ក្រសួងទេសចណ៍ចេញគោលការណ៍បីចំណុចសម្រាប់ភ្ញៀវទេចរ

ភ្នំពេញ៖ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសលុបចោលលក្ខខណ្ឌតម្រូវធ្វើចត្តាឡីស័កទាំងភ្ញៀវទេចរជាតិនិង​អន្តរជាតិ ក្រសួងទេសចណ៍នៅថ្ងៃទី១៥ វិច្ឆិកា បានចេញសេចក្តីជូនដំណឹងមួយ អំពីការអនុញ្ញាតឱ្យទេសចរ អន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីជ-១៩ ពេញលេញ កម្ពុជាដោយមិនតម្រូវឱ្យធ្វើចត្តា ឡីស័ក។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេចរណ៍បានកំណត់នូវលក្ខខណ្ឌតម្រូវចំនួនបីសម្រាប់ភ្ញៀវទេចរជាតិនិងអន្តរជាតិដូចខាងក្រោម៖

១, ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានពេញលេញ ហើយ​ចូល​​មក​កម្ពុជាតាមផ្លូវអាកាស, ផ្លូវគោក និងផ្លូវទឹកត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់​សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩ដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្រ​បញ្ជាក់ថា គ្មានកូវីដ១៩ (ដោយម៉ាស៊ីន PCR) ដែលមានសុពលភាពរយៈពេល៧២ម៉ោង និងទទួល​ស្គាល់​ដោយ​អាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី។

ពេលមកដល់កម្ពុជា ទេសចរតម្រូវឱ្យធ្វើតែស្តរហ័សកូវីដ១៩ (COVID19 Rapid Test) អនុវត្តដោយមន្ត្រីសុខាភិបាលនៅតាមច្រកទ្វារចេញចូលកម្ពុជា ហើយត្រូវរង់ចាំលទ្ធផលតេស្ករសរយៈ​ពេល​ពី១៥ទៅ២០នាទីសិន។ បន្ទាប់ពីតេស្តរហ័សបង្ហាញលទ្ធផលអវិជ្ជមាន ទើបទេសចរអាចធ្វើដំណើរ​បាន​ដោយសេរី ឬនៅទូទាំងកម្ពុជាដោយមិនកម្រិតតំបន់ ឬខេត្ត និងមិនតម្រូវឱ្យធ្វើ​ចត្តា​ឡីស័កឡើយ។

២, ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើដំណើរ​ចូល​មក​កម្ពុជា តម្រូវឱ្យយកសំណាក ដើម្បីធ្វើតេស្តដោយម៉ាស៊ីនPCR នៅតាមច្រកទ្វារចេញចូលកម្ពុជា និងត្រូវធ្វើចត្តាឡីស័កពេញលេញរយៈពេល១៤ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន។

៣, ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក, សណ្ឋាគារ និងគេហដ្ឋាននៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានក្ខវឹង-១៩ ត្រូវបានអនុញ្ញាតឱ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១ នេះតទៅ។

ក្រសួងបានបន្ថែមថា ការសម្រេចឲ្យបើកដំណើរការឡើងវិញគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដោយសារតែ ភាពជោគជ័យនៃការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ដែលបានបង្កើតភាពស៊ាំក្នុងសហគមន៍​យ៉ាងរឹងមាំ។

ក្រសួងបានបញ្ជាក់ទៀតថា កម្ពុជាបានចាក់វ៉ាក់ជូនដល់ប្រជាជនប្រមាណ៨៨% នៃប្រជាជន១៦លាន​នាក់ហើយ ខណៈបច្ចុប្បន្នកំពុងបន្តជម្រុញបន្ថែមទៀត និងបន្តចាក់ជូនកុមារអាយុ០៥ឆ្នាំផងដែរ៕

កញ្ញា វឿន ជីវ៉ាកំពុងក្រសោបភាពល្បីល្បាញនៅផលិតកម្មដាវីត្រា

ភ្នំពេញៈ បន្ទាប់ពីក្លាយខ្លួនជាតារាចម្រៀងប្រចាំក្នុងផលិតកម្មដាវីត្រាមីឌៀមិនទាន់បានកន្លះឆ្នាំផង អតីតបេក្ខនារី X Factor Cambodia កញ្ញា វឿន ជីវ៉ាកំពុងក្រសោមនូវភាពល្បីល្បាញនិងពេញនិយមជាមួយបទមិនចម្លងគេ (Original Song) ជាច្រើនបទ ជាពិសេសគឺបទ «វ៉ាក់សាំងមនុស្សក្បត់» ដែលមានអ្នកគាំទ្រយ៉ាងច្រើនបាន​យកទៅច្រៀងនិងសម្តែងធ្វើត្រាប់តាមដាក់លើបណ្តាញសង្គម Tiktok ជាង១ ​លាន​ដងក្នុងរយះពេលខ្លីប៉ុណ្ណោះ ​។

