
ប្តូរប្រាក់នៅ ប្រាសាក់ ទទួលបានអត្រាខ្ពស់ ក្រដាសប្រាក់មានសណ្តាប់ធ្នាប់ ងាយស្រួល និងសុវត្ថិភាព។សូមរីករាយជាមួយនឹងអត្រាប្តូរប្រាក់នារសៀលថ្ងៃទី 4 ខែសីហា ឆ្នាំ 2021។#FX#Currency#Exchange#PRASAC

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តបតាមការអញ្ជើញពីរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិននៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២ ក្រោមមូលបទ “ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន” ដែលប្រព្រឹត្តទៅក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ហ៊ង គុនមីង សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានឃោសនានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តចិន។
វេទិកានេះក៏ត្រូវបានចូលរូមដោយវាគ្មិនដែលជាឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវរបស់ប្រទេសទាំងពីរ ដើម្បីប្រមូលនូវគំនិត និងទស្សនៈទានគន្លឹះ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ជាកិច្ចចាប់ផ្តើម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា-ចិនមានទំនាក់ទំនងជាប្រពៃណីយូរមកហើយ ហើយនៅក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានសារៈសំខាន់កាន់តែខ្លាំង ពិសេសបន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ទៅកាន់ទីក្រុងប៉េកាំង នៅខែកុម្ភៈ ឆ្នាំ២០២០ ដែលភាគីចិនបានសម្តែងក្តីសោមនស្សក្រៃលែង និងលើកឡើងពីពាក្យស្លោក “មិត្តល្អស្គាល់គ្នាក្នុងគ្រាក្រ” ក្នុងទំនាក់ទំនងនេះ។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជា-ចិន គឺជាបងប្អូនល្អ និងដៃគូល្អ ដែលសហការគ្នាដោយឈរលើគោលការណ៍ស្មើភាព ស្មើសិទ្ធិ គោរពអធិបតេយ្យភាព និងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងនូវការជ្រោមជ្រែងជាច្រើនដែលភាគីមិត្តចិនផ្តល់ជូនកម្ពុជាកន្លងទៅ។ជាការចូលរូម ឯកឧត្តម សុខ សុភ័ក្ត្រ បានលើកឡើងថា ភាគីចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដែលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរតែងសម្រេចបានលើសពីទំហំរំពឹងទុក។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានទំហំជាង ៥,៨ ប៊ីលានដុល្លារអាមេរិក ពោលគឺមានកំណើន១៦% លើសការរំពឹងទុក។ ទោះក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងថា ទំហំនេះនឹងកើនដល់ ១០ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ខាងមុខ។
លោកក៏បានសង្កត់ធ្ងន់ថា ក្រៅពីការសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០កន្លងទៅ ទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួតរៀងរាល់ឆ្នាំ តាមរយៈការគាំទ្រ និងការផ្តល់ភាពបទបែនឲ្យគ្នានៅក្នុងកិច្ចចរចាក្នុងក្របខ័ណ្ឌតំបន់ និងសកល ហើយភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀង អនុស្សារណៈនៃការយោគយល់គ្នា និងពិធីសារនានាទាក់ទងនឹងពាណិជ្ជកម្ម-វិនិយោគ ដែលផ្តល់កាលានុវត្តភាពក្នុងការពង្រឹងពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែទូលាយ និងទំនើប។ អ្វីដែលជាមោទកភាពបំផុត គឺការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលភាគីទាំងពីរកំពុងជំរុញនីតិវិធីសេសសល់ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានឆាប់ៗខាងមុខនេះ។
លោកបានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់ ក្នុងបរិការណ៍នៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកល។ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់ទស្សនៈទានគន្លឹះចំនួន៩ ជូនអង្គវេទិកា សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូចតទៅ៖ ១) ការពិនិត្យធ្វើបច្ចុប្បន្នកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ដែលបានចុះហត្ថលេខាជាង១០ឆ្នាំកន្លងទៅ, ២) ការជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), ៣)ការសហការជិតស្និទ្ធលើការកែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក និងការចរចានានា ដើម្បីបម្រើឱ្យផលប្រយោជន៍នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍, ៤) ការពន្លឿននីតិវិធីផ្ទៃក្នុងសម្រាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CCFTA ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅដើមឆ្នាំ២០២២, ៥) ការបង្កើនល្បឿនរបស់កម្ពុជាក្នុងការធ្វើវិសោធនកម្មច្បាប់ និងរចនាសម្ព័ន្ធស្ថាប័ន ព្រមទាំងដាក់ចេញនូវវិធានការសម្រួលពាណិជ្ជកម្ម វិធានការនិងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការនិងការបើកច្រកទីផ្សារដោយមិត្តចិន និងការចូលមកវិនិយោគលើវិស័យអាទិភាព, ៦) ការបង្វែរការពឹងផ្អែករបស់ចិនលើការនាំចូលពីប្រទេសមួយចំនួន មកជាការវិនិយោគនៅកម្ពុជាលើផលិតផលទាំងនោះ (ពិសេសវិស័យចិញ្ចឹមសត្វ, វារីវប្បកម្ម, កសិកម្មនិងកែច្នៃគ្រឿងឧបភោគបរិភោគ, កៅស៊ូ, ផលិតផលកសិកម្មសម្រាប់នាំចេញ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សិប្បកម្ម លនិងល) សម្រាប់នាំចេញត្រឡប់ទៅបំពេញសេចក្តីត្រូវការនៅចិនវិញ, ៧) ការបន្តជំរុញកិច្ចសហប្រតិបតិ្តការលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដោយឈរលើគោលការណ៍ «ភាពជាដៃគូដែលមានប្រយោជន៍ទៅវិញទៅមក» «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» និង «វិបុលភាពរួមគ្នា», ៨) ការចាប់ផ្តើមគិតគូរធ្វើបច្ចុប្បន្នកម្មលើកិច្ចសហប្រតិបត្តិការនានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន មុនពេលកម្ពុជាទទួលតួនាទីជាប្រធានកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២, និង ៩) ការបន្តធ្វើសហប្រតិបត្តិការទ្វេភាគី ឱ្យបានគ្រប់លំដាប់ថ្នាក់ ពិសេសតាមយន្តការនៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិន សំដៅបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ, ធ្វើកំណែទម្រង់ និងអភិវឌ្ឍវិស័យហិរញ្ញវត្ថុ, និងអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម៕

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងមានការចូលរួមពី លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្ដិការជាមួយអន្ដរសភាកម្ពុជា-ឡាវ-វៀតណាម សមាជិក សមាជិកា នៃរដ្ឋសភា និងព្រឹទ្ធសភាផងដែរ។អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ឱ្យទទួលបានជោគជ័យ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈាង វុន ប្រធានអង្គប្រជុំ បានជម្រាបអំពីកិច្ចសហប្រតិបត្តិការរវាងសភា CLV ដែលរៀបចំក្នុងរយៈពេល២ឆ្នាំម្តង និងតួនាទីដ៏សំខាន់របស់អង្គនីតិប្បញ្ញត្តិក្នុងការគាំទ្រអង្គនីតិប្រតិបត្តិដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ត្រីកោណតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានិងរដ្ឋាភិបាល។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានគណៈកម្មាធិការសម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បានជម្រាបជូនអង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យបណ្តាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍របស់កម្ពុជា ប្រែក្លាយមុខមាត់ថ្មីជាបន្តបន្ទាប់ ក្នុងនោះរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ការកៀរគរវិនិយោគក្នុងនិងក្រៅប្រទេស ការបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ឯកឧត្តមរដ្ឋមន្រ្តី បន្តថាក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រសួងសម្របសម្រួល បានខិតខំប្រឹងប្រឹងយ៉ាងខ្លាំងក្នុងការសហការជាមួយក្រសួង / ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ខេត្តនៃប្រទេសទាំងបីដើម្បីអនុវត្តកិច្ចព្រមព្រៀង/ ការសម្រេចរបស់ប្រមុខដឹកនាំ CLV ឱ្យទៅជាសកម្មភាពជាក់ស្តែង ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំអំពីចំណុចសំខាន់ៗ ដែលប្រទេសទាំងបីត្រូវខិតខំអនុវត្ត រួមមាន ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់ CLV DTA ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អេកូទេសចរណ៍ និងទប់ស្កាត់ការបំផ្លាញបរិស្ថានដែលជាអាយុជីវិតរបស់យើងនៅអនាគត ផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូ CLV DTA ដោយខិតខំបង្កើតរោងចក្រកែច្នៃកៅស៊ូ និងពង្រឹងគុណភាពកៅស៊ូសម្រាប់លក់ចេញទៅទីផ្សារធំៗ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈ និងសមត្ថភាពបុគ្គលិកសុខាភិបាល ក៏ដូចជាការបង្កើតសាលាពហុជំនាញជូនយុវជន ដើម្បីពួកគេអាចស្នងការអភិវឌ្ឍ និងបន្តកេរ្តិ៍មរតកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាបងប្អូននៅក្នុងតំបន់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានឆ្លើយសំណួរផ្សេងៗរបស់អង្គប្រជុំ និងបានបកស្រាយយ៉ាងក្បោះក្បាយ ដោយបានជម្រាបអង្គប្រជុំបន្ថែមអំពីការកែសម្រួលផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ក្នុង CLV DTA ដល់ឆ្នាំ ២០៣០ ដោយបញ្ចូលការអភិវឌ្ឍតាមរបបជីវភាពថ្មីក្រោយសម័យកូវីដ (New Normal) តាមរយៈការធ្វើពាណិជ្ជកម្មតាមព្រំដែន និងប្រក្រតីភាពនៃសង្គមនិងសេដ្ឋកិច្ចរបស់យើង ក៏ដូចជាផែនការ និងគម្រោងជាក់លាក់ដើម្បីអនុវត្តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV រហូតដល់ឆ្នាំ២០៣០ ដោយផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត CLV។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធានអនុគណៈកម្មការជំនាញទាំង៤ ដែលស្ថិតក្រោមគណៈកម្មាធិការសម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក៏បានសេចក្តីរាយការណ៍លំអិតអំពីវឌ្ឍនភាព បញ្ហាប្រឈម ក៏ដូចជាទិសដៅការងារនៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ CLV-DTA ក្រោមដែនសមត្ថកិច្ចរៀងៗខ្លួន។ ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួងពាណិជ្ជកម្ម ដែលបានខិតខំយកចិត្តទុកដាក់សម្របសម្រួលការងារក្នុងក្របខណ្ឌ CLV រហូតមក ដែលបានរួមចំណែកធ្វើឱ្យតំបន់អភិវឌ្ឍន៍ CLV កាន់តែរីកចម្រើនបន្ថែមទៀត៕

ភ្នំពេញ៖ ដើម្បីជម្រុញដំណើការនៃថ្នាលទីផ្សារឌីជីថលផ្សារខេមបូឌាត្រេដ ក្រសួងពាណិជ្ជគម្មនិងក្រុមហ៊ុនលីហួរកំពុងធ្វើការសិក្សារការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់បែបឌីជីថលក្នុងគោលបំណងសម្រួលដល់អតិថិជន។
ផែនការនៃត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ រវាងលោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក យុន ផន នាយកប្រតិបត្តិនៃក្រុមហ៊ុន លីហួរ ផេប្រ៉ូ បានជួបប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដើម្បីពិភាក្សាគ្នាក្នុងការស្វែងរកលទ្ធភាពដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ ជាពិសេស ការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) ដើម្បីបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាជូនអតិជន និងសហគ្រាសធុនតូច និងមធ្បមក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំទ្វេភាគីនេះ លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មតាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) របស់ក្រសួងពាណិជ្ជកម្ម។ លោកអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងស្នើឲ្យក្រុមការងារបច្ចេកទេសទាំងពីរសហការគ្នាឲ្យបានល្អ ដើម្បីធានាឲ្យបាននូវការតភា្ជប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ក្រុមហ៊ុន លីហួរ ផេប្រ៉ូ និងផ្សារខេមបូឌាត្រេដ (CambodiaTrade) ឲ្យទទួលបានជោគជ័យ៕

