ក្រសួងបរិស្ថាន និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ចុះ​អនុស្សរណៈ​យោគយល់​ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា នៃ​ធរ​នាគារ​ជាតិ​នៃ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​ចុះ​អនុស្សរណៈ​យោគយល់​ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ក្រោម​អ​ធិ​តប​តី​ភាព​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​នៃ​ធរ​នាគារ​ជាតិ​នៃ​កម្ពុជា នា​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។​
​លោកស្រី សាយ សំអាត ប្រធាន​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា នៃ​ធរ​នាគារ​ជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុង​បរិយាកាស​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំងពីរ ក្នុង​កិច្ចដំណើរការ​ផ្លាស់ប្តូរ​ព័ត៌មាន និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងស្រុក សំដៅ​ធានា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ លោកជំទាវ​បានឱ្យដឹង​ទៀតថា ការចុះ​អនុស្សរណៈ​យោគយល់​នៅថ្ងៃនេះ មិន​ត្រឹមតែ​ជាការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំងពីរ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជាការ​ចាប់ផ្តើម​នូវ​កិច្ចសហការ​រួមគ្នា និង​ប្រកបដោយ​ការទទួលខុសត្រូវ​រួម​ក្នុងការ​ប្រឆាំង​ទប់ស្កាត់​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ក្នុង​វិស័យ​បរិស្ថាន​ផងដែរ​។ នេះ​គឺជា​សក្ខីភាព​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងស្រុក ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ក្នុងការ​ស្វែងរក ទប់ស្កាត់ ការពារ និង​បង្ក្រាប​រាល់​ការលាង​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​
​ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​លើកឡើងថា អនុស្សរណៈ​ដែល​ស្ថាប័ន​ទាំងពីរ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ គឺ​ក្នុង​គោលបំណង​រួម ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក ពាក់ព័ន្ធ​ទៅនឹង​ទិន្នន័យ​នៃ​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ក្នុង​វិស័យ​បរិស្ថាន​។ ការចុះ​អនុស្សរណៈ​យោគយល់​រវាង​ស្ថាប័ន​ទាំងពីរ​នេះ ក៏បាន​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ចម្បងៗ គឺ​ដើម្បី​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នៅ​ប្រទេស​កម្ពុជា និង​ជា​យន្តការ​រួមមួយ​នៅក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ទប់ស្កាត់ បង្ក្រាប​រាល់​បទល្មើស​ឧក្រិដ្ឋ​ខុសច្បាប់​ទាំងឡាយ ដែលជា​ការគំរាមកំហែង​ដល់​សន្តិសុខ សុវត្ថិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ តំបន់ និង​សកលលោក​។
​លោក នេត្រ ភក្ត្រា បញ្ជាក់​ឱ្យដឹងទៀតថា អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ក៏បាន​រៀបចំឡើង​ដើម្បី​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​នៅក្នុង​ការវិភាគ តាមដាន ត្រួតពិនិត្យ​រាល់​សកម្មភាព​របស់​ភេរ​វករ​ក្នុងការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ដាក់ចេញ​នូវ​យន្តការ​ទប់ស្កាត់ និង​បង្ក្រាប​ទាន់ពេល និង​មាន​ប្រសិទ្ធភាព ប្រយោជន៍​ដើម្បី​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព សន្តិសុខ​ហិរញ្ញវត្ថុ បរិយាកាស​នៃ​ការវិនិយោគ ការផ្តល់​នូវ​យុត្តិធម៌ សមធម៌ និង​តម្លាភាព​ដល់​វិនិយោគិន ឆ្លើយតប​ទៅនឹង​គោលនយោបាយ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។
​គួរឱ្យ​ដឹងថា ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម រវាង​ក្រសួងបរិស្ថាន និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក ជ្រិ​ន សុខា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួងបរិស្ថាន និង​លោកស្រី សាយ សំអាត ប្រធាន​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា នៃ​ធរ​នាគារ​ជាតិ​នៃ​កម្ពុជា​៕

ការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជាទៅអាមេរិកនៅបន្តមានកំណើនខ្ពស់

ភ្នំពេញ៖ កម្ពុជា​បាន​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ចំនួន៣០ភាគរយ ក្នុងចំណោម​បរិមាណ​នាំចេញ​សរុប​ដែលមាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង ១១,៣លាន​ដុល្លារ ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ២០២។

នៅក្នុង​ការពិភាក្សា​ការងារ អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី៧ ខែមីនា លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អះអាងថា ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក មាន​ចំនួន​រហូតដល់៣០ភាគរយ ដោយ​លោក​បាន​ចាត់ទុកថា នេះ​ជា​ចំនួន​ដ៏​ច្រើន​មួយ​បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ដទៃ​ផ្សេងទៀត បើទោះជា​ពិភពលោក​កំពុង​ប្រឈម​ទៅនឹង​វិបត្តិ​កូ​វីដ-១៩ក្តី។

លោក Patrick Murphy បានបញ្ជាក់​បន្ថែមថា៖«កំណើន​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ក៏​ជាការ​សបញ្ជាក់​ពី​ការ​សហការគ្នា​យ៉ាង​ល្អ​រវាង​កម្ពុជា-សហរដ្ឋអាមេរិក បើទោះបី​មាន​កិច្ចការងារ​មួយចំនួន​ខ្លះទៀត ដែលជា​បញ្ហា​ប្រឈម ត្រូវការ​ពេលវេលា​ដើម្បី​ជជែក​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ជាមួយគ្នា​បន្តទៀត»។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា-សហរដ្ឋអាមេរិក មាន​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ភាពជា​ដៃគូរ​ដែលនាំឱ្យ​មានការ​វិវត្តន៍​រីកចំរើន និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ដែលជា​កង្វល់​របស់​ភាគី​ពាក់ព័ន្ធ ដោយ​ឈរលើ​ស្មារតី​រួមគ្នា​ក្នុងការ​លើកកម្ពស់​សិទ្ធ​ការងារ សេរីភាព​អង្គការ​វិជ្ជាជីវៈ លក្ខខណ្ឌ​ការងារ អនុលោម​តាមច្បាប់​ស្តីពី​ការងារ និង​បទដ្ឋាន​ការងារ​អន្តរជាតិ។

