ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​ដៃគូ​ជា​មួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា ទទួល​យក​ការទូទាត់​តាម​រយៈ​កម្មវិធី​អេស៊ីលីដា​ម៉ូបាល

ភ្នំពេញ:  ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ពាណិជ្ជ ឈាន​មុខ​គេ​នៅ​កម្ពុជានៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២៖ បាន​ចាប់​ដៃគូ​ជា​មួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ប័ណ្ណ​ទូទាត់​ឌីជីថល ដែល​អាច​ទូទាត់​បាន​តាម​រយៈ​កម្មវិធី អេស៊ីលីដា​ម៉ូបាល។

លោក តូ សុខណាង អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ភាព​ជា​ដៃគូ​រួមគ្នា​នេះ​នឹង​បើក​ឱកាស​កាន់​តែ​ច្រើន សម្រាប់​ធនាគារ អេស៊ីលីដា ក្នុង​ការគាំទ្រ​ការទូទាត់​តាម​ឌីជីថល សម្រាប់ វល្លិតកូដ (Wallet Code)”។ “ប័ណ្ណ​ទូទាត់​ឌីជីថល ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ភាព​ងាយ​ស្រួល ភាព​បត់​បែន ជំនឿ​ជាក់ និង​សុវត្ថិភាព ហើយ​យើង​ក៍​ឃើញ​មាន​ការកើន​ឡើង​យ៉ាង​ខ្លាំង​នូវ​តម្រូវការ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។”

“តាម​រយៈ វល្លិតកូដ ដែល​ជា​ទម្រង់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ នោះ គឺ​យើង​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ការ​កម្សាន្ត​ឌីជីថល អាច​ចូល​ប្រើប្រាស់​បាន​ទាំង​អស់​គ្នា ហើយ​យើង​តែង​ស្វែងរក​វិធី​ល្អៗ និង​ថ្មីៗ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ងាយ​ស្រួល សម្រាប់​អតិថិជន​ក្នុង​ការ​ទូទាត់។ តាម​រយៈ​ភាព​ជា​ដៃគូ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ អតិថិជន​អាច​ទូទាត់​ប្រាក់​សម្រាប់​អាជីវកម្ម វល្លិតកូដ តាម​អេស៊ីលីដា​ម៉ូបាល បាន​ដោយ​វិធី​ងាយៗ”។

បណ្ឌិត អ៊ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា “យើង​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការផ្តល់​ជូន​អតិថិជន​របស់​យើង នូវ​ភាព​ងាយ​ស្រួល​នៃ​សេវា​កម្ម និង​ផលិតផល​ណា​មួយ​របស់​ធនាគារ ក៏​ដូចជា​ឥទ្ធិពល​ជា​វិជ្ជមាន ដែល​ទទួល​បាន​មក​ពី​ភាព​ជា​ដៃគូ​ចម្រុះ ជា​មួយ​ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​សហគមន៍​របស់​យើង”។

ធនាគារ អេស៊ីលីដា បាន​បង្កើត​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាង​គេ នៅ​គ្រប់​ខេត្ត-ក្រុង ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស រួម​មាន​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ផង​ដែរ។

ទន្ទឹម​នឹង​នេះ ទម្រង់​ប័ណ្ណ​ទូទាត់​បែប​ឌីជីថល (Digital Voucher Platform) របស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បាន​បង្កើត​ចេញ​ជា​ថ្នាល​កម្សាន្ត​ដ៏​ទូលំ​ទូលាយ​មួយ សម្រាប់​ប័ណ្ណ​ទូទាត់​លើ​ទំនិញ​ឌីជីថល ដើម្បី​ផ្គត់ផ្គង់​ដល់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន ដែល​កំពុង​កើន​ឡើង​នាពេល​បច្ចុប្បន្ន​នេះ ព្រម​ទាំង​ចូល​ចិត្ត​ការ​ទិញ​ទំនិញ និង​សេវាកម្ម​តាម​អន​ឡាញ។ ជា​មួយ​នឹង​ទម្រង់​ប័ណ្ណ​ទូទាត់​បែប​ឌីជីថល​នេះ អាជីវកម្ម​ជា​ច្រើន​អាច​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​សេវាកម្ម​ឌីជីថល​ដ៏​ពេញ​ចិត្ត​កម្រិត​ខ្ពស់​បំផុត តាម​រយៈ​ដំណើរការ​ទូទាត់​យ៉ាង​សាមញ្ញ និង​មាន​សុវត្ថិភាព។

ដើម្បីរីករាយជាមួយការផ្តល់ជូនផ្តាច់មុខនូវ វល្លិតកូដ ពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ និងធនាគារ អេស៊ីលីដា សូមលោកអ្នកធ្វើការទាញយក អេស៊ីលីដាម៉ូបាល តាមរយៈ Play Store, App Store និង AppGallery របស់ Huawei។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៤ គឺ ១) វិទ្យាស្ថាន ពាណិជ្ជកម្ម អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា។

