នាំ​ចេញ​ស្បែក​ជើង​​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ក្នុង​​​ឆ្នាំ​២០២១ កើន​ជាង​ ២០​ភាគ​រយ​

 

ភ្នំពេញៈ កម្ពុជា ទទួល​បាន​ប្រាក់​ប្រមាណ ១,៣​ពាន់​លាន​ដុល្លារ​ពី​​នាំ​ចេញ​ស្បែក​ជើង​​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ក្នុង​​​ឆ្នាំ​២០២១ កើន​ជាង​ ២០​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ ខណៈ​​​ក្នុង​ឆ្នាំ​២០២២ នេះ​កំណើន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​សម្ទុះ​ខ្ពស់​ជាង​ឆ្នាំ​២០២១​ បន្ថែម​ទៀត​។ នេះ​បើ​យោង​តាម លោក លី​ ឃុនថៃ​ ប្រធានសមាគម​ស្បែកជើង​កម្ពុជា​​។

លោក លី​ ឃុនថៃ​ បាន​ឱ្យ​ដឹង​ថា នៅក្នុង​ឆ្នាំ​២០២១ កន្លង​មក​ការ​នាំ​ចេញ​ផលិត​ផល​ស្បែក​ជើង​ផលិត​នៅ​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​ មាន​ទឹក​ប្រាក់​សរុប ១,៣​ពាន់​លាន​ដុល្លារ កើន​ឡើង​ ២០,៤​​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២០ ដែល​មាន​ចំនួនប្រមាណ ១,០៨​ពាន់​លាន​ដុល្លារ​។ កំណើន​នេះ​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ភាព​ធូរ​ស្បើយ​នៃ​ក្តី​បារម្ភ​​ការ​ឆ្លងរាល​ដាល​​​ជំងឺ​កូវីដ​១៩, កំណើន​នៃ​អត្រា​ចំនួន​ប្រជាជន​​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩, ការ​បើក​ដំណើរ​ការ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ជា​ច្រើន​​​លើ​ពិភព​លោក, កំណើន​នៃ​ប្រាក់​ចំណូល​របស់​បុគ្គល និង​គ្រួសារ, និង​ការ​កម្រើក​ឡើង​វិញ​ដោយ​សន្សឹមៗ​នៃ​វិស័យ​ទេសចរណ៍​។​ លោក​បន្ថែម​ថា ជា​មួយ​នឹង​ចំណុច​ទាំង​អស់​ខាង​លើ ការ​នាំ​ចេញស្បែក​ជើង​​ក្នុង​ឆ្នាំ​២០២២ នេះ​រំពឹង​ថា នឹងមាន​កំណើន​លើស​ឆ្នាំ​២០២១។​

លោក​លើក​ឡើង​ទៀត​ថា ភាព​វិជ្ជមាន​នេះ ក៏​ដោយ​សារ​តែ​កម្ពុជា​ទទួល​បាន​ការ​ផ្គត់​ផ្គង់​វត្ថុ​ធាត​ដើមគ្រប់​គ្រាន់ និង​ទាន់​ពេល​វេលា​ផង​ដែរ ពិសេស​មក​​ពី​ប្រទេស​ចិន។​

នៅ​ក្នុង​ជំនួប​ជា​មួយ​សមាគម​ស្បែក​ជើង​កម្ពុជា និង​សមាគម​ផលិត​ផលធ្វើ​ដំណើរ​ និង​កាបូប​ កាល​ពី​សប្តាហ៍​មុន លោក ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានលើក​ឡើង​ថា ​ទោះ​បី​ក្នុង​រយៈ​ពេល​ជាង ២​ឆ្នាំ​កន្លង​មក​ពិភពលោក​បាន​ជួប​នឹង​វិបត្តិ​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ ក៏​ការ​នាំ​ចេញ​ផលិត​ផល​ស្បែក​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​ និងកាបូប​កម្ពុជា​ នៅ​តែ​អាច​រក្សា​បាន​នូវ​សញ្ញា​វិជ្ជ​មាន​ និង​អាច​​ទាក់​ទាញ​បាន​ការ​ចូល​មក​បណ្តាក់​ទុន​ជា​បន្ត​បន្ទាប់​។ ភាព​វិជ្ជមាន​ទាំង​​នេះ​​បាន​មក​ពី​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ដូច​ជា ស្ថិរភាព​នយោ​បាយ​ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ប្រព័ន្ធ​ច្បាប់​វិនិយោគ​មាន​តម្លា​ភាព​ និង​ការ​លើក​ទឹក​ចិត្ត​ ជា​ពិសេស​គឺ​ភាព​អនុ​គ្រោះ​ពាណិជ្ជ​កម្ម​។ លោក​បន្ត​ថា ភាព​រីក​ចម្រើន​ទាំង​នេះ​បាន​នឹង​កំពុង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​ និង​បង្កើត​ការងារ​ផង​ដែរ​។

