ផលិតផលផ្លែដូងកម្ពុជានឹងមានទីផ្សារនៅប្រទេសចិនឆាប់ៗ  

ភ្នំពេញៈ ក្រសួងកសិកម្ម បានចាប់ផ្ដើម​ជូនដំណឹង​ដល់​ម្ចាស់​ចម្ការ​ដូង សហគមន៍​ក​សិ​កម្ម​ដូងក្រអូប និង​ម្ចាស់​រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់ ដែលមាន​បំណង​ផលិត​និង​កែច្នៃ​វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន រួសរាន់​ដាក់ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ចម្ការ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ខណៈ​អគ្គនាយកដ្ឋាន​នេះ​គ្រោង​នឹង​បញ្ជូន​បញ្ជី​ឈ្មោះ​ចម្ការ និង​រោងចក្រ​កែច្នៃ វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់​ទៅកាន់​ភាគី​ចិន​នៅ​ដើមខែ​ធ្នូ ដើម្បីឱ្យ​ភាគី​ចិន​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់​មុននឹង​ឈានដល់​ការនាំចេញ​ជា​ផ្លូវការ​។​

​នៅពេល​ទទួលបាន​ពាក្យស្នើសុំ អគ្គ​នាយកដ្ឋាន​កសិកម្ម​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​វាយតម្លៃ​ស្របតាម​នីតិវិធី​បច្ចេក​ទេស​ដូច​មានចែង​ក្នុង​ពិធីសារ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​កសិកម្ម នា​ថ្ងៃទី ​២០ ខែកញ្ញា ឆ្នាំ​ ២០២៣​។ ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​ដូង​ស្រស់​ពី​ប្រទេស​កម្ពុជា​ ទៅកាន់​ប្រទេស​ចិន ត្រូវបាន​ចុះហត្ថលេខា​ដោយ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​ជាមួយ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី ​១៥ ខែកញ្ញា ឆ្នាំ ​២០២៣​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ឱ្យដឹងថា នៅពេល​សម្រេចបាន​ពិធីសារ​នេះហើយ កម្ពុជា​ត្រូវ​ធ្វើការ​ជាមួយ​ប្រជាកសិករ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​ដាំ​ដុះ​ផ្លែ​ដូង​ស្របតាម​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ កំណត់ដោយ​រដ្ឋបាល​គ​យ​ចិន​។

​កញ្ញា​បញ្ជាក់ថា​៖ «​អគ្គនាយកដ្ឋាន​ក​សិ​​កម្ម នឹង​ចាត់​មន្ដ្រី​ជំនាញ​ចុះ​វាយតម្លៃ​ស្របតាម​នីតិវិធី​បច្ចេក​ទេស ដូច​មានចែង​នៅក្នុង​ពិធីសារ មុននឹង​បញ្ជូន​បញ្ជី​ឈ្មោះ​ចម្ការ និង​រោងចក្រ​កែច្នៃ​វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់​ទៅកាន់​ភាគី​ចិន នៅ​ដើមខែ​ធ្នូ ឆ្នាំ​ ២០២៣ ​ខាងមុខ ដើម្បីឱ្យ​ភាគី​ចិន​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់ មុននឹង​ឈានដល់​ការនាំចេញ​ជា​ផ្លូវការ​»​។​

​បើតាម​ក្រសួងកសិកម្ម គិត​ត្រឹម​ឆ្នាំ​ ២០២២​ កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដូង​ចំនួន ១​ ម៉ឺន ​៧​ ពាន់​ហិកតា​ ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល​មាន ​១ ​ម៉ឺន ៤​ ពាន់​ហិកតា​។ ចំណែក​ទិន្ន​​ផល​សរុប​ក្នុង​ឆ្នាំ​ ២០២២ នៅ​ទូទាំងប្រទេស មាន​ចំនួន​ ២៤ ​ម៉ឺន​ ៨​ ពាន់​តោន​៕

កម្ពុជាសំឡឹងមើលទីផ្សារនីហ្សេរីយ៉ាក្នុងការជំរុញការនាំចេញកសិផល

ភ្នំពេញៈ កម្ពុជា-​នីហ្សេរីយ៉ា បាន​សន្យា​នឹង​ខិត​ខំ​រក​មធ្យោ​បាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឱ្យ​មាន​ទំហំ​កាន់​តែ​ធំ​បន្ថែម​ទៀត ខណៈ​ផលិត​ផល​កសិកម្ម​កម្ពុជា​ អាច​នឹង​មាន​សក្តានុ​ពល​ខ្ពស់​សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីនោះ​។

ការ​សន្យា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ ជា​មួយ​លោកស្រី Folakemi I. Akinleye ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព​នៃ​សាធារណ​រដ្ឋ​សហព័ន្ធ​នីហ្សេរីយ៉ា នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជ​កម្ម កាល​ពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣។​

