ក្រុមការងារជំរុញការវិនិយោគនិងពាណិជ្ជកម្មកម្ពុជា-ចិនត្រូវបានបង្កើតឡើង

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានចុះអនុស្ស​រ​ណៈយោគ​យល់គ្នា(MoU)បង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការ វិនិយោគនិង​សេដ្ឋកិច្ច​កាល​ពីសប្តាហ៍មុនក្នុងគោលបំណងដើម្បីជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទាំងពីរ។

បើយោងតាមការសេចក្តីប្រកាសព័ត៌​មានរបស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាបានដកស្រង់ លោក សុខ ចិន្តា សោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា  បានលើកឡើងថា MoU នេះ នឹងដើរតួនាទីសំខាន់ក្នុងការជំរុញលំហូរ​វិនិយោគ និងពាណិជ្ជកម្មទ្វេទិសរវាងប្រទេសទាំងពីរកាន់តែច្រើនបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា ៖«យើងសង្កេតឃើញថាយើងមានការវិនិយោគយ៉ាងច្រើន របស់វិនិយោគិន​ចិននៅ​កម្ពុជា ធ្វើឱ្យការវិនិយោគរបស់​ចិន​​ឈរ​នៅ​លំដាប់ទី១ ដែលនឹងជួយជំរុញ និងពន្លឿនសមត្ថភាពកម្ពុជា ជាពិសេស​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន នឹងជួយស្តារសង្គមសេដ្ឋកិច្ចឡើងវិញ​ក្រោយវិបត្តិកូវីដ-១៩ផងដែរ» ។

យោងតាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម ក្នុង​រយៈពេល​៩​ខែ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​ចិន សម្រេច​បាន​ជិត ៧ ៩៦៨​លាន​ដុល្លារ​ កើន​ឡើង​ ៣៨,៣៦​ភាគ​រយ​ ដោយ​ក្នុង​នោះ​នាំ​ចេញ​ទៅ​មាន​ទំហំ​ទឹកប្រាក់​ជាង ១ ០៩៣​លាន​ដុល្លារ កើន​ ៥២,៧៤​ភាគ​រយ ខណៈ​កម្ពុជា​នាំចូល​ពី​ចិន​វិញ​មាន​ទំហំ​ទឹកប្រាក់ ៦ ៨៧៥​លាន​ដុល្លារ កើន ៣៦,៣២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​​ឆ្នាំ​២០២០៕

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន​និង​កម្ពុជា​មានចំនួន​លើសពី​១ម៉ឺន​លាន​ដុល្លារអាមេរិក



ភ្នំពេញ៖ កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា រយៈពេល១០ខែ​នាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មាន​កំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំ​ប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣៕

សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ហៃយ៉ាត់ របស់អាមេរិកបើកជាផ្លូវការនៅរាជធានីភ្នំពេញ

ភ្នំពេញៈ ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញដែលមាន ទឹកប្រាក់វិនិយោគប្រមាណ១៨០លាន​ដុល្លារ​បានបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃពុធនេះដើម្បីស្វាគមន៍ភ្ញៀវទេចរជាតិ និងអន្តរជាតិ ។​

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញគឺ​ជា​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ ៥ ដ៏​ធំ​មួយ​ដែល​ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជម្នះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក ជីប ម៉ុង ក្នុង​ទឹក​ប្រាក់​សរុប​ ១៨០​លាន​ដុល្លារ។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញសាង​សង់​លើ​ផ្ទៃដី ៧ ០៣១​ម៉ែត្រការ៉េ ដោយ​បាន​បើក​ការ​ដ្ឋាន​សាង​សង់​កាល​ពី​ដើម​ឆ្នាំ​២០១៧ និង​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​កាល​ពី​ដើម​ឆ្នាំ​២០២១។ សណ្ឋាគារ​នេះ​មាន​បន្ទប់​ស្នាក់​នៅ ២៤៧ ព្រម​ទាំង​មាន​សេវាកម្ម​ចម្រុះ​ជា​ច្រើន​ដូច​ជា ​កន្លែង​សម្រាក​កម្សាន្ត ភោជនីយ​ដ្ឋាន និង​សាល​ប្រជុំ​ដ៏​ធំ និង​ទំនើប(Regency Ballroom)ជា​ដើម​។

ក្រុម​ហ៊ុន ជីប ម៉ុង បាន​ទិញ​ម៉ាក​យី​ហោ Hyatt Regency មក​ពី​អាមេរិក​។ សណ្ឋាគារ «Hyatt Regency» គឺ​ជា​ពាណិជ្ជ​កម្ម​មួយ​របស់ «Hyatt Hotels Corporation» ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​កំពុង​ប្រតិបត្តិ​ការ​សណ្ឋាគារ​ជាង ៩០០​ទីតាំង ក្នុង​៦៥​ប្រទេស និង​មាន​យីហោ​ប្រណីត​ចំនួន ២១។

សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន ជីប ម៉ុង លោក លាង ឃុន បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន ជីប ម៉ុង បាន​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារ​កិច្ច​តាម​រយៈ​ការ​នាំ​យក​យីហោ​សណ្ឋាគារ​លំដាប់​អន្តរ​ជាតិ «Hyatt Regency»​ដ៏​ល្បី​របស់​​អាមេរិក​មកកាន់​ប្រទេស​​កម្ពុជា។ សណ្ឋាគារ «Hyatt Regency» ​គឺ​ជា​ពាណិជ្ជ​កម្ម​មួយ​របស់ Hyatt Hotel Corporation ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​កំពុង​ប្រតិបត្តិ​ការ​សណ្ឋាគារ​ជាង ៩០០​ទីតាំង ក្នុង​៦៥​ប្រទេស និង​មាន​យីហោ​ប្រណីត​ចំនួន ២១។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​សម្ពោធដាក់​ឱ្យ​ដំណើរ​ការជា​ផ្លូវ​ការ​សណ្ឋា​គារ Hyatt Regency Phnom Penh កាល​ពី​ព្រឹក​ថ្ងៃទី១៥ ខែ​ធ្នូ បាន​លើក​ឡើង​ថា ក្រៅ​ពី​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​ក្នុង​ស្រុក និង​វិនិយោ​គិន​អន្តរជាតិ​ធំៗ សណ្ឋាគារ​នេះ​ក៏​អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​កន្លែង​ស្នាក់​នៅ​សម្រាប់​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ខណៈ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ជា​ប្រធាន​អាស៊ាន ​នៅ​ក្នុង​ឆ្នាំ​២០២២ ខាង​មុខ៕​

កម្ពុជាជំរុញរុស្ស៊ីពន្លឿនលើការងារនានាដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ភ្នំពេញ៖ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាស្នើដល់រុស្សីធ្វើការពន្លឿននូវកិច្ចការនានា​សំដៅធ្វើ​យ៉ាងណាឱ្យសម្រេចបាននូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលឆាប់ៗខាងមុខសំដៅជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និងបង្កើនលំហូរនៃការវិនិយោគរវាងប្រទេសទាំងពីរ។

លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក NIKOLAI PATRUSHEV បានថ្លែងអំណរគុណជូនចំពោះលោកនាយរដ្ឋមន្រ្តីសម្រាប់ការចូលរួមចំណែក​ដើរតួរយ៉ាងសំខាន់ក្នុងការរក្សាពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។ លោកបានមើល​ឃើញ​អំពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរចំពោះវិស័យការពារជាតិ សង្គមកិច្ច អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀត។ រុស្សីនឹងខិតខំសហការ​ជាមួយកម្ពុជាធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។

លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃ របស់ឯកឧត្តមលើទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានលើកទឹកចិត្តចំពោះឯកឧត្តម NIKOLAI PATRUSHEV ថា ក្រៅពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់គប្បីណាពិនិត្យមើលលទ្ធភាពក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ​ទៅលើវិស័យដទៃទៀត ដូចជាការបើកឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ខទ្វេភាគី និង​ក្របខណ្ឌពហុភាគី ជាមួយនឹងការសិក្សាផ្ទេរសម្ភារៈបំពាក់រោងជាង ជួសជុល គ្រឿងចក្រ និងសម្ភារៈ ក្នុងព្រះរាជាណាចក្រកម្ពុជាផង៕

ប្រាសាទ​អង្គរ​វត្តជាប់ជាប្រាសាទល្បី​ល្បាញ​ជាង​គេ​នៅ​ទ្វីប​អាស៊ី

ភ្នំពេញៈ ប្រាសាទ​អង្គរ​វត្តរបស់ប្រទេសកម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់ជា​ប្រាសាទ​ល្បី​ល្បាញ​ជាង​គេ​នៅ​ទ្វីប​អាស៊ីដែលជាទិសដៅទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេចរនៅក្នុងតំបន់។​ នេះបើយោងតាម​ការចុះផ្សាយរបស់ គេហ​ទំព័រ Touropia Travel Guides។

