កម្ពុជារៀបចំយុទ្ធសាស្រ្ត៤ដើម្បីបើកទេសចរណ៍ឡើងវិញ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​បាន​នឹង​កំពុង​ដាក់​ចេញ​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន ៤ ក្នុង​ការ​ចាប់​ផ្តើម​បើក​ឡើង​វិញ​នូវ​សកម្ម​ភាព​ទេសចរណ៍​ជាតិ និង​អន្តរ​ជាតិ​នា​ពេល​ខាង​មុខ ដើម្បី​ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព បរិយាបន្ន និង​មាន​ភាព​ធន់​នឹង​វិបត្តិ​នានា​។

ថ្លែង​ក្នុង​សារ​លិខិត​ចូល​រួម​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភព​លោក ឆ្នាំ​២០២១ ក្រោម​ប្រធាន​បទ «ទេសចរណ៍​ដើម្បី​កំណើន​ប្រកប​ដោយ​បរិយា​បន្ន» ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​កូឌីវ័រ នាថ្ងៃ​ទី​២៧ ខែ​កញ្ញា ខាង​មុខ លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា វិបត្តិ​ជំងឺ​កូវីដ​១៩ បាន​ជះ​ឥទ្ធិពល​អវិជ្ជ​មាន​យ៉ាង​ខ្លាំង​លើ​គ្រប់​ផ្នែក​ក្នុង​វិស័យ​ទេសចរណ៍​នៅ​លើ​ពិភព​លោក ជាក់​ស្តែង​ក្នុង​ឆ្នាំ​២០២០ ចំនួន​ទេសចរ​អន្តរ​ជាតិ​លើ​ពិភព​លោក​បាន​ធ្លាក់​ចុះ​ប្រមាណ​ ៧៣​ភាគ​រយ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​ការ​ងារ​ផ្ទាល់​ចន្លោះ​ពី ១០០​ទៅ​១២០​លាន​នាក់​ និង​ការងារ​មិន​ផ្ទាល់​ជាច្រើន​រយ​លាន​នាក់​ទៀត​។ លោក​បន្ថែម​ថា ដោយ​ឡែក​កម្ពុជា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ បាន​ថយ​ចុះ​រហូត​ដល់ ៨០,២​ភាគ​រយ​ក្នុង​ឆ្នាំ​២០២០ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ការងារ​ផ្ទាល់​ជាង ១១​ម៉ឺន​នាក់ និង​ការងារ​មិន​ផ្ទាល់​រាប់​ម៉ឺន​នាក់​ទៀត។ និន្នាការ​នេះ​ក៏​បាន​នឹង​កំពុង​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ២០២១​នេះ។

លោក​ថ្លែង​ថា៖​«​ក្នុង​បរិការណ៍​បច្ចុប្បន្ន ខណៈ​មេរោគ​កូវីដ​១៩ បំប្លែង​ថ្មី​កំពុង​បន្ត​រីក​រាល​ដាល​ក្នុង​ពិភព​លោក និង​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ថ្ងៃ​អនាគត ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​កំណត់​ជា​មុំ​យុទ្ធ​សាស្រ្ត​គន្លឹះ​យ៉ាង​ម៉ឺង​ម៉ាត់ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ចាក់​ស្រោច​វ៉ាក់​សាំង​កូវីដ​១៩ ឱ្យ​បាន​លឿន​តាម​គោល​ដៅ​កំណត់ បន្ត​ជំរុញ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល និង​សុខាភិ​បាល ជា​ពិសេស​វិធាន «៣កុំ ៣​ការពារ» ដើម្បី​ជា​មូលដ្ឋាន​នៃ​ការ​បើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ពេញ​លេញ​ឡើង​វិញ ជា​ជំហានៗ​ក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់»។

