វេភាគី ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។

នៅកិច្ចបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូត បានធ្វើការវាយតម្លៃខ្ពស់អំពីតួនាទីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា Atsugi ដែលជាស្ពានសម្រាប់ផ្សារភ្ជាប់ កាន់តែល្អប្រសើរថែមទៀត នូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណគុណចំពោះ ក្រុមហ៊ុន Kojima Holding Co., Ltd សហគមន៍ខ្មែរនៅជប៉ុន, ក្រសួងស្ថាប័នជំនាញ បានគាំទ្រជាកំលាំងកាយ កំលាំងចិត្ត ស្មារតី ឯកសារ សម្ភារៈ និងការសម្របសម្រួលគ្រប់ទំរង់ រួមចំណែកធ្វើអោយកើតជារូបរាងឡើង មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា Atsugi ដ៏ស្រស់ល្អ ដំបូងគេលើទឹកដីជប៉ុន នៅពេលនេះ៕

ធនាគារ អេស៊ីលីដាសហការជាមួយ Western Union Network (Ireland) Ltd.ដាក់ឱ្យ​ដំណើរការ​​ជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដា​ម៉ូបាល

ភ្នំពេញ ធនាគារ “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” បានប្រកាសជាសាធារណៈ ​កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០​២​២ ថា ខ្លួន បានសហការជាមួយ​ក្រុមហ៊ុនវ៉េសស្ទឺន យូញៀន (WU) ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេស​​លំដាប់​​ពិភពលោក ដើម្បីដាក់​ឱ្យ​ដំណើរការ​សេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈ អេស៊ីលីដាម៉ូបាល ទៅកាន់បណ្តាញ​ប្រតិបត្តិការ​ជាង២០០ប្រទេសនៅទូទាំងសកលលោក​។

ចាប់ពីពេលនេះតទៅ អតិថិជនដែល​ប្រើ​ប្រាស់​អេស៊ីលីដាម៉ូបាល​​អាច​ធ្វើប្រតិបត្តិការផ្ទេរ​ប្រាក់​ដល់​​ក្រុម​គ្រួសារនៅ​ក្រៅ​​ប្រទេស​បាន​គ្រប់​ពេលវេលាដោយពួកគាត់​អាច​ធ្វើការផ្ទេរ និងទទួល​ប្រាក់ពីប្រទេសផ្សេងៗជាង ២០០ ប្រទេសនៅទូទាំងសកលលោក។

 

Print

អតិថិជនដែលប្រើប្រាស់​អេស៊ីលីដាម៉ូបាលអាចទទួលប្រាក់ចូលទៅក្នុងគណនី​ធនាគារ​អេស៊ីលីដា ឬគណនី​វ៉លឡេតរបស់ពួកគេដោយគ្រាន់តែបញ្ចូលលេខសម្ងាត់ផ្ទេរប្រាក់ ​(Money Transfer Control Number“MTCN”) ទៅក្នុងអេស៊ីលីដាម៉ូបាល។ម្យ៉ាងវិញទៀត អតិថិជនក៏អាចទទួលសាច់ប្រាក់ដែលផ្ទេរជូនពួកគាត់នៅទីតាំងធនាគារអេស៊ីលីដាដែលនៅជិតបំផុត។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមាន​ប្រសាសន៍ថា“កិច្ចសហប្រតិបត្តិការរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុន វ៉េសស្ទឺន យូញៀនផ្តល់នូវមធ្យោបាយយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ប្រកបដោយ​ទំនុកចិត្តក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈអេស៊ីលីដាម៉ូបាល បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកបានថ្លែងបន្តទៀតថា៖តាមរយៈការដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ អតិថិជនអាចផ្ទេរប្រាក់ឆ្លងប្រទេស ហើយអ្នកទទួលប្រាក់អាចដកសាច់ប្រាក់នៅទីតាំង​ដែល​បម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀននៅទូទាំងសកលលោក។ អតិថិជនដែល​ប្រើប្រាស់​អេស៊ីលីដាម៉ូបាល មានជម្រើសច្រើនក្នុងការផ្ទេរប្រាក់ រួមមានការផ្ទេរប្រាក់ទៅក្នុងគណនី​ធនាគារ និងគណនី​វ៉លឡេត​​អេស៊ី​លីដា”។

លោក អ៊ិន ចាន់នី បានបន្ថែមថា៖«កិច្ចសហប្រតិបត្តិការនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភា្ជប់អតិថិជនទៅនឹងឱកាស ដើម្បីផ្តល់នូវដំណោះស្រាយក្នុងការចាត់ចែង​សាច់ប្រាក់​របស់ពួកគាត់តាមមធ្យោ​បា​យដែលអតិថិជនមានតម្រូវការប្រើប្រាស់សាច់ប្រាក់”។

លោកJeffrey Navarroប្រធានប្រចាំប្រទេសហ្វីលីពីន ម៉ាឡេស៊ីប៊្រុយណេ និងឥណ្ឌូចិន​ របស់ក្រុមហ៊ុន   វ៉េសស្ទឺន យូញៀនបានមានប្រសាសន៍ថា៖«ស្ថាប័នយើងរីករាយក្នុងការ​បម្រើសេវាផ្ទេរប្រាក់វ៉េសស្ទឺន យូញៀនតាមរយៈ អេស៊ីលីដាម៉ូបាល ដោយផ្តល់ជូននូវ​ដំណោះស្រាយ​បែបឌីជីថលជូនដល់អតិថិជន និងសាធារណជនអាចធ្វើប្រតិបត្តិការ​ផ្ទេរប្រាក់ដោយខ្លួនឯងបាន»។