យោងតាមការសិក្សារបស់គេហ​ទំព័រ Touropia Travel Guides ​ កាល​ពី​ពេល​ថ្មីៗ​នេះបាន​ឱ្យ​ដឹង​ថា ប្រាសាទ​អង្គរ​វត្ត​កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជា​ប្រាសាទ​ល្បី​ល្បាញ​ជាង​គេ​បំផុត​ក្នុង​ទ្វីប​អាស៊ី ខណៈ​លេខ​ ២ បាន​ទៅ​ប្រាសាទ Borobudur​(ឥណ្ឌូ​នេស៊ី), លេខ ៣ ​ប្រាសាទ Baalbek (លីបង់), លេខ ៤ ប្រាសាទ Harmandir Sahib​(ឥណ្ឌា) និង​លេខ ៥ ប្រាសាទ Kinkaku-ji ឬ​ប្រសាទ Golden Pavilion​(ជប៉ុន)។ ចំណែក​ លេខ ៦ ប្រាសាទ Heaven (ចិន), លេខ ៧ ប្រាសាទ Wat Phra Kaew ឬ​ប្រាសាទ Emerald Buddha​(ថៃ), លេខ​៨ ប្រាសាទ Taktsang Dzong ឬ​ប្រសាទ Tiger’s Nest (ប៊ូតាន់), លេខ ៩ ប្រាសាទ Ranakpur (ឥណ្ឌ) និង​លេខ ១០ ប្រាសាទ Lotus(ឥណ្ឌា)។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បានថ្លែងប្រាប់ឱ្យដឹងកាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ថា ជាមួយលទ្ធ​ផល​នៃ​ការ​សិក្សា​របស់​ Touropia Travel Guides បង្ហាញអំពីភាពល្អឯក និងទាក់ទាញរបស់ប្រាសាទអង្គរវត្តដល់ភ្ញៀងទេចរដែលបានមកទស្សនាកម្ពុជាមិនអាចរំលងបាន។​

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ប្រាសាទ​អង្គរ​វត្ត គឺមិន​ត្រឹម​តែ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក និង​ជា​អច្ឆិរិយ​វត្ថុ​មួយ​លើ​ពិភព​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​​បង្កប់​នូវ​រឿង​រ៉ាវ​ប្រវត្តិសាស្រ្ត​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា និង​ជា​ឃ្លាំង​គម្ពី​ក្បួន​ច្បាប់ និង​ដំណើរ​រឿង​ទាក់​ទង​នឹង​ព្រះពុទ្ធ​សាសនា និង​ព្រហ្មណ៍​សាសនា​ផង​ដែរ​។

លោក​​ថា ស្របពេលដែលរដ្ឋាភិបាលបានប្រកាស​បើក​ទទួល​ភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​ឱ្យ​ចូល​មក​ទស្សនា​កម្ពុជា​ ព័ត៌​មាន​នៃ​ការ​ផ្តល់​ចំណាត់​ថ្នាក់​លេខ១ ឱ្យ​ប្រាសាទ​អង្គរ​វត្ត របស់ Touropia Travel Guides នឹង​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ចូល​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើនបន្ថែម​ទៀត។​

គួររំលឹកផងដែរថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា គេហទំព័រ Tripadvisor ក៏​បាន​បង្ហាញឱ្យដឹងថា តំបន់​ប្រាសាទ​អង្គរ​វត្ត ទឹក​ធ្លាក់ ភូមិ​បណ្តែត​ទឹក និង​ប្រាសាទ​បន្ទាយ​ស្រី ក្នុង​ខេត្ត​សៀមរាប ​បាន​ជាប់​លេខ ១​ក្នុង​ពិភព​លោក​ជា​កន្លែង​ទេសចរណ៍​ប្រណីត​សម្រាប់​ដំណើរ​កម្សាន្ត​រយៈ​ពេល ៣​ថ្ងៃ​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ចាប់​ពី​ខែ​មករា​ដល់​ខែ​តុលាឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​១៤៤ ៤៣៣​នាក់​ធ្លាក់​ចុះ ៨៨,៦​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០ដែល​មាន​ចំនួន១ ២៤៦ ៧៨៩០នាក់៕​

អ្វីទៅជា «ទីក្រុងឆ្លាតវៃ ឬ Smart City»?

