ធនាគារ អេ​ស៊ី​លី​ដា ទទួល​បានវិញ្ញាបនបត្រ​ «​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ»

ភ្នំពេញ​៖ ធនាគារ អេ​ស៊ី​លី​ដា ទទួល​បាន​វិញ្ញាបនបត្រ ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ ដំបូង​គេ​នៅ​កម្ពុជា​(Custodian)​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​។

ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ (Custodian) បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​កា​រត​ភ្ជាប់ និង​បង្កើន​លំហូរ​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ តាម​រយៈ​ការ​ផ្តល់​សេវាកម្ម​ធំ​៣​រួ​មាន គណនី​រក្សា​សុវត្ថិភាព​សាច់ប្រាក់ (Cash Custody), គណនី​រក្សា​សុវត្ថិភាព​មូល​ប​ត្រ (Security Custody) និង​ផ្តល់​សេវា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​(Custodian Agent)​។

នៅ​ក្នុង​ពី​ធី​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព ក្នុង​វិស័យ​មូល​ប​ត្រ ពី​និយ័ត​ករ​មូល​ប​ត្រេក​ម្ពុ​ជា កាលពី​ថ្ងៃ​ទី ១២ ខែឧសភា ឆ្នាំ​២០២២ លោក អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ថ្លែង​ថា ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ គឺជា​រឿង​ថ្មី​សម្រាប់​ប្រទេស​កម​ម្ពុ​ជា ដូចនេះ​អេ​ស៊ី​លី​ដា​នឹង​ផ្សព្វផ្សាយ​ផ្តល់​ព័ត៌មាន​ដល់​វិនិយោគ​ក្នុងស្រុក និង វិនិយោគិន​ក្រៅប្រទេស រួម​ទាំង​ការ​បង្កើត​បណ្តាញ​នៅ​ក្រៅប្រទេស ដោយ​ធ្វើ​យ៉ាងណា ឱ្យ​វិនិយោគិន​សាធារណៈ​អន្តរជាតិ បានដឹង​លឺ​ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ទាំងនោះ​។

លោក​បាន​បញ្ជាក់​ថា​៖« ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ គឺជា​សេវាកម្ម​ថ្មី​មួយ​របស់​អេ​ស៊ី​លី​ដា ក្នុង​ការ​បម្រើ​សេវាកម្ម​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ ជូន​វិនិយោគិន​និង​សាធារណជន​។​មុខងា​ចំបង​ៗ​នេះ សេវាកម្ម​នេះ​រួម​មាន គណនី​រក្សា​សុវត្ថិភាព​សាច់ប្រាក់​, គណនី​រក្សា​សុវត្ថិភាព​មូល​ប​ត្រ និង​សេវា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​។​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា Custodian​នេះ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន ជា​ពិសេស​វិនិយោគិន​បរទេស ឱ្យមក​វិ​និ​យោក​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា ព្រោះថា​ការ​វិនិយោគ​មូល​ប​ត្រ​នៅ​បរទេស​របស់​ក្រុមហ៊ុន បរទេស ចាំបាច់​ត្រូវធ្វើ​ឡើង​តាម​រយៈ Custodian​។ Custodian នឹង​ជំរុញ​ឱ្យ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា កាន់តែ​សកម្ម​»​។

លោក ស៊ូ សុ​ជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា បានឱ្យ​ដឹង​ថា លក្ខខណ្ឌ​ចាំបាច់​មួយ ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ ជា​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ នោះ​គឺ អ្នក​ដែល​ស្នើ​សុំ​ត្រូវ​តែ​ជា​ធនាគារ បើសិនជា​អ្នក​ស្នើ​សុំ​ជា​ក្រុមហ៊ុន​ធម្មតា និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​មិន​ទទួលស្គាល់​ការ​ស្នើ​សុំ​នោះ​ទេ​។

លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ​ជា​ធនាគារ មាន​ន័យ​ថា អ្នក​ស្នើ​សុំ​នោះ មាន​ដើមទុន ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ លក្ខខណ្ឌ​បន្ថែម​នេះ គឺ​ងាយ​ៗ រួម​មានការ​បំពេញបែបបទ អ្នក​ទទួលខុសត្រូវ​មួយ​រូប​ដែល​មានការ​ទទួលស្គាល់​ពី​យ័​តករ​មូល​ប​ត្រ​កម្ពុជា មាន​ទីតាំង​ច្បាស់លាស់ មាន​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដែល​មានការ​ត​ភ្ជាប់​ជាមួយ​ផ្សា​រមូល​ប​ត្រ និង​លក្ខខណ្ឌ​បន្ទាប់បន្សំ​ផ្សេង​ៗ​ទៀត​។

លោក​បាន​បញ្ជាក់​ថា​៖« យើង​ពិតជា​អរគុណ​ដល់​អេ​ស៊ី​លី​ដា ដែល​គាត់​ស្ម័គ្រ​ធ្វើ​ការងារ​នេះ ទោះបីជា​មិន​ទាន់​ផ្សារ​ក៏​ដោយ​។​យើង​ទុកចិត្ត​ទាំងស្រុង តាម​រយៈ​ការ​ផ្តល់​ការ​អនុញ្ញាត​ជូន​ធនាគារ​អេ​ស៊ី​លី​ដា​ធ្វើ​ជា​Custodian នា​ពេល​នេះ នឹង​ជំរុញ​ឱ្យ​មាន​ភាព​ទាក់ទាញ​វិនិយោគិន​ធំ​ៗ ដែល​គាត់​ចាប់អារម្មណ៍ ឬ​ក៏​ចង់​សាកល្បង​ធ្វើ​ពិពិធ​កម្ម​នៃ​ការ​វោ​និ​យោគ​មួយ​ចំណែក​មក​កម្ពុជា​។​យើង​ឃើញ​ថា វិនិយោគិន​ជប៉ុន​ភាគច្រើន គឺ​ត្រូវការ​Custodian​នេះ​»​។

អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា លោក ហុង សុ​ហួរ បាន​មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ក្នុង​នាម​ជា ភ្នាក់ងារ​រក្សា​សុវត្ថិភាព​ក្នុង​វិស័យ​មូល​ប​ត្រ គឺ​ស្រប​ពេល​ដែល​ផ្សា​រមូល​ប​ត្រ​កម្ពុជា ចាប់ផ្តើម​មានការ​រីក​ចំរើន​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ តាម​រយៈ​ការ​កើនឡើង​នូវ​វិនិយោគិន និង​ទំហំ​ជួញដូរ​។

លោក​បាន​បញ្ជាក់​ថា​៖« យើង​រំពឹង​ថា ចំពោះ​ការ​ផ្តល់​អាជ្ញា​បណ្ណ​ដល់​ធនាគារ​អេ​ស៊ី​លី​ដា នា​ពេល​នេះ នឹង​មាន​វិនិយោគិន​ថ្មី​ៗ បន្ថែម​ទៀត ជា​ពិសេស​វិនិយោគិន​ជា​ស្ថាប័ន ដែល​ទាមទារ​ឱ្យ​មាន​Custodian agent ។ ជា​ការ​ពិត​ណាស់ ទីផ្សារ​របស់​យើង ត្រូវការ​មាន​ប្រភព​វិនិយោគិន​រឹង​មាំ ដែល​ទាក់ទាញ​ទាំង​ក្រុមហ៊ុន និង​វិនិយោគិន​មក​បន្ថែម ដើម្បី​មក​លក់​ភាគហ៊ុន និង​ចុះបញ្ជី ឬ​វិនិយោគ នៅ​ក្នុង​ទីផ្សារ បាន​កាន់តែ​ងាយស្រួល និង​មាន​សុវត្ថិភាព​»​។

បើ​តាម​អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា​រូប​នេះ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទំហំ​ជួញដូរ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កាន់តែ​មមាញឹក​ដោយនៅ​ក្នុង​ឆ្នាំ​២០២១ មាន​ប្រមាណ​២៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។​ហើយ​នៅ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២២​នេះ ដោយសារ​តែ​មានការ​ជួញដូរ​ធំ​មួយ​ចំនួន ផ្សា​រមូល​ប​ត្រ​បាន​សម្រេចការ​ជួញដូរ​ប្រមាណ​១​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។​ក្នុង​រយៈពេល​៧​ឆ្នាំ​ខាង​មុខ​អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា​រំពឹង​ថា ទំហំ​ជួញដូរ នឹង​កើន​ដល់​៥០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​៕

 

 

កម្ពុជា-សហភាពអឺរ៉ុបដើម្បីពិភាក្សាអំពីកម្មវិធីណែនាំពហុឆ្នាំសម្រាប់ឆ្នាំ ២០២១-២០២៧

(ភ្នំពេញ)៖ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) ដើម្បីពិភាក្សាអំពីការសិក្សាគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ឧស្សាហកម្មសំលៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង គោលនយោបាយអាស៊ាន និងអំពីគំនិតផ្តួចផ្តើមស្តីពីថាមពលបៃតង ព្រមទាំងខ្សែច្រវាក់តម្លៃឧស្សាហកម្មក្រោមកម្មវិធីណែនាំពហុឆ្នាំ២០២១-២០២៧ (EU Multiannual Indicative Programme 2021 – 2027) របស់សហភាពអឺរ៉ុប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវច្បាប់វិនិយោគថ្មីៗ ច្បាប់ស្តីពីភាពជាដៃគូរដ្ឋនិងឯកជន ការបង្កើនភាពប្រកួតប្រជែង តាមរយៈការធ្វើកំណែទម្រង់និងបញ្ចុះថ្លៃដើម ការរៀបចំលិខិតបទដ្ឋានច្បាប់និងប្បញ្ញត្តិថ្មីៗ ការដាក់ចេញនូវយុទ្ធសាស្ត្រកាត់ដេរ យុទ្ធសាស្ត្រនិងកម្មវិធីកែទម្រង់-ស្តារសេដ្ឋកិច្ចនានា ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយនឹងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធានាបាននូវការអនុវត្តគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធិភាព។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា រោងចក្រសហគ្រាសនៅកម្ពុជា ត្រូវបានលើកទឹកចិត្តក្នុងការអនុវត្តកម្មវិធីដែលផ្តល់ផលវិជ្ជមានលើកិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលល្អ និងការលើកកម្ពស់សុខុមាលភាពនិងស្តង់ដារការងាររបស់និយោជិក ការអនុវត្តមូលនិធិសន្តិសុខសង្គម រួមទាំងការបណ្តុះបណ្តាលជំនាញថ្មីផងដែ។ ក្នុងនោះ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factory Cambodia) របស់អង្គការពលកម្មអន្តរជាតិបានក្លាយជាឧទាហរណ៍ល្អមួយសម្រាប់ទាក់ទាញការបញ្ជាទិញ ហើយភាគីដៃគូពាក់ព័ន្ធគួរពិនិត្យលទ្ធភាពបន្តផ្តល់មូលនិធិសម្រាប់អនុវត្តរហូតសម្រេចបាននូវកំណែទម្រង់ ក៏ដូចជាលទ្ធផលគាប់ប្រសើរស្របតាមផែនការអភិវឌ្ឍន៍ឧស្សាហកម្មសំលៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង វិស័យកសិ-ឧស្សាហកម្ម និងវិស័យដទៃទៀត។
ជាមួយគ្នានេះ ភាគី EU បានបង្ហាញអំពីកម្មវិធី EU Multiannual Indicative Programme 2021 – 2027 ដែលមានដាក់បញ្ចូលនូវគំនិតផ្តួចផ្តើមស្តីពីថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្មនិងកសិកម្ម ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពល កិច្ចការពារបរិស្ថាន ការគោរពស្តង់ដារការងារ ផលិតភាពនិងសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ទំនួលខុសត្រូវ និងសុខមាលភាពនៅកម្ពុជា ដែលស្ថាប័នពាក់ព័ន្ធអាចស្វែងយល់បន្ថែមក៏ដូចជាស្វែងរកជំនួយបច្ចេកទេសនិងការគាំទ្រពីភាគីEU។
ទន្ទឹមនឹងនេះ ខាងជំនាញការសហភាពអឺរ៉ុបបានជម្រាបពីគំនិតផ្តួចផ្តើមទាំងនេះ ថានឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម ការចូលរួមខ្សែច្រវាក់តម្លៃតំបន់សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម អាទិភាពរបស់កម្ពុជា ដែលស្របនឹងគោលដៅអភិវឌ្ឍន៍របស់ EU ដែលមានការគិតគូខ្ពស់អំពីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន តម្លាភាព ការអភិវឌ្ឍសមត្ថភាពជំនាញដល់និយោជិក និងការអនុវត្តច្បាប់ និងបទបញ្ញតិ្តចាំបាច់។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តសហការគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីសម្រេចបាននូវគោលដៅរួមគ្នានៃការការពារបរិស្ថាន និងបង្កើតសុខុមាលភាពសង្គម-សេដ្ឋកិច្ចជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល៕