របាយ​ការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ឱ្យ​ដឹង​ថា ​ក្នុង​រយៈពេល ៨ខែ​ដើម​ឆ្នាំ២០២៣ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ចំនួន ៤០១ ៦៩៩​តោន ស្មើ​នឹង​ជិត ៥៨​ភាគរយ​នៃ​ផែនការ​នាំ​ចេញ​អង្ករ​ចំនួន ៧០ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០២៣។ ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈ​ពេល​ខាង​លើ គឺ​ប្រមាណ ២៧៨,៦៥​លាន​ដុល្លារ​។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២២ នៅ​ក្នុង​ជំនួប​ជា​មួយ​លោក ឱក ប៊ុង រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម លោក​ស្រី Folakemi I. Akinleye ធ្លាប់​បាន​លើក​ឡើង​ថា នីហ្សេរីយ៉ា មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កសិកម្ម និង​បាន​ស្នើ​ឱ្យ​កម្ពុជា-​នីហ្សេរីយ៉ា​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម-​វិនិយោគ តាម​រយៈ​ការ​ពិនិត្យ​លទ្ធភាព​វិនិ​យោគ​រួម​គ្នា​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​ ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​ទៅ​វិញ​ទៅ​មក និង​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ទ្វេភាគី។

ជា​ការ​ឆ្លើយ​តប លោក ឱក ប៊ុង ​បាន​ស្នើ​ឱ្យ​នីហ្សេរីយ៉ា ពិចារណា​លើ​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ដូច​ជា ផលិត​ផល​សម្លៀក​បំពាក់ ស្បែក​ជើង សម្ភារ​ធ្វើ​ដំណើរ កង់ និង​កសិផល​(អង្ករ ដំឡូង​មី ផ្លែ​មៀន និង​ស្វាយជា​ដើម​)។ បន្ថែម​លើ​នេះ លោក​ក៏​ស្នើ​ឱ្យ​មាន​ដំណើរ​ទស្សន​កិច្ច​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​ស្ថាប័ន​រដ្ឋ និង​ឯកជន​នីហ្សេរីយ៉ា​ដើម្បី​ស្វែង​យល់​ពី​បរិយា​កាស​ធុរកិច្ច និង​វិនិយោគ និង​វិស័យ​សក្តានុ​ពល​គួរ​វិនិយោគ​រវាងប្រទេស​ទាំងពីរ៕

 

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគបង្កើតរោចក្រផលិតដែកតម្លៃ៤០លានដុល្លារ

ភ្នំពេញៈ គម្រោង​​បង្កើតរោងចក្រផលិតដែកគ្រប់​ប្រភេទ​របស់​ក្រុម​ហ៊ុន​Huale Steel (Cambodia) Co., Ltd ដែល​មាន​​​ទុន​វិនិយោគ​ ៤០​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ ៥២៣​កន្លែង ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) អនុម័ត​ឱ្យ​វិនិយោគ​ជា​ផ្លូវ​ការ​នៅ​កម្ពុជា ដោយ​​​គម្រោង​នេះមាន​ទីតាំង​ស្ថិត​​ក្នុង​​តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះ​បើ​យោង​តាម​ CDC។

នៅ​លើ​បណ្តាញ​សង្គម​របស់ CDC ក្នុង​ថ្ងៃ​ទី​២០ ខែ​កញ្ញា ក្រៅ​ពី​គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់​ប្រភេទ ​របស់​ក្រុម​ហ៊ុន​Huale Steel (Cambodia) Co., Ltd ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​អនុម័ត​ឱ្យ​គម្រោង​ចំនួន ៧​​ផ្សេង​ទៀត​​ដែរ​ដូច​ជា គម្រោង​​បង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន, គម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប, គម្រោងបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក សម្ភារ​លំអ និងគ្រឿងបង្គុំអេឡិចត្រូនិកធ្វើពីប្លាស្ទិក, គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារ​សម្រាប់សត្វចិញ្ចឹម, គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម, គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងសម្ភារៈបរិក្ខារចង្ក្រានហ្គាស (Regulators, Valves, Hose…) និង​គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងអំពូលភ្លើង LED។ គម្រោង​ទាំង ៧ មាន​ទុន​វិនិយោគ​សរុប ២៤,៣​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៣ ៥១៧។​

អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) ឱ្យ​ដឹង​ថា រយ​ពេល ៨​ខែ​ ដើម​​ឆ្នាំ​២០២៣ ​កម្ពុជាបាន​បញ្ចេញ​ប្រាក់​ ២៥៤,៣៧​លាន​ដុល្លារ​​លើ​ការ​នាំ​ចូល​ដែក និង​ដែក​ថែប(ស្ថិត​ក្នុង​ជំពូក​ទំនិញលេខ​កូដ៍ ៧២)​កើន​ឡើង ៣,៩​ភាគ​រយ​បើ​​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២ ដែល​មាន​ចំនួន ២៤៤,៧៥​លាន​ដុល្លារ។ ដោយ​ឡែក​សម្រាប់​ខែ​សីហា ឆ្នាំ​២០២៣ គឺ​ការ​នាំ​ចូល​​ទំនិញ​លេខ​កូដ៍ ៧២ មាន​ទឹក​ប្រាក់​ ៣៨,៤២​លាន​ដុល្លារ កើន​ឡើង ៣០,៣​ភាគ​រយ​ធៀប​នឹង​ខែ​សីហា ឆ្នាំ​២០២២៕​