Print

លោកថា ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនជាង ២០០ ប្រទេសនៅទូទាំងសកលលោកហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងបន្ត​បង្កើន​សមត្ថភាព​ឌីជីថលរបស់យើង ដើម្បីទទួលបានអតិថិជនកាន់តែច្រើន និងធ្វើឲ្យពួកគាត់ភ្ជាប់​ទំនាក់ទំនងជាមួយសេដ្ឋកិច្ចឌីជីថលបានយ៉ាងទូលំទូលាយ”។​

ធនាគារអេស៊ីលីដា       ភីអិលស៊ីមានទ្រព្យសកម្មសរុបចំនួនជាង៨,១៦ប៊ីលានដុល្លារអាមេរិក​សមតុល្យឥណទានសរុបចំនួន៥,៧៩ប៊ីលានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន៥,៩០ពាន់លានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៣,៤៤លាននាក់គិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២២នេះ៕

 

តួគីហាមឃាត់ការនាំទំនិញសត្វរស់និងផលិតផលសត្វមួយពីប្រទេសនានា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នៅ​ថ្ងៃទី ២0 ខែមិថុនា បានចេញ​សេចក្តីជូនដំណឹង​ផលិតករ ឬ​អ្នក​នាំចេញ​ទាំងអស់​នៅ​កម្ពុជា ទាក់ទង​នឹង​ការនាំ​ចូល​សត្វ​រស់​និង​ផលិតផល​ធ្វើ​ពីស​ត្វ ក្រសួងកសិកម្ម​និង​រុក្ខា​ប្រ​ម៉ាញ់ នៃ​សាធារណរដ្ឋ​តួ​ក​គី បានចេញ​នូវ​បញ្ជី​មុខទំនិញ​ដែល​ត្រូវ​រឹតត្បិត​ក្នុង​ការនាំ​ចូលមក​ប្រទេស​តួ​ក​គី ដោយ​អនុលោម​តាម​អនុសាសន៍​របស់​អង្គការ​ពិភពលោក​ខាង​សុខភាព​សត្វ (The World Organization for Animal Health) និង​ក្របខ័ណ្ឌ​នៃ​បទ​ប្បញ្ញត្តិ​សុខភាព ដើម្បីឱ្យ​អ្នក​នាំចេញ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ទៅតាម​លក្ខខណ្ឌ​ដែល​គេ​បាន​តម្រូវ។

ទំនិញ​ដែល​សត្វ​រស់​និង​ផលិតផល​ធ្វើ​ពីស​ត្វ ដែល​តួ​គី បាន​រឹតបន្តឹង​រួមមាន គ្រី​ម ទឹកដោះគោ សាច់សត្វ​បង្កក ផលិតផល​ធ្វើ​ពី​ស្បែក​សត្វ គ្រឿងក្នុង​សត្វ ឈាមស​ត្វ ក្រចក​សត្វ សត្វព្រៃ ជាដើម ព្រោះថា ទំនិញ​ទាំង​អម្បាល​មាណ​នេះ គឺមាន​ទាក់ទង​នឹង​ជំងឺ Foot-and-mouth disease។

យោងតាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា នៅក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ ការនាំ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​តួ​គី សម្រេចបាន​ជាង៤លាន​ដុល្លារ កើនឡើង​ជិត៧០ភាគរយ ខណៈដែល​កម្ពុជា​នាំចូល​ពី​តួ​គី​មកវិញ មានតម្លៃ​ទឹកប្រាក់​ជាង១លាន​ដុល្លារ ថយចុះ​ជាង១៤ភាគរយ៕

 

ក្រុមហ៊ុន Walmart របស់អាមេរិកនឹងនាំចេញផលិតផលផ្សេងៗទៀតក្រៅពីសំលៀកបំពាក់ពីកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Walmart ដែលជា​ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​បំផុត​លើ​ពិភពលោក គ្រោង​នឹង​ពង្រីក​ការបញ្ជា​រទិញ​ផលិតផល​ពី​កម្ពុជា ខណៈ​ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​ធំ​លំដាប់​ទី១០ ដែល​បាន​បញ្ជា​រទិញ​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​ពី​កម្ពុជា។

នៅក្នុង​ជំនួប​ការងារ​តាមរយៈ​ប្រព័ន្ធ​អន​ទ្បា​ញ ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២  តំណាង​ក្រុមហ៊ុន Walmart បាន​លើកឡើងថា ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ការបញ្ជាទិញ​ផលិតផល​ពី​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​ឱកាស​ការងារ និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​អាចជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ របស់​កម្ពុជា​ថែមទៀត។

លោកស្រី អាន​ប៊ី​ញ ផាន បាន​មានប្រសាសន៍ថា ដោយសារតែ​កម្ពុជា មាន​លក្ខខណ្ឌ​ការងារ​បាន​ប្រសើរ ជាពិសេស​គ្រប់គ្រង និង​ទប់ស្កាត់បាន​យ៉ាង​ល្អ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការឆ្លង​រាលដាល​នៃ​កូ​វីដ-១៩ ទើប​អាច​ធានាបាន​នូវ​និរន្តរភាព​ចង្វាក់​ផលិតកម្ម និង​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​ក្រៅប្រទេស។