លោក​បាន​បន្ថែមថា ក្រសួង​នឹង​បន្ត​ជម្រុញ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ផ្នែក​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ចូល​ជា​សមាជិក​នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដើម្បី​ទទួលបាន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ហើយ​ក្រសួង​នឹង​រៀបចំ​ឱ្យមាន​ជា​អធិការកិច្ច​រួមគ្នា​រវាង​អធិការកិច្ច​ការងារ និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា។

ទិន្នន័យ​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា(GMAC) បាន​បង្ហាញថា ក្នុង​រយៈពេល១២ខែ ចាប់ពី​ខែមករា ដល់​ធ្នូ ឆ្នាំ២០២១ ការនាំចេញ​ផលិតផល​កាត់ដេរ​មាន​ចំនួន ១១,៣៨៩.៦លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ១,៥០៥លាន​ដុល្លារ​អាមេរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះ​សម្លៀកបំពាក់​មាន​ចំនួន ៨,០១៧លាន ស្បែកជើង ១,៣៩០លាន និង​ផលិតផល​ធ្វើដំណើរ ១,៤៩០លាន ក្រៅពីនេះ​គឺ​ផលិតផល​វាយនភ័ណ្ឌផ្សេងៗទៀត៕

 

ក្រសួងពាណិជ្ជកម្មនឹងដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មកំពុង​តែរៀបចំ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការប្រើប្រាស់​ប្រព័ន្ធអេឡិចត្រូនិកជំនួសវិញ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងភាពងាយស្រួលក្នុងការគ្រប់គ្រង​មន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នាឱកាសដែលលោក ចូលរួម​ជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “ការដាក់ឱ្យប្រើប្រាស់ MOC Web Portal និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស​របស់ក្រសួងពាណិជ្ជកម្ម” ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកបានថ្លែងបន្តថា ក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យឌីជីថល ជាក់ស្ដែងក្រសួង​បានដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននូវមជ្ឈមណ្ឌលទិន្ន័យថ្មី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដើម្បីធានាឱ្យបាននូវការប្រើប្រាស់ប្រពន្ធ័ស្វ័យប្រវត្តកម្ម (Online Service) របស់ក្រសួងពាណិជ្ជកម្ម​កាន់តែ​មានប្រសិទ្ធភាព និងសុវត្ថភាពខ្ពស់ ដែលប្រព័ន្ធទាំងនេះកំពុង​មានការប្រើប្រាស់យ៉ាងទូលំទូលាយពីអ្នក​ទទួលសេវា។ ប្រព័ន្ធស្វ័យប្រវត្តកម្មទាំងនេះ រួមមាន៖ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធចេញវិញ្ញាបន​បត្រប្រភព​ដើមទំនិញ ប្រព័ន្ធចុះបញ្ជីម៉ាក និងប្រព័ន្ធប្រតិបត្តិការដែលមានកិច្ចធានា ជាដើម។

លោករដ្ឋមន្រ្តីថ្លែងបញ្ជាក់ថា៖ បន្ថែមពីលើប្រពន្ធ័ស្វ័យប្រវត្តកម្មទាំងនេះ ក្រសួងពាណិជ្ជកម្ម បានឈានមួយ​ជំហានទៀតក្នុងវិស័យឌីជីថល ដោយនឹងរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញមួយចំនួនទៀត រួមមាន៖ ប្រព័ន្ធ​គ្រប់គ្រងធនធានមនុស្សរបស់ក្រសួងពាណិជ្ជកម្ម (MOC HR System – Vitual Office) ផ្សារក្រសួងពាណិជ្ជកម្ម (Phsar MOC) និងការប្រើប្រាស់ Power BI (Business Intelligence) ដើម្បីវិភាគទៅលើការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាដើម។ ប្រព័ន្ធអនឡាញថ្មីទាំងនេះ ត្រូវបានគ្រប់គ្រងដោយ MOC Web Portal ដែលត្រូវបានធ្វើការអភិវឌ្ឍន៍ដោយមន្រ្តីបច្ចេកទេសរបស់ក្រសួងផ្ទាល់ និងរក្សាទុកនៅក្នុងមជ្ឈមណ្ឌលទិន្ន័យថ្មីរបស់ក្រសួងពាណិជ្ជកម្មតែម្ដង៕

ធនាគារអេស៊ីលីដានឹងដាក់ឱ្យដំណើការឧបករណ៍ទូទាត់ថ្មីមួយទៀតគឺPayband

ភ្នំពេញ​៖ ដើម្បី​ជាការ​ផ្តល់​ជម្រើស​ដល់​អតិថិជនរ​បស់​ខ្លួន​ក្នុង​ការទូទាត់​កាន់តែ​រហ័ស​និង​ទំនើប  ធនាគារ​អេស៊ីលីដា​បាន​ដាក់ឱ្យ​ដំណើការ​នូវ​សេវាកម្ម​ថ្មី​មួយទៀត​គឺ Payband គឺជា​ឧបករណ៍​ទូទាត់​សាមញ្ញ​រហ័ស​និង​សុវត្ថិភាព​ដូច​ការប្រើប្រាស់​ប័ណ្ណ​ឥណ​ពន្ធ​អេ​ធី​អឹម​Contactless​ដែល​អ្នកប្រើប្រាស់​អាច​ពា​ក់នៅ​លើកដៃ​ហើយ​ធ្វើការ​ទូទាត់​សាច់ប្រាក់ ជាមួយ​ម៉ាស៊ីន​ឆូត​កាត និង​ម៉ាស៊ីន​ផ្សេងៗ​ទៀត​ដែល​នឹងដាក់​ឲ្យ​ដំណើរការ​នាពេលខាងមុខ​។​