បន្ថែម​ពី​លើ​នេះ ចម​ ប្រសិទ្ធ ក៏​បាន​លើក​ឡើង​ដែរ​ថា៖​«​អ្វី​ដែល​ខ្ញុំ​ចង់​រំលឹក គឺ​សមាគម​រោងចក្រ​ទាំង​អស់​ត្រូវ​តែ​បង្កើន​កា​រ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចូល​រួម​ក្នុង​កម្ម​វិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅក​ម្ពុជា​(BFC) របស់​អង្គការ​ ILO ព្រោះ​ជា​កម្មវិធី​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​ខ្ញុំ​ផ្ទាល់​តាំង​ពី​ឆ្នាំ​១៩៩៨​ គឺ​សម្រាប់​ការ​កែលំអរ​ស្ថាន​ភាព​ការងារ​នៅ​កម្ពុជា​ និង​គោរព​សិទ្ធិ​កម្មករ​ ដែល​មាន​ទស្សន​:វិស័យ​វែង​ឆ្ងាយ​ទៅ​មុខ​សម្រាប់​កេរ្តិ៍​ឈ្មោះ​ និង​អនាគត​ក្នុង​វិស័យ​វាយនភណ្ឌ​នៅ​កម្ពុជា​សម្រាប់​ទាញ​ទំនុក​ចិត្ត​ពី​អ្នក​បញ្ជា​ទិញ។ រោងចក្រ​នីមួយៗ​ត្រូវ​ចាត់​ទុក​កម្ម​វិធី​នេះ​ ជា​ទុន​ខ្លួន​ឯង​ និង​ជា​ចំណុច​សំខាន់​សម្រាប់​ការងារ​ទីផ្សារ​របស់​ខ្លួន​»។

យោង​តាមលោក ឃុនថៃ ស្បែក​ជើង​ផលិត​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​យីយោល្បីៗ​ដំដាប់​អន្តរ​ជាតិ​ជា​ច្រើន​ដូច​ជា Adidas, Timberland, និង Clarks ជា​ដើម​៕

 

ធនាគារអភិវឌ្ឍន៍អាស៊ី​ ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងហក់ឡើងក្នុងឆ្នាំ២០២២​ និង២០២៣  

ភ្នំពេញ ៖សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករ​ថានឹងកើនឡើង​៥,៣% នៅឆ្នាំ២០២២និង៦,៥% នៅឆ្នាំ​២០២៣​ដោយសារកំណើននៃការនាំចេញទំនិញនិង​លំហូរ​វិនិយោគផ្ទាល់ពី​បរទេស។នេះបើយោង​តាម​របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ចេញផ្សាយនៅថ្ងៃនេះ។

នាយកស្តីទីប្រចាំប្រទេសកម្ពុជារបស់ADB លោក​ Anthony Gillបានមានប្រសាសន៍ថា​ “កំណើនសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជាបានងើបឡើងវិញដល់ប្រមាណ៣,0% ក្នុងឆ្នាំ២០២១បន្ទាប់ពីបានធ្លាក់ចុះ៣,១% ក្នុងឆ្នាំ២០២០។រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា​ ដើម្បីកាត់បន្ថយផលប៉ះពាល់​អវិជ្ជមាន​នៃកូវីដ១៩មកលើអាជីវកម្មនិងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនិងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ១៩បានអនុញ្ញាតឱ្យកម្ពុជាបើក​ព្រំដែន​របស់ខ្លួន​ឡើងវិញសម្រាប់ពាណិជ្ជកម្មនិង​ទេសចរណ៍​ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាននៃកំណើន​សេដ្ឋកិច្ច​​សម្រាប់​ឆ្នាំនេះនិងឆ្នាំ២០២៣”។

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ផលិតកម្មឧស្សាហកម្ម​ត្រូវ​បាន​រំពឹងថានឹងកើនឡើង៨,១% នៅឆ្នាំ២០២២និង៩,១% ក្នុងឆ្នាំ២០២៣។កំណើននេះក៏នឹង​ត្រូវបានជំរុញ​ដោយការអនុវត្ត​ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើងនិងកាបូបដែលមាន​គោលបំណង​បង្កើន​ការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។

ការនាំចេញទំនិញនិងសេវាកម្មត្រូវបានព្យាករថានឹងកើនឡើងនៅឆ្នាំ២០២២និង២០២៣ដោយ​សារ​កំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជាព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍។វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត៤,៨% នៅឆ្នាំនេះនិង​ កើនដល់​៦,៨% ក្នុងឆ្នាំ២០២៣។ការបើកសេដ្ឋកិច្ចឡើងវិញនិងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំងនឹង​កូវីដ១៩នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗ​ នៃវិស័យទេសចរណ៍ដែលនឹងជួយគាំទ្រតម្រូវការ​នៃកន្លែង​ស្នាក់នៅម្ហូបអាហារការដឹកជញ្ជូននិងសេវាកម្មផ្ទាល់ផ្សេងទៀត។