បើ​តាម​លោក ហ៊ុន សែន យុទ្ធសាស្ត្រ​អាទិភាព​សំខាន់ៗ​ដែល​កម្ពុជា​បាន​កំណត់​ដើម្បី​ចាប់​ផ្តើម​បើក​ឡើង​វិញ​នូវ​សកម្ម​ភាព​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​នា​ពេល​ខាង​មុខ មាន​ដូច​ជា ការ​ពង្រឹក​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ហារ​ជំងឺ​កូវីង​១៩ ដើម្បី​ធានា​បាន​សុវត្ថិភាព ទំនុក​ចិត្ត និង​ភាព​ជឿ​ជាក់​របស់​ទេសចរ​ជាតិ និង​អន្តរជាតិ,  ការ​លើក​ទឹក​ចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ផ្នែក​ឯកជន យុវជន និងដៃគូ​អភិវឌ្ឍ​ជាតិ​និង​អន្តរជាតិ ចូល​រួម​ជំរុញ​ការ​បង្កើត និង​ផ្គត់​ផ្គង់​សេវា​កម្ម​ទេសចរណ៍​ឱ្យ​កាន់​តែ​សម្បូ​របែប, ការ​សហការ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បន្ថែម និង​ជំនាញ​ថ្មី​ដល់​យុវជន ស្រប​តាម យន្តការ​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព, និង​ការ​គិត​គូរ​អំពី​សុវត្ថិ​ភាព និង​ផាសុកភាព​ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ «​កម្ពុជាសុវត្ថិភាព – Cambodia safe» ដើម្បី​ជា​មុំ​យុទ្ធ​សាស្រ្ត​ទាក់​ទាញ​ទេសចរ​ផ្ទៃ​ក្នុង និង​អន្តរជាតិ​ក្នុង​ដំណាក់​កាល​នៃ​ការ​បើក​ឡើង​វិញ និង​ពេល​អនាគត៕

ក្រសួងទេសចរណ៍បណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ «ផ្នែកចុងភៅ» ដោយអនុលោមតាមយន្តការអាស៊ាន

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយផ្នែកឯកជនក្រុមហ៊ុនថាលាស (Thalias) អង្គការ Assist វិទ្យាស្ថាន William Angliss ក្រោមការគាំទ្ររបស់រដ្ឋាភិបាលអាឡឺម៉ង់ បានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកវាយតម្លៃផ្នែកចុងភៅ សម្រាប់ធ្វើការវាយតម្លៃបន្ដដល់អ្នកជំនាញផ្សេងៗទៀត ចាប់ពីថ្ងៃទី២០-៣០ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺបន្ទាប់ពីជំងឺកូវីដ១៩ ថមថយ។

លោក ទ្រី ឈីវ ប្រធានលេខាធិការដ្ឋានគណ:កម្មាធិការជាតិអ្នកជំនាញទេចរណ៍ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានបញ្ជាក់ប្រាប់នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះថា វគ្គសិក្សានេះធ្វើតាមប្រព័ន្ធអនឡាញ ១០ នាក់ និងផ្ទាល់ ១០ នាក់ ឆ្លាស់គ្នា ដោយអនុវត្តវិធានសុខាភិបាលបានល្អប្រសើរ។ អ្នកចូលរួមបានចាក់វ៉ាក់សាំងពេញលេញ និងដូសជំរុញ ព្រមទាំងធ្វើតេស្តរហ័សជាប្រចាំ។ឯកឧត្ដម ទ្រី ឈីវ បានបន្តថា វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយអនុវត្តតាមយន្តការ និងគរុកោសល្យអាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រៀមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA)។

វគ្គបណ្ដុះបណ្ដាលក៏ឆ្លើយតបនឹងផែនការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍អំឡុងនិងក្រោយវិបត្តិកូវីដ១៩ ក្នុងការត្រៀមបើកសកម្មភាពទេសចរណ៍ទូលំទូលាយឡើងវិញ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍជំនាញទេចរណ៍អាស៊ាន ព្រោះថាជំនាញចុងភៅជាជំនាញមួយក្នុងចំណោមជំនាញចំនួន ៣២ ទទួលស្គាល់ដោយអាស៊ាន ក្នុងការធ្វើបម្លាស់ទីការងារ ស្របតាមយន្តការអាស៊ាន។

លោកបានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍បានដាក់ចុះអនុវត្តយន្តការវាយតម្លៃអ្នកជំនាញដែលមានបទពិសោធន៍ តែពុំទាន់មានវិញ្ញាបនបត្រទទួលស្គាល់ ដើម្បីផ្ដល់ទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រទទួលស្គាល់ សម្រួលដល់ការសិក្សាបន្ត ក៏ដូចជាអភិវឌ្ឍជំនាញតាមក្របខណ្ឌជាតិ និងអាស៊ាន។ឯកឧត្ដមបានបន្តទៀតថា សិក្ខាកាមនឹងត្រូវធ្វើការវាយតម្លៃសមត្ថភាពបណ្ដុះបណ្ដាលបន្តនៅពេលបញ្ចប់វគ្គ។

ជ័យលាភីនឹងទទួលបានវិញ្ញាបនបត្រជាអ្នកវាយតម្លៃបង្គោលជាតិ ហើយនឹងត្រូវចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org) ជាការទទួលស្គាល់ក្នុងតំបន់។សូមជម្រាបថា បច្ចុប្បន្ន មានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលកម្ពុជាក្នុងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរប្រមាណ ៦០០ នាក់ ដែលបានទទួលការបណ្ដុះបណ្ដាលស្គាល់ដោយអាស៊ាន ព្រមទាំងបានចូលរួមបណ្ដុះបណ្ដាលដល់អ្នកជំនាញផ្សេងៗទៀត ស្របតាមប្រព័ន្ធគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងជំនាញទាំង ៣២៕

ភាពទាក់ទាញនៃប្រាសាទក្រវ៉ាន់

ប្រាសាទក្រវ៉ាន់មានទីតាំងស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី ត្រូវបានកសាងនៅឆ្នាំ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិសដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា។

ភ្ញៀវទេសចរតែងតែលង់នឹងសម្រស់ដ៏ស្រស់ត្រកាល ព្រមទាំងផ្ដិតយករូបភាពស្អាតៗរបស់ប្រាសាទក្រវ៉ាន់ ដែលមានវ័យចំណាស់ ក្នុងចំណោមប្រាង្គប្រាសាទបុរាណនានា។

ប្រាសាទដែលសង់ពីឥដ្ឋនេះ មានតួប៉មប្រាំដែលបែរមុខទៅទិសខាងកើត និងមានចម្លាក់នៅលើឥដ្ឋមានលក្ខណៈល្អឥតខ្ចោះ ដោយរំលេចនូវរូបភាព និងក្បូរក្បាច់ចម្លាក់ច្បាស់ៗគួរឱ្យចង់គយគន់។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូច ប៉ុន្តែចម្លាក់ឥដ្ឋទាំងនោះនៅមានលក្ខណៈល្អឥតខ្ចោះ និងជាទីគាប់ចិត្តសម្រាប់ភ្ញៀវទេសចរ៕

ស្ងាត់ៗ លេចមុខអតីតកំពូលតារាសម្តែងនិងចំរៀង លោក ម៉េង ប៊ុនឡូកាន់កាប់ ស្ទូឌីយោតម្លៃរាប់លានដុល្លារ

ភ្នំពេញ៖ ក្រោយបានបាត់មុខបាត់មាត់ពីពិភពសិល្ប:អស់រយះពេលជាច្រើនឆ្នាំ អតីតតារាសម្តែងក្នុងរឿង ដ៏ល្បី «ចៅពស់កេងកង» និង ជាម្ចាស់បទ«ចិត្តមារ» លោក ម៉េង ប៊ុនឡូ ស្រាប់តែលេចមុខមកកាន់កាប់ «ស្ទូឌីយោកោះស្លាកែត»លំដាប់ពិភពលោករបស់ផលិតកម្មដាវីត្រាមេឌៀរដែលមានតម្លៃរាប់លានដុល្លារ។