​ស្ថិតក្នុង វ័យ ២១ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ កញ្ញា វឿន ជីវ៉ា ធ្លាប់ជាអតីត​ជា​បេ​ក្ខ​នារី​ប្រឡង​​ប្រជែង​កម្មវិធី​ចម្រៀង​លំដាប់​ពិភពលោក​កម្មវិធី X Factor Cambodia រដូវ​កាល​ទី​១ កាលពី​ឆ្នាំ​ ២០១៩ ខណៈ​បច្ចុប្បន្ន​កញ្ញា​មាន តារា​ស្រស់​សោភា​រូបនេះ មាន​​ឈាមជ័រ​សិល្បៈ​ត​ពី​ជីតា ដែលជា​អ្នក​កូតទ្រ​ខ្មែរ ខណៈ​ឪពុកម្តាយ​មិនមាន​និស្ស័យ​សិល្បៈ​ឡើយ ទើបតែ​ដុះ​ពន្លក​ថ្មី​ត្រឹម​ខ្លួន​នេះឯង​។​

​​​តារាចម្រៀង​ស្រី​ស្រស់​សំឡេង​ផ្អែម​ស្រទន់ វ័យ ២១ ​ឆ្នាំ បន្តថា​៖ «​នាង​ខ្ញុំ​រំភើបណាស់នៅពេលដែលបទរបស់​នាងខ្ញុំច្រៀងក្នុងផលិតកម្មដាវីត្រានេះទទួលបានការគាំទ្រដែលមិននឹកស្មានដល់ដោយមានអ្នកទស្សនា ជាងលាននាក់»​។​

​សូមបញ្ជាក់ថា ផលិកម្មដាវីត្រា គឺជាផលិតកម្មក្នុងស្រុកមួយដែលបណ្តុំទៅដោយសិល្ប:ករ សិល្ប:ការនី សាស្រ្តា​ចារ្យដូរដន្ត្រី និងកវីនិពន្ធល្បីៗក្នុងការតាក់តែងតែបទមិនចម្លងគេ (Original Song) ក្នុងគោល​បំណង​ដើម្បី​លើកស្ទើយសិល្បះតែងនិពន្ធ និងសម្តែងដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសិល្បះ វប្បធម៏​របស់ប្រទេស​កម្ពុជាយើងអោយស្មើមុខស្មើមាត់ទាំងក្នុងតំបន់និងឆាកអន្តរជាតិ៕

ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលឆាប់ៗ

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានសុទិដ្ឋិនិយមខ្ពស់ថា ខេត្តព្រះសីហនុគឺនឹងកាន់តែ​ជាប៉ូល​សេដ្ឋកិច្ចសំខាន់ជាងគេមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់របស់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបាន​សម្រេចឱ្យក្រុមហ៊ុនចិន រៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង។

ការលើកឡើងរបស់លោក   ឡុង ឌីម៉ង់ ធ្វើឡើងក្រោយពេលដែលលោកបានចូលរួម កិច្ចប្រជុំរវាងក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល អន្ដរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍​ខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៃគណៈអភិវឌ្ឍន៍ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្ដមាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជានាយកគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសហ៊ុកផ្លូវការរបស់លោកថា ក្នុងបណ្ដាប៉ូលសេដ្ឋកិច្ចដែលមាន​កាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ដែលមានឧត្ដមភាពលេចធ្លោសម្រាប់ការអភិវឌ្ឍ ដោយសារខេត្តព្រះសីហនុមានភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៏ជាច្រើន។

ជាមួយនឹងកាលានុវត្តភាពនេះ ខេត្តព្រះសីហនុបានក្លាយជាខេត្តដែលបានទទួលការយកចិត្តទុក​ដាក់​ខ្ពស់​ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចឲ្យមានការសិក្សា និងរៀបចំផែនការ​មេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបាន​កំណត់​នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ 2015-2025។