របាយការណ៍នេះអំពាវនាវឱ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដើម្បីជំរុញកំណើនប្រកប​ដោយ​​​ចីរភាព។លោក Anthony Gill បានមានប្រសាសន៍ថា “ការបង្កើនពាណិជ្ជកម្មនិងទេសចរណ៍តែ​មួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិតនិងការនាំចេញសម្លៀកបំពាក់ទំនិញធ្វើដំណើរនិងស្បែកជើងអាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មនៃឧស្សាហកម្មធុនស្រាលដូចជាកង់គ្រឿងបន្លាស់អេឡិចត្រូនិចនិងផលិតផលខ្សែភ្លើងជាដើម។ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក”។

បច្ចុប្បន្ន ADB កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ចំនួន២,៣ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា។សម្រាប់ឆ្នាំ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចីនិងជំនួយឥតសំណងចំនួន៣២៧,១លានដុល្លារហើយ​បានកៀគរថវិកា​បន្ថែមចំនួន៥លានដុល្លារតាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ថវិការបស់ ADB ដែល​ត្រៀម​សម្រាប់កម្ពុជាក្នុងឆ្នាំ២០២២-២០២៥រួមមានកម្ចីសម្បទានចំនួន១,៤៤ពាន់លានដុល្លារ​និងជំនួយ​ឥតសំណងចំនួន៣៧លានដុល្លារដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។

កម្ពុជា-ចក្រភពអង់គ្លេសប្តេជ្ញាជំរុញការធ្វើពាណិជ្ជកម្ម

 

ភំ្នពេញ៖ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក Jon Lambe ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំអាស៊ាន និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូត​ចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសហការី ក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងសហប្រតិបត្តិការក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកឯកអគ្គរាជទូត និង​សហការី ក្នុងឱកាសដែលឯកឧត្តមនិងសហការី អញ្ជើញធ្វើទស្សនកិច្ចមកកាន់កម្ពុជា ក្នុងគោលបំណង​ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី-តំបន់ ជាពិសេសផ្តោតលើការជំរុញ​កិច្ចសហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស សម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះ​ពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមមានកម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអង់គ្លេស ចំពោះការ​ផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺរាត​ត្បាតសកលនេះ និងឈានដល់ការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចទាំងអស់។

លោករដ្ឋមន្ត្រី បង្ហាញជំនឿយ៉ាងមុតមាំថា ការឈានទៅរកប្រក្រតីភាពថ្មី គួបផ្សំជាមួយនឹងសមិទ្ធផល​ចម្បងៗ​ក្នុងវិស័យពាណិជ្ជកម្មដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មសម្រេចបានថ្មីៗនេះ នឹងក្លាយជា​កាតាលីករថ្មី ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងវិញយ៉ាងឆាប់រហ័ស ហើយភាគីទាំងពីរនឹងបន្ត​ពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត សំដៅសម្រេចបាននូវកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរនាពេលអនាគត។

ពាក់ព័ន្ធនឹងភាពជាប្រធានអាស៊ានរបស់កម្ពុជាវិញ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីការគាំទ្រយ៉ាងពេញទំហឹង​របស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចំពោះសមិទ្ធិផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមសសរស្តម្ភសហគមន៍​សេដ្ឋកិច្ចអាស៊ាន ដែលកម្ពុជាបានដាក់ចេញ។ ក្នុងនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា​ស្វាគមន៍​ចំពោះការគាំទ្រពីចក្រភពអង់គ្លេសដែលជាប្រទេសដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន ដើម្បីអាចចូលរួម​ជាមួយកម្ពុជា ក្នុងការអនុវត្តសមិទ្ធិផលអាទិភាពសេដ្ឋកិច្ចទាំងអស់ឱ្យបានជោគជ័យជាផ្លែផ្កា ជាពិសេសក្នុង​ក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពភាពរវាងអាស៊ាននិងដៃគូសន្ទនា នានារួមមានចក្រភពអង់គ្លេស លើវិស័យកិច្ចសហប្រតិបត្តិការ ដូចជាការធ្វើពាណិជ្ជកម្មឌីជីថល ការជំរុញសហគ្រិនភាពជាស្ត្រី ការចូលរួម​របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការជំរុញលើការធ្វើកសិកម្មប្រកបដោយចីរភាព ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យសេវាកម្មពាក់ព័ន្ធដទៃទៀត ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណនិងកោតសរសើរលោករដ្ឋមន្រ្ដី ចំពោះវឌ្ឍនភាព​រីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញទំនាក់​ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជាក្នុង​នាម​ជាប្រធានអាស៊ាន ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់ចក្រភពអង់គ្លេស ក្នុងការសហការជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បីអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច​ដែលកម្ពុជាបានដាក់ចេញ ប្រកបដោយជោគជ័យ និងកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ៕