PayBand ជា​ឧបករណ៍​សម្រាប់​ទូទាត់​ថ្មី ទំនើប និង​ងាយស្រួល ដោយ​គ្រាន់តែ​ដាក់​ដៃ​ក្បែរ​ម៉ាស៊ីន POS ជាការ​ស្រេច​។ ​ជាមួយ Payband អតិថិជន​អាច​ដក​ប្រាក់​ជាមួយ​ម៉ាស៊ីន​អេ​ធី​អឹម អេស៊ីលីដា​ដែល​បំពាក់​ប្រព័ន្ធ Contactless; ​ងាយស្រួល​ទូទាត់​ចំណាយ​ផ្សេងៗ​តាម​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា​ដែល​បាន​បំពាក់​ប្រព័ន្ធ Contactless; និង​ ​មាន​សុវត្ថិភាព​ខ្ពស់​ជំនួស​ឲ្យ​ការប្រើ​សាច់ប្រាក់​សុទ្ធ​។​

​លោកអ្នក​អាច​ស្នើសុំ​ប្រើប្រាស់ PayBand នេះ នៅតាម​សាខា​របស់​ធនាគារ អេស៊ីលីដា ទូទាំងប្រទេស ដោយ​គ្រាន់​តែមាន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន ឬ​ឯកសារ​អត្តសញ្ញាណ​ផ្សេងៗ​ដែលមាន​សុពលភាព​។​

​សូមបញ្ជាក់ថា PayBand នេះ​នឹងដាក់​ឱ្យប្រើ​ប្រាស់​ក្នុងពេល​ឆាប់ៗ​នេះ និង​ចំនួន​មានកំណត់

Pay Band – 900×445រាល់ចម្ងល់ទាក់ទងនឹងសេចក្តីណែនាំនេះសូមទំនាក់ទំនងមកកាន់ការិយាល័យសេវាធនាគារឌីជីថលតាមរយៈទូរស័ព្ទលេខ៖០១៥៨០០០៨៣, ០១៥​ ៤០០​ ៧២៣, ០១៥៩០០៣៨៣ និង០១៥៤០០៣០៨៕

 

កម្ពុជាបានចំណាយថវិកាជាង២ពាន់លានដុល្លារដើម្បីរក្សាកំណើនសេដ្ឋកិច្ច

 

ភ្នំពេញ៖រដ្ឋាភិបាលបានចាយថវិកាសន្សំរបស់រដ្ឋអស់ជាង ២១២៧ លានដុល្លារចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ដើម្បីគ្រប់គ្រង​ផលប៉ះពាល់​លើវិស័យ​សំខាន់ៗ​​ក្នុងអំឡុងពេល ​និងក្រោយវិបត្តិ​កូវីដ-១៩​។

នៅក្នុងវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២កាល​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច បានលើកឡើងថា ថវិកាជាង ២១២៧ លានដុល្លារ ត្រូវបានដកចេញពីប្រាក់សន្សំជាង៣៥០០លានដុល្លារ ដែលរដ្ឋាភិបាល​កម្ពុជា បានសន្សំទុក ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់។ដោយក្នុងនោះកាលពីឆ្នាំ២០២០ រដ្ឋគ្រោងនឹង​ចាយ​ប្រាក់​សន្សំប្រមាណ១ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ ប៉ុន្តែចំណាយអស់​ត្រឹម២៤៦​​លានដុល្លារប៉ុណ្ណោះ។ តែនៅក្នុងឆ្នាំ២០២១ រដ្ឋចំណាយលើស​វិញដោយដំបូងឡើយ គ្រោងចាយថវិកាជាង៨០០លានដុល្លារប៉ុន្តែ ជាក់ស្តែងចាយអស់ដល់ទៅ​១៣៨១លានដុល្លារ​ឯណោះ ខណៈឆ្នាំ២០២២ រដ្ឋគ្រោងនឹងដកលុយសន្សំ៥០០លានដុល្លារ​បន្ថែមទៀត។

លោកបានបញ្ជាក់ថា៖«ថវិកាសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២នេះ ត្រូវចំណាយកាន់ច្រើន ខណៈដែលធនធានកាន់តែស្តួចស្តើង ដោយសារកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន​ ត្រូវចំណាយ ៤០ទៅ៥០លានដុល្លារ ខណៈដែលការបោះឆ្នោតឃុំសង្កាត់ ត្រូវចំណាយប្រហែល​៧០​លានដុល្លារទៀត»។

លោកបានបន្ថែមថា ដើម្បីទប់ទល់នឹងការចំណាយដូចនេះ ផ្នែករក​ចំណូលដូចជា គយ និងពន្ធដា ត្រូវតែប្រឹងប្រែងឱ្យអស់លទ្ធភាព ខណៈដែលការចំណាយចរន្តរបស់រដ្ឋក៏ត្រូវបានកាត់​បន្ថយ​ជាបន្តបន្ទាប់ដែរ។