ធនាគារ​ កាណាឌីយ៉ា សហការ​ជាមួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​ពង្រីក​សេវាកម្ម​ដក​ប្រាក់កាន់តែទូលំទូលាយ

ភ្នំពេញ៖ ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០២២៖ ធនាគារ កាណាឌីយ៉ា កំពុង​សហការ​គ្នា​​ជា​មួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី  (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា  ដើម្បី​ផ្តល់​សេវា​ដក​ប្រាក់​​​ សម្រាប់​អតិថិជន​នៅ​ទូទាំង​ប្រទេស។

កិច្ចសហការ​ថ្មី​នេះធ្វើឡើងក្នុង​គោល​បំណង​​ធ្វើ​ឱ្យការ​ដក​​​ប្រាក់​​​​ ​​​​កាន់​​តែ​​ងាយ​ស្រួល​សម្រាប់​​អតិថិជន​របស់​ធនាគារ​ កាណាឌីយ៉ា។ ឥឡូវនេះ អតិថិជន​របស់​ធនាគារ​ កាណាឌីយ៉ា​ ​អាច​ផ្ទេរ​ប្រាក់ដោយ​ផ្ទាល់​​ពី​កម្មវិធី​ធនាគារ​ចល័ត​​​របស់ខ្លួន​ទៅ​កាន់​បង​ប្អូន​ក្រុម​គ្រួសារ​​ និងមិត្តភក្តិ ​​ក្រោយ​មក​ ពួកគេ​អាច​ដក​សាច់​ប្រាក់​តាមភ្នាក់ងារ​ទ្រូម៉ាន់នីនៅទូទាំង​ប្រទេស។ ដើម្បី​ដកប្រាក់​នៅតាម​​ភ្នាក់ងារ​ទ្រូម៉ាន់នី អតិថិជន​​ត្រូវ​ប្រើប្រាស់​លេខ​កូដដកប្រាក់ (Cash Pickup Code)។

កិច្ចព្រមព្រៀង​ចុង​ក្រោយ​បំផុត​​រវាង​ធនាគារ កាណាឌីយ៉ា និង​ក្រុមហ៊ុន ទ្រូម៉ាន់នី ចូល​ជាធរ​មាន​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០២២​ បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគ​យល់គ្នា​រវាង​ភាគី​ទាំងពីរ​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ កាណាឌីយ៉ា។

លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​​ធនាគារ កាណាឌីយ៉ា មាន​ប្រសាសន៍​ថា៖ «វាជា​កិត្តិយស​ដ៏​ធំមួយ​​ដែលយើង​អាច​​​ពង្រីក​​វិសាល​ភាព និង​សេវាកម្ម​របស់​យើង​ជា​មួយ​​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏​ល្បី​ឈ្មោះ​ដូចជា ក្រុមហ៊ុន ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀង​នេះនឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អតិថិជន​របស់​ធនាគារ កាណាឌីយ៉ា និង​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី តាម​រយៈ​ការ​បង្កើន​លទ្ធភាព​ និង​ពង្រឹងសេវាកម្មហិរញ្ញវត្ថុ​​ឲ្យកាន់តែប្រសើរ​»។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​ថា៖ «យើង​តែងតែ​ស្វែង​រក​មធ្យោបាយ​នានា ដើម្បី​បង្កើត​ទំនាក់​ទំនង​ដ៏​ស្អិត​រមួត​​ជា​មួយ​ធនាគារ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ឈាន​មុខគេ​បែប​នេះ ដើម្បី​ផ្តល់​សេវាកម្ម​បន្ថែម​ទៀត​ដល់​អតិថិជន​របស់​ ទ្រូម៉ាន់នី។ កិច្ចព្រមព្រៀង​នេះ​​ជា​ឧទាហរណ៍​មួយ​​​ទៀត​​ដែល​បង្ហាញ​ពី​របៀប​ដែល​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​ក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត»។

