អត្រាប្តូរប្រាក់ថ្ងៃនេះ (០៦ កញ្ញា ២០២១

ប្តូរប្រាក់នៅ ប្រាសាក់ ទទួលបានអត្រាខ្ពស់ ក្រដាសប្រាក់មានសណ្តាប់ធ្នាប់ ងាយស្រួល និងសុវត្ថិភាព។សូមរីករាយជាមួយនឹងអត្រាប្តូរប្រាក់នាព្រឹកថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2021។

#FX#Currency#Exchange#PRASAC

កម្ពុជា​រង់​ចាំ​ស្វាគមន៍​ការ​វិនិ​យោគ​លើ​ទីផ្សារ​ជួញដូរ​កាបូន

ភ្នំពេញៈ កម្ពុជា​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​នូវ​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​បង្កើត​ផែនការ​ពាណិជ្ជកម្ម​ទីផ្សារ​ជួញដូរ​កាបូន ខណៈ​កម្ពុជា​បាន​និង​កំពុង​ចូល​រួម​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ នេះ​បើ​យោង​តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​។

ក្នុង​សន្ទរកថា​នៃ​វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប ថៃយាន ឆ្នាំ​២០២១ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន នា​ថ្ងៃ​ទី៣ ខែ​សីហា ក្រោម​ប្រធាន​បទ​«ថាមពល​ អាកាស​ធាតុ បរិស្ថាន» លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ក្នុង​បរិការណ៍​ដែល​ពិភព​លោក​ទាំង​មូល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ការ​រៀបចំ​វេទិកានេះ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ក្រើន​រំលឹកឱ្យ​គ្រប់​គ្នា​មិន​ត្រូវ​បំភ្លេច​ចោល​នូវ​បញ្ហា​ថាមពល​អាកាស​ធាតុ និង​បរិស្ថាន។

លោក​បន្ថែម​ថា បញ្ហា​ថាមពល​អាកាសធាតុ និង​បរិស្ថាន ជា​ពិសេស​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏ចម្បង និង​ក្តៅ​គគុក​សម្រាប់​មនុស្ស​ជាតិ ដែល​វា​បាន​និង​កំពុង​បន្ត​ការ​គំរាម​កំហែង​ដល់​សុខភាព​មនុស្ស​ជាតិ​សន្តិ​សុខ​ស្បៀងហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម-សេដ្ឋ​កិច្ច និង​ប្រព័ន្ធ​អេកូឡូស៊ី។ ការណ៍នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ភាព​ចាំបាច់​នៃ ការ​ធ្វើ​បដិវត្ត​ថាមពល​ឱ្យ​បាន​លឿន និង​ប្រកប​ដោយ​យុត្តិធម៌ និង​សមធម៌ ដើម្បី​ផ្លាស់​ប្តូរ​ពី​ការ​ផលិត និង​ប្រើ​ប្រាស់​ថាមពល​ដែល​បញ្ចេញ​កាបូន​ច្រើន​ទៅ​ក្នុង​បរិយាកាស​។

លោក​ថ្លែង​ថា៖​«​ទោះ​បី​កម្ពុជា​ជា​ប្រទេស​មាន​កម្រិត​នៃ​ការ​អភិវឌ្ឍ​ទាប ក៏​រាជ​រដ្ឋាភិបាល​កម្ពុជាមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​កំណត់​យក​បញ្ជា​ថាមពល​អាកាស​ធាតុ និង​បរិស្ថាន​ជា​របៀប​វារៈ​គោល​នយោ​បាយ​ដ៏​សំខាន់ និង​សម្រាប់​រយៈពេល​វែងក្រោម​អភិក្រម [ជា​បញ្ហា​រួម ប៉ុន្តែ​ការអនុវត្ត​ផ្សេងៗ​គ្នា​ទៅ​តាម​ការ​ទទួល​ខុស​ត្រូវ និង​សមត្ថភាព​រៀងៗ​ខ្លួន]»។

លោក​បន្ថែម​ថាជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏​បាន​កត់​សម្គាល់​ដោយ​យក​ចិត្តទុក​ដាក់​ផង​ដែរ​នូវគំនិត​ផ្តួច​ផ្តើម​បង្កើត​ផែនការ​ពាណិជ្ជកម្ម​ទីផ្សារ​ជួញដូរ​កាបូន​នៅ​ក្នុង​ប្រទេសចិន។ លោក​អះអាង​ថា៖​«​កម្ពុជាក៏​បាន​ចាត់​ទុក​ឥណទាន​កាបូន​ជា​ប្រភព​ធនធាន​ហិរញ្ញប្ប​ទាន ប្រកប​ដោយ​ចីរភាពដ៏សំខាន់​មួយ​សម្រាប់​សកម្ម​ភាព​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​កម្ពុជា​បើក​ចំហទទួល​ការ​ចូល​រួម​នៅ​ក្នុង​ភាព​ជាដៃគូ​ជាមួយ​បណ្តា​ប្រទេស និង​វិស័យ​ឯកជន​នានា ដែល​មាន​ចំណាប់​អារម្មណ៍»។

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦ មក​ទល់​ខែ​មិថុនា ឆ្នាំ​២០២១ កម្ពុជា​បាន​ទទួល​ថវិកា​ចំនួន​ ១១,៦ ​លាន​ដុល្លារ​ ពី​ការ​លក់​ឥណទាន​កាបូន​ឱ្យ​ទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មាន​ដូចជា Disney Kering Intuit និង​ Shell និង​ក្រុមហ៊ុន​ Gucci​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​កំពុង​សិក្សា និង​អនុវត្ត​គម្រោង​ឥណទាន​កាបូន​សាកល្បង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​បន្ថែម​ទៀត​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ «Mitsui» ​ផង​ដែរ​។ នេះ​បើ​តាម​លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន៕