លោកស្រី​បាន​ថ្លែងថា ក្រុមហ៊ុន​Walmart គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​នាំចេញ​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើដំណើរ និង​ផលិតផល​កម្សាន្ត​តាម​រដូវ​កាល។ នាពេល​អនាគត Walmart គ្រោង​នាំ​ចេញពី​ប្រទេស​កម្ពុជា​នូវ ផ្លែឈើ ផលិតផល​ចំណីអាហារ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​សង្ហា​រឹម គឺ​ពេលដែល​ផលិតផល​ទាំងនេះ​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ។

លោក អ៊ិត សំហេង បាន​លើកឡើងថា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ-១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្រុញ និង​ផ្តល់​អាទិភាព​ជូន​កម្មករនិយោជិត​រួមទាំង​កម្មករនិយោជិត​ជនបរទេស​តាម​រោងចក្រ សហគ្រាស ក្នុងការ​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ បាន​ទាន់ពេលវេលា និង​ដោយ​ឥតគិតថ្លៃ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជម្រុញ។

លោក​បាន​បញ្ជាក់ថា៖« រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​ជា​បន្តបន្ទាប់ និង​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ចំនួន ១០ជុំ រួចមកហើយ ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ក៏ដូចជា​ការធានាបាន​នូវ​ប្រក្រតីភាព​នៃ​អាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និង​មុខរបរ ជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ»។

Walmart ជា​ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​បំផុត​លើ​ពិភពលោក ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​រដ្ឋ​អាកា​ន​សាស់ សហរដ្ឋអាមេរិក មាន​បុ​គ្គិល ២.៣លាន​នាក់ និង​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង ២៤ប្រទេស។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បង្ហាញថា ការនាំចេញ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក ក្នុង​រយៈពេល៥ខែ ឆ្នាំ២០២២នេះ មានតម្លៃ​ទឹកប្រាក់​ជាង៣ ៧២៩លាន​ដុល្លារ កើនឡើង​ជាង៥៧ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២។ផលិត​ដែល​កម្ពុជា នាំ​ចេញទៅ​អាមេរិក​ភាគច្រើន​ជាង​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​សម្ភារៈ​ធ្វើដំណើរ៕

 

សួនសត្វដែលមានតម្លៃ១៨លានដុល្លារនឹងបើកដំណើការស្វាគមន៍ភ្ញៀវទេចរនៅខេត្តសៀមរាបឆាប់ៗនេះ

 

សៀមរាប៖ ក្រុមហ៊ុន អង្គរ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ និង អឹ​ឃ្វា​រៀម បាន​ចំណាយ​ថិ​វ​កា ១៨លាន​ដុល្លារ បង្កើត​សួនសត្វ​មួយ នៅ​ខេត្តសៀមរាប​ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ពី​ការអភិរក្ស​សត្វ​និង ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ គ្រោង​នឹង​បើក​ដំណើរការ​នៅ​ខែតុលា​ខាងមុខនេះ។

បច្ចុប្បន្ន ក្រុមហ៊ុន​នេះ កំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ សម្រាប់​វា​រី​សត្វ និង​ថែរក្សា​សត្វព្រៃ​លើ​ផ្ទៃដី​ចំនួន ៦ហិកតា ក្នុងចំណោម​ផ្ទៃដី​សរុប​ទំហំ ២២ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ភូមិ​ក្បូន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប។ លោក ម៉េង ហៀ​ង នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​អង្គរ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ និង អឹ​ឃ្វា​រៀម បានឱ្យដឹងថា  ក្នុង​ឆ្នាំ២០២១ ក្រុមហ៊ុន​បាន​សាង សង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ដាក់តាំង និង​ថែរក្សា​វា​រី​សត្វ (ប្រភេទ​ត្រី​ទឹកសាប ត្រី​ទឹកប្រៃ និង​ពពួក​អណ្តើក​ជាដើម) និង​ពពួកសត្វ​នៅលើ គោក​សម្រេចបាន​ប្រមាណ ៧០%។

លោក​បាន​បន្តថា បច្ចុប្បន្ន ដំណើរការ​សាងសង់​កំពុង​ប្រព្រឹត្តទៅ​យ៉ាងសកម្ម ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រភេទ​សត្វព្រៃធំៗដូចជា សត្វ​ខ្លា ដំរី ខ្លាឃ្មុំ​តូច ត្រី​ទឹកសាប និង​ត្រី​ទឹកប្រៃ និង​ក៏មាន​ត្រី​នាំ​មកពី​ទន្លេ​អា​ម៉ា​ហ្សូ​ន​ផងដែរ។ សួនសត្វ​ក៏បាន​សាងសង់​អគារ​បន្ទប់ពិសោធន៍ និង​ព្យាបាល​សត្វព្រៃ។ គម្រោង​បាន​ចំណាយ​ប្រមាណ​ជា ១៨លាន​ដុល្លារ​សម្រាប់ធ្វើ​ការវិនិយោគ ហើយ​គ្រោង​នឹង​បើ​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែតុលា​ខាងមុខ។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែងថា គម្រោង​សួនសត្វ​នេះ ពិត​ជាមាន​សារសំខាន់​ណាស់ ហើយក៏​ចាត់ទុកជា​គម្រោង​ដំបូង​គេ​ក្នុង​ខេត្តសៀមរាប ដែលជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ចជាតិ​សម្រាប់​វិស័យ​ទេសចរណ៍។

 