ភ្នំពេញ៖ ទីក្រុងឆ្លាតវៃ ឬ Smart City គឺជាតំបន់ទីក្រុងបច្ចេកវិទ្យាទំនើប ដែលប្រើប្រាស់នូវប្រភេទផ្សេងៗគ្នានៃវិធីសាស្រ្តអេឡិកត្រូនិក, វិធីសាស្រ្តឲ្យសំឡេងសកម្ម, និងឧបករណ៍ញាណដឹង ដើម្បីចាប់យកទិន្នន័យជាក់លាក់។

ព័ត៌មានទទួលបានពីអ្វីដែលទិន្នន័យត្រូវបានប្រើប្រាស់ ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ ធនធាន និងសេវាកម្មនានាប្រកបដោយប្រសិទ្ធភាព, ផលប្រយោជន៍ ដែលទិន្នន័យបានប្រើប្រាស់ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ប្រតិបត្តិការពាសពេញទីក្រុងនោះ។

ទាំងនោះរាប់បញ្ចូលទាំងទិន្នន័យដែលចាប់យកបានពីប្រជាពលរដ្ឋ ឧបករណ៍នានា អាគារនានា និងទ្រព្យសម្បត្តិនានា ដែលអាចដំណើរការ​និងវិភាគបាន ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងចរន្តត្រាហ្វិកឬចរាចរ និងប្រព័ន្ធដឹកជញ្ជូន, ស្ថានីយ៍ឋាមពល, ឧបករណ៍ប្រើប្រាស់នានា, បណ្តាញផ្គត់ផ្គង់ទឹកស្អាត, ទឹកកខ្វក់ , ការរុករកបទឧក្រឹដ្ឌ, ប្រព័ន្ធព័ត៌មាន, សាលារៀន, បណ្ណាល័យ, មន្ទីរពេទ្យ និងសេវាសហគមដទៃទៀត។

គោលគំនិតនៃទីក្រុងឆ្លាតវៃ គឺជាការរួមបញ្ចូលជាមួយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងឧបករណ៍រូបសាស្រ្តនានា ដែលបាន​តភ្ជាប់ទៅនឹងបណ្តាញអ៉ីនធីណិតនៃវត្ថុ (IoT) ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធផលនៃប្រតិបត្តិការទីក្រុង និងសេវាកម្មនានា និងតភ្ជាប់ទៅនឹងប្រជាពលរដ្ឋ។

បច្ចេកវិទ្យាទីក្រុងឆ្លាតវៃ ឬ Smart city technology អនុញ្ញាតឲ្យអ្នកគ្រប់គ្រងទីក្រុង ដើម្បីធ្វើអន្តរកម្មដោយផ្ទាល់ ជាមួយទាំងសហគម និងទាំងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងដើម្បីត្រួតពិនិត្យនូវអ្វីដែលកើតឡើងនៅក្នុងទីក្រុង និងធ្វើដូចម្តេចដែលទីក្រុងពាក់ព័ន្ធ។ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ត្រូវបានប្រើ ដើម្បីលើកកម្ពស់គុណភាព ដំណើរប្រព្រឹត្តទៅ និងការធ្វើអន្តរកម្មនៃសេវាកម្មក្នុងទីក្រុង ដើម្បីកាត់បន្ថយតម្លៃនិងការប្រើប្រាស់ធនធាន និងបង្កើនទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងរដ្ឋាភិបាល។

កម្មវិធីប្រើប្រាស់ទីក្រុងឆ្លាតវៃ ឬ Smart city applications ដែលបានអភិវឌ្ឍឡើង គឺដើម្បីគ្រប់គ្រងលំហូរក្នុងទីប្រជុំជន និងអនុញ្ញាតដល់​ការទទួលខុសត្រូវទាន់ពេល។ ដូ ច្នេះ ទីក្រុងឆ្លាតវៃ អាចប្រតិបត្តិ ដើម្បីទទួលខុសត្រូវទៅលើបញ្ហាប្រឈមនានា ជាជាងមួយ ជាមួយ​ទំនាក់ទំនង​រវាងប្រតិបត្តិការសាមញ្ញៗ ជាមួយប្រជាពលរដ្ឋរបស់ខ្លួន៕

(ប្រភព៖ លោក អ៊ឹម វុត្ថា ទីក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍)

លោក អ៉ិត សំហេង៖ ការដោះស្រាយវិវាទការងារគឺអាចធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូល​ទាក់ទាញការវិនិយោគ

ភ្នំពេញ៖ ថ្លែងបើកវេទិកាត្រីភាគី “ស្តីពីអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល” នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅ​អំពីបញ្ហាប្រឈមដែលបាននិងកំពុងជួបប្រទះក្នុងការដោះស្រាយវិវាទការងាររួម ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សូមធ្វើការពិចារណាដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន និងដើម្បីផលប្រយោជន៍រួម សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូល​ក្នុងការទាក់ទាញការវិនិយោគ។

វេទិកានេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ក្នុងចំនួនកំណត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងបើកឱ្យ​មានការចូលរួមតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយមានការចូលរួមពីតំណាងអង្គការ ILO តំណាងក្រុមប្រឹក្សា​អាជ្ញាកណ្តាលនិងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការ​វិជ្ជាជីវៈ​របស់កម្មនិយោជិត និងតំណាងអ្នកបញ្ជាទិញអន្តរជាតិ។