 

ធនាគារអេស៊ីលីដាបើកការិយាល័យថ្មីនៅស្រុកឪរ៉ាល់ ដើម្បីនាំសេវាកម្មធនាគារឲ្យ​ដល់ទីកន្លែង​នៅតំបន់ឪរ៉ាល់ទាំងមូល

 

 កំពង់ស្ពឺ៖ ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនប្រើប្រាស់សេវាកម្មធនាគារឲ្យកាន់តែមានភាពងាយស្រួល ក៏ដូច​ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនក្នុងការបម្រើសេវាកម្មធនាគារឲ្យកាន់តែកៀកអតិថិជនក្នុងតំបន់រស់នៅ  ធនាគារ អេស៊ីលីដា បានស្រេចបើកសាខាការិយាល័យថ្មីមួយទៀត ដែលការិយាល័យមនេះស្ថិត​នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនេះគឺជាសាខាធនាគារ អេស៊ីលីដា ទី២៦៣  ហើយដែលបើកបម្រើ​សេវាកម្មធនាគារ​គ្រប់ប្រភេទជូនអតិថិជន ។

ធនាគារ អេស៊ីលីដា តែងគិតពីការបម្រើសេវាកម្មជូនអតិថិជនឲ្យមានភាពងាយស្រួល ដោយធ្វើការពង្រីក​វិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលាយ នៅកៀកនឹងអតិថិជន ងាយស្រួលក្នុងការធ្វើ ប្រតិបត្តិការ​សេវាធនាគារ គ្រប់ពេលវេលា និប្រកបដោយ សុវត្ថិភាពខ្ពស់។ សម្រាប់ទីតាំងការិយាល័យ​ថ្មីនេះគឺមាន​អាសយដ្ឋានសាខាស្រុកឱរ៉ាល់-ឃុំសង្កែសាទប: ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រៅពីការិយាល័យនៅជិតផ្ទះពួកគាត់ ធនាគារ អេស៊ីលីដា ក៏មានអេស៊ីលីដាម៉ូបាល ដែលជាអេបមួយ​ងាយស្រួលប្រើប្រាស់ដូចជា ផ្ទេរប្រាក់ បង់ថ្លៃទឹកភ្លើង បញ្ជូលទឹកប្រាក់ក្នុងទូរសព្ទ័ដៃ និងធ្វើការទូទាត់​ចំណាយផ្សេងៗទៀត ដោយមិនចាំបាច់ចេញពីផ្ទះ បានយ៉ាងងាយស្រួលផងដែរ ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank

រដ្ឋអំពាវនាវ​ឱ្យ​អ្នក​នៅក្នុង​វិស័យ​ផលិតកម្ម​មៀនដាក់​ពាក្យ​ស្នើ​សុំ​​​ដើម្បី​​អាច​​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន

ភ្នំពេញៈ ក្រសួង​កសិកម្ម​ បាន​អំពាវនាវ​ឱ្យ​អ្នក​នៅក្នុង​វិស័យ​ផលិតកម្ម​មៀន និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ រួសរាន់​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​អាច​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន ក្រោយ​ពិធី​សារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​បាន​ចូល​ជា​ធរមាន។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៥ ខែ​មីនា បាន​ឱ្យ​ដឹង​ថា ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​ប្រទេស​ចិន ត្រូវ​បាន​ចូល​ជា​ធរមាន កាល​ពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០២២ កន្លង​ទៅ​ថ្មីៗ​នេះ។ ហេតុ​ដូច​នេះ ទើប​ក្រសួង អំពាវនាវ​ដល់​ម្ចាស់​ចម្ការ មៀន​ប៉ៃលិន សហគមន៍​កសិកម្ម​មៀ​ន​ប៉ៃលិន និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​រួសរាន់​មក​ដាក់​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ចម្ការ និង​រោង​ចក្រ​វេច​ខ្ចប់​ឱ្យ​បាន​ឆាប់​រហ័ស​នៅ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ស្តីពី «លក្ខខណ្ឌ​គុណ​ភាព​ឆ្លើយ​តប និង​ការ​នាំ​ចេញ​កសិផល ទាក់​ទង​នឹង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​ចិន» កាលពី​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២២​ នេះ ធ្លាប់​បាន​លើក​ឡើង​ថា ការ​ចរចា​ជាមួយ​ភាគី​ចិន មាន​ចំនួន ៧​ដំណាក់​កាល ដោយ​បច្ចុប្បន្ន បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ទី៦ ហើយ ។ដូច​នេះ នៅសល់​មួយ​ដំណាក់​កាល​ទៀត កម្ពុជា​អាច​នាំចេញ​មៀន​ប៉ៃលិន​ទៅ​ចិន​បាន​ហើយ។