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគ និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ គណៈកម្មការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិនៃទីក្រុង Xiamen ប្រទេសចិន នឹងបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិលើកទី ២១ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុង Xiamen ខេត្ត Fujian សាធារណៈរដ្ឋប្រជាមានិតចិន។ គណៈកម្មការរៀបចំពិព័រណ៍ខាងលើសូមប្រកាស បើកទូលាយចំពោះបណ្តាធុរជន សហគ្រិន វិនិយោគ និងអ្នកផ្តល់សេវាទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម និងវិនិយោគខាងលើ សូមអញ្ជើញចុះឈ្មោះចូលរួមតាមរយៈអាសយដ្ឋានវេបសាយ www.chinafair.org.cn ។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជាមួយ គណៈកម្មការរៀបចំពិព័រណ៍នៅទីក្រុង Xiamen សូមអញ្ជើញបណ្តាធុរជន សហគ្រិន វិនិយោគិន អ្នកផ្តល់សេវា និងសធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួម ផ្សព្វផ្សាយផលិតផល សេវាកម្ម គម្រោងវិនិយោគ ឫស្វែងរកដៃគូពាណិជ្ជកម្មជាមួយភាគីចិន សូមអញ្ជើញចុះឈ្មោះចូលរួមតាមរយៈអាសយដ្ឋានវេបសាយខាងលើ ឫទំនាក់ទំនងដោយផ្ទាល់មកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មតាម អាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទ៖ ០៨៧ ៧៥៥ ៥៥១ / ០១៧ ៧៥៩ ៥៦៧ អ៊ីម៉ែល៖ vannameass@yahoo.com / ritatong19@gmail.com ។សូ ម អ រ គុ ណ !…
ANNOUNCEMENT…The Ministry of Commerce of the Kingdom of Cambodia has a great honor to inform to all businessmen, entrepreneurs, investors and service providers who is doing business in Cambodia that, the organizing committee of the China International Fair for the Investment and Trade (CIFIT) is going to organize “The 21st China International Fair for Investment and Trade” to be held from 08-11 September 2021 at Xiamen City, Fujian Province, People’s Republic of China. The organizing committee of the CIFIT announce in public and seeking for interesting exhibitors who wish to participate with the above trade and investment event please register through www.chinafair.org.cn
The Ministry of Commerce of Cambodia as a facilitator would like to invite to all Cambodian businessmen, entrepreneurs, investors and service providers who is interested and intend to promote products, services and investment projects or/and seeking for business partners with Chinese counterpart please register with the above website or shall contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot 19-61, Russian Federation Blvd, Phum Toek Thla, Sangkat Toek Thla, khan Sen Sok, Phnom Penh, Cambodia. Tel: 087 755 551 / 017 756 567 E-mail: vannameass@yahoo.com / ritatong19@gmail.comT H A N K Y O U !