សេវាកម្ម​ថ្មី​នេះ នឹងត្រូវបានដាក់ឲ្យប្រើ​ប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ ភាព​ជា​ដៃគូ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើការ​ទូទាត់​យ៉ាងលឿន និងរហ័ស ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បាគង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។

លើស​ពីនេះ​​ទៀត ភា្នក់ងារ​ទ្រូម៉ាន់នី ដែលជា​អតិថិជនរបស់ធនាគារ ​កាណាឌីយ៉ា ឬចង់ក្លាយជាអតិថិជនថ្មីរបស់ធនាគារ កាណាឌីយ៉ា អាច​ទទួលបាន​អត្ថ​ប្រយោជន៍​ពី​សេវា​គ្រប់គ្រង​សាច់ប្រាក់ (ដាក់ប្រាក់ ឬដកប្រាក់)។ ពួកគេ​អាច​ដាក់ប្រាក់ ឬដកប្រាក់ និងគ្រប់គ្រង​លំហូរ​សាច់ប្រាក់​យ៉ាង​ងាយស្រួល​ផងដែរ៕

 

​ប្រព័ន្ធឌីជីថល ​របស់​ធនាគារ​អេស៊ីលីដា​បានកំពុងកើន​ដល់​ប្រមាណ ៩៤ ភាគរយនៃប្រតិបត្តិការសរុប

ភ្នំពេញៈ ធនាគារ​អាស៊ី​លី​ដា កំពុង​ដាក់​ចេញ​ផែនការ​ជំរុញ​អតិថិជន​របស់​ខ្លួន​ឱ្យធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​កាន់តែ​ច្រើន​បន្ថែម​ទៀត ខណៈ​កាលពី​ឆ្នាំ​២០២១ កន្លង​មក​ចំនួន​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ខ្លួន​កើន​ដល់​ប្រមាណ ៩៤​ភាគរយ​។ នេះ​បើ​តាម លោក អ៊ិ​ន ចាន់​នី ប្រធាន​អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្នុងអំឡុងពេល​កិច្ចប្រជុំ​នាយក​-​នាយិកា​សាខា នៅ​ទីរួមខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២ លោក ចាន់​នី បានឱ្យ​ដឹង​ថា វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាព​ពេញ​និយម ដោយ​ក្នុង​នោះ​ចំនួន​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល បាន​កើន​ឡើងជា​លំដាប់​។ នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​កាលពី​ឆ្នាំ​២០២០-២០២១ (​ការ​បិទ​ខ្ទប់ និង​ក្តី​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩) កំណើន​អតិថិជន​ដែល​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ​អេ​ស៊ី​លី​ដា បាន​ហក់​ឡើង​យ៉ាង​លឿន​។ លោក​បន្ត​ថា ជាក់ស្តែង​គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២២ ចំនួន​អ្នក​ដែល​មាន​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​អេ​ស៊ី​លី​ដា មាន​ចំនួន​ជាង ២,៣​លាន ក្នុង​នោះ​ចំនួន​ដែល​ប្រើប្រាស់​សកម្ម គឺ​មាន​ជា​មធ្យម​ជាង ១​លាន​ប្រតិបត្តិការ​ក្នុង ១​ថ្ងៃ​ៗ​។

លោក​ថ្លែង​ថា​៖«​កាលពី​ខែមករា កន្លង​មក​ខ្ញុំ​ធ្លាប់​និយាយ​ថា ចំនួន​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ធនាគារ​អេ​ស៊ី​លី​ដា តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល គឺ​មាន​ប្រមាណ ៩៤​ភាគរយ​។ ក្នុង​ឆ្នាំ​២០២២ នេះ​យើង​កំពុង​ជំរុញ​ចំនួន​នេះ​ឱ្យ​កើន​ដល់​ប្រហែល ៩៧​ភាគរយ​នៃ​ប្រតិបត្តិការ​ទាំងអស់​»​។

លោក​បញ្ជាក់​ថា​៖«​ធនាគារ​អេ​ស៊ី​លី​ដា ពិតជា​ចង់ឱ្យ​អតិថិជន​ទាំង​ជាង ៣​លាន​នាក់​របស់​ខ្លួន​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​ទាំងអស់​(​ប្រើប្រាស់ App) ដែល​បច្ចុប្បន្ន​នៅ​សល់​ប្រមាណ ៧០​ម៉ឹ​ន​នាក់​ទៀត​ប៉ុណ្ណោះ​មិន​ទាន់​ប្រើប្រាស់​»​។

លោក​លើក​ឡើង​ទៀត​ថា នៅ​ពេល​ដែល​ការ​ធ្វើ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​កាន់តែ​ច្រើន ការ​ប្រើប្រាស់​ធនធាន​មុ​ស្ស​ក៏​អាច​នឹង​មិន​កើនឡើង​ទៀត​ផង​ដែរ​។

ទាក់ទង​នឹង​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០២២ នេះ លោក អ៊ិ​ន ចាន់​នី បាន​ប្រាប់​ថា ធនាគារ​អេ​ស៊ី​លី​ដា បាន​បង្ហាញ​ពី​សញ្ញា​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ក្នុង​រយៈពេល​ជិត ៤​ខែ​មកនេះ ឥណទាន​របស់​ធនាគារ​អេ​ស៊ី​លី​ដា បាន​កើនឡើង​ជិត​ទៅ ៨​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១ ចំណែក​ប្រាក់​បញ្ញើ​សន្សំ ក៏​កើនឡើង​ប្រហាក់ប្រហែល​នឹង​គ្នា​នេះ​ដែរ​៕

ការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022”