លោក​បាន​បន្ថែមថា សួនសត្វ មិន​គ្រាន់តែ​ជា​ចំណី​ចក្ខុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​កន្លែង​ថែរក្សា ការពារ​ប្រភេទ​សត្វព្រៃ និង​មច្ឆជាតិ​កម្ពុជា​ដែល​ជិត​ផុត​ពូជ និង​ខ្លះ​មាន​ដោយ​កម្រ។ ម្យ៉ាងទៀត ជា​កន្លែង​ផ្សព្វផ្សាយ អប់រំ និង​យល់ដឹងបាន​ស៊ីជម្រៅ​អំពី​គ្រប់​ប្រភេទ​សត្វ​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ និង​បម្រើ​វិស័យ​ទេសចរណ៍​នាពេល​អនាគត​ដ៏​ខ្លី។

លោក​បាន​បញ្ជាក់ថា៖«យើង​បាន​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ក្រុមការងារ​ជំនាញ​ដែល​កំពុង​បន្ត​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​សេសសល់ ឲ្យ​បាន​ទាន់ពេល ដើម្បី​ឲ្យ​គម្រោង​បើកសម្ពោធ​ដំណើរការបាន​ជោគជ័យ។ សួនសត្វ ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​រដ្ឋបាល​ជលផល​ដើម្បី​ពិនិត្យ​លើ​ការងារ​អភិរក្ស​សត្វ ការថែរក្សា និង​បង្កាត់​ពូជ​ផងដែរ»។

 

ការទូទាត់រាយតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាកាន់តែមានកំណើនខ្ពស់

 

ភ្នំពេញ៖ ការទូទាត់​រាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ៣៤,៥% ដែលមាន​តម្លៃ​ទឹកប្រាក់ ៤១៥,៥ ពាន់​ពាន់​លាន​រៀល នៅក្នុង​ឆ្នាំ២០២១ ខណៈដែល​ចំនួន​គណនី E-Wallet បាន​កើន​ឡើងដល់ ១៣,៦ លាន​គណនី ដែល​ស្មើនឹង​ជាង ៨០% នៃ​ចំនួន​ប្រជាជន​សរុប បើ​ធៀន​នឹង​ឆ្នាំ ២០២១ ។ នេះ​បើតាម​របាយការណ៍ ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ២០២។

នៅក្នុង​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ២០២១ បាន​បង្ហាញថា ប្រព័ន្ធ​ទូទាត់ និង​ការទូទាត់​របស់​កម្ពុជា​មានការ​អភិវឌ្ឍន៍​គួរឱ្យកត់សម្គាល់​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ហើយ​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត។ ចំណែក​ដ៏​ធំ​នៃ​យុវជន​ក្នុង​ចំនួន​ប្រជាជន ទូរស័ព្ទ​ចល័ត​ខ្ពស់ និង​ការ​ជ្រៀតចូល​អ៊ីនធឺណិត និង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​គាំទ្រ​បាន​លើកទឹកចិត្ត​ដល់​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ដើម្បី​ណែនាំ​សេវាកម្ម​ទូទាត់​ឌីជីថល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាមួយ​ភ្នាក់ងារ​ជាច្រើន​ទូទាំងប្រទេស ក៏បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​ផងដែរ។

លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​ធ​នាគារ​ជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា ចំណុច​ដែល​គួរឱ្យកត់សម្គាល់​ចុងក្រោយ ដូច​ដែលមាន​រៀបរាប់​នៅក្នុង​ជំពូក​ថ្មី​ស្តីពី​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ(របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ២០២១) គឺ​ប្រព័ន្ធ​ទូទាត់​ឌីជីថល ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ព្រមទាំង​បាន​ជួយ​សម្រួល​ដល់​លំហូរ​ប្រតិបត្តិ​ការជួញដូរ​ទំនិញ​និង​សេវាកម្ម ទោះបី​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ដែល​បណ្តាលមកពី​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ក៏ដោយ។

លោកស្រី​បាន​បញ្ជាក់ថា៖«ចំនួន​ទឹកប្រាក់​សរុប​នៃ​ការទូទាត់​រាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជា​ប្រាក់រៀល​និង​ដុល្លារ​អាមេរិក​បាន​កើនឡើង ៣៤,៥% ស្មើនឹង ៣,៨ ដង​នៃ​ផ.ស.ស. ខណៈដែល​ចំនួន​គណនី​កាបូប​អេឡិចត្រូនិក (E-Wallet) បាន​កើន​ឡើងដល់ ១៣,៦ លាន​គណនី ដែល​ស្មើនឹង​ជាង ៨០% នៃ​ចំនួន​ប្រជាជន​សរុប»៕

 

ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន MoneyGram ដាក់ឱ្យដំណើរការជា​ផ្លូវការនូវ​សេវា​ទូទាត់​ឆ្លង​ប្រទេសតាមរយៈ អេស៊ីលីដា​ ម៉ូបាល

 ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសជាសាធារណៈនៅថ្ងៃទី១៥ ខែមិថុនានេះថា អំពីការសហការ ជាមួយMoneyGram Payment System, Inc.(ម៉ាន់នីក្រាម) ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងការទូទាត់​បែប​​ឌីជីថល។តាមរយៈកិច្ចសហការនេះ អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្នអាចប្រើ អេស៊ីលីដាម៉ូបាលអ៊ែប ដើម្បីផ្ញើ និងទទួលប្រាក់តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុន​ជាង២០០ប្រទេសទូទាំងសកលលោក​តាមរយៈ​ម៉ាន់នីក្រាម​ដែលជាប្រព័ន្ធទូទាត់ជាសាកល បានយ៉ាងងាយស្រួល និងឆាប់រហ័ស​។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អេស៊ីលីដា គោលបំណងសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការធ្វើប្រតិបត្តិ គឺ១. ផ្ញើប្រាក់ពីកម្ពុជាទៅកាន់បរទេស៖ ដោយ​ការ​​​ប្រើអេស៊ីលីដាម៉ូបាលអ៊ែបមានភាពងាយស្រួល អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្ន អាចផ្ទេរ​ប្រាក់​ទៅឱ្យ​ក្រុមគ្រួសារ និងមិត្តភ័ក្តនៅជុំវិញពិភពលោក។ អ្នកទទួលអាចទទួលប្រាក់នៅតាមទីតាំង​របស់ភ្នាក់ងារ​ម៉ាន់នីក្រាម ឬអាចទទួលប្រាក់ដោយផ្ទាល់ នៅក្នុងគណនីធនាគារ ឬម៉ូបាលវល្លែត។

២.ទទួលប្រាក់នៅកម្ពុជា៖ សម្រាប់ការផ្ទេរប្រាក់ពីបរទេស​​ចូលមកកម្ពុជា អតិថិជននាពេលបច្ចុប្បន្នអាច​បញ្ចូល​លេខសម្ងាត់ម៉ាន់នីក្រាមទៅក្នុងអេស៊ីលីដាម៉ូបាលអ៊ែប ដើម្បីទទួលប្រាក់។ និង ទី៣.    សម្រាប់ពេលអនាគតការផ្ញើប្រាក់ និងការទទួលប្រាក់នៅតាមសាខាក្នុងស្រុក នៅកម្ពុជា៖ កិច្ចសហការនេះផ្តល់មធ្យោបាយ​សម្រាប់​លទ្ធភាព​នាពេលអនាគត ដូចជា អនុញ្ញាតឱ្យអតិថិជន ដើម្បីផ្ញើប្រាក់ និងទទួលប្រាក់នៅតាមបណ្តា​សាខាធនាគារ អេស៊ីលីដា នៅកម្ពុជា។

លោក Vijay Raj Poduvalនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូចិន ក្រុមហ៊ុនម៉ាន់នីក្រាម បានមាន​ប្រសាសន៍ថា៖«ពួកយើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះកិច្ចសហការជាមួយធនាគារ អេស៊ីលីដានិងការពង្រីកប្រតិបត្តិការនិងការធ្វើបរិយាបន្នហិរញ្ញវត្ថុដល់អតិថិជននៅកម្ពុជា»។

Print

លោកបានបន្តថា៖«ការដាក់ឱ្យដំណើរការសមត្ថភាពផ្ទេរប្រាក់ជាអន្តរជាតិឈានមុខគេរបស់ពួកយើងតាមរយៈអេស៊ីលីដាម៉ូបាលអ៊ែប ស្របតាមយុទ្ធសាស្ត្ររបស់ពួកយើងដើម្បីផ្តល់ជូនអតិថិជននូវជម្រើសឌីជីថល​បន្ថែម​ទៀត»។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា​កិច្ចសហប្រតិបត្តិការរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុនម៉ាន់នីក្រាមបានផ្តល់នូវមធ្យោបាយឆាប់រហ័ស ងាយស្រួល ប្រកបដោយទំនុកចិត្តក្នុងការផ្ទេរប្រាក់ទៅបរទេស តាមរយៈអេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ថ្លៃទំនិញ ឬថ្លៃសាលា ឬ​ជូនគ្រួសារ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកបានថ្លែងថា អតិថិជន និងសាធារណជន​អាចផ្ទេរប្រាក់ចូលក្នុងគណនីធនាគារនៅបរទេស ឬដកប្រាក់នៅ​តាមបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនជាង​២០០ប្រទេសទូទាំងសកលលោក។ បន្ថែមលើនេះ អតិថិជន និងសាធារណជនអាចផ្ទេរប្រាក់ដោយផ្ទាល់ចូលក្នុងគណនីនៅធនាគារ អេស៊ីលីដា និងដកប្រាក់នៅ​តាមបញ្ជរសាខាណាមួយរបស់ធនាគារ អេស៊ីលីដា ដោយប្រើលេខសង្ងាត់៨ខ្ទង់ និងអត្តសញ្ញាណបណ្ណ។

លោកបានបន្ថែមទៀតថា៖« កិច្ចសហប្រតិបត្តិការនេះ នឹងជួយឱ្យអតិថិជន ដៃគូអាជីវកម្ម និងសាធារណជន អាចផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗ យ៉ាងងាយស្រួល តាមរយៈអេស៊ីលីដាម៉ូបាល ដែលនេះជា​ជំហានដ៏​សំខាន់មួយ ដើម្បីជាជំនួយដល់អតិថិជន ដៃគូអាជីវកម្ម និងសាធារណជន ក្នុងការគាំទ្រអាជីវកម្ម និងជីវិត​ប្រចាំថ្ងៃរបស់ពួកគាត់»។

គិតមកដល់បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង៨,១៦ប៊ីលានដុល្លារអាមេរិក​សមតុល្យឥណទានសរុបចំនួន៥,៧៩ប៊ីលានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន៥,៩០ពាន់លានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៣,៤៤លាននាក់គិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២២នេះ៕

 

អង្គការប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នឹងបន្តជួយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មកម្ពុជា

ហ្សឺណែវ,ស្វីស៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយ លោកស្រី Shamikar Sirimane ប្រធានផ្នែកបច្ចេកវិទ្យា និងភស្ដុភារកម្ម នៃសន្និសីទប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ដ្រីបានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UNCTAD លើវិស័យមួយចំនួន ព្រមទាំងបានថ្លែងអំណរគុណការគាំទ្រនៃអង្គការ UNCTAD ដែលមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមបានជម្រាបជូនអំពី ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលកម្ពុជាបានអនុម័តនៅឆ្នាំ២០១៩ កន្លងទៅ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់អង្គការ UNCTAD ដែលបានជួយគាំទ្រកម្ពុជាក្នុងវិស័យ E-Commerce តាមរយៈការបង្កើត eTrade Readiness Assessment ក្នុងឆ្នាំ២០១៧ ដែលផ្តល់ជូនដល់​កម្ពុជានូវយុទ្ធសាស្ត្រ E-Commerce ដែលត្រូវបានកំពុងអនុវត្តរួមគ្នាជាមួយ ក្របខណ្ឌគោលនយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ ទន្ទឹមនឹងនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់​ចំពោះការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងគោល​នយោបាយពាណិជ្ជកម្មពាក់ព័ន្ធនឹងភាពអនុគ្រោះពាណិជ្ជកម្ម និងវិធាន​ប្រភពដើមទំនិញ ព្រមទាំងបញ្ហាអនាម័យ និងភូតគាមអនាម័យផងដែរ។

លោករដ្ឋមន្ដ្រី បានថ្លែងអំពីសារសំខាន់នៃការគាំទ្ររបស់អង្គការ UNCTAD លើការអនុវត្តគម្រោង ASEAN LDC Trade Policy ដែលអាចជួយឱ្យកម្ពុជាអនុវត្តវិធានបន្ថែមក្នុងតំបន់ (regional cumulation) ដោយមិនមានឧបសគ្គ ជាពិសេសចំពោះមុនទំនិញវាយនភ័ណ្ឌ និងទោចក្រយាន ដែលស្ថិតក្នុងចំណោមទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់អំពី ការវិវត្តល្អប្រសើរនៃការច្របាច់បញ្ចូលគ្នានៃប្រព័ន្ធ ASYCUDA និង ប្រព័ន្ធប្រកាសពន្ធគយនៃប្រៃសណីយ៍កម្ពុជា ដែលគាំទ្រដោយអង្គការ UNCTAD, EIF និង Global Alliance for Trade Facilitation។

លោកដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ អង្គការ UNCTAD សម្រាប់ការឆ្លើយតបវិជ្ជមាន ចំពោះសំណើមួយ​ចំនួនរបស់កម្ពុជា ដែលក្នុងនោះពាក់ព័ន្ធនឹងកិច្ចការគាំទ្ររបស់អង្គការ UNCTAD លើការចាកចេញរបស់កម្ពុជា ពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច៕

 

កម្ពុជាគឺជាគំរូថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ

ប្រទេសកម្ពុជាគឺជាប្រទេសមួយតាមបណ្តោយ”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ” ហើយក៏ជាប្រទេសដែលចូលរួម និងអនុវត្តមុនគេបង្អស់នៃគំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិង កម្ពុជាទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យដូចជាការកសាងទំនុកចិត្តផ្នែកនយោបាយរវាងគ្នានិងគ្នា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាដើម ប្រការនេះមិន ត្រឹមតែបានបង្កើតជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាគំរូ ក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីផងដែរ ។

សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសដ៏មានសារសំខាន់ចំពោះប្រទេសចិនក្នុងការជំរុញកិច្ច កសាង”ខ្សែក្រវាត់និង ផ្លូវ” “យុទ្ធសាស្ត្រចតុកោណ”សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជាមានភាពស៊ីសង្វាក់គ្នាខ្ពស់ ជាមួយ នឹងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ជាពិសេស គឺការតភ្ជាប់គ្នាក្នុងវិស័យកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។

ទន្ទឹមនឹងការពន្លឿនការជំរុញរួមគ្នាកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ រវាងប្រទេសទាំងពីរចិននិងកម្ពុជាមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ហើយប្រទេសចិនក៏បានបណ្តាក់ទុន យ៉ាងច្រើនសន្ធឹកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដូចជា ផ្លូវថ្នល់និងស្ពាន វិស្វកម្មធារាសាស្ត្រ គម្រោងបណ្តាញអគ្គិសនី កំពង់ផែនិងព្រលានយន្តហោះជាដើម ។

គួររំលឹកថា រយៈពេល ៩ ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ទន្ទឹមនឹងគំនិតផ្តួចផ្តើម”ខ្សែក្រាវាត់និងផ្លូវ”ដែល បានដាក់ចេញហើយឈានចូលឆ្នាំទី ៩ តើកម្ពុជាកើតមានការផ្លាស់ប្តូរនិងការអភិវឌ្ឍយ៉ាងណាខ្លះ ?

ទី១គឺកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា ។ ទោះបីជាបាននិងកំពុងរងការវាយប្រហារយ៉ាង ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ ១៩ក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជានៅតែរក្សា និន្នាការ កំណើនដដែល ។ ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជាបានឡើងដល់ ៩.៥៦ ពាន់លានដុល្លារ​អាមេរិក ដែលកើនឡើង ១,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩ ក្នុងនោះ ការនាំចូលនិងនាំចេញរបស់កម្ពុជាជាមួយប្រទេសចិនបានកើនឡើង ០,៩ ភាគរយនិង ៣,៧ ភាគរយដោយឡែកពីគ្នា ។ អ្នកវិភាគបានចង្អុលបង្ហាញថា ទីផ្សាររបស់ចិនបាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកទូលាយជាបន្តបន្ទាប់ចំពោះកសិផលរបស់កម្ពុជា ។

ក្នុងរយៈពេលជិត ២ ឆ្នាំកន្លងមកនេះ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន ដូចជា ផែ្លចេក និងអង្ករជាដើមបានកើនឡើងយ៉ាងឆាប់រហ័ស ។ ឧទាហរណ៍ដូចជា បរិមាណនាំចេញផ្លែចេករបស់ កម្ពុជា ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២០ ដល់ទៅ ២៧ ម៉ឺនតោន ឯតួលេខទាំងនេះបានឡើងដល់ ៣២ ម៉ឺនតោន ក្នុងឆ្នាំ ២០២១ ។ ហេតុនេះហើយបានជា ប្រទេសចិនបានរក្សាឋានៈជាទីផ្សារនាំចេញធំ បំផុតរបស់ កសិផលកម្ពុជា ។

ទី២គឺការអភិវឌ្ឍខាងវិស័យទេសចរណ៍ ។ វិស័យទេសចរណ៍គឺជាឧស្សាហកម្មធំមួយក្នុងចំណោមសសរទ្រទ្រង់ ផ្នែកសេដ្ឋកិច្ចធំទាំង ៤ របស់កម្ពុជា ។ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរចិនដែលទៅ ទស្សនាកម្ពុជាបានកើនឡើងពីចំនួន ៥៦ ម៉ឺននាក់ឡើងដល់ ២ លាន ៣ សែន ៦ ម៉ឺននាក់ ដូចនេះ ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរណ៍ធំបំផុតរបស់ប្រទេសកម្ពុជា ។

ទី៣គឺកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។ នាពេលបច្ចុប្បន្ននេះ ផ្លូវថ្នល់ដែលសាងសង់ដោយប្រទេសចិននៅ កម្ពុជាមានប្រវែងសរុបជិត ៣០០០ គីឡូម៉ែត្រ ក្រៅពីនេះ ចិនក៏បានសាងសង់ស្ពានជាង ១០ ខ្សែផងដែរ ។ ឧទាហរណ៍ដូចជា ពីក្រុងសៀមរាបទៅក្រុងភ្នំពេញឬពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ផ្លូវថ្នល់សំខាន់ៗនៅកម្ពុជា ដែលត្រូវសាងសង់និងជួសជុលទាំងនេះសុទ្ធតែជាជំនួយរបស់ប្រទេសចិន ។ ការដែលប្រទេសចិនបាន សាងសង់ផ្លូវថ្នល់និងស្ពាននៅប្រទេសកម្ពុជាបាននាំមកនូវភាពងាយស្រួលខាងចរាចរណ៍ទំនិញយ៉ាងខ្លាំងដល់កម្ពុជា ក៏ដូចជាបានកាត់បន្ថយថ្លៃដើមនៃចរាចរណ៍ទំនិញផងដែរ ។

គួររំលឹកផងដែរថា ឧទាហរណ៍ច្បាស់លាស់បំផុតមួយដែលអាចផ្តល់ភាពងាយស្រួល ដល់វិស័យគមនាគមន៍ របស់កម្ពុជា គឺ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ។ លោក ហ៊ាងសុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួង សាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជាបានអះអាងថា គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ នៅចន្លោះពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០២២ ។ កាលពីមុន ពេលវេលាធ្វើដំណើរពីក្រុងភ្នំពេញទៅ ក្រុងព្រះសីហនុត្រូវចំណាយពេលប្រហែលជាង ៤ ម៉ោង ហើយផ្លូវនេះក៏បាត់ការជួសជុលជាយូរ ណាស់ មកហើយដែរ ។ បន្ទាប់ពីផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុត្រូវសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ ឯពេលវេលាធ្វើដំណើរពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុនឹងត្រូវកាត់បន្ថយមកនៅត្រឹមរយៈពេល ២ ម៉ោង ។

លោក ភិន វិជ្ជាវឌ្ឍនា អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ ប្រទេសចិនបានលើក ឡើងថា ផ្លូវល្បឿនលឿនដែលកំពុងសាងសង់ទាំងនេះនឹងដើរតួនាទីជំរុញក្នុងការបង្កបង្កើតជា រង្វង់ សេដ្ឋកិច្ចនៃរាជធានីព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសតាមបណ្តោយ ។

លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី ២១ នៃ ប្រទេសកម្ពុជាបានថ្លែងថា គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”បានរួមចំណែកយ៉ាង ធំធេងដល់យុទ្ធ សាស្រ្ត អភិវឌ្ឍន៍របស់កម្ពុជា ប្រការនេះនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅដ៏មហិមារបស់ខ្លួន ពោលគឺ ដល់ឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសចំណូលខ្ពស់ ។

បើលើកឡើងដល់គម្រោងជានិមិត្តសញ្ញាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី”ខ្សែក្រវាត់និងផ្លូវ”នៅប្រទេសម្ពុជា គួររំលឹកដែរថា គឺ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ចពិសេសថ្នាក់ជាតិតែមួយគត់ រវាងចិននិងកម្ពុជាដែលត្រូវទទួលស្គាល់ដោយរដ្ឋាភិបាលចិននិងកម្ពុជា ។នាពេលបច្ចុប្បន្ន តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​​បានទាក់ទាញសហគ្រាសចំនួន ១៧០សហគ្រាស​ដែលមកពីចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេស និងតំបន់ផ្សេងទៀតជាដើម ​បានផ្តល់ឱកាសការងារជិត ៣០០០០ឲ្យ​ប្រជាជន​ខ្មែរ​។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនៃ ប្រទេសកម្ពុជា បានគូសបញ្ជាក់ ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូដ៏ល្អឥតខ្ចោះនៃការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះក្រោម គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ដែលលើកឡើងដោយប្រទេសចិនបានផ្សារ ភ្ជាប់គ្នាយ៉ាងស៊ីជម្រៅជាមួយនឹង”យុទ្ធសាស្ត្រចតុកោណ”របស់កម្ពុជា ប្រទេសទាំងពីរចិននិងកម្ពុជាទទួលបាន នូវឱកាសអភិវឌ្ឍន៍ថ្មីៗជាច្រើន ។ ឧទាហរណ៍ដូចជាក្នុងវិស័យថាមពល កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរក៏ត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃដែរ ។

សហគ្រាសទុនចិនបានចូលរួមយ៉ាងសកម្មក្នុងការជំរុញអភិវឌ្ឍថាមពលអគ្គិសនីរបស់កម្ពុជាដែលពាក់ព័ន្ធដល់ការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលគ្រប់ប្រភេទ ដូចជា អគ្គិសនីដើរដោយឧស្ម័នធម្មជាតិ វារីអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យជាដើម ។ ដោយសារគិតពិចារណាពីបញ្ហាអំពីការប្រើប្រាស់ថាមពល ស្អាតដើម្បីកាត់បន្ថយការបំពុលបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ បានជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ចិត្តថា ចាប់ពីឆ្នាំ ២០១៩ តទៅ បានប្រែការប្រើប្រាស់ថាមពលទៅជាថាមពលកាបូនទាប ។

លោកបណ្ឌិត គិន ភា អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជា ទទួលបានលទ្ធផលជាផ្លែផ្កាជាក់ស្តែងរួចហើយតាមរយៈការបណ្តាក់ទុនរបស់ចិនក្នុងគ្រប់វិស័យនៃប្រទេសកម្ពុជា ។ យើងបានមើលឃើញថា ឆ្លងតាមរយៈជំនួយអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗទាំងនេះ ដូចជា ផ្លូវថ្នល់ អាកាសយានដ្ឋាន កំពង់ផែនិងវារីអគ្គិសនីជាដើមវាសុទ្ធតែជា”សូចនាករសំខាន់ៗ សម្រាប់វាស់វែងពីសមិទ្ធផលដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ប្រទេសចិន “។

មិនថាការលើកឡើងនៃគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ឬការចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាក៏ដោយ ក៏សុទ្ធតែសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ។ ប៉ុន្តែមួយ រយៈពេលកន្លងទៅនេះ អ្នកនយោបាយលោកខាងលិចនិងស្ថាប័នសិក្សាស្រាវជ្រាវមួយចំនួន ដែលប្រកាន់ ទស្សនៈលំអៀងខាងនយោបាយចំពោះប្រទេសចិនបានអះអាងថា ប្រទេសចិនបានឆ្លៀតប្រើខ្ចីឥណទានដើម្បី ដាក់អន្ទាក់បំណុលសម្រាប់ប្រទេសនៅតំបន់អាស៊ីនិងអាហ្រ្វិក ។

ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានស្តីពីសំណួរដែលថា “ហេដ្ឋារចនាសម្ព័ន្ធនិងគម្រោង អភិវឌ្ឍន៍ផ្សេងទៀតរបស់កម្ពុជា គឺ ពឹងផ្អែកខ្លាំងលើប្រទេសចិន តើកម្ពុជានឹងធ្លាក់ចូលក្នុងអន្ទាក់បំណុល របស់ចិននៅពេលអនាគតឬអត់ ?” សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយតបថា “ខ្ញុំសូមបញ្ជាក់ដាច់ខាត យើងខ្ញុំមិនអាចក្លាយទៅជាកូនបំណុលតែមួយគត់ ហើយជាប់អន្ទាក់បំណុលចិនឡើយ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់បំណុលចំពោះកម្ពុជានោះដែរ ។”

ខ្ញុំសម្គាល់ថា ឱ្យតែយើងមើលពីបញ្ហានេះដោយអាកប្បកិរិយាសត្យានុម័តនិងយុត្តិធម៌បន្តិច នោះ ក៏អាចឃើញថា ពាក្យសម្តីនេះគ្មានភស្តុតាងអ្វីទាល់តែសោះ ។

ឆ្នាំ ២០២៣ គឺជាខួបទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ជាង ២០០ ច្បាប់ជាមួយនឹងប្រទេសចំនួនជិត ១៥០ និងអង្គការអន្តរជាតិចំនួន ៣២ ព្រមទាំងបានបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគីជាង ៩០ ។

ហេតុអ្វីបានជា”ក្រុមមិត្តភក្តិ”នៃគំនិតផ្តួចផ្តើមនេះកាន់តែច្រើនឡើងៗ ? ពីព្រោះវាសម្របទៅតាមតម្រូវការនៃការអភិវឌ្ឍរួមរបស់ប្រទេសនានាលើពិភពលោកដែលបូករួមទាំងប្រទេសកម្ពុជា ក៏ដូចជាសម្របទៅតាមគោលបំណងយ៉ាងខ្លាំងរបស់ប្រជាជននៃប្រទេសនានាដែលចង់មានជីវភាពរស់ នៅកាន់តែល្អប្រសើរ ដូច្នេះ វាបានក្លាយជាផលិតផលសាធារណៈដែលទទួលប្រជាប្រិយភាពបំផុតនៅទូទាំង ពិភពលោក ៕ (ប្រភព៖ស្ថានទូតចិននៅកម្ពុជា)