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)នឹងធ្វើការដកហូតក្រដាសប្រាក់រៀលដែលមានការខូចខាតឬបាត់បង់ទ្រង់ទ្រាយ ប៉ុន្តែនៅតែរក្សាការប្តូរថ្មីនូវក្រដាស់ប្រាក់រៀលចាស់ ទក់ រហែកដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងតែស្នាក់ការកណ្តាល) នៅរៀងរាល់ម៉ោងធ្វើការ។
សេចក្តីប្រកាសព័ត៌មានស្តីពីការលើកកម្ពស់គុណតម្លៃ ប្រាក់រៀលបានផ្សាយកាលពីថ្ងៃទី ១៣ កក្កដា បានឱ្យដឹងថា ក្នុងករណីដែលក្រដាសប្រាក់រៀលមានការខូចខាតឬបាត់បង់ទ្រង់ទ្រាយ ដូចមានចែងក្នុងមាត្រា ៥១ មាត្រា ៥២ និងមាត្រា ៥៣ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃ ធនាគារជាតិនៃកម្ពុជា (១៩៩៦) ធនាគារជាតិនៃកម្ពុជា សូមរក្សាសិទ្ធិដកហូតដោយគ្មានសំណង។
សេចក្តីប្រកាសព័ត៌មាន បន្តថា មាត្រា ៥១ ចែងថា «ធនាគារកណ្តាលអាចបដិសេធមិនប្តូរក្រដាសប្រាក់និងកាស បើសិនជា រូបភាពវាលែងមានភាពច្បាស់លាស់ បាត់បង់រូបភាពដើមឬធ្លុះធ្លាយឬដែលបាត់បង់ទំហំ ៣០ភាគរយឬលើសពីនេះ។ រូបិយវត្ថុទាំងនេះត្រូវដកចេញពីចរាចរហើយបំផ្លាញចោល ដោយគ្មានសំណងចំពោះម្ចាស់ទេ លើកលែងតែករណីពិសេសដែលធនាគារកណ្តាលអាចយល់ព្រម សងមួយចំណែកឬទាំងអស់»។
មាត្រា ៥២ ចែងថា «ក្រដាសប្រាក់ក្លែងក្លាយដែលយកមកបង់ឬប្តូរត្រូវរឹបអូសដោយគ្មានសំណាង ហើយត្រូវជូនព័ត៌មានទៅអាជ្ញាធរមានសមត្ថកិច្ច»។
មាត្រា ៥៣ ចែងថា «ម្ចាស់ប្រាក់មិនអាចទាមទារពីធនាគារកណ្តាលឱ្យសង ចំពោះក្រដាស ប្រាក់ឬកាសណាដែលខ្លួនធ្វើឱ្យបាត់បង់ឬធ្វើឱ្យអន្តរាយឡើយ។ ធនាគារកណ្តាលអាចដកហូតយក ដោយគ្មានថ្ងូរនូវក្រដាសប្រាក់ដែលមានការខូចខាតរូបភាពក្រៅ ពិសេសចំពោះក្រដាសប្រាក់ណា ដែលមានសរសេរ លាបពណ៌ បោះពុម្ព បោះត្រាឬបិទវត្ថុស្អិតពីលើឬឆ្លុះធ្លាយឬបាត់រូបភាពដោយ ប្រការណាក៏ដោយ»។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និង ពង្រឹងសាមគ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជាសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាជនកម្ពុជា នឹងបន្តស្មារតីសហការលើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំងនឹងទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់គុណតម្លៃ ប្រាក់រៀល៕

ភ្នំពេញៈ កម្ពុជា អនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពី«វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា»ដើម្បីបង្កើននូវកាលានុវត្តភាពថ្មីៗដើម្បីស្រូបទាញវិនិយោគិនក្នុង និងក្រៅប្រទេសឱ្យបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
ការអនុម័តនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធអនឡាញ (Zoom)កាលពីព្រឹកថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកហ៊ុន សែន បានលើកឡើងថា៖«សំណើច្បាប់នេះ គឺជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។កម្ពុជាយល់ឃើញថា អ្នកវិនិយោគត្រូវការសន្តិភាព ស្ថិរភាព ដែលជាអាទិភាពនៃការសម្រេចចិត្តយកកម្ពុជាជាទិសដៅវិនិយោគ ទោះជាស្ថានភាពអន្តរជាតិប្រឈមក្នុងវិស័យនយោបាយ និងពាណិជ្ជកម្មយ៉ាងណាក៏ដោយ»។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតាក់តែងឡើងថ្មីនេះគឺដើម្បីជំនួសច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា(ចាស់ ) ដែលបានចូលជាធរមានតាំងពីឆ្នាំ១៩៩៤និងឆ្នាំ២០០៣។
សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មីដែលមាន ១២ជំពូក និង ៤២ មាត្រាធ្វើឡើងក្នុងគោលបំណងបង្កើនភាពទាក់ទាញ និងប្រសើរជាងមុននៃការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋានឯករាជ្យម្ចាស់ការស្ថានភាពជាក់ស្តែងរបស់វិនិយោគិន និងសេដ្ឋកិច្ចដែលនឹងបង្កើតក្របខណ្ឌគតិយុត្តដែលមានភាពបើកចំហមានតម្លាភាពអាចប៉ាន់ប្រមាណទុកជាមុនក៏ដូចជាពង្រឹងភាពទាក់ទាញ និងសមត្ថភាពបំពេញបន្ថែមជាពិសេសបានគិតគូរអំពីការផ្តល់ការលើកទឹកចិត្តដល់វិស័យអាទិភាពកម្រិតបច្ចេកវិទ្យា និងបច្ចេកទេសការបង្កើតការងារការបណ្តុះបណ្តាលជំនាញការសិក្សាស្រាវជ្រាវការអភិវឌ្ឍ និងនវានុវត្តន៍ និងសហគ្រាសធុនតូចនិងមធ្យម។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងចំនួន ៧០ជាមួយនឹងទុនវិនិយោគសរុប ២ ៤២៨លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១។ នេះបើតាមការគណនាដោយកាសែតភ្នំពេញប៉ុស្តិ៍ចំពោះតែគម្រោងត្រូវបាន CDC បង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការចាប់ពីខែមករាដល់ដំណាច់ខែមិថុនាឆ្នាំនេះ។
ក្នុងចំណោមនេះ CDC បានអនុម័តគម្រោងវិនិយោគលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរចំនួន ២៩គម្រោងជាមួយនឹងទុនវិនិយោគសរុប ១៩៤,៧១លានដុល្លារ។
កាលពីឆ្នាំ២០១៩ ការអនុម័តការវិនិយោគបានកត់ត្រា ៩,៤០ពាន់លានដុល្លារក្នុងនោះប្រទេសចិនវិនិយោគ ២,៧៥ពាន់លានដុល្លារបន្ទាប់មកទីក្រុងហុងកុង ៩១២,៥៥លានដុល្លារ និងជប៉ុន ២៩៨,៨៤លានដុល្លារ។ នេះបើតាម CDC៕

ភ្នំពេញៈព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហេឡិននិក(ក្រិក) បានចុះអនុស្សារណៈយោគយល់គ្នា(MoU)ដើម្បីបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីសំដៅបង្កើតក្របខណ្ឌនៃការពិភាក្សាលើបញ្ហាអាទិភាពរួមមាន នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងសង្គមវប្បធម៌។
លោក អ៊ុក សោភ័ណ ឯកអគ្គរាជកម្ពុជាប្រចាំនៅប្រទេសថៃ និងលោក Nikolaos Kaimenakis ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពក្រិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំនេះនៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងឱកាសនោះ លោក អ៊ុក សោភ័ណ បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងក្រិកដោយបង្ហាញជំនឿចិត្តថា MoU នេះនឹងផ្ដល់ឱកាសដល់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព។
លោកបន្តថា៖ «អនុស្សារណៈនេះក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតលើវិស័យអាទិភាពសំខាន់ៗនាពេលអនាគត»។
លោក Nikolaos Kaimerakis បានឱ្យដឹងថា ក្រិក និងកម្ពុជាបានបង្កើតទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ គ្រាន់តែប្រទេសទាំងពីរមិនបានទាញយកប្រយោជន៍ណាមួយពីទំនាក់ទំនងនេះ។ លោកនិយាយថា៖«ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការចាប់ផ្តើមក្នុងការឈានទៅរកការអង្គុយជុំគ្នាដើម្បីជជែកពីវិស័យសក្តានុពលនានាដែលប្រទេសទាំងពីរត្រូវសហការគ្នា និងពិនិត្យមើលបញ្ហាប្រឈមទាំងឡាយដែលប្រទេសទាំងពីរអាចដោះស្រាយជាមួយគ្នា។ យើងចង់ឃើញប្រទេសទាំងពីរអាចរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងពេលឆាប់ៗខាងមុខ»។