ស្ថាប័នពីរសហការគ្នាលើកស្ទួយវិស័យ SME នៅកម្ពុជា

ភ្នំពេញ៖សហគ្រិនខ្មែរ ដែលជាស្ថាប័នផ្ដល់មូលនិធិដោយ​រដ្ឋា​ភិបាល និង​សភាពាណិជ្ជ​ម្មអាមេរិក​នៅកម្ពុជា (AmCham Cambodia) បានចូលក្នុងកិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​ ដើម្បី​លើកកម្ពស់​ និង​បង្កើតប្រព័ន្ធប្រកបដោយ​និរន្តរភាព និងដែលអាចធ្វើការងារបានសម្រាប់​សហគ្រិន និង​សហគ្រាសធុនតូច និងមធ្យម​ (SMEs) នៅកម្ពុជា។

កិច្ចព្រមព្រៀងអនុស្សារណៈនៃការយោគយល់គ្នា (MOU) នេះ​ចុះហត្ថលេខាដោយ​លោក​បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ​ នាយកប្រតិបត្តិ​សហគ្រិនខ្មែរ និង​លោក អាន់តូនី ហ្គាលីយ៉ាណូ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិកនៅកម្ពុជា កាលពីថ្ងៃទី​៣ខែ​កញ្ញា​នៅសណ្ឋាគារROSEWOOD PHNOM PENH។

អនុស្សរណៈយោគយល់គ្នានេះនិងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្ពោះទៅរកភាពរស់រវើកនិងច្នៃប្រឌិតដែលជាកម្លាំងចលករមួយក្នុងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

អនុស្សរណៈយោគយល់គ្នានេះបានភ្ចាប់មកជាមួយកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាការរៀបចំបណ្តុះបណ្តាលការរៀបចំសិក្ខាសាលាការផ្គូផ្គងអាជីវកម្មការផ្សព្វផ្សាយពាណិជ្ជកម្មព្រឹត្តិការណ៍ប្រកួតប្រជែងនិងការផ្សព្វផ្សាយវប្បធម៌សហគ្រិនរួមគ្នា។

ស្ថិតក្រោមMoU នេះ សភា​ពាណិជ្ជកម្ម​អាមេរិកនៅកម្ពុជា (AmCham) នឹងផ្តល់នូវការពង្រឹង​សមត្ថភាព ផ្តល់ការណែនាំ និងការចែករំលែកព័ត៌មានអំពីអាជីវកម្មអាមេរិកនៅក្នុងប្រទេសកម្ពុជា ទាំងនេះគឺជា ផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួមគ្នា។

លោកឈៀងវណ្ណមុនិណ្ឌនាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានឲ្យដឹង ភាពជាដៃគូទីផ្សារវាង​សហគ្រិន​ខ្មែរ​​ (Khmer Enterprise) និងសភាពាណិជ្ជកម្មអាមេរិក (AmCham) នឹងផ្ដល់ការបង្កើនល្បឿននៃបេសកកម្មរបស់យើងក្នុងការ​​​​គាំទ្រដល់ប្រព័ន្ធអេកូសហគ្រិនភាព។

លោកថ្លែងថា៖ «ជាមួយនឹងអនុស្សរណៈយោគយល់គ្នានេះសភា​ពាណិជ្ជកម្ម​អាមេរិកនៅកម្ពុជា (AmCham) ដែលជាដៃគូថ្មីនឹងរួមចំណែកយ៉ាងសំខាន់ចំពោះចក្ខុវិស័យរបស់យើងក្នុងការក្លាយជាវេទិកាជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនភាព”។

លោក Anthony Galiano បាន​​ឲ្យដឹងថា កិច្ចសហការគ្នានេះ AmChamber នឹងផ្ដល់​អ្នកជំនាញ និងធនធាន ដើម្បីជួយ​ និងគាំទ្រ​សម្រាប់​កែលម្អ​SMEs និង​ធុរកិច្ចបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា។​

លោក​ថ្លែងថា៖ «​យើងចាប់យកឱកាសនេះប្រកបដោយការប្ដេជ្ញាចិត្ត ក្នុងការ​រួមគ្នាជាមួយ​សហគ្រិន​ខ្មែរ ក្នុងការផ្ដល់​ធនធាន អ្នកជំនាញ និងបណ្ដាញដើម្បីអភិវឌ្ឍ និង​លើកកម្ពស់​ទីផ្សារ​អាជីវកម្ម និង​សេដ្ឋកិច្ច នៅក្នុងប្រទេស​កម្ពុជា ដើម្បីគាំទ្រធុរកិច្ចបង្កើតថ្មី សហគ្រិន និង​ SMEs។ យើង​ប្ដេជ្ញាចិត្តចំពោះការចូលរួមសកម្មភាពនិងលទ្ធផលក្នុងការគាំទ្រសហគមន៍អាជីវ​កម្ម និង​ទីផ្សារ យើង​ប្រតិបត្តិការដើម្បីភាពល្អប្រសើរ​របស់សមាជិកភាព​របស់យើង និងប្រទេស​កម្ពុជា​​»៕

ពិសេសណាស់! បានលេខហុងស៊ុយ លេខគណនីពិសេស មិនចំណាយប្រាក់ជាមួយ អេស៊ីលីដាម៉ូបាល!