លោកបានសរសេរបន្ថែមទៀតថា ៖«ផែនការមេនេះគឺជាត្រីវិស័យក្នុងការអភិវឌ្ឍន៍ខេត្ត​ព្រះសីហនុ​ឲ្យទៅ​ជា​តំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីបម្រើឱ្យខ្សែ​ច្រវ៉ាក់​ផលលិតកម្មក្នុងតំបន់ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព»។

«ជាមួយនឹងកត្តាភូមិសាស្រ្ត និន្នាការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងចរន្តបំលាស់ទីនៃប្រភេទឧស្សាហកម្ម​នៅក្នុងពិភពលោកមួយចំនួនមកកាន់តំបន់អាស៊ី ដែលបណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ ខេត្តព្រះសីហនុនឹងកាន់តែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញ និងស្រូបយកវិនិយោគពីខាងក្រៅ និងអាច​ក្លាយ​ទៅជាក្បាលម៉ាស៊ីន ឬជាក្បាលនាគជំរុញកំណើនសេដ្ឋកិច្ចជាតិយើង»។ នេះបើយោងតាម​ការថ្លែង​អះអាង​របស់លោកឡុង ឌីម៉ង់។

​កាល​ពី​ថ្ងៃទី​១៧ ខែ​តុលា​កន្លង​មក​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​សម្រេច​ជ្រើស​រើស​វិទ្យាស្ថាន​នគរូបនីយ​កម្ម និង​ឌីហ្សាញ​ស៊ិន​ជិន(UPDIS)​ របស់​ប្រទេស​ចិន ​ដើម្បី​រៀបចំ​ផែនការ​មេ​សម្រាប់​អភិវឌ្ឍ ​និង​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ជា​«តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង»​ដែល​ជា​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ថ្មី  និង​ជា​មជ្ឈមណ្ឌល​ឡូជីស្ទីក និង​រមណីយ​ដ្ឋាន​ក្នុង​តំបន់​។

ផែនការ​មេនេះ ​គឺជា​ផែនទី​បង្ហាញ​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ទៅ​ជា​«ទីក្រុង ​Shenzhen ទី ២» ស្រប​តាម​ការ​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហ​កម្ម ​ឆ្នាំ២០១៥-២០២៥​។ ការ​អភិវឌ្ឍ​ផែនការ​មេ​នេះ អាច​ចំណាយ​ពេល​ប្រហែល ១៨​ខែ ​និង​បែង​ចែក​ជា ៤​ដំណាក់​កាល គឺ​ការ​ប្រមូល​ទិន្នន័យ ​និង​ការ​ស្ទង់​ទីតាំង, ការ​វាយ​តម្លៃ​ និង​ការ​ស្នើ​សុំ​, ការ​រៀបចំ​ផែនការ​មេ និង​ការ​បញ្ចប់​គម្រោង​ផែនការ​មេ៕

«ព្រះមហាក្សត្រ ស្តេចយាងបំពេញព្រះរាជកិច្ច នាសាធារណរដ្ឋបារាំង»នាវេលាព្រឹកថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី៤១ និងខួបទី៧៥ របស់អង្គការយូណេស្កូ ចាប់ពីថ្ងៃទី១០ ដល់ ទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១ តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ លោកជំទាវ Audrey Azoulay អគ្គនាយិកា នៃអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិ ។

បទល្បីៗផលិតចេញពីស្ទីឌីយូកោះស្លាកែតលំដាប់អន្តរជាតិរបស់ផលិតកម្មដាវីត្រាកំពុងទទួលបានការគាំទ្រខ្លាំង

(ភ្នំពេញ)៖បន្ទាប់ពីផលិតកម្មដាវីត្រាមេឌាបានបោះទុនរាប់លានដុល្លារក្នុងការសាងសង់ស្ទួឌីយោ និងទិញសំភារ:ទំនើបៗលំដាប់អន្តរជាតិមិនទាន់បានប៉ុន្មានខែផង បទចម្រៀង និង Video Lyrics ជាច្រើនបទដែលបានផលិតចេញពីស្ទីឌីយោនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនអ្នកស្តាប់និងទស្សនា ជាពិសេសគឺយុវវ័យដែលចូលចិត្តយកបទទាំងនោះទៅសម្តែងត្រាប់តាមដាក់លើបណ្តាញសង្គម TikTok យ៉ាងច្រើនសន្ធឹកសន្ធាប់។