លោកវង្សី វិស្សុត នៅតែមានសុទិដ្ឋយមថា យ៉ាងហោច​ណាស់ ក៏កម្ពុជា​ មិនចាំបាច់ខ្ចីលុយ​ពីបរទេសដែរ ព្រោះថាជាទូទៅប្រទេសមួយចំនួន មិនមានថវិកាសន្សំដូចកម្ពុជា​នោះទេ ដែលទាមទារឱ្យខ្ចីថវិកាពីបរទេស ដើម្បីទប់ទល់វិបត្តិនេះ។

ចាប់ពីឆ្នាំ២០២០ដល់ ២០២១ រាជដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការចំនួន ១០ជុំ ដើម្បីគ្រប់គ្រង​ផលប៉ះពាល់​លើវិស័យ​សំខាន់ៗ​នៃសេដ្ឋកិច្ច ​នៅក្នុងបរិការណ៍​នៃវិបត្តិ​ការស្តារ​ និងជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុងពេល ​និងក្រោយវិបត្តិ​កូវីដ-១៩​ ដោយថវិការទាំងនោះ បានចំណាយទៅលើការឧបត្ថម្ភដល់ជនក្រីក្រ ការឧបត្ថម្ភដល់កម្មករកម្មារនីរោងចក្រ ចំណាយលើផ្នែកសុខាភិបាល​ និងការទិញវ៉ាក់សាំងជាដើម។សម្រាប់ឆ្នាំ២០២០ រដ្ឋបានចំណាយថវិកាអស់ ៨៣០លានដុល្លារ,ឆ្នាំ២០២១ ១៣០០លានដុល្លារ និងឆ្នាំ២០២២គ្រោងនឹងចំណាយជាង១ពាន់លានដុល្លារបន្ថែមទៀត៕

 

ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ីសម្រេចបានជាង៥០០លានដុល្លារក្នុងឆ្នាំ២០២១

ភ្នំពេញ៖ទំហំពាណិ្ជកម្មកម្ពុជា និងម៉ាឡេស៊ី នៅក្នុងឆ្នាំ២០២១ សម្រេចបានក្នុង ទឹកប្រាក់ជាង៥០០​លានដុល្លារ កើនឡើង១៣,១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល១២ខែ ឆ្នាំ២០២១ ការនាំចេញ​ពីកម្ពុជា ទៅម៉ាឡេស៊ី សម្រេចបានទឹកប្រាក់ជាង១០១លានដុល្លារ កើនឡើង២,៦២​ ភាគរយ ខណៈដែល​ការនាំចូលពីម៉ាឡេស៊ីមកកាន់វិញមានទំហំទឹកប្រាក់ ជាង៣៩៩ លានដុល្លារ កើនឡើង១៦,១៦ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។​ នៅឆ្នាំ២០២០ កម្ពុជា នាំចេញទៅម៉ាឡេស៊ី មានតម្លៃ​ទឹកប្រាក់ជាង៩៨លានដុល្លារ និងនាំចូលមកវិញ មានតម្លៃជាង ៣៤៣ លានដុល្លារ។ ហើយតាមរបាយ​ការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)គិតត្រឹមឆ្នាំ២០២១ ម៉ាឡេស៊ីបានវិនិយោគនៅកម្ពុជា ជាង៣,១៥ ពាន់លានដុល្លារ។

នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ២០២២កាលពីថ្ងៃទី១៧ខែកុម្ភៈលោក សុខចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គលេខាធិការក.អ.ក. បានមានប្រសាសន៍ថា វាគឺជាការ ចាំបាច់ណាស់ ដែលកម្ពុជា ត្រូវតែមានការកែលម្អបរិស្ថាន វិនិយោគសំដៅជំរុញទាក់ទាញ ការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិជំងឺកូវីដ-១៩ដែលទាមទារឱ្យកម្ពុជាប្រកាន់យកនូវ អភិក្រមបុរេសកម្មជាងមុនក្នុងការជំរុញនិងទាក់ទាញវិនិយោគប្រកបដោយគុណភាពនិងចីរភាព។

លោកបានបញ្ជាក់ថា៖«ច្បាប់វិនិយោគនេះត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចបដិវត្តន៍ឧស្សាហកម្ម៤.០បរិវត្តកម្មឌីជីថលនិងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមាពីនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស»។

លោកមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ វិនិយោគិនម៉ាឡេស៊ីនឹងបានយល់កាន់តែ ច្បាស់និងស៊ីជម្រៅបន្ថែមទៀតពីច្បាប់នេះនិងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

លោក អ៊ិលដិន ហ៊ូសៃនី ម៉ូត ហាស៊ីម ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេស ម៉ាឡេស៊ីប្រចាំកម្ពុជាយល់ឃើញថា ច្បាប់ស្តីពីវិនិយោគនេះបានបង្ហាញកាន់តែច្បាស់នូវការលើក ទឹកចិត្តដល់វិនិយោគិនក្នុងស្រុកនិងបរទេសហើយច្បាប់នេះក៏ផ្តោតសំខាន់លើនិន្នាការធុរកិច្ចសកលថ្មីៗដោយបានដាក់បញ្ចូលវិស័យឧស្សាហកម្មបៃតង, បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់។

លោកបានគូសបញ្ជាក់ថា៖«រាល់ប្បញ្ញត្តិក្នុងច្បាប់នេះសុទ្ធតែបង្ហាញពីកិច្ចសម្រួលតាមរយៈការលើកលែងពន្ធក្នុងកញ្ចប់លើកទឹកចិត្តនិងការការពារវិនិយោគសំដៅធ្វើឱ្យកាន់តែមានភាពងាយស្រួលរលូននិងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីចុះបញ្ជីសម្រាប់ក្រុមហ៊ុនវិនិយោគ ហើយច្បាប់ស្តីពីវិនិ យោគនេះនឹងទទួលបាននូវលទ្ធផលផ្លែផ្កានៅក្នុងរយៈពេលខ្លីខាងមុខហើយឯកឧត្តមមានជំនឿយ៉ាងមុតមាំទៀតថាតាមរយៈ​ច្បាប់នេះកម្ពុជាអាចច្បាមយកកាលានុវត្តភាពជាអតិបរមាក្នុង ការ ជំរុញវិនិយោគឱ្យកាន់តែមានសន្ទុះទៅមុខជាបន្តបន្ទាប់»។