ទាំងខ្ញុំទាំងគេង មិនថាឡើយចាប់លេខធ្វើអ្វីមួយ លេខទូរសព្ទ ឬក៏បើក​គណនីយ​ធនាគារនោះទេ គឺតែងតែចង់បាននូវលេខហុងស៊ុយ ឬលេខពិសេសដែល​នាំ​សំណាង។ ឥឡូវនេះអស់កង្វល់ជាមួយធនាគារអេស៊ីលីដា យើងអាចយក​លេខ​គណនីពិសេសៗ ដែលជាលេខទូរសព្ទដៃរបស់ខ្លួន ទោះជាលេខការ៉េក៏ដោយ ក៏មិនចាំបាច់​ចំណាយប្រាក់ទិញដែរ ដោយគ្រាន់តែទាញយកកម្មវិធីអេស៊ីលីដាម៉ូបាល លេខទូរសព្ទដៃពិសេសរបស់អ្នក គឺជាលេខគណនីអេស៊ីលីដាវ៉លឡែត (អេស៊ីលីដាម៉ូបាល) តែម្តង។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា​ដោយសង្កេតឃើញថាអតិថិជនតែងតែចង់បាននូវគណនីលេខពិសេសៗ ឬដាក់លេខ​ទូរសព្ទដៃជាលេខគណនីនោះ  ធនាគារអេស៊ីលីដាបានធ្វើទំនើប​កម្មបច្ចេកវិទ្យារបស់ខ្លួន​ដែលអនុញ្ញាត្តិឱ្យអតិថិជនកំណត់លេខពិសេស ឬដាក់លេខទូរសព្ទដៃរបស់ខ្លួន​សម្រាប់បង្កើតគណនីដោយមិនគិតកម្រៃសេវាទៀតផង។

លោកស្រីនាយិកាបានមានប្រសាសន៍យ៉ាងដូច្នេះថា៖«អតិថិជនប្រើប្រាស់អេស៊ីលីដាម៉ូបាលមិនបារម្ភរើសលេខពិសេស ឬចំណាយលុយ​សម្រាប់លេខគណនី​ពិសេសៗ​នោះទេ លេខទូរសព្ទដៃរផ្ទាល់ខ្លួន​គឺជាលេខគណនី​អេស៊ីលីដាម៉ូបាលរបស់អតិថិជន  ហើយសំខាន់អេស៊ីលីដាម៉ូបាលមានសេវាកម្មជា​ច្រើនដែលអាច​បំពេញតម្រូវការ​របស់គាត់ប្រើប្រាស់យ៉ាងងាយស្រួល និងមិនអស់ថ្លៃសេវា» ។

វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលី​ដាម៉ូបាល​នេះ តាមរយៈ App Store, Play Store, App gallery នោះអ្នកនឹងទទួលបាន​ការប្រើប្រាស់​សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ និងដោយមិនអស់ថ្លៃសេវា ។

ប្រសិនបើមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទូរសព្ទទៅកាន់លេខ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ (បម្រើសេវា ២៤ម៉ោង) ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ៕

កម្ពុជានឹងជម្រុញការលក់ផលិតផលខ្មែរទៅក្រៅប្រទេសកាន់តែច្រើនឡើង

ភ្នំពេញៈ រដ្ឋា​ភិបាល​កម្ពុជា​តាម​ក្រសួង​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្តេជ្ញា​ជំរុញ​ការ​លក់​ផលិត​ផល​ខ្មែរ​ដែល​មាន​សក្តា​នុពល​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ក្នុង​បរិបទ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​។​

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ាន សូរស័ក្តិ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​លើកទី​១ នៃ​ក្រុម​ការងារ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ និង​ជំរុញ​ការ​លក់​ផលិត​ផល​ខ្មែរ​នៅ​ក្នុង​ប្រទេសនិង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ កាលពី​ថ្ងៃទី ៣០ ខែ​សីហា។​

ក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​បាន​លើក​ឡើង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ ក្នុង​កិច្ច​ការ​ជំរុញ​ចរាចរ​ផលិត​សក្តានុពល​របស់​កម្ពុជា​ទាំង​លើ​ទីផ្សារ​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ នាពេល​កន្លង​មក​ តាម​រយៈ​ការ​ដាក់​ចេញ ​និង​ចូល​រួម​អនុវត្ត​នូវ​គោល​នយោបាយ ​និង​យុទ្ធ​សាស្រ្ត​។​

លោក​រដ្ឋ​មន្រ្តី ​បាន​ឱ្យដឹងទៀត​ថា​ ក្រសួង​បាន​និង​កំពុង​បន្ត​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​តាម​រយៈ​ការ​កសាង​ច្បាប់ ​និង​បទ​ដ្ឋាន​គតិ​យុត្ត​ ក្នុង​នោះ​ មាន​ច្បាប់​ស្តីពី​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេទ្បិច​ត្រូនិក​ ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ និង​ច្បាប់​ស្តីពី​ការ​ប្រកួត​ប្រជែង​ ជាដើម​ ហើយ​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​នៃ​អគ្គ​នាយក​ដ្ឋាន​ការ​ពារ​អ្នក​ប្រើ​ប្រាស់ ​កិច្ចការ​ប្រកួត​ប្រជែង​ និង​បង្រ្កាប​ការ​ក្លែង​បន្លំ​ និង​ការ​បង្កើត​ក្រុម​ការងារ​ជា​សសរស្តម្ភ​ក្រោម​ក្រសួង​ពាណិជ្ជ​កម្ម​។

ព្រម​ទាំង ការ​ដាក់​ដំណើរ​ការ​គម្រោង​ឌីជីថល ​Go4Cam ​និង​ Cambodia​Trade.com ​ដើម្បី​តភ្ជាប់​ទៅ​នឹង​សហ​គ្រាស​មីក្រូ​ តូច​ និង​មធ្យម​។​ ពិសេស​ការ​ចរចា​បង្កើត​ទីផ្សារ​បន្ថែម​តាម​រយៈ​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរីទ្វេ​ភាគី​ និង​តំបន់​ ដូចជា ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ភាព​ជា​ដៃ​គូ​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP)​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-ចិន​ (CCFTA)​ កម្ពុជា​-កូរ៉េ ​(CKFTA)​ និង​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរី​ទ្វេភាគី​មួយ​ចំនួន​ទៀត​។