 

ធនាគារ អេស៊ីលី​ដាសហការជាមួយក្រុមហ៊ុនម៉ាស្ទ័រកាតដាក់​ឱ្យ​ដំណើរការជាផ្លូវការ​នូវ​ប័ណ្ណឡេឌីម៉ាស្ទ័រ​កាត​អេស៊ីលីដាក្នុង​ប្រទេស​កម្ពុជា

ភ្នំពេញៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ដែលជាធនាគារពាណិជ្ជឈាន​មុខនៅ​ប្រទេសកម្ពុជា​និងបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា (CSX)កាលពីថ្ងៃពុធ ​ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ប្រកាសអំពីកិច្ចសហប្រតិបត្តិការ រវាង ធនាគារ ជាមួយ និងក្រុមហ៊ុនម៉ាស្ទ័រកាតដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា។

ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ផ្តល់ជូនបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើននិងផ្តល់អត្ថប្រយោជន៍​សិទ្ធិពិសេសៗនិងភាពជាដៃគូជាច្រើន។អត្ថប្រយោជន៍ទាំងនេះគឺផ្តោតសំខាន់លើប្រភេទចំណាយដ៏ពេញនិយមបំផុតចំពោះម្ចាស់ប័ណ្ណ ជាពិសេស គឺសុភាពនារី សម្រាប់ចំណាយក្នុងការទិញទំនិញតាមអនឡាញការធ្វើដំណើរ គ្រួសារ ការកម្សាន្តផ្សេងៗនិងការដឹកជញ្ជូន។កាតនេះក៏ផ្តល់ការលើកទឹកចិត្តជាច្រើន រួមមាន ការលើកលែង​ថ្លៃសេវាប្រចាំឆ្នាំក្នុងកំឡុងឆ្នាំដំបូងសម្រាប់អតិថិជនកំពុងប្រើប្រាស់កាត ATM ដែលចង់ប្តូរទៅជាប័ណ្ណ​ឡេឌីម៉ាស្ទ័​រកាតអេស៊ីលីដាមិនថាជាប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទាននោះទេនិងទទួលបានវត្ថុអនុស្សាវរីយ៍​ពិសេស សម្រាប់អតិថិជន២.០០០ នាក់ដំបូង។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ប័ណ្ណឡេឌី​ម៉ាស្ទ័រកាតអេស៊ីលីដា សម្រាប់អតិថិជនជាសុភាពនារីនឹងផ្តល់ឱ្យពួកគាត់នូវមធ្យោបាយទូទាត់តាមបែបឌីជីថល កាន់តែរហ័សទាន់ចិត្ត សុវត្ថិភាព និងងាយស្រួលជាងមុនប្រកបដោយសុវត្ថិភាពខ្ពស់និងជួយបង្កើន​ជីវិតប្រចាំថ្ងៃរបស់ពួកគាត់កាន់តែប្រសើរឡើង។

លោកបានថ្លែងថា៖«ម្ចាស់ប័ណ្ណអាចជ្រើសរើសការប្រើប្រាស់ជា​ច្រើនប្រភេទ​ដែលខ្លួនពេញចិត្ត រួមទាំងការដក​ប្រាក់តាមម៉ាស៊ីនអេធីអឹមក្នុងស្រុក និងអន្តរជាតិ ការទូទាត់តាមម៉ាស៊ីន​ឆូតកាត ការទិញទំនិញអនឡាញ ការធ្វើដំណើរ ការទទួលទានអាហារ ការទិញសំលៀកបំពាក់ពេញនិយម ការដឹកជញ្ជូន និងការកម្សាន្ត ជាមួយនឹងកម្រិតទំហំប្រតិបត្តិការប្រចាំថ្ងៃរហូតដល់១០.០០០ដុល្លារអាមេរិក។ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ផ្តល់ជូនជាពីរជម្រើសរួមមាន ប័ណ្ណឥណពន្ធឡេឌីម៉ាស្ទ័រការអេស៊ីលីដានិងប័ណ្ណឥណទានឡេឌីម៉ាស្ទ័រ​កាតអេស៊ីលីដា»។