គិតត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៨,១៦​ពាន់​លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៥,៧៩​ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៥,៩០​ពាន់​លាន​ដុល្លារ​អាមេរិក ជា​មួយ​នឹង​អតិថិជន​ជាង ៣,៤៤​លាន​នាក់៕

ទិញ Gift Cards ឬ Items របស់កម្មវិធីកម្សាន្តល្បីៗជាច្រើន លើអេស៊ីលីដាម៉ូបាល បានយ៉ាងងាយស្រួល និងមាន សុវត្ថិភាពខ្ពស់។

សូមពិនិត្យមើលរបៀបទិញ៖ https://acledabank.com.kh/sl/?gam1

សូមពិនិត្យមើលតារាងកម្មវិធីកម្សាន្តល្បីៗ ដែលលោកអ្នកអាចបង់បាន តាមអេស៊ីលីដាម៉ូបាល៖ https://acledabank.com.kh/sl/?gam2

ទាញយក និងចុះឈ្មោះប្រើអេស៊ីលីដាម៉ូបាល៖ https://acledabank.com.kh/sl/install-app?l=khm

កាន់តែពិសេស! ដកប្រាក់តាមអេស៊ីលីដា​ពីការផ្ទេរពីក្រៅតាម MoneyGramទទួលបានគូប៉ុង​មួយសន្លឹកនៅកាហ្វេ BROWNភ្លាមៗ

ពិតជាដំណឹងដ៏រីករាយ ចាប់ពីពីពេលនេះតទៅ លោកអ្នកនឹងទទួលបានប័ណ្ណទឹកប្រាក់ (គូប៉ុង) BROWN Coffee 3.5$ ភ្លាមៗពីធនាគារអេស៊ីលីដា នៅពេលដែលលោកអ្នកមកបើកប្រាក់ដែលផ្ញើរពីក្រៅប្រទេសតាម MoneyGram។

ធនាគារ អេស៊ីលីដា នឹងទាក់ទងលោកអ្នក ដើម្បីផ្ញើប័ណ្ណទឹកប្រាក់នេះជូនតាមរយៈ Telegram, SMS ឬ Notification។ ការមកបើកប្រាក់ដោយផ្ទាល់នៅតាមសាខានានារបស់ធនាការអេស៊ីលីដា  លោកអ្នក នឹងទទួលបានប័ណ្ណទឹកប្រាក់ (គូប៉ុង) នេះភ្លាមៗតែម្តង។ សម្រាប់​ ប័ណ្ណទឹកប្រាក់នេះសម្រាប់ប្តូរនៅហាងកាហ្វេ BROWN គ្រប់សាខា ដោយទូទាត់តាមអេស៊ីលីដាម៉ូបាល។

សូមបញ្ជាក់ថាសម្រាប់ ប័ណ្ណ ១ ប្រើបានម្តងប៉ុណ្ណោះ ហើយ ប័ណ្ណទឹកប្រាក់នេះផ្តល់ជូនរហូតដល់អស់ពីស្តុក និងមានសុពលភាពប្រើប្រាស់រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២២ និងមិនអាចប្តូរជាសាច់ប្រាក់បានទេ។

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា និងព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ (បម្រើ ២៤ម៉ោង)។

 

 

EuroCham ជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័ឌីជីថល

ភ្នំពេញៈបណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) និង EuroCham Cambodia កាលពី​ថ្ងៃទី ៨​ខែមិថុនា ឆ្នាំ ២០២២​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​ជួយ​គាំទ្រ​ដល់​ការវិវត្ត​នៃ​គោលដៅ​របស់​រដ្ឋាភិបាល​ឆ្ពោះទៅ​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។​

​លោក សេង សុភាព ប្រធាន CADT បាន​ឲ្យ​ដឹងថា នវានុវត្តន៍​ឌីជីថល​គឺជា​ប្រធានបទ​ដែល​ត្រូវ​ឆ្លងកាត់ និង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ​ដូចគ្នា​។ ភាពជា​ដៃគូ​ជាមួយ EuroCham​នឹង​ជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល និង​ការបង្កើន​សមត្ថភាព​ប្រកួតប្រជែង​។ MoU នេះ នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុម​ស្រាវជ្រាវ និង​ក្រុម​អភិវឌ្ឍន៍​របស់​CADT ឱ្យមាន​សេវាកម្ម​ដែល​សមស្រប​ជាង​មុន ហើយ​សំខាន់បំផុត​គឺ​បង្កើត​ឱកាស​ថ្មី​សម្រាប់​ទេពកោសល្យ​ឌីជីថល​វ័យក្មេង​របស់​កម្ពុជា​។​