សេចក្តីជូនដំណឹងស្ដីពី៖ នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នក ផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យ បានជ្រាបថា៖ ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការចូលរួម រៀបចំពិព័រណ៍ ចិន-អាស៊ាន ចំនួន១៨ លើក រួចមកហើយកាលពីពេលកន្លងទៅ ក្រសួង ពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្ត រៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២២ នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តាមទម្រង់ចូលរួមដោយផ្ទាល់ និងចូលរួមតាមប្រព័ន្ធអនឡាញ (Physical and Virtual Exhibition)។
ដោយស្ថានភាពនៃជំងឺ កូវីដ-១៩ នៅមិនទាន់អាចព្យាករណ៍បាននៅប្រទេសចិន ការរៀបចំពិព័រណ៍ចិន-អាស៊ាន ឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្ម ផ្តល់អាទិភាពខ្ពស់ដល់ ក្រុមហ៊ុន ឬសហគ្រាសកម្ពុជា ដែលមានសាខា ឬតំណាងចែកចាយផលិតផលនៅប្រទេសចិនស្រាប់ និងជំរុញលើកទឹកចិត្តការចូលរួមពីចម្ងាយតាមរយៈការបញ្ជូន ផលិតផល និងសេវាទៅចូលរួមដាក់តាំងបង្ហាញជូនអ្នកទស្សនា និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ នៅក្នុង ព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែល មាន បំណងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ តាមរយៈការចូលរួមផ្ទាល់ ឬ តាមប្រព័ន្ធ អនឡាញ សូមមកបំពេញ បែប បទ និងដាក់ពាក្យសុំចូលរួមឲ្យបានមុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ជាកំណត់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥ / ០៨៩ ៩១១ ១០១ / ០១៧ ៧៥៩ ៥៦៧ / ០៨៧ ៧៥៥ ៥៥១ អ៊ីម៉ែល៖ chaoji168@gmail.com / sanphirun1977@gmail.com / vannameass@yahoo.com / ritatong19@gmail.com ។
សូ ម អ រ គុ ណ !
Announcement: “The 19th China-ASEAN Expo 2022” at Nanning International Convention and Exhibition Center, Nanning City, Guangxi Zhuang Autonomous Region, People’s Republic of China
On behalf of the Cambodian Inter-Ministerial Committee for Participation in the World Expositions and International Trade Fairs, the Ministry of Commerce has the great honor to inform to all businessmen, entrepreneurs, investors and producers that with the consequent successful participation in the China-ASEAN EXPO for the 18 sessions in a row, the Ministry of Commerce in collaboration with CAEXPO Secretariat is going to organize “The 19th China-ASEAN Expo 2022” to be held from 16-19 September 2022 at Nanning International Convention and Exhibition Center, Nanning City, Guangxi Zhuang Autonomous Region, People’s Republic of China. The above event will be conducting in hybrid mode, both in physical and virtual exhibition.
Due to uncertainty of Covid-19 pandemic in China, the Ministry of Commerce offers priority to Cambodian companies who has an office representative in China as well as to encourage the Cambodian companies send their products or service to display and exhibit for marketing and business networking with Chinese companies. Virtual exhibition will be organized during the 19th China-ASEAN EXPO 2022 for Cambodian Exhibitors who is not be able to attend physically. The Ministry of Commerce is pleased to invite all businessmen, entrepreneurs, investors and producers who is intent to participate “The 19th China-ASEAN Expo 2022” both online-offline exhibition to apply and register no later than 10th August 2022.
For further information, please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd, Phum TeuK Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia.
Tel : 016 416 825 / 089 911 101 / 017 759 567/ 087 755 551
E-mail: chaoji168@gmail.com / sanphirun1977@gmail.com / vannameass@yahoo.com / ritatong19@gmail.com
T H A N K Y O U !

កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីបើកផ្លូវឱ្យកាន់តែទូលាយក្នុងការពង្រឹងកិច្ច​សហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ភាគីកម្ពុជា និងម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមក​ក្នុងកម្រិត​ទេសចរណ៍អន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការទេសចរណ៍ពិភពលោក ព្រមទាំងដើម្បីបើកផ្លូវឱ្យកាន់តែ​ទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

ការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្ដម Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរាជធានីបាងកក ប្រទេសថៃ និងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ក៏បានកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំង ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ានប្តូរវេន ព្រមទាំងតួនាទីនៅក្នុងតំបន់ជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា កម្ពុជា ក៏បានអរគុណដល់ប្រទេសម៉ាល់ឌីវ ដែលបានបញ្ជូនមន្ត្រីទេសចរណ៍របស់ខ្លួនមកចូលក្នុងព្រឹត្តិការណ៍ ក៏ដូចជាកិច្ចប្រជុំអន្តរជាតិនៅកម្ពុជាកន្លងមក ជាពិសេសនៅឆ្នាំ២០១៩។

ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនទៅឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ពីស្ថានភាពកាន់តែប្រសើរឡើង ហើយស្ទើរតែដូចប្រក្រតីភាពឡើងវិញមុនការរីករាលដាលជំងឺកូវីដ១៩ ដោយផ្តោតសំខាន់ទៅលើប្រសិទ្ធភាព និងការគ្រប់គ្រងកូវីដ១៩ នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយភាពឆ្លាតវៃ ហើយបានចាត់ទុកការចាក់វ៉ាក់សាំងដើម្បីបន្ស៉ាំក្នុងសហគមន៍ ជាយុទ្ធសាស្ត្រគន្លឹះក្នុងការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះដែរ ឯកឧត្ដម ថោង ខុន ក៏បានជម្រាបថា សកម្មភាពសង្គមសេដ្ឋកិច្ច និងវិស័យទេសចរណ៍ក៏បាន​បើកឡើងវិញនៅក្នុងប្រក្រតីភាពថ្មី និងបន្តវិធានការសុវត្ថិភាពមួយចំនួនផងដែរ។