លើសពីនេះ ក្រសួង​បន្ត​អនុវត្ត​យុទ្ធនា​ការ​លើក​ស្ទួយ​ផលិត​កម្ពុជា​តាម​រយៈ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​(​តាម​អនឡាញ​)​ ដើម្បី​ជំរុញ​ផលិត​ផល​ជាតិ​ក្នុង​អំទ្បុង​ពេល​បិទ​ខ្ទប់​។

លោក​ថ្លែង​ថា៖ «តាម​រយៈ​ការ​បន្ត​អនុវត្ត​នូវ​យន្ត​ការ​ខាង​លើ​នេះ ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​បង្កើត​ក្រុម​ការងារ​នេះ​ទ្បើង​ ដើម្បី​ចូល​រួមដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​កាន់​តែ​រលូន ​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ សំដៅ​ជំរុញ​ការ​លក់​ផលិត​ផល​ខ្មែរ​ទាំង​លើ​ទី​ផ្សារ​ក្នុង​ស្រុក ​និង​ការ​នាំចេញ​ទៅ​ក្រៅប្រ​ទេស​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​»។

ក្រុមការងារ​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចម្បង ដើម្បី​ ជួយ​ដល់​ប្រជា​កសិករ​ក្នុង​ការ​ដាក់​លក់​ផលិត​ផល​នៅ​លើ​ទី​ផ្សារ​ក្នុង​ស្រុក ​និង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ និង​ជួយ​ដល់​អ្នក​ប្រើប្រាស់​ សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ទទួល​បាន​ទំនិញ​ប្រកប​ដោយ​គុណ​ភាព ​និង​ក្នុង​តម្លៃ​កាន់​តែ​ប្រសើរ ​ព្រមទាំង​​ជួយ​ដល់​ក្រុមហ៊ុន​ធុរកិច្ច​ និង​អាជីវ​កម្ម​នានា ​ដើម្បី​អាច​ធ្វើ​ពាណិជ្ជ​កម្ម​បាន​យ៉ាង​រលូន ​និង​មាន​ភាព​ប្រកួត​ប្រជែង ​អនុលោម​តាម​ច្បាប់​ និង​បទ​ដ្ឋាន​គតិ​យុត្ត​ជាធរមាន​។

លោក​រដ្ឋ​មន្រ្តី​ បាន​អះអាងថា  ដើម្បី​ពង្រឹង​ប្រសិទ្ធិ​ភាពលើ​កិច្ចការ​នេះ លោក​បាន​​ផ្តល់​អនុសាសន៍​ណែនាំ​មួយ​ចំនួ​ន​ ដល់​ក្រុម​ការ​ងារ​ដើម្បី​ជា​ទិស​ដៅ​អនុវត្ត​ រួមមាន ក្រុម​ការងារ​តាម​វិស័យ​នីមួយៗ​ ត្រូវ​បន្ត​សហការ​ និង​គាំទ្រ​គ្នា ​(cross​-learning)​ ដើម្បី​អាច​ឱ្យ​ការងារ​កាន់​តែ​មាន​ភាព​ប្រទាក់​ក្រទ្បាគ្នា​ និង​បំពេញ​បន្ថែម​គ្នា​ទៅ​វិញ​ទៅ​មក​។

​អនុវត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​អនុសាសន៍​ណែនាំ ​និង​ពិសេស ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា ​ដោយ​ក្នុងបរិការណ៍​នេះ ​គ្រប់​សមាជិក​នៃ​ក្រុម​ការងារ​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ឆ្លង​កាត់ ​និង​ដោះ​ស្រាយ​បញ្ហា​នានា​ក្នុង​អំទ្បុង​ពេល​នៃ​វិបត្តិកូវីដ១៩​ហើយ​បរិយា​កាស​ទីផ្សារ​មាន​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័សដែល​បង្កទ្បើង​ដោយ​ភាព​មិន​ប្រាក​ដប្រជា​នៃ​វិបត្តិ​ជំងឺ​ឆ្លង​ និង​ការ​ប្រកួត​ប្រជែង​គ្នា​នៃ​មហា​អំណាច​សេដ្ឋកិច្ច​៕

កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២ ដោយបញ្ចូលក្រសួង-ស្ថាប័នចំនួន ៤ បន្ថែមទៀត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Single Portal)ហើយចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅដោយបានបញ្ចូលក្រសួង-ស្ថាប័នចំនួន ៤ បន្ថែមទៀត ដើម្បីពង្រីកវិសាលភាពផ្តល់អាជ្ញាបណ្ណដល់វិស័យអាទិភាពសម្រាប់គាំទ្រកំណើនសេដ្ឋកិច្ចជាតិក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

ក្នុងកម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី ២ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃពុធនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ក្រសួង-ស្ថាប័នទាំង ៤ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ។

លោកបានថ្លែងទៀតថា ការដាក់ឱ្យដំណើរការប្រព័ន្ធ Single Portal ធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែបរិយាកាសធុរកិច្ច និងវិនិយោគក្នុងទិសដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសចូលរួមចំណែករក្សានិរន្តរភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការធ្វើឌីជីថលរូបនីយកម្មលើសេវាសាធារណៈ។

លោកបានលើកឡើងថា៖ «ការដាក់ឱ្យដំណើរការ Single Portal ដំណាក់កាលទី២នេះ បានបង្ហាញយ៉ាងច្បាស់ថា ការកែទម្រង់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាបានសម្រេចនូវលទ្ធផលដូចការគ្រោងទុក»។