​លោក​បាន​មានប្រសាសន៍ថា​៖«​យើង​មាន​ក្តីរំភើប​ក្នុងការ​នាំយក​ប្រព័ន្ធ​អេកូឡូស៊ី​របស់​យើង​ជាមួយ​សមាជិក EuroCham​ដើម្បី​បង្កើន​ការយល់ដឹង និង​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មីៗ ដូចជា​ពិព័រណ៍​អាជីព និង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​។ ចំណុច​លេចធ្លោ​មួយ​ដែល​ខ្ញុំ​ពិតជា​រំភើប​នោះ​គឺ ជា​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល ៥០​ម៉ោង​។ សមាជិក EuroCham​នឹង​ចំណាយពេល ៥០​ម៉ោង​ជាមួយ​សិស្ស​របស់​យើង​ក្នុង​ទម្រង់​នៃ​សិក្ខាសាលា ដើម្បី​ភ្ជិត​គម្លាត​ជំនាញ និង​បង្កើន​ការយល់ដឹង​បន្ថែម​»​។​

​​លោក Matthew Tippetts ប្រធាន​គណៈកម្មាធិការ​ឌីជីថល និង​បច្ចេកវិទ្យា​របស់ EuroCham បាន​ថ្លែងថា​៖ MOU នេះ​គឺជា​ជំហាន​ដំបូង​ក្នុង​ភាពជា​ដៃគូ​រួម​រវាង EuroCham​និង CADT​។​

​លោក​បាន​ថ្លែងថា «​សមាជិក​របស់​យើង​អាច​ចែករំលែក​ចំណេះដឹង និង​ជំនាញ​របស់​ពួកគេ​ជាមួយ​និស្សិត CADT ខណៈពេលដែល​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​លើ​គំនិត​ផ្តួចផ្តើម​បណ្តុះបណ្តាល ហាត់​ការ និង​ការជ្រើសរើស​បុគ្គលិក​។ យើង​មាន​កិត្តិយស និង​សាទរ​យ៉ាងខ្លាំង​ចំពោះ​ឱកាស​នេះ​»​។​

​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ បាន​ឲ្យ​ដឹងថា MoU​រវាង CADT និង EuroCham​គឺជា​ការបង្ហាញ​ដ៏​ល្អ​មួយ នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​បណ្ឌិត្យសភា និង​អ្នក​នៅក្នុង​ឧស្សាហ​កម្មនេះ​។​

​លោក​លើកឡើងថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ​មិន​ត្រឹមតែ​លើកកម្ពស់​ការផ្លាស់ប្តូរ​ឌីជីថល​របស់​សហគ្រាស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ទេពកោសល្យ​ឌីជីថល​តាមរយៈ​កម្មវិធី​សិក្សា​ផ្អែកលើ​ការងារ​ផងដែរ​។ កម្មវិធី​នេះ​នឹង​អាចឱ្យ​និស្សិត​ទទួលបាន​បទពិសោធន៍​ផ្ទាល់ ដែល​ផ្តល់​ឲ្យ​ពួកគេ​នូវ​ជំនាញ​ការងារ​ដែល​តម្រូវ​ដោយ​ឧស្សាហកម្ម និង​បង្កើន​លទ្ធភាព​ការងារ​របស់​ពួកគេ​សម្រាប់​ទីផ្សារការងារ​បច្ចុប្បន្ន និង​នៅពេល​អនាគត​»៕

«ទស្សនាវដ្តីនៅក្នុងដៃនាង»ដែលផ្តល់ឱ្យសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជាចេញផ្សាយជាផ្លូវការ

ភ្នំពេញៈ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​(USAID) និង​អង្គការ​ផេក​កម្ពុជា កាល​ពី​ថ្ងៃទី៧ ខែ​មិថុនា ឆ្នាំ​២០២២ បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​«ទស្សនាវដ្តី​នៅ​ក្នុង​ដៃ​នាង​»​ដែល​ផ្តល់​ឱ្យ​សហ​គ្រិន​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា នូវ​ឧបករណ៍​សម្រាប់​កសាង​អាជីវ​កម្ម​របស់​ពួក​គេ។

តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី​៨ ខែ​មិថុនា​ បាន​បញ្ជាក់ថា តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​ធន​ធាន​សំខាន់​ៗ​   និង​ករណី​សិក្សា ទស្សនា​វដ្តី​នេះ​ដើរ​តួ​ជា​ការ​ណែនាំ​ពីរ​បៀប​ដែល​អាច​ឱ្យ​សហ​គ្រិន​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​ពួក​គេ​ជួប​ប្រទះ​ នៅ​ក្នុង​អាជីវ​កម្ម​របស់​ពួក​គេ​ដូច​ជា របៀប​ចុះ​ឈ្មោះ​ជាមួយ​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម ជា​ដើម។