បទដែលកំពុងអន្ទងប្រិយមិត្តអ្នកគាំទ្រនិងថតចេញពីស្ទីឌីយោកោះស្លាកែតនោះរួមមាន៖ បទ «ខ្មែរមានគ្រប់សព្វ»; បទ  «នឹកស្រុក មិនអាចទៅបាន»; បទ« វ៉ាក់សាំងមនុស្សក្បត់»; បទ «ខកស្នេហ៍មុខរោងចក្រ» និងមានបទជាច្រើនទៀតកំពុងត្រៀមចេញ។

ក្រៅតែអំពីការវិនិយោគ ទៅលើការទិញសម្ភារៈស្ទូឌីយោ ផលិតកម្មដាវីត្រាមេឌា ក៏បានវិនិយោគរាប់លានដុល្លារ ទៅលើការសាងសង់ស្ទូឌីយោខ្នាតអន្តរជាតិ ដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តរជាតិ នៃស្ទូឌីយោពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។

លើសពីនោះទីទៀតផលិតកម្មដាវីត្រា ក៏មានទាំងស្ទូឌីយូថតសំលេង និងស្ទូឌីយោថតវីដេអូខាងក្នុង និងខាងក្រៅ៕

កម្ពុជានឹងអភិវឌ្ឍន៍ឆ្នេរភក់នៅកែប​ឱ្យក្លាយទៅជាឆ្នេរកម្រិតខ្ពស់ដើម្បីទាក់ទាញទេសចរ

ភ្នំពេញៈ​រាជ​រដ្ឋា​ភិបាល​បាន​សម្រេច​អនុវត្ត​គម្រោង​កែលម្អ​ឆ្នេរ​ភក់​ទៅ​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ប្រវែង​ ២ ៧០០ ​ម៉ែត្រ ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​កាន់​តែ​ច្រើន​នៅខេត្ត​កែប​។​

គម្រោង​នេះ​នឹង​អនុវត្ត​ចាប់​ពី​ផ្សារ​ក្តាម​ទៅ​ដល់​ព្រៃ​កោង​កាង ​ស្ថិត​នៅ​ភូមិ​ថ្មី ​សង្កាត់​ព្រៃធំ ​ក្រុង​កែប ​ខេត្ត​កែប​។

សេចក្តី​ប្រកាស​ព័ត៌មា​ន​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង ​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​(គ.អ.ឆ.ក.) ​បាន​ឱ្យ​ដឹង​ថា ​គ.អ.ឆ.ក. ​រៀប​ចំ​កែ​លម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ​ដែល​មាន​ទទឹង​ប្រវែង​យ៉ាង​តិច ​៣០​ម៉ែត្រ ​និង​បណ្តោយ​ប្រវែង ​២៧០០​ម៉ែត្រ​ដោយ​ការ​រៀប​ចំ​គ្រឹះ ​និង​ចាក់​ ខ្សាច់​ស​ល្អសម្រាប់​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​។

គម្រោង​នេះ​ក៏​នឹង​រៀបចំ​សួន​ច្បារ​សាធារណៈ ​និង​ដាំ​ដើម​ឈើ​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ​ដែល​មាន​ទទឹង​ប្រវែង​ ៥០​ម៉ែត្រ ​និង​បណ្ដោយ​ប្រវែង​ ២ ៧០០​ម៉ែត្រ ​ដោយ​ការ​រៀបចំ​គ្រឹះ ​និង​ចាក់​ដី​មាន​ជី​ជាតិ​ល្អ​សម្រាប់​សួនច្បារ​និង​ការ​ដាំ​ដើម​ឈើ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ​ថវិកា​សម្រាប់​ការ​រៀបចំ​កែលម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ ​សួនច្បារ​សាធារណៈ​ និង​ដាំ​ដើម​ឈើ​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជា​ការ​ចូល​រួម​របស់​ម្ចាស់​ដី​នៅ​ជាប់​ឆ្នេរ​សមុទ្រ ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ដីប្រវែង ​៥០​ម៉ែត្រ ​បន្ត​ពី​ព្រំ​ដី​កម្ម​សិទ្ធិ ​ឆ្ពោះ​ទៅ​សួន​ច្បារ​។