ក្នុងដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធ Single Portal កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដែលមាន ក្រសួង និងស្ថាប័នចំនួន ៦ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

កម្ពុជានឹងដាក់ដំណើការប្រព័ន្ធចុះបញ្ជី​តាមថ្នាលបច្ចេកវិទ្យា (Single Portal) ដំណាក់កាលទី២ស្អែកនេះ

ភ្នំពេញៈ​រដ្ឋា​ភិបាល​កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវ​កម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័​ត៌​មាន (Single​ Portal)ដំណាក់​កាល​ទី​២ ជា​ផ្លូវ​ការ​ នៅថ្ងៃ​ទី​១ ​ខែ​កញ្ញា ​ឆ្នាំ​២០២១​។​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួង​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា កម្ម​វិធីនេះ​ ក្រោម​អធិបតិភាព​លោក ​អូន​ ព័ន្ធ​មុនីរ័ត្ន​ ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្រ្តី​​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ និង​មាន​ការ​ចូល​រួម​ពី​ក្រសួង​-ស្ថាប័ន​ សមាគម ​អង្គការ​សង្គម​ស៊ីវិល​ ដៃគូ​អភិវឌ្ឍន៍ ​ស្ថានទូត ​និង​គ្រឹះ​ស្ថាន​សិក្សា​មួយ​ចំនួន​ទៀត​។​

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ​ក្នុង​ដំណាក់​កាល​ពី២​នេះ ​ប្រព័ន្ធ​នេះ​នឹង​ពង្រីក​វិសាលភាព​ដល់​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ ឬ​លិខិត​អនុញ្ញាត​ផ្សេងៗ​តាម​អនឡាញ​ទៅ​តាម​សកម្ម​ភាព​អាជីវកម្ម​ពីក្រសួង​-ស្ថាប័ន​ជំនាញ​ដែល​មាន​តួនាទី​ត្រួត​ពិនិត្យ​ផ្នែក​បច្ចេក​ទេស​តាម​វិស័យ​។ ​ក្រសួង​-ស្ថាប័ន​ទាំង​ ៤​ រួម​មាន​ ក្រសួង​ឧស្សាហ​កម្ម​ វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា ​និង​នវានុវត្តន៍​ ក្រសួង​ទេសចរណ៍​ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​និង​និយ័ត​ករ​អាជីវ​កម្ម​អចលនវត្ថុ​ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវាកម្ម​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ដែល​ទើប​នឹង​បង្កើត​កាល​ថ្មីនេះ​។​

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖«​នេះ​គឺ​ជា​ការ​កែ​ទម្រង់​មុត​ស្រួច ​ជា​កញ្ចប់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បា​​នដាក់​ចេញ ​ក្នុង​វេទិកា​រា​ជ​រដ្ឋា​ភិបាល​-ផ្នែក​ឯ​កជន​លើក​ទី១៨ ​កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មីនា ​ឆ្នាំ​២០១៩​ កន្លង​ទៅ​»។

រដ្ឋាភិបាល​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​ការ​ចុះ​បញ្ជី​អាជីវ​កម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​(Single​ Portal) កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​មិថុនា​ ឆ្នាំ​ ២០២០​។​ ក្រសួង​ និង​ស្ថាប័ន​រដ្ឋ​ចំនួន​ ៦​ ដែល​ចុះ​បញ្ជី​ក្នុង​ប្រព័ន្ធ​នេះ ​រួម​មាន​ក្រសួង​មហា​ផ្ទៃ ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ក្រសួង​ពាណិជ្ជ​កម្ម​ និង​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ ​និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមិថុនាដែល​មាន​រយៈ​ពេល​១ឆ្នាំ​គត់ ​ពាក្យ​ស្នើសុំ​ចំនួន​ ៦ ១៦៤ ​ត្រូវបាន​អនុម័ត​ជាមួយ​នឹង​ទំហំ​ដើមទុន​សរុប​ ២ ៦៣១ ​លាន​ដុល្លារ​។នេះបើតាម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​៕

ផ្សារទំនើបលក់រាយ 7-Eleven បើកជាផ្លូវការនៅកម្ពុជាជាលើកដំបូង

ភ្នំពេញ៖ CP All Pcl របស់ ថៃ បានបើកដំណើរការហាងលក់រាយ 7-Eleven លើកដំបូងរបស់កម្ពុជា ក្នុងការចាប់យកនូវកំណើននៃតម្រូវការនៅក្នុងប្រទេសអាស៊ានមួយនេះ។

ហាងលក់រាយ 7-Eleven លើកដំបូងត្រូវបានចាប់ផ្ដើមដំណើរការជាផ្លូវការកាលពីថ្ងៃទី៣០ ខែសីហា  នៅក្នុង​វិស័យដែលចង្អៀតបំផុត និងផ្លូវពាណិជ្ជកម្មនៅជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ៦។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន «ហាងលក់រាយ7-Elevenលើកដំបូងនៅកម្ពុជា ត្រូវបាន​បើក​ដំណើរការជាផ្លូវការហើយ។ នេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន CP ALL ក្នុងការ​ពង្រីក​ទៅ​ក្នុង​តំបន់​អាស៊ាន ដែលបញ្ជាក់ពីភាពខ្លាំងនៃសេវាកម្មពីប្រទេសថៃ ចំពោះអតិថិជនកម្ពុជា ដែលផ្តោតការយក​ចិត្តទុក​ដាក់​លើការធ្វើអាជីវកម្មស្របជាមួយនឹងការបង្កើតតម្លៃសម្រាប់សង្គម «បង្កើតនិងចែករំលែកឱកាស»។