លោកស្រី Winnie Wong នាយិកាគ្រប់គ្រងក្រុមហ៊ុនម៉ាស្ទ័រកាត ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា “នៅទូទាំងពិភពលោក មានការកើនឡើងនូវតម្រូវការផ្តល់់ដំណោះស្រាយ​ជូនអ្នក​ប្រើប្រាស់ ឱ្យស្របនឹងចំណង់ចំណូលចិត្តដែលកំពុងផ្លាស់ប្តូរ។ក្រុមហ៊ុនម៉ាស្ទ័រការ ពិតជាមានមោទនភាព​យ៉ាងខ្លាំង​​​ក្នុងការចាប់ដៃគូជាមួយធនាគារ អេស៊ីលីដា ដើម្បីពង្រីកមធ្យោបាយទូទាត់ដល់សុភាពនារីកម្ពុជា ក្នុងការទិញទំនិញទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកស្រីថា៖« ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ស្របតាមរបៀបរស់នៅរបស់​ពួកគេម្នាក់ៗក្នុងការទូទាត់តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត នៅតាមបណ្តាប្រទេសជាង២១០។ ប័ណ្ណនេះបំពាក់មកជាមួយនូវការការពារសុវត្ថិភាពយ៉ាងរឹងមាំ​ដែលបាន​បង្កប់នៅក្នុងកាត ដើម្បីធានាឱ្យបានថាម្ចាស់ប័ណ្ណអាចធ្វើការទូទាត់បានប្រកបដោយទំនុកចិត្ត នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។”

ការប្រើប្រាស់ប័ណ្ណម៉ាស្ទ័រកាតដ៏ថ្មីប្លែកដែលពោរពេញដោយអត្ថប្រយោជន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនប្រកបដោយភាពងាយស្រួលជាមុន។ អតិថិជនរបស់ធនាគារ អេស៊ីលីដា អាចដាក់ពាក្យស្នើសុំប្រើប្រាស់​ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដានេះ តាមរយៈ កម្មវិធីសេវាអេស៊ីលីដាម៉ូបាល ឬគេហទំព័ររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីhttps://www.acledabank.com.kh ។

 

CAMGSM បានរាយការណ៍ពីដំណើរការអាជីវកម្មដ៏ល្អសម្រាប់ត្រីមាសទី ២

ភ្នំពេញៈ CAMGSM Plc ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដែលទើបនឹងបានចុះបញ្ជីភាគហ៊ុននៅពេលថ្មីៗ បានរាយការណ៍ពីដំណើរការអាជីវកម្មដ៏ល្អសម្រាប់ត្រីមាសទី ២ ជាមួយនឹងប្រាក់ចំណេញសុទ្ធបានកើនឡើងជិត ១០ ភាគរយបើទោះបីជាសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។

​ក្រុមហ៊ុននេះបានចុះបញ្ជីភាគហ៊ុន​របស់ខ្លួន​ដោយជោគជ័យនៅ CSXកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។ ក្រុមហ៊ុនមួយនេះ ប្រមូលមូលនិធិបានចំនួន ៥ ២៨៤ ៥៨៧ ដុល្លារអាមេរិកពី IPO សម្រាប់​ភាគហ៊ុនដែលទើបចេញលក់ថ្មីចំនួន ៩ ២៧១ ២០៦ ភាគហ៊ុន (តម្លៃ ២ ២៧០ រៀលក្នុងមួយភាគ​ហ៊ុន​)។

​យោងតាម​ការឯកសារផ្ញើ​របស់​ក្រុមហ៊ុនផ្ញើ​ទៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) នៅ​ថ្ងៃ​ទី ១៩ ខែ​កញ្ញាក្នុង​ត្រីមាស​ទី២ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនមានប្រាក់ចំណូលសរុបចំនួន ១៨៥.៩៧៨ លានរៀល (ឬ ៤៥,៣៦ លានដុល្លារ) ដែលក្នុងនោះប្រាក់ចំណេញសុទ្ធចំនួន ៤៥.៨៣៤ លានរៀល (ឬ ១១,១៧ លានដុល្លារ) កើនឡើង​​ចំនួន ៩,៩ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២២ ដែលមានប្រាក់​ចំណេញ​សុទ្ធតែចំនួន ៤១.៦៩៧លានរៀល (ឬ ១០,១៧ លានដុល្លារ)។

គិតមកត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ២.៦១៣.៤៣៤ លានរៀល (ឬ ៦៣៧,៤២ លានដុល្លារ) និងមានមូលធនមានចំនួន ៨៧៧.៧៥២ លានរៀល (ឬ ២៤១ លានដុល្លារ)​ កើនឡើង ១៤,២ ភាគរយ ធៀបទៅត្រីមាសទី២ ឆ្នាំ២០២២ មានត្រឹមតែ ៧៦៨.៣៤៨ លានរៀល (ឬ ១៨៧,៤ លានដុល្លារ)។

ក្រុមហ៊ុន Cam GSM Co., Ltd. (ក្រុមហ៊ុន) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ១៩៩៦។ ក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុម​ហ៊ុន​Royal Millicom Co., Ltd (RMC)។