លោក​បាន​បញ្ជាក់​ថា ក្រសួង​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពិនិត្យ​ឡើង​វិញ ចំពោះ​ចម្ការ​មៀន រោងចក្រ​វេច​ខ្ចប់ និង​សម្លាប់​សមាសធាតុ​ចង្រៃ ដែល​បាន​ដាក់​ស្នើសុំ​ទៅ​ភាគី​ចិន ដើម្បីឱ្យ​អនុវត្ត​ទៅតាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ពិធី​សារ ទើប​អាច​នាំចេញ​ទៅបាន។

បើតាម​ក្រសួងកសិកម្ម បច្ចុប្បន្ន​ការដាំ​មៀន​ប៉ៃលិន​កំពុង​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ដោយ​មាន​ផ្ទៃដី​ដាំ​ជាង ១៣ ៦០៨ ហិកតា​នៅ​ទូទាំង​ប្រទេស ហើយ​ភាគ​ច្រើន​ដាំ​នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ។ មៀន​ប៉ៃលិន​នេះ​ផ្តល់​ផល​ជា​មធ្យម​ពី ៧-៣០ តោន​ក្នុង ១ ហិកតា​អាស្រ័យ​លើ​ការថែទាំ។កន្លង​ទៅ ផ្លែ​មៀន​របស់​កម្ពុជា ត្រូវបាន​នាំចេញ​ទៅ​ចិន​បាន តាម​រយៈ ក្រុមហ៊ុន​របស់​ប្រទេស​ថៃ​តែប៉ុណ្ណោះ ដោយសា​រតែ​បញ្ហា​លក្ខខណ្ឌ​ភូតគាម​អនាម័យ ធ្វើ​ឱ្យ​កម្ពុជា មិន​អាច​នាំ​ចេញ​មៀន​ទៅ​ចិន​ដោយផ្ទាល់​បាន៕

 

ធនាគារ អេស៊ីលីដា ចាប់ដៃគ្នាជាមួយធនាគារ​អភិវឌ្ឍន៍ជនបទនិងកសិកម្មគំាទ្រ ដល់ការពង្រីកការដំាដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិត​ផលកសិកម្ម

 

ភ្នំពេញៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី(អេស៊ីលីដា) ចុះហត្ថលេខាលើអនុស្សរណៈ (MoU) ជាមួយធនាគារ​អភិវឌ្ឍន៍ជនបទនិងកសិកម្ម(ធ.អ.ជ.ក.)ស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងផ្តល់ឥណទានគំាទ្រ ដល់ការពង្រីកការដំាដុះបន្លែ-ផ្លែឈើការចិញ្ចឹមសត្វវារីវប្បកម្ម និងការកែច្នៃផលិត​ផលកសិកម្មព្រមទំាងឥណទាន​គំាទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិនស្វាយ និងស្វាយចន្ទី។

ពិធីចុះ MoU នេះត្រូវបានធ្វើឡើងរវាងលោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា និង​លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ​និងបណ្ឌិត អ៊ិន ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពី ថ្ងៃទី២៩ខែមីនា ឆ្នាំ២០២២។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា នេះជាមោទនភាពបំផុតដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែកក្នុងការគាំទ្រ​គោលនយោបាយ​របស់រាជ-រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងវិស័យកសិកម្ម តាមរយៈការជំរុញឱ្យមានស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់​ក្នុងទីផ្សារសម្រាប់គំាទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។

 

អនុស្សរណៈនៃការយោគយល់គ្នានេះមានចក្ខុវិស័យរួមក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្តល់​ឥណទាន​​រួមគ្នាលើវិស័យសំខាន់ៗចំនួន ០៦ រួមមាន ការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ-ផ្លែឈើនិងការកែច្នៃ​ផលិតផលកសិកម្ម​ព្រមទំាងឥណទានគំាទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យ​មៀនប៉ៃលិនស្វាយ និងស្វាយចន្ទី ក្រោមប្រភពទុនរួមគ្នា (៥០%-៥០%) រវាងធ.អ.ជ.ក.និង អេស៊ីលីដាដោយស្ថិតលើមូលដ្ឋាន “មកមុនផ្តល់ជូនមុន” ឬ First Come, First Served។ ការពង្រីកឥណទានលើវិស័យទាំង០៦ ខាងលើនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនផលិតកម្មក្នុងស្រុក ការបង្កើតការងារ និងផលចំណូលជូនប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ។