ឯកឧត្ដម ថោង ខុន បានបញ្ជាក់ប្រាប់ឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ថាកម្ពុជាបានទទួលយកភ្ញៀវ​ទេសចរ​ចាក់វ៉ាក់សាំងរួចហើយ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញ គឺអាចចូលទស្សនានៅកម្ពុជាបាន ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា ហើយស្ថានភាពនេះ គឺមានតែកម្ពុជាទេ ដែលឈានមុខគេក្នុង​ការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ហើយកន្លងមកក៏មានកំណើននូវចំនួនភ្ញៀវទេសចរអន្តរ​ជាតិមក​ទស្សនានៅកម្ពុជា និងកំណើនទេសចរណ៍ក្នុងស្រុកក៏មានការកើនឡើងផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ជាពិសេសអំឡុងពេល​កូវីដ១៩នេះ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសង្កត់ធ្ងន់ថា ទោះបីកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលបានអភិវឌ្ឍន៍​នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ ដូចជាផ្លូវថ្នល់ជាច្រើនខ្សែនៅខេត្តសៀមរាប នៅខេត្តព្រះសីហនុ ដូច្នេះកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកភ្ញៀវទេសចរអន្តរជាតិ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន «ក៏បានស្នើសុំ និងមានការឯកភាពគ្នាភាគីទាំងពីរនេះ គឺធ្វើយ៉ាងម៉េចយើងជំរុញ​ឱ្យមានការហោះហើរទៅវិញទៅមក ទោះបីប្រទេសម៉ាល់ឌីវជាប្រទេសតូចមែន ប៉ុន្តែជាប្រទេសដែលសម្បូរ​ទៅដោយកោះ អញ្ចឹងថ្ងៃក្រោយយើងអាចទៅសិក្សាយកបទពិសោធន៍ពីការអភិវឌ្ឍកោះរបស់ប្រទេសគាត់ មកធ្វើការអភិវឌ្ឍកោះនៅកម្ពុជា»។

ភាគីទាំងពីរ ក៏បានឯកភាពគ្នារៀបចំឱ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់​ស្តីពីកិច្ចសហប្រតិបត្តិការ​លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ហើយត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នាពេលខាងមុខដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យប្រទេសម៉ាល់ឌីវ ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការទេសចរណ៍​ពិភពលោក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត នៅក្នុងឆ្នាំ២០២២ ដើម្បីគាំទ្រអោយកម្ពុជារៀបចំ​កិច្ចប្រជុំនេះ​នៅឆ្នាំ២០២៣ ហើយកិច្ចការនេះកំពុងតែពិភាក្សាជាមួយអង្គការទេសចរណ៍ពិភពលោក ដើម្បីពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំនេះនៅកម្ពុជា។

ជាការឆ្លើយតបឯកឧត្ដមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ បានគាំទ្រឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការ​ទសចរណ៍ពិភពលោក សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាងកើត៕

 

អេ​ស៊ី​លី​ដា និងសមាគម​ជប៉ុន​-​កម្ពុជា រួមគ្នាគៀងគរវិនិយោគិនជប៉ុនមកកាន់កម្ពុជា

​ភ្នំពេញ ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី ​២៥ ខែមេសា ឆ្នាំ ​២០២២​ មកនេះ ធនាគារ អេ​ស៊ី​លី​ដា បាន​ប្រារព្ធ​ពិធី​ផ្គូផ្គង​អាជីវកម្ម​ជាមួយ JCA (​សមាគម​ជប៉ុន​-​កម្ពុជា​) នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ ផ្ទាល់ ដោយ​មានការ​​ចូលរួម​ពី​សំណាក់​លោក​បណ្ឌិត អ៉ិន ចាន់​នី និង​ឯកឧត្តម Takahashi, Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា (​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​) ​។

នៅ​ក្នុង​ពិធី​ផ្គូផ្គង​អាជីវកម្ម​ជាមួយ JCA (​សមាគម​ជប៉ុន​-​កម្ពុជា​) ឬ Business Matching with JCA (JAPAN-Cambodia Association) លោក​បណ្ឌិត អ៉ិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា​ ៖ «​ការ​ផ្គូផ្គង​អាជីវកម្ម​នា​ឱកាស​នេះ បាន​ជួយ​ឱ្យ​វិនិយោគិន​បរទេស ស្វែង​យល់​បន្ថែម​អំពី​ឱកាស​វិនិយោគ ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ និង​ទំនាក់ទំនង​ជាមួយ​អ្នក​វិនិយោគ​ក្នុងស្រុក ហើយ​នេះ​ក៏​ជា​វេទិកា​មួយ​សម្រាប់​វិនិយោគិន ក្នុង​ការ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ទទួល​បាន​ព័ត៌មាន​អំពី​ស្ថានភាព​សេដ្ឋកិច្ច ហើយ​សំខាន់​បំផុត​គឺ​មក​មើល​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​» ។

លោក​បណ្ឌិត អ៉ិន ចាន់​នី បាន​បន្ថែម​ថា ប្រទេស​កម្ពុជា គឺជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​មួយ ដោយសារ​ច្បាប់​វិនិយោគ​គាំទ្រ ការ​គ្រប់គ្រង​ល្អ​នៃ​ជំងឺ​កូ​វី​ដ​-១៩ អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់ និង​អត្រា​ឆ្លង​ទាប ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ​កាន់តែ​រឹង​មាំ និង​ការ​ចល័ត​សង្គម​កាន់តែ​ច្រើន​ ។ សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករណ៍​ថា ​នឹង​កើនឡើង​ក្នុង​អត្រា 5.3% ក្នុង​ឆ្នាំ 2022 និង 6.5% នៅ​ឆ្នាំ 2023 ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