គម្រោង​នេះ​នឹង​ពង្រីក​ឆ្នេរ​ខ្សាច់​កាន់​តែ​ធំ​ទូលាយ​បន្ត​ពី​សួន​ច្បារ​សំដៅ​​លើក​កម្ពស់​សោភ​ណភាព ​និង​បរិស្ថាន​ប្រែក្លាយ​ពី​តំបន់​ដែល​មិន​មាន​ការ​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ ​មាន​វិសាល​ភាព​ធំ ​ទូលាយ ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ ​បង្កើត​មុខរបរ​ជូន​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន ​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​ រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​ ក៏ដូចជា ​សេដ្ឋ​កិច្ច​ជាតិ​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

បច្ចុប្បន្ន​ខេត្ត​កែប​មាន​ឆ្នេរ​តែ​ ១ ​គត់​មាន​ប្រវែង​ត្រឹម ៣៥០ ម៉ែត្រ​ ហើយ​ខេត្ត​កែប​មាន​កោះ​ចំនួន ១២ និង​ថ្ម​ប្រប្រាស់ទឹក​ចំនួន ១ ដែល​ជា​តំបន់​សក្តា​នុពល​ទេចរណ៍​ឆ្នេរ​សមុទ្រ​ ៕

កម្ពុជាកំពុងរៀបចំវិស័យផលិតកម្មជ្រូកឱ្យមានភាពប្រកួតប្រជែង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៅក្រសួងពាណិជ្ជកម្មបានស្នើរដល់គ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងវិស័យផលិតកម្ម​ជ្រូកនៅកម្ពុជាធ្វើការរួមគ្នាដើម្បីលើកកម្ពស់វិស័យនេះឱ្យមានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង។

លោក សុខ សុភ័ក្ត្រក្រសួងពាណិជ្ជកម្ម រដ្ឋលេខាធិការ បានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលលោកបានដឹកនាំកិច្ចប្រជុំពិភាក្សាលើការវិភាគថ្លៃដើមនៃផលិតកម្មជ្រូកនៅប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃិន ពិសី ទីប្រឹក្សានៃការស្រាវជ្រាវថ្លៃដើមនៃផលិតកម្មជ្រូក និងជានាយកក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សានព្វន្ត ព្រមទាំងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ជាច្រើនរូបទៀត។

កិច្ចប្រជុំនោះគឺធ្វើឡើងក្នុងគោលបំណងស្វែងយល់ស៊ីជម្រៅអំពីផលិតកម្ម និងថ្លៃជ្រូកនៅកម្ពុជា ជាពិសេស​កត្តាសំខាន់ៗដែលជះឥទ្ធិពលដល់ថ្លៃដើម និងបញ្ហាប្រឈម សំដៅលើកកម្ពស់ភាពប្រកួតប្រជែង​របស់កម្ពុជាក្នុងវិស័យផលិតកម្មជ្រូក កម្រិតជីវភាពប្រជាកសិករ និងឧត្តមភាពសេដ្ឋកិច្ច។

លោកបានលើកឡើងអំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងវិស័យផលិតកម្មជ្រូកនៅកម្ពុជា ប្រៀបធៀបនឹង​ផលិត​កម្មជ្រូកនៅប្រទេសជិតខាង និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងវិស័យឯកជន​ពាក់ព័ន្ធ ដើម្បីលើកស្នើជាវិធានការ បង្កើនភាពប្រកួតប្រជែងនៃផលិតកម្មជ្រូកនៅកម្ពុជា។

លោករដ្ឋលេខាធិការបន្តថា អង្គប្រជុំក៏បានពិភាក្សាលើការសិក្សាបឋមរបស់ជំនាញការ ដោយសង្កត់ធ្ងន់លើកត្តា សំខាន់ៗដូចជា ការវិភាគថ្លៃដើមផលិតកម្ម ថ្លៃដើមនៃការចិញ្ចឹមជ្រូក ថ្លៃកូនជ្រូក ថ្លៃចំណី ថ្លៃដឹកជញ្ជូន ព្រមទាំងអនុសាសន៍ និងគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យផលិតកម្មជ្រូក។