ក្រិក គឺជាប្រទេសស្ថិតនៅអឺរ៉ុបភាគអាគ្នេយ៍ចុងភាគខាងត្បូងនៃឧបទ្វីបបាល់កង់ ត្រង់ចំណុចប្រសព្វនៃសមុទ្របីគឺ សមុទ្រ Aegean lonianនិងCretan ដែលជាភូមិសាស្ត្រប្រកបដោយសក្តានុពលព្រោះជាច្រកឆ្លងកាត់រវាងអឺរ៉ុបអាស៊ី និងអាហ្វ្រិក។ ក្រិកក៏ជាសមាជិកមួយរូបនៃសហភាពអឺរ៉ុបផងដែរ។
កម្ពុជា និងក្រិកបានបង្កើតទំនាក់ទំនងការទូត កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦៕

ភ្នំពេញ៖ ក្រុមហ៊ុន Thunes ជាបណ្តាញទូទាត់សកលឈានមុខ នៅថ្ងៃនេះ បានប្រកាសកាលពីថ្ងៃទី 13 កក្កដា 2021 – នូវភាពជាដៃគូជាមួយធនាគារ ABA ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេសអាចផ្ញើប្រាក់ត្រឡប់មកប្រទេសរបស់ខ្លួនវិញពីជុំវិញសកលលោកបានរហ័សក្នុងតម្លៃទាបជាងមុន។
កាលពីមុន អតិថិជនដែលធ្វើការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជាវិញ ត្រូវចំណាយថ្លៃសេវាខ្ពស់ជាមធ្យមជិត 12% សម្រាប់ការផ្ទេរប្រាក់1ចំនួន $200 និងត្រូវរង់ចាំរយៈពេលពីរបីថ្ងៃដើម្បីឲ្យប្រាក់នោះបានមកដល់ដៃរបស់អ្នកទទួល។ ឥឡូវនេះ ជាមួយបណ្តាញសកលទូលំទូលាយ និងសមត្ថភាពថ្មីបំផុតរបស់ក្រុមហ៊ុន Thunes ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅ ធ្វើការ និងសិក្សានៅក្រៅប្រទេសអាចផ្ញើប្រាក់ត្រឡប់មកប្រទេសវិញបានភ្លាមៗក្នុងតម្លៃទាបជាងមុន។ ឧទាហរណ៍ ប្រជាពលរដ្ឋចំណាកស្រុកដែលធ្វើការនៅទ្វីបអឺរ៉ុបអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលមកកាន់សមាជិកគ្រួសារនៅភ្នំពេញវិញបានដោយប្រើធនាគារ ប្រតិបត្តិករ ឬក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយនៅក្នុងបណ្តាញក្រុមហ៊ុន Thunes ហើយប្រាក់នោះនឹងបានទៅដល់អ្នកទទួលភ្លាមៗ។
ដើម្បីជំរុញបន្ថែមនូវប្រសិទ្ធភាព និងតម្លាភាព ប្រជាពលរដ្ឋក្នុងស្រុក និងជនបរទេសនៅប្រទេសកម្ពុជា ក៏នឹងអាចទទួលបានការផ្ទេរប្រាក់ចូលគណនីធនាគារតាមពេលវេលាជាក់ស្តែងពីបណ្តាញដៃគូផ្ញើប្រាក់ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Thunes ដែលបន្ថែមពីលើការទូទាត់ជាសាច់ប្រាក់ដែលមានស្រាប់តាមរយៈក្រុមហ៊ុន Thunes នោះ។
លោក Andrew Stewart នាយកបណ្តាញសកល ក្រុមហ៊ុន Thunes មានប្រសាសន៍ថា៖ “យើងខ្ញុំមានសេចក្តីរីករាយក្នុងការផ្តល់សេវាទូទាត់តាមពេលវេលាជាក់ស្តែងដែលឈានមុខគេក្នុងទីផ្សារនេះ ដោយគាំទ្រដល់សហគមន៍ក្នុងប្រទេស និងក្រៅប្រទេសពឹងផ្អែកលើការផ្ទេរប្រាក់រហ័ស និងសុវត្ថិភាពសម្រាប់តម្រូវការ និងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។ ភាពជាដៃគូរបស់យើងជាមួយធនាគារ ABA កត់សម្គាល់ពីជំហានជោគជ័យដ៏សំខាន់មួយ ខណៈពេលដែលក្រុមហ៊ុន Thunes បន្តធ្វើឲ្យប្រសើរឡើងនូវការចូលមកកាន់កម្ពុជាដែលជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតរបស់សកលលោក។”
លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិ ធនាគារ ABA មានប្រសាសន៍ថា៖ “នៅធនាគារ ABA យើងខ្ញុំបេ្តជ្ញាចិត្តក្នុងការផ្តល់ឲ្យអតិថិជនអាចចូលប្រើប្រាស់ថវិការបស់ខ្លួនបានដោយងាយស្រួល និងរហ័ស។ ហេតុនេះ យើងខ្ញុំទទួលយកឱកាសនេះដើម្បីប្រើប្រាស់នូវល្បឿន ប្រសិទ្ធភាព និងវិសាលភាពផ្តល់សេវាជាសកលរបស់ក្រុមហ៊ុន Thunes ក្នុងការឆ្លើយតបនឹងតម្រូវការរបស់អតិថិជនរបស់យើងខ្ញុំឲ្យកាន់តែប្រសើរជាងមុន។ ការបង្កើននវានុវត្តន៍ឌីជីថល និងសេវាគុណតម្លៃបន្ថែមដើម្បីផលប្រយោជន៍សហគមន៍កម្ពុជា គឺជាស្នូលនៃចក្ខុវិស័យរបស់ធនាគារ។”
ជាមួយជំនាញច្បាស់លាស់ក្នុងសេដ្ឋកិច្ចកំពុងរីកចម្រើន ភាពជាដៃគូថ្មីបំផុតជាមួយធនាគារ ABA ពង្រឹងនូវការផ្តោតរបស់ក្រុមហ៊ុន Thunes មកលើប្រទេសកម្ពុជាជាទីផ្សារអាស៊ីចម្បងមួយដែលមានសមត្ថភាពអាចដាក់ឲ្យដំណើរការប្រតិបត្តិការបាន នាពេលឆាប់ៗខាងមុខនេះ៕

ក្រុងបាងកក៖ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) និងសមាគមជំរុញកិច្ចសន្យាបន្តថៃ (Thai Subcon) បានចុះ អនុស្សារណ:យោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យ ឯកជននៃ ប្រទេស ទាំងពីរ ជាពិសេសចូលរួមអនុវត្តការទូតសេដ្ឋកិច្ចកម្ពុជា។

ការចុះ MoU នេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញជាអធិបតីភាពរបស់លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃតាមរយះវីដេអូ។
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងទីប្រឹក្សា ព្រមទាំងសមាជិកសមាជិកានៃស្ថាប័នទាំងពីរ ហើយត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ បន្តមានសន្ទុះខ្លាំងក្លានៅឡើយ។
សូមជម្រាបថា Thai Subcon ត្រូវបានបង្កើតកាលពីឆ្នាំ១៩៩៥ ដោយសមាជិកចំនួនជាង៥០០ ដែលភាគច្រើន សុទ្ធសឹងជាក្រុមហ៊ុនបច្ចេកវិទ្យា នវានុវត្ត រថយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងឧស្សាហកម្មកម្មន្តសាល។ សមាគមមួយនេះ គ្រោងរៀបចំវេទិកាផ្គូរផ្គងធុរកិច្ចថៃ-កម្ពុជា និងនាំយកសមាជិករបស់ខ្លួន មកស្វែងយល់អំពីឱកាសវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ ធូរស្រាល។
…
On Tuesday afternoon, 13 July 2021, H.E. OUK Sorphorn, Cambodian Ambassador to the Kingdom of Thailand, presided over the Memorandum of Understanding (MoU) Signing Ceremony between Bangkok-based Cambodia Business Council (CBC) and Thai Subcontracting Promotion Association (Thai Subcon).
The MoU aims to promote the private sector cooperation, particularly contribute to the implementation of Cambodia’s Economic Diplomacy. Due to the resurgence of COVID-19 pandemic in Thailand and Cambodia, the event was held virtually, attended by the two alliances’ presidents, advisors, and members.
The Thai Subcon was established in 1995 by a group of more than 500 manufacturers specialized in high-tech, innovative, automotive, electrical and machinery fields. The association so far planned to organize business-matching event and bring its members to explore investment and business opportunities in Cambodia when the COVID-19 crisis eases.