RMC គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន Three Star Investment Cambodia Ltd​ដែល ជាក្រុមហ៊ុនវិនិយោគរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Cayman Islands ដែលកាន់កាប់ភាគហ៊ុន ៦១,៥ ភាគរយ និងក្រុមហ៊ុន Royal Group Co., Ltd កាន់កាប់ភាគហ៊ុន ៣៨,៥ ភាគរយ។

​Three Star Investment Cambodia Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Three Star Investment Cayman Limited ជាក្រុមហ៊ុន​ដែលគ្រប់គ្រងទាំងស្រុងដោយលោក​ គិត ម៉េង៕​

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែននៅក្នុងប្រទេសឡាវ ​

រាជធានីភ្នំពេញថ្ងៃសុក្រ ​ទី១៨ខែសីហាឆ្នាំ២០២៣​ធនាគារអេស៊ីលីដាភីអិលស៊ី “ប្រជាធនាគារ​ដែលលោក​អ្នក​ជឿទុកចិត្ត” បានប្រកាសជាផ្លូវការនៅថ្ងៃនេះថាធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែននៅក្នុងប្រទេសឡាវ ដំណាក់កាលទី១៖កម្ពុជាស្កេនឡាវ QR Codeក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាននិងបរិយាប័ន្នហិរញ្ញវត្ថុស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។

 

បណ្ឌិត អ៊ិន ចាន់នីប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា បន្ទាប់ពីភាព​ជោគជ័យតាមរយៈប្រព័ន្ធបាគងដែលធនាគារអេស៊ីលីដាជាសមាជិកនិងត្រូវបានចាត់តាំងដោយធនាគារជាតិនៃកម្ពុជា (NBC) ជាធនាគារទំនាក់ទំនងធនាគារ អេស៊ីលីដា នៅតែបន្តបេសកកម្មបន្ថែមទៀតជាមួយនឹង​ការពង្រីកការទូទាត់តាមរយៈ ការស្កេនQR ឆ្លងដែននៅសាធារណៈរដ្ឋប្រជាធិបតេយ្យឡាវ បន្ទាប់ពីបាន​ដំណើរការទូទាត់​ QR ឆ្លងដែនដោយជោគជ័យ នៅក្នុងប្រទេសថៃ និងវៀតណាម។ ធនាគារ​អេស៊ីលីដាភីអិលស៊ី​និងធនាគារអេស៊ីលីដាឡាវ លីមីតធីតត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់​ការទូទាត់ឆ្លង​ដែន​​រវាងកម្ពុជានិងឡាវសម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀលនិងឡាវគីប)។

លោកបណ្ឌិត បានបន្ថែមថាការទូទាត់ឆ្លងដែននេះ មានគោលបំណងលើកកម្ពស់ការទូទាត់រវាងប្រទេសទាំងពីរ​និងក្នុងតំបន់ ដើម្បីគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុនិងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ ការទូទាត់ឆ្លងដែន​តាមរយៈQR Code អនុញ្ញាតឱ្យអតិថិជននិងសាធារណជន អាចទិញទំនិញនិងធ្វើការទូទាត់ថ្លៃទំនិញនៅពេល​ធ្វើដំណើរ​ទៅកាន់ប្រទេសជិតខាងដោយគ្រាន់តែស្កេនQR Code បានកាន់តែមានភាពងាយស្រួលនិងមាន​សុវត្ថិភាព។ប្រព័ន្ធទូទាត់ឌីជីថលនេះនឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរនិងក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់និងកាត់បន្ថយចំណាយប្រតិបត្តិការ។ជាងនេះទៅទៀតសម្រាប់ជំហានបន្ទាប់អតិថិជននៃសមាជិកបាគងទាំងអស់នឹងអាចធ្វើការទូទាត់ជាប្រាក់រៀល​ពីគណនីធនាគារ​តាមទូរស័ព្ទរបស់ពួកគាត់នៅក្នុងប្រទេសឡាវហើយប្រជាជនឡាវ​ក៏អាចធ្វើប្រតិបត្តិការស្កេនKHQR នៅកម្ពុជា បានយ៉ាងងាយស្រួលនាពេលខាងមុខនេះផងដែរ។

 

 

ធនាគារអេស៊ីលីដាភីអិលស៊ីមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន  (៤)  គឺ៖១) វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា២) អេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី៣) ធនាគារអេស៊ីលីដាឡាវលីមីតធីតនិង៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដាមីយ៉ាន់ម៉ាព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៣នេះធនាគារអេស៊ីលីដាភីអិលស៊ីមានទ្រព្យសកម្មសរុបចំនួនជាង៩,៣៣ប៊ីលានដុល្លារអាមេរិកសមតុល្យឥណទានសរុបចំនួន៦,៤០ប៊ីលានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន៦,៧៨ប៊ីលានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៣,៨៦លាននាក់។ធនាគារអេស៊ីលីដាមានចំនួនអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលច្រើនជាង២,៩៦លាននាក់និងមានដៃគូអាជីវកម្មច្រើនជាង០,២៧ លានដៃគូគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៣៕