ផលិតកម្មដាវីត្រាមេឌៀរដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ដំបូង គេបង្អស់ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទួឌីយោដែលមានឈ្មោះថា «កោះស្លាកែត Studio Resort » ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ម៉េង ប៊ុនឡូ ជាអ្នកគ្រប់គ្រងនៅស្ទូឌីយោកោះស្លាកែតបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែល លោកបានមកកាន់កាប់ស្ទូឌីលំដាប់ពិភពលោកដំបូងបង្អស់នៅកម្ពុជា។ លោកបានថ្លែងថាមូលហេតុ ដែលស្ទូឌីយោកោះស្លាកែតជាស្ទូឌីយោលំដាប់ពិភពលោកនោះដោយសារតែស្ទូឌីយោកោះស្លាកែតត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗ យីហ៊ោល្បីៗដែលមានតម្លៃជាងកន្លះលានដុល្លារឯនោះ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំពិតជាមានក្តីរំភើបណាស់ដែលម្ចាស់ផលិតកម្មបានផ្តល់កិត្តិយស និងទំនុកចិត្តដល់រូបខ្ញុំ និងក្រុមការងារក្នុងការមកកាន់កាប់ស្ទូឌីយោលំដាប់ពិភពលោកបែបនេះ។ ខ្ញុំអាចនិយាយបានថា«ស្ទូឌីយោកោះស្លាកែត»គឺជាស្ទូឌីដែលបំពាក់ដោយឧបករណ៍ម៉ាកល្បីៗលំដាប់ពិភពលោកបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលជាស្ទូឌីមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា»។

បើយោងតាមលោក ប៊ុនឡូ Studio Resort កោះស្លាកែតគឺជាគម្រោងដែលមានលក្ខណៈប្លែក មិនធ្លាប់មាននៅកម្ពុជា។ គម្រោងនេះបង្កើតឡើងដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងសិល្បៈ។ គម្រោងនេះមានផ្ទៃដី ១០ ហិកតា តាមបណ្តោយផ្លូវជាតិលេខ ១ ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីផ្សារ គគីរ។

លោកថា Studio Resort កោះស្លាកែតគឺត្រូវបានធ្វើឡើងបែបជាលក្ខណៈទេសចរណ៍ដែលអាចថតកុន ចម្រៀងទាំងផ្នែកខាងក្នុងអគារ និងទីធ្លាខាងក្រៅនៃគម្រោងធំនេះ។ ក្រុមហ៊ុនចង់អភិវឌ្ឍ Studio Resort កោះស្លាកែតឱ្យក្លាយជាទីកន្លែងលំដាប់អន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិមកទស្សនា។

លោកបានថ្លែងបន្ថែមថា៖ «យើងពេញចិត្តនឹងគម្រោងនេះខ្លាំងណាស់ដោយសារតែវាជួយរួមចំណែក លើកស្ទួយប្រពៃណីខ្មែរយើងផងដែរ។ យើងចង់ចូលរួមថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ របស់យើងឱ្យបានគង់វង្ស។ ខ្ញុំ មើលថា អ្វីដែលក្រុមហ៊ុនធ្វើនេះគឺថ្មីខុសប្លែកពីគេ។ ខ្ញុំគិតថា គម្រោងនេះនឹងមានការគាំទ្រច្រើនពីសាធារណជនជាមិនខាន»៕

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 88888 11

ក.ស.ភ. ​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវការ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំណតផែ​កុងតឺន័រ LM១៧ ជំហានទី៣

ភ្នំពេញៈ កំពង់​ផែស្វយ័ត​ភ្នំពេញ(ក.ស.ភ.) បាន​ប្រកាស​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី៣ ដំណាក់​កាលទី១ ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​កុងតឺន័រ​បាន ១០០ ០០០​ TEUs ក្នុង​១​ឆ្នាំ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​កុងតឺន័រ​ឆ្លង​កាត់​ដែល​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់ ពិសេស​បន្ទាប់​ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ មាន​ភាព​ធូរ​ស្រាល​។

ប្រធាន​អគ្គ​នាយក​កំពង់​ផែស្វយ័ត​ភ្នំពេញ លោក ហ៊ឺ បាវី បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៃ​ចំណត​ផែកុងតឺន័រ LM១៧ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ជំហានទី៣ ដំណាក់​កាល​ទី១ ថា នេះ​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​របស់​កំពង់​ផែស្វយ័ត​ភ្នំពេញ ដែល​បាន​ពង្រីក​សមត្ថភាព​ផ្ទុក​កុងតឺន័រ​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​កុង​តឺន័រ​ឆ្លងកាត់។ គម្រោង​នេះ​បាន​ប្រើប្រាស់​ទុនវិនិយោគ​ប្រមាណ ១៨,៤ លាន​ដុល្លារ ដែល​ជា​ថវិកា​ផ្ទាល់​របស់ ក.ស.ភ. ទាំងអស់​បាន​មក​ពី​ប្រាក់​ចំណេញ និង​ប្រាក់​សន្សំ​អភិវឌ្ឍ​សហគ្រាស។