លោក កៅ ថាច បានមានប្រសាសន៍ថាថ្ងៃនេះជាសក្ខីភាពនៃការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស​របស់រាជរដ្ឋាភិបាលដំណាក់កាលទី២ ដែល ធ.អ.ជ.ក.និងធនាគារ អេស៊ីលីដា ភីអិលស៊ីបានសហការគ្នា​អនុវត្តយន្តការសហហិរិញ្ញប្បទានចែករំលែកហានិភ័យ សំដៅផ្តល់ឥណទានគំាទ្រដល់វិស័យកសិកម្ម។​​​​

លោកបានមានប្រសាសន៍ថា៖«យន្តការនេះជាការដាក់មូលនិធិជាកញ្ចប់រួមក្នុងគោលបំណងពង្រីកវិសាលភាពនិងទំហំឥណទានដែលបង្ហាញពីការរួមចំណែកពីធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមលើហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដែលមានក្នុងកម្មវិធីនេះហើយក៏ជាយន្តការថ្មីដែលវិស័យឯកជនបានរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីពិសេសនេះ»។

លោកបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចជាតិប្រឈម​នឹងវិបត្តិជំងឺកូវីដ-១៩ និងស្ថិត​ក្នុង​ដំណាក់​កាល​ស្តារសេដ្ឋកិច្ច ធ.អ.ជ.ក.នៅតែបន្តការគាំទ្រការផ្តល់ឥណទានកសិកម្មយ៉ាង​សកម្មក្នុង​គោលដៅ​រក្សាលំនឹងអាជីវកម្មរបស់ SMEs ក្នុងវិស័យកសិកម្ម តាមរយៈប្រភពទុននៃកម្ម​វិធីហិរញ្ញប្បទាន​ពិសេសរបស់រាជរដ្ឋាភិបាល​ ដំណាក់កាលទី១ គាំទ្រដល់ការដាំបន្លែ-ផ្លែឈើ  ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម។ ដើម្បីបន្តជួយគំាទ្រផ្តល់ឥណទានកសិកម្មក្នុងអត្រាការប្រាក់សម្បទានដល់​សហគ្រាសធុនតូច​និងមធ្យមក្នុងវិស័យកសិកម្ម​។

កាលពីថ្ងៃ ទី១៤ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក​ ដំណាក់កាលទី២ដល់ ធ.អ.ជ.កសម្រាប់ប្រើប្រាស់លើការផ្តល់ហិរញ្ញប្បទានផ្ទាល់ (Direct Lending) និងសម្រាប់កម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យជាមួយគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ​សំដៅ​គំាទ្រដល់ការដាំដុះបន្លែ-ផ្លែឈើការចិញ្ចឹមសត្វវារីវប្បកម្មនិងការកែច្នៃផលិតផលកសិកម្មព្រមទំាង​ឥណទានគំាទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិនស្វាយនិងស្វាយចន្ទី៕

 

ពន្ធដារអំពាវនាវដល់អ្នកជាប់ពន្ធអនិវាសនជនត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ(GDT) បានចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកអំពី កាតព្វកិច្ច ចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញា របស់អ្នកជាប់ពន្ធអនិវាសនជន។

សេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ផ្អែកតាមសេចក្តីជូនដំណឹងលេខ ៧៧៦ អពដ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារបានធ្វើការពន្យារពេលកាលបរិច្ឆេទដាក់ឲ្យ​អនុវត្តប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីវិធាន និងនីតិវិធីនៃ​ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានសហគ្រាសដែលជាអ្នកជាប់ពន្ធអនិវាសនជនមួយ​ចំនួនបានមកបំពេញកាតព្វកិច្ច ចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) រួចរាល់ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនទាន់បានមកបំពេញកាតព្វកិច្ចចុះបញ្ជីនៅឡើយ។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា៖«អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការក្រើនរំលឹកដល់អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់​ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិចត្រូនិកចូលមកព្រះរាជាណាចក្រកម្ពុជាទាំងអស់មេត្តារួសរាន់មកធ្វើការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឲ្យបានរួចរាល់ស្រេចបាច់មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២»។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបាន​ដាក់លិខិត ប្រកាសពន្ធ និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនរដ្ឋបាលសារពើពន្ធ ឲ្យបានទាន់ពេលវេលា​ដែលច្បាប់កំណត់ត្រូវរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕

ងាយៗ លោកអ្នកអាចបង្កើតណ្ណនិម្មិត (Virtual Card) ដោយខ្លួនឯង!

ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាកាន់តែវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ធនាគារអេស៊ីលីដាដែលជាប្រជាធនាគារ​ដែល​លោកអ្នកជឿទុកចិត្តបានបន្តបេសកម្មរបស់ខ្លួនក្នុងការធ្វើទំនើបកម្មនូវបច្ចេកវិទ្យាថ្មីថ្មីសំដៅធ្វើយ៉ាង​ណា​ឲ្យ​កាន់តែមានភាពងាយស្រួលប្រើប្រាស់ដល់អតិថិជនរបស់ខ្លួន។

អ្វីដែលកាន់តែពិសេសនោះគឺចាប់ពីពេលនេះទៅ សម្រាប់អតិថិជនរបស់ធនាគារអេស៊ីលីដាដែល​មានបំណង​ចង់បង្កើតប័ណ្ណនិម្មិត គឺអាច​បង្កើត​ដោយខ្លួនឯង ដោយគ្រាន់តែលោកអ្នកទៅកាន់​ម៉ាស៊ីនអេធីអឹមគ្រប់ទីកន្លែង​នៅទូទាំងប្រទេសបាន​ភ្លាមៗនិងមិនចំណាយ​ពេលច្រើននោះឡើយ។

ប័ណ្ណនិម្មិតដែលជាប្រភេទវីសា គឺមានលក្ខណះងាយស្រួលគ្រប់គ្រង ងាយស្រួលទូទាត់ និងសុវត្ថិភាព  ជាពិសេសសម្រាប់អតិថិជនដែលចូលចិត្តទិញទំនិញ-សេវាកម្ម​ផ្សេងៗ​តាម​អនឡាញ នឹងទទួល​បាន​នូវ​អត្ថ​ប្រយោជន៍ជា​ច្រើន ដូចជា អាច​បញ្ជា​ទិញ​ទំនិញ-សេវាកម្ម, ផ្សព្វផ្សាយ (Boost) Facebook ឬបណ្តាញ​សង្គម​​ផ្សេងៗ, កក់​សំបុត្រ​យន្តហោះ ឬ​សណ្ឋាគារ តាម​អនឡាញ; ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​ចំណាយ;កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ ទាក់ទង​នឹង​ការប្រើប្រាស់​សាច់ប្រាក់;ងាយស្រួល និង​សុវត្ថិភាព; និងជាពិសេស​ទៅទៀត​នោះគឺអាចប្រើ​បាន​គ្រប់​ទីកន្លែង ទូទាំង​ពិភពលោក៕

 

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

Phone៖ ០២៣ ៩៩៤ ៤៤៤០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

 

 

កម្ពុជានឹងធ្វើការកែប្រែរូបមន្តថ្លៃលក់រាយប្រេងឥន្ធនៈ

ភ្នំពេញ៖ អន្តរក្រសួង សម្រេច​ចេញប្រកាស​ស្តីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ដើម្បីឱ្យ​ថ្លៃ​ប្រេងឥន្ធនៈ​ឡើង​ចុះ​តាម​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ ដោយ​ឱ្យ​អនុវត្ត​តែ​ទៅលើ​ការ​លក់រាយ​ប្រេងឥន្ធនៈ​ប៉ុណ្ណោះ។

ក្រសួង​ចំនួន៣ រួមមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ,ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានចេញ​ប្រកាស​អន្តរក្រសួង ដែលមាន១២ប្រការ ដោយ​ខ្លឹម​សារសំខាន់​នៃ​ប្រកាស​នេះ គឺ​ការកំណត់​យក​រយៈពេល​ដាក់​តម្លៃ​ប្រេងឥន្ធនៈ​ពី១៥ថ្ងៃ មក​ត្រឹម១០ថ្ងៃ​វិញ ។នៅក្នុង​នោះដែរ​នៅ​ប្រការ៤នៃ​ប្រកាស​នេះ បាន​បញ្ជាក់ថា នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ឯន​ជន នៃ​ក្រសួងពាណិជ្ជកម្ម ត្រូវ​គណនា​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា និង​ចេញថ្លៃ​លក់រាយ​ជូន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅ​រៀងរាល់​ថ្ងៃទី០១ ,ទី១១ និង​ទី២១ នៃ​ខែនីមួយ។

យោងតាម​ប្រកាស​អន្តរក្រសួង​ថ្មី​នេះ ក្រសួងពាណិជ្ជកម្ម អាច​ចេញ​សេចក្តីជូនដំណឹងភ្លាមៗ ដោយ​កំណត់ឱ្យ​ចេញថ្លៃ​លក់រាយ​ជូន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ក្នុង​រយៈពេល១០ថ្ងៃ ឬ១៥ថ្ងៃ ម្តង តាម​ការចាំបាច់​ដើម្បី​ឱ្យមាន​សមាមាត្រ​គ្នា​រវាង​តម្លៃ​ប្រេងឥន្ធនៈ​នៅលើ​ទីផ្សារ​អន្តរជាតិ និង​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា ដើម្បី​រក្សា​ស្ថិរភាព​ផ្គត់ផ្គង់​ប្រេង​នៅ​កម្ពុជា។

នៅក្នុង​ប្រកាស​អន្តរក្រសួង​ថ្មី​នេះ បានបញ្ជាក់​ទៀតថា គ្រប់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាំងអស់ ត្រូវមាន​យ៉ាងតិច​នូវ​ផលិតផល​ប្រេងសាំង​ធម្មតា​និង​ប្រេងម៉ាស៊ូត សម្រាប់​លក់​ជាប្រចាំ ហើយ​មិន​អនុញ្ញាតឱ្យ​លក់​ប្រេង​ស៊ុប​ពែរ​តែមួយ​មុខ​នោះទេ ។ក្នុងករណី​ល្មើ​សនឹង​ប្រកាស​នេះ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់ ៤លាន​រៀល ហើយ​បើ​នៅ​បន្ត​ប្រព្រឹត្តល្មើស ក្រសួង​នឹង​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​បណ្តោះអាសន្ន៕

 

កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧

ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ«យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧» ក្នុង​គោលបំណង ក្នុងការ​កំណត់​ទិសដៅ​អភិវឌ្ឍន៍​រួម បង្កើត​ឯករាជ្យ​ភាព ពង្រឹង​ភាព​ប៉ាន់ប្រមាណ​បាន​និង​ពង្រឹង​ស្ថិរភាព​នៃ​វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​នៅ​កម្ពុជា​ដើម្បី​បន្ត​ការលើក​កម្ពស់​​អភិវឌ្ឍន៍​វិស័យនេះ​ប្រកបដោយ​ចីរភាព​បរិ​យាប​ន្ន។

នៅក្នុង​ពិធី​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ «យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧» លោក ផាន់ ផល្លា រដ្ឋ​លេខ​ធិ​ការ​នៃ​ក្រសួង​សេដ្ឋកិច្ច បាន​លើក​ថា ចក្ខុវិស័យ​ធំ​សម្រាប់​ការរៀបចំ​យុទ្ធសាស្ត្រ​នេះ គឺ ដើម្បី​អភិវឌ្ឍន៍​វិស័យ​យ​កាត់ដេរ ផលិត ស្បែកជើង និង​កាបូប​នៅ​កម្ពុជា ឱ្យទៅជា​ឧស្សាហកម្ម​មួយ ដែលមាន​ចីរភាព​បរិស្ថាន មាន​ភាព​ធន់ មានតម្លៃ​បន្ថែម​ខ្ពស់ ផ្តោតលើ​ផលិតផល​ថ្លៃ​ខ្ពស់ មាន​លក្ខណៈពិសេស និង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​ជា​មូលដ្ឋាន​គាំទ្រ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅ​កម្ពុជា នៅមុន​ដំណាច់ឆ្នាំ២០២។

លោក​បាន​បន្ថែមថា ក្រសួង​សេដ្ឋកិច្ច នឹង​ដាក់ចេញ​វិធានការ​ជា​យុទ្ធសាស្ត្រ​ចំនួន៥ ដើម្បី​សម្រេច​ចក្ខុវិស័យ​និង​បាន​គោលបំណង​ទាំងនេះ​រួមមាន ទី១បន្ត​ពង្រឹង​ធនធានមនុស្ស ដើម្បី​បង្កើន​ផលិតភាព​និង​បង្កើត​គន្លង​អាជីព​សម្រាប់​កម្មករ ទី២ បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​សុខុមាលភាព​របស់​កម្ម​ករ ទី៣ លើកកម្ពស់​ការវិនិយោគ​ក្នុងស្រុក និង​បរទេស​ដែលមាន​តម្លៃបន្ថែម​ខ្ពស់  និង​ផ្តោតលើ​ផលិតផល​ថ្លៃ​ខ្ពស់ មាន​លក្ខណៈពិសេស ទី៤ ទាក់ទាញ​ការវិនិយោគ​នៅក្នុង​ឧស្សាហ​កម្មត​ភ្ជាប់ និង​ទី៥ ជម្រុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ការនាំចេញ​ផលិតផល​កាត់ដេរ ស្បែកជើង និង​កាបូប។

លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា នេះ​ជា​យុទ្ធសាស្ត្រ​ដំបូង សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នេះ ​ឱ្យឆ្ពោះ​ទៅរក​ភាព​រីកចំរើន​នាពេល​បច្ចុប្បន្ន ​និង​អនាគត។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា៖«ក្នុងរយៈ​ពេលមធ្យម​ និងវែង ​វិស័យកាត់ដេរ ​នឹងនៅតែ​បន្តជាជន្ទល់​សេដ្ឋកិច្ច ប្រកប​ដោយសក្តា​នុពល​តាមរយៈ​ការពង្រីក​ និងពង្រឹង​មូលដ្ឋាន​ឧស្សាហកម្ម​ក្នុងស្រុក​សម្រាប់​ការនាំចេញ និងការ​ចូលរួម​តភ្ជាប់​សេដ្ឋកិច្ច​ទៅនឹង​ខ្សែច្រវ៉ាក់​តម្លៃ​តំបន់ ​និងសកល ​ដោយឈរ​លើកត្តា​ឧត្តមភាព ​ប្រកួតប្រជែង»៕