លោក Mr.Chairoj Tiwatmunoharoen អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP All បានឱ្យដឹងថា ALL (Cambodia) Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP ALL បានចុះកិច្ចព្រមព្រៀង​សិទ្ធិធ្វើ​អាជីវកម្មក្រុមហ៊ុន 7-Eleven Inc កាលពីឆ្នាំមុន ដើម្បីប្រតិបត្តិការហាងលក់រាយ7-Eleven Stores នៅក្នុងប្រទេសកម្ពុជា។

លោក Chairoj ថ្លែងថា៖ «ការបើកដំណើរការហាងលក់រាយ 7-Eleven លើកដំបូងនៅកម្ពុជា​នៅថ្ងៃ​នេះ វាជា​សញ្ញាដ៏សំខាន់មួយនៃមិត្តភាព និងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំង​កម្រិតរដ្ឋាភិបាល និងប្រជាជន និងគុណភាពសេវា»។

លោកលើកឡើងថា៖ «អ្វីដែលសំខាន់ដើម្បីបញ្ជាក់គឺថា ការគោរពច្បាប់ និងការអនុវត្តរបស់សង្គម​ដែលយើង​គឺជាផ្នែកមួយ។ ជាមួយគ្នានេះដែរ យើងបានទទួលយកដំណោះស្រាយដូចគ្នា​នឹង​ប្រទេសថៃ។ ក្រៅពីគុណ​ភាព​ផលិតផល និងសេវា យើងនឹងខិតខំរួមចំណែកក្នុងការផ្តល់​តម្លៃដល់​ការ​ចែកចាយ ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់សហគ្រាសខា្នតតូច និងការធ្វើអាជីវកម្ម​ដោយ​គិតគូរពីបរិស្ថាន ដើម្បីលើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា។ យើងសង្ឃឹមថា នឹងទទួលបានការគាំទ្រ​យ៉ាងល្អ​ពីប្រជាជនកម្ពុជា»។

លោកអ៊ូក សោភ័ណ បានប្រាប់PlusOne ថា ការសម្ពោធសាខាហាងលក់រាយ 7-Eleven បាន​បញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនCP All នៅក្នុងប្រទេសកម្ពុជា គឺស្របជាមួយ​នឹងគំនិតផ្តួច​ផ្ដើមជា​យុទ្ធសាស្ដ្រ​ការទូតសេដ្ឋកិច្ចកម្ពុជា និងអនុវត្តដោយលោកប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងកិច្ចការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ដោយមានការគាំទ្រពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

7-Eleven ជាប្រតិបត្តិករសិទ្ធិធ្វើអាជីវកម្មដែលចុះបញ្ជីនៅទីក្រុងបាងកក ដែលជាសាខាលក់រាយ​របស់ក្រុមហ៊ុន Charoen Pokphand Group Co Ltd បានផ្ដល់សិទ្ធិធ្វើអាជីវកម្មដល់ក្រុមហ៊ុន CP All (Cambodia) Co Ltd ក្នុងរយៈពេល៣០ឆ្នាំក្នុងការបង្កើត និងប្រតិបត្តិការសាខា 7-Eleven។ នេះបើយោងតាម​របាយការណ៍​ប្រព័ន្ធព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ។

របស់មន្ដ្រីនៅក្រុមហ៊ុនCP Allនៅប្រទេសថៃ​ដែល​លើក​ឡើងថា ក្រុមហ៊ុន CP All គ្រោងនឹងបើកដំណើរការហាងលក់រាយយ៉ាងហោចណាស់ ៦ទៀត​នៅ​ឆ្នាំនេះ ៕

ទោះបីកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រដ្ឋាភិបាលនៅបន្តធ្វើការកំណែទម្រង់សេដ្ឋកិច្ចដ៏ស៊ីជំរៅ

ក្រុងបាងកក៖ លោក​អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំទីក្រុងបាងកក​ បាន​ប្រាប់​មេដឹកនាំ ធុរកិច្ចជនរបស់​ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) ថា រដ្ឋា​ភិបាល​កម្ពុជា​ បានធ្វើកំណែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅ ចំពេល​ការរីករាលដាលជំងឺកូវីដ១៩​ ដើម្បី​រក្សាកំណើន​សេដ្ឋកិច្ច​រួមក្នុងរយៈពេលវែង។

លោក​ សោភ័ណ ថ្លែងនៅក្នុង​វេទិកា​CLMVT Forum 2021 ស្ថិត​ក្រោមប្រធានបទ «ការបង្កើនល្បឿន​ការស្ទុះងើបឡើងវិញ​ដ៏រឹងមាំ​» ដែល​ត្រូវបានរៀបចំឡើងដោយ​ក្រសួងពាណិជ្ជកម្មថៃ កាល​ពីថ្ងៃទី​២៤ខែសីហា។​

​លោកបាន​​ឲ្យ​ដឹងថា កម្ពុជា​បានធ្វើការកំណែទម្រង់និងវិធានការផ្តោតការយកចិត្តទុកដាក់​ជាបន្តបន្ទាប់ ដែលរួមមាន​ការបង្ហាញច្បាប់វិនិយោគថ្មីនិងការធានាឥណទានរបស់រដ្ឋាភិបាលការអនុម័ត​ច្បាប់​ពាណិជ្ជកម្មអេឡិចត្រូនិក និងយុទ្ធសាស្ត្ររបស់ខ្លួន សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូសាធារណៈ-ឯកជន ការចុះឈ្មោះអាជីវកម្មអនឡាញ និង​គំនិតផ្តួចផ្តើមសេដ្ឋកិច្ចឌីជីថលមួយចំនួន។