វេទិកាត្រីភាគីនេះ គឺជាឱកាសដ៏សំខាន់ក្នុងការពិនិត្យឡើងវិញនូវសមិទ្ធផលការងារនិងបញ្ហាប្រឈមនានានៅក្នុង​ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអនុវត្តយន្តការដោះស្រាយវិវាទ​ការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការគាំទ្រនូវយន្តការនេះ គឺជាកត្តា​ដែល​មិនអាចខ្វះបានដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ, ធានាបាននូវភាពសុខដុមរមនាក្នុង​ទំនាក់ទំនងវិជ្ជាជីវៈ, លើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិត, និងធានាបាននូវនិរន្តភាពអាជីវកម្ម-ពាណិជ្ជកម្ម ព្រមទាំងទាក់ទាញការវិនិយោគនៅកម្ពុជា។

លោក អ៉ិត សំហេង មានប្រសាសន៍ថា ផ្អែកលើភាពជោគជ័យ បទពិសោធន៍ និងបញ្ហាប្រឈមនានាក្នុងការ​ដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គ្រប់ភាគីបន្តផ្តល់ទំនុកចិត្តដល់ក្រុមប្រឹក្សាអាជ្ញា​កណ្តាលក្នុងការដោះស្រាយវិវាទបុគ្គលដូចមានកំណត់ក្នុងមាត្រា៣០០ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម​ច្បាប់​ស្តីពីការងារ ឆ្នាំ២០២១នេះ។ លោក ជឿជាក់ថា វេទិកាត្រីភាគីនាថ្ងៃនេះនឹងចូលរួមចំណែកយ៉ាង​សំខាន់ក្នុងការកំណត់នូវទិសដៅរួមគ្នាមួយ ដែលកើតចេញការឯកភាពនិងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ លើអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ដើម្បីចូលរួមនិងជំរុញឱ្យវេទិកានេះសម្រេចបានតាមលទ្ធផលដែលបានគ្រោងទុក លោក អ៉ិត សំហេង អះអាង​ថា នីតិវិធីដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងត្រូវបន្ត​អនុវត្តស្រប​តាមបទប្បញ្ញត្តិ​ជាធរមាន។ ការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវអនុវត្តស្របតាមប្រកាស​របស់រដ្ឋមន្ត្រី​ក្រសួង​ទទួលបន្ទុកវិស័យការងារ។ ហើយការដាក់ឱ្យដំណើរការជាក់ស្តែង គឺអាស្រ័យលើស្ថានភាព និងការត្រៀម​ខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលើគ្រប់ទិដ្ឋភាពរួមទាំងកត្តាធនធានមនុស្ស កត្តាទីកន្លែង និងកត្តាហិរញ្ញវត្ថុ។

លោក អ៉ិត សំហេង បានលើកទឹកចិត្តឱ្យបន្តយន្តការគាំទ្រហិរញ្ញវត្ថុពីពហុភាគី ប៉ុន្តែសូមជៀសវាងការធ្វើចលនា​ទាមទារ​ឱ្យមានការកាត់ភាគទានពីកម្មករនិយោជិតតាមរយៈសហជីព ដើម្បីគាំទ្រហិរញ្ញវត្ថុរបស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក្នុងដំណាក់កាលនៃការស្តារសេដ្ឋកិច្ចក្នុងនិងក្រោយវិបត្តិកូវីដ-១៩នេះ ព្រោះវាអាចជះឥទ្ធិពល​អវិជ្ជមានដល់ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនិងការលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិត៕

កម្ពុជា-ថៃចាប់ដៃគ្នាក្នុងការធ្វើពាណិជ្ជកម្មផ្លែឈើ

ក្រុងបាងកក៖ សហគ្រិនកម្ពុជា-ថៃបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីពាណិជ្ជកម្មផ្លែឈើរវាង​សហគ្រិនថៃ និងកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធី «Fruitpital Corridor Business Matching Trip» ក្នុងការជំរុញការនាំចេញនិងការដាំដុះផ្លែរវាងប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីរ។

ការអនុស្សរណៈយោគយល់គ្នាត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​ប្រទេស​ថៃ ។

កម្មវិធីដ៏សំខាន់នេះ បានប្រព្រឹត្តិទៅនៅភោជនីយដ្ឋាន The Pool Bar & Bistro នៃខេត្តច័ន្ទបុរី ក្រោមកិច្ច​សហការរៀបចំរវាងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងការិយាល័យពិព័រណ៌ និងសន្និសីទ (TCEB) ដោយមាន​ការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃសភាពាណិជ្ជកម្មថៃ តំណាងសមាគមនាំចេញផ្លែឈើថៃ ពាណិជ្ជករ និងធុរជនទាំងពីរប្រទេស ប្រមាណជាង ១០០នាក់៕