ជាលទ្ធផលអង្គប្រជុំបានឯកភាព ជូនជំនាញការកែសម្រួលរបាយការណ៍សិក្សានេះបន្ត ដោយពិនិត្យលទ្ធភាព​បញ្ចូលព័ត៌មានបន្ថែម ក៏ដូចជាអនុសាសន៍ និងគោលនយោបាយជាក់លាក់ និងសមស្របសម្រាប់អនុវត្ត មុននឹងបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេចនៅពេលខាងមុខ៕

ឯកឧត្ដម សុខ ចិន្តាសោភា៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានអនុវត្តការទូតសេដ្ឋកិច្ចពេញទំហឹង

(ភ្នំពេញ)៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានសកម្មក្នុង ការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចពេញទំហឹង ដែលផ្តោតលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។

ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូស្តីពី «ការផ្សព្វផ្សាយ ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ជូនស្ថានតំណាងកម្ពុជានៅបរទេស» ដែលរៀបចំឡើងក្រោម អធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពី ឯកអគ្គរាជទូត មន្ត្រីការទូត និងមន្ត្រីអន្តរក្រសួងប្រមាណជាង ២០០នាក់។

នៅក្នុងឱកាសនោះដែរឯកឧត្តម សុខ ចិន្តាសោភាក៏បានសន្យាផ្តល់កិច្ចសហការជូន ព័ត៌មានទាក់ទង នឹងច្បាប់វិនិយោគថ្មីដល់ស្ថានទូត ឱ្យបានឆាប់រហ័សតាមលទ្ធភាពជាក់ស្តែង សំដៅចូលរួមជំរុញយុទ្ធសាស្ត្រ ការទូតសេដ្ឋកិច្ចកម្ពុជា ដែលទទួលបានការគាំទ្រពេញទំហឹងពី សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់អទិភាព មួយនៃគោលនយោបាយការបរទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មប្រភពកំណើន និងដៃគូសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

សូមជម្រាបថា សិក្ខាសាលាថ្ងៃនេះ គឺជាកិច្ចសហការរៀបចំលើកដំបូងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីច្បាប់វិនិយោគថ្មី ដែលមានភាពបត់បែន តម្លាភាពខ្ពស់ និងផ្តល់នូវការលើកទឹកចិត្តច្រើនបំផុតសម្រាប់វិនិយោគិនគ្រប់ជាតិសាសន៍ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៕

បារាំងបន្តជួយអភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា-បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់ជំនួយបច្ចេកទេសសម្រាប់គម្រោង​កសាង​សមត្ថ​ភាពក្នុងវិស័យអាកាសចរស៊ីវិលសំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និង​បរិស្ថាន​អាកាស​យានដ្ឋាន ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមក​កាន់ប្រទេសកម្ពុជា​កាន់តែ​ច្រើនបន្ថែមទៀត។  

កិច្ចព្រមព្រៀងនេះត្រូវធ្វើឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) រវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ នៅក្នុងពិធីនោះដែរក៏​មានការចូល​រួមពី លោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC)ផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានពី SSCA ដែលទទួលបានដោយភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៣ខែវិច្ឆិកា  តាមរយៈ​កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០,០០០ អឺរ៉ូ ដើម្បីអនុវត្ត​គម្រោង​កសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និង​លើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា​បង្កើន​ភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមក កម្ពុជា តាមរយៈការជួយទៅដល់ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល អនុវត្តបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរ និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាននៅក្នុងអាកាស​យានដ្ឋាន​នៃប្រទេសកម្ពុជា។

គម្រោងនេះផ្តោតលើការងារអាទិភាពចំនួន ៤ រួមមាន ពង្រឹងការគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន; ផ្តល់ការ​បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើការថែទាំបច្ចេកទេសអាកាសយាន;ផ្តល់ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​​សមត្ថភាព​ពេទ្យអាកាសចរ និង;ពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន។

លោក ម៉ៅ ហាវណ្ណាល់  យល់ឃើញថាតាមរយះកិច្ចព្រមព្រៀងនេះគឺពិតជាឆ្លើយតប នឹងសេចក្តីត្រូវការ និងការងារជាអាទិភាពនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ 

លោកបានបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាសក្ខីភាពមួយបង្ហាញពីទំនាក់ទំនង​ដ៏យូរអង្វែង និងជាផ្លែផ្ការវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាង អាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។ ជាងនេះទៀត វាបានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង មកលើការដឹកនាំ​ប្រកបដោយគតិបណ្ឌិត របស់ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន»៕