ជាមួយគ្នានេះដែរ លោក​បាន​​ឲ្យដឹងថា រដ្ឋា​ភិបាល​ក៏​បានដាក់ចេញនូវការទូតសេដ្ឋកិច្ច ចាប់តាំងពី​ឆ្នាំ​២០១៨ ហើយ​បន្ទាប់មកគឺ ការអនុម័ត «​យុទ្ធសាស្ដ្រ​ការទូតសេដ្ឋកិច្ច (EDS)» កាល​ពីដើម​ឆ្នាំនេះ​ សំដៅ​ផ្លាស់ប្តូរការទូតធម្មតា​ទៅជា​ការទូតប្រភេទថ្មី និងរឹង​មាំមួយ​ ដើម្បី​​ជំរុញ​បន្ថែម​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្មអន្តរជាតិ ការវិនិយោគផ្ទាល់បរទេស ទេសចរណ៍ វប្បធម៌ និង​កីឡា តាមរយៈការប្រែក្លាយបញ្ហា​ប្រឈមទៅជា​កាលានុវត្តភាពសម្រាប់​កម្ពុជា។​

លោក​ថ្លែងថា៖ «​ទាំងនេះ​មាន​គោល​បំណង ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែងរបស់ខ្លួន និងជួយសម្រួល​បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច និង​ការវិនិយោគនៅក្នុងប្រទេសនេះ​»។ លោក​បន្តថា នៅពេលនេះ​រដ្ឋា​ភិបាល​កំពុង​ត្រៀមខ្លួន​ ដើម្បី​ដាក់ចេញ​ផែនការ​ស្ទុះងើបឡើងវិញ​នៃសេដ្ឋកិច្ចឆ្នាំ​២០២១-២០២៣ ដើម្បីលើកស្ទួយសេដ្ឋកិច្ចចេញផុត​ពី​ជំងឺកូវីដ១៩។​

លោក​លើកឡើងថា​៖ «​រដ្ឋា​ភិបាល​ប្ដេជ្ញាចិត្តថា នឹង​ប្រែក្លាយវិបត្តិនេះទៅជា​កាលានុវត្តភាព​មួយសម្រាប់​​កំណើន ក្នុងអំឡុងពេល​ និង​ក្រោយដំណាក់កាល​ជំងឺកូវីដ១៩ ដើ​ម្បី​បង្កើតប្រព័ន្ធ​សង្គមសេដ្ឋកិច្ចកាន់តែរឹងមាំ​មួយ​ដែល​ធន់នឹង​វិបត្តិដែលកើតឡើងនៅពេលអនាគត​»។​

លោក​បញ្ជាក់ថា​៖ «​ខ្ញុំជឿជាក់ថា វេទិកានេះ​នឹង​ផ្ដល់​ឱកាស​ដល់អ្នកចូលរួម​ទាំងអស់ ដើ​ម្បី​ផ្លាស់ប្តូរ​ទស្សនៈ​ ចែលរំលែក​គំនិត និង​ផ្ដល់អនុសាសន៍ដើម្បី​​ការស្ដារសេដ្ឋកិច្ច របស់កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ លើដំណើរ​ផ្លូវដ៏រឹងមាំនៅក្នុងតំបន់​​»។ លោក​បន្តថា​៖ «​តំបន់ដែលយើង​កំពុងស្ថិតនៅក្នុង​គ្រួសារមេគង្គ។ យើងមានទីតាំងស្ថិតនៅចំកណ្តាលដីគោកអាស៊ានដែលមានចំនួនកម្លាំងពលកម្មផលិតភាពខ្ពស់​ និងមូលដ្ឋានផលិតកម្មសំខាន់ៗសម្រាប់សេដ្ឋកិច្ចពិភពលោក”។

លោក សោភ័ណ បញ្ជាក់ថា​៖ «​រហូតមកដល់​ពេលនេះ យើង​ទទួលបានជោគជ័យ​ក្នុងការធានា​ឲ្យប្រាកដថា ប្រជាជនទទួល​បាន​សន្ដិភាព ស្ថិរភាព​ សន្ដិសុខ និង​ការអភិវឌ្ឍជាប្រចាំ។ ជាអកុសល ផល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែ​ការរីករាលដាលជំងឺកូវីដ១៩​ ចាប់តាំង​ពី​ដើម​ឆ្នាំ​មុន ភាគច្រើនបានរុញច្រានសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកឱ្យធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច​​ និង​បណ្តាលឱ្យមានការលំបាកយ៉ាងខ្លាំងដល់ជីវិតមនុស្ស»។

បើយោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ក្នុង​ឆ្នាំ ២០២១ ការផ្ទុះឡើងការឆ្លង​ក្នុង​សហគមន៍២០កុម្ភៈ គួបផ្សំជាមួយនឹង​ការ​មកដល់​វីរុសវ៉ារ្យង់Delta និង​ការ​កើនឡើង​ករណីឆ្លងដែលនាំចូល​នៅពេលថ្មីៗ​ បាន​បណ្ដាល​ឲ្យ​កម្ពុជា​កែតម្រូវ​ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន​សម្រាប់​ឆ្នាំ២០២១ មកនៅត្រឹម​២,៤​ភាគរយធ្លាក់ចុះពី​៤,០​ភាគរយ​កាល​ពីដើមឆ្នាំនេះ ហើយ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ នឹង​មានចំនួន​​៤,៨​ភាគរយ​សម្រាប់​ឆ្នាំ​២០២២ នៅពេលដែល​​វីរុសកូរ៉ូណា​ធូរស្រាល​៕​

ធនាគារអេស៊ីលីដាដាក់ឲ្យ​ដំណើការ «សេវាកម្ម​ធនាគារ​ស្វ័យប្រវត្តិ» ១២ ទីតាំងនៅ​ភ្នំពេញ និង១ទីតាំងក្នុងខេត្តសៀមរាប