លទ្ធផលជំរឿនឆ្នាំ២០២១៖ កម្ពុជាផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំកស


ភ្នំពេញ៖ ត្រយងចង្កំកស គឺជាអំប្បូរសត្វស្លាបត្រយងមួយដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមIUCN។ សត្វប្រភេទនេះមានដើមកំណើតនៅតំបន់មួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍។


ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។ សព្វថ្ងៃនេះ ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថាមានប្រមាណជាង១០០០ក្បាប៉ុណ្ណោះ ដែលក្នុងនោះមានប្រមាណជាង៦៧០ក្បាលជាសត្វពេញវ័យ។


មកដល់ពេលនេះ ប្រទេសកម្ពុជាបានផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំកស ដោយសារប្រទេសកម្ពុជាមានវត្តមានសត្វប្រភេទនេះច្រើនជាងគេនៅទូទាំងពិភពលោក។ សត្វត្រយងចង្កំកសដែលរស់នៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គនៃដែនជម្រកសត្វព្រៃសំបូរ។ ទោះជាយ៉ាងណាក៏ដោយក៏មានកត្តាគំរាមកំហែងមួយចំនួនដូចជា៖ ការបាត់បង់ទីជម្រក ការកាប់ដើមឈើដែលពួកវាកាច់សម្បុកនិងទ្រនំ ការបំពុលប្រភពទឹក និងការរំខានដោយសកម្មភាពមនុស្ស។


ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយអង្គការដៃគូក្នុងការអភិរក្សសត្វត្រយងកម្ពុជា ដោយបានចាប់ផ្តើមធ្វើជំរឿនសត្វត្រយងចង្កំកសជារៀងរាល់ឆ្នាំនៅទីតាំងសំខាន់ៗចំនួនបួនចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ លទ្ធផលជំរឿនដំបូងមានសត្វត្រយងចង្កំកសចំនួន៣១០ក្បាលប៉ុណ្ណោះ។ តាមរយៈការធ្វើជំរឿនបួនឆ្នាំបន្ទាប់ទៀត ចំនួនសត្វនេះបានកើនឡើងដល់៩៧៣ក្បាល ក្នុងឆ្នាំ២០១៣។ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ មកតិចជាង៥០០ក្បាល ក្នុងកំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។


នៅឆ្នាំ២០២១ ក្រសួងបរិស្ថាននិងអង្គការដៃគូរួមមាន៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife / BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) និង ក្រុមហ៊ុន Rising Phoenix បានសហការគ្នាក្នុងការធ្វើជំរឿងសត្វត្រយងចង្កំកសនៅតំបន់សំខាន់ៗទូទាំងប្រទេសកម្ពុជាដោយបានធ្វើជំរឿន ចំនួនបួនខែ ចាប់ពីខែកក្កដា ដល់ខែតុលា ក្នុងរដូវវស្សាដែលទទួលបានលទ្ធផលចំនួនដល់ទៅ ៧៥៤ក្បាល នៅខែសីហា។ នេះគឺជាសញ្ញាវិជ្ជមាន និងបង្ហាញពីការកើនឡើងបន្តិចម្តងៗនៃចំនួនប្រភេទសត្វដែលជិតផុតពូជមួយនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធដែលសហការនិងចូលរួម ការងារអភិរក្សសត្វស្លាបប្រភេទនេះ។


គួរបញ្ជាក់ផងដែរថា តាមរយៈលទ្ធផលជំរឿនខាងលើ ដែនជម្រកសត្វព្រៃសៀមប៉ាងជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្រយងចង្កំកស ដោយកត់ត្រាបានចំនួនសរុប ៣៧៣ក្បាល។ ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ ជាទីតាំងសំខាន់បន្ទាប់ដោយកត់ត្រាបានចំនួន២៥២ក្បាល។


លោ នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា«ក្រោយកម្ពុជាមានសុខសន្តិភាពពេញលេញ យើងមានឱកាសនិងលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ក្នុង កិច្ចការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ។ ស្ថានភាពនៃការអភិរក្សធនធនធម្មជាតិមានភាពប្រសើរឡើង ហើយការកើនឡើងនូវវត្តមានប្រភេទសត្វត្រយងចង្កំកស និងសត្វមួយចំនួនទៀតដែលជាប្រភេទសត្វកម្រ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការដៃគូដែលចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងការការពារ និងអភិរក្សជីវៈចម្រុះ ដែលកម្ពុជានៅសល់ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។


លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមស្វាគមន៍ និងអបអរសាទរចំពោះភាពជាដៃគូសម្រាប់លទ្ធផលជំរឿនទូទាំងប្រទេសឆ្នាំ២០២១ ដែលលទ្ធផលនេះបង្ហាញពីជំហានវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងបរិស្ថាន និងដៃគូទាំងអស់ក្នុងការការពារសត្វត្រយងចង្កំកស និងក្នុងការបញ្ច្រាសការធ្លាក់ចុះនៃប្រភេទសត្វដែលជិតផុតពូជនេះនាពេលអនាគត» លោកបន្ថែមទៀតថា «ក្នុងនាមជាសមាជិកនៃអង្គការដៃគូWWF នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយតួអង្គទាំងអស់ដែលពាក់ព័ន្ធដើម្បីគាំទ្រដល់ជំរឿនថ្នាក់ជាតិ និងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រភេទសត្វនេះ និងបន្តចូលរួមយ៉ាងសកម្មជាមួយសហគមន៍មូលដ្ឋាននៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ ក្នុងការការពារសត្វស្លាបដ៏កម្រនេះ ព្រមទាំងការពារសម្បុករបស់វាដែលមាននៅក្នុងទីជម្រកធម្មជាតិ»។


លោកបណ្ឌិត កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេសរបស់អង្គការWCS បានមានប្រសាសន៍ថា «សត្វត្រយងចង្គំកស គឺជាប្រភេទសត្វសំខាន់ និងជានិមិត្តរូបរបស់តំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសកម្ពុជា។ វាបានចូលរួមបង្កើនចំណូលពីទេសចរណ៍ធម្មជាតិដ៏សំខាន់សម្រាប់សហគមន៍ត្មាតប៉ោយ ខេត្តព្រះវិហារ។ អង្គការWCS នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីធានាថាសត្វស្លាបដែលមានតម្លៃជាសកលទាំងនេះនៅតែបន្តជាផ្នែកមួយនៃបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា។»


លោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife in Cambodia)បានមានប្រសាសន៍ថា «ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ការអភិរក្សសត្វត្រយងចង្កំកសកុំឱ្យផុតពូជពីសកលលោក។ ជំរឿនឆ្នាំ២០២១ បង្ហាញពីសេចក្តីសង្ឃឹមនៃការអភិរក្សទៅថ្ងៃអនាគត ប៉ុន្តែសត្វស្លាបនេះទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ។ ហេតុនេះ យើងស្នើបង្កើតក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា ដើម្បីកៀរគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស បទពិសោធន៍ និងចំណេះដឹងបន្ថែមទៀតក្នុងការដោះស្រាយរួមគ្នាលើបញ្ហាគំរាមកំហែងដែលកំពុងកើតមានលើសត្វប្រភេទនេះ»។


លោកស្រី Christel Griffioen នាយកប្រចាំប្រទេសនៃអង្គការ ACCB មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា ការបង្កើតក្រុមការងារអភិរក្សសត្វត្រយងកម្ពុជា គឺជាគំរូដ៏ល្អនៃការអនុវត្តវិធីសាស្រ្តរួមតែមួយក្នុងការអភិរក្សសត្វត្រយងចង្គំកស។ តាមរយៈការប្រមូលគោលគិត ចែករំលែកចំណេះដឹង និងទស្សនៈវិស័យរបស់អ្នកជំនាញពីគ្រប់ភាគីពាក់ព័ន្ធ យើងអាចធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងអភិរក្សទីជម្រកធម្មជាតិ និងនៅមណ្ឌលសង្រ្គោះ។ មានតែធ្វើការរួមគ្នាទេដែលអាចជួយសង្គ្រោះសត្វប្រភេទនេះមិនឱ្យផុតពូជបាន»៕

ការប្រកួត​កីឡា​ទូកក្ដោង​ជើងឯក​អាស៊ាន គឺជា​សញ្ញា​ដ៏​ល្អ នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​កីឡា​អូឡាំពិក​យុវជន​អាស៊ី ឆ្នាំ​២០២៩ នៅ​កម្ពុជា​


​ភ្នំពេញ​៖ ការប្រកួត​កីឡា​ទូកក្ដោង ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ នៅ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ បាន​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែធ្នូ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត និង​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​វត្តមាន​ចូលរួម​ពី​សំណាក់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​ទាំង ៣​ប្រទេស​ផងដែរ​។​