 

ថ្នាក់គ្រប់គ្រង និងកម្មករនិយោជិត ធនាគារ អេស៊ីលីដាភីអិលស៊ី សូមចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្របំផុត ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានជោគជ័យគ្រប់ភារកិច្ច៕

 

 

កម្ពុជាស្វាគមន៍ការបោះទុនវិនិយោគរបស់ចិន

នារសៀលថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមឧកញ៉ា ងួន​ ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបគណៈប្រតិភូមកពីក្រុមហ៊ុន Cathaya Industry (Cambodia) Co., Ltd. ដឹកនាំដោយលោក ZHANG Guoqiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cathaya Industry (Cambodia) Co., Ltd. អមដោយសមាជិកប្រតិភូ រួមទាំង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រសួងពាណិជ្ជកម្មកម្ពុជា។

ឯកឧត្តមឧកញ៉ាអគ្គនាយក បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន របស់ប្រតិភូក្រុមហ៊ុន Cathaya Industry (Cambodia) Co., Ltd. ដែលបាន មកស្វែងយល់ ពីឱកាស វិនិយោគ និងរកដៃគូរពាណិជ្ជកម្ម ជាមួយ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាក្រោមកិច្ចសម្របសម្រួល ជំនួបពាណិជ្ជកម្មមួយនេះដោយសភាពាណិជ្ជកម្មកម្ពុជា។

លើសពីនេះទៅទៀត ឯកឧត្តមឧកញ៉ាអគ្គនាយក ក៏បានលើកឡើង និងលើកទឹកចិត្តដល់ប្រតិភូឲ្យទាញ យកអត្ថប្រយោជន៍ដែលបានចែងក្នុងច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តឲ្យក្រុមហ៊ុន Cathaya Industry (Cambodia) Co., Ltd. សិក្សាអំពីក្រុមហ៊ុនដែលជា សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាដើម្បីសហការជាមួយគ្នានាពេលអនាគត៕

 

កម្ពុជាជំរុញឱ្យសហព័ន្ធសូត្រអន្តរជាតិ (ISU)វិនិយោគលើវិស័យសូត្រ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម​ លេខាធិការដ្ឋាន SDC បានរៀបចំជំនួបពិភាក្សារវាងគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) និងសហព័ន្ធសូត្រអន្តរជាតិ (ISU)។

លោក ​ ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក Zhang Quoqiang ប្រធានសហព័ន្ធ​សូត្រអន្តរជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Zhejiang Cathaya Group ដែលមកពី​សាធារណៈរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីប្រតិភូភាគី ISU សមាជិក SDC របស់ក្រសួងពាណិជ្ជកម្ម តំណាងសមាគមសូត្រ វិស័យឯកជន ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញ​នៃនាយកដ្ឋាន​អភិវឌ្ឍន៍វិស័យឯកជនសរុបចំនួន២៥រូប ។

លោក ម៉ៅ ថូរ៉ា មានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គប្រជុំទាំងមូល និងលើកឡើងអំពីសមិទ្ធិផល ដែលសម្រេចបានដោយគណ:កម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា រួមមាន៖

  • បានចូលជាសមាជិករបស់សហព័ន្ធសូត្រអន្តរជាតិ (ISU) និងចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ នៅទីក្រុងហាំងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានបញ្ជូនសមាជិក SDC ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាកែច្នៃ និងនវានុវត្តន៍រចនាបទផលិតផលសូត្រសម័យទំនើប ចំនួន៣លើក និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយសហព័ន្ធសូត្រអន្តរជាតិ (ISU)ចំនួន២លើក នៅទីក្រុងហាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន
  • បានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តពង្រឹងការបណ្តុះបណ្តាល វិជ្ជាជីវៈវិស័យសូត្រ
  • បានសិក្សាស្រាវជ្រាវ និងចងក្រងតួលេខសិប្បករសូត្រ និងសិប្បកម្មសូត្រឡើងវិញ ព្រមទាំងរៀបចំសិក្ខាសាលា និងផ្សព្វផ្សាយ អំពីយុទ្ធសាស្រ្តសូត្រកម្ពុជា
  • ជំរុញអោយមានការបង្កើតសមាគមសូត្រតាមតំបន់ដែលផលិតសូត្រដូចជា សមាគមសូត្រស្រុកសំរោង នៅខេត្តតាកែវ សមាគមមជ្ឈមណ្ឌលសិប្បកម្មខ្មែរ នៅខេត្តកំពង់ធំ សមាគមអភិវឌ្ឍន៍ វិស័យសូត្រវិសិដ្ឋទេវី សមាគមទ្រទ្រង់ស្រ្តីតម្បាញ និងអភិវឌ្ឍន៍សូត្ររនះ និងសមាគមកីតម្បាញ ខ្មែរ នៅកោះដាច់ រាជធានីភ្នំពេញ ព្រមទាំងជំរុញការប្រើប្រាស់ផលិតផលសូត្រខ្មែរទៅដល់អតិថិជនក្នុង និងក្រៅប្រទេសតាមរយៈការរៀបចំព្រឹត្តិការណ៍សូត្រនៅខេត្តសៀមរាប
  • បានសិក្សាបង្កើតអោយមានម៉ាកសមូហភាពសូត្រកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលសូត្រខ្មែរ និងការពារផលិតផលសូត្រខ្មែរពីផលិតផលសូត្រក្លែងបន្លំ
  • កំពុងបន្តស្វែងរកកិច្ចសហការជាមួយដៃគូក្នុងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ NGO សំដៅដោះស្រាយបញ្ហាអាទិភាព និងរៀបចំគម្រោងអាទិភាពសំខាន់ៗសម្រាប់ទ្រទ្រង់ និងការអភិវឌ្ឍន៍។