ជាមួយនិងការនិយមប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងដើម្បីបង្ក​លក្ខណ:​ងាយស្រួល​អតិថិជនជាពិសេសអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ​ធនាគារ​អេស៊ី​លីដា​បានធ្វើឲ្យ​ប្រសើរ​ឡើង​ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយ​ធនាគារ​ដាក់​ឲ្យ​ដំណើរ ការទីតាំង«សេវាកម្ម​ធនាគារ​ស្វ័យប្រវត្តិ» (Banking Self-Service)  នៅ​ទីតាំង​ចំនួន ១២ នៅក្នុងរាជធានី​ភ្នំពេញ និង១ទីតាំងនៅខេត្តសៀមរាប​ក្នុងការផ្តល់ជាជម្រើស​កាន់តែ​សម្បូរបែប និងងាយស្រួល ដល់​អតិថិជន​សម្រាប់ការប្រើប្រាស់សាច់​ប្រាក់ទៅ​តាមតម្រូវការ បន្ថែម​ពីលើ​ការ​ប្រើប្រាស់​តាម អេស៊ីលីដាម៉ូបាល ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍យ៉ាងថា ៖ «ធនាគារ អេស៊ីលីដា កំពុងបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោនិងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត ។

លោកស្រីនាយិកាបានបន្ថែមថា ៖ «អត្ថប្រយោជន៍ គឺការធានាបាននូវ​សេចក្តីត្រូវការ​របស់អតិថិជន ក្នុងការប្រើប្រាស់សាច់ប្រាក់ទៅតាមពេលវេលាដែលគាត់ត្រូវការ មិនថាពេលណា ឬកន្លែងណាទេ គឺងាកឃើញៗគ្រប់កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀត ដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ ។ គម្រោង​របស់យើងនឹងមានផែន​ការបង្កើតឲ្យមានទីតាំងរបៀបនេះរហូតដល់ ៥០ទីតាំង នៅទូទាំងប្រទេស។»

លោកស្រីបានបន្ថែមទាំងទៀតថា៖« យើងទាំងអស់គ្នា ដែលបំរើការនៅធនាគារ អេស៊ីលីដា មានមោទនភាពណាស់ដែលមានឱកាសក្នុងការបម្រើសេវា​កម្មហិរញ្ញ​វត្ថុជូន​អតិថិជន, សាធារណជន គ្រប់ជាតិសាសន៍ ប្រកបដោយកាយ​វាចារចិត្តស្មោះស្ម័គ្រ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត» ។

ជាមួយទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា លោកអ្នកអាចធ្វើសេវាកម្មធនាគារដោយខ្លួនឯងបាន ២៤ម៉ោងលើ​២៤​ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ជាដើម ។

គួរ​កត់សម្គាល់ថា ធនាគារ អេស៊ីលីដា មកដល់ពេលនេះ មានម៉ាស៊ីន អេធីអឹមសម្រាប់បំរើអតិថិជនទាំងយប់ថ្ងៃ ២៤/២៤ ចំនួន​៧៩២ ម៉ាស៊ីនឆូតកាតចំនួន ៤,៣២១ម៉ាស៊ីន។  កាលពីដើមឆ្នាំ​២០២១នេះ ធនាគារ​ អេស៊ីលីដា បាន​ធ្វើទំនើបកម្ម​និង​អភិវឌ្ឍ​ អេស៊ីលីដាម៉ូបាល របស់ខ្លួន កាន់តែទំនើប​ មានពហុមុខងារ​ច្រើន​សម្បូរ​បែប ដែលធ្វើឲ្យអតិថិជន​​កាន់តែទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន និងងាយស្រួល​ប្រើ ​ដែលមកដល់ពេលនេះ ​អេបមួយនេះមានចំនួនអ្នក​ប្រើប្រាស់​​២លាននាក់​ ៕

លោកអ្នកអាចស្វែងរកទីតាំងសេវាកម្មធនាគារស្វ័យប្រវត្តិទាំង១៣ទីតាំងដូចខាងក្រោម ៖ 

១- BSS (ផ្លូវកម្ពុជាក្រោម) (ចន្លោះពីស្តុបដេអិន ដល់ផ្លូវមុនីវង្ស)

២-BSS (ផ្លូវលេខ ២០០៤) (ចន្លោះពីស្តុប Nokia ដល់បុរីអរគីដេរ)

៣- BSS (ផ្លូវកម្ពុជាក្រោម) (ចន្លោះពីផ្លូវស្ពានអាកាស៧មករា ដល់ស្តុបសាលាសន្ធរម៉ុក)

៤- BSS (ផ្លូវទេពផន) (ចន្លោះពីកែងផ្សារដេប៉ូ ដល់សំណង់១២)

៥- BSS (ផ្លូវលេខ ១៦៣) (ចន្លោះពីផ្សារទួលទំពូង ដល់រង្វង់មូលផ្សារដើមថ្កូវ)

៦-  BSS (ផ្លូវជាតិលេខ ២) (WB ចាក់អង្រែក្រោម)

៧-  BSS (ផ្លូវលេខ ២០១១) (ម្តុំផ្សារឈូកមាស)

៨-  BSS (ផ្លូវមុនីវង្ស) (ពីស្តុបពេទ្យចិន ដល់ស្តុបបឹងត្របែក

៩-  BSS (GREEN COMMUNITY MALL)

១០-  BSS (CAMKO)

១១-  BSS (វិថីស៊ីវត្ថា (ស្របផ្លូវ ២ធ្នូ)​(ខេត្តសៀមរាប)

១២-  BSS (ផ្លូវមាត់ទន្លេ) (ចន្លោះពីផ្សាររាត្រី ដល់ស្តុបវត្តឧណ្ណាលោម)

១៣-  BSS (ផ្លូវលេខ ៣១០) (ចន្លោះពីស្តុបអនុវិទ្យាល័យទួលស្លែង ដល់ផ្លូវមុនីវង្ស)