ជាមួយនឹង​ការ​ព្យាករណ៍​សុទិដ្ឋិនិយម​នៃ​កំណើនសេដ្ឋកិច្ច និង​ការ​ចល័ត​សង្គម​កាន់តែ​ច្រើន លោក​បណ្ឌិត អ៉ិន ចាន់​នី ជឿជាក់​យ៉ាង​មុតមាំ​ថា វិនិយោគិន​នឹង​អាច​ស្វែងរក​ឱកាស​វិនិយោគ​សមរម្យ ​នៅ​ក្នុង​បរិយាកាស​ដែល​អំណោយផល​ដល់​កំណើន ហើយ​សហគ្រិន​ក្នុងស្រុក​អាច​ស្វែង​យល់​បន្ថែម​ពី​ភាគី​ក្រៅប្រទេស​របស់​ពួក​គេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កម្មវិធី Business Matching with JCA (JAPAN-Cambodia Association) មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុនចម្រុះ​ខាង​កម្ពុជា ២៩ ក្រុមហ៊ុន និង​ខាង​ជប៉ុន ២៤ ក្រុមហ៊ុន​ផង​ដែរ ​។ ធនាគារ អេ​ស៊ី​លី​ដា និង​សមាគម​ជប៉ុន​-​កម្ពុជា បាន​សម្រេច​អោយ​មាន ​១​ ឆ្នាំ​ម្តង ប៉ុន្តែ​ដោយសារ​បញ្ហា​កូ​វី​ដ ពិធី​ជួបជុំ​នេះ​ត្រូវ​បាន​ផ្អាក ជិត ​២ ​ឆ្នាំ ។ ទើបតែ​ក្នុង​ឆ្នាំ ​២០២២ ​នេះ ជា​ការ​ជួបជុំ​លើក​ទី ​២ ​។ ការ​ជួប​គ្នា​នា​ពេល​នេះ​ផង​ដែរ គឹ​ដោយសារ​កម្ពុជា បាន​អនុវត្តន៍ នយោបាយ​ចាក់​វ៉ាក់សាំង​ជូន​ទាំង​ពលរដ្ឋ​កម្ពុជា​និង​ជនបរទេស​នៅ​កម្ពុជា ដែល​នេះ​ជា​អំណោយផល​ល្អ សម្រាប់​លំហូរ​វិនិយោគិន ជប៉ុន មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបមួយប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣

នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍
គ្រុប ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។
ក្នុងជំនួបនេះផងដែរ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុន China investment ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុនគួអាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ដែលបានឆ្លៀតឱកាសដ៏មមាញឹក ដោយបានអនុញ្ញាតឲ្យបានជួបសំដែងការគួរសមផង និងស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាផង ។ អ្នកឧកញ៉ា ចេន ហ្ស៊ី បានគោរពជម្រាបជូនសម្ដេចតេជោពីអាជីវកម្មរបស់ក្រុមហ៊ុនខាងលើ ដែលរួមមាន៖ វិស័យឧស្សាហកម្មរ៉ែ, ហេដ្ឋារចនាសម្ព័ន្ធ, អចលនវត្ថុ, ពាណិជ្ជកម្មសំណង់ឡូជីស្ទីក, មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍អ្នកឧកញ៉ា ចេន ហ្ស៊ី ក្រុមហ៊ុន China investment, ក្រុមហ៊ុនអ៊ីស្ទ័រ និងក្រុមហ៊ុន គួរអាន ហើយបានជម្រាបជូនលោក ចេន ហ្ស៊ី និងប្រតិភូដឹកនាំក្រុមហ៊ុនទាំង៣ ថា បរិយាការវិនិយោគនៅកម្ពុជា មានភាពល្អប្រសើរ ដោយមូលហេតុទី១-កម្ពុជា មានសុខសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ, ទី២-កម្ពុជា មានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ, ទី៣-កម្ពុជា មានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ, ទី៤-កម្ពុជា មិនតំរូវឲ្យអ្នកវិនិយោគប្រើតែប្រាក់រៀល សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយកម្ពុជា គឺអនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀតដូចជា ប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផង និងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង និងទី៥-កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន ។
សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំឲ្យអ្នកឧកញ៉ា ចេន ហ្ស៊ី និងប្រតិភូ ធ្វើការស្វែងយល់បន្ថែមទៀតពីឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អំពីទិសដៅវិនិយោគនៅកម្ពុជា ៕

ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជារួមគ្នាជំរុញការនាំចេញ

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈ​ប្រតិភូសមាគម​រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីបន្តជំរុញវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្ដី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានសម្ដែងការអបអរសាទរ ចំពោះលោកឧកញ៉ា គង់ សាង និងសហការី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធាន អនុប្រធាន ព្រមទាំងសមាជិកគណៈកម្មការប្រតិបត្តិ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្រាប់អាណត្តិថ្មី ឆ្នាំ២០២២-២០២៣។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីកិច្ចសហការយ៉ាងល្អរវាងក្រសួងពាណិជ្ជកម្ម និង GMAC នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ថា GMAC ជាដៃគូដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យ​វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា GMAC បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍​ដទៃទៀត ក្នុងការចរចាបើកទីផ្សារបន្ថែម ក៏ដូចជាការកសាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាព និងប្រែក្លាយវិស័យនេះ ទៅជាឧស្សាហកម្មដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់​និងតម្លៃបន្ថែមច្រើន ព្រមទាំងមានភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដ៏ដូចជាពិភពលោក។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ក្រសួងពាណិជ្ជកម្មបានជួយសម្រួលយ៉ាងច្រើនដល់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម​ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន ព្រមទាំងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ព្រមជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម​បានដឹកនាំចរចារបើកទីផ្សារបន្ថែមទៀត រួមមាន៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច (ATIGA, ASEAN+ និង RCEP ) និងកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកម្ពុជា-កូរ៉េ (CKFTA) ជាដើម។ ជាងនេះទៅទៀត ក្រសួងបាន​និងកំពុងសិក្សាលទ្ធភាពក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ បន្ថែមទៀត ជាមួយដៃគូពាណិជ្ជ​កម្មសំខាន់ៗ ផងដែរ។