 

លោក សុខ ចិន្តា​សោភា ៖កម្ពុជា​បាន​នឹង​ខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន និង​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ

ភ្នំពេញៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) លោក សុខ ចិន្តា​សោភា បាន​និយាយថា កម្ពុជា​បាន​នឹង​ខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន និង​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​សំដៅ​ការកសាង «អាស៊ាន​បៃតង» និង​អនាគត​ប្រកបដោយ​ភាព​ធន់ និង​បរិ​យា​ប័ន្ន។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី២ នៃ​កម្មវិធី​តំបន់​អាស៊ីអាគ្នេយ៍​របស់​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ (2ndMinisterial Conference of the OECD Southeast Asia Regional Programme) ដែល​​​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០២២ តាម​ប្រព័ន្ធ​វីដេអូ ក្រោម​ប្រធានបទ «អនាគត​ដែល​ផ្តោតលើ​មនុស្ស៖ ភាពជា​ដៃគូ​សម្រាប់​អាស៊ាន​កាន់តែ​ឆ្លាត​វៃ បៃតង និង​បរិ​យា​ប័ន្ន»(A human-centered future: Partnership for a smarter, greener and more inclusive ASEAN)។

ថ្លែង​ក្នុង​បទ​អន្តរាគមន៍​លើ​ប្រធានបទ «ការធានា​ការ​ស្តារឡើងវិញ​ប្រកបដោយ​ភាព​បៃតង​ដើម្បី​អាស៊ាន​ដែលមាន​ភាព​ធន់»  ( Ensuring Green recovery towards a more resilient ASEAN) លោក សុខ ចិន្តា​សោភា បាន​ជម្រាបជូន​អង្គ​សន្និសីទ​ពី​ការ​ចូល​រួមជាមួយ​បណ្តា​ប្រទេស​អាស៊ាន និង​អង្គការ OECD របស់​កម្ពុជា​លើ​កិច្ចខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន និង​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ សំដៅ​ការកសាង «អាស៊ាន​បៃតង» និង​អនាគត​ប្រកបដោយ​ភាព​ធន់ និង​បរិ​យា​ប័ន្ន។

បន្ថែម​ពី​លើ​នេះ លោក ក៏​បាន​លើក​ឡើង​នូវ​​​វិធានការ​ជាក់ស្តែង​មួយចំនួន​ដែល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​រួមមាន ១) យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ២) ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែល​ឈរលើ​សសរស្តម្ភ​ចំនួន ៣ (3Rs) គឺ ១-ការ​ស្តារឡើងវិញ (Recovery) ២-ការកែទម្រង់ (Reform) និង ៣-ការកសាង​ភាព​ធន់ (Resilience)។

ឯកឧត្តម​បានបញ្ជាក់ថា៖​«​​សម្រាប់​សសរស្តម្ភ​ការកសាង​ភាព​ធន់ រាជរដ្ឋាភិបាល​ពង្រឹង​ការត្រៀមខ្លួន​និង​ឆ្លើយតប ដើម្បី​ធានា​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ដោយ​ផ្តោតលើ​ការកសាង​ធនធានមនុស្ស, ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​រួមបញ្ចូល​ការពង្រឹង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​និង ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​ផងដែរ»។

ក្នុង​ឱកាស​នោះ លោក​ក៏បាន​រំលេច​ពី​ច្បាប់​ស្តីពី​វិយោគ​ថ្មី​ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែល​បញ្ញត្តិ​ស្តីពី​ការលើកទឹកចិត្ត​នៃ​ច្បាប់​នេះ​បានចែង​ពី​វិស័យ​និង​សកម្មភាព​វិនិយោគ​ចំនួន ១៩ ត្រូវ​បានទទួល​ការលើកទឹកចិត្ត ក្នុងនោះ​រួមមាន​ការវិនិយោគ​ក្នុងការ​គ្រប់គ្រង ការការពារ​បរិស្ថាន និង​ការអភិរក្ស​ជីវៈចម្រុះ និង​សេដ្ឋកិច្ច​ច​ក្រា ក៏ដូចជា ការវិនិយោគ​ក្នុង​វិស័យ​ថាមពលបៃតង បច្ចេកវិទ្យា​ដែល​រួមចំណែក​ដល់​ការ​បន្ស៊ាំ និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ។

សន្និសីទ​នេះ​ផ្តល់ឱកាស​ជូន​រដ្ឋមន្ត្រី និង​អ្នកតំណាង​ជាន់ខ្ពស់​មកពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​សមាជិក​អង្គការ​OECDធ្វើការ​កំណត់​អត្តសញ្ញាណ​បញ្ហា​ប្រឈម​ផ្នែក​ឌីជីថល​បរិស្ថាន និង​សង្គម​ដែល​ប្រទេស​ក្នុង​តំបន់​បាននិងកំពុង​ជួបប្រទះ​ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ និង​ពិភាក្សា​អំពី​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​កាលានុវត្តភាព។សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ចំនួន ២គឺ  ការកសាង​អាស៊ាន​ដ៏​ឆ្លាត​វៃ​សម្រាប់​អនាគត​ប្រកបដោយ​បរិ​យា​ប័ន្ន និង ការធានា​ការ​ស្តារឡើងវិញ​ប្រកបដោយ​ភាព​បៃតង​ដើម្បី​អាស៊ាន​ដែលមាន​ភាព​ធន់។