​លោក Chan Khun Sing Joseph អ្នកគ្រប់គ្រង​គណៈកម្មកា​រ​ប្រកួត និង​ជា​តំណាង​ប្រទេស​សហ​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​ខាងលើ បានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ​ការប្រកួត​នេះ​ឡើង ដែល​លោក​ចាត់ទុកជា​សញ្ញា​ដ៏​ល្អ សម្រាប់​ការអភិវឌ្ឍ​វិស័យ​កីឡា​ទូកក្ដោង​កម្ពុជា ឈានឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ក៏ដូចជា​ការប្រកួត​កីឡា​អូឡាំពិក យុវជន​អាស៊ី ឆ្នាំ​២០២៩ នៅ​កម្ពុជា​។​


​អ្នកជំនាញ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំៗ​រូបនេះ អះអាងថា ដំបូង​ឡើយ​មាន​អត្ត​ព​លិ​កជាង ១០​ប្រទេស​ត្រៀម​ចូលរួម តែដោយសារ​បញ្ហា​ឥត​ព្រៀងទុក នៃ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ នៅ​នាទីចុងក្រោយ បានធ្វើ​ឲ្យ​ពួកគេ​ខកខាន​ទៅវិញ បន្ទាប់ពី​ការលុបចោល​ជើងហោះហើរ​មក​កម្ពុជា​។ តែ​យ៉ាង លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការប្រកួត​លើក​ក្រោយ ប្រទេស​ទាំងអស់ នឹង​បាន​ចូលរួម​ការប្រកួត​នៅ​កម្ពុជា​ទាំងអស់គ្នា​។​


​លោក​មាន​សុទិដ្ឋិនិយម​ថា «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការប្រកួត​ទូកក្ដោង​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ នៅ​កម្ពុជា​នេះ គឺជា​សញ្ញា​ដ៏​ល្អ ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ទូកក្ដោង​កម្ពុជា ដើម្បី​ឈានឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​កីឡា​អូឡាំពិក យុវជន​អាស៊ី ឆ្នាំ​២០២៩»​។ លោក​បាន​ប្រាប់​កីឡាករ​-​កីឡាការិនី​ទាំងអស់ អោយធ្វើ​ការប្រកួត​ដោយ​ភាពកក់ក្ដៅ និង​សប្បាយរីករាយ ហើយ​ពេល​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ សូម​ប្រាប់​ទៅ​មិត្ត​ភ័ក្ដ្រ បងប្អូន​ខ្លួន​ថា តើ​ទីក្រុង​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​កម្ពុជា ស្រស់ស្អាត​ប៉ុណ្ណា​ទៀតផង​។​
​លោក ថោង ខុន បាន​ថ្លែង​សារ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ទាំង ៣​ប្រទេស រួមមាន​កម្ពុជា សិង្ហ​បុរី និង​ម៉ាឡេស៊ី ដែល​បាន​ចូលរួម​ការប្រកួត​ផ្ទាល់ នៅ​ខេត្ត​ព្រះសីហនុ ពិសេស​ឯកឧត្តម បាន​ថ្លែងអំណរគុណ រាជរដ្ឋាភិបាល ដែល​បាន​គាំទ្រ និង​អនុញ្ញាត​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ​ឡើង ដើម្បី​ជាការ​ធ្វើតេស្ដ​ទីលាន និង​វាស់​ស្ទង់ ក៏ដូចជា​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​កម្ពុជា សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ជា​ប្រវត្តិសាស្ដ្រ លើកដំបូង​នៅ​កម្ពុជា​។​


​លោក គួច ចំរើន បានបង្ហាញ​នូវ​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ដែល​បានជ្រើសរើស​ខេត្ត​ព្រះសីហនុ រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ពិសេស​ការកំណត់​ទីតាំង​នេះ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ តាមរយៈ​នេះ ក្នុងនាម​រដ្ឋបាលខេត្ត ឯកឧត្តម​បាន​ប្ដេជ្ញា​គាំទ្រ លើកទឹកចិត្ត និង​សហការ​គ្រប់បែបយ៉ាង ទាំង​សន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេស​ការទទួល​បដិសណ្ឋារកិច្ច ដើម្បី​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​នេះ ដំណើរការ​ប្រកួត​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ដ៏​ល្អប្រសើរ​។​


​ការប្រកួត​កីឡា​ទូកក្ដោង ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១ គឺមាន​អត្ត​ព​លិ​ក ៣​ប្រទេស​ចូលរួម ស្មើនឹង​កីឡាករ​-​កីឡាការិនី ២៧​រូប ដែល​ត្រូវ​ប្រកួត​លើ ៥​វិញ្ញាសា នៅ​តំបន់ឆ្នេរ​សុខា ខណៈ​ការប្រកួត​ផ្លូវការ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៣ រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ​។ ការប្រកួត​នេះ សហការ​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា និង​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​មានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ CAMSOC៕