ជាមួយគ្នានេះ លោកឧកញ៉ា គង់ សាង ប្រធានសមាគមនរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងអំណរគុណ​ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ឱកាសឱ្យ លោកឧកញ៉ា និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម​ដែលបាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម។

លោកឧកញ៉ាបានកត់សម្គាល់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ វិស័យកាត់ដេរនៅរក្សាបានកំណើននៃការ​នាំចេញក្នុងអត្រា ២៥% ជាមួយទឹកប្រាក់ចំនួន ៣ ១៥៥លានដុល្លារ ក្នុងនោះ សម្លៀកបំពាក់មានចំនួន ២ ១៣៧លានដុល្លារ (កំណើន ២០%) ស្បែកជើង ៤២១ លានដុល្លារ (កំណើន ៣៣%) និងផលិតផលធ្វើ​ដំណើរនិងកាបូបមានចំនួន ៤៦៨លានដុល្លារ (កំណើន ៤៦%) ហើយផលិតផលវាយនភណ្ឌផ្សេងៗ​ទៀតមានចំនួន ១២៨លានដុល្លារ (កំណើន ១១%)។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោកឧកញ៉ា គង់ សាង បានសម្តែងនូវការប្តេជ្ញាចិត្ត បន្តកិច្ចសហការល្អ​ប្រសើរនេះ ដើម្បីចូលរួមអភិវឌ្ឍ និងប្រែក្លាយវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា ឱ្យក្លាយទៅជា «មជ្ឈមណ្ឌលឧត្តមភាពនៃឧស្សាហកម្មកាត់​ដេរនៅអាស៊ីអាគ្នេយ៍ (Centre of Excellence of Garment Industry in South-East Asia)» ៕

 

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Muhammad Lutfi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី តាមប្រព័ន្ធវីដេអូ។

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាអំពីសំណើរៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយឯកឧត្តម Muhammad Lutfi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនចំពោះឯកឧត្តម Muhammad Lutfi និងសហការី ដែលបានផ្តល់កិច្ចសហការនិងការគាំទ្រក្នុងអំឡុងពេល នៃកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាប្រធានដឹកនាំកន្លងមក តួយ៉ាងដូចជា កិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន កិច្ចប្រជុំ លើកទី១នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ពិសេសកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (28th AEM Retreat) កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលលទ្ធផលជាផ្លែផ្កា។

ថ្វីត្បិតកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទើបបានប្រព្រឹត្តិទៅនោខែមីនាកន្លងទៅ តែដោយសភាព ការណ៍សេដ្ឋកិច្ចតំបន់និងពិភពលោកមានការប្រែប្រួលនិងបានជះឥទ្ធិពលមកលើសេដ្ឋកិច្ចរបស់អាស៊ានដោយសន្ធាប់នោះ ភាគីឥណ្ឌូនេស៊ីដែលនឹងទទួលវេណធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣ បានផ្តួចផ្តើមគំនិត ស្នើកម្ពុជាដើម្បីសហការរៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន(AEM Special Meeting) ដែលគ្រោងរៀបចំនៅក្នុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី សំដៅពិភាក្សា និងផ្លាស់ប្តូរយោបល់លើយន្តការនិងគំនិតផ្តួចផ្តើមថ្មីៗអំពីលទ្ធភាពរៀបចំគំរោងពិសេសរបស់អាស៊ាន ក្នុងគោល បំណងរកដំណោះស្រាយសម្រាប់រក្សាលំនឹងនៃសេដ្ឋកិច្ចតំបន់អាស៊ានក្នុងបរិបទនៃការប្រប្រួលសណ្តាប់ធ្នាប់ជាសាកល(World Order)។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការ ពង្រឹងមជ្ឈភាពរបស់អាស៊ាន ការជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន (ASEAN Intratrade) ចំពោះទំនិញសក្តានុពលនានារបស់ រដ្ឋជាសមាជិកអាស៊ាន សំដៅពន្លឿន ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចតំបន់ និងរក្សាបាននូវលំនឹងសេដ្ឋកិច្ច ទោះបីអាស៊ានកំពុងទទួលរងឥទ្ធិពលអវិជ្ជមានពីខាងក្រៅ ក៏ដោយ។

ជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ក៏បានផ្តល់ការគាំទ្រយ៉ាងពេញលេញ និងត្រៀម ផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី ជាពិសេសការគាំទ្រដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តី Muhammad Lutfi ក៏បានយល់ស្របនិងគាំទ្រផងដែរ ចំពោះយន្តការជំរុញការ ធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ដើម្បីអាចប្រើប្រាស់ពាណិជ្ជកម្មអាស៊ានឱ្យកាន់តែមានសក្តានុពល ដោយផ្អែកលើគោលការណ៍មជ្ឍភាពអាស៊ាន។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម Muhammad Lutfi បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេភាគីបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជាពិសេសការសម្រេច បាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ក្រោមសសរស្ដម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ៕