​ លោក Zhang Quoqiang ប្រធានសហព័ន្ធសូត្រអន្តរជាតិ បានណែនាំខ្លួនជាប្រធានថ្មីរបស់សម្ព័ន្ធ​សូត្រ​អន្តរជាតិ បង្ហាញពីវឌ្ឍនភាពនៃការគាំទ្ររបស់ ISU លើវិស័យសូត្រ និងពិភាក្សាអំពីគោលនយោបាយ​របស់ក្រសួងពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍវិស័យសូត្រ សំដៅស្វែងយល់ពីឱកាសវិនិយោគលើវិស័យ​សូត្រនៅកម្ពុជា ។ បន្ថែមពីនេះ លោកក៏បានបង្ហាញអំពីក្រុមហ៊ុន Cathaya ដែលបានសហការជាមួយ ISU ក្នុងការបង្កើតសមាគមសូត្រអន្តរជាតិ ដោយផ្តួចផ្តើមគំនិតរបស់ក្រសួងឧស្សាហកម្មនៃសាធារណៈរដ្ឋ​ប្រមានិតចិន ដែលផ្តោតសំខាន់លើការដាំមន និងចិញ្ចឹមដង្កូវនាង ។ លោកក៏បានស្នើសុំ SDC ចូលជាសមាជិក​ក្នុងសមាគមសូត្រអន្តរជាតិ និងមានគម្រោងវិនិយោគលើវិស័យបន្ថែមនៅប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោកបានស្នើសុំការជួយសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម ដើម្បីជាពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (កម្ពុជា) និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាពេលខាងមុខ៕

 

 ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្ម​សិទ្ធិជា​សាធារណៈនៅកម្ពុជា បានប្រកាសនៅថ្ងៃទី២០នេះថា ធនាគារ អេស៊ីលីដា បានសហការជាមួយស្ថាប័ន Global Loyalty Network”GLN International Inc.” ដែលជាក្រុមហ៊ុនបណ្តាញ​ឌីជីថលសកល​សម្រាប់ទូទាត់ឆ្លងដែនតាមរយៈទូរស័ព្ទចល័តដើម្បីដាក់ឱ្យប្រើប្រាស់នូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតGLN CPMQR ដើម្បីស្កេនជាមួយម៉ាស៊ីនឆូតកាត POS នៅប្រទេសកម្ពុជា។ សមិទ្ធផលនេះនឹងជំរុញឱ្យ​បណ្តាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ស្ថាប័នGLN នៃសាធារណរដ្ឋកូរ៉េ និងសកលលោក អាចធ្វើ​ការ​ទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗក្នុងប្រទេសកម្ពុជា តាមរយៈទូរស័ព្ទចល័ត ដោយគ្រាន់តែបង្ហាញ​នូវឃ្យូ​អរកូតសម្រាប់ធ្វើប្រតិបត្តិការទូទាត់ដោយការស្កេននៅតាមម៉ាស៊ីនឆូតកាតPOS។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា​ ភីអិលស៊ីបានមានប្រសាសន៍ថា  “យើងមាន​សេចក្តីសោមនស្សរីករាយដែលបានធ្វើជាដៃគូយុទ្ធសាស្រ្តជាមួយស្ថាប័ន Global Loyalty Network “GLN International Inc”ដែលអនុញ្ញាតឱ្យអតិថិជន ឬភ្ញៀវទេសចរទូទាំងសកលលោកអាចប្រើប្រាស់សេវាកម្ម​ហិរញ្ញវត្ថុសម្រាប់ធ្វើការទូទាត់ឆ្លងដែនតាមរយៈកម្មវិធីទូរស័ព្ទចល័តនេះ។ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យនេះ អតិថិជនអ្នកប្រើប្រាស់កម្មវិធីទូទាត់តាមទូរស័ព្ទចល័តរបស់បណ្តាញ GLN នឹងអាចទូទាត់ឆ្លងដែនជាមួយពាណិជ្ជករអេស៊ីលីដា នៅទូទាំងប្រទេសកម្ពុជា បានកាន់តែមានភាពងាយស្រួល រហ័ស សុវត្ថិភាព និងសម្បូរបែប។