ចំណត​ផែ​កុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ នេះមាន​ទីតាំង​នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយ​ដែក ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល លើ​ផ្ទៃដី​ទំហំ ២,៧៥​ហិកតា។ គម្រោង​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន សៀង ហៃ​ខន​ស្ត្រាក់​សិន តាម​រយៈ​នីតិវិធី​ដេញ​ថ្លៃ​អន្តរជាតិ សាធារណៈ ដោយ​បាន​ចាប់​ផ្តើម​សាង​សង់​កាល​ពី​​ចុង​ឆ្នាំ​២០១៩ និង​បញ្ចប់​នា​​ពាក់​កណ្តាល​ឆ្នាំ​២០២១។ បើ​យោង​តាម​លោក ហ៊ឺ បាវី កំណើនកុងតឺន័រឆ្លងកាត់ ក.ស.ភ. ជា​មធ្យម​ប្រចាំ​ឆ្នាំ​មាន​ចន្លោះ​ពី ១៥-១៨%៕​

អាសិប(RCEP) នឹងក្លាយជាទីផ្សារធំបំផុតក្នុងតំបន់សម្រាប់ជម្រុញការនាំចេញ របស់កម្ពុជា

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ដែលជាទីផ្សារថ្មីមួយរបស់កម្ពុជាក្នុងការជម្រុញការនាំចេញនិងទាក់ទាញវិនិយោពីបរទេស។

ការថ្លែងរបស់លោករដ្ឋមន្ត្រីរូបនេះបានធ្វើឡើងអំឡុងពេលដែលលោកបានបាន​ដឹក​​នាំ​គណៈ​ប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជា ដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពីការប្រកួត ប្រជែង ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤ ក្រោមអធិបតីភាពលោក ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ។

លោកបានថ្លែងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការ​ចូលរួម​ពីប្រទេសជាសមាជិកអាស៊នចំនួន ១០ និងប្រទេសជាដៃគូពាណិជ្ជកម្ម​សំខាន់ៗ ចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។

លោកថាកម្ពុជាអាចឈានដល់បង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង​មានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក​(ផ្អែកលើទិន្នន័យ​ឆ្នាំ២០១៩)។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖«កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀង​ដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍​សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់​ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការ​គាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេស​ការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់​រហ័ស​ពីវិបត្តិសកូវីដ-១៩»។

យោងតាមតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូ‍ព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀង​អាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន៕

ប្រទេស​កម្ពុជា​អាច​នឹង​​បើក​ទ្វារ​ឡើង​វិញក្នុង​ពេល​ឆាប់ៗ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បានថ្លែងថា ប្រទេស​កម្ពុជា​អាច​នឹង​​បើក​ទ្វារ​ឡើង​វិញក្នុង​ពេល​ឆាប់ៗ ​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរអន្តរ​ជាតិ​​​ដែល​ចាក់​វ៉ាក់​សាំងប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​រួច​រាល់ ដោយ​ចាប់​ផ្តើម​ពី​ភ្ញៀវ​ជនជាតិចិន ខណៈ​​ស្ថាន​ភាព​នៃ​ការ​ឆ្លងរាល​ដាល​​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​បានធ្លាក់​ចុះ​យ៉ាង​ច្រើន​បើ​ធៀប​​នឹង​ប្រទេស​ជា​ច្រើន​​លើ​ពិភព​លោក។