សន្និសីទ​នេះ​មានការ​អញ្ជើញ​ថ្លែងស​ន្ទុ​រក​ថាបើ​កដោយ លោក ឈឹង អ៊ី​យុង(CHUNGEui-yong)រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ លោកស្រី​ ផន​ភិ​មុន កាន់​ឆា​ណា​ឡាក់ (Pornpimol Kanchanalak) ប្រេសិត​ពិសេស​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ និង លោក​ ម៉ា​សៀ​ស ខ​ម៊ែ​ន (Mathias CORMANN)អគ្គលេខាធិការ​អង្គការ OECD ដែល​បាន​ថ្លែង​រំលេច​ពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល ក៏ដូចជា​ការប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​រវាង​អាស៊ាន និង​អង្គការ OECD។

សូមជម្រាបថា កម្មវិធី​តំបន់​អាស៊ីអាគ្នេយ៍​របស់​អង្គការ OECDមាន​ប្រទេស​កូរ៉េ និង​ថៃ ជា​សហប្រធាន នៅក្នុង​ដំណាក់កាល​ទី២នេះ ហើយ​សម្រាប់​ដំណាក់កាល​បន្ទាប់ ប្រទេស​អូ​ស្រា្ត​លី និង​វៀតណាម នឹង​ធ្វើជា​សហប្រធាន​ក្នុង​រយៈពេល ៤ឆ្នាំ៕

 

 

GDT នឹងសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណេត

ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ(GDT) នឹង​សហការ​ជាមួយ​បណ្តា​តំណាង​សហគ្រាស​ក្រុម​ហ៊ុន​ចំនួន ៤៩ ដែល​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណេត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​ប្រភេទ​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ នា​រយៈ​ពេល​ចុង​ក្រោយ​នេះ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ដែល​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃទី​៨ ខែកុម្ភៈ បាន​ឱ្យ​ដឹង​ថា ការ​ពង្រឹង ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​នេះ គឺ​ដើរ​ស្រប​នឹង​អនុក្រឹត្យ​លេខ ៦៥ អនក្រ.បក ស្តីពី​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ដែល​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផ្គត់ផ្គង់ អនិវាសនជន​នៅ​ក្រៅ​ព្រះ​រាជាណាចក្រ​កម្ពុជា មក​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។ ដោយ​ឡែក​ចំពោះ​សកម្មភាព​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ត្រូវ​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ស្តីពី​អាករ​លើ​តម្លៃ​បន្ថែម​ជា​ធរមាន។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ក្នុង​គោលដៅ​ផ្តល់​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​អ្នក​ជាប់​ពន្ធ​ត្រៀម​ខ្លួន​សម្រាប់​ការ​បំពេញ​កាតព្វកិច្ច​នេះ អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​លេខ ៧៧៦ អ​ពដ ចុះ​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ​២០២២ ដោយ​អនុញ្ញាត​ពន្យា​កាល​បរិច្ឆេទ​កំណត់​ដាក់​ឱ្យ​អនុវត្ត​ប្រកាស​លេខ ៥៤២ សហវ.ប្រក (វិធាន​និង​នីតិវិធី​អនុវត្ត អាករ​លើ​តម្លៃ​បន្ថែម ចំពោះ E-Commerce) រហូត​ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២២ ដើម្បី​ទុក​ពេល​វេលា​បន្ថែម​ដល់​អ្នក​ជាប់​ពន្ធ​ក្នុង​ការ​ស្វែង​យល់​បន្ថែម និង​ត្រៀម​ខ្លួន​អនុវត្ត​ប្រកាស​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី០១ ខែ​មេសា ឆ្នាំ​២០២២ តទៅ។

ក្នុង​កិច្ច​ប្រជុំ​ជាមួយ​តំណាង​សហគ្រាស ក្រុមហ៊ុន​ចំនួន ៤៩ កាលពី​ថ្ងៃទី៧ ខែ​កម្ភៈ លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ អាជីវកម្ម​តាម​អន​ឡាញ​ វិស័យ​អន​ឡាញ និង​អ៊ិន​ធឺ​ណេ​ត​មាន​សន្ទុះ យ៉ាង​ខ្លាំង និង​កើន​ឡើង​យ៉ាង​គគ្រឹក​គគ្រេង ខណៈ​សហគ្រាស​មួយ​ចំនួន​បាន​ចុះបញ្ជី​ពន្ធដារ និង​បំពេញ​កាតព្វ​កិច្ច​សារពើ​ពន្ធ ក៏​ប៉ុន្តែ​ក៏​មាន​សហគ្រាស​មួយ​ចំនួន​ធំ​ពុំទាន់​បាន​ចុះបញ្ជី និង​យល់​ដឹង​អំពី​កាតព្វកិច្ច​សារពើ​ពន្ធ​នៅ​ឡើយ។

លោក​បន្តថា ដូចនេះ​ការ​ពង្រឹង​ការ​គ្រប់​គ្រង សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក គឺជា​ការ​ពង្រឹង​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព (Level Playing Field) និង​អនុ​លោមភាព​សារពើ​ពន្ធ​សម្រាប់​វិស័យ​នេះ។