លោក Kim Kyung Hoនាយកប្រតិបត្តិ Global Loyalty Network “GLN International Inc”បានមានប្រសាសន៍ថា៖«យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារជាតិ នៃ កម្ពុជា ដែលតែងតែជួយគាំទ្រ ដល់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័នយើងខ្ញុំ រួមជាមួយដៃគូយុទ្ធសាស្ត្ររបស់យើង គឺ ធនាគារ អេស៊ីលីដា ភីអិលស៊ី“ធនាគារអេស៊ីលីដា”នៅប្រទេសកម្ពុជា ហើយស្ថាប័នយើងខ្ញុំ ពិតជាមាន​សេចក្តីរីករាយ​ក្នុងការកំណត់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនេះ ចំពោះការផ្លាស់ប្តូរ​ការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធឌីជីថល។ ការពង្រីកសេវាកម្ម GLN នៅប្រទេសកម្ពុជា គឺជាការបន្ថែមនូវ​គុណតម្លៃដល់បណ្តាញប្រតិបត្តិការនាពេលបច្ចុប្បន្នរបស់យើង រួមមានប្រទេសហុងកុង ជប៉ុន ឡាវ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម»។

លោកថា តាមរយៈការដាក់ឱ្យដំណើការនេះនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរដែលមកទស្សនា​នៅប្រទេសកម្ពុជាអាច​ទូទាត់ជាមួយនឹងពាណិជ្ជករក្នុងស្រុក ដែលរួមចំណែកដល់បទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ កាត់បន្ថយការ​ចំណាយលើការទូទាត់ និងជំរុញឌីជីថលរូបនីយកម្មនៃការទូទាត់នៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត យើងទន្ទឹងរង់ចាំការពង្រីកវិសាលភាពនៃភាពជាដៃគូ តាមរយៈការរួមបញ្ចូលសេវាដកប្រាក់តាម QR ATM សេវាផ្ទេរប្រាក់ឆ្លងដែនតាមប្រព័ន្ធឌីជីថល និងការទូទាត់ក្រៅប្រទេសកម្ពុជា ដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជា​អាចធ្វើការទូទាត់ទៅក្រៅប្រទេសតាមប្រព័ន្ធឌីជីថល។

ធនាគារអេស៊ីលីដាភីអិលស៊ីមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖១) វិទ្យាស្ថានពាណិជ្ជ​សាស្រ្តអេស៊ីលីដា២) អេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី៣) ធនាគារអេស៊ីលីដាឡាវលីមីធីតនិង៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុអេស៊ីលីដាមីយ៉ាន់ម៉ាព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។គិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២៣នេះធនាគារអេស៊ីលីដាភីអិលស៊ីមានទ្រព្យសកម្មសរុបចំនួនជាង៩,៤៤ប៊ីលានដុល្លារអាមេរិកសមតុល្យឥណទានសរុបចំនួន៦,៥៨ប៊ីលានដុល្លារអាមេរិកនិងប្រាក់បញ្ញើសន្សំសរុបចំនួន៦,៧៩ប៊ីលានដុល្លារអាមេរិកនិងមានអតិថិជនប្រមាណជាង៤,០៧លាននាក់។ធនាគារអេស៊ីលីដាមានចំនួនអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលច្រើនជាង២,៧៦លាននាក់និងមានដៃគូអាជីវកម្មច្រើនជាង២៤០.០០០ដៃគូគិតត្រឹមដំណាច់ខែមេសាឆ្នាំ២០២៣។

​ស្ថាប័ន GLN International Inc, ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារKEB Hana ដែលជាស្ថាប័ន​ហិរញ្ញវត្ថុធំជាងគេ មួយនៅក្នុងប្រទេសកូរ៉េ គាំទ្រដោយធនាគារ KB Kookmin, Kakao Payments Incមកពីប្រទេសកូរ៉េ ធនាគារ Taishinមកពីតៃវ៉ាន់ និងធនាគារ SuMi Trust Bank ពីប្រទេសជប៉ុន គឺជាបណ្តាញទូទាត់តាមទូរស័ព្ទចល័តនៅទូទាំងពិភពលោកដែលរីកចម្រើនលឿនបំផុតសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុទូទាត់ឆ្លងដែន ដូចជាការទូទាត់តាមទូរស័ព្ទ ការដកសាច់ប្រាក់តាមម៉ាស៊ីនអេធីអឹមចល័ត និងការផ្ទេរប្រាក់តាមទូរស័ព្ទចល័ត។សេវាកម្ម GLN ឥឡូវនេះមាននៅប្រទេសហុងកុង ជប៉ុន ឡាវ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម៕