នៅ​ក្នុង​ឱកាស​ប្រកាសបើកយុទ្ធនាការនៃ​ការ​​ចាក់វ៉ាក់សាំង​បង្ការ​​ជំងឺកូវីដ១៩ ជូនដល់កុមារ​អាយុចាប់ពី ៦ឆ្នាំ​ដល់ ១២ឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នាព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​នេះ លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​​​សម្រេច​បាន​លទ្ធ​ផល​ល្អ​ជា​បន្ត​បន្ទាប់​ពី​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាកសាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ កម្ពុជា​បាន​នឹង​កំពុង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​វិស័យ​សំខាន់ៗរបស់​ខ្លួន​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ដោយ​​ផ្តើម​ដំបូងវិស័យអប់រំ ហើយ​បន្ទាប់​មក​គឺ​​វិស័យសេវាកម្ម​(ទេសចរណ៍) ដែលសេវាកម្ម​នេះ​ត្រូវធ្វើ ២ជំហាន គឺ​ទី១ ជាការ​បើកដំណើរ​ការ​វិស័យ​ទេសចរណ៍ក្នុងស្រុក និង​ទី២ គឺទេសចរណ៍អន្តរជាតិ​ដែល​​​ចាក់​វ៉ាក់សាំងរួច​រាល់​។

លោក​បន្ត​ថា នៅ​ពេលខាងមុខ​អ្នកចាក់វ៉ាក់សាំងគ្រប់ដូស អាចមកកម្ពុជាបាន ប៉ុន្តែអាច​ធ្វើចត្តាឡី​ស័ក​នៅក្របខណ្ឌមូលដ្ឋានខេត្តនោះ រយៈ​ពេល ៧ថ្ងៃ ដោយមិនឱ្យឆ្លង​ទៅ​ខេត្តដទៃឡើយ។ ដោយសារ​កម្ពុជា និង​ប្រទេស​ចិន​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា ហើយ​អត្រា​ឆ្លង​ថ្មី​នៅ​ប្រទេស​នេះ​មាន​កម្រិត​ទាប​ខ្លាំង​នោះ ហេតុ​នេះ​កម្ពុជា​អាច​នឹងចាប់​ផ្តើប​បើក​ទទួល​ភ្ញៀវ​ទេសចរចិន​មុន​គេ​។​

លោក​​​ថ្លែង​ថា៖​«​ថ្ងៃ​មុន​វា​ជា​ការ​ភ្លេច​ភ្លាំង​មួយ​របស់​ខ្ញុំ​ដែល​ចង់​ពិភាក្សា​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសរបស់​ចិន ថាយើងគួរ​​សហការ​គ្នា​ធ្វើ​។ បាន​សេចក្តី​ថា ធ្វើ​ចត្តាឡីស័ក ៧​ថ្ងៃ ប៉ុន្តែ​អ្នក​ឯង​មាន​សិទ្ធិ(ភ្ញៀវ​ទេសចរ)ដើរ​នៅ​ក្នុង​ក្រុង ដែល​អ្នក​ឯក​ធ្វើ​ចត្តាឡីស័ក គឺ​មិន​មែន​ធ្វើ​ចត្តាឡីស័ក​ក្នុង​បន្ទាប់​នោះ​ទេ ហើយ​បន្ទាប់​ពី​ហ្នឹង​ទៅ​អ្នក​ឯង​ផុត ៧​ថ្ងៃ គឺអ្នក​ឯង​​អាច​ចេញ​ទៅ​ខេត្ត​ដទៃ»។ លោក​បន្ត​ថា៖​«​ឥឡូវ​សូម​ជួយ​គិត​គ្នា​ ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ទេសចរណ៍​(អន្តរជាតិ​)​ឡើង​វិញ ព្រោះ​កុំ​ភ្លេចឱ្យ​សោះ​​ថា សេដ្ឋកិច្ច​ប្រទេស​ដែល​ជឿនលឿន គឺមាន​ផ្នែក​សេវាកម្ម​នាំ​មុខ​ទាំង​អស់​»។

លោក​បញ្ជាក់​ថា សេវាកម្ម​ គឺ​ជា​វិស័យ​មួយ​ដែល​អាច​រក​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​រីក​ចម្រើន គឺ​ច្រើន​ជាតិ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ទៀត​ផង​។​