លោក ថ្លែង​ថា៖«កិច្ច​ប្រជុំ​ថ្ងៃនេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ​មាន​បំណង​ក្នុងការ​ផ្សព្វផ្សាយ និង​ពង្រឹង​កិច្ច​សហការ​ពី​បណ្ដា​សហគ្រាស​ជា​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ិនធឺណេ​ត (Internet Service Provider – ISP) ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុង​ការ​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិ​បាល ដោយ​ក្នុង​ករណី​សហគ្រាស​មិន​ចុះ​បញ្ជី​និង​បំពេញ​កាតព្វ​កិច្ច សារពើ​ពន្ធ វិធានការ​ចាំបាច់​នានា​ក្នុងការ​រាំង​ខ្ទប់​នូវ​ប្រតិបត្តិ​ការ តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​នានា»។

បើតាម​លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ស្វាគមន៍​ចំពោះ​រាល់​ធាតុ​ចូល និង​កិច្ច​សហការ​នានា​លើ​ផ្នែក​បច្ចេក​ទេស ពាក់ព័ន្ធ​ជាមួយ​នឹង​បណ្តា​សហគ្រាស ក្រុម​ហ៊ុន​នានា ដើម្បី​ឱ្យ​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម ចំពោះ​ប្រតិបត្តិការ ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​កាន់​តែ​ប្រសើរ សំដៅ​ធានា​បាន​នូវ​ការ​ប្រមូល​ចំណូល​ពន្ធដារ​កើន​ឡើង​ប្រកប​ដោយ​ចីរភាព៕

 

AFT ចុះ​កិច្ចព្រមព្រៀង​រយះពេល​៥​ឆ្នាំ ​ទិញ​ភាគហ៊ុន​ធនាគារ​អេស៊ីលីដា​នៅ CSX

Acleda Financial Trust (AFT) ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល (NGO) ស្ថិតក្រោម​ធនាគារ​អេស៊ីលីដា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​Acleda Bank Plc. (ABC) សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំ ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ​មួយ​នេះ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦​ជា​វិធានការ​មួយ ដើម្បី​ធ្វើ​ឲ្យ​ការលក់​ភាគហ៊ុន​របស់​ធនាគារ​មួយ​នេះ មាន​ស្ថិរភាព​ថ្លៃ​នៅលើ​ទីផ្សារ​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់ ABC ដល់ CSX កាលពី​ថ្ងៃទី ៤ ខែកុម្ភៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា​ធនាគារពាណិជ្ជ​ដំបូង​គេ នៅ​កម្ពុជា​បាន​ចុះបញ្ជី​ភាគហ៊ុន​របស់ខ្លួន​នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) សូម​ជូនដំណឹង​ដល់​ភាគ​ទុ​និក​ទាំងអស់​ថា បន្ទាប់ពី​មានការ​ជូនដំណឹង​ស្តីពី​ការវិនិយោគ​លើ​ធនាគារ​អេស៊ីលីដា​របស់​ACLEDA Financial Trust ចុះ​ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ ស្របតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​និង​និយតករ AFT នឹង​ទិញ​ភាគហ៊ុន​នៅលើ CSX ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦ ដោយ​ផ្អែកលើ​ផែនការ​ថវិកា​ផ្ទៃក្នុង និង​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​របស់ខ្លួន​។​ ​លោកស្រី ម៉ា អម​រ៉ា អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​របស់ ធនាគារ​អេស៊ីលីដា បាន​ប្រាប់​ IC នៅ​ថ្ងៃទី ១០ ខែកុម្ភៈ​ថា AFT នឹង​វិនិយោគ​លើ​ធនាគារ​អេស៊ីលីដា តាមរយៈ​ការទិញ​ភាគហ៊ុន​របស់​ABC នៅលើ CSX រយៈពេល ៥ ឆ្នាំ​ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៦​។​

​លោកស្រី​ថ្លែងថា​៖ «​ជាទូទៅ យើង​ជឿជាក់ និង​រំពឹងថា ការវិនិយោគ​នេះ​នឹង​រួមចំណែក​ដល់​ការចូលរួម​យ៉ាងសកម្ម​បន្ថែមទៀត​របស់​វិនិយោគិន​នៅក្នុង CSX ការកើនឡើង​សន្ទនីយ​ភាព​លើ​ទីផ្សារ និង​ការ​បង្កើនល្បឿន​ការអភិវឌ្ឍន៍​ទីផ្សារ​មូ​លប​ត្រ​នៅ​កម្ពុជា​»​។​

​លោកស្រី គឹម សុ​ផានី​តា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ CSX បាន​ឲ្យ​ដឹងថា AFT គឺជា​អ្នក​ស្នង​តំណែង​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល របស់​ធនាគារ​អេស៊ីលីដា ស្ថិតក្រោម​បទ​ប្បញ្ញត្តិ​ទំនុកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ហើយ​នៅពេលនេះ​គឺជា​ភាគ​ទុ​និក​ឈានមុខ​គេ របស់​ធនាគារ​អេស៊ីលីដា​។​

​លោកស្រី​លើកឡើងថា​៖ «​ផែនការ​វិនិយោគ​រប​ស់ AFT បង្ហាញថា​AFT មាន​ទំនុកចិត្ត​លើ​ការវិនិយោគ​រយៈពេល​វែង​ជាមួយ​ធនាគារ​អេស៊ីលីដា​។ សំខាន់​ជាងនេះទៅទៀត ខ្ញុំ​ជឿជាក់ថា ផែនការ​នេះ​នឹង​ជួយ​កែតម្រូវ​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន និង​កែតម្រូវ​ភាពមិន​ស៊ីគ្នា​នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​បច្ចុប្បន្ន​នៃ​ភាគហ៊ុន​របស់​ABC នៅលើ​ទីផ្សារ ព្រមទាំង​ទទួលបាន​ទំនុកចិត្ត​ឡើងវិញ​ពី​វិនិយោគិន​ដែល​បារម្ភ​ពី​ការបន្ត​ធ្លាក់ចុះ​តម្លៃ​ដោយសារតែ​ការលក់​ភាគហ៊ុន​ដែល​នៅសល់​នៅពេល​ខាងមុខ ដែល​គ្រប់គ្រង​ដោយ​បុគ្គលិក​អេស៊ីលីដា​ស្ថិតក្រោម ASA»​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ និង​ទទួល​បានការ​ទំនុកចិត្ត​ពី​វិនិយោគិន​សាធារណៈ​លើ​ផែនការ​នេះ ហើយ AFT គួរតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ផែនការ​វិនិយោគ​លម្អិត​របស់​ពួកគេ រួមទាំង​គោលបំណង​ជាក់លាក់ ការ​តំណ​ត់​តម្លៃ​ទិញ​ពេលវេលា លម្អិត​បន្ថែមទៀត និង​ប្រភព​មូលនិធិ ។​ល​។​»​។​

​យោងតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់ CSX ភាគហ៊ុន​របស់ ABC បិទ​កាលពី​ថ្ងៃ​ពុធ​ទី​៩ ក្នុងតម្លៃ​១៣ ៣០០​រៀល​ក្នុង​១​ហ៊ុន ជាមួយនិង​ទំហំ​ភាគហ៊ុន​សរុប​ចំនួន ៣៨ ០៥១ ដែលមាន​តម្លៃ​សរុប ៥០៦ ០៧៨ ៣០០​រៀល បើ​ធៀប​ទៅ​និង​ការបិទ​កាលពី​ថ្ងៃទី​៤​កន្លងមកនេះ គឺ​តម្លៃ​ភាគហ៊ុន​របស់​ABC មានតម្លៃ​ត្រឹមតែ ១០ ៣០០​រៀល​តែប៉ុណ្ណោះ ដែលមាន​ភាគហ៊ុន​សរុប​១៦ ៩៤៧ មានតម្លៃ​សរុប​ចំនួន ១៧៤ ៦១៩ ២៦០ រៀល​៕

 

អត្ថបទដោយ​៖​ យុទ្ធ វីរះ

កម្ពុជា-រុស្សីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ

ឌុយបៃ សហភាពអារ៉ាប់រួម : នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ ក្នុងឱកាសចូលរួម ក្នុងកម្មវិធី ប្រារព្ធទិវាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៏ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រធានគណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំ-ចូលរួមពិព័រណ៍ ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកអនុ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា និងសហព័ន្ធរុស្ស៊ី។

លោករដ្ឋមន្រ្តីបានជម្រាបជូនអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទស្ស វត្សចុងក្រោយនេះ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញសកម្មភាព ពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការចរចាបើកច្រកទីផ្សារថ្មីៗក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម ។

លោករដ្ឋមន្រ្តីបន្តថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស បានប្រមាណ ៩០ភាគរយ ដែលជាកត្តាជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមដំណើរការសកម្មភាព​សេដ្ឋកិច្ចលើគ្រប់វិស័យ និងបើក​ប្រទេស​​ឡើងវិញ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ សំដៅស្តារសកម្មភាពសេដ្ឋកិច្ចទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានសំណូមពរឱ្យធុរជន និងអ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី មកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យផលិតយានយន្តកសិកម្ម វិស័យផលិត និងកែច្នៃម្ហូបអាហារ វិស័យដឹកជញ្ជូននិងភស្តុភារ វិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងវិស័យផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីរុស្ស៊ី ជួយជំរុញការចរចាបញ្ចប់ឱ្យបានឆាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) នាពេលខាងមុខ ផងដែរ។

ជាការឆ្លើយតប លោកអនុរដ្ឋមន្រ្តីរុស្ស៊ីបានទទួលយកសំណើររបស់ឯកឧត្តមរដ្ឋមន្រ្តីកម្ពុជា ដោយសន្យាថានឹង​ពាំនាំយកសំណើរបស់កម្ពុជាទៅ ផ្សព្វផ្សាយជូនធុរជន អ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី ដើម្បីមកធ្វើទស្សនៈ​កិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

លោកអនុរដ្ឋមន្រ្តីបន្តថា ភាគីរុស្ស៊ីនឹងបន្តធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន ដោយស្នើឱ្យវិស័យពាក់ព័ន្ធនានា ដូចជាវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស័យផលិតយានយន្តកសិកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវិស័យអប់រំ ជាដើម ធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្រ្តីក៏បានសម្ដែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេច​បាន​នូវ​យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានកោតសរសើពីពន្លាជាតិកម្ពុជា ដែលបានរៀបចំឡើងប្រកបដោយភាពទាក់ទាញ ដោយបានបង្ហាញពីប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ និងយូរអង្វែងរបស់កម្ពុជា។

ជាមួយគ្នានេះ លោកអនុរដ្ឋមន្រ្តីបានសំណូមពរឱ្យមានទំនាក់ទំនងគ្នាដោយផ្ទាល់ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យមាន​កំណើន​ប្រកបដោយចីរភាព ដើម្បីជាផលប្រយោជន៍របស់ប្រជាជនទាំងពីរប្រទេស។ ឯកឧត្តមអនុរដ្ឋមន្រ្តីក៏បាន​អញ្ជើញ លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនៈកិច្ចនៅសហព័ន្ធរុស្ស៊ី នាពេលវេលាសមស្រប​នាពេលខាងមុខ ផងដែរ។

នៅកិច្ចបញ្ចប់ លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាបានទទួលយកសំណើរទៅទស្សនៈកិច្ចនៅសហព័ន្ធរុស្សី នាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យសម្រេចបានលទ្ធផលល្អ និងទទួលបានផ្លែផ្កាតាមការរំពឹងទុក។៕