សេចក្តី​ប្រកាស​ព័ត៌​មាន​នេះ​បន្ត​ថា ទស្សនា​វដ្តី​នេះ​មាន​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ហើយ​រៀប​រាប់​លម្អិត​អំពី​ ជំហាន​សំខាន់​ៗ​ដែល​ត្រូវ​ការ​ដើម្បី​ប្រែ​ក្លាយ​អាជីវ​កម្ម​ក្រៅ​ផ្លូវ​ការ​តូច​មួយ​ទៅ​ជា​សហ​គ្រាស​ស្រប​ច្បាប់​ដែល​មាន​សក្ដានុ​ពល​កំណើន​ខ្ពស់​ និង​ការ​ការ​ពារ​ផ្លូវ​ច្បាប់។

លោកស្រី Hanh Nguyen នាយក​បេសកកម្ម​ស្តីទី​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​និយាយ​​ថា ទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការ​ចូល​រួម​របស់​ពលរដ្ឋ និង ​ផ្នែក​សេដ្ឋ​កិច្ច​របស់​ស្ត្រី ហើយ​ការ​ទទួល​បាន​ព័ត៌​មាន ពិត​ជា​សំខាន់​ចំពោះ​ការ​ចូល​រួម​នោះ​។

លោក​ស្រីថ្លែង​ថា៖​«​ទស្សនា​វដ្តី​នេះ​នឹង​ផ្តល់​ឱ្យ​សហ​គ្រិន​ស្ត្រី​កម្ពុជា​នូវ​ព័ត៌​មាន​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ចាប់​ផ្តើម និង​ពង្រីក​ អាជីវ​កម្ម​របស់​ពួក​គេ»។

លោកស្រី Sabine Joukes នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ផេក​កម្ពុជា បាន​ថ្លែង​ថា ទស្សនា​វដ្តី​នេះ​គាំទ្រ​សហ​គ្រិន​ស្ត្រី ​ក្នុង​ការ​ធ្វើ​ឱ្យ​អាជីវ​កម្ម​ក្នុង​ក្តី​សុបិន​របស់​ពួក​គេ​ក្លាយ​ជា​ការ​ពិត​។ ទស្សនា​វដ្ដី​នេះ​បង្ហាញ​រឿង​រ៉ាវ​ជីវិត​ពិត​របស់​សហ​គ្រិន​ស្ត្រី​អំពី​ បញ្ហា​ប្រឈម​របស់​ពួក​គេ និង​ផ្តល់​នូវ​ជំហាន​ជាក់​ស្តែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដើម្បី​ឱ្យ​សហ​គ្រិន​ស្ត្រី​អាច​ដោះ​ស្រាយ​ បញ្ហា​ទាំង​នោះ​បាន​៕

 

រហ័ស និង​គ្រប់ពេលវេលា ! ផ្ទេរ​ប្រាក់​ទៅ​-​មក​ក្រៅប្រទេស​តាម​ម៉ា​ន់​នី​ក្រាម ជាមួយ App អេ​ស៊ី​លី​ដា​ម៉ូ​បាល

​ភ្នំពេញ ៖ បច្ចេកវិទ្យា​កាន់តែ​ទំនើប​ពិតជា​បាន​ផ្តល់​នូវ​ភាព​ងាយស្រួល​ច្រើន​ដែល​នាំ​ឱ្យ​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទេរ​-​ទទួល​ប្រាក់ ​។ ជាក់ស្តែង​ឥឡូវនេះ​លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ទៅ​-​មក ក្រៅប្រទេស នៅ​ទូ​ទាំង​ពិភពលោក​បាន​យ៉ាង​ឆាប់រហ័ស​តាម ម៉ា​ន់​នី​ក្រាម (MoneyGram) នៅ​លើ​អេ​ស៊ី​លី​ដា​ម៉ូ​បាល ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​ងាយស្រួល​បំផុត​ ។

រឹតតែ​អស្ចារ្យ​ទៀត​នោះ គឺ​លោក​អ្នក​ក៏​អាច​ទទួល​ប្រាក់​ផ្ទេរ​ពី​ក្រៅប្រទេស​បាន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​តាម​ម៉ា​ន់​នី​ក្រាម ​ដោយ​មិន​គិតថ្លៃ​សេវា​បន្ថែម​ឡើយ ហើយ​អាច​ដក​ប្រាក់​បាន​ភ្លាម​ៗ​នៅ​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម របស់​ធនាគារ អេ​ស៊ី​លី​ដា គ្រប់​ទីកន្លែង ​។

ចំពោះ​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់ គឺ​គិតតែ​ពី​អ្នក​ផ្ទេរ​តែ​ប៉ុណ្ណោះ ចំពោះ​អ្នក​ទទួល​មិន​គិតថ្លៃ​សេវា​ទេ ហើយ​ការ​ផ្ទេរ​ប្រាក់​លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ចេញ​ទៅ​ក្រៅប្រទេស​បាន​ដោយ​ខ្លួនឯង តាម​អេ​ស៊ី​លី​ដា​ម៉ូ​បាល គ្រប់ពេលវេលា ដោយ​បញ្ចូល​ព័ត៌មាន​នៃ​ការ​ផ្ទេរ​ប្រាក់ និង​ព័ត៌មាន​អ្នក ទទួល​ឱ្យ​បាន​ត្រឹម​ត្រូវជា​ការ​ស្រេច ។

 

ឥឡូវនេះ រាល់​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​ទូ​ទាំង​ពិភពលោក គឺ​ចំណាយ​ថ្លៃ​សេវា​ត្រឹមតែ $10 ប៉ុណ្ណោះ​ក្នុង​មួយ​ប្រតិបត្តិការ ហើយ​ការ​ផ្តល់​ជូន​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២២​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​ខាងលើ​អាច​ប្រែប្រួល​តាម​អត្រា​ប្តូរ​ប្រាក់ និង​សម្រាប់​ការ​ផ្ទេរ​ទៅ​កាន់ ១០ ប្រទេស​ប៉ុណ្ណោះ ដូច​ជា ៖ ប្រទេសចិន​, ហ្វី​លី​ពី​ន​, វៀតណាម​, ម៉ា​ឡេ​ស៊ី​, សហរដ្ឋអាមេរិក​, ថៃ​, ឥណ្ឌូ​នេ​ស៊ី​, ឡាវ​, មី​យ៉ា​ន់​ម៉ា​, និង​ឥណ្ឌា​ ។

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ អេ​ស៊ី​លី​ដា ឬ​ព័ត៌មាន​ផ្សេង​ៗ សូម​ទាក់ទង​ទូរ​ស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (​បម្រើ ២៤ ម៉ោង​) ៕

 

អង្គការពាណិជ្ជកម្មពិភពលោកនឹងបន្តរួមចំណែកអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញ​ជួប​ពិភាក្សាការងារជាមួយ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជ​កម្មពិភពលោក (WTO) តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានអង្គការ WTO ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ី ឯកឧត្តមរដ្ឋមន្ដ្រីពាណិជ្ជកម្ម​សហភាពអារ៉ាប់រួម និងលោកជំទាវរដ្ឋលេខាធិការនៃប្រទេសស្វីស។

តាមរយៈកិច្ចពិភាក្សានៃកិច្ចប្រជុំរដ្ឋមន្ដ្រីពាណិជ្ជកម្មនៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស កន្លងទៅថ្មីៗនេះ លោកជំទាវ​អគ្គនាយិកាអង្គការ WTO បានរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណង ជម្រាបជូន​សមាជិកនៃអង្គការ WTO ដែលចូលរួម អំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ (MC12) ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី១២-១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពេលខាងមុខនេះ។

ជាកិច្ចចាប់ផ្តើម លោកជំទាវអគ្គនាយិកាអង្គការ WTO បានថ្លែងអរគុណ និងជម្រាបជូនអង្គប្រជុំអំពី​ទិដ្ឋភាពទូទៅនៃការរៀបចំសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២។ ក្នុងនោះ លោកជំទាវបានលើកឡើងអំពីបញ្ហា និងប្រធាន​បទសំខាន់ៗមួយចំនួននៃសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ ដែលមានដូចជា៖ សេចក្ដីព្រាងនៃ​កិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល ការឆ្លើយតបនៃកិច្ចព្រមព្រៀង TRIPS ទៅនឹងជំងឺរីករាលដាល ការចរចាកសិកម្ម សន្ដិសុខស្បៀង និង កំណែទម្រង់អង្គការ WTO។

ជាមួយគ្នានេះ លោកជំទាវអគ្គនាយិកាបានស្នើដល់អង្គប្រជុំ ឱ្យព្យាយាមរកចំណុចឯកភាពគ្នាក្នុង​ចំណោម​ភាគីពាក់ព័ន្ធ និងសមាជិកអង្គការ WTO ដើម្បីជំរុញ និងពន្លឿនការចរចា និងសេចក្ដីសម្រេចសន្និសីទ MC12 ដើម្បីផ្ដល់ផលប្រយោជន៍ច្រើនជូនដល់ប្រទេសខ្លួន ក៏ដូចជាសមាជិកអង្គការ WTO ទាំងមូល។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ លោកជំទាវអគ្គនាយិកា និងលេខាធិការដ្ឋានអង្គការ WTO ដែលបានជួយសម្របសម្រួល និងរៀបចំសន្និសីទ MC12 នាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការចូលរួមដើម្បី​ពង្រឹងប្រព័ន្ធនេះឱ្យកាន់តែរឹងមំាំ តាមរយៈការធ្វើកំណែទម្រង់អង្គការ WTO យ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ដ្រីបន្ដថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីឧបត្ថម្ភធនជល គួរផ្តល់នូវប្រព្រឹត្តកម្មពិសេស និងដោយ​ឡែក (Special and Differential Treatment – SDT) ដោយមានភាពបត់បែន ជូនប្រទេស​អភិវឌ្ឍន៍តិចតួច ក្នុងនោះមានប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា កម្ពុជាចង់ឃើញលទ្ធ​ផលសំខាន់ៗក្នុង​សន្និសីទ MC12 ចំនួនដូចជា ការលើកលែងក្នុងកិច្ចព្រមព្រៀង TRIPS (TRIPS waiver), ការឆ្លើយតបរបស់ WTO ទៅនឹងជំងឺរីករាលដាល -ល- ដើម្បីបញ្ជាក់ថា អង្គការ WTO និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅតែអាច​ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មពិភពលោក និងអាចបង្កើតនូវសមិទ្ធផល​ដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះ លោកជំទាវអគ្គនាយិកា និងអគ្គក្រុមប្រឹក្សា​អង្គការ WTO ដែលបានសម្របសម្រួល សំណើរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ពាក់ព័ន្ធនឹងការ​ស្នើសុំ​​ការរក្សាការអនុគ្រោះពន្ធក្នុងរយៈពេលកំណត់មួយបន្ទាប់ពីការចាកចេញពីចំណាត់ថ្នាក់ LDCs និងកញ្ចប់នៃវិធានការគាំទ្រ ក្នុងអនុគណៈកម្មការ LDC ។

ជាកិច្ចចុងក្រោយ លោកជំទាវអគ្គនាយិកា បានថ្លែងអំណរគុណចំពោះការចូលរួមពីអង្គប្រជុំនាថ្ងៃនេះ និងមានជំនឿថា សន្និសីទ MC12 ខាងមុខនេះ នឹងមានការចូលរួមយ៉ាងសកម្មពីបណ្ដាសមាជិក ព្រមទាំងទទួលបានលទ្ធផល និងអត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិកទាំងមូល៕

 

រថយន្តអគ្គិសនីកំពុងមានកំណើនយ៉ាងឆាប់រហ័សនៅកម្ពុជា

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួន បានអំពាវនាវឲ្យប្រជាជនកម្ពុជា ត្រៀមខ្លួនងាកមកប្រើ​រថយន្តអគ្គិសនី (EV) ជំនួសរថយន្តដែលប្រើចំហេះឥន្ធន: ដែលមានការចំណាយខ្ពស់។

ការអំពាវនាវរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ:ការនិងដឹកជញ្ជួន បានធ្វើឡើង​ក្នងកម្ម​វិធីផ្សាយផ្ទាល់(LIVE) ក្រោមប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនី(EV) នៅកម្ពុជា”  នៅថ្ងៃទី២៧​ខែឧសភាឆ្នំា២០២២។

លោក ស៊ុន ចាន់ថុល បានអះអាងថា ក្រសួងសាធារណការ និងដឹកជញ្ចូន កំពុងសិក្សាស្តង់ដារថយន្តអគ្គិសនី​សម្រាម់ការប្រើប្រាស់នៅកម្ពុជា និង បានសហការជាមួយវិស័យឯកជន គឺក្រុមហ៊ុនប្រេងឥន្ធន:នៅកម្ពុជា ក្នុងការដំឡើងស្ថានីយ៍សាកអាគុយឲ្យបានច្រើនកន្លែង ដើម្បីផ្តល់សេវាថាមពល។

លោក រដ្ឋមន្ត្រី បានលើកឡើងថា តាមការសិក្សារកន្លងមក ការប្រើរថយន្តអគ្គិសនីចំណេញ៣ដង លើការចណាយថ្លៃសាំង ដោយមិនទាន់រាប់បញ្ចូលរថយន្តអគ្គិសនីមានគ្រឿងបន្លាស់តិចត្រឹមប្រហែល២០មុខ ខណ:រថយន្តប្រើសាំងមានគ្រឿងបន្លាស់ប្រមាណ២០០០មុខ ដែលទាមទារការចំណាយខ្ពស់លើការថែទាំ។

លើសពីនេះ ពន្ធនិងអាករនាំចូលរថយន្តEVs ត្រូវបានអនុគ្រោះនៅត្រឹមតែ៦៣ភាគរយ ខណ:រថយន្តប្រើសាំង ជាប់ពន្ធអាករជាមធ្យម ១២០ភាគរយឯណោះ។

បច្ចុប្បន្ននេះ ក្រសួងសាធារណការនិងដឹកជញ្ជួន បានសហការជាមួយដៃគូអភិវឌ្ឍ មាន UNDP ក្នុងការដំឡើងស្ថានីយ៍សាកអាគុយរថយន្ត នៅភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តសៀមរាប៕

ធនាគារ SMBC និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ផ្តល់​សហហិរញ្ញប្បទានចំនួន​១៣៥​លានដុល្លារអាមេរិក ដល់ធនាគារ អេស៊ីលីដា សម្រាប់វិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី “​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​” នៅ​ថ្ងៃទី​ ២៧ ​ខែឧសភា ​ឆ្នាំ​២០២២​ នេះបានចុះកិច្ចព្រមព្រៀងឥណទានជាមួយ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​ធនាគារ SMBC ដើម្បីទទួលបានសហហិរញ្ញប្បទានចំនួន ១៣៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់កម្ចីដល់​វិស័យ​កសិកម្មក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត អ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជធំមួយ ដែលមានបណ្តាញប្រតិបត្តិការច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បណ្តាញប្រតិបត្តិការដ៏សម្បូរបែបផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ជាពិសេស អ្នកដែលរស់នៅជនបទអាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទរបស់ធនាគារ រួមទាំងសេវាកម្ម​ឥណទាន ដែលមានគោលដៅ សម្រាប់ពង្រឹង និងពង្រីកវិស័យកសិកម្មនៅតាមជនបទ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយការប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសកម្មនៅតាមជនបទ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC បានផ្តល់សហហិរញ្ញប្បទានចំនួន​១៣៥លានដុល្លារអាមេរិក ដល់ធនាគារ អេស៊ីលីដា ដើម្បីផ្តល់កម្ចីដល់វិស័យកសិកម្មនៅកម្ពុជា។​ សហហិរញ្ញប្បទាននេះ នឹងជួយលើកស្ទួយដល់ផលិតកម្មកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

គម្រោងសហហិរញ្ញប្បទានរយៈពេលវែង ដែលទទួលបានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC​ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ធនាគារ អេស៊ីលីដា ក្នុងការផ្តល់កម្ចីដល់​សហគ្រាស​ខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលមានតម្រូវការឥណទានក្នុងការចាប់ផ្តើម និង/ឬការ​ពង្រីក​​ផលិតកម្មកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល។​

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៤ គឺ ១)​ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ២)​ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង​ ៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា​​ ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,១៦ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុប​ចំនួន ៥,៧៩ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៤៤លាននាក់ គិតត្រឹមដំណាច់   ខែមីនា ឆ្នាំ២០២២ នេះ៕

 

ផ្ទេរប្រាក់ឬទទួលប្រាក់បានភ្លាមៗ ទូទាំងពិភព​លោកតាម MoneyGram នៅលើអេស៊ីលីដាម៉ូបាល  

ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ អតិថិជនរបស់ធនាគារអេស៊ីលីដា អាចផ្ទេរប្រាក់ទៅ-មក ក្រៅប្រទេស ទូទាំងពិភពលោកបានយ៉ាងឆាប់រហ័ស តាមរយៈ ម៉ាន់នីក្រាម (MoneyGrame) ប្រកបដោយសុវត្ថិភាពខ្ពស់ និង​ងាយស្រួលគ្រប់ពេលវេលាគ្រប់ទីកន្លែង។

ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចធ្វើការរប្រាក់ចេញទៅក្រៅប្រទេសបានទូទាំង​ពិភពលោកក្នុងការទូទាត់​ថ្លៃទំនិញនាំចូល សាលារៀន ឬផ្ញើជូនក្រុមគ្រួសារ ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា។

ដោយឡែកការទទួលប្រាក់ ដែលផ្ទេរចូលគណនីធនាគារ អេស៊ីលីដា ពីក្រៅប្រទេស ទូទាំងពិភពលោក គឺបានភ្លាមៗគ្រប់ពេលវេលា ដោយមិនអស់ថ្លៃសេវា។​

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដាបានមានប្រសាសន៍​ថាលោកអ្នកអាចផ្ទេរប្រាក់ទៅ-មក ក្រៅប្រទេស ទូទាំងពិភពលោកបានយ៉ាងឆាប់រហ័ស តាមរយៈ ម៉ាន់នីក្រាម (MoneyGrame) ប្រកបដោយសុវត្ថិភាពខ្ពស់ និងងាយស្រួល។

លោកស្រីបានថ្លែងពន្យល់ថា៖«ចំពោះការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស ជាមួយអេស៊ីលីដាម៉ូបាល ​នៅក្នុង​ទូរស័ព្ទដៃ​របស់លោកអ្នក ដើម្បីទូទាត់ថ្លៃទំនិញនាំចូល សាលារៀន ឬផ្ញើជូនក្រុមគ្រួសារ ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា។ចំនែកការទទួលប្រាក់ដែលផ្ទេរចូលគណនីធនាគារ អេស៊ីលីដា ពីក្រៅប្រទេស ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា ដោយមិនអស់ថ្លៃសេវា»។

 

សូមពិនិត្យមើលរបៀបផ្ទេរប្រាក់ក្រៅប្រទេស តាម MoneyGram លើអេស៊ីលីដាម៉ូបាល៖ https://acledabank.com.kh/sl/?tmg1

ក្រុមហ៊ុនចិនបោះទុនវិនិយោគ៧០លានដុល្លារលើដំណាំស្វាយនៅកម្ពុជា

ខេត្ត​ស្ទឺ​ង​ត្រែង​៖ ក្រុមហ៊ុន ហ្គ្រី​ន ស៊ី អេ​ហ្គ្រី​ខ​ល​ជ័រ បាន​ចំណាយ​ថវិកា​ជិត​៧០​លាន​ដុល្លារ ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ ដើម្បី​ដាំ​ដុះ​ស្វាយ​៦​ប្រភេទ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។

នៅ​អំឡុង​ពេល ដែល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​ទៅ​ពិនិត្យ​ចំការ​ស្វាយ នៅ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង Mr.Jackyនាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន ហ្គ្រី​ន ស៊ី អេ​ហ្គ្រី​ខ​ល​ជ័រ បាន​និយាយ​ថា កម្មវត្ថុ​នៃ​ផលិតកម្ម​ស្វាយ របស់​ក្រុមហ៊ុន គឺ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដោយ​ត្រូវ​ឆ្លងកាត់​ប្រទេស​វៀតណាម ថៃ និង​កំពង់​ផែ​ក្នុង​ព្រះ​សីហ​នុ​។ ហើយ​គិត​មក​ទល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា​ជិត ៧០​លាន​ដុល្លារ​ហើយ សម្រាប់​ការ​វិនិយោគ​លើ​ចំការ​ស្វាយ​នេះ ។

លោក​បាន​បន្ថែម​ថា ពូជ​ស្វាយ​ដែល ក្រុមហ៊ុន​បាន​ដាំ​ដុះ ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​តៃវ៉ាន់ អា​មេ​រិ​ក និង​អូស្ត្រាលី ដែល​រួម​មាន​រួម​មាន ពូជ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , និង Guire។​ហើយ​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​សរុប​ចំនួន ១ ២០០ ហិ​កតា ហើយ ស្មើនឹង ១២​ភាគរយ ធៀប​នឹង​ផែនការ​ម​លើ​ផ្ទៃដី​ទំហំ ៩ ៧៧២,១១៧៦​ហិ​កតា​។

លោក​បាន​បង្ហាញ​ពី​បារម្ភ​ថា​៖« បច្ចុប្បន្ន ក្រុមហ៊ុន បាន​និង​កំពុង​រៀបចំ​មធ្យោបាយ​ដឹក​ជញ្ជូន និង​រួម​ទាំង​ទូ​ត្រជាក់​ផង​ដែរ​ដើម្បី​កាត់​បន្ថយ​ថ្លៃដើម​។ ដោយឡែក​ការងារ​បច្ចេកទេស ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​ចុះបញ្ជី​ចម្ការ​ស្វាយ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ហើយ​ទទួល​បាន​កិច្ចសហការ​ល្អ​មក​វិញ​គឺ​អគ្គនាយកដ្ឋាន​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​មក​ណែនាំ​អំពី បច្ចេកទេស​ដាំ ប្រមូល​ផល វេច​ខ្ចប់ និង​ជា​ពិសេស​លក្ខខណ្ឌ​តម្រូវ​នៃ​ភូតគាម​អនាម័យ​»​។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ថ្លែង​ថា ក្រសួងកសិកម្ម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឲ្យ​បន្ត​ខិតខំ​លើ​ការងារ​ផលិតកម្ម​បន្ថែម​ទៀត ពិសេស​ការ​អនុវត្ត​នីតិវិធី​ភូតគាម​អនាម័យ​ដែល​ជា​គោលការណ៍​គ្រឹះ សម្រាប់​នាំ​ចេញ បើ​ទោះ​សកម្មភាព​នៃ​ការ​នាំ​ចេញ​បាន​និង​កំពុង​តែ​ប្រឈម ហើយ​នេះ​មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ តែ​ជា​បញ្ហា​សកល​ដែល​មិន​អាច​ចៀសវាង​បាន​។

លោក​បាន​បញ្ជាក់​ថា​៖« ក្រុមហ៊ុន​ក៏​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម ខេត្ត ធ្វើ​យ៉ាងណា​ឲ្យ​កិច្ច​ដំណើរការ​នៃ​ការ​វិនិយោគ​នេះ​ប្រ​ព្រ​ត្តិ​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ ។ ភាព​ជោគជ័យ​នេះ មិនមែន​សម្រាប់​តែ​ក្រុមហ៊ុន​ទេ គឺ​សម្រាប់​សេដ្ឋកិច្ចជាតិ និង​ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​តាម​រយ​:​ការ បង្កើត​ការងារ មានការ​ងារ មាន​ចំណូល គ្មាន​ចំណាកស្រុក មាន​ជីវភាព​ល្អ​ប្រសើរ ទាំងនេះ​ជា​ក្តី​បំណង​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ជា​នាយក​រដ្ឋមន្ត្រី ដែល​តែងតែ​គាំទ្រ និង​លើក ទឹកចិត្ត បង្កើត​លក្ខខណ្ឌ​អំណោយផល​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​»​៕