លោក​អះអាង​ទៀត​ថា ការខិត​ខំរបស់​រដ្ឋាភិបាល​ក្នុង​​ស្វែង​រក​​​​វ៉ាក់សាំងមក​ចាក់​ឱ្យ​​​ប្រជាពល​រដ្ឋ​គឺ​មិន​ត្រឹម​តែ​ដើម្បី​​សុខភាព​សាធារណៈ​ និង​អាយុ​ជីវិត​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងសម្រាប់​​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​ការ​បើក​ដំណើរ​ការ​អាជីវកម្ម​គ្រប់​យ៉ាង​ផង​ដែរ​។​ លោក​បញ្ជាក់​ថា៖​«យើង​សុខចិត្ត​ចំណាយ​រាប់​រយ​លាន​ដុល្លារ​រក​វ៉ាក់សាំង​យក​មក​ចាក់ ដើម្បី​ទាញ​យក​មក​វិញ​រាប់​ពាន់​​លាន​ដុល្លារសម្រាប់​សេដ្ឋកិច្ច​កម្ពុជា​»។​​​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ធ្លាប់​បាន​លើក​ឡើង​ថា កម្ពុជា​មាន​ផែនការ​នឹង​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩គ្រប់​ដូស​ចាប់​ពី​​​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ នេះ​​តទៅ​៕​

ដាវីត្រាត្រៀមចេញបទចំរៀងថ្មី «ខ្មែរមានគ្រប់សព្វ» ថតចេញពីស្ទូឌីយោ​ខ្នាតអន្តរ​ជាតិដំបូងគេរបស់កម្ពុជា

ភ្នំពេញ៖ ដើម្បីអបអរសាទរការដាក់ឱ្យដំណើការសាកល្បងស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជាផលិតកម្មដាវីត្រាដែលជាផលិតកម្មក្នុងស្រុកឈានមុខគេផលិតបទមិនចំលងគេ (Original Song) កំពុងរៀបចំបទថ្មីដែលរៀបរាប់អំពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត។

បទចំរៀងថ្មីនេះតាក់តែងឡើងដើម្បីលើកស្ទួយវិស័យសិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទំលាប់ដ៏អស្ចារ្យរបស់ខ្មែរ ស្របពេលដែលប្រទេសកម្ពុជាក៏កំពុងត្រៀមខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ ក្នុងពេល ឆាប់ៗ  ដើម្បី ទទួលភ្ញៀវ ទេសចរ ជាតិ និងអន្តរជាតិ ដែល បានទទួលការចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ ១៩  រួច។

កវីនិពន្ធដែលមានទេព្យកោសល្យ និងបទពិសោធខ្ពស់ លោក លោក សយ រតនា ជាអ្នកនិពន្ធបទចំរៀងនេះបានសំរេសចិត្តដាក់ចំណងជើងបទចំរៀងនេះថា« ខ្មែរមានគ្រប់សព្វ» ។ លោកថា បទនេះជាបទដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាវជ្រៅ និងរៀបរាប់ពីលក្ខណៈពិសេសរបស់ខ្មែរដែលមានអារយធម៍ដ៏ល្អឯកដែលប្រទេសដទៃមិនមានដូច។ លើសពីនោះទៅទៀត បទចំរៀងនេះគឺជាការបកស្រាយដោយតារាចំរៀងជាច្រើនរូបប្រចាំផលិតកម្មដាវីត្រាផងដែរ។

បើយោងតាមលោក ម៉េង ប៊ុនឡូ អតីតកំពូលតារាសម្តែង និងតារាចំរៀងនិងជាសមាជិកក្រុមការងារប្រចាំស្ទូឌីយោកោះស្លាកែតបានឱ្យដឹងថាស្ទូឌីយោកោះស្លាកែតគឺជាស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជារបស់ផលិតកម្មដាវីត្រា។ លោកថា ផលិតកម្ម្មដាវីត្រាកំពុងត្រៀមការរួមបញ្ចូលឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទក្នុងបទចំរៀងនេះដើម្បីធ្វើឱ្យបទចំរៀង« ខ្មែរមានគ្រប់សព្វ» នេះកាន់តែមានលក្ខណៈបែបខ្មែរ ដែលស្ដាប់ទៅកាន់តែពិរោះអស្ចារ្យដោយសារតែបទបង្កើតដោយកូនខ្មែរពិតៗ។

បទចំរៀងនេះត្រៀមនឹងចេញក្នុងពេលឆាប់ៗក្នុងអេបកំសាន្ត( Komsan App) ជាឈ្មោះអេបចំរៀងស្ដាប់ដោយសេរីមិនគិតលុយដែលគុណភាពសំលេងពិរោះ។ អេប Komsan នេះត្រូវបានបង្កើតឡើងរួមគ្នាដោយផលិតកម្មចំរៀងដាវីត្រា ហើយបទចំរៀងនេះដែរនឹងបង្ហោះផ្សាយក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គមដទៃទៀតផងដែរ៕

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 88888 11

និស្សិតខ្មែរ ៥៤១​នាក់នៅថៃជួបព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ

ក្រុងបាងកក៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកកនិង លោកឧត្តមសេនីយ៍ វិឈិត យ៉ាធិបយ៍ ប្រធានគម្រោងអភិវឌ្ឍន៍ព្រះរាជឧបត្ថម្ភថៃ-កម្ពុជានៅល្ងាចថ្ងៃទី១៦ កញ្ញា ២០២១ បានដឹកនាំសិស្ស/និស្សិតខ្មែរអាហារូបករណ៍ព្រះរាជទានឆ្នាំសិក្សា២០១៨-២០២១ ចំនួន ៥៤១នាក់ មកពីគ្រឹះស្ថានអប់រំចំនួន ៤៩ ទូទាំងប្រទេសថៃ ចូលគាល់ព្រះអង្គម្ចាស់ក្សត្រិយ៍ ព្រះ​មហាចក្រីសិរិនថន ដោយផ្ទាល់ និង តាមប្រព័ន្ធអនឡាញ ដើម្បីថ្វាយរបាយការណ៍ស្តីពីលទ្ធផលនៃដំណើរការគម្រោងសិស្ស/និស្សិតអាហារូបករណ៍ព្រះរាជទាន៕

CDC អនុម័ត​គម្រោង​វិនិយោគ ៣ តម្លៃ​៨,៥​លាន​ដុល្លារ

ភ្នំពេញៈ គម្រោង​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​ចំនួន ៣ ដែល​មាន​ទុន​វិនិយោគ​សរុប៨,៥​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជាង ៤ ៣០០​កន្លែង​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)អនុម័ត​ក្នុង​សប្តាហ៍​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​CDC ​ឱ្យ​ដឹង​ថា តប​តាម​សំណើ​សុំ​វិនិយោគក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបន​បត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ឱ្យ​ក្រុមហ៊ុនNew T&K Textile Co., Ltdលើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ មាន​ទីតាំង​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ ក្រោម​ទុន​វិនិយោគ ២​លាន​ដុល្លារ ​អាច​បង្កើត​ការងារ​បាន ២៣០០​កន្លែង,​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែក​ជើង និង​គ្រឿង​បន្សំ​ស្បែក​ជើង របស់​ក្រុមហ៊ុន Yuan Shen Tai Co., Ltd នៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ ៣,២​លាន​ដុល្លារបង្កើត​ការងារ​បាន ៩៧៨​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែក​ជើង និង​គ្រឿង​បន្សំស្បែក​ជើង របស់​ក្រុមហ៊ុន Fortune Broad Footwear Co., Ltd នៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិ​យោគ ៣,៣​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ១០២៨កន្លែង។

កម្ពុជា​រំពឹង​ថា នឹង​អាច​ស្រូប​​​បាន​ការ​ចូល​មក​បណ្តាក់​ទុន​​វិនិយោគកាន់​តែ​ច្រើន​នៅ​ពេលច្បាប់​វិនិយោគ​ថ្មី និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​លក្ខណៈ​​តំបន់/​ប្រទេស​ចិន ចូល​ជា​ធរមាន ខណៈ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ទើប​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋសភា​កាល​ពី​សប្តាហ៍​មុន។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានអនុម័ត​គម្រោង​ចំនួន​ ៧០ ក្រោម​ទុនវិនិយោគ​សរុប ២ ៤២៨ ​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ការគណនា​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចំពោះតែ​គម្រោង​ត្រូវបាន CDC បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ចាប់ពី​ខែមករា​